ចិន​ផ្តល់​ជំនួយ២លាន​ដុល្លារ​ដល់​ក្រសួងសាធារណការ​ដើម្បី​កសាង​អគារ​វិទ្យាស្ថាន​បណ្ដុះបណ្ដាល​មួយ​

ដោយ​ វុត្ថា​

ភ្នំពេញ​: រដ្ឋមន្ត្រី​ក្រសួង​សាធារណ​ និង​ដឹកជញ្ជូន​បាន​អះអាង​ថា​ភាគី​ចិន​ បាន​ឯកភាព​ផ្ដល់​ថវិកា​ចំនួន២លាន​ដុល្លារ​សហរដ្ឋអាមេរិក​ តាម​សំណើ​របស់ក្រ​សួង​ ដើម្បី​កសាង​អគារ​វិទ្យាស្ថាន​ បណ្ដុះបណ្ដាល​មួយ​ ដែល​មាន​ទីតាំង​ឋិតនៅ​ទីស្ដីការ​ក្រសួង​ថ្មី​ដែល​កំពុង​ដំណើរ​ការ​រសាង​សង់​។

លោក​ទេស​រដ្ឋមន្ត្រី​ ស៊ុន​ ចាន់​ថុល​ រដ្ឋមន្ត្រី​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​មានប្រសាសន៍​បែបនេះ​ នៅក្នុង​ពិធី​បិទ​វគ្គ​បណ្ដុះបណ្ដាល​ដំបូង​ ដល់​មន្ត្រី​ក្របខណ្ឌ​ថ្មី​ឆ្នាំ២០១៩​ ចំនួន១២១នាក់​ នា​ថ្ងៃទី២៥​ ខែធ្នូ​ឆ្នាំ២០១៩ម្សិលមិញ​នេះ​ ដោយមាន​ការចូលរួម​ពី​មន្ត្រី​ជាន់ខ្ពស់​ជាច្រើន​នាក់​របស់ក្រ​សួង​ផង​ដែរ​។

លោក​បន្ត​ថា​ “អគារ​នេះ​គ្រោង​បើក​ ការដ្ឋាន​សាងសង់​ក្នុង​ពេល​ឆាប់​ៗនេះ​ ដើម្បី​ជួយ​បណ្ដុះបណ្ដាល​ឲ្យ​មន្ត្រី​របស់ក្រ​សួង​មាន​សមត្ថភាព​ បំពេញការងារ​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត​”។

លោក​ទេស​រដ្ឋមន្ត្រី​ បាន​ជំរុញ​លើកទឹកចិត្ត​ដល់​មន្ត្រី​ ដែល​ទើប​ប្រឡងជាប់​ក្របខណ្ឌ​ថ្មី​ បង្ហាញ​នូវ​បទពិសោធន៍​ ក៏ដូចជា​គំ​និ​តថ្មី​ៗរបស់​ខ្លួន​ ដើម្បី​ចូលរួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​វិស័យ​សាធារណការ​ និង​ដឹកជញ្ជូន​ឲ្យ​កាន់តែ​មានការ​រីកចម្រើន​ថែម​ មួយ​កម្រិត​ទៀត​។

លោ​ទេស​រដ្ឋមន្ត្រី​ បាន​ណែនាំ​ឱ្យ​មន្ត្រី​ក្របខណ្ឌ​ថ្មី​ទាំងអស់​ ត្រូវ​ចេះ​សហការ​គ្នា​ល្អ​ មាន​សាមគ្គីភាព​ មិត្តភាព​ រូប​រួមគ្នា​ក្រោម​ដំបូល​តែមួយ​ នៃ​មហា​គ្រួសារ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ ជួយគ្នា​ទៅវិញទៅមក​ តាមដាន​ការ​បំពេញការងារ​ និង​រៀបចំ​គោលដៅ​របស់​ខ្លួន​ដើម្បី​ផ្តល់​សេវា​សាធារណៈ​ សេវា​ចាំបាច់​ ជូន​ប្រជាពលរដ្ឋ​ប្រកបដោយ​ប្រសិទ្ធភាព​ តម្លាភាព​ និង​ឆាប់រហ័ស​ ក្នុងនាម​ជា​អ្នកបម្រើ​រាស្ត្រ​៕

ក្រុមហ៊ុន​ចិន​ដ៏​ធំ​មួយ​កំពុង​សិក្សា​ពី​លទ្ធភាព​ប្រើ​ប្រព័ន្ធ​ថាមពល​សូ​ឡា​បូមទឹក​ក្រោម​ដី​សម្រាប់​ស្រោចស្រព​ដំណាំ​កសិកម្ម​

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​ចិន​ដ៏​ធំ​ដែល​មាន​ជំនាញ​ផ្នែក​ រៀបចំ​ប្រព័ន្ធ​ថាមពល​សូ​ឡា​ បាន​ និង​កំពុង​សិក្សា​ពី​លទ្ធភាព​ជាមួយ​ក្រសួង​កសិកម្ម​ ដើម្បី​រៀបចំ​បច្ចេកទេស​បូមទឹក​ក្រោម​ដី​ សម្រាប់​វិស័យ​កសិកម្ម​នៅ​កម្ពុជា​។

ក្រុមហ៊ុន​ចិន​ដែល​មានឈ្មោះ​ថា​ Gansu​ Academy​ for​ Water​ Conservancy​ (GAWC​) មក​ពី​ខេត្ត​Gan​ Su​ ប្រទេស​ចិន​ បាន​បង្ហាញ​ពី​គោលបំណង​ក្នុង​ការរៀបចំ​គម្រោង​សិក្សា​ និង​រៀបចំ​ប្រព័ន្ធ​គ្រប់គ្រង​ និង​បូមទឹក​ក្រោម​ដី​សម្រាប់​ប្រើប្រាស់​លើ​វិស័យ​កសិកម្ម​ ដោយ​ថាមពល​សូ​ឡា​ ក្រោម​កិច្ចសហការ​ជាមួយ​ក្រសួង​កសិកម្ម​។

នៅក្នុង​ឱកាស​ចូល​ជួប​សម្ដែង​ការគួរសម​ ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ លោ​កវេង​ សា​ខុន​ កាលពី​ល្ងាច​ថ្ងៃទី២៥​ ខែធ្នូ​ ឆ្នាំ២០១៩ម្សិលមិញ​នេះ​ លោក​ Chengxiang​ MA​ នាយករង​នៃ​ក្រុមហ៊ុន​ Gansu​ Academy​ for​ Water​ Conservancy​ (GAWC​) និង​សហការី​មក​ពី​ខេត្ត​ Gansu​ ប្រទេស​ចិន​ បាន​មានប្រសាសន៍​ថា​ ក្រុមហ៊ុន​បាន​និង​កំពុងតែ​កៀងគរ​រក​ជំនួយ​ ពី​គ្រប់​ដៃគូ​វិនិយោគ​នៅ​ប្រទេស​ចិន​ សម្រាប់​កិច្ច​សហប្រតិបត្តិ​ការ​ក្នុង​វិស័យ​កសិកម្ម​ និង​តាមរយៈ​គម្រោង​អភិ​វឌ្ឍ​ផ្សេង​ៗទៀត​ក្នុង​វិស័យ​នេះ​។

នៅក្នុង​កិច្ចពិភាក្សា​នេះ​ លោក​បាន​ស្នើសុំ​បង្កើត​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ ការគ្រប់គ្រង​ទឹក​ក្រោម​ដី​ តាម​កន្លែង​មួយចំនួន​ ដូចជា​ អគ្គនាយក​ដ្ឋាន​កសិកម្ម​ សាកល​វិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ និង​វិទ្យាស្ថាន​បច្ចេកទេស​កម្ពុជា​ និង​នៅ​តាម​មន្ទីរពិសោធន៍​នា​ នា​ដើម្បី​ធ្វើការ​ស្រាវជ្រាវ​ បង្ហាញ​ពីរ​បក​គំហើញ​បច្ចេកវិទ្យា​ប្រើប្រាស់​ទឹក​ក្រោម​ដី​ សម្រាប់​ដំណាំ​ និង​កសិកម្ម​នៅ​កម្ពុជា​។

