បុរី ប៉េង ហួត ចូលរួមអបអរពិធីបុណ្យចូលឆ្នាំចិន បញ្ចុះតម្លៃរហូតដល់ ១០% និងអាំងប៉ាវសំណាង ៣%

ភ្នំពេញ​៖​ ​ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ចិន​ ​ព្រមទាំង​ថ្លែងអំណរគុណ​ដល់​អតិថិជន​ ​បុរី​ ​ប៉េង​ ​ហួត​ ​ផ្តល់​ជូន​ការ​បញ្ចុះតម្លៃ​រហូតដល់​ ​១០​%​ ​សម្រាប់​គម្រោង​ថ្មី​ ​ដឹស្តា​ផ្លា​ទី​នីម​ ​អេកូ​មេ​ឡូ​ឌី​ ​និង​ ​ដឹស្​តា​ផ្លា​ទី​នីម​ ​អេ​កូ​ឌែ​លតា​ ​និង​អាំង​ប៉ាវ​សំណាង​រហូតដល់​ ​៣​%​ ​សម្រាប់​គម្រោង​ដទៃទៀត​និង​ខុន​ដូ​។​ ​ការ​ផ្តល់​ជូន​ពិសេស​នេះ​មាន​សុពលភាព​ចាប់ពី​ថ្ងៃនេះ​រហូត​ដំណាច់ខែ​មករា​។​

​គម្រោង​ ​ដឹស្តា​ផ្លា​ទី​នីម​ ​អេកូ​មេ​ឡូ​ឌី​ ​និង​ ​គម្រោង​ ​ដឹស្​តា​ផ្លា​ទី​នីម​ ​អេ​កូ​ឌែ​លតា​ ​ជា​គម្រោង​អភិវឌ្ឍ​លំនៅឋាន​ប្រណីត​បែប​ធម្មជាតិ​ដ៏​ថ្មីសន្លាង​ ​របស់​ ​បុរី​ ​ប៉េង​ ​ហួត​ ​ស្ថិត​ក្នុង​គម្រោង​ធំ​ ​ហ្គ្រេន​ស្តា​ផ្លា​ទី​នីម​ ​ដំណាក់កាល​ទី២​ ​“​អេកូ​ ​ខល​ឡិក​សិន​”​ ​ត្រូវ​បាន​បង្កើត​ឡើងជា​មួយ​នឹង​រចនាបថ​ស្ថាបត្យកម្ម​ប្រកបដោយ​គំនិត​ច្នៃប្រឌិត​ខ្ពស់​ ​ដែល​ផ្តល់​ជូន​ជា​ប្រភេទ​វីឡា​ទំនើប​ចម្រុះ​រាប់ពាន់​ខ្នង​ ​រួមមាន​ឧទ្យាន​ធម្មជាតិ​ដ៏​ធំ​អម​ទៅ​ដោយ​រុក្ខជាតិ​ចម្រុះ​ខៀវស្រងាត់​ជាច្រើន​ ​ទីធ្លា​កម្សាន្ត​ហ៊ុមព័ទ្ធ​ដោយ​បឹង​ធម្មជាតិ​ ​ផ្លូវ​ជិះកង់​ស្តង់ដារ​អន្តរជាតិ​ខ័ណ្ឌ​ដាច់ដោយឡែក​ពី​ផ្លូវ​សម្រាប់​ឡាន​និង​ម៉ូតូ​ ​ផ្លូវ​រត់​ហាត់ប្រាណ​ ​និង​កន្លែង​ក្មេង​លេង​ ​ដែល​ពោរពេញ​ទៅ​ដោយ​បរិយាកាស​បែប​ធម្មជាតិ​ពិ​តៗ​ដែល​នាំមក​នូវ​បទពិសោធន៍​ថ្មី​និង​ភាព​សម្បូរ​បែប​នៃ​ការរស់នៅ​ស្រប​ទៅតាម​តម្រូវការ​នៃ​មនុស្ស​ក្នុង​យុគសម័យ​ថ្មី​។​ ​

​គម្រោង​ដទៃទៀត​របស់​ ​បុរី​ ​ប៉េង​ ​ហួត​ ​រួមបញ្ចូល​ទាំង​គម្រោង​ខុន​ដូ​ ​ដឹស្តារ​ ​ប៉ូ​ឡា​រីស​ ​២៣​ ​សុទ្ធសឹងតែ​ជា​គម្រោង​ដែល​អភិវឌ្ឍ​ឡើង​ក្នុង​តំបន់​ដែល​មាន​សក្តា​នុ​ពល​ចម្បង​ៗ​ជុំវិញ​រាជធានី​ភ្នំពេញ​ ​ហើយ​បាន​ក្លាយ​ជា​បណ្តុំ​សហគមន៍​ទំនើប​សម្រាប់​ការរស់នៅ​ដ៏​ល្អ​ប្រសើរ​បំផុត​ជាមួយនឹង​ការអភិវឌ្ឍន៍​ចំរុះ​បែប​ទាន់សម័យ​សមស្រប​ទៅតាម​ស្តង់ដារ​អន្តរជាតិ​ ​ដែល​មាន​បរិយាកាស​បែប​ធម្មជាតិ​ពណ៌បៃតង​អម​ទៅ​ដោយ​សួនច្បារ​ដ៏​ស្រស់បំព្រង​ ​ក្លឹប​ហាត់ប្រាណ​ ​អាងហែលទឹក​ ​ថែមទាំង​មាន​តំបន់​ពាណិជ្ជកម្ម​ ​ដែល​ពោរពេញ​ទៅ​ដោយ​ហាងទំនិញ​ ​សេវាកម្ម​ ​និង​អគារ​ពាណិជ្ជកម្ម​ ​សម្រាប់​បំពេញ​តម្រូវការ​អតិថិជន​អោយ​កាន់តែ​មាន​ភាព​ងាយស្រួល​ទ្វេរ​ឡើង​។​

​រាល់​ប្រភេទ​វីឡា​ទាំងអស់​ ​ត្រូវ​បាន​សាងសង់​ឡើង​ស្រប​ទៅតាម​ផ្នត់គំនិត​និង​ការ​ចង់បាន​របស់​អតិថិជន​ ​ប្រកបដោយ​ការរចនា​ដ៏​ល្អឯក​ដែល​ផ្អែក​ទៅលើ​គុណ​តម្លៃ​នៃ​គុណភាព​ ​សោភ័ណភាព​ ​និង​ភាព​សមស្រប​ឥត​ខ្ចោះ​នៃ​ការ​រួមបញ្ចូល​រចនាបថ​ខ្មែរ​ ​និង​ ​អឺរ៉ុប​ ​ដោយ​ផ្តល់​ជូន​នូវ​ភាព​ប្រណីត​ទាន់សម័យ​ ​និង​ផាសុកភាព​ក្នុង​កា​រស់នៅ​ធ្វើអោយ​ជីវិត​លោកអ្នក​កាន់តែ​មានន័យ​។​

​សម្រាប់​ព័ត៌មាន​បន្ថែម​ ​សូម​ទាក់ទង​មកកាន់​លេខទូរស័ព្ទ​ ​០៩៨​/​ ​០១៦​ ​/​ ​០១៧​ ​៥៩៦​ ​៧៨៩​ ​ឬ​អាច​អញ្ជើញ​មក​សាកសួរ​ព័ត៌មាន​ ​ពី​គ្រប់​ការិយាល័យ​លក់​ ​ដែល​មាន​ទីតាំង​ក្បែរ​លោកអ្នក​រៀងរាល់​ម៉ោង​ធ្វើការ​!​
​លក្ខ​ខ​ណ្ឌ​ផ្សេង​ៗ​ត្រូវ​បាន​អនុវត្ត​

ក្រុមហ៊ុនចិនបានដឹកជញ្ជូនឧស្ម័នធម្មជាតិរាវ(LNG)ចំនួន៥ធុង មកដល់កម្ពុជាជាលើកដំបូង

ដោយ​វុត្ថា​

​ភ្នំពេញ: ក្រុមហ៊ុនCNOOC​ ​Gas​ ​Power​ ​Group​ ​Co​.​,​ ​Ltd​ ​ក្នុង​ប្រទេស​ចិន​ ​និង​ក្រុមហ៊ុនCambodian​ ​Natural​ ​Gas​ ​Co​.​,​ ​Ltdក្នុង​ប្រទេស​កម្ពុជា​នា​ព្រឹក​ថ្ងៃទី១៤​ ​ខែមករា​ ​ឆ្នាំ២០២០បាន​ដឹកជញ្ជូន​ឧស្ម័ន​ធម្មជាតិ​រាវ​(​LNG​)​ចំនួន៥ធុង​ ​ដែល​បាន​ចេញដំណើរ​ពី​កំពង់ផែ​ភាគ​ខាងជើង​នៃ​ប្រទេស​ចិន​ ​បាន​មកដល់​កំពង់ផែ​ក្រុង​ព្រះសីហនុ​ប្រទេស​កម្ពុជា​ ​។​



