ក្រុមហ៊ុន​លំដាប់​ពិភពលោក​មួយ​បោះទុន​ជិត១២០០លាន​ដុល្លារ​ សាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នៅ​លើ​ទីក្រុង​កោះ​ពេជ្រ​

ដោយ​គង់​ សូ​រិយា​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន BOCC​ DEVELOPMENT​ CO​.,LTD​. ដែល​ជា​ក្រុមហ៊ុន​លំដាប់​ពិភពលោក​ គ្រោង​ចំណាយ​ទុន ១១៨១លាន​ដុល្លារ​អាមេរិក​ ដើម្បី​សាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ និង​លំនៅ​ដ្ឋាន​ប្រណីត​នៅ​លើ​ទីក្រុង​កោះ​ពេជ្រ​។

យោង​តាម​សេចក្តី​ប្រកា​សព៌​តមាន​ របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ​បាន​ឲ្យដឹង​កាលពី​ព្រលប់​ថ្ងៃទី២៥​ ធ្នូ​កន្លងមក​ថា​ ក្រុមហ៊ុន​ខាងលើ​នេះ​មាន​គម្រោង​សាងសង់​ និង​អាជីវកម្ម​សណ្ឋាគារ​ថ្នាក់​ផ្កាយ៥​ ចំនួន៥០០បន្ទប់​, Service​ Hotel​ Apartment​ ថ្នាក់​ផ្កាយ៤​ ចំនួន១.៦០០​units​ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​សង្កាត់​ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ “លើ​កោះ​ពេជ្រ​”។

ក្រុមហ៊ុន​នេះ​គ្រោង​ដាក់​ទុន​វិនិយោគ​ ប្រមាណ ១​,១៨១ពាន់​លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន ៦.៣៧០កន្លែង​។

លោក​ទូច​ សំណាង ​អគ្គនាយករង​ក្រុមហ៊ុន​ OCIC​ ដែល​កំពុង​គ្រប់គ្រង​អភិវឌ្ឍន៍​ទីក្រុង​កោះ​ពេជ្រ​ បាន​មានប្រសាសន៍​ឲ្យដឹង​កាលពី​សប្តាហ៍​មុន​ថា​ ពិតជា​មាន​គំរោង​ដ៏​ធំ​បាន​និង​កំពុង​ត្រៀម​សាងសង់​នៅ​លើ​ទីក្រុង​កោះ​ពេជ្រ​ ប៉ុន្តែ​លោក​មិន ទាន់​បញ្ជាក់​ពី​ឈ្មោះ​ក្រុមហ៊ុន​ និង​ឈ្មោះ​គំរោង​នេះ​នៅឡើយ​ទេ​ ប៉ុន្តែ​ពេលនេះ​គំរោង​នេះ​ពិតជា​ត្រូវ​បាន​អនុម័ត​ដោយ​ CDC​។

លោក​បន្ត​ថា​ “គំរោង​នេះ​មាន​ទីតាំងនៅ​តំបន់​ផ្សា​រាត្រី​ និង​កន្លែង​លេង​កំសាន្ត​របស់​កុមារ​ ដែល​បច្ចុប្បន្ន​តំបន់​លេង​កំសាន្ត​នេះ​បាន​រើ​ចាកចេញ​ហើយ​”។ លោក​បន្ត​ថា​ “ផ្ទៃដី​កោះ​ពេជ្រ​ ទើប​អភិវឌ្ឍន៍​បាន៥០ភាគរយ​ ហើយ​បើ​គិត​ពី​ផ្ទៃក្រឡា​សំណង់​នៅ​លើ​ទីក្រុង​កោះ​ពេជ្រ​ ទើប​សម្រេច​បាន២៥ភាគរយ​ប៉ុណ្ណោះ​”៕

CDC​ អនុម័ត​គំរោង​វិនិយោគ​មាន​ទឹកប្រាក់​ជិត​ ២០០០លាន​ដុល្លារ​អាមេរិក​ក្នុង​សប្តាហ៍​នេះ​

អគារ CDC។ រូបថត៖ សហការី

ដោយ​ ម៉ា​ណេត​

ភ្នំ​ពេញៈ​ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​(CDC​) បាន​អនុម័ត​គំរោង​វិនិយោគ​ចំនួន៩​ ដែល​មាន​ទំហំ​ទឹកប្រាក់​ជាង១៩២៨ លាន​ដុល្លារ​អាមេរិក​ នៅក្នុង​សប្តាហ៍​នេះ​។