លោក​បាន​ជម្រាប​ជូន​ថា​ នឹង​ធ្វើការ​សហការ​គ្នា​ជាមួយ​សាកល​វិទ្យាល័យ​ជាច្រើន​ក្នុង​ការសន្យា​ ផ្តល់​នូវ​អាហារូបករណ៍​ជូន​ដល់​និស្សិត​កម្ពុជា​ ឲ្យបាន​កាន់តែ​ច្រើន​លើ​ផ្នែក​ វិទ្យាសាស្រ្ត​កសិកម្ម​ និង​បច្ចេកវិទ្យា​។ ជា​ជំ​ហ៊ាន​ដំបូង​ក្នុង​ការអនុវត្ត​ នឹង​ត្រូវ​ធ្វើឡើង​នៅក្នុង​ខេត្ត​ចំនួន២​ គឺ​ខេត្ត​ត្បូងឃ្មុំ​ និង​ខេត្តព្រៃវែង​។

ជា​ការ​ឆ្លើយតបទៅនឹង​សំណើ​នេះ​ លោក​រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម​ លោ​កវេង​ សា​ខុន​ បាន​គាំទ្រ​ ឱ្យ​មានការ​ចុះហត្ថលេខា​លើ​អនុស្សារ​ណៈ​ ដើម្បី​ជា​មូលដ្ឋាន​សម្រាប់​សម្របសម្រួល​ដំណើរ​ ការ​នៃ​ការនាំចូល​សម្ភារ​កសិកម្ម​ពី​ប្រទេស​ចិន​ សម្រាប់​ការអនុវត្ត​គម្រោង​សាកល្បង​នៅ​ខេត្ត​ទាំងពីរ​ និង​ឈាន​ទៅ​រក​ការអនុវត្ត​គម្រោង​ ក្នុង​ខេត្ត​គោលដៅ​មួយចំនួន​ទៀត​ ដូចជា​ ខេត្តតាកែវ​ ខេត្ត​កំពង់ចាម​ និង​ស្វាយរៀង​ជាដើម​។

លើស​ពីនេះ​ទៀត​ ដើម្បី​សម្រេច​បាន​កិច្ចការខាង​លើ​ លោក​រដ្ឋមន្រ្តី​កសិកម្ម​បាន​ស្នើ​ឱ្យ​ក្រុមហ៊ុន​ធ្វើការ​សហការ​ជិ​តស្និ​ទ្ឋ​ ជាមួយ​អគ្គនាយក​ដ្ឋាន​កសិកម្ម​ ក្នុង​ការ​ជ្រើសរើស​ទីតាំង​ធ្វើ​មន្ទីរពិសោធន៍​ និង​មជ្ឈមណ្ឌល​ស្រាវជ្រាវ​នេះ​ និង​ថែមទាំង​សហការ​ជាមួយ​នាយកដ្ឋាន​ សហប្រតិបត្តិ​ការអន្តរជាតិ​ក្នុង​ការ​ជម្រុ​ញ ឱ្យ​មានការ​ចុះ​ MoU​ នេះ​ ក្នុង​ពេល​ឆាប់​ៗខាងមុខ​៕

សម្តេច​តេជោ​៖ជំនួប​រវាង​មេដឹកនាំ​ចិន​ ជប៉ុន​ និង​កូរ៉េ​ខាងត្បូង​នឹង​ជះឥទ្ធិពល​ល្អ​សម្រាប់​សេដ្ឋកិច្ច​នៅក្នុង​តំបន់​

ដោយ​ ប៊ី​

ភ្នំ​ពេញៈ​ សម្តេច​តេជោ​ហ៊ុន​ សែន​នាយក​រដ្ឋមន្រ្តី​កម្ពុជា​បាន​ថ្លែង​ថា​ ជំនួប​ប្រជុំ​នៅក្នុង​រយៈពេល​ចុងក្រោយ​រវាង​ចិន​ ជប៉ុន​ និង​កូរ៉េ​ខាងត្បូង​នឹង​ជះឥទ្ធិពល​ល្អ​ សម្រាប់​សេដ្ឋកិច្ច​នៅក្នុង​តំបន់​អាស៊ាន​ ខណៈ​ចិន​បាន​និង​កំពុង​ដើរតួ​នាទី​ ជា​អ្នក​សម្រុះសម្រួល​ក្នុង​ជំនួប​ពហុភាគី​។

សម្តេច​តេជោ​ហ៊ុន​ សែន​ បាន​ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​បញ្ចប់​ការសិក្សា​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​នា​ព្រឹក​ថ្ងៃទី២៦​ ធ្នូ​នេះ​ថា​ ប៉ុន្មាន​ថ្ងៃមុន​នេះ​ វា​ជា​រឿង​ល្អ​ណាស់​ដែល​មិត្ត​កម្ពុជា​ និង​ជា​ដៃ​សន្ទនា​អាស៊ាន​ទាំង​បី​ជួប​ប្រជុំ​គ្នា​នៅ​ប្រទេស​ចិន​។

សម្តេច​តេជោ​បាន​ថ្លែង​ថា​ “ចិន​ ជប៉ុន​ កូរ៉េ​ខាងត្បូង​…ត្រូវ​រូ​វគ្នា​ ដែល​អនុវត្តន៍​នូវ​ពហុភាគី​និយម​បន្ត​។ ក៏បាន​កាត់បន្ថយ​នូវ​ការ​លំបាក​ នៃ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​ និង​ចិន​ និង​អាមេរិក​ជាមួយនឹង​ប្រទេស​ផ្សេងទៀត​ ហើយ​ធ្វើ​ឱ្យ​ពួក​អាស៊ាន​មានការ​ងារ​ស្រួល​ ដោយសារតែ​មានការ​ប្រជុំ​ម្តង​ៗ គឺ​យើង​តែង​មាន​ជំនួប​ប្រជុំ​អាស៊ាន​ និង​បូក​បី​ ដែល​រួមមាន​ចិន​ ជប៉ុន​ កូរ៉េ​ខាងត្បូង​”។

សម្តេច​តេជោ​មានប្រសាសន៍​ថា​ កាលពី​ឆ្នាំមុន​មេដឹកនាំ​អាស៊ាន​បូក​បី​ បាន​ជួបគ្នា​មុន​ពេល​មក​ជួប​អាស៊ាន​។ ឥឡូវនេះ​ បូក​បី​មានការ​ប្រជុំ​ជាមួយគ្នា​នៅក្នុង​ប្រទេស​ចិន​ គឺ​រឿង​ល្អ​ណាស់​ដែល​គិតថា​ វា​មាន​ឥទ្ធិពល​ល្អ​ ឥទ្ធិពល​វិជ្ជមាន​សម្រាប់​សេដ្ឋកិច្ច​តំបន់​របស់​យើង​ ព្រោះ​សេដ្ឋកិច្ច​របស់​ជប៉ុន​ សេដ្ឋកិច្ច​របស់​ចិន​ គឺ​សុទ្ធតែ​សេដ្ឋកិច្ច​លេខ​ពី​ បី​ (ចិន​លេខ​ពីរ​ ជប៉ុន​លេខ​បី​)… ​ទំហំ​សេដ្ឋកិច្ច​គឺ​ធំ​ណាស់​។

សម្តេច​តេជោ​ បាន​បន្ត​ថា​“មុន​ដាច់ឆ្នាំ​នេះ​ យើង​ឃើញថា​មាន​ព័ត៌មាន​ល្អ​កើត​ចេញ​មក​ដែរ​”។

ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លោ​កមូន​ ជេ​អ៊ី​ន និង​នាយក​រដ្ឋមន្រ្តី​ជប៉ុន​លោក​ស៊ីន​ ​ហ្សូ​ អាបេ​ បាន​ជួបគ្នា​ជាលើកដំបូង​នៅ​ឆ្នាំនេះ​ ចាប់តាំងពី​ការ​កើតឡើង​នូវ​សង្រ្គាម​ពាណិជ្ជកម្ម​ក្នុង​តំបន់​របស់​ពួកគេ​បាន​ផ្ទុះឡើង​នៅ​ឆ្នាំ២០១៩​។