​បើ​តាម​ការ​ចុះផ្សាយ​របស់​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​ឲ្យដឹង​ថា​នេះ​ជាលើកដំបូង​ដែល​ប្រទេស​ចិន​បាន​នាំចេញ​ឧស្ម័ន​ធម្មជាតិ​មកកាន់​ប្រទេស​កម្ពុជា​យ៉ាង​ជោគជ័យ​ ​។​
​ ​
​ស្ថានទូត​ចិន​បន្ត​ថា​ស្ថិតនៅ​ក្រោម​ការដឹកនាំ​នៃ​ថ្នាក់ដឹកនាំ​ទាំងពីរ​ប្រទេស​ ​គោលនយោបាយ​“​ខ្សែក្រវាត់​ ​និង​ផ្លូវ​”​ត្រូវ​បាន​កសាង​កាន់តែ​ស៊ីជម្រៅ​ ​និង​ជោគជ័យ​ដោយ​ចិន​ ​និង​កម្ពុជា​។​ ​

​ក្រុមហ៊ុន​ ​CNOOC​ ​Gas​ ​Power​ ​Group​ ​Co​.​,​ ​Ltdបាន​ចាប់​យក​ឱកាស​ថ្មី​នៃ​“​ការ​ចេញទៅ​ក្រៅប្រទេស​”​ ​ក៏បាន​សម្រេច​នូវ​គម្រោង​យុទ្ធសាស្ត្រ​ក្នុង​អាស៊ី​អាគ្នេយ៍​ ​ឯ​ក្រុមហ៊ុនCambodian​ ​Natural​ ​Gas​ ​Co​.​,​ ​Ltdបានសម្រេច​នូវ​កិច្ចការ​ដែល​បាន​ត្រៀម​ក្នុង​ដំណាក់កាល​នៃ​ការ​រក្សាទុក​ ​ការ​ដឹកជញ្ជូន​ ​និង​ការ​លក់​ជាដើម​ ​ដោយ​ផ្អែកលើ​សមត្ថភាព​ជំនាញ​នៃ​ក្រុមហ៊ុន​ ​CNOOC​ ​Gas​ ​Power​ ​Group​ ​Co​.​,​ ​Ltd​។​

​ ​ភាគី​ទាំងពីរ​ក៏បាន​ចាប់ដៃ​គ្នា​សម្រេច​បាន​នូវ​ការប្រើ​ប្រាស់​ឧស្ម័ន​ធម្មជាតិ​រាវ​(​LNG​)​លើកដំបូង​ក្នុង​ប្រទេស​កម្ពុជា​ ​បាន​ចូលរួម​បំពេញ​ចន្លោះ​ទីផ្សារ​ថាមពល​ក្នុង​កម្ពុជា​ ​នឹង​ជួយ​បើក​ទំព័រ​ប្រវត្តិ​សាស្រ្ត​ថ្មី​ ​នៃ​ការប្រើ​ប្រាស់​ថាមពល​ដែល​ប្រកបដោយ​ការ​ការពារ​បរិស្ថាន​ក្នុង​កម្ពុជា​៕​

កម្ពុជា និងចិននឹងជំរុញទំហំពាណិជ្ជកម្មទ្វេរភាគីឱ្យបាន១០ពាន់លានដុល្លារនៅឆ្នាំ២០២៣

ដោយ ប៊ី

ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជា និងចិន នឹងជំរុញទំហំពាណិជ្ជកម្មទ្វេរភាគីឱ្យបាន១០ពាន់លានដុល្លារក្នុងឆ្នាំ២០២៣ខាងមុខ ខណៈភាគីទាំងពីរបាននិងកំពុងចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មដោយសេរី។ នេះបើយោងតាមលោកឈីវ យីស៊ាង រដ្ឋលេខាធិការក្រសួងការបរទេស។

លោកឈីវ យីស៊ាង បានថ្លែងនៅក្នុងរបាយការណ៍មួយកាលពីពេលថ្មីៗនេះថា ក្នុងឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មទ្វេរភាគី បានកើនឡងដល់៦,៦ពាន់លានដុល្លារ ដោយឆ្លើយតបនឹងទិសដៅ (ទិសដៅដែលគ្រោងទុកសម្រាប់ឆ្នាំ ២០២០)។

លោកបានបន្តថា ភាគីទាំងពីរបានរៀបចំទិសដៅថ្មីមួយ ដើម្បីជំរុញទំហំពាណិជ្ជកម្មឱ្យបាន១០ពាន់លានដុល្លារនៅឆ្នាំ២០២៣ ហើយជាមួយទិសដៅថ្មីភាគីទាំងពីរបាននិងកំពុងចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដោយសេរីចាប់តាំងពីខែធ្នូ ឆ្នាំ ២០១៩។

វិនិយោគរបស់ចិននៅកម្ពុជា ចន្លោះពីឆ្នាំ១៩៩៤ ដល់ ២០១៩ មានទំហំ២១ពាន់លានដុល្លារ។

លោកឈីវ យីស៊ាង បានបន្តថា ជាទូទៅទំនាក់ទំនងកម្ពុជា និងចិនត្រូវបានរៀប​រាប់ដោយប្រពៃណី ប្រវត្តិសាស្ត្រ និងគោលការណ៍នៃភាពស្មើគ្នា និងការទុកចិត្តគ្នាទៅវិញទៅមកសម្រាប់ប្រយោជន៍រួម៕

រមណីយដ្ឋានអង្គរនឹងមានភាពបៃតងទាំងខួបប្រាំងខួបវស្សាក្នុងឆ្នាំ២០២០

ដោយ​វុត្ថា

​សៀម​រា​បៈ​ ​ដើម្បី​លើកកម្ពស់​សោភ័ណភាព​ ​ភាព​ស្រស់ស្រាយ​ ​ទេសភាព​បៃតង​ ​និង​បរិស្ថាន​ល្អ​ក្នុង​រមណីយដ្ឋាន​អង្គរ​ ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ ​និង​កំពុង​យកចិត្ត​ទុកដាក់​ ​កែ​លម្អ​បរិស្ថាន​នៅ​ជុំវិញ​បរិវេណ​ប្រាសាទ​អង្គរ​ ​ដោយ​ចាប់ផ្តើម​ពី​ការ​ដាំ​ស្មៅ​ ​ដាំ​កូនឈើ​ ​ដាំ​ផ្កា​ព្រៃ​ ​ជួសជុល​ផ្លូវ​និង​ប្រព័ន្ធ​រំដោះ​ទឹក​ ​ព្រមទាំង​រៀបចំ​ប្រព័ន្ធ​ស្រោចស្រព​ស្វ័យប្រវត្តិ​វាលស្មៅ​ទាំង​ខួបប្រាំងខួបវស្សា​។​

​អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​ ​លោក​ ​ឡុង​ ​កុសល​ ​នៅ​ថ្ងៃទី​ ​១៤​ ​ខែមករា​ឆ្នាំ​ ​២០២០នេះ​ ​បាន​បង្ហាញ​ពី​មោទនភាព​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​អាជ្ញាធរ​ជាតិ​អប្សរា​នា​ពេល​កន្លងមក​ ​ក្នុង​ការរៀបចំ​សណ្តាប់​ធ្នាប់​សាធារណៈ​ ​ការ​លើកកម្ពស់​សោភ័ណភាព​និង​ទេសភាព​បៃតង​ ​និង​ផែនការ​អនាគត​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ ​ដើម្បី​បន្ត​រៀបចំ​សោភ័ណភាព​បរិស្ថាន​ ​ទាំង​ក្នុង​និង​ក្រៅ​បរិវេណ​ប្រាសាទអង្គរវត្ត​។​

​លោក​បន្ត​ថា​ ​“​ជាក់ស្ដែង​ក្រុមការងារ​កំពុងតែ​បាន​ធ្វើការ​ ​ដកហូត​ដើមឈើ​និង​កាត់​ក្រី​មែកឈើ​ ​ដែល​ប៉ះពាល់​ដល់​ទេសភាព​ប្រាសាទ​ ​ជាទី​គយគន់​របស់​ភ្ញៀវ​ទេសចរ​ ​រៀបចំ​បង្កើន​ទេសភាព​បៃតង​ ​នៅ​ខាងត្បូង​ប្រាសាទអង្គរវត្ត​ ​ការ​បញ្ចូល​ទឹក​ក្នុង​ស្រះ​ខាងត្បូង​”​។​

