ចាប់បើកលក់ហើយគម្រោង ផាក លែន 50​M របស់ជីបម៉ុងលែន បញ្ចុះតម្លៃ ​8%!

ដោយ​រតនា​

​ភ្នំ​ពេញៈ​ ​ក្រុមហ៊ុន​ជីប​ ​ម៉ុង​ ​លែន​ ​នឹង​បើក​លក់​គម្រោង​ថ្មី​របស់​ខ្លួន​ផាក​ ​លែន​ ​50M​ ​ជា​ផ្លូវការ​ ​ចាប់ពី​ថ្ងៃទី១៨ដល់១៩​ ​ខែមករា​ ​ឆ្នាំ២០២០​ ​នៅ​ទីតាំង​គម្រោង​ផាក​ ​លែន​ ​50M​ ​ផ្ទាល់​ជាមួយនឹង​ការ​បញ្ចុះតម្លៃ​រហូតដល់8​%​ ​និង​រំលស់100​%​។​ ​

​ផាក​ ​លែន​ ​50M​ ​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវ50M​ ​(​ម៉ែត្រ​)​ ​កែង​ផ្លូវ30ម៉ែត្រ​ ​(​ផ្លូវ​ព្រៃស​)​ ​ក្នុង​តំបន់​ចំការ​ដូង​ ​ដែល​ជាទី​តាំង​មាន​សក្តា​នុ​ពល​សេដ្ឋកិច្ច​ ​និង​សន្ទុះ​អភិវឌ្ឍន៍​ខ្លាំង​។​ ​គម្រោង​នេះ​មាន​ចង្ងា​យត្រឹ​មតែ2នាទី​ប៉ុណ្ណោះ​ ​ពី​ផ្សារ​ចំការ​ដូង​ ​និង10នាទី​ពី​ផ្សារ​ ​AEON​ ​III​ ​និង​ផ្សារ​ទំនើប​ ​ជីប​ ​ម៉ុង​ ​60ម៉ែត្រ​,​ ​ឬ​ ​15នាទី​ពី​ផ្សារ​ទំនើប​ ​ជីប​ ​ម៉ុង​ ​271​។​ ​

​រឹតតែ​ពិសេស​ជាង​នេះ​ ​គម្រោង​ផា​ក​លែន50M​ ​ក៏​មាន​ផ្សារ​ទំនើប​ជីប​ ​ម៉ុង​ ​50M​ ​ផ្ទាល់​ក្នុង​គម្រោង​ ​ក៏ដូចជា​ក្លឹប​ហាត់ប្រាណ​ ​អាងហែលទឹក​ ​សួនកុមារ​ ​សួនច្បារ​បៃតង​ ​ដែល​កាន់តែ​ផ្តល់​ភាព​ងាយស្រួល​ ​ដល់​ការរស់នៅ​បែប​ស៊ីវិល័យ​ ​និង​ទាន់សម័យ​ជូន​អតិថិជន​។​

​គម្រោង​ ​ផាក​ ​លែន​ ​50M​ ​ជា​គម្រោង​ដ៏​ធំ​ ​ដែល​នឹង​សាងសង់​លំនៅ​ឋាន​ប្រណិត​ៗ​ជាច្រើន​ប្រភេទ​ដូចជា​ ​វី​ឡា​ឃ្វីន​ ​វី​ឡា​ឃ្វីន​ ​A​ ​វីឡា​ភ្លោះ​ ​វីឡា​កូនកាត់A​ ​វីឡា​កូនកាត់B​ ​និង​ ​លំនៅឋាន​ម៉ូត​ថ្មី៣ប្រភេទ​គឺ​៖​ ​វី​ឡា​ឃ្វីនB​ ​ហ្សប​ហៅស៍​ ​A​ ​I​ ​និង​ ​ហ្សប​ហៅស៍​ ​A​ ​II​។​ ​

លំនៅឋាន​នី​មួយ​ៗ​ត្រូវ​បាន​រចនា​ឡើង​ ​ដោយ​យកចិត្ត​ទុកដាក់​ ​បែប​សម័យថ្មី​ ​ជាមួយនឹង​គុណភាព​ល្អ​ ​សំណង់​រឹងមាំ​ ​ដែល​ស័ក្តិសម​បំផុត​សម្រាប់​ការរស់នៅ​ ​និង​ប្រកប​អាជីវ​កម្ម​ផ្សេង​ៗ​។​

​កុំ​ភ្លេច​មក​ចូលរួម​នៅ​ថ្ងៃ​កម្មវិធី​បើក​លក់​ផ្ទាល់​ ​ដើម្បី​ធ្វើការ​កក់​ផ្ទះ​ក្នុង​ក្តី​ស្រមៃ​របស់​លោកអ្នក​ ​ជាមួយនឹង​ទី​តាំង​ល្អ​ៗ​ឲ្យបាន​មុនគេ​ ​ក៏ដូចជា​ទទួល​បាន​ប្រូ​ម៉ូ​សិន​បញ្ចុះតម្លៃ​រហូតដល់8​%​ ​ដែល​មិនធ្លាប់​មាន​ពីមុន​មក​ ​ជាពិសេស​ក៏​មានការ​បង់​រំលស់100​%​ ​ផង​ដែរ​។​សម្រាប់​ព័ត៌មាន​បន្ថែម​ ​061​ ​997​ ​888​ ​|​https://www.facebook.com/chipmongland/ | www.chipmongland.com

តើ “អនិកម្មភាពខ្ពស់” មានន័យដូចម្តេច?

ដោយ​ ​Propertyarea.asia​

​ភ្នំ​ពេញៈ​ ​អ​និកម្មភាព​ខ្ពស់​ ​(​High​ ​employment​)​ ​មានន័យថា​ ​ការ​ផ្លាស់​ប្តូរ​ការងារ​របស់​កម្មករ​ ​ត្រូវ​បាន​ចាត់ទុកថា​ជា​និកម្មភាព​ជម្លោះ​ ​(​Frictional​ ​unemployment​)​។​ ​និកម្មភាព​ទាំងអស់​ ​លើស​ពី​និកម្មភាព​ជម្លោះ​ត្រូវ​ ​បាន​ចាត់ទុកថា​ជា​និកម្មភាព​អចេតនា​ ​(​Unintended​ ​unemployment​)​។​ ​

​ការកាត់បន្ថយ​និកម្មភាព​ប្រភេទ​នេះ​ ​គឺជា​ទិសដៅ​នៃ​គោលនយោបាយ​ម៉ាក្រូ​សេដ្ឋកិច្ច​។​

​ឧទាហរណ៍​ ​អង្គការ​អន្តរជាតិ​ ​ដែល​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ១៩៤៥​ ​ក្នុង​គោលបំណង​លើកកម្ពស់​ស្ថិរភាព​ហិរញ្ញវត្ថុ​អន្តរជាតិ​ ​និង​សហប្រតិបត្តិ​ការ​រូបិយវត្ថុ​ ​ជួយ​សម្របសម្រួល​ពាណិជ្ជកម្ម​អន្តរជាតិ​ ​និង​ជំរុញ​អ​និកម្មភាព​ ​កំណើន​សេដ្ឋ​កិ​ច្ច​ប្រក​ម​ដោយ​ចីរភាព​ ​និង​កាត់បន្ថយ​ភាព​ក្រីក្រ​ក្នុង​ពិភពលោក​៕​