មេដឹកនាំ​ទាំងពីរ​បាន​ជួបគ្នា​នៅ​ទីក្រុង​ Chengdu​ ប្រទេស​ចិន​ ក្នុង​កិច្ចប្រជុំ​កំពូល​បី​ដែល​មានការ​ចូលរួម​ពី​មន្ត្រី​ជាន់ខ្ពស់​ មក​ពី​ប្រទេស​ចិន​ ជប៉ុន​ និង​កូរ៉េ​ខាងត្បូង​។ កិច្ចប្រជុំ​នេះ​ត្រូវ​បាន​សន្មត់​ថា​ ជា​ជំហាន​ដំបូង​ក្នុង​ការផ្សះផ្សា​សង្រ្គាម​ពាណិជ្ជកម្ម​ ដែល​ប្រជាជន​កូរ៉េ​ភាគច្រើន​ធ្វើ​ពហិការ​ទំនិញ​ និង​សេវាកម្ម​របស់​ជប៉ុន​ទាំងអស់​ ហើយ​ជប៉ុន​រឹត​បន្តឹង​សំភារៈ​សំ​ខាន់​ៗ សម្រាប់​ឧស្សាហកម្ម​ផលិតកម្ម​របស់​ពួកគេ​។

មិន​មាន​សេចក្តី​ប្រកាស​អំពី​ការ​បន្ធូរបន្ថយ​ ក្នុង​ទំនាក់ទំនង​ត្រូវ​បាន​ធ្វើឡើង​ បន្ទាប់ពី​កិច្ចប្រជុំ​នោះ​ទេ​។

រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​ចិន​លោក​ Zhong​ Shan​ បាន​និយាយ​ថា​ ទីក្រុង​ប៉េកាំង​មាន​ឆន្ទៈ​សម្រុះសម្រួល​ សង្គ្រាម​ពាណិជ្ជកម្ម​ដែល​បាន​ និង​កំពុង​ទាញ​ទម្លាក់​សេដ្ឋកិច្ច​អាស៊ី​នៅ​ឆ្នាំនេះ​។

លោក​ Zhong​ បាន​និយាយ​ថា​ “ទីក្រុង​ប៉េកាំង​នឹង​ធ្វើការ​ជាមួយ​ប្រទេស​ជប៉ុន​ និង​កូរ៉េ​ខាងត្បូង​ ដើម្បី​ប្រឆាំង​នឹង​ឯកតោភាគី​និយម​ និង​ការ​គាំពារ​និយម​ និង​រួមគ្នា​ថែរក្សា​សន្តិភាព​ និង​ស្ថេរ​ភាព​ក្នុង​តំបន់​ និង​លើកកម្ពស់​សេដ្ឋកិច្ច​ពិភពលោក​”៕

រដ្ឋាភិបាល​អនុម័ត​គំរោង​សាងសង់​ជាង៤ពាន់​គម្រោង​កើន​ជាង ៧៨ភាគរយ​

ដោយ​នៅ​ ស៊ី​វុត្ថា​

ភ្នំ​ពេញៈ​ ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​និង​សមត្ថកិច្ច​ថ្នាក់ក្រោម​ជាតិ​បាន​អនុម័ត​គំរោង​សាងសង់​បាន​ចំនួន​ជាង ៤០០០គំរោង​ កើនឡើង ៧៨ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

យោង​តាម​របាយការណ៍​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​បាន​បង្ហាញ​ក្នុង​សន្និបាត​បូកសរុប​ការងារ​ក្រ​សួង​ឆ្ន​មាំ២០១៩​ និង​លើក​ទិសដៅ​ឆ្នាំ២០២០ខាងមុខ​កាលពី​ព្រឹក​ថ្ងៃទី២៥​ ធ្នូ​កន្លងមក​ថា​ ក្នុង​ឆ្នាំ២០១៩នេះ​ ទិន្នន័យ​សំណង់​ ទូទាំង​ប្រទេស​មាន​ចំនួន៤​,៤៤៦គម្រោង​ ដោយមាន​ទំហំ​ទុន​វិនិយោគ​ជាង៩៣០០លាន​ដុល្លារ​ ដែល​កើនឡើង​ប្រមាណ៧៨​,៨៨ភាគរយ​ បើ​ធៀប​នឹង​ឆ្នាំ២០១៨​។

របាយការណ៍​បាន​បង្ហាញថា​ ទិន្នន័យ​សំណង់​ទូទាំង​ប្រទេស​ចំនួន​ ៤,៤៤៦គម្រោង​ មានផ្ទៃ​ក្រឡា​កម្រាល​សំណង់​ សរុប​ចំនួន១៨​,៥៤០​,៨៧៩ម៉ែត្រការ៉េ​ តម្លៃ​ប៉ាន់ស្មាន​ទុន​ វិនិយោគ​ប្រមាណ៩​,៣៥៣​,៦៩៧​,៤៧៥ដុល្លារ​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ ក្នុង​ឆ្នាំ២០១៨​ មាន​ចំនួន២​,៨៦៧គម្រោង​ មានផ្ទៃ​ក្រឡា​កម្រាល​សំណង់១១​,៤២៧​,១៩០ម៉ែត្រការ៉េ​ តម្លៃ​ប៉ាន់ស្មាន​ទុន​ វិនិយោគ​ប្រមាណ៥​,២២៨​,៩៩២​,៥២២ដុល្លារ​។

របាយការណ៍​ដដែល​បាន​បង្ហាញថា​ ក្នុង​ឆ្នាំ២០១៩នេះ​ គម្រោង​អគារ​ខ្ពស់​ៗនៅ​កម្ពុជា​ចាប់ពី៥ជាន់ឡើង​ មាន​ចំនួន១៤៣២គម្រោង​ ស្មើនឹង៤៣៦អគារ​ (ខេត្ត​ព្រះសីហនុ​ មាន​គម្រោង​អគារ​ខ្ពស់​ៗចាប់ពី៥ជាន់ឡើង​ចំនួន២០៣អគារ​) ក្នុង​នោះ​ពី៥ជាន់​ទៅ៩ជាន់​ មាន​ចំនួន២០៨អគារ​ ពី១០ជាន់​ ទៅ១៩ជាន់​ មាន​ចំនួន១៣៥អគារ​ ពី២០ជាន់​ ទៅ២៩ជាន់​ មាន​ចំនួន៥៧អគារ​ពី៣០ជាន់​ ទៅ៣៩ជាន់​មាន​ចំនួន២៣អគារ​ពី៤០ជាន់​ ឡើង​ទៅ​មាន​ចំនួន១៣អគារ​។

របាយការណ៍​ដដែល​បាន​បន្ត​ទៀត​ថា​ គិត​ចាប់ពី​ឆ្នាំ២០០០​ ដល់​ឆ្នាំ២០១៩​ បាន​ចេញ​លិខិត​អនុញ្ញាតិ​ សាងសង់​នៅ​ទូទាំង​ប្រទេស​ចំនួន៤៨​,០០៤គម្រោង​ ផ្ទៃក្រឡា​ កម្រាល​សំណង់​សរុប​ចំនួន១៣១លាន​ម៉ែត្រការ៉េ​ និង​តម្លៃ​ប៉ាន់ស្មាន​ទុន​វិនិយោគ​សរុប​ប្រមាណ៥១​,០៣៥​,១២៤​,៤៥១ដុល្លារ​។ គម្រោង​អគារ​ខ្ពស់​ៗចាប់ពី៥ជាន់​ ឡើង​នៅ​ទូទាំង​ប្រទេស​មាន​ចំនួន១​,៦២៤អគារ​ (ក្នុង​នោះ​អគារ​ខ្ពស់​ៗចាប់ពី៥ជាន់​ ទៅ៩ជាន់​មាន​ចំនួន៨៧២អគារ​ អគារ​ចាប់ពី១០ជាន់​ទៅ១៩ជាន់​ មាន​ចំនួន៤៦១អគារ​ អគារ​ចាប់ពី​ ២០ជាន់​ ទៅ២៩ជាន់​ មាន​ចំនួន១៥៦អគារ​ អគារ​ចាប់ពី៣០ជាន់​ទៅ​ ៣៩ជាន់​ មាន​ចំនួន៩៥អគារ​ អគារ​ចាប់ពី៤០ជាន់​ ឡើង​មាន​ចំនួន៤០អគារ​។