​លោក​បន្ថែម​ថា​ ​ដូច្នេះ​អ្វី​ដែល​អាជ្ញាធរ​ជាតិ​អប្សរា​កំពុងតែ​អនុវត្តន៍​ ​និង​ផែនការ​អនាគត​គឺ​សំដៅលើ​ក​កម្ពស់​សោភ័ណភាព​ ​ការរៀបចំ​សណ្តាប់​ធ្នាប់​សាធារណៈ​ ​និង​បង្កើន​ភាព​ទាក់ទាញ​សម្រាប់​ភ្ញៀវ​ទេស​ ​ចរ​មិន​ត្រឹមតែ​ប្រាសាទអង្គរវត្ត​នោះ​ទេ​ ​តែ​រមណីយដ្ឋាន​អង្គរ​ទាំងមូល​។​

​ដោយឡែក​ ​អំពី​ការរៀបចំ​ប្រព័ន្ធ​ស្រោចស្រព​វាលស្មៅ​ ​ក្នុង​បរិវេណ​ប្រាសាទអង្គរវត្ត​វិញ​ ​អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​បញ្ជាក់​ថា​ ​អាជ្ញាធរ​ជាតិ​អប្សរា​នឹង​រៀបចំ​ប្រព័ន្ធ​ស្រោចស្រព​ស្វ័យប្រវត្តិ​ ​ដែល​នឹង​ធ្វើការ​ស្រោច​ស្មៅ​ឲ្យ​មាន​ភាព​បៃតង​ ​ទាំង​ខួបប្រាំងខួបវស្សា​ ​ហើយ​កិច្ចការ​នេះ​នឹង​ត្រូវ​អនុវត្តន៍​ឱ្យ​រួចរាល់​នៅក្នុង​ឆ្នាំ២០២០​។​ ​

​លើស​ពីនេះ​ទៀត​ ​អាជ្ញាធរ​ជាតិ​អប្សរា​រៀបចំ​ ​ឲ្យ​មាន​មណ្ឌល​បដិសណ្ឋារ​កិច្ច​សម្រាប់​ភ្ញៀវ​ទេសចរ​ ​ការរៀបចំ​ចំណត​ត្រឹមត្រូវ​ ​ពិសេស​រៀប​ចំ​សន្ដិ​សុខ​សណ្ដាប់ធ្នាប់​ ​និង​ការ​ដាំ​កូនឈើ​ឡើងវិញ​ ​កែ​លម្អ​បរិស្ថាន​នៅ​ទីនោះ​ ​ឱ្យ​ស័ក្ដិសម​ជា​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក​៕​

បារាំងគ្រោងវិនិយោគព្រលានយន្តហោះខ្នាតតូចនៅក្នុងខេត្តបាត់ដំបង

ដោយ​វុត្ថា

​បាត់​ដំ​បងៈ​ ​វិនិយោគិន​ ​និង​ជា​អ្នកបើកយន្តហោះ​ ​(​Pilot​)​ ​ជន​ជា​ជាតិបារាំង​ ​បង្ហា​ញបំ​ណ​មក​វិនិយោគ​ ​លើ​វិស័យ​អាកាសចរ​នៅ​ខេត្តបាត់ដំបង​ ​ខណៈ​ខេត្ត​មួយ​នេះ​បាន​នឹង​កំពុង​មាន​សក្តា​នុ​ពល​សេដ្ឋកិច្ច​ខ្ពស់​។​

​នេះ​បើ​យោង​តាម​ជំនួប​ពិភាក្សា​ការងារ​រវាង​លោក​ ​ងួន​ ​រតនៈ​ ​អភិបាល​ ​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង​ ​និង​លោក​ ​Emmanuel​ ​DIAS​ ​អ្នកគ្រប់គ្រង​ទូទៅ​ ​របស់​គម្រោង​ ​Airaviata​(​AAT​)​ ​Cambodia​ ​Regional​ ​Airlines​ ​Company​ ​នៅ​ថ្ងៃទី១៤​ ​ខែមករា​ ​ឆ្នាំ២០២០នៅ​សាលាខេត្ត​បាត់ដំបង​។​

​លោក​ ​Emmanuel​ ​DIAS​ ​អ្នកគ្រប់គ្រង​ទូទៅ​ ​របស់​គម្រោង​ ​Airaviata​(​AAT​)​ ​បាន​ធ្វើ​បទ​បង្ហាញ​អំពី​គម្រោង​មក​វិ​និយា​គ​ ​លើ​វិស័យ​អាកាសចរ​ដឹក​អ្ន​ដំណើរ​ដោយ​ការហោះហើរ​ជើង​ក្នុង​ស្រុក​ ​និង​យន្តហោះ​ប្រភេទ​ខ្នាត​តូច​។​ ​

​លោក​បន្ត​ថា​ ​“​គំរោង​នេះ​ក៏​ជា​ការ​ជួយ​ជំរុញ​ឲ្យ​វិស័យ​ទេសចរណ៍​ ​ក៏​ដូច​អ្នក​ទេសចរណ៍​មកកាន់​តែ​ច្រើន​ក្នុង​ខេត្តបាត់ដំបង​”​។​ ​

​លោ​កងួន​ ​រតនៈ​ ​អភិបាល​ ​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង​បាន​ស្វាគមន៍​ ​និង​គាំទ្រ​ចំពោះ​គម្រោង​ចង់​វិនិយោគ​លើ​វិស័យ​នេះ​ ​ក៏ដូចជា​ធ្វើ​ឲ្យ​ព្រលា​នយន្ត​ហោះ​ខេត្តបាត់ដំបង​មានដំណើរ​ការ​ឡើងវិញ​។​ ​លោក​បាន​បន្ត​ទៀត​ថា​ ​បើ​គម្រោង​នេះ​ទទួល​បាន​ជោគជ័យ​គឺ​ងាយស្រួល​ដល់​អ្នកធ្វើ​ដំណើរ​ ​ជាពិសេស​គឺ​ភ្ញៀវ​ទេសចរណ៍​ ​ដែល​ធ្វើដំណើរ​បាន​លឿន​ទៅ​រាជធានី​ភ្នំពេញ​ ​និង​តាម​បណ្តា​ខេត្ត​មួយចំនួន​ទៀត​៕​

លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ាៈ សំណង់អាគារចំនួន១៤ក្នុងខេត្តព្រះសីហនុត្រូវបានវាយកម្ទេចចោល

ដោយ​វុត្ថា

​ភ្នំ​ពេញៈ​ ​លោក​ឧបនាយក​រដ្ឋមន្ត្រី​ ​ជា​ ​សុ​ផា​រ៉ា​ ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ ​នគរូបនីយកម្ម​ ​និង​សំណង់​ ​បាន​អះអាង​ថា​ ​សំណង់​អាគារ​ចំនួន១៤​ ​ការដ្ឋាន​នៅក្នុង​ខេត្ត​ព្រះសីហនុ​ ​ត្រូវ​បាន​វាយកម្ទេច​ចោល​ ​ក្រោយ​ពិនិត្យ​ឃើញ​ថ​ ​សំណង់​ទាំងនេះ​ ​សាងសង់​ខ្វះ​បច្ចេកទេស​ ​និង​បទដ្ឋាន​គតិ​យុទ្ធ​របស់ក្រ​សួង​។​

​លោក​ឧបនាយក​ដ្ឋ​មន្ត្រី​ជា​ ​សុ​ផា​រ៉ា​ ​នៅក្នុង​វគ្គ​ផ្សព្វផ្សាយ​ច្បាប់​ស្តី​ពី​សំណង់​សម្រាប់​អ្នក​វិជ្ជាជីវៈ​ក្នុង​វិស័យ​សំណង់​ ​នា​ថ្ងៃទី​ ​១៤​ ​ខែមករា​ ​ឆ្នាំ​ ​២០១៩​ ​នេះ​ ​ឱ្យ​ដឹង​ថា​ ​យើង​បាន​វាយកម្ទេច​សំណង់​ចំនួន១៤​ ​ការដ្ឋាន​នៅក្នុង​ខេត្ត​ព្រះសីហនុ​ ​ដោយ​ពិនិត្យ​ឃើញ​ភាព​មិន​ប្រក្រតី​ចំពោះ​សំណង់​ទាំងនេះ​ ​។​ ​