ស្ដាប់សម្ដីស្ត្រីជើងខ្លាំងក្នុងវិស័យអចលនទ្រព្យនិយាយពីទីផ្សារខុនដូឆ្នាំ២០២០

ដោយៈ​ ​រ៉ា​ណេត​ ​

​ភ្នំ​ពេញៈ​ ​ស្ត្រី​ជើងខ្លាំង២រូប​ ​ដែល​សុទ្ធតែ​មាន​ជំនាញ​ ​និង​បទពិសោធន៍​ជាច្រើន​ឆ្នាំ​នៅក្នុង​វិស័យ​អចលនទ្រព្យ​បាន​អះអាង​ថា​ ​សម្រាប់​ទីផ្សារ​ខុន​ដូ​នៅក្នុង​ឆ្នាំ២០២០នេះ​ ​នៅតែ​បន្ត​ភាពល្អ​ប្រសើរ​ ​ទាំង​សកម្មភាព​អភិវឌ្ឍ​សាងសង់​ ​ក៏ដូចជា​ការ​លក់​ផង​ដែរ​។​ ​

​នៅក្នុង​ឆ្នាំ២០២០នេះ​ ​ទីផ្សារ​ខុន​ដូ​នៅ​កម្ពុជា​ ​នៅតែ​អាច​រក្សា​បាន​នូវ​ភាពល្អ​ប្រសើរ​ដដែល​ ​មិនថា​សកម្មភាព​នៃ​ការ​វិនិយោគ​ ​ការសាងសង់​ ​និង​ការទិញ​-​លក់​ ​នោះ​ទេ​ ​ខណៈ​ដែល​វិស័យ​មួយ​នេះ​ ​នៅក្នុង​ប្រទេស​ថៃ​ ​កំពុង​បង្ហាញ​សញ្ញា​ដាំ​ក្បាល​ចុះ​គួរ​ឱ្យ​ព្រួយបារម្ភ​។​ ​

​នាយិកា​ប្រចាំ​ប្រទេស​ក្រុមហ៊ុន​អន្តរ​ជា​តុ​ ​CBRE​ ​Cambodia​ ​លោកស្រី​ ​អាន​ ​សុធី​តា​បាន​លើកឡើង​ថា​ ​ទីផ្សារ​ខុន​ដូ​សម្រាប់​ឆ្នាំ២០២០នេះ​ ​នៅតែ​មានដំណើរ​ការ​ល្អ​ ​ដោយសារ​មានការ​ផ្គត់ផ្គង់​កាលពី​ចុងឆ្នាំ២០១៩កន្លងទៅ​ ​កើនឡើង​ប្រមាណ២០,០០០​ ​យូនី​ត​ ​។​ ​លោកស្រី​បាន​បន្ត​ថា​ ​ខុន​ដូ​ប្រភេទ​កម្រិន​សមរម្យ​ ​មានតម្លៃ​ចន្លោះ​ពី១២០០ដុល្លារ​ឡើង​ក្នុង​មួយ​ម៉ែត្រការ៉េ​ ​និង​ខុន​ដូ​ក​ម្រិ​ត​ធម្យម​មានតម្លៃ​ចាប់ពី១៥០០​ ​ទៅ២៥០០ដុល្លារ​ ​ក្នុង​មួយ​ម៉ែត្រការ៉េ​ ​បាន​ដាក់​លក់​កាលពី​ចុងឆ្នាំ២០១៩​ ​និង​នៅដើម​ឆ្នាំ២០២០នេះ​ច្រើន​ ​ដើម្បី​ឆ្លើយតបទៅនឹង​តម្រូវការ​នៅក្នុង​ស្រុក​។​ ​

​លោកស្រី​បាន​បញ្ជាក់​ថា​ ​“​បច្ចុប្បន្ន​នេះ​ពលរដ្ឋខ្មែរ​ភាគច្រើន​ ​បាន​ងាក​មក​ចាប់អារម្មណ៍​ខ្លាំង​លើ​វិស័យ​ខុន​ដូ​។​ ​ប៉ុន្តែ​សម្រាប់​ខុន​ដូ​កម្រិតខ្ពស់​ ​ដែល​មានតម្លៃ​ចាប់ពី៣​ ​០០០​ ​ដុល្លារ​ឡើង​ក្នុង​ម៉ែត្រការ៉េ​ ​គឺ​ជនបរទេស​ចាប់អារម្មណ៍​វិនិយោគ​ច្រើន​ ​ហើយ​ភាគច្រើន​ពិសេស​ជនជាតិ​ចិន​”​។​ ​លោកស្រី​បន្ថែម​ថា​ ​“​និយាយ​ជា​រួម​ទីផ្សារ​ខុន​ដូ​នៅក្នុង​ប្រទេស​កម្ពុជា​ ​នៅតែ​មាន​ទីផ្សារ​ល្អ​ប្រសើរ​ ​តាមរយៈ​កិច្ចសហការ​ជាមួយ​ធនាគារ​ក្នុង​ផ្តល់​ប្រាក់កម្ចី​ ​ដែល​ផ្តល់​ភាព​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​នៅក្នុង​ស្រុក​”​។​ ​

​ស្រដៀងគ្នា​នេះ​ ​លោកស្រី​ ​Grace​ ​Rachny​ ​Fong​ ​នាយិកា​រក្រុ​មហ៊ុន​អចលនទ្រព្យ​អន្តរជាតិCentury21​ ​Cambodia​ ​យល់ស្រប​ទៅ​នឹង​ការ​លើកឡើង​ខាងលើ​ ​ប៉ុន្តែ​សម្រាប់​អ្នក​វិនិយោគ​ ​ក៏​គួរតែ​ផ្លាស់ប្ដូរ​នូវ​យុទ្ធសាស្ត្រ​ថ្មី​ ​ដើម្បី​ជំរុញ​ដល់​ការ​លក់​ឱ្យ​មាន​កំណើន​ខ្ពស់​។​ ​លោកស្រី​បាន​បញ្ជាក់​ថា​ ​នៅក្នុង​ឆ្នាំ២០២០នេះ​ ​ភាគច្រើន​អភិវឌ្ឍន៍​បាន​រៀបចំ​ ​និង​ប្ដូរ​យុទ្ធសាស្ត្រ​ក្នុង​ការ​លក់​របស់​ខ្លួន​ ​ដើម្បី​បង្កើន​ទំនុកចិត្ត​ដល់​អតិថិជន​របស់​ខ្លួន​ដោយ​ការធានា​ ​ក្នុង​ការ​ធ្វើ​ឱ្យ​អតិថិជន​ទទួល​បាន​ចំណេញ​ ​បន្ទាប់ពី​ការទិញ​យ៉ាងតិច​រយៈពេល៣ឆ្នាំ​ក្នុង​អត្រា​ចន្លោះ​ពី៦​-​៨​ ​ភាគរយ​។​ ​

​លោកស្រី​បាន​បន្ត​ទៀត​ថា​ ​“​ការ​ផ្តល់​នូវ​ទំនុកចិត្ត​ដល់​អតិថិជន​ ​ជា​រឿង​មួយ​សំខាន់​បំផុត​ ​ក្នុង​ការជំរុញ​កំណើន​លក់​ប្រកបដោយ​ភាព​ជោគជ័យ​ ​ជាពិសេស​ការធានា​អតិថិជន​អាច​ទទួល​បាន​ភាគ​ចំណេញ​ដោយ​ការ​ជួយ​ត្រឡប់មកវិញ​ ​ហើយ​យុទ្ធសាស្ត្រ​នេះ​អាច​ដំណើរការ​បាន​ល្អ​ ​ក៏​អាស្រ័យ​ជាមួយ​ក្រុមហ៊ុន​ភ្នាក់ងារ​ ​ដែល​មាន​ជំនាញ​ក្នុង​ការ​រក​ភ្ញៀវ​ធ្វើជា​ជំនួយ​”​។​ ​
​លោកស្រីGraceបាន​បន្ត​ទៀត​ថា​ ​អ្នក​អភិវឌ្ឍន៍​គប្បី​ពិគ្រោះ​យោបល់​ជាមួយ​ក្រុមហ៊ុន​ភ្នាក់ងារ​ជំនាញ​លក់​ ​ទៅលើ​ការរៀបចំ​រចនា​ ​ការ​ចាត់​ចំណាត់ថ្នាក់​យូនី​ត​នី​មួយ​ៗ​ ​និង​ការ​ចាប់​យក​អតិថិជន​គោលដៅ​របស់​ខ្លួន​ ​ទើប​មិន​ប្រឈម​នឹង​ហានិភ័យ​៕​

ចំណេះដឹង! តើអ្វីជាគោលនយោបាយបើកចំហរសេដ្ឋកិច្ចកម្ពុជា?

