ដោយៈ រ៉ាណេត
ភ្នំពេញៈ ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានលើកយកសមិទ្ធផលស្ពានសំខាន់ៗ ដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុននៅកម្ពុជាចំនួន៣ ក្នុងចំណោមស្ពានជាច្រើនទៀត រួមជាមួយនឹងការបង្ហាញពីអត្ថន័យយ៉ាងជ្រាលជ្រៅ ក្នុងនាមជាប្រទេសដៃគូអភិវឌ្ឍន៍ មិត្តភាពយូរអង្វែង និងស៊ីជម្រៅ។
តាមរយៈគណនីជាផ្លូវការរបស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា នៅដើមសប្ដាហ៍នេះបានរំលឹកឡើងពីសាវត្តាស្ពានមិត្តភាពកម្ពុជា-ជប៉ុន ចំនួន៣សំខាន់ៗដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុនមកកាន់កម្ពុជា ដែលក្នុងនោះរួមមានដូចជា ស្ពានគីហ្សូណា ស្ពានជ្រោយចង្វារ និងស្ពានត្សឹបាសា ឬស្ពានអ្នកលឿង មកបង្ហាញជាសាធារណៈ។
នៅក្នុងខួបគម្រប់៥ឆ្នាំ នៃការសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានមិត្តភាពកម្ពុជា-ជប៉ុន លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា “នៅពេលដែលខ្ញុំឈរលើស្ពាននេះ (ស្ពានត្សឹបាសា) ខ្ញុំមានអារម្មណ៍រំភើបក្រៃលែង ចំពោះសម្រស់ដ៏ស្រស់ស្អាតនៃដងស្ពាន ដែលសណ្តូកដងខ្លួន ចំកោងខ្នងគ្របដណ្តប់លើផ្ទៃទឹកហូរនៃទន្លេមេគង្គដ៏ស្រស់បំព្រងនេះ”។
ជាមួយគ្នានេះ លោកក៏បានពន្យល់អត្ថន័យនៃស្ពាន ត្សឹបាសាថា ជាភាសាជប៉ុនមានន័យថា សត្វបក្សីដែលសមនឹងតួស្ពាន មានរូបរាងប្រៀបដូចជា ស្លាបសត្វបក្សី ហើយមូលហេតុដែលដាក់ឈ្មោះស្ពាននេះថា ត្សឹបាសាឬស្ពានបក្សីដូច្នេះ ព្រោះចង់បញ្ជាក់ន័យជានិមិត្តរូបថា មិត្តភាពកម្ពុជា ជប៉ុន នឹងរីកចម្រើនរួមគ្នាតទៅមុខទៀត ប្រៀបដូចសត្វបក្សីហោះហើរត្រដាងស្លាបយ៉ាងរីករាយ លើលំហអាកាសវេហាដូច្នោះដែរ។
ស្ពានយោងដោយខ្សែកាបទី១ នៅកម្ពុជាស្ពានត្សឹបាសា ឬស្ពានអ្នកលឿង មានទទឹងស្ពាន១៣,៥ ម៉ែត្រ និងបណ្តោយប្រវែង២២១៥ ម៉ែត្រ ស្ថិតនៅក្នុងខេត្តព្រៃវែង បានចំណាយទឹកប្រាក់សាងសង់អស់១៣០លានដុល្លារ ដែលជាថវិកាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន និងថវិកាជាង១៩លានដុល្លារទៀតរបស់រដ្ឋាភិបាលកម្ពុជា។ ស្ពាននេះ បានបើកសម្ពោធជាផ្លូវការកាលពីថ្ងៃទី៦ មេសា ឆ្នាំ ២០១៥ ហើយត្រូវបានចាត់ថ្នាក់ថា ជាស្ពានដ៏វែងជាងគេទី១ នៃប្រវត្តិសាស្ត្រកម្ពុជា។
ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជាដដែលនេះ ក៏បានរំលឹកពីសាវតាស្ពានចំនួន២ទៀត ដែលស្ថិតនៅក្នុងខេត្តកំពង់ចាម គឺស្ពានគីហ្សូណា ដែលជាស្ពានដ៏វែងលើកដំបូងនៅកម្ពុជា ត្រូវបានសម្ពោធបើកឱ្យដំណើរការកាលពីឆ្នាំ២០០១ និងស្ពានមិត្តភាពកម្ពុជា-ជប៉ុន ជ្រោយចង្វារ ក្រុងភ្នំពេញ ដែលត្រូវបានបញ្ចប់ការជួសជុលជាលើកទី២ និងដា់ឱ្យប្រើប្រាស់កាលពីអំឡុងពាក់កណ្តាលឆ្នាំ២០១៩កន្លងទៅនេះផងដែរ៕