​លោក​បាន​បញ្ជាក់​ថា​ ​“​យើង​មិន​អោយ​មានរឿង​អញ្ចឹង​កើតឡើង​ទៀត​ទេ​”​។​ ​

​លោក​ឧបនាយក​រដ្ឋមន្ត្រី​បន្ថែម​ថា​ ​ក្រុមហ៊ុន​ដែល​ទទួល​បាន​វិញ្ញាបនបត្រ​បញ្ជាក់​ពី​ការ​ធ្វើអាជីវកម្ម​លើ​វិស័យ​សំណង់​ ​ត្រូវ​គោរពច្បាប់​ ​និង​បទដ្ឋាន​បច្ចេកទេស​សំណង់​ ​ជាពិសេស​ត្រូវ​មានការ​ទទួលខុសត្រូវ​ ​និង​ត្រួតពិនិត្យ​ការដ្ឋាន​សាងសង់​ ​ឲ្យបាន​ហ្មត់ចត់​និង​ជៀសវាង​ការ​ធ្វេសប្រហែស​ ​ដែល​អាច​បង្ក​គ្រោះថ្នាក់​ជាយថាហេតុ​។​ ​

​លោក​បន្ត​ថា​“​ប្រសិនបើ​គណៈកម្មការ​ចុះ​ត្រួតពិនិត្យ​ឃើញ​ ​ខុស​បច្ចេកទេស​មិន​ត្រូវ​តាម​ស្តង់​ដា​ ​និង​គ្មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ ​អាជ្ញាធរ​មានសមត្ថកិច្ច​និង​ចេញ​លិខិត​ផ្អាក​ការសាងសង់​តែម្តង​”​។​



​នៅ​ត្រឹម​ចុងឆ្នាំ២០១៩​ ​កន្លងទៅ​នេះ​ ​ក្រសួង​រៀបចំ​ដែនដី​ ​នគរូបនីយកម្ម​ ​និង​សំណង់​ ​បាន​ធ្វើការ​ចុះ​ត្រួតពិនិត្យ​តាម​ការដ្ឋាន​ ​ដែល​កំពុង​មាន​សកម្មភាព​សាងសង់​នានា​នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ​ចំនួន៥៣១​ ​ការដ្ឋាន​ ​ដោយ​ក្នុង​នោះ​មានការ​ដ្ឋាន​ខ្លះ​តម្រូវ​ឱ្យ​រុះរើ​ផ្នែក​ដែល​គ្មាន​គុណភាព​ ​ហើយ​ការដ្ឋាន​ខ្លះ​តម្រូវ​ឱ្យ​ផ្អាក​សកម្មភាព​។​ ​

​នៅក្នុង​របាយការណ៍​បូកសរុប​លទ្ធផល​ ​នៃ​ការអនុវត្ត​ការងារ​ឆ្នាំ២០១៩​ ​និង​លើក​ទិសដៅ​ការងារ​ឆ្នាំ២០២០​ ​របស់ក្រ​សួង​រៀបចំ​ដែនដី​ ​នគរូបនីយកម្ម​ ​និង​សំណង់​ ​បាន​បង្ហាញថា​ ​គិត​ត្រឹម​ចុងឆ្នាំ២០១៩កន្លងទៅ​នេះ​ ​មន្ត្រី​ជំនាញ​របស់ក្រ​សួង​ ​និង​មន្ត្រី​ថ្នាក់​ខេត្ត​បាន​ធ្វើការ​ចុះ​ត្រួតពិនិត្យ​ ​ទៅលើ​ការដ្ឋាន​សាងសង់​សំណង់​នានា​ ​នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ​ដែល​មានដំណើរ​ការសាងសង់​ ​ដើម្បី​វាយតម្លៃ​ពី​គុណភាព​ ​បច្ចេកទេស​សាងសង់​ស្របតាម​បទដ្ឋាន​ ​ដែល​កំណត់ដោយច្បាប់​ ​ជាពិសេស​ពិនិត្យ​ទៅលើ​ច្បាប់​អនុញ្ញាត​សាងសង់​។​ ​

​នៅក្នុងចំណោម​ការដ្ឋាន​ ​ដែល​បាន​ធ្វើការ​ចុះ​ត្រួតពិនិត្យ​ចំនួន៥៣១កន្លែង​ ​ក្នុង​នោះ​ ​មានការ​ដ្ឋាន​តម្រូវ​ឱ្យ​រុះរើ​ ​ដែល​មាន​ហានិភ័យ​ខ្ពស់​ផ្នែក​សុវត្ថិភាព​ចំនួន១៤ការដ្ឋាន​ ​ហើយ​ការដ្ឋាន​ដែល​តម្រូវ​ឱ្យ​ផ្អាក​ ​និង​ណែនាំ​ឱ្យធ្វើ​កោសល្យវិច័យ​ចំនួន១៧០ការដ្ឋាន​ ​ហើយ​ការដ្ឋាន​ដែល​តម្រូវ​ឱ្យ​ផ្អាក​ ​និង​ណែនាំ​ឱ្យ​បំពេញ​នីតិវិធី​ចំនួន២៧៣ការដ្ឋាន​ ​រួម​ជាមួយនឹង​ណែនាំ​ឱ្យ​បំពេញ​នីតិវិធី​ចំនួន៦៥ការដ្ឋាន​។​ ​

​ក្រៅពី​នេះ​ ​មន្ត្រី​ជំនាញ​ក៏បាន​ចុះ​ផ្សព្វផ្សាយ​អំពី​វិធានការ​ ​ចំពោះ​ក្រុមហ៊ុន​ប្រកប​អាជីវកម្ម​ក្នុង​វិស័យ​សំណង់​ ​ដែល​មិន​អនុវត្ត​តាម​កាតព្វកិច្ច​ ​និង​លក្ខខណ្ឌ​តម្រូវ​ដោយបទ​ ​ ​ ​ដ្ឋាន​បច្ចេកទេស​សំណង់​នៅ​ខេត្ត​ព្រះសីហនុ​ ​ដែល​មាន​ក្រុមហ៊ុន​ចូលរួម​ចំនួន៧០ក្រុមហ៊ុន​ផង​ដែរ​។​

​ការ​ចុះ​អនុវត្ត​នូវ​កា​រត្រូ​ត​ពិនិត្យ​យ៉ាង​យកទុក​ដាក់​ខាងលើ​នេះ​ ​គឺ​ក្នុង​គោលបំណង​ទប់ស្កាត់​ ​និង​លុបបំបាត់​នូវ​គ្រោះ​ថ្នា​ក់​ផ្សេង​ៗ​ ​ដែល​អាច​កើ​មាន​ជាយថាហេតុ​ ​ជាក់ស្តែង​ដូចជា​ករណី​រលំ​បាក់​អគារ​ចំនួន៣លើក​ ​ដែល​បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លាប់​ ​និង​រង​របួស​ជាច្រើន​នាក់​កាលពី​ពេល​កន្លងទៅ​នេះ​៕​

ផ្លូវ២១៧ភាគខាងត្បូងក្រុងភ្នំពេញកំពុងពង្រីកសក្តានុពលដោយកំនើននៃការវិនិយោគបុរី

ដោយៈ​ ​រ៉ា​ណេត​ ​

​ភ្នំ​ពេញៈ​ ​តំបន់​ភាគ​ខាងត្បូង​នៃ​រាជធានី​ភ្នំពេញ​ ​ដែល​ជា​ធ្លាប់តែ​ជា​តំបន់​ជាយក្រុង​ ​និង​មានការ​អភិវឌ្ឍន៍​ ​ត្រឹមតែ​ជា​សំណង់​លំនៅ​ដ្ឋាន​កម្រិតមធ្យម​ ​និង​ក្រោម​មធ្យម​កាលពី​ជាង៣ឆ្នាំមុន​នោះ​ ​ពេលនេះ​បាន​ប្រែក្លាយ​រូបរាង​ជាទី​ប្រជុំជន​ ​និង​ពេញនិយម​លើ​ការ​អភិវឌ្ឍ​លើ​វិស័យ​លំនៅ​ដ្ឋាន​កម្រិតមធ្យម​កម្រិតខ្ពស់​ ​និង​កម្រិតខ្ពស់​ដ៏​មាន​សក្ដានុពល​ ​ដែល​នឹង​ក្លាយទៅជា​ក្រុង​ថ្មី​នា​ពេល​ឆាប់​ៗ​ខាងមុខនេះ​។​ ​