ដោយឡែក​នៅ​ខេត្ត​ព្រះសីហនុ​ មាន​អគារ​ចាប់ពី៥ជាន់ឡើង​ទៅ​ មាន​ចំនួន២៣៨អគារ​ គម្រោង​បុរី​លំនៅឋាន​ និង​បណ្ដុំ​លំនៅឋាន​មាន​លក្ខណៈ​បុរី​ មាន​ចំនួន២៩៨គម្រោង​ និង​លំនៅឋាន​ មាន​លក្ខណៈ​ជា​អគារ​សហកម្មសិទ្ធិ​ ក្នុង​រាជធានី​ភ្នំពេញ​ គិត​ចាប់ពី​ឆ្នាំ២០១១​ រហូតដល់​ឆ្នាំ២០១៩​ មាន​ចំនួន​ ២២​,២៦៩​ ចំណែក​ឯកជន​៕

សម្ដេច​តេជោ​ជំរុញ​ឱ្យ​មានការ​វិនិយោគ​លើ​វិស័យ​សំ​ខាន់​ៗចំនួន២​ បន្ថែម​ទៀត​

​ដោយ​ ៖ វុត្ថា

​ភ្នំពេញ​ ៖ សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ បាន​មានប្រសាសន៍​ ចង់បាន​ឱ្យ​មានការ​វិនិយោគ​លើ​វិស័យ​ចំនួន២បន្ថែម​ទៀត​ រួមមាន​វិស័យ​សហ​ គ្រាស​ធុន​តូច​ និង​មធ្យម​ និង​បច្ចេកវិទ្យា​។

សម្តេច​តេជោ​ ហ៊ុន​ សែន​ បាន​មានប្រសាសន៍​បែបនេះ​នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​សាកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​ និង​វិទ្យាសាស្ត្រ​ សេដ្ឋកិច្ច​ កាលពី​ព្រឹក​ថ្ងៃទី២៦​ ខែធ្នូ​ ឆ្នាំ២០១៩​ នេះ​ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​ រាជធានី​ភ្នំពេញ​។

សម្តេច​តេជោ​ បាន​មានប្រសាសន៍​ថា​ “សូម​ស្នើ​ដល់​ប្រទេស​ជា​មិត្ត​ទាំងអស់​ បន្តម​កវិ​និ​យោគ​លើ​វិស័យ​ឧស្សាហកម្ម​ទាំង២ផ្នែក​នេះ​ជា​សំខាន់​គឺ​បន្ថែម​ទៀត​ រួមមាន​ផ្នែក​ទី១​ ឧស្សាហកម្ម​កែច្នៃ​ផលិតផល​កសិកម្ម​ដែល​មានស្រាប់​របស់​កម្ពុជា​ ដែល​សហគ្រាស​ធុន​តូច​ និង​មធ្យម​ ត្រូវតែ​ចូលរួម​វិនិយោគ​ ព្រោះ​វា​មិន​ទាម​ទា​ទុន​ច្រើន​នោះ​ទេ​”។

សម្តេច​បន្ត​ថា​ “ផ្នែក​នេះ​គឺ​វិនិយោគិន​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក​អាច​ធ្វើ​បាន​ ហើយ​អាច​ធ្វើការ​នាំចេញ​បាន​ដោយ​ក្នុង​នៅ​កម្ពុជា​មាន​ផលិត​តផល​កាហ្វេ​ ជ័រកៅស៊ូ​ និង​ផលិត​ជា​ច្រើន​ផ្សេ​ទៀត​។

ចំណុច​ទី២​ គឺ​ការ​វិយោគ​លើ​ឧស្សាហកម្ម​បច្ចេកវិទ្យា​ ដែល​អាច​ផ្តល់​ឱកាស​កាន់តែ​ច្រើន​ដល់​កម្ពុជា​ បើ​ទោះបី​កម្ពុជា​មាន​កម្លាំង​ពលកម្ម​ ច្រើន​ក៏ដោយ​ ប៉ុន្តែ​យើង​នៅតែ​ទាម​ទា​ឱ្យ​មាន​បច្ចេកវិទ្យា​ខ្ពស់​ ដើម្បី​ប្រកួតប្រជែង​ក្នុង​ពិភពលោក​”។

សម្ដេច​បាន​លើកឡើង​ថា​ នៅ​លើ​ពិភពលោក​ ត្រូវការ​របស់​ប្រើប្រាស់​ជាច្រើន​ រួមមាន​របស់​ក្មេង​លេង​ សម្ភារ:កីឡា​ និង​របស់​ផ្សេង​ៗទៀត​ ដែល​ជា​តម្រូវការ​ ព្រោះ​មនុស្ស​នា​ពេល​បច្ចុប្បន្ន​នេះ​មានលទ្ធភាព​ខ្ពស់​ក្នុង​ការទិញ​សម្ភារ:ដែល​ផលិត​ដោយ​បច្ចេកវិទ្យា​៕

រដ្ឋាភិបាល​នឹង​ចុះបញ្ជី​ក្បាលដី​ចំនួន​ ៧លាន​បណ្ណ​ ដើម្បី​ផ្តល់​ជូន​ប្រជាពលរដ្ឋ​នៅ​ដំណាច់ឆ្នាំ២០២១​

ដោយ​ ៖ រ៉ា​ណេត​

ភ្នំពេញ​ ៖ ជា​ការធានា​ដល់​សុវត្ថិភាព​ និង​ភាព​សុខ​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​កាន់កាប់​ដីធ្លី​ជា​កម្មសិទ្ធិ​ស្របច្បាប់​ នៅ​ត្រឹម​ឆ្នាំ២០២១​ ខាងមុខនេះ​ ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ នឹង​ធ្វើការ​ចុះបញ្ជី​ចំនួន​ ៧លាន​ក្បាលដី​ ជូន​ដល់​ប្រជាពលរដ្ឋ​ ។

លោក​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ជា​ សុ​ផា​រ៉ា​ បាន​ប្រកាស​នៅក្នុង​ឱបិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ២០១៩​ និង​លើក​ទិសដៅ​សម្រាប់​អនុវត្ត​នៅ​ឆ្នាំ២០២០​ កាលពី​រសៀល​ថ្ងៃទី២៥​ ខែធ្នូ​ ឆ្នាំ២០១៩ម្សិលមិញ​ថា​ នៅ​ឆ្នាំ២០២១​ ខាងមុខនេះ​ ក្រសួង​រៀបចំ​ដែនដី​ នឹង​ចុះបញ្ជី​ក្បាលដី​ ៧លាន​ក្បាលដី​ ជូន​ដល់​ប្រជាពលរដ្ឋ​ឱ្យ​អស់​ ខណៈ​នៅ​ឆ្នាំ២០១៩នេះ​ ក្រុមការងារ​បាន​ចុះបញ្ជី​ក្បាលដី​ បាន​ ៨០.២២ភាគរយ​រួច​ទៅ​ហើយ​។

លោក​ឧបនាយក​រដ្ឋមន្ត្រី​ ជា​ សុ​ផា​រ៉ា​ បាន​មានប្រសាសន៍​ថា​ ៖ “សូម​ឱ្យ​ទាំងអស់គ្នា​ ទាំង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ បន្ត​ពុះពារ​នៅក្នុង​ការចុះបញ្ជី​ដីធ្លី​ ដែល​សព្វថ្ងៃ​នេះ​យើង​ធ្វើការ​បូកសរុប​បាន៨០.២២ភាគរយ​ នៃ​ការចុះបញ្ជី​ដីធ្លី​នេះ​ គោលដៅ​ដ៏​ចម្បង​នេះ​យើង​ត្រូវ​ជំរុញ៩៤ភាគរយ​ នៅ​ឆ្នាំ២០២០​ ហើយ​ត្រូវ​ចប់​នៅ​ខែធ្នូ​ ពេល​សន្និបាត​ឆ្នាំ២០២១​ គឺ​ត្រូវ​បញ្ចប់​ការចុះបញ្ជី​ក្បាលដី​ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​ ដែល​ប៉ាន់ស្មាន​មាន​ជាង៧លាន​ក្បាលដី​”។