ដោយ​វុត្ថា

ភ្នំ​ពេញៈ​ ​កម្ពុជា​គឺជា​ប្រទេស​បើក​ចំហរ​សេដ្ឋកិច្ច​ ​ជាមួយ​គោលនយោបាយ​គាំពារ​វិនិយោគ​ល្អ​ជាងគេ​នៅក្នុង​តំបន់​ ​ក្នុង​ការ​ស្វាគមន៍​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​។​

​រាជរដ្ឋាភិបាល​កម្ពុជា​ ​បាន​ដាក់ចេញ​នូវ​គោលនយោបាយ​ ​បើក​ចំហរ​ជើងមេឃ​នេះ​ ​គឺ​គ្មាន​ការរើសអើង​ ​ចំពោះ​ការ​ធ្វើ​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​ ​ហើយ​វិនិយោគិន​បរទេស​មាន​សិទ្ធិ​កាន់កាប់​ភាគហ៊ុន​បាន​ទាំងស្រុង​ ​និង​អាច​ប្រមូលប្រាក់​ចំណេញ​ពី​ការ​ធ្វើ​ធុរកិច្ច​បាន១០០ភាគរយ​។​

​អ្នក​វិនិយោគ​មិន​ត្រឹមតែ​អាច​គ្រប់គ្រង​ជំនួញ​ ​និង​ប្រមូលប្រាក់​ចំណេញ​បាន១០០ភាគរយ​ប៉ុណ្ណោះទេ​ ​ប៉ុន្តែ​ពួកគេ​ថែមទាំង​អាច​រីករាយ​ ​ជាមួយ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ផ្សេង​ៗ​ផ្តល់​ដោយ​សហគមន៍​អឺរ៉ុប​ ​សហរដ្ឋអាមេរិក​ ​ប្រទេស​ចិន​ ​និង​ប្រទេស​ផ្សេង​ៗ​ទៀត​។​

​ដោយឡែក​ ​នៅ​ក្រោម​ក្របខណ្ឌ​ភាពជា​ដៃគូ​សេដ្ឋកិច្ច​ទូលាយ​កម្រិត​តំបន់​ ​(​RCEP​)​រដ្ឋាភិបាល​កម្ពុជា​ ​បាន​ដាក់ចេញ​នូវ​គោលនយោបាយ​បើក​ចំហរ​ជើងមេឃ​ ​ដើម្បី​ស្វាគមន៍​រាល់​ការហោះហើរ​ដោយ​ត្រង់​ ​ពី​បណ្តា​ប្រទេស​នានា​នា​នៅ​ទូទាំង​ពិភពលោក​សំដៅ​ទាក់ទាញ​វិនិយោគិន​ ​និង​ភ្ញៀវ​ទេសចរណ៍​ ​ចូល​មក​ទស្សនា​ប្រទេស​កម្ពុជា​ឲ្យបាន​កាន់តែ​ច្រើន​៕​

ខេត្តព្រះសីហនុពង្រឹងកិច្ចអភិវឌ្ឍន៍តាមរយៈផែនការវិនិយោគរបស់ខ្លួន

ដោយៈ​ ​រ៉ា​ណេត​ ​

​ព្រះ​សី​ហនុៈ​ ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​បាន​បើក​កិច្ចប្រជុំ​ ​ស្តី​ពី​ការពិនិត្យ​លើ​សេចក្តី​ព្រាង​កម្មវិធី​វិនិយោគ៣ឆ្នាំ​រំកិល​ ​២០២០​-​២០២២​ ​ដើម្បី​ត្រួតពិនិត្យ​សេចក្តី​ព្រាង​កម្ម​វិ​និ​វិនិយោគ៣ឆ្នាំ​រំកិល​របស់​រដ្ឋបាល​ ​ខេត្ត​ព្រះសីហនុ​ជំពូក​ទី១​ ​ស្តី​ពី​ស្ថានភាព​ទិន្នន័យ​សេដ្ឋកិច្ច​ ​សង្គមកិច្ច​ប្រចាំឆ្នាំ២០២០​។​ ​

​លោក​ ​ឈិន​ ​សេង​ងួន​ ​អភិបាលរងខេត្ត​ព្រះសីហនុ​បាន​មានប្រសាសន៍​ថា​ ​ខេត្ត​ព្រះសីហនុ​ ​មាន​វិស័យ​សេដ្ឋកិច្ច​ ​សំ​ខាន់​ៗ​ដូចជា​ ​វិស័យ​ឧស្សាហកម្ម​ ​ពាណិជ្ជកម្ម​ ​ទេសចរណ៍​ ​និង​វិស័យ​កសិកម្ម​ ​ដែល​ជា​ ​គោលដៅ​សម្រាប់​ធ្វើការ​អភិវឌ្ឍ​ខឿន​សេដ្ឋកិច្ច​របស់​រាជរដ្ឋាភិបាល​ ​សក្តា​នុ​ពល​រួមមាន​ ​កំពង់ផែ​សមុទ្រ​ទឹកជ្រៅ​ ​តំបន់​សេដ្ឋកិច្ច​ពិសេស​ ​ព្រលា​នយន្តហោះ​អន្តរ​ ​ជាតិ​ខេត្ត​ព្រះសីហនុ​ ​និង​ឆ្នេរសមុទ្រ​ដ៏​ស្រស់​ស្អាត​ប្រភព​សត្តា​នុ​ពល​ ​និង​ធនធាន​ធម្មជាតិ​ទាំងអស់​នេះ​បាន​ ​និង​កំពុង​ជំរុញ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ខេត្ត​ព្រះសីហនុ​ ​មានការ​រីកចម្រើន​ជាលំដាប់​ ​បច្ចុប្បន្ន​បាន​និង​កំពុង​អនុវត្តន៍​ ​ឱ្យ​បានសម្រេច​នូវ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ ​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​កំណើន​សេដ្ឋកិច្ច​របស់​ខេត្ត​។​ ​

​លោក​បន្ត​ថា​ ​“​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ​ប្រែក្លាយ​អភិវឌ្ឍន៍​ខេត្ត​ព្រះសីហនុ​ទៅជា​ ​“​តំបន់​សេដ្ឋកិច្ច​គំរូ​ពហុ​បំណង​”​ ​ធ្វើ​ឱ្យ​ ​ខេត្ត​ទេសចរណ៍​មាត់សមុទ្រ​មានឈ្មោះ​ ​ជាទី​ក្រុង​ឧស្សាហកម្ម​បៃតង​អាស៊ាន​យ៉ាង​យូរ​ ​នៅ​ត្រឹម​ឆ្នាំ២០២៥​”​។​លោក​បន្ថែម​ថា​ ​“​អនាគត​ខេត្ត​ព្រះសីហនុ​ ​ដែល​បច្ចុប្បន្ន​ជា​ ​“​តារា​រះ​នា​ទិស​នារ​តី​”​ ​និង​ក្លាយទៅជា​គោលដៅ​គន្លឹះ​ជាក់ស្តែង៤​ ​សម្រាប់​ជំរុញ​ការអនុវត្ត​គោលនយោបាយ​ ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ២០១៥​-​២០២៥​”​។​ ​