​នៅ​ភាគ​ខាងត្បូង​រាជធានី​ភ្នំពេញ​ ​ដែល​ស្ថិតនៅ​ក្នុង​ខណ្ឌដង្កោ​ ​ជាពិសេស​តំបន់​ដែល​ស្ថិតនៅ​ជាប់​ផ្លូវ​លេខ២១៧​ ​បច្ចុប្បន្ន​នេះ​កំពុង​ត្រូវ​បំពេញ​ទៅ​ដោយ​គម្រោង​សំណង់​អគារ​លំនៅ​ដ្ឋាន​ ​និង​បុរី​តូច​ធំ​ជាច្រើន​គម្រោង​ ​ដែល​ក្នុង​នោះ​រាប់​ចាប់ពី​គម្រោង​លំនៅ​ដ្ឋាន​កម្រិតមធ្យម​ ​រហូត​ទៅដល់​គម្រោង​លំនៅ​ដ្ឋាន​កម្រិតខ្ពស់​លំដាប់​អភិជន​ ​ដែល​មានតម្លៃ​ជិត​កន្លះ​លាន​ដុល្លារ​ក្នុង​មួយ​ខ្នង​។​ ​

​នាយក​ទីផ្សារ​ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅ​ដ្ឋាន​បុរីVIP​ ​ដែល​បាន​អភិវឌ្ឍន៍​គម្រោង​លំនៅ​ដ្ឋាន​ជាច្រើន​គម្រោង​ ​នៅក្នុង​តំបន់​ភាគ​ខាងត្បូង​រាជធានី​ភ្នំពេញ​ ​ជាពិសេស​តំបន់​ជាប់​ផ្លូវ​លេខ២១៧​។​

​នៅ​ជុំវិញ​តំបន់​ផ្លូវ​លេខ២១៧​ ​នៅពេល​បច្ចុប្បន្ន​នេះ​ ​គម្រោង​សំណង់​បុ​រី​ធំៗ​ជាច្រើន​បាន​ ​និង​កំពុង​សម្រុក​សាងសង់​យ៉ាងសកម្ម​ ​ដើម្បី​ឆ្លើយតបទៅនឹង​តម្រូវការ​ទីផ្សារ​របស់​ខ្លួន​ ​ដែល​ក្នុង​នោះ​រួមមាន​ដូចជា​ ​គម្រោង​បុ​រី​ព​ភព​ថ្មី​ ​គម្រោង​ក្រុមហ៊ុន​ ​VIP​ ​គម្រោង​បុរី​ម៉ា​លីស​ ​គម្រោង​បុរី​រតនៈ​ ​គម្រោង​បុរី​ទាន់សម័យ​ ​គម្រោង​បុ​រី​ម៉ូ​ឌឺន​ ​គម្រោង​បុរី​ឧត្តម​ ​និង​គម្រោង​បុរី​លំនៅ​ដ្ឋាន​បែប​ទំនើប​ ​និង​ទាន់សម័យ​ ​GALAXY​ ​11​ ​។​ ​

​លោក​ ​ហេង​ ​ពិសិដ្ឋ​ ​នាយក​ប្រតិបត្តិ​គម្រោង​បុរី​លំនៅ​ដ្ឋាន​ ​GALAXY​ ​11​ ​ដែល​ស្ថិតនៅ​ក្នុង​តំបន់​ភាគ​ខាងត្បូង​នៃ​រាជធានី​ភ្នំពេញ​ ​និង​កំពុងតែ​សម្រុក​ដំណើរការ​សាងសង់​ ​និង​គ្រោង​បញ្ចប់​ក្នុង​ពេល​ឆាប់​ៗ​ខាងមុខនេះ​ ​បាន​ទទួលស្គាល់​ថា​ ​នៅ​មួយរយៈពេល​ចុងក្រោយ​នេះ​ ​ពិតជា​មាន​គម្រោង​អ​ភិ​វ​ឌ្ឍ​ធំៗ​ ​ចូល​មកកាន់​តំបន់​នេះ​ប្រាកដ​មែន​ ​ជាពិសេស​គម្រោង​អភិវឌ្ឍន៍​លំនៅ​ដ្ឋាន​កម្រិតមធ្យម​។​
​លោក​បាន​បន្ត​ទៀត​ថា​ ​“​សម្រាប់​គម្រោង​របស់​បុរីGALAXY​ ​11​ ​ដែល​កំពុង​សាងសង់​នៅពេល​នេះ​ ​គឺជា​ប្រភេទ​លំនៅ​ដ្ឋាន​បែប​ទំនើប​ ​និង​ទាន់សម័យ​ ​ដែល​មាន​ចែកចេញជា៣ប្រភេទ​ ​រួមមាន​ដូចជា​ ​ប្រភេទShop​ ​House​ ​ផ្ទះ​វីឡា​ទោល​ ​និង​វី​ឡា​ព្រីនស៍​ ​(​Prince​)​ ​ដោយ​គ្រប់​ប្រភេទ​នៃ​ផ្ទះ​ទាំងអស់​ ​សុទ្ធតែ​ត្រូវ​បាន​រៀបចំ​រចនា​យ៉ាង​វិចិត្រ​ពីសំណាក់​អ្នកជំនាញ​”​។​

​លោក​ហេង​ ​ពិសិដ្ឋ​បាន​បន្ត​ទៀត​ថា​ ​ក្រៅពី​យកចិត្ត​ទុកដាក់​ទៅលើ​ការរចនា​ម៉ូត​ ​ ​ប្លង់​មេ​របស់​បុរី​ទាំងមូល​ដែល​ធានា​ថា​ ​ស្អាត​ទំនើប​ល្អឥតខ្ចោះ​នោះ​ ​នៅក្នុង​បុរី​ក៏​មានការ​ស្ថាបនា​ផ្លូវភ្លោះ​ទំហំ១៣ម៉ែត្រ​ ​មាន​រៀបចំ​ជា​កន្លែង​កម្សាន្ត​ ​សួនច្បារ​សាធារណៈ​ ​មាន​ពិភព​បៃតង​ផ្តល់​នូវ​បរិយាកាស​ដ៏​ល្អ​ ​និង​ខ្យល់​ត្រជាក់​បក់​មក​ពី​ស្ទឹង​ ​មាន​អាងហែលទឹក​ ​ជាពិសេស​ ​មានការ​រៀបចំ​ជា​ក្លឹប​ហាត់ប្រាណ​បែប​ទំនើប​ ​ដោយ​មិន​ចាំបាច់​ចំណាយពេល​ចេញទៅ​ហាត់ប្រាណ​នៅ​ក្រៅ​បុរី​នោះ​ឡើយ​។​

​គម្រោង​បុរី​ ​GALAXY​ ​11​ ​នៅក្នុង​តំបន់​ដ៏​មាន​សក្ដានុពល​ ​ជា​បណ្តុំ​នៃ​ទីប្រជុំជន​ ​ស្ថិតនៅ​សង្កាត់​ស្ពានថ្ម​ ​ខណ្ឌដង្កោ​ ​រាជធានី​ភ្នំពេញ​ដោយ​ចំណាយពេល​ត្រឹម៥នាទី​ក្នុង​ការ​ធ្វើដំណើរ​ពីទី​តាំង​ ​គម្រោង​ផ្សារ​ទំនើប​ ​AEON3​ ​តែប៉ុណ្ណោះ​។​ ​ប្រភេទ​លំនៅ​ដ្ឋាន​ប្រភេទShop​ ​House​ ​មានតម្លៃ​ចាប់ពី​ជាង៨ម៉ឺន​ដុល្លារ​ឡើង​ទៅ​។​ ​ប្រភេទ​លំនៅ​ដ្ឋាន​ ​វីឡា​ទោល​មានតម្លៃ​ចាប់ពី​ជាង១៤ម៉ឺន​ដុល្លារ​ឡើង​ទៅ​។​ ​ប្រភេទ​លំនៅ​ដ្ឋាន​ ​វីឡា​ ​ព្រីនស៍​មានតម្លៃ​ចាប់ពី​ជាង៣០ម៉ឺន​ដុល្លារ​ឡើង​ទៅ​ ​ដោយ​គ្រប់​ប្រភេទ​លំនៅ​ដ្ឋាន​ទាំងអស់​ ​លោកអ្នក​គ្រាន់តែ​កក់​ត្រឹម៣០ភាគរយ​ ​ជាមួយនឹង​ការ​បង់​រំលស់​រយៈ១៨ខែ​ដោយ​គ្មាន​ការប្រាក់​។​ ​

​នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ​ ​AMATAK​ ​Property​ ​Service​ ​លោកស្រី​ ​តាំង​ ​ហួរ​ ​ដែល​ជា​អ្នកជំនាញ​ក្នុង​ការវាយតម្លៃ​ ​បាន​ទទួលស្គាល់​ពី​ភាព​រីកចម្រើន​នៅក្នុង​តំបន់​ ​រួម​ជាមួយនឹង​សក្ដានុពល​លើ​វិស័យ​លំនៅ​ដ្ឋាន​ ​នៅ​តំបន់​ភាគ​ខាងត្បូង​ក្រុង​នេះ​ថា​ ​“​នៅ​ភាគ​ខាងត្បូង​រាជធានី​ភ្នំពេញ​ ​នៅតែ​បន្ត​មាន​សក្ដានុពល​ ​ក្នុង​ការ​វិនិយោគ​លើ​វិស័យ​លំនៅ​ ​ ​ ​ដ្ឋាន​ ​ហើយ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ជាង​ឆ្នាំ​កន្លង​ទៅ​មុន​ៗ​។​ ​

​លោកស្រី​បន្ត​ទៀត​ថា​ ​“​កាលពី​ប្រមាណ៣ឆ្នាំមុន​តំបន់​ខាងលើ​នេះ​ ​ត្រូវ​បាន​អ្នក​វិនិយោគ​ចាប់អារម្មណ៍​ ​និង​វាយតម្លៃ​ថា​នឹង​មាន​សក្ដានុពល​រួចជាស្រេច​ ​ស្រប​ពេល​ដែល​វិស័យ​ដីធ្លី​នៅ​ទូទាំង​តំបន់​ជាយក្រុង​មាន​ភាព​ពុះកញ្ជ្រោល​កើន​តម្លៃ​”​។​

​ ​លោកស្រី​បាន​មានប្រសាសន៍​ថា​ ​“​បច្ចុប្បន្ន​នេះ​ ​បន្ទាប់ពី​រដ្ឋាភិបាល​អភិវឌ្ឍន៍​នូវ​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ធំៗ​ជាច្រើន​ ​បាន​ធ្វើ​ឱ្យ​តំបន់​ខាងលើ​នេះ​ ​កាន់តែ​មាន​ភាព​ទាក់ទាញ​ខ្លាំង​លើ​ការ​វិនិយោគ​ ​ស្រប​ពេល​ដែល​កំណើនប្រជាជន​ចូល​ទៅ​រស់នៅ​ ​និង​ប្រកប​អាជីវកម្ម​ច្រើន​។​ ​លោកស្រី​បន្ត​ថា​ ​តំបន់​ដែល​មាន​ប្រមូល​ផ្តុំ​ទៅ​ដោយ​ទីប្រជុំ​ ​គឺ​ដង្ហើម​សេដ្ឋកិច្ច​នឹង​មាន​ភាពល្អ​ប្រសើរ​ ​ដែល​កាន់តែ​ជំរុញ​ឱ្យ​ការ​អភិវឌ្ឍ​ ​និង​ការ​វិនិយោគ​មាន​ភាព​ទាក់ទាញ​ ​ហើយ​នៅ​ថ្ងៃខាងមុខ​តម្លៃ​នៅតែ​បន្ត​ឡើងថ្លៃ​ ​ដែល​ជា​ឱកាសល្អ​សម្រាប់​អ្នក​ដែល​ចង់​វិនិយោគ​យកចំណេញ​”​។​ ​

​លក្ខណៈ​ពិសេស​ដែល​អាច​ទាក់ទាញ​ចំណាប់​អារម្មណ៍​ ​លើ​ការ​វិនិយោគ​នៅ​តំបន់​ភាគ​ខាង​ត្បូង​ឈៀង​ខាងលិច​រាជធានី​ភ្នំពេញ​មួយ​នេះ​ ​គឺ​រួមមាន​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​សំ​ខាន់​ៗ​ជាច្រើន​ ​ដូចជា​ផ្លូវ៦០ម៉ែត្រ​ ​ផ្លូវ៥០ម៉ែត្រ​ ​ផ្លូវ៣០ម៉ែត្រ​ ​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ ​រួម​ជាមួយ​ផ្លូវ​តូច​ធំ​ជាច្រើន​ទៀត​ ​ដែល​បង្ក​ភាព​ងាយស្រួល​ចេញចូល​ក្រុងភ្នំពេញ​ ​ក្រុង​តាខ្មៅ​ ​ទៅកាន់​ផ្លូវជាតិ​លេខ២​ ​ផ្លូវជាតិ​លេខ៣​ ​និង​ផ្លូវជាតិ​លេខ១​ ​។​ ​ក្រៅពី​នេះ​នៅ​មាន​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ​និង​ផ្សារ​ទំនើប​ធំៗ​កម្រិត​អន្តរជាតិ​ផង​ដែរ​ ​ដូចជា​ផ្សារ​ទំនើប​ ​AEON3​ ​ផ្សារ​ទំនើប​របស់​ក្រុមហ៊ុន​ ​ប៉េង​ហួត​ ​ផ្សារ​ទំនើប​ជីព​ម៉ុង​ ​ជាដើម​៕​

មាតិកានៃកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រមួយរវាងអាមេរិក និងចិនត្រូវបានចេញផ្សាយ

ដោយ Donald Lee

ភ្នំពេញៈ ខ្លឹមសារនៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដំណាក់កាលទី១រវាងអាមេរិក និងចិនត្រូវបានចេញផ្សាយជាចុងក្រោយ ហើយនឹងត្រូវចុះហត្ថលេខាដោយប្រធានាធិបតីអាមេរិក Donald Trump និងអនុប្រធានាធិបតីចិន Liu He នៅថ្ងៃពុធខាងមុខនេះ។

ខ្លឹមសារនៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម ត្រូវបានចេញផ្សាយកាលពីថ្ងៃច័ន្ទ ហើយបានបង្ហាញថា ប្រទេសចិននឹងពង្រីកការទិញទំនិញកសិកម្មរបស់អាមេរិកយ៉ាងច្រើន។

ខ្លឹមសារកិច្ចការកិច្ចព្រមព្រៀង ដែលត្រូវបានផ្សព្វផ្សាយដោយរដ្ឋាភិបាលអាមេរិក បានបញ្ជាក់ថា “កិច្ចព្រមព្រៀងនេះ នឹងគាំទ្រដល់ការពង្រីកយ៉ាងខ្លាំង នៃការនាំចេញផលិតផលកសិកម្មកសិកម្ម និងគ្រឿងសមុទ្ររបស់អាមេរិក ដោយបង្កើនប្រាក់ចំណូលកសិកម្ម និងនេសាទរបស់អាមេរិក បង្កើតសកម្មភាពសេដ្ឋកិច្ចនៅតាមជនបទ និងលើកកម្ពស់កំណើនការងារ”។

កិច្ចព្រមព្រៀងនេះក៏បានបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសចិននឹងបញ្ឈប់ការអនុវត្តកាតព្វកិច្ចរបស់ខ្លួន ដល់ក្រុមហ៊ុនបរទេស ដើម្បីផ្តល់ដល់ក្រុមហ៊ុនចិន នូវកម្មសិទ្ធិបញ្ញាសម្រាប់ប្រតិបត្តិការនៅក្នុងប្រទេសចិន។

ខ្លឹមសារនេះបានបន្ថែមថា “ជាលើកដំបូង នៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មណាមួយ ប្រទេសចិនបានយល់ព្រមបញ្ចប់ ការអនុវត្តយូរអង្វែងរបស់ខ្លួនក្នុងការបង្ខំ ឬដាក់សម្ពាធឱ្យក្រុមហ៊ុនបរទេស ក្នុងការផ្ទេរបច្ចេកវិទ្យារបស់ពួកគេ ទៅឱ្យក្រុមហ៊ុនចិនជាលក្ខ​ខណ្ឌសម្រាប់ការទទួលបានទីផ្សារ ការអនុម័តរដ្ឋបាល ឬការទទួលបានអត្ថប្រយោជន៍ពីរដ្ឋាភិបាល”។

ផ្សារហ៊ុននៅអាស៊ីបានកើនឡើងដល់កម្រិត ដែលមិនធ្លាប់ឃើញចាប់តាំងពីឆ្នាំ ២០១៨ និងមុនពេលការកើនឡើងនៃសង្គ្រាមពាណិជ្ជកម្មអាមេរិក និងចិននៅសប្តាហ៍នេះ ដោយសារកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១ ជិតឈានដល់ទីបញ្ចប់ហើយ។

