បុគ្គលិកកាស៊ីណូជនជាតិថៃប្រមាណជិត១០០០នាក់ចាកចេញពីកម្ពុជា

0

ដោយវុត្ថា

ភ្នំពេញ៖ ពលរដ្ឋថៃដែលធ្វើការនៅក្នុងកាស៊ីណូនៅតាមព្រំដែលប្រមាណជិត ១០០០នាក់ បាននិងកំពុងវិលត្រឡប់មកកាន់ប្រទេសរបស់ខ្លួនវិញ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាសបិទកាស៊ីណូជាបណ្តោះអាសន្ន ។ នេះបើតាមសារព័ត៌មាក្នុងស្រុកចុះផ្សាយនៅថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២០។

សេចក្តីរាយការណ៍ដដែលបន្តថា នៅបរិវេណច្រកព្រំដែនអន្ថរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅមានជនជាតិថៃដែលធ្វើការនៅកាស៊ីណូចំនួន៤០១នាក់ ក្រោយពីមានការត្រួតពិនិត្យឯកសារ ត្រឹមត្រូវហើយ រួចមក សមត្ថកិច្ចអាជ្ញាធរថៃ បានយករថយន្តរបស់ទាហាន មកដឹកពួកគេទៅសាលារៀន មួយកន្លែងនៅក្នុងស្រុកអារញ្ញ ដើម្បីពិនិត្យសុខភាព ម្ដងទៀត ដោយនឹងបំបែកគ្នាតាមខេត្តនិមួយៗ តាមស្រុកដែលពួកគេរស់នៅ។

ជនជាតិថៃដែលធ្វើដំណើរចាកចេញ ពីក្រុងប៉ោយប៉ែត ត្រូវបានអាជ្ញាធរថៃ យកទៅដាក់នៅកន្លែងដែលបានរៀបចំទុក ដើម្បីតាមឃ្លាំមើលថា តើមានឆ្លងវីរុសខូវីត-19 រហូតគម្រប់១៤ថ្ងៃ ទើបអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះបាន ហើយបើអ្នកណាមិនអនុវត្តតាមឬល្មើស នឹងមានទោសតាមច្បាប់ខ្ពស់បំផុតគឺ ជាប់គុកមិនលើសពី១ឆ្នាំ ពិន័យមិនលើស១០០,០០០បាត សម្រាប់ជនជាតិថៃដែលមានទីលំនៅឆ្ងាយៗ ខាងសមត្ថកិច្ចនឹងរៀបចំរថយន្តក្រុងដឹកយកទៅ។

យ៉ាងណាក៏ដោយ ជនជាតិថៃដែលវិលចូលប្រទេសខ្លួនវិញចាប់ពីថ្ងៃទី៣១ ខែមិនា មកទល់ពេលនេះសរុបមានជិត១,០០០នាក់ហើយ ខណៈដែលពលរដ្ឋខ្មែរដែលធ្វើការនៅក្នុងប្រទេសថៃរប់ម៉ឺននាក់បានវិលត្រឡប់មកកម្ពុជាវិញផងដែរ ដោយសារមានការបារម្ភពីហានីភ័យនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩។

សម្តេចតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រីនៃកម្ពុជាកាលពីពេលថ្មីនេះ បានប្រកាសឱ្យក្រុមហ៊ុនកាស៊ីណូ ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា បិទទ្វារជាបណ្តោះអាសន្ន ដើម្បីបង្ការនៃការរីករាលដាលនៃជំងឺកូវីដ ១៩ ខណៈពេលដែលរដ្ឋាភិបាលបាននឹងកំពុងប្រយុទ្ធប្រឆាំងនូវជំងឺកូវីដ ១៩ នៅក្នុងប្រទេស។

ប្រទេសថៃកន្លងមកនេះ ក៏បានប្រកាសបិទច្រកព្រំដែននានាជាបណ្តោះអាសន្នជាមួយកម្ពុជាផងដែរ តែសម្រាប់ចរាចរណ៍នៃការដឹកទំនិញនៅតែដំណើរជាធម្មតា។ យ៉ាងណាក៏ដោយ អាជ្ញាធរខេត្តបន្ទាយមានជ័យរបស់កម្ពុជា និង ខេត្តស្រះកែវរបស់ប្រទេសថៃ កាលពីពេលថ្មីៗនេះដែរ បានពិភាក្សាគ្នា ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ និងការដឹកទំនិញឆ្លងកាត់នៅតាមច្រកព្រំដែន និងរួមសហការគ្នាទប់ស្កាត់ជំងឺកូវីត ១៩នៅតាមបន្ទាត់ព្រំដែននៃប្រទេសទាំងពីរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here