​ខេត្ត​ព្រះសីហនុ​ជា​ប៉ូល​សេដ្ឋកិច្ច​សំខាន់​ ​និង​ជា​មជ្ឈមណ្ឌល​ឧស្សាហកម្ម​ ​ពាណិជ្ជកម្ម​ ​និង​ទេសចរណ៍​រីកចម្រើន​ប្រកបដោយ​ចីរភាព​ ​និង​មាន​តុល្យភាព​ខាង​បរិស្ថាន​។​ ​ពង្រឹង​ការអនុវត្ត​គោលនយោបាយ​យុទ្ធសាស្ត្រ​ ​ចតុ​កោ​ណ​តំណា​ក់​កាល​ទី៤​ ​របស់​រាជរដ្ឋាភិបាល​ ​នីតិកាល​ទី៦​ ​នៃ​រដ្ឋសភា​ជា​ស្នូល​យុទ្ធសាស្ត្រ​ចតុកោណ​ ​ដើម្បី​បង្កើន​ល្បឿន​ ​នៃ​ការកែទម្រង់​អភិបាលកិច្ច​ល្អ​៕​

កោះចំនួន ៣ នៅខេត្តព្រះសីហនុ កំពុងមានសក្តានុពលសម្រាប់ការវិនិយោគ

ដោយ​វុត្ថា
​ភ្នំពេញ​៖​ ​នៅក្នុង​ប្រទេស​កម្ពុជា​មាន​កោះ​ជាច្រើន​នៅ​តាម​ខេត្ត​ដែល​នៅ​ជាប់​ឆ្នេរសមុទ្រ​ ​ដែល​ធ្វើ​ឱ្យ​វិនិយោគិន​ជាតិ​ ​និង​អន្តរជាតិ​ ​ចាប់អារម្មណ៍​ក្នុង​ការ​ធ្វើការ​វិនិយោគ​ជា​លក្ខណៈ​រមណីយដ្ឋាន​បែប​លំហែកាយ​ ​សាង​សង​សណ្ឋាគារ​ ​និង​ ​កន្លែង​ស្នាក់នៅ​ជាដើម​ ​ដើម្បី​ឆ្លើយតបទៅនឹង​ការ​កើនឡើង​នៃ​ភ្ញៀវ​ទេសចរ​ជាតិ​ ​និង​អន្តរជាតិ​។​ ​

ខាងក្រោម​នេះ​ ​គឺជា​តំបន់​កោះ​ស្អា​តៗ​ទាំង៣​ ​នៅក្នុង​ខេត្ត​ព្រះសីហនុ​ ​ក្នុងចំណោម​កោះ​ចំនួន​ ​៣២​ ​ដែល​ពោរពេញ​ទៅ​ដោយសក្តានុពល​ ​ក្នុង​ការ​វិនិយោគ​ដោយ​ក្នុង​នោះ​មាន​ដូចជា​៖​
​ ​
​ ​១​.​ ​កោះ​រ៉ុង​

​កោះ​រ៉ុង​គឺជា​កោះ​ធម្មជាតិ​ដែល​មានផ្ទៃ​ ​ទឹកសមុទ្រ​ពណ៌ខៀវ​ស្រងាត់​ ​និង​មាន​ ​ទេសភាព​ស្អាត​ប្លែក​បើ​ប្រៀបធៀប​នឹង​កោះ​មួយចំនួន​នៅ​លើទឹក​ដី​ខេត្ត​ ​ព្រះសីហនុ​ ​ហើយក៏​ត្រូវ​បាន​គេ​ចាត់ទុកថា​ជា​កោះ​ ​ដែល​មាន​ឆ្នេរខ្សាច់​ស្រស់​ស្អាត​ ​បំផុត​នៅ​ ​ឥណ្ឌូចិន​ថែមទៀត​ផង​។​
​ ​
​កោះ​រ៉ុង​ជា​កោះ​មួយ​ ​ដែល​មាន​ចម្ងាយ​ប្រមាណ២៥គីឡូម៉ែត្រ​ពី​ឆ្នេរសមុទ្រ​ក្រុង​ព្រះសីហនុ​មាន​ ​ផ្ទៃដី​គ្រប​ដណ្តប់៧៨​ ​គីឡូម៉ែត្រ​ការ៉េ​មាន​បណ្តោយ​ប្រវែង១៥គីឡូម៉ែត្រ​ ​ទទឹង​ប្រមាណ៩គីឡូម៉ែត្រ​និង​មាន​ចំណុច​ខ្ពស់​បំផុត​របស់​កោះ​មាន​ ​កម្ពស់១៣៣ម៉ែត្រ​ពី​នីវ៉ូទឹក​សមុទ្រ​។​ ​ប្រសិនបើ​យើង​ធ្វើដំណើរ​ពី​កំពង់ផែ​ទៅកាន់​កោះ​រ៉ុង​ដោយ​កាណូត​ល្បឿន​លឿន​នោះ​ ​គឺ​ត្រូវ​ប្រើ​ពេល​ប្រមាណ​ជា៣០នាទី​នឹង​បាន​ទៅដល់​កោះរុង​ជាមិនខាន​។​ ​

​បើ​ប្រៀបធៀប​ជាមួយនឹង​កោះ​មួយចំនួន​ ​កោះ​រ៉ុង​ហាក់​មានប្រៀប​ច្រើនជាង​គេ​ ​ក្នុង​ការ​ទាក់ទាញ​អ្នក​វិនិយោគ​ ​ព្រោះ​កោះ​នេះ​ ​មាន​គមនាគមន៍​ផ្លូវទឹក​ដែល​នាំ​យក​អ្នកដំណើរ​ ​និង​អ្នកទេសចរ​ជា​រៀងរាល់ថ្ងៃ​រួច​ទៅ​ហើយ​។​ ​ការ​វិនិយោគ​នៅ​លើ​កោះ​នេះ​ ​ភាគច្រើន​ ​ជា​ប្រទេស​គម្រោង​ ​សណ្ឋាគារ​ ​រមណីយដ្ឋាន​ ​និង​ភោជនីយដ្ឋាន​។​
​ ​
​ ​
​ ​២​.​ ​កោះ​រ៉ុង​សន្លឹម​

​នៅ​ក្បែរ​កោះ​រ៉ុង​ ​ក៏​មាន​កោះ​ដែល​មាន​ខ្សាច់​សក្បុស​ ​នៅ​ក្បែរ​នោះ​ ​គឺ​កោះ​រ៉ុង​សន្លឹម​។​ ​លក្ខណៈ​ពិសេស​របស់​កោះ​រ៉ុង​សន្លឹម​ ​គឺជា​ឆ្នេរ​ខ្សាច់​ស​ដ៏​វែង​ ​ជាមួយនឹង​ទឹកសមុទ្រ​ពណ៌ខៀវ​ស្រងាត់​ ​បង្កើត​ជាទេ​សភាព​ដ៏​កម្រ​មួយ​ ​ដែល​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ ​បាន​យ៉ាងច្រើន​សន្ធឹក​សន្ធាប់​ ​ឱ្យទៅ​លម្ហែ​កាយ​នៅ​ទីនោះ​។​ ​មិន​ខុសពី​កោះ​រ៉ុ​ងនោះ​ទេ​ ​កោះ​រ៉ុង​សន្លឹម​ ​គឺជា​តំបន់​ដែល​កំពុង​មាន​សក្តា​នុ​ពល​មួយ​ ​សម្រាប់​គម្រោង​វិនិយោគ​ភោជនីយដ្ឋាន​ ​សណ្ឋាគារ​ ​ឬ​ផ្ទះ​លម្ហែ​កាយ​ជាដើម​។​
​ ​

​៣.​ ​កោះពស់​

​មិន​ខុសពី​កោះ​ខាងលើ​នោះ​ឡើយ​ ​កោះពស់​ក៏​ជា​កោះ​ដែល​មាន​សក្តា​នុ​ពល​ ​ក្នុង​ការ​អភិវឌ្ឍ​ ​ពាក់ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍​ ​និង​សំណង់​ដែរ​។​ ​ប៉ុន្តែ​វា​ពិសេស​ជាង​កោះ​ដទៃ​ត្រង់ថា​ ​វា​នៅ​ជិតបង្កើយ​ទៅ​នឹង​ដីគោក​ ​ពោល​គឺ​មិនដល់១គីឡូម៉ែត្រ​ផង​ ​ឆ្លង​ទៅ​កោះ​នេះ​។​ ​