លោក​បាន​សង្កត់ធ្ងន់​ថា​ ការចុះបញ្ជី​ក្បាល​ជូន​ប្រជាពលរដ្ឋ​ឱ្យ​អស់​នៅ​ឆ្នាំ២០២១​ ខាងមុខនេះ​ គឺជា​ការងារ​ដ៏​សំខាន់​បំផុត​ ដើម្បី​ឱ្យ​ការគ្រប់គ្រង​ដី​មាន​សុវត្ថិភាព​ មាន​បណ្ណ​សម្គាល់​អចលវត្ថុ​ជូន​ដល់​ប្រជាពលរដ្ឋ​ខ្មែ​រគ្រប់​ៗរូប​ ព្រមទាំង​ធ្វើ​ឱ្យ​មាន​ស្ថិរភាព​ ហើយ​បណ្ណ​នេះ​ក្លាយទៅជា​ទុន​ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ ក្រោម​ការដឹកនាំ​ដោយ​សម្តេច​តេជោ​ ហ៊ុន​ សែន​ បាន​ខិតខំ​ធ្វើការ​បែងចែក​ជូន​ដល់​ប្រជាពលរដ្ឋ​ មាន៥ដំណាក់កាល​កន្លង​ផុត​ទៅ​ហើយ​។

ចាប់ពី​ឆ្នាំ១៩៧៩​ រហូតមកដល់​បច្ចុប្បន្ន​នេះ​ រាជរដ្ឋាភិបាល​បាន​ផ្តល់​បណ្ណ​កម្មសិទ្ធិ​ ទទួលស្គាល់​សិទ្ធិ​កាន់កាប់​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​បាន​ ៥ដំណាក់កាល​ ដូច្នេះ​ការ​ផ្តល់​បណ្ណ​កម្មសិទ្ធិ​ទាំង៥ដំណាក់កាល​ បាន​ក្លាយជា​ទុន​ដែល​រដ្ឋ​បាន​ផ្តល់​ជូន​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​។

ការ​ផ្តល់​ជូន​បណ្ណ​កម្មសិទ្ធិ​លើ​ដីធ្លី​នេះ​ហើយ​ បាន​នាំមក​នូវ​សក្តា​នុ​ពល​លើ​ផ្នែក​សេដ្ឋកិច្ច​នៅក្នុង​ក្រុម​គ្រួសារ​ និង​អាច​ស្វែងរក​ដៃ​គូរ​អភិវឌ្ឍ​នានា​ មក​ធ្វើការ​អភិវឌ្ឍ​ទៅលើ​ដីធ្លី​របស់​ពួកគាត់​ជាដើម​។ និយាយ​ម្យ៉ាងទៀត​ វា​បាន​ក្លាយទៅជា​ការជំរុញ​អនុវត្តន៍​ការ​ដោះស្រាយ​វិវាទ​ដីធ្លី​ផង​ដែរ​។

លោក​ឧបនាយក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ទៀត​ថា​ “យើង​នៅសល់​ ២២០០​ ករណី​ទៀត​ នៅ​ទូទាំង​ប្រទេស​ ដែល​មិន​ទាន​បាន​ដោះស្រាយ​បញ្ចប់​តាមរយៈ​យន្តការ​ទាំងអស់​ ទាំង​ថ្នាក់​ជាតិ​ ថ្នាក់ក្រោម​ជាតិ​ និង​អាជ្ញាធរ​ដោះស្រាយ​ទំនាស់​ដីធ្លី​ នៅពេល​ដែល​សកម្មភាព​ នៃ​ការចុះបញ្ជី​ដីធ្លី​របស់​យើង​ដំណើរការ​បាន​ទៅមុខ​ថែមទៀត​ រហូតដល់​ ៩៤​ ភាគរយ​ បើ​ចុះបញ្ជី​បាន​មានន័យថា​ ដី​ទាំងនេះ​ គឺ​គ្មាន​ទំនាស់​ យើយ​អាច​ប្រកាស​តំបន់​វិ​និ​ឆ្ឆ័យ​បាន​ ហើយ​យើង​ចេញ​បណ្ណ​កម្មសិទ្ធិ​ ជូន​ដល់​ប្រជាពលរដ្ឋ​”៕

រដ្ឋាភិបាល​នឹង​ចាប់ផ្តើម​អនុវត្តន៍​ការ​ប្រមូល​ចំណូល​ពី​ការ​ផ្តល់​សេវា​ព័ត៌មាន​សុរិយោដី​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​

ដោយៈ​ វុត្ថា​

ភ្នំ​ពេញៈ​ យោង​តាម​ការប្រកាស​អន្តរក្រសួង​ស្តី​ពី​ ការ​ផ្តល់​សេវា​ព័ត៌មាន​សុរិយោដី​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ ចុះ​ថ្ងៃទី២៤​ ខែធ្នូ​ ឆ្នាំ២០១៩​ លក្ខខណ្ឌ​ និង​នីតិវិធី​នៃ​ការ​ប្រមូល​ចំណូល​ពី​សេវា​ផ្តល់​ព័ត៌មាន​សុរិយោដី​ តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ នឹង​ចាប់ផ្តើម​អនុវត្ត​ ក្រោយ​ការប្រកាស​របស់​រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​។

ការ​ប្រមូល​ចំណូល​ពី​កម្រៃ​សេវា​ព័ត៌មាន​សុរិយោដី​ តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ ត្រូវ​ធ្វើឡើង​តាមរយៈ​គ្រឹះស្ថាន​ធានា​គារ​ និង​ហិរញ្ញវត្ថុ​ដៃគូ​របស់ក្រ​សួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​។ កម្រៃ​សេវា​ព័ត៌មាន​សុរិយោដី​ តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ ត្រូវ​បាន​កំណត់​តម្លៃ ២០​,០០០រៀល​ ក្នុង​មួយ​ប្រតិ​បតិ្តការ​ ដោយ​គិ​តប​ញ្ជូល​រួម​ទាំង​កម្រៃ​សេវា​របស់​គ្រឹះស្ថាន​ធនាគារ​ និង​ហិរញ្ញវត្ថុ​ដៃគូ​។ នេះ​បើ​យោង​តាម​ ប្រកាស​អន្តរក្រសួង​ រវាង​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ និង​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង​។

អតិថិជន​ ដែល​មានបំណង​ប្រើប្រាស់​សេវា​ព័ត៌មាន​សុរិយោដី​ តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ អាច​ទំនាក់ទំនង​តាម​មន្ទីរ​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ សំណង់​ និង​សុរិយោដី​ រាជធានី​ ខេត្ត​ ឬនៅ​ការិយាល័យ​ច្រកចេញ​ចូល​តែមួយ​នៅ​ក្រសួង​រៀបចំ​ដែនដី​។

​“ព័ត៌មាន​សុរិយោដី​” គឺ​សំដៅ​ដល់​ព័ត៌មាន​អំពី​ការ​ជាប់​បន្ទុក​ ឬគ្មាន​ជាប់​បន្ទុក​នៃ​អចលនវត្ថុ​ណាមួយ​ ដែល​រួមមាន​ព័ត៌មាន​ទាក់ទង​នឹង​ឯកសិទ្ធិ​ សិទ្ធិ​លើ​ការ​បញ្ចាំ​ហ៊ី​ប៉ូ​តែក​ ហ៊ី​ប៉ូ​តែក​ដើម្បី​ធានា​បំណុល​អណ្តែត​ សិទ្ធិ​ជួល​អចិន្រ្តៃយ៍​ ផលុបភោគ​ សេវភាព​ ការ​រឹបអូស​ ការ​រឹបអូស​ជា​បណ្តោះអាសន្ន​ ការចាត់ចែង​ជា​បណ្តោះអាសន្ន​ ដែល​ហាមឃាត់​ការចាត់ចែង​អចលនវត្ថុ​ ការ​ហាម​មិន​ឱ្យ​បែងចែក​អចលនវត្ថុ​អវិភាគ​៕

តើ​ការ​កាត់​ប្លង់ដី​ផ្ទេរ​កម្មសិទ្ធិ​ពី​ម្ចាស់​ដើម​មក​អ្នកទិញ​ដោយ​មិន​ចំណាយ​លុយ​ច្រើន​ត្រូវ​ធ្វើបែប​ណា​?

