ដោយ ហ្សូលី
ភ្នំពេញៈ គម្រោងខ្សែក្រវ៉ាត់មួយផ្លូវមួយ ដែលជាការផ្តួចផ្តើមរបស់ប្រធានាធិបតីចិនលោកស៊ី ជីនពីង នឹងត្រូវស្ថាបនានៅតាមបណ្តាប្រទេស រួមមាន កម្ពុជា ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា និងម៉ាឡេស៊ីជាដើម ប៉ុន្តែត្រូវបានជាប់គាំងដោយសារតែវិបត្តិជំងឺ Covid-19 ។

ជាក់ស្តែងប្រទេសចិន បានស្ថិតនៅក្នុងស្ថានភាពធូរស្បើយច្រើនហើយ ពាក់ព័ន្ធវិបត្តិជំងឺឆ្លងនេះ ប៉ុន្តែនៅឡើយតែបណ្តារប្រទេសជាដៃគូ ដែលកំពុងប្រឈមនឹងការឆ្លងជំងឺនេះជាបន្តបន្ទាប់ឥតឈប់ឈរ។ បច្ចុប្បន្នការងារនៃគម្រោងនេះ ត្រូវបានបញ្ឈប់រួចហើយនៅតំបន់សេដ្ឋកិច្ចខេត្តព្រះសីហនុ និងរបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន។
កត្តារារាំងក្តីស្រម៉ៃរបស់លោកប្រធានាធិបតី ស៊ី ជីនពីង មួយទៀតនោះ គឺការរឹតបន្តឹងការធ្វើដំណើរចេញចូលរបស់ប្រទេសនិមួយ។ ថ្វីត្បិតតែកម្មករចិន បានត្រៀមខ្លូនរួចជាស្រេច ក្នុងការវិលត្រឡប់ទៅបំពេញការងារក្តី ប៉ុន្តែការធ្វើដំណើរឆ្លងកាត់តំបន់ អាស៊ី និង អ៉ឺរ៉ុប នៅតែចងជាបញ្ហា។ ប្រទេសចំនួ ១៣០ ជុំវិញពិភពលោកបានធ្វើការរឹតបន្តឹងដាក់បម្រាមមិនឱ្យជនជាតិចិន ដែលធ្វើដំណើរមកពីប្រទេសចិន ចូលមកក្នុងទឹកដី ប្រទេសគេឡើយ។ យ៉ាងណាមិញ រដ្ឋាភិបាលចិនកំពុងចរចា ដោយយកគម្រោងខ្សែក្រវ៉ាត់មួយផ្លូវមួយ ធ្វើជាខែលដោះស្រាយបម្រាមនេះ។
យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សា ទំនាក់ទំនងបរទេស (CFR) ដែលមានចំណងជើងថា “តើជំងឺ Covid-19 មានន័យអ្វីចំពោះគម្រោងខ្សែក្រវ៉ាត់១ផ្លូវ១” បានកត់សម្គាល់ថា កម្មករចិនមិនអាចវិលត្រឡប់ទៅរកគម្រោងនៅក្រៅប្រទេសបានទេ គម្រោងនឹងមិនមានលក្ខណៈពេញលេញទេ ហើយអាចត្រូវគេបោះបង់ចោលទាំងអស់គ្នា។
ប្រសិនជាប្រធានាធិបតីចិន ចង់ឱ្យល្បឿននៃគម្រោងនេះសម្រេចកាន់តែឆាប់នោះ លុះត្រាតែប្រទេសចិនស្វះស្វែងជួយប្រទេសជិតខាង ទ្រទ្រង់សង្វាក់ផលិតកម្ម ទប់ស្កាត់មេរោគឆ្លង និងពន្លឿនការស្តារសេដ្ឋកិច្ចឱ្យបានឆាប់រហ័សបំផុត ទើបអាចមើលឃើញក្តីសង្ឃឹមនៃគម្រោងនេះបាន។ នេះបើតាមរបាយការណ៍ដដែលបានបញ្ជាក់។
អ្នកសិក្សាថាមពល និងបរិស្ថានមកពី Gateway House មានមូលដ្ឋាននៅទីក្រុង Mumbai លោក Amit Bhandari បានប្រាប់សារព័ត៌មានអន្តរជាតិថា ជំងឺ Covid-19 នឹងធ្វើឱ្យកំណើនសេដ្ឋកិច្ចយឺត ប្រសិនបើមិនមានការថយចុះជាក់ស្តែង នៅក្នុងសកម្មភាពសេដ្ឋកិច្ចរបស់បណ្តាប្រទេសអាស៊ីអាគ្នេយ៍។

ប្រទេសដែលពឹងផ្អែកលើវិស័យទេសចរណ៍ នឹងកាន់តែឈឺចាប់។ ការធ្លាក់ចុះសេដ្ឋកិច្ច ដែលបណ្តាលមកពី Covid-19 នឹងធ្វើឱ្យស្ថានភាពបំណុលរបស់ប្រទេសមួយចំនួនជាដៃគូគម្រោងរឹតតែគ្មាននិរន្តរភាព៕