​លើស​ពីនេះ​ទៅទៀត​ ​កោះ​នេះ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ដូចជា​៖​ ​ស្ពាន​ ​ផ្លូវថ្នល់​ ​និង​គម្រោង​ផ្ទះ​លម្ហែ​កាយ​មួយចំនួន​ ​អភិវឌ្ឍន៍​រួចរាល់​យ៉ាង​ស្អាត​ហើយ​។​ ​ប៉ុន្តែ​ដោយសារតែ​មាន​បញ្ហា​មួយចំនួន​ ​ធ្វើ​ឱ្យ​កោះ​នេះ​អាក់ខាន​ ​មិន​មានការ​អភិវឌ្ឍ​អ្វី​បន្ថែម​ទៀត​ ​ហើយ​សូម្បីតែ​អ្នកទេសចរ​ក៏​មិន​អាច​ចូល​ទៅ​បាន​។​ ​នា​ពេល​អនាគត​ ​ប្រសិនជា​មាន​អ្នក​ដែល​អាចយ​ក​តំបន់​នេះ​ ​មក​ដំណើរការ​អភិវឌ្ឍន៍​បន្ថែម​ ​វា​ពិតជា​ក្លាយជា​ទី​ទាក់ទាញ​មួយ​ ​ដ៏​ល្បី​ជាក់ជា​មិនខាន​។​



​ស្រប​ជាមួយនឹង​កំណើន​ប្រាក់ចំណូល​របស់​ប្រជាជន​ខ្មែរ​ ​ក៏ដូចជា​ការ​រីកចម្រើន​នៃ​ច្ចេ​ក​វិទ្យា​ ​ដូចជា​បណ្តាញ​សង្គម​ជាដើម​ ​គម្រោង​អភិវឌ្ឍន៍​កោះ​ទាំងនេះ​អាច​នឹង​ទាក់ទាញ​ការចាប់អារម្មណ៍​ពី​អ្នក​ភ្ញៀវ​ទេសចរ​យ៉ាងច្រើន​ ​ប្រសិនជា​មានការ​វិនិយោគ​ ​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​ ​ណាមួយ​កើតមាន​។​ ​កត្តា​នេះ​ ​ក៏​នឹង​រួមចំណែក​ ​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​កម្ពុជា​ ​កាន់តែ​មានការ​លូតលាស់​ឡើង​ ​មួយ​កម្រិត​ទៀត​៕​

រយៈពេល ៥ ឆ្នាំកម្ពុជាទាក់ទាញលំហូរទុនវិនិយោគជិត ៣៣ ពាន់លានដុល្លារលើវិស័យសំណង់

ដោយ​ ​ប៊ី​

​ភ្នំពេញ​៖​ ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​បាន​បង្ហាញ​ពី​សក្តា​នុ​ពល​ក្នុងរយៈ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ​ខណៈ​ទំហំ​ទុន​វិនិយោគ​វិស័យ​សំណង់​ទូទាំង​ប្រទេស​មានតម្លៃ​សរុប​ជិត​ ​៣៣​ ​ពាន់​លាន​ដុល្លារ​អាមេរិក​រយៈពេល​ ​៥​ ​ចុងក្រោយ​នេះ​។​

​ទិន្នន័យ​របស់ក្រ​សួង​រៀបចំ​ដែនដី​ ​នគរូបនីយកម្ម​ ​និង​សំណង់​បង្ហាញថា​ ​ទំហំ​ទុន​វិនិយោគ​វិស័យ​សំណង់​ទូទាំង​ប្រទេស​នៅក្នុង​រយៈពេល​ ​៥​ ​ចុងក្រោយ​នេះ​ ​មានតម្លៃ​សរុប​ប្រមាណ​ជាង​ ​៣២.៩​ ​ពាន់​លាន​ដុល្លារ​អាមេរិក​ ​គិត​ចាប់​ឆ្នាំ​ ​២០១៥​ ​រហូតដល់​ឆ្នាំ​ ​២០១៩​។​ ​

​ទិន្នន័យ​នេះ​ត្រូវ​បាន​ដកស្រង់​ចេញពី​ទិន្នន័យ​របស់ក្រ​សួង​រៀបចំ​ដែនដី​ ​នគរូបនីយកម្ម​ ​និង​សំណង់​គិត​ចាប់​ឆ្នាំ​ ​២០១៥​ ​រហូតដល់​ឆ្នាំ​ ​២០១៩​។​

​ប្រទេស​កម្ពុជា​ក្នុងចំណោម​ប្រទេស​ចំនួន៣​ ​ផ្សេងទៀត​រួមមាន​ប្រទេស​ហ្វីលីពីន​ ​វៀតណាម​ ​និង​ឥណ្ឌូ​នេ​ស៊ី​ ​គឺជា​ប្រទេស​ដែល​ល្អ​បំផុត​ ​សម្រាប់​វិនិយោគិន​ក្នុង​ចាប់​យក​ឪ​កាស​វិនិយោគ​ ​លើ​វិស័យ​អចលនទ្រព្យ​ក្នុង​ឆ្នាំ២០២០នេះ​។​ ​នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សព្វផ្សាយ​របស់​គេហទំព័រ​ ​inviestasian.com​ ​កាលពី​ពេល​ថ្មី​ៗ​នេះ​។​ ​

​គេហទំព័រ​នេះ​បាន​អះអាង​ថា​ ​វឌ្ឍនភាព​របស់​ប្រទេស​កម្ពុជា​ ​ចាប់តាំងពី​ទសវត្សរ៍​ឆ្នាំ១៩៨០​ ​មិន​មាន​អ្វី​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ទេ​។​ ​នា​ពេល​បច្ចុប្បន្ន​នេះ​ ​ប្រទេស​កម្ពុជា​ជា​ប្រទេស​មួយ​ដែល​មាន​សេដ្ឋកិច្ច​រីកចម្រើន​ ​លឿន​បំផុត​នៅ​តំបន់​អាស៊ី​ ​និង​ជាទី​ផ្សារ​មួយ​ដែល​មាន​ភាព​ងាយស្រួល​ ​សម្រាប់​ធ្វើ​អាជីវ​កម្ម​ផ្សេង​ៗ​ ​ជាពិសេស​ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​។​

​រដ្ឋាភិបាល​ប្រទេស​កម្ពុជា​ ​បាន​ផ្តល់​ឱ្យ​ជនបរទេស​ធ្វើអាជីវកម្ម​ ​ដោយ​កាន់កាប់​ភាគហ៊ុន១០០​%​។​ ​ការទិញ​អចលនទ្រព្យ​នៅ​ប្រទេស​កម្ពុជា​ ​គឺជា​ជំរើស​វិនិយោគ​ដ៏​រឹងមាំ​មួយ​ផង​ដែរ​ ​ជាពិសេស​ជាមួយនឹង​តម្លៃ​អចលនទ្រព្យ​នៅ​ទីក្រុង​ភ្នំពេញ​ ​ដែល​ទិញ​អាច​ទិញ​អចលនទ្រព្យ​បាន​ ​ក្នុង​តម្លៃ​ប្រហែល១០០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​។​ ​នោះ​ជា​ការអនុវត្ត​ជាក់ស្តែង​ដែល​មិនធ្លាប់​ ​មាននៅ​ក្នុង​ទីក្រុង​ ​ដែល​មាន​អត្រា​នគរូបនីយកម្ម​ ​ខ្ពស់​ដូច​ប្រទេស​កម្ពុជា​។​