ដោយៈ​ វុត្ថា​

ភ្នំ​ពេញៈ​ រាល់​ការទិញ​ដីធ្លី​ ភាគច្រើន​តែង​មាន​ភាពស៊ាំ​ញាំ​ ទៅលើ​ការរៀបចំ​ឯកសារ​ ដើម្បី​រត់ការ​កាត់​ប្លង់​ផ្ទេរ​ឈ្មោះ​ពី​ម្ចាស់​ដើម​ មក​ឈ្មោះ​អ្នកទិញ​ធ្វើជា​កម្មសិទ្ធិ​ជាពិសេស​ចំពោះ​អ្នក​ ដែល​មានការ​យល់ដឹង​ពី​ការ​រត់ការ​មិន​ច្បាស់លាស់​។

ជា​ជំនួយស្មារតី​ គេហទំព័រ​ Property​ area.asia​ សូម​លើកយក​នីតិវិធី​មួយចំនួន​មក​បង្ហាញ​ ដែល​អាច​មានប្រសិទ្ធភាព​ និង​ចំណាយ​លុយ​តិច​។

ករណីនេះ​ អាច​ប្រព្រឹត្តទៅ​បានតែ​ចំពោះ​ ប្តី​-ប្រពន្ធ​ ជា​ម្ចាស់ដី​ ដែល​មានជីវិត​រស់នៅ​តែប៉ុណ្ណោះ​។ ចំពោះ​ដំណើរការ​វិញ​ គឺ​មាន​ដូចតទៅ​ ទី​ ១.អ្នកទិញ​ត្រូវ​នាំ​ម្ចាស់ដី​ដើម​ទាំង​ប្តី​ប្រពន្ធ​ និង​សាក្សី​ម្នាក់​ ដោយ​ភ្ជាប់​ជាមួយ​ (ប្លង់ដី​ច្បាប់ដើម​ អត្តសញ្ញាណ​ប័ណ្ណ​ ឬសំបុត្រ​កំណើត​ និង​សៀវភៅ​គ្រួសារ​ថតចម្លង​ ​រួម​ទាំង​អត្តសញ្ញាណ​ប័ណ្ណ​អ្នកទិញ​ ទៅ​ទីស្នាក់ការ​សុរិយោដី​ស្រុក​ ដើម្បី​បំពេញ​លិខិត​លក់​ផ្តាច់​ ឯកសារ​ផ្ទេរសិទ្ធិ​ រួច​ផ្តិត​មេដៃ​យល់ព្រម​ទាំងអស់គ្នា​។ បុគ្គលិក​សុរិយោដី​ស្រុក​ ជា​អ្នក​បំពេញ​លើ​ឯកសារ​ពាក់ព័ន្ធ​ទាំងអស់​នេះ​។

ទី២​ ក្រោយពី​បំពេញ​លើ​លិខិត​លក់​ផ្តាច់​ ឯកសារ​ផ្ទេរសិទ្ធិ​ និង​ផ្តិត​មេដៃ​ ចំពោះមុខ​បុ​ក្គ​លិក​សុរិយោ​ដៃ​រួច​។ បន្ទាប់មក​ម្ចាស់ដី​ ឬអ្នកទិញ​ត្រូវ​យក​លិខិត​លក់​ផ្តាច់​ ប្លង់ដី​ច្បាប់ដើម​ និង​ឯកសារ​ផ្ទេរសិទ្ធិ​ ទៅ​ជួប​មេភូមិ​ដើម្បី​សុំ​ហត្ថលេខា​ពី​គាត់​ រួច​យក​ជួប​មេឃុំ​ ដើម្បី​សុំ​ហត្ថលេខា​ បោះត្រា​ (មេភូមិ​ និង​មេឃុំ​មាន​សិទ្ធិ​ហត្ថលេខា​ និង​បោះត្រា​តែ​លើ​លិខិត​ផ្ទេរសិទ្ធិ​ប៉ុណ្ណោះ​ ហើយ​លោកអ្នក​អាច​ជូន​ប្រាក់​ ដល់​ពួកគាត់​ខ្លះទៅ​តាម​សន្តាន​ចិត្ត​ នេះ​មិនមែន​ជា​អំពើពុករលួយ​នោះ​ទេ​)។

បន្ទាប់មក​ទៀត​ត្រូវ​យក​លិខិត​លក់​ផ្តាច់​ ប្លង់ដី​ច្បាប់ដើម​ និង​ឯកសារ​ផ្ទេរសិទ្ធិ​ទៅ​ប្រគល់​ជូន​ប្រធាន​មន្ទី​សុរិយោដី​ស្រុក​វិញ​ ដើម្បី​ហត្ថលេខា​សម្រេច​ និង​បោះត្រា​បញ្ចប់​ការផ្ទេរ​សិទ្ធិ​ត្រឹម​ស្រុក​។ តម្លៃ​សេវា​សុរិយោដី​ស្រុក​គឺ​ចំនួន២០ម៉ឺន​រៀល​ ក្នុង​ដី​មួយ​ប្លង់​ទោះបី​ធំ​ឬតូច​ប៉ុណ្ណា​ក៏ដោយ​ ដែល​ជា​ប្រភេទ​ដី​កសិកម្ម​។

ត្រឹម​ដំណាក់កាល​នេះ​ អាច​ជា​ដំណាក់កាល៥០​% នៃ​ដំណើរការ​ផ្ទេរសិទ្ធិ​ ប៉ុន្តែ​ប្លង់ដី​ដដែល​ គឺ​នៅតែ​ជាប់​ឈ្មោះ​ម្ចាស់ដី​ដើម​នៅឡើយ​ តែ​គ្រាន់តែ​មាន​លិខិត​ផ្ទេរសិទ្ធិ​ និង​លក់​ផ្តាច់​អម​ជាមួយ​ ដោយ​ស្របច្បាប់​មានន័យ​អំណះអំណាង​ថា​ អ្នក​បាន​ទិញ​រួចហើយ​។ អ្នក​អាច​បន្តដំណើរ​ការ​កាត់​ប្លង់ដី​មក​ជា​ឈ្មោះ​អ្នក​ ដោយ​បន្ត​ដំណាក់កាល​តទៅមុខ​ទៀត​ដូចតទៅ​៖

ចំពោះ​ដំណាក់កាល​ចុងក្រោយ​ ប្រសិនបើ​អ្នក​ចង់បាន​ឈ្មោះ​នៅ​លើ​ប្លង់ដី​ ដែល​អ្នក​បាន​ទិញ​ពី​ម្ចាស់​ដើម​ ដោយ​ប្តូរ​ឈ្មោះ​កម្មសិទ្ធិ​ពី​ម្ចាស់​ដើម​ មក​ជា​ឈ្មោះ​អ្នក​វិញ​ គឹ​ត្រូវ​អនុវត្ត​ដូច​ខាងក្រោម​៖ គឺ​ម្ចាស់ដី​ ឬក៏​ជា​អ្នកទិញ​ ត្រូវ​យក​លិខិត​លក់​ផ្តាច់​ ប្លង់ដី​ច្បាប់ដើម​ និង​ឯកសារ​ផ្ទេរសិទ្ធិ​ ដែល​បាន​ធ្វើរួចរាល់​ពី​មន្ទី​សុរិយោដី​ស្រុក​ យក​ទៅ​កាន់​មន្ទី​សុរិយោដី​ខេត្ត​ដើម្បី​ត្រួតពិនិត្យ​ឡើងវិញ​ និង​បោះត្រា​បញ្ជាក់​ថា​មាន​ឯកសារ​បញ្ជាក់​លិខិតស្នាម​គ្រប់គ្រាន់​ និង​អនុវត្ត​គ្រប់​តាម​នីតិវិធី​។

