ក្រុមហ៊ុន BSR របស់ចិនគ្រោងបញ្ជូនគ្រូពេទ្យស្ម័គ្រចិត្តចំនួន១៣នាក់មកកម្ពុជាដើម្បីប្រយុទ្ធប្រឆាំង នឹងវីរុសCOVID-19

0

ដោយវុត្ថា
ភ្នំពេញ៖ ក្រុមហ៊ុនBlue Sky Rescue ហៅកាត់ BSR របស់ចិនគ្រោងបញ្ជូនគ្រូពេទ្យស្ម័គ្រចិត្តមកកម្ពុជាចំនួន១៣នាក់មកជួយកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំង នឹងវីរុសCOVID-19 ខណៈជំងឺផ្លូវដង្ហើមមួយនេះបាននឹងកំពុងរីករាលដាលជាសកល ។

លោកឧបនាយកដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មានប្រសាសន៍ក្នុងពិធីទទួលមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍបានផ្តល់ជំនួយឧបត្ថម្ភក្រោមក្របខណ្ឌអង្គការសង្គមស៊ីវិលសម្រាប់ការពារសុខភាពប្រឆាំងជំងឺកូវីដ១៩នៅថ្ងៃទី ៣ ខែមេសា នេះ ឱ្យដឹងថា ក្នុងអំឡុងពេលផ្ទុះវីរុសCOVID-19 នៅកម្ពុជា ក្រុមហ៊ុនBlue Sky Rescue ហៅកាត់ BSR របស់ចិនគ្រោងនឹងបញ្ជូនគ្រូពេទ្យស្ម័គ្រចិត្តមកកម្ពុជាចំនួន១៣នាក់ ដោយមកជួយកម្ពុជា រយៈពេល១៥ថ្ងៃ។

លោកបន្តថា គ្រូពេទ្យស្ម័គ្រចិត្តមកកម្ពុជាចំនួន១៣នាក់នេះ នឹងធ្វើដំណើរតាមមធ្យោបាយធ្វើដំណើរតាមផ្លូវគោក ចេញពីខេត្តយូណាន ប្រទេសចិន និងចូលមកកម្ពុជាតាមច្រកព្រំដែនកម្ពុជា-ឡាវ នៃខេត្តស្ទឹងត្រែង ខណៈថ្ងៃនេះអំណោយរបស់ចិនរួមមាន ម៉ាសអាចការពារខ្លួន និងថ្នាំបុរាណចិន តម្លៃសរុបជាង ១លានយ៉េន ស្នើ នឹងទឹកប្រាក់ជិត១៦ម៉ឺនដុល្លារ ។

លោកបន្តថា សារៈសំខាន់ខ្លាំងចំពោះកម្ពុជាដែលយើងកំពុងត្រូវការគឺសំភារៈ បរិក្ខារពេទ្យដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺCOVID-19 ក្នុងនោះ ជំនួយចិននៅពេលនេះ ជាកាយវិការដ៏សប្បុរសឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីចំណងមិត្តភាពរវាងប្រទេសនិងប្រជាជនទាំងពីរ ស្របពេលប្រទេសទាំង២ តែងតែមានកាយវិការជាគាំទ្រ និងលើកកម្ពស់កិច្ចសហប្រតិបត្តិលើគ្រប់វិស័យ។

រដ្ឋាភិបាលចិនតាមរយៈកងទ័ពរំដោះប្រជាជនចិន បានដឹកសម្ភារៈ និងឧបករណ៍ពេទ្យប្រឆាំងវីរុស COVID- 19 ជាង២តោនតាមយន្តហោះពិសេសជូនដល់ក្រសួងការពារជាតិកម្ពុជានៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ នៅច្រកអន្តរជាតិពោធិ៍ចិនតុង (VIP) ។

កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ក្រុមគ្រូពេទ្យជំនាញចិន៧នាក់ បានចាកចេញពីប្រទេសចិន តាមជើងយន្តហោះពិសេស មកកាន់ប្រទេសកម្ពុជា ដើម្បីចូលរួមចែករំលែកបទពិសោធន៍ ពាក់ព័ន្ធនឹងការព្យាបាលជំងឺកូវីដ១៩ ដល់ក្រុមគ្រូពេទ្យកម្ពុជា។
ក្រុមគ្រូពេទ្យចិនដែលមកកម្ពុជានេះ មិនមែនមកតែមនុស្សនោះទេ ពួកគេព្រមទាំងបាននាំមកនូវសម្ភារៈបរិក្ខារពេទ្យមកជាមួយផងដែរ ហើយអ្វីដែលពិសេសជាងនេះទៅទៀត គឺនៅគ្រប់សម្ភារៈបរិក្ខារពេទ្យចិនទាំងអស់ បានបំពាក់ដោយទង់ជាតិកម្ពុជា-ចិន ជាមួយនឹងពាក្យស្លោកថា ជួយគ្នាក្នុងគ្រាក្រស្គាល់មិត្តល្អក្នុងគ្រាលំបាក។
ដោយឡែកនៅយប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០កន្លងទៅគ្រូពេទ្យឯកទេសយោធាចិនចំនួន៤នាក់ បានមកដល់កម្ពុជា ដើម្បីជួយបង្រៀនដល់ក្រុមពេទ្យយោធានៃកងយោធពលខេមរភូមិន្ទនៅតាមបណ្តាកងឯកភាព របស់ខ.ភ.មថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here