​កំណើន​នៃ​ការនាំចេញ​ ​និង​សកម្មភាព​សំណង់​រឹងមាំ​បាន​និង​កំពុង​ជំរុញ​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​នៅតែ​រឹងមាំ​នៅ​ឆ្នាំ​ ​២០១៩​ ​កន្លងមក​នេះ​ ​ជាមួយនឹង​កំណើន​ផលិតផល​ក្នុង​ស្រុក​សរុប​ ​(​GDP​)​ ​ដែល​រំពឹង​ថា​នឹង​មាន​ជុំវិញ​ ​៧​ ​ភាគរយ​។​ ​នេះ​បើ​យោង​តាម​របាយការណ៍​ចុងក្រោយ​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ចុះ​កាល​ពេល​ថ្មី​ៗ​នេះ​៕​

ក្រុមប្រឹក្សាជាតិភស្តុភារកម្មផ្តោតលើការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ឋសំខាន់ៗដើម្បីជម្រុញកំនើនសេដ្ឋកិច្ច

ដោយៈ​ ​រ៉ា​ណេត​ ​
​ភ្នំ​ពេញៈ​ ​ក្រុមប្រឹក្សា​ជាតិ​ ​និង​ភស្តុភារ​កម្ម​ ​បាន​ចាប់ផ្តើម​បើក​កិច្ចប្រជុំ​លើកទីមួយ​ ​ដើម្បី​ពិនិត្យ​ ​និង​អនុម័ត​សេចក្តី​ព្រាង​ផែនការមេ​អន្តរកាល​ស្ដីពី​ ​ការ​តភ្ជាប់​ប្រព័ន្ធ​ដឹកជញ្ជូន​ពហុ​មធ្យោបាយ​ ​និង​ភស្តុ​ភា​កម្ម​ឱ្យ​កាន់តែ​ប្រសើរ​។​ ​

​ជា​ការជំរុញ​ដល់​ដំណើរការ​ ​នៃ​ការ​តភ្ជាប់​ប្រព័ន្ធ​ដឹកជញ្ជូន​មធ្យោបាយ​កាលពី​ថ្ងៃ៦​ ​ខែមករា​ ​ឆ្នាំ២០២០​ ​លោក​ទេស​រដ្ឋមន្ត្រី​ ​ស៊ុន​ ​ចាន់​ថុល​ ​រដ្ឋមន្ត្រី​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​ ​បាន​ចូលរួម​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ជាតិ​ភស្តុភារ​កម្ម​លើកទីមួយ​ ​ដើម្បី​ពិនិត្យ​ ​និង​អនុម័ត​សេចក្តី​ព្រាង​ផែនការមេ​អន្តរកាល​ ​ស្ដីពី​ការ​តភ្ជាប់​ប្រព័ន្ធ​ដឹកជញ្ជូន​ពហុ​មធ្យោបាយ​ ​និង​ភស្តុភារ​កម្ម​ក្រោម​។​ ​

​កិច្ចប្រជុំ​នេះ​ ​មានការ​ចូលរួម​ពីសំណាក់​មន្ត្រី​កំ​ពូល​ៗ​ជាច្រើន​នាក់​ ​ដូចជា​លោក​អគ្គបណ្ឌិត​សភា​ចារ្យ​អូន​ ​ព័ន្ធ​មុនី​រ័ត្ន​ ​ឧបនាយក​ ​រដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​ភស្តុភារ​កម្ម​ ​លោក​សុក​ ​ស៊ី​ផាន់​ណា​ ​ទីប្រឹក្សា​ជាន់ខ្ពស់​របស់​រាជរដ្ឋាភិបាល​ ​លោ​ក​ឈាង​ ​ពេជ្រ​ ​អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​ភស្តុភារ​កម្ម​ ​និង​ជា​ប្រធាន​លេខាធិការ​ដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​ភស្តុភារ​កម្ម​ ​និង​ភាគី​ពាក់ព័ន្ធ​ផង​ដែរ​។​

​លោក​ទេស​រដ្ឋមន្ត្រី​ ​បាន​លើកឡើង​អំពី​សារសំខាន់​ ​នៃ​ការបង្កើត​ផែនការមេ​ថ្នាក់​ជាតិ​ភស្តុភារ​កម្ម​ ​យោង​តាម​តម្រូវការ​ចាំបាច់​ ​នៃ​ផែនការ​យុទ្ធ​សាស្រ្ត​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ២០១៩​-​២០២៣​ ​និង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ឆ្នាំ២០១៥​-​២០២៥​ ​ក្នុង​គោលបំណង​បញ្ចុះតម្លៃ​ដឹកជញ្ជូន​ ​និង​ភស្តុភារ​កម្ម​ ​ប្រកបដោយ​ភាព​ប្រកួតប្រជែង​ ​ដែល​អាច​ឱ្យ​កម្ពុជា​ ​មានឱកាស​ទាក់ទាញ​វិនិយោគ​ ​បង្កើត​ការងារ​ធ្វើ​ជូន​ប្រជាពលរដ្ឋ​។​

​លោក​ស៊ុន​ ​ចាន់​ថុល​ ​ក៏បាន​ជម្រាប​ជូន​អង្គប្រជុំ​អំពី​គម្រោង​មួយចំនួន​ ​ដែល​បាន​ ​និង​កំពុង​អនុវត្ត​បន្ត​នៅក្នុង​ក្របខ័ណ្ឌ​កម្ពុជា​ ​និង​ក្របខ័ណ្ឌ​អាស៊ាន​ ​រួមមាន​ ​គម្រោង​អាស៊ាន​ហាយ​វ៉េ​លេខ១​ ​គម្រោង​បណ្តាញ​ផ្លូវ​ដែល​ជា​ច្រក​សេដ្ឋកិច្ច​សំ​ខាន់​ៗ​ ​និង​ការ​តភ្ជាប់​ទៅកាន់​តំបន់​ប៉ូល​សេដ្ឋកិច្ច​ ​ដូចជា​ ​ប៉ោយប៉ែត​ ​និង​បាវិត​ជាដើម​។​

​ក្រុង​ប៉ោយប៉ែត​ ​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន២​ ​ដែល​កំពុង​ដំណើរការ​ ​និង​មួយទៀត​ស្ថិត​ក្នុង​ដំណាក់កាល​សាងសង់​។​ ​យានយន្ត​ថៃ​អាច​ចូល​ ​និង​ធ្វើ​ចរាចរណ៍​ក្នុង​រវាង២០គីឡូម៉ែត្រ​ ​គិត​ចាប់ពី​ខ្សែបន្ទាត់​ព្រំដែន​ ​និង​យានយន្ត១៥០គ្រឿង​ ​(​ ​ត្រូវ​បាន​ចុះបញ្ជី​ការ​ពិសេស​)​ ​ត្រូវ​បាន​អនុញ្ញាត​ឱ្យធ្វើ​ចរាចរណ៍​ហួសពី​ចំណុច២០គីឡូម៉ែត្រ​ ​គិត​ចាប់ពី​ខ្សែបន្ទាត់​ព្រំដែន​ក្នុង​ប្រទេស​ទាំងពីរ​ ​តាម​កិច្ច​ព្រមព្រៀង​ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​ ​(​CETA​)​ ​នៃ​ក្របខណ្ឌ​មហា​អនុ​តំបន់​ទន្លេមេគង្គ​។​ ​

​តំបន់​ព្រំដែន​មានការ​កកស្ទះ​ ​ដោយសារ​រថយន្តក្រុង​ទេសចរណ៍​រថយន្ត​ធុន​ធ្ងន់​ ​និង​រថយន្ត​ផ្ទាល់ខ្លួន​។​ ​ទំហំ​ចរាចរណ៍​របស់​រថយន្ត​ដឹកទំនិញ​ធុន​ធ្ងន់​ ​នៅ​ច្រក​ប៉ោយប៉ែត​គឺ​មាន​ប្រមាណ​ ​២០០គ្រឿង​ ​ក្នុង​មួយថ្ងៃ​។​