​រួច​ត្រូវ​យក​លិខិត​លក់​ផ្តាច់​ ប្លង់ដី​ច្បាប់ដើម​ និង​ឯកសារ​ផ្ទេរសិទ្ធិ​ទៅ​បង់ពន្ធ​ប្រថាប់ត្រា​ប្រាក់៤​% នៃ​តម្លៃ​ដី​តាមច្បាប់​កំណត់​នៅ​ឯអគ្គ​នាយដ្ឋាន​ពន្ធ​ដា​ខេត្ត​ ដោយ​រង់ចាំ​រយៈពេល​មួយ​ខែ​ ដើម្បី​វាយតម្លៃ​ដី​ក្នុង​តំបន់​។ បន្ទាប់ពី​វាយ​តំលៃ​ដី​ និង​គណនា​ពន្ធ​ប្រថាប់ត្រា​រួច​ ខាង​អគ្គ​នាយដ្ឋាន​ពន្ធ​ដា​ខេត្ត​ នឹង​ទាក់ទង​ទៅ​ម្ចាស់ដី​ ឬអ្នកទិញ​ដើម្បី​មក​បង​ពន្ធ​ប្រថាប់ត្រា៤​% រួច​ដក​យក​លិខិត​លក់​ផ្តាច់​ ប្លង់ដី​ច្បាប់ដើម​ និង​ឯកសារ​ផ្ទេរសិទ្ធិ​ត្រលប់​មកវិញ​។

​បន្ទាប់ពី​បាន​បង់ពន្ធ​ប្រថាប់ត្រា​រួច​ ម្ចាស់ដី​ឬអ្នកទិញ​ត្រូវ​យក​លិខិត​លក់​ផ្តាច់​ ប្លង់ដី​ច្បាប់ដើម​ និង​លិខិត​ផ្ទេរសិទ្ធិ​នោះ​ទៅ​មន្ទី​សុរិយោដី​ខេត្ត​វិញ​ ដើម្បី​ចុះហត្ថលេខា​ និង​បោះ​មក​ត្រាស​ម្រេច​ដោយ​ជោគជ័យ​ ពី​ប្លង់ដី​ឈ្មោះ​ម្ចាស់​ដើម​ មក​ឈ្មោះ​អ្នកទិញ​ ដោយ​បង់ថ្លៃ​សេវា​ចំនួន២០ម៉ឺន​រៀល​ ដើម្បី​ចេញ​ជា​ប្លង់ដី​ថ្មី​ ជា​ឈ្មោះ​កម្មសិទ្ធិ​របស់​អ្នកទិញ​។ រយៈពេល​ទទួល​បាន​ប្លង់​ថ្មី​អាច​ចន្លោះ​ពី​បី​ខែ​ទៅ៦ខែ​៕

រដ្ឋាភិបាល​ចាប់ផ្តើម​ការ​ធ្វើ​កំណែទម្រង់​ពន្ធដារ​ដើម្បី​ទប់ស្កាត់​ការ​ចាកចេញ​របស់​ក្រុមហ៊ុន​បរទេស​

ដោយ​ ៖ រ៉ា​ណេត​

ភ្នំ​ពេញៈ​ រដ្ឋាភិបាល​តាមរយៈ​អគ្គនាយក​ពន្ធដារ​កម្ពុជា​ បាន​ចេញ​សេចក្ដីថ្លែង​ការណ៍​មួយ​ ឆ្លើយតបទៅនឹង​ការ​ចេញ​ផ្សារ​របស់​បណ្តាញ​ សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ ដែល​លើកឡើង​ក្រោម​ប្រធានបទ​ “ តើ​អាជីវកម្ម​នឹង​ចាកចេញ​ពី​កម្ពុជា​ ដោយសារតែ​ការកែទម្រង់​ពន្ធដារ​” ។

សេចក្ដីថ្លែង​ការ​របស់​អគ្គនាយក​ដ្ឋាន​ពន្ធដារ​បាន​លើកឡើង​ថា​ កន្លង​ទៅ​ថ្មី​ៗនេះ​ សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ បាន​ធ្វើការ​ចុះផ្សាយ​អត្ថបទ​មួយ​ក្រោម​ចំណងជើង​ថា​ “តើ​អាជីវកម្ម​នឹង​ចាកចេញ​ពី​កម្ពុជា​ ដោយសារតែ​ការកែទម្រង់​ពន្ធដារ​ (will​ businesses​ pull​ out​ of​ Cambodia​ over​ tax​ reforms​) ? ដោយធ្វើ​ការ​សម្ភាស​ជាមួយ​បុគ្គល​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ លើ​បញ្ហា​មួយចំនួន​ពាក់​ព័ន្ឋនឹង​ការ​ធ្វើស​វន​កម្ម​ពន្ធដារ​ និង​ការកែទម្រង់​របស់​អគ្គនាយក​ដ្ឋាន​ពន្ធដារ​។

អគ្គនាយក​ដ្ឋាន​ពន្ធដារ​បញ្ជាក់​ថា​ សវនកម្ម​ពន្ធដារ​ សំដៅ​ដល់​ការពិនិត្យ​បញ្ជាក់​លើ​បញ្ជី​កា​គណនេយ្យ​ របាយការណ៍​ហិរញ្ញវត្ថុ​ និង​ឯក​សារ​ផ្សេង​ៗ ដែល​ពាក់ព័ន្ធ​នឹង​អាជីវកម្ម​របស់​អ្នកជាប់ពន្ធ​ ដើម្បី​បញ្ជាក់​ថា​ការប្រកាស​បង់ប្រាក់​ពន្ធ​ បាន​ត្រឹមត្រូវ​តាមច្បាប់​ និង​បទប្បញ្ញត្តិ​ស្តី​ពី​ពន្ធដារ​។ ការ​ធ្វើស​វន​កម្ម​ពន្ធដារ​ គឺជា​វិធានការ​ដ៏​សំខាន់​ដែល​ត្រូវ​បាន​ប្រើប្រាស់​ទូទាំង​សកលលោក​ ដែល​ជាខ្នាត​(ម៉ែត្រ​)សម្រាប់​វាស់​ និង​ពង្រឹង​ការគោរព​ច្បាប់​ការ​ប្រមូល​ពន្ធ​ឱ្យ​មាន​តម្លាភាព​ និង​ការធានា​សមធម៌​ក្នុង​ការ​បង់ពន្ធ​។

ថ្មី​ៗនេះ​ ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ បាន​ចេញប្រកាស​លេខ២៧០​ សហវ.ប្រក​ ចុះ​ថ្ងៃទី១៣​ ខែមីនា​ ឆ្នាំ២០១៥ស្តី​ពី​ សវន​កម្ម​ពន្ធ​រ ក្នុង​គោលបំណង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​នីតិវិធី​នៃ​ការ​ធ្វើស​វន​កម្ម​ ដើម្បី​ធានា​នូវ​តម្លាភាព​ក្នុង​ការ​បង់ប្រាក់​ពន្ធ​ និង​បង្កើន​បរិយាកាស​ប្រកួតប្រជែង​ដោយ​ស្មើភាព​ ក្នុង​ការ​ប្រកប​អាជីវកម្ម​ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ហើយ​មាន​វិសាលភាព​ អនុវត្ត​លើ​អ្នកជាប់ពន្ធ​តាម​របប​ស្វ័យ​ប្រកាស​ ដែល​មាន​ហានិភ័យ​ពន្ធដារ​ជាក់លាក់​ ដោយ​មិន​បែងចែក​ជាតិសាសន៍​ឬប្រភេទ​នៃ​អ្នកជាប់ពន្ធ​ ឬទៅ​បើប់​អ្នកជាប់ពន្ធ​ទាំងអស់​នោះ​ទេ​។

