ដោយ ហ្សូលី
ភ្នំពេញ៖ ការស្ថាបនានូវគម្រោងផ្លូវជាតិលេខ ១០ ដែលមានប្រវែងប្រមាណ ១៩៨ គីឡូម៉ែត្រ គ្រោងនឹងបញ្ចប់ក្នុងរយៈពេល ៤ ឆ្នាំខាងមុខស្របតាមផែនការអភិវឌ្ឍ ត្រូវបានប្រជាជននៅក្បែរតំបន់ផ្លូវជាតិនោះរំពឹងថា ផ្លូវនេះនឹងក្លាយទៅជាច្រកទ្វារយុទ្ធសាស្ត្រសម្រាប់ទីផ្សារពិភពលោក ពង្រឹងសេដ្ឋកិច្ចក្នុងតំបន់ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ដែលរស់នៅតំបន់ភាគខាងលិចនៃប្រទេសកម្ពុជា។

គម្រោងស្ថាបនាផ្លូវជាតិថ្មីនេះនឹងជម្រុញឱ្យប្រជាជនកម្ពុជាពង្រឹងប្រព័ន្ធផលិតកម្មកសិកម្មដែលមានស្រាប់ និងជំរុញការធ្វើពិពិធកម្មពាណិជ្ជកម្មទន្ទឹមនឹងការអភិវឌ្ឍន៍ឧស្សាហកម្ម។ បន្ថែមពីនេះ ជួយឱ្យផលិតផលកសិកម្មដែលដាំដុះនៅផ្ទៃដីប្រទេសកម្ពុជាត្រូវបានដឹកទៅកាន់ច្រកចេញចូលសំខាន់ៗ ជាពិសេសកំពង់ផែសមុទ្រជ្រៅនៅខេត្តកោះកុង និងព្រះសីហនុ។
សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានថ្លែងថា «ផ្លូវជាតិលេខ១០នេះ ប្រាកដណាស់ថានឹងផ្តល់ភាពងាយស្រួលសម្រាប់ការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋនិយាយរួមគ្រប់ផ្នែក។ បន្តិចទៀតអាចនឹងមានរោងចក្របង្កើតនៅកន្លែងនេះ ព្រោះវាងាយក្នុងការដឹកជញ្ជូន ធ្លាក់ទៅខេត្តត្រាត ទៅចុះនៅសមុទ្រទឹកជ្រៅនៅខេត្តត្រាតនោះ។»
ការធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់ផ្លូវជាតិលេខ ១០ ទៅកាន់កំពង់ផែសមុទ្រ បង្កើនការប្រកួតប្រជែងនិងសក្ដានុពលនៃឧស្សាហកម្ម និងកសិ-ឧស្សាហកម្ម។ ម្យ៉ាងទៀត ផ្លូវនេះបានបង្កើតនិងចែកចាយអត្ថប្រយោជន៍ជាច្រើនដល់អាជីវកម្ម ជាពិសេសកសិករតូចតាចនៅក្នុងបរិបទនៃការកសាងសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ ១៩ ក្នុងពេលបច្ចុប្បន្ន។
លោក វ៉ាស៊ីម សូរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានមានប្រសាសន៍ថា ការស្ថាបនាផ្លូវជាតិលេខ ១០នេះគឺជាការធ្វើសមាហរណកម្មផ្ទៃក្នុងកម្ពុជាផង ដើម្បីសម្រួលការដឹកជញ្ជូនផង ដោយសារភូមិភាគពាយ្យ័ពជាតំបន់ដែលសម្បូរទៅដោយផលិតផលកសិកម្ម ដោយសារផ្លូវជាតិនេះអាចដឹកជញ្ជូនតាមរយៈកំពង់ផែទៅកាន់ប្រទេសទី ៣ ដោយមិនចាំបាច់ពឹងផ្អែកប្រទេសជិតខាង ដូច្នេះធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាកាន់តែមានភាពរឹងមាំ។
ដំណាំដែលត្រូវបានកសិករខ្មែររំពឹងទុកថានឹងមានកំណើនការនាំចេញនោះគឺ ដំឡូងមី ជាលទ្ធផលប្រទេសកម្ពុជានឹងក្លាយទីតាំងល្អប្រសើរជាងមុននាពេលអនាគត ដើម្បីផ្គត់ផ្គង់ទីផ្សារពិភពលោកជាមួយនឹងផលិតផលអេកូ។
ជាលទ្ធផលនៃសកម្មភាពនេះដោយក្រសួងសាធារណការនិងដឹកជញ្ជូនបានប្រែក្លាយផ្លូវនេះទៅជាដំណោះស្រាយដ៏ជោគជ័យបំផុតមួយ ដើម្បីទ្រទ្រង់ផលិតកម្មកសិផល និងលើកកម្ពស់ការប្រកួតប្រជែងរបស់ប្រទេសកម្ពុជារួមទាំងភាពទាក់ទាញដល់វិស័យឯកជននិងវិនិយោគិននាពេលអនាគត៕