​ដោយឡែក​ច្រកព្រំដែន​បាវិត​ ​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន៩​។​ ​យានយន្ត​វៀតណាម​អាច​ចូល​កម្ពុជា​និង​ធ្វើ​ចរាចរណ៍​ក្នុង​រវាង២០គ.ម​ ​គិត​ចាប់ពី​ខ្សែបន្ទាត់​ព្រំដែន​ ​និង​យានយន្ត៥០០គ្រឿង​ ​(​ត្រូវ​បាន​ចុះបញ្ជី​ការ​ពិសេស​)​ ​ត្រូវ​បាន​អនុញ្ញាត​ឱ្យធ្វើ​ចរាចរណ៍​ហួសពី​ចំណុច​ ​២០គ.ម​ ​គិត​ចាប់ពី​ខ្សែបន្ទាត់​ព្រំដែន​ក្នុង​ប្រទេស​នេះ​ ​តាម​កិច្ច​ព្រមព្រៀង​ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​ ​(​CBTA​)​ ​ក្នុង​ក្របខណ្ឌ​មហា​អនុ​តំបន់​ទន្លេមេគង្គ​។​

​ទំហំ​ចរាចរណ៍​រថយន្ត​ដឹកទំនិញ​ធុន​ធ្ងន់​នៅ​ច្រក​បាវិត​ ​គឺ​មាន​យានយន្ត​ប្រមាណ២០០គ្រឿងក្នុង​មួយថ្ងៃ​ ​ដូចគ្នានឹង​ច្រក​ប៉ោយប៉ែត​ដែរ​៕​

ធនាគារកូរ៉េធំមួយប្រកាសនៅក្នុងផ្សារហ៊ុនរបស់ខ្លួនពីការទិញមីក្រូហិរញ្ញវត្ថុប្រាសាក់តម្លៃ ៦០៣ លានដុល្លារអាមេរិក

ដោយ​ ​ប៊ី​
​ភ្នំពេញ​៖​ ​ធនាគារ​ ​LOLC​ ​Holdings​ ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ស្រីលង្កា​កាលពី​ម្សិលមិញ​បាន​ប្រកាស​នូវ​ការ​ទន្ទឹងរង់ចាំ​យ៉ាង​ខ្លាំង​របស់​ខ្លួន​លើ​កិច្ច​ព្រមព្រៀង​ ​៦០៣​ ​លាន​ដុល្លារ​ជាមួយ​ធនាគារ​ផ្តល់​កម្ចី​របស់​កូរ៉េ​ខាងត្បូង​ក្នុង​អាជីវកម្ម​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​។​

នៅក្នុង​ឯកសារ​ចងក្រង​ភាគហ៊ុន​របស់​ធនាគារ​ ​LOLC​ ​Holdings​ ​រួម​ជាមួយ​ម្ចាស់ភាគហ៊ុន​ភាគតិច​ដទៃទៀត​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់​កម្ពុជា​ ​ខ្លួន​បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ទិញ​ភាគហ៊ុន​ ​និង​កិច្ច​ព្រមព្រៀង​ភាគ​ទុ​និក​ជាមួយ​ធនាគារ​ ​Kookmin​ ​Bank​ ​សម្រាប់​ការ​លក់​ភាគ​ទុ​និក​របស់​ប្រា​សាក់​ ​ដោយ​ទទួល​បានការ​យល់ព្រម​ចុងក្រោយ​ពី​ ​ធនាគារជាតិនៃកម្ពុជា​ ​និង​គ​ណៈ​កម្មា​ធិ​សេវា​ហិរញ្ញវត្ថុ​សាធារណៈ​នៃ​សាធារណរដ្ឋ​កូរ៉េ​។​

​ធនាគារ​ ​Kookmin​ ​គឺជា​ធនាគារពាណិជ្ជ​កម្ម​ធំជាង​គេ​នៅ​កូរ៉េ​ខាងត្បូង​ ​ហើយ​ប្រា​សាក់​ជា​ក្រុមហ៊ុន​មីក្រូហិរញ្ញវត្ថុ​ធំជាង​គេ​នៅ​កម្ពុជា​។​

​ឯកសារ​បានឱ្យ​ដឹង​ថា​ ​LOLC​ ​International​ ​Private​ ​Limited​ ​នៃ​ប្រទេស​សឹង្ហ​បូរី​ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ ​LOLC​ ​Holdings​ ​ដែល​កាន់កាប់​ ​៧០​ ​ភាគរយ​នៃ​ប្រា​សាក់​នឹង​ទទួល​បាន​ ​៦០៣​ ​លាន​ដុល្លារ​អាមេរិក​។​

​ឯកសារ​ខាងលើ​បានឱ្យ​ដឹង​ថា​ ​“​ទឹកប្រាក់​ចំនួន​ ​៤២២​ ​លាន​ដុល្លារ​នឹង​ទទួល​បាន​នៅពេល​ទទួល​បានការ​យល់ព្រម​ពី​ធនាគារជាតិនៃកម្ពុជា​ ​និង​សមតុល្យ​ ​១៨១​ ​លាន​ដុល្លារ​នៅ​ឆ្នាំ​ ​២០២២​”​។​

​កាលពី​ខែធ្នូ​ ​ឆ្នាំ​ ​២០១៩​ ​ធនាគារ​ផ្តល់​ប្រាក់កម្ចី​ពាណិជ្ជ​កូរ៉េ​ ​KB​ ​Kookmin​ ​បានឱ្យ​ដឹង​កាលពី​ថ្ងៃ​ ​ព្រហស្បតិ៍​ ​ថា​ ​ក្រុមប្រឹក្សា​ភិបាល​របស់​ខ្លួន​បាន​យល់ព្រម​ទិញ​ភាគហ៊ុន​ចំនួន​ ​៧០​ ​ភាគរយ​នៅក្នុង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់​ដែល​ជា​អ្នក​ផ្តល់​ប្រាក់កម្ចី​នៅ​កម្ពុជា​ក្នុង​តម្លៃ​ ​៦០៣,៤​ ​លាន​ដុល្លារ​ពី​ធនាគារ​ ​LOLC​ ​Holdings​ ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ស្រីលង្កា​។​

​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់​ជា​គ្រឹះស្ថាន​ទទួល​ប្រាក់បញ្ញើ​មីក្រូហិរញ្ញវត្ថុ​លេខ​ ​១​ ​ដែល​កាន់កាប់​ចំណែក​ទីផ្សារ​ជាង​ ​៤០​ ​ភាគរយ​នៅក្នុង​ប្រទេស​កម្ពុជា​ជាមួយនឹង​ ​១៧៧​ ​សាខា​។​
​ធនាគារ​ ​KB​ ​Kookmin​ ​នឹង​បញ្ចប់​កិច្ច​ព្រមព្រៀង​នេះ​ក្នុងរយៈ​ ​ពេល​ ​៣​ ​ខែ​ ​បន្ទាប់ពី​ការ​យកចិត្ត​ទុកដាក់​ ​និង​ការយល់​ ​ព្រម​ពី​អាជ្ញាធរ​ហិរញ្ញវត្ថុ​នៅ​កូរ៉េ​ ​និង​កម្ពុជា​។​ ​កិច្ច​ព្រមព្រៀង​នេះ​ត្រូវ​បាន​រំពឹង​ថា​នឹង​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ ​KB​ ​Kookmin​ ​ពង្រឹង​បណ្តាញ​ធនាគារ​អតិថិជន​របស់​ខ្លួន​នៅក្នុង​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ​។​