កិច្ចព្រមព្រៀងពាណិជ្ជកម្មអាមេរិក និងចិនដំណាក់កាលទី១ បានបញ្ឈប់សង្គ្រាមពាណិជ្ជកម្ម ដែលមានតម្លៃថ្លៃបំផុតមួយ នៅក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ និងបាននាំមកនូវសញ្ញាដំបូង នៃការថយចុះនៃសង្រ្គាមពាណិជ្ជកម្មរយៈពេល១៧ខែ រវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរនៅលើពិភពលោក។

ទោះយ៉ាងណា អ្នកវិភាគទាំងចិន និងអាមេរិកបារម្ភថា កិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១ គឺមិនច្បាស់លាស់ ហើយមិនមានចំណុចជាក់លា ក់ដែលនឹងរារាំងការកើតឡើងនៃសង្គ្រាមពាណិជ្ជកម្មនាពេលអនាគត។

សេចក្តីអត្ថាធិប្បាយមួយ ដែលគ្រប់គ្រងដោយរដ្ឋរបស់ប្រទេសចិន បានលើកឡើងថា “ទោះបីមានសុទិដ្ឋិនិយមជុំវិញ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១ រវាងចិននិងសហរដ្ឋអាមេរិកក៏ដោយ ក៏មានការសង្ស័យកាន់តែច្រើនឡើងៗថា តើកិច្ចព្រមព្រៀងនេះ អាចឈានដល់ការបន្ធូរបន្ថយភាពតានតឹង ពាណិជ្ជកម្មរវាងប្រទេស ដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរនៅលើពិភពលោកដែរឬទេ”។

សេចក្តីអត្ថាធិប្បាយបានបន្ថែមថា “ក្រៅពីព័ត៌មានលម្អិតទាំងអស់ខាងលើសម្រាប់ប្រទេសចិនខ្លឹមសារ នៃកិច្ចចរចាពាណិជ្ជកម្មគឺតែងតែចង់ដឹងថា តើអាមេរិកអាចបោះបង់ចោលក្នុងការអនុវត្តឯកតោភាគីបានកម្រិតណា”៕

រដ្ឋាភិបាលប្រកាសឱ្យក្រុមហ៊ុនដាក់ពាក្យប្រកួតប្រជែងសម្រាប់ទទួលបានអាជ្ញាបណ្ណស្វែងរុករករ៉េចំនួន៨កន្លែង

ដោយវុត្ថា

ភ្នំពេញ: ក្រសួងរ៉ែ និងថាមពល ប្រកាសឱ្យបណ្តាក្រុមហ៊ុនជាតិ និងអន្តរជាតិដាក់ពាក្យប្រកួតប្រជែងជាសាធារណៈ សម្រាប់ទទួលបានអាជ្ញាបណ្ណស្វែងរុករក ចំពោះតំបន់សម្បទានស្វែងរុករករ៉េចំនួន៨ (ប្រាំបី) តំបន់ដូចមាន “ផែនទីទីតាំង និងកូអរដោណេ ជូនភ្ជាប់មកជាមួយ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងរ៉ែ និងថាមពលដែលចេញផ្សាយនៅថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២០នេះ ឱ្យដឹងថាតំបន់សម្បទានស្វែងរុករករ៉ែ ដែលនឹងប្រកាសបើកទទួលពាក្យស្នើសុំ រួមមានដូចជា ទី១ តំបន់សម្បទានស្វែងរុករករ៉ែទំហំ១១២,៧២ (មួយរយដប់ពីរក្បៀសចិតសិបពីរ) គីឡូម៉ែត្រក្រឡា ស្ថិតនៅតំបន់អូរកោងកាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

ទីតំបន់សម្បទានស្វែងរុករករ៉ែទំហំ ១៩០ (មួយរយកៅសិប) គីឡូម៉ែត្រក្រឡា ស្ថិតនៅតំបន់ភ្នំនទោង ស្រុកជ័យសែន ខេត្តព្រះវិហារ។ ទី៣. តំបន់សម្បទានស្វែងរុករករ៉ែទំហំ ១៤៥ (មួយរយសែសិបប្រាំ) គីឡូម៉ែត្រក្រឡា ស្ថិតនៅតំបន់ភ្នំច្រាច ស្រុកឆែប និងស្រុកជ័យសែន ខេត្តព្រះវិហារ។

ទីតំបន់សម្បទានស្វែងរុករករ៉ែទំហំ ១៥១ (មួយរយហាសិបមួយ) គីឡូម៉ែត្រក្រឡា ស្ថិតនៅតំបន់ឃុំសុចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។ ទីំបន់សម្បទានស្វែងរុករករ៉ែទំហំ២០០គីឡូម៉ែត្រក្រឡា ស្ថិតនៅតំបន់ខ្វាវខាងកើតឃុំខ្វាវ ខេត្តសៀមរាប និងឃុំស្រែយ៉ាង រណសិរ្ស ខេត្តព្រះវិហារ។

ទីតំបន់សម្បទានស្វែងរុករករ៉ែទំហំ ២០០ (ពីររយ) គីឡូម៉ែត្រក្រឡា ស្ថិតនៅតំបន់ខ្វាវខាងលិចឃុំខ្វាវ ឃុំតាសៀម និងឃុំស្វាយលើ ខេត្តសៀមរាប។ ទី តំបន់សម្បទានស្វែងរុករករ៉ែទំហំ១៩៦,៨ (មួយរយកៅសិបប្រាំមួយក្បៀសប្រាំបី) គីឡូម៉ែត្រក្រឡា ស្ថិតនៅតំបន់ព្រែកខ្លាំង ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ទី តំបន់សម្បទានស្វែងរុករករ៉ែទំហំ ១៩៥,២ (មួយរយកៅសិបប្រាំសពីរ) គីឡូម៉ែត្រក្រឡាស្ថិតនៅតំបន់អូរខ្ទង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

សាធារណៈជន បណ្តាក្រុមហ៊ុនជាតិ និងអន្តរជាតិ ដែលចាប់អារម្មណ៍ អាចស្នើសុំ ពាក្យស្នើសុំអាជ្ញាបណ្ណស្វែងរុករករ៉ែ នៅនាយកដ្ឋានឧស្សាហកម្មអាជីវកម្ម ធនធានរ៉ែ (ជាន់ទី៥) នៃទីស្តីការក្រសួងរ៉ែ និងថាមពលអគារលេខ ៧៩៨៩ វិថីប៉ាស្ទ័រ(ផ្លូវលេខ៥១) សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញចាប់ពីថ្ងៃជូនដំណឹងនេះតទៅ នៅរៀងរាល់ម៉ោងធ្វើការ។

ពាក្យស្នើសុំអាជ្ញាបណ្ណស្វែងរុករករ៉ែ ដែលបានបំពេញរួចរាល់ ត្រូវភ្ជាប់មកជាមួយនូវឯកសារ និងរបាយការណ៍តម្រូវពាក់ព័ន្ធ ហើយដាក់ក្នុងស្រោមសំបុត្របិទជិតដោយការខ្នង ឯកសារស្នើសុំប្រកួតប្រជែង”រួចប្រគល់ជូន ការិយាល័យច្រកចេញចូលតែមួយ- របស់ក្រសួងរ៉ែ និងថាមពល យ៉ាងយូរបំផុតត្រឹមថ្ងៃទី១៥ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង១៧:០០នាទី។

ប្រធានក្រុមហ៊ុនត្រូវមក ដាក់សំណុំឯកសារសុំអាជ្ញាបណ្ណស្វែងរុករករ៉ែ ដោយផ្ទាល់ ឬប្រគល់សិទ្ធិជូនអ្នកតំណាងរបស់ខ្លួន មកដាក់ជំនួសក៏បាន ប៉ុន្តែត្រូវមាន “លិខិតប្រគល់សិទ្ធិ” ពីប្រធានក្រុមហ៊ុន។

ក្រសួងរ៉ែ និងថាមពល នឹងប្រកាសផ្សាយជាសាធារណៈ ចំពោះរូបវន្តបុគ្គល ឬនីតិបុគ្គលជ័យលាភី ដែលក្រសួងសម្រេចជ្រើសរើស និងផ្តល់អាជ្ញាបណ្ណស្វែងរុករករ៉ែជួន បន្ទាប់ពីបានអនុវត្តតាមនីតិវិធីចប់សព្វគ្រប់ ស្របតាមអនុក្រឹត្យលេខ ៧២ អនក្រ.បក ចុះថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៦ និងបានដោះស្រាយបណ្តឹងតវ៉ាចប់រួចរាល់ជាស្ថាពរ៕

លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា៖ ច្បាប់សំណង់នឹងជួយឱ្យវិស័យអចនទ្រព្យកាន់តែរីកចំរើន

ដោយ​វុត្ថា

​ភ្នំពេញ​៖​ ​លោក​ ​ឧបនាយក​រដ្ឋមន្ត្រី​ ​ជា​ ​សុ​ផា​រ៉ា​ ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ ​នគរូបនីយកម្ម​ ​និង​សំណង់​ ​បាន​លើកឡើង​ថា​ ​ច្បាប់​សំណង់​ដែល​ត្រូវ​បាន​អនុម័ត​រួចហើយ​ ​នឹង​ជួយ​ឱ្យ​វិស័យ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា​កាន់តែ​រីក​ចំរើន​ ​ខណៈ​វិស័យ​នេះ​ ​បាន​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​កាន់តែ​មានសន្ទុះ​ទៅមុខ​។​



​លោក​ឧបនាយក​ដ្ឋ​មន្ត្រី​ ​ជា​ ​សុ​ផា​រ៉ា​ ​នៅក្នុង​វគ្គ​ផ្សព្វផ្សាយ​ច្បាប់​ស្តី​ពី​សំណង់​សម្រាប់​អ្នក​វិជ្ជាជីវៈ​ក្នុង​វិស័យ​សំណង់​ ​នា​ថ្ងៃទី​ ​១៤​ ​ខែមករា​ ​ឆ្នាំ​ ​២០១៩​ ​នេះ​ ​ឱ្យ​ដឹង​ថា​ ​ច្បាប់​សំណង់​នេះ​ ​ត្រូវ​បាន​លើកកម្ពស់​ដល់​វិស័យ​អចលនទ្រព្យ​ព្រោះ​វា​មាន​សក្តា​នុ​ពល​ខ្ពស់​ក្នុង​ការជំរុញ​ដល់​កំណើន​សេដ្ឋកិច្ច​ ​និង​សង្គម​កម្ពុជា​កាន់តែ​លូតលាស់​ទៅមុខ​។​

​លោក​បន្ត​ថា​ ​ច្បាប់​សំណង់​នេះ​ ​ក៏​ត្រូវ​បាន​ត្រួតពិនិត្យ​ ​និង​បញ្ជាក់​ពី​ដល់​ភាព​ស្របច្បាប់​ទៅ​ដល់់​បណ្តា​សំណង់​ដែល​បាន​សាងសង់​រួច​នៅក្នុង​អតីតកាល​ចាប់ពី​ឆ្នាំ​ ​១៩៩៥​ ​រហូតដល់​ឆ្នាំ​ ​២០១៦​ ​ដែល​កាលពីមុន​ ​មានតែ​អនុ​ក្រឹត​បញ្ជាក់​តែ​ ​មកដល់ពេលនេះ​មានច្បាប់​សំណង់​ដើម្បី​យក​មក​បញ្ជាក់​ពី​ភាព​ស្របច្បាប់​ក្នុង​ការ​ផ្តល់​ឱ្យ​ប្រជាពលរដ្ឋ​យក​ទៅ​ប្រើប្រាស់​ដើម្បី​ឱ្យ​ពួកគេ​មាន​ភាព​ជំនឿ​ទុកចិត្ត​ ​ដែល​អាច​ទៅ​ដា​ក់​បញ្ចំា​ ​ជួល​ ​ឬក៏​លក់​ ​បាន​តាម​សេចក្តី​ត្រូវការ​។​

​ច្បាប់​ស្ដីពី​សំណង់​ ​មាន​គោលបំណង​ ​និង​សារប្រយោជន៍​ដូច​ខាងក្រោម​៖​

​*​ ​ពង្រឹង​ការគ្រប់គ្រង​គ្រប់​ភាគី​ពាក់ព័ន្ធ​ ​និង​ការប្រតិបត្តិ​ការងារ​ទាំងឡាយ​ ​ក្នុង​វិស័យ​សំណង់​ ​ដើម្បី​ធានា​សន្តិសុខ​ ​សុវត្ថិភាព​ ​និង​សណ្ដាប់ធ្នាប់​សាធារណៈ​ ​ការពារ​ផលប្រយោជន៍​ម្ចាស់​សំណង់​ ​អ្នកប្រើ​ប្រាស់​ ​និង​សាធារណជន​។​

​*​ ​ចូលរួម​ពង្រឹង​ការគ្រប់គ្រង​នគរូបនីយកម្ម​ ​ដោយ​អភិវឌ្ឍ​ទីក្រុង​ឱ្យ​មាន​សោភណភាព​ ​និង​បរិស្ថាន​ល្អ​សម្រាប់​ការរស់នៅ​ប្រកបដោយ​ចីរភាព​ ​សំដៅលើ​ក​កម្ពស់​សុខុមាលភាព​សាធារណៈ​

​*​ ​បង្កើន​គណនេយ្យ​ភាព​ ​និង​ប្រសិទ្ធភាព​ក្នុង​ការ​ប្រកបការងារ​ ​និង​ការ​ប្រកប​វិជ្ជាជីវៈ​ក្នុង​វិស័យ​សំណង់​

​*​ ​បង្កើន​ការ​ជឿ​ទុកចិត្ត​របស់​វិនិយោគិន​នៅក្នុង​វិស័យ​សំណង់​ ​ជំរុញ​ទីផ្សារ​អចលនទ្រព្យ​ប្រកបដោយ​ប្រសិទ្ធភាព​សេដ្ឋកិច្ច​សង្គម​។​



​គោលបំណង​ច្បាប់​នេះ​រួមមាន​៖​

​*​ ​គុណភាព​ ​សន្ដិ​សុខ​ ​សុវត្ថិភាព​សំណង់​ ​ការងារ​ទ្រព្យសម្បត្តិ​និង​សុខុមាលភាព​របស់​ម្ចាស់​សំណង់​អ្នកប្រើ​ប្រាស់​សំណង់​ ​និង​សាធារណជន​

​*​ ​សោភណភាព​និង​បរិស្ថាន​ល្អ​សម្រាប់​ការរស់នៅ​ប្រកបដោយ​ចីរភាព​ ​សំដៅលើ​ក​កម្ពស់​សុខុមាលភាព​សាធារណៈ​

​*​ ​គណនេយ្យ​ភាព​និង​ប្រសិទ្ធភាព​ក្នុង​ការ​ប្រកបការងារ​និង​ការ​ប្រកប​វិជ្ជាជីវៈ​ក្នុង​វិស័យ​សំណង់​

​*​ ​ការ​បង្កើន​ការ​ជឿ​ទុកចិត្ត​របស់​វិនិយោគ​នៅក្នុង​វិស័យ​សំណង់​ ​និង​ជំរុញ​ទីផ្សារ​អចលនទ្រព្យ​ប្រកបដោយ​ប្រសិទ្ធភាព​ផ្នែក​សេដ្ឋកិច្ច​និង​សង្គម​។​



​ច្បាប់​សំណង់​នេះ​ ​មាន២២ជំពូក​ ​និង១១១មាត្រា​នេះ​ ​ត្រូវ​បាន​ករុណា​ព្រះបាទ​សម្តេច​ព្រះ​បរមនាថ​ ​នរោ​ត្ត​ ​សីហ​មុនី​ ​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​ឡាយ​ព្រះ​ហស្ថ​លេខា​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវ​កាលពី​ថ្ងៃទី​ ​២​ ​ខែវិច្ឆិកា​ ​ឆ្នាំ​ ​២០១៩​ ​បន្ទាប់ពី​រដ្ឋសភា​បាន​អនុម័ត​កាលពី​ថ្ងៃទី​ ​៧​ ​ខែតុលា​ ​ឆ្នាំ​ ​២០១៩​ ​និង​ព្រឹទ្ធសភា​បាន​ពិនិត្យ​ចប់​សព្វគ្រប់​លើ​ទម្រង់​ ​និង​គតិ​ច្បាប់​នេះ​ទាំងស្រុង​កាលពី​ថ្ងៃទី​ ​១៨​ ​ខែតុលា​ ​ឆ្នាំ​ ​២០១៩​ ​កន្លងមក​នេះ​ ​ ​ដោយមាន​ការ​គាំទ្រ​ពី​ក្រសួង​ដែនដី​ ​ដឹកជញ្ជូន​ ​និង​ប្រៃ​សនី​ពី​ប្រទេស​ជប៉ុន​៕​