អគ្គនាយក​ដ្ឋាន​ពន្ធដារ​សូមជម្រាប​ជួន​ផង​ដែរ​ថា​ ដើម្បី​គាំទ្រ​ដល់​ការ​ធ្វើអាជីវកម្ម​របស់​សហគ្រាស​ធុន​តូច​ និង​ឆ្លើយតប​នឹង​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ ដែល​តែងតែ​គិតគូរ​ និង​យកចិត្ត​ទុកដាក់​ដល់​ប្រជាពលរដ្ឋ​ ដែល​ប្រកប​អាជីវកម្ម​ជា​សហគ្រាស​ធុន​តូច​ អគ្គនាយក​ដ្ឋាន​ពន្ធដារ​ មិនដែល​បាន​ដាក់​កម្មវិធី​សវនកម្ម​ចំពោះ​សហគ្រាស​ដែល​ជា​អ្នកជាប់ពន្ធ​តូច​ទាំងអស់​នៅឡើយ​ទេ​។

​មកទល់​នឹង​បច្ចុប្បន្ន​នេះ​ ហើយ​ការ​ធ្វើស​វន​កម្ម​នេះ​ទៀតសោត​ មិនមែន​គ្រប់​អ្នកជាប់ពន្ធ​ដែល​ទទួលរង​សវនកម្ម​ទាំងអស់​ សុទ្ធតែ​ប្រព្រឹត្ត​កំហុសឆ្គង​ ហើយ​ទទួលរង​ការកំណត់​ពន្ធ​ឡើងវិញ​ទាំងអស់​នោះ​ទេ​ គឺ​អាស្រ័យ​លើ​កម្រិត​នៃ​ការ​អនុលោម​តាមច្បាប់​និង​បទប្បញ្ញត្តិ​ជាធរមាន​របស់​អ្នកជាប់ពន្ធ​ផង​ដែរ​ ដែល​កន្លងមក​ក៏​មាន​អ្នកជាប់ពន្ធ​ជាច្រើន​ ដែល​បាន​ស្នើ​ សុំ​ធ្វើស​វន​កម្ម​មក​អគ្គនាយក​ដ្ឋាន​ពន្ធដារ​ ត្រូវ​បាន​ទទួលការ​កំណត់​ពន្ធ​ឡើងវិញ០រៀល​ផង​ដែរ​។

ពាក់ព័ន្ធ​នឹង​ការកំណត់​ពន្ធ​ឡើងវិញ​នេះ​ អគ្គនាយក​ដ្ឋាន​ពន្ធដារ​សូម​លើក​ទី​កចិត្ត​ដល់​អ្នកជាប់ពន្ធ​ទាំងអស់​ ក្នុង​ការ​តវ៉ា​ចំពោះ​ការកំណត់​ពន្ធ​ទាំងឡាយ​ណា​ ដែល​អ្នកជាប់ពន្ធ​យល់ថា​មិន​ត្រឹមត្រូវ​ ដោយ​គ្មាន​ការ​ខ្លា​ចរ​អារ​អ្វី​ទាំងអស់​ ដើម្បី​ចូលរួម​ក្នុង​ការអនុវត្ត​ច្បាប់​។ ចំពោះ​ការ​តវ៉ា​លើ​ការកំណត់​ពន្ធ​ឡើងវិញ​នេះ​ អគ្គនាយក​ដ្ឋាន​ពន្ធដារ​សូម​គូសបញ្ជាក់​បន្ថែម​ថា​ រយៈពេល៣០ថ្ងៃ​ ដែល​អ្នកជាប់ពន្ធ​មាន​សិទ្ធិ​ ក្នុង​ការ​តវ៉ា​ចំពោះ​ការកំណត់​ពន្ធ​នេះ​ គ្រាន់តែ​ជា​រយ​ពេល​ដែល​អ្នកជាប់ពន្ធ​ ត្រូវ​ដាក់​លិខិតតវ៉ា​ដោយ​ភ្ជាប់​ឯកសារ​មួយចំនួន​ ទាក់ទិន​លើ​ការកំណត់​ពន្ធ​នោះ​ប៉ុណ្ណោះ​ មិនមែន​ជា​រយៈពេល​ដោះស្រាយ​បញ្ចប់​ការ​តវ៉ា​នោះ​ទេ​។

សេចក្ដី​លម្អិត​សូម​អាន​នូវ​សេចក្ដីប្រកាស​ដូច​ខាងក្រោម​នេះ​ ៖

កម្ពុជា​ និង​កូរ៉េ​ខាងត្បូង​នឹង​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​ដល់១០០០លាន​ដុល្លារ​នៅ​ឆ្នាំ​ ២០២០​

ដោយ​ ប៊ី​

ភ្នំ​ពេញៈ​ ប្រទេស​កម្ពុជា​ និង​សាធារណរដ្ឋ​កូរ៉េ​ មាន​គោលដៅ​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​ដល់១ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​ ២០២០​។

រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​កម្ពុជា​លោក​ប្រាក់​ សុ​ខុន​ និង​ឯកអគ្គ​រដ្ឋទូត​កូរ៉េ​ដែល​ទើប​តែងតាំង​ថ្មី​នៅ​កម្ពុជា​ Park​ Heung​-kengeng​ នៅ​ថ្ងៃទី​ ២៣​ ខែធ្នូ​បាន​ពិភាក្សា​គ្នា​អំពី​វិធី​ដើម្បី​ពន្លឿន​ការអនុវត្ត​កិច្ច​ព្រមព្រៀង​ ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​បន្ថែម​ទៀត​ដែល​បាន​ចុះហត្ថលេខា​ ក្នុង​កិច្ចប្រជុំ​កំពូល​នៅ​ទី​ក្រុង​ប៊ូ​សាន​កាលពី​ខែមុន​។

ភាគី​ទាំងពីរ​បាន​ឯកភាព​គ្នា​ក្នុង​ការ​បង្កើន​ពាណិជ្ជកម្ម​ និង​វិនិយោគ​ជាពិសេស​លើ​វិស័យ​ទេសចរណ៍​។ ភាគី​ទាំងពីរ​ជឿជាក់​ថា​ កិច្ច​ព្រមព្រៀង​ទាំងនេះ​ នឹង​ជំរុញ​អាជីវកម្ម​កូរ៉េ​ឱ្យមក​វិនិយោគ​នៅ​កម្ពុជា​កាន់តែ​ច្រើន​។

នៅ​ខាងក្រៅ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ និង​សាធារណរដ្ឋ​កូរ៉េ​នៅ​ទី​ក្រុង​ប៊ូ​សាន​នា​ខែ​ វិច្ឆិកា​ ឆ្នាំ២០១៩កន្លងមក​ រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​កម្ពុជា​ និង​ភាគី​កូរ៉េ ​លោក​ Kang​ Kyung​-wha​ បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ចំនួន៥​ រួម​ទាំង​ការសិក្សា​រួមគ្នា​ស្តី​ពី​លទ្ធភាព​នៃ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​។

ភាគី​ទាំងពីរ​ក៏បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​ នៃ​ការយោគយល់​គ្នា​ចំនួន​ពីរ​ស្តី​ពី​កិច្ច​សហប្រតិបត្តិ​ការ​ ក្នុង​វិស័យ​កសិកម្ម​ បច្ចេកវិទ្យា​ ទូរគមនាគមន៍​ និង​ព័ត៌មាន​។

ក្នុងរយៈពេល៩ខែ​ឆ្នាំ២០១៩​ ពាណិជ្ជកម្ម​ទ្វេភាគី​សម្រេច​បាន​ជិត៧០០លាន​ដុល្លារ​។ក្នុងរយៈពេល២៣ឆ្នាំ​កន្លងមក​នេះ​សាធារណរដ្ឋ​កូរ៉េ​ បាន​វិនិយោគ​ទឹកប្រាក់​ចំនួន​ ៤,៤៧ពាន់​លាន​ដុល្លារ​អាមេរិក​មក​ក្នុង​ប្រទេស​កម្ពុជា​៕