​ប្រតិបត្តិ​ការ​សាខា​ធនាគារ​ចំនួន​ ​៦​ ​ធនាគារ​ ​KB​ ​Kookmin​ ​ទទួល​បានការ​យល់ព្រម​ជាមុន​នៅ​កម្ពុជា​សម្រាប់​ការទិញ​យក​នៅ​ខែ​ ​ឧសភា​។​
​ក្រុមហ៊ុន​ ​KB​ ​Kookmin​ ​បានឱ្យ​ដឹង​ថា​ ​ខ្លួន​គ្រោង​នឹង​ទិញ​ភាគហ៊ុន​ចំនួន​ ​៣០​ ​ភាគរយ​ដែល​នៅសល់​នៅក្នុង​ស្ថាប័ន​នេះ​យ៉ាងហោចណាស់​ពីរ​ឆ្នាំ​ ​បន្ទាប់ពី​ប្រតិបត្តិ​ការ​។​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់​រក​ប្រាក់ចំណេញ​សុទ្ធ​ ​៩១,៥​ ​ពាន់​លា​នវ៉ុន​ ​(​៧៨,៧​ ​លាន​ដុល្លារ​)​ ​ក្នុង​ឆ្នាំ​ ​២០១៨​ ​កើនឡើង​ ​៣៦,៧​ ​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំទៅ​៕​

សម្តេចតេជោៈ ប្រាក់ខែកម្មករនឹងឡើងដល់១៩០ដុល្លារចាប់ពីខែមករា២០២០

ដោយ​ ​ប៊ី​
​ភ្នំ​ពេញៈ​ ​សម្តេច​តេជោ​ហ៊ុន​ ​សែន​នាយក​រដ្ឋមន្រ្តី​កម្ពុជា​បាន​ថ្លែង​ថា​ ​ប្រាក់ខែ​កម្មករ​នឹង​ឡើង​ដល់១៩០ដុល្លារ​ ​ដោយ​មិន​គិត​ពី​ប្រាក់​អត្ថ​ប្រយោជន៍​ផ្សេង​ៗ​ ​ចាប់ពី​ខែមករា​ ​២០២០​ ​កម្ពុជា​ក៏​កំពុង​ប្រែក្លាយ​ពី​ប្រទេស​ ​ដែល​ពឹងផ្អែក​លើ​វិស័យ​កសិកម្ម​ទាំងស្រុង​ទៅជា​ប្រទេស​ដែល​ពឹងផ្អែក​ទៅលើ​វិស័យ​ឧស្សាហកម្ម​ ​និង​សេវាកម្ម​ ​រួម​ទាំង​វិ​ស័យ​ផ្សេង​ៗ​ទៀត​។​

​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃទី៧​ ​ខែមករា​ ​ឆ្នាំ២០២០នេះ​ថា​ ​“​ចាប់ពី​ខែមករា២០២០​ ​ប្រាក់ខែ​កម្មករ​ ​និង​ឡើង​ដល់១៩០ដុល្លារ​ដោយ​មិន​គិត​ពី​ប្រាក់​អត្ថ​ប្រយោជន៍​ផ្សេង​ៗ​”​។​

​សម្តេច​តេជោ​បាន​បន្ត​ទៀត​ថា​ ​“​កម្ពុជា​បាន​រើខ្លួន​ចេញរួច​ផុត​ពី​ប្រទេស​ក្រីក្រ​ ​ពី​ប្រទេស​គ្មានអ្វី​សោះ​ ​មក​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិតទាប​ ​ព្រមទាំង​កំពុង​ប្រឹងប្រែង​អភិវឌ្ឍន៍​ឲ្យ​ក្លាយជា​ប្រទេស​មាន​ចំណូល​ ​មធ្យម​កម្រិតខ្ពស់​នៅ​ឆ្នាំ២០៣០​ ​និង​ក្លាយជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ២០៥០​”​។​

​សម្តេច​តេជោ​បាន​មានប្រសាសន៍​ថា​ ​“​កម្ពុជា​ក៏​កំពុង​កសាង​កិត្យានុភាព​លើឆាកអន្តរជាតិ​ ​តាម​គោលនយោបាយ​ការបរទេស​របស់​ខ្លួន​ឲ្យ​ល្បី​រន្ទឺ​ផង​ដែរ​។​ ​ទន្ទឹម​នឹង​នេះ​ ​កម្ពុជា​ក៏​កំពុង​ប្រែក្លាយ​ពី​ប្រទេស​ ​ដែល​ពឹងផ្អែក​លើ​វិស័យ​កសិកម្ម​ទាំងស្រុង​ ​ទៅជា​ប្រទេស​ដែល​ពឹងផ្អែក​ទៅលើ​វិស័យ​ឧស្សាហកម្ម​ ​និង​សេវាកម្ម​ ​រួម​ទាំង​វិ​ស័យ​ផ្សេង​ៗ​ទៀត​”​។​ ​

​សម្តេច​តេជោ​បាន​ថ្លែង​ថា​ ​កម្ពុជា​បាន​ដាក់ចេញ​នូវ​គោលនយោបាយ​គាំពារ​សង្គម​ ​ក្នុង​ការ​ផ្តល់​សេវា​ថែទាំ​សេវា​សុខភាព​ ​សាធារណៈ​ជូន​ដល់​មន្ត្រី​រាជការ​ ​កម្មករ​ ​កម្មការនី​ ​និង​ផែនការ​អភិវឌ្ឍ​ជាច្រើន​ទៀត​។​ ​ចាប់ពី​ខែមករា​ ​២០២០​ ​ប្រាក់ខែ​កម្មករ​ ​និង​ឡើង​ដល់១៩០ដុល្លារ​ ​ដោយ​មិន​គិត​ពី​ប្រាក់​អត្ថ​ប្រយោជន៍​ផ្សេង​ៗ​”​។​

​សម្តេច​តេជោ​ហ៊ុន​ ​សែន​ ​បាន​បន្ត​ថា​ ​កម្ពុជា​ត្រូវតែ​រួមគ្នា​ការពារ​ ​និង​ថែរក្សា​សន្តិភាព​អោយ​បាន​គង់វង្ស​ជាដាច់ខាត​ ​ពីព្រោះ​សន្តិភាព​នាំមក​នូវ​ការ​អភិវឌ្ឍ​ ​និង​រីកចម្រើន​។​
​ចំនួន​ប្រាក់ឈ្នួល​អប្បបរមា​ ​សម្រាប់​កម្មករ​និយោជិត​វិស័យ​វាយនភណ្ឌ​កាត់ដេរ​ ​និង​ផលិត​ស្បែកជើង​នៅ​ឆ្នាំក្រោយ​នេះ​ ​បាន​ធ្វើឡើង​បន្ទាប់ពី​ក្រុមប្រឹក្សា​ជាតិ​ប្រាក់ឈ្នួល​អប្បបរមា​អាណត្តិ​ទី១​ ​លើក​ទី៦​ ​ដែល​រួមមាន​រាជរដ្ឋាភិបាល​ ​សហជីព​ ​និង​និយោជក​ ​បើក​កិច្ចប្រជុំ​ចុងក្រោយ​ ​នា​ព្រឹក​ថ្ងៃទី២០​ ​ខែកញ្ញា​ ​ឆ្នាំ២០១៩​ ​ដើម្បី​បោះឆ្នោត​ជ្រើសរើស​យក​តួលេខ​មួយ​ធ្វើជា​គោល​ ​ក្នុង​នោះ​សន្លឹកឆ្នោត​ភាគច្រើន​ ​បាន​បោះឆ្នោត​ជ្រើសរើស​យក​តួលេខ១៨៧ដុល្លារ​ ​ហើយ​បន្ទាប់មក​ ​សម្តេច​តេជោ​ហ៊ុន​ ​សែន​បាន​ផ្តល់​បន្ថែម៣ដុល្លារ​ទៀត​ជូន​កម្មករ​និយោជិត​ ​ដែល​ធ្វើ​ឱ្យប្រាក់​ឈ្នួល​ពួកគេ​កើនឡើង១៩០ដុល្លារ​ ​នៅ​ឆ្នាំ២០២០ខាងមុខនេះ​តែម្តង​៕​