យោ​ហង​តាម​សេចក្តី​ប្រកាស​របស់​ CDC​ ដែល​ទើប​ទទួល​បាន​កាលពី​ព្រលប់​ថ្ងៃទី២៥​ ធ្នូ​កន្លងមក​នេះ​បាន​ឲ្យដឹង​ថា​ តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន​ គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ បានសម្រេច​ចេញ​វិញ្ញា​បន​ប័ត្រ​ចុះបញ្ជី​ជាស្ថាពរ​ ជូន​ដល់​ក្រុមហ៊ុន​ដូច​ខាងក្រោម​៖

ទី១​-ក្រុមហ៊ុន​ “SCHNEITEC​ POWER​ CO​., LTD​” គម្រោង​សាងសង់​ខ្សែ​បណ្តាញ​បញ្ជូន​ និង​អនុ​ស្ថានីយ​អគ្គិសនី​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​សង្កាត់​លេខ៤​ ក្រុង​ព្រះសីហនុ​ ខេត្ត​ព្រះសីហនុ​ មាន​ទុន​វិនិយោគ​ប្រមាណ​ ៧១លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន៧០កន្លែង​។

ទី២​- ក្រុមហ៊ុន​“SCHNEITEC​ INFINITE​ CO​., LTD​” គម្រោង​សាងសង់​ស្ថានីយ​ផលិត​ថាមពល​អគ្គិសនី​ដើរ​ដោយ​ពន្លឺ​ព្រះអាទិត្យ​ កម្លាំង៣០មេ​ហ្គា​វ៉ាត់​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​អន្ស​ក្តាម​ ឃុំ​ស្នាអន្សា​ ស្រុក​ក្រគរ​ ខេត្តពោធិ៍សាត់​ មាន​ទុន​វិនិយោគ​ប្រមាណ​ ២៩លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ៣៥កន្លែង​។

ទី៣​-ក្រុមហ៊ុន​ ​“DE​ HEUS​ TMH​ ​CO​., LTD​” គម្រោង​បង្កើត​រោងចក្រ​ផលិត​ចំណីសត្វ​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ៥១​ ភូមិ​ក្បាល​អូរ​ ឃុំ​ព្រះស្រែ​ ស្រុក​ឧដ្តុង្គ​ ខេត្ត​កំពង់ស្ពឺ​ មាន​ទុន​វិនិយោគ​ប្រមាណ​ ១១​,២លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន ១៥៥កន្លែង​។

ទី៤ក្រុមហ៊ុន​-“MILLPLAN​ INDUSTRIES​ (CAMBODIA​) CO​.,LTD​.” គម្រោង​បង្កើត​រោងចក្រ​ផ្គុំ​ដំឡើង​សម្ភារៈ​ អេឡិចត្រូនិក​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ប្លុក​ I-J ផ្លូវជាតិ​លេខ៤១​ ភូមិ​វាលវង់​ ឃុំ​សែនដី​ ស្រុក​សំរោងទង​ ខេត្ត​កំពង់ស្ពឺ​ មាន​ទុន​វិនិយោគ​ប្រមាណ​ ៧លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន៧៣០កន្លែង​។

ទី៥​-ក្រុមហ៊ុន​ ​“FHL​ INDUSTRIES​ ​CO​., LTD​” គម្រោង​បង្កើត​រោងចក្រ​ផ្គុំ​ដំឡើង​គ្រឿង​បរិ​ក្ខា​អគ្គិសនី​ និង​គ្រឿង​អេឡិចត្រូនិក​គ្រប់​ប្រភេទ​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ចំបក់​ ឃុំ​វល្លិ​សរ​ ស្រុក​សំរោងទង​ ខេត្ត​កំ​ពង៉​ស្ពឺ​ មាន​ទុន​វិនិយោគ​ប្រមាណ២​,៤លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន៧៣៤កន្លែង​។

ទី៦​-ក្រុមហ៊ុន​“CXD​ INDUSTRY​ CO​.,LTD​.” គម្រោង​បង្កើត​រោងចក្រ​ផ្គុំ​ដំឡើងរថយន្ត​គ្រប់​ប្រភេទ​ និង​គ្រឿងម៉ាស៊ីន​ សម្ភារៈ​បរិ​ក្ខា​ផ្សេង​ៗ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​គ្រួស​ សង្កាត់​សំរោង​ ខណ្ឌ​ព្រែ​កភ្នៅ​ រាជធានី​ភ្នំពេញ​ មាន​ទុន​វិនិយោគ​ប្រមាណ៦លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន៧៣០កន្លែង​។

ទី៧​-ក្រុមហ៊ុន​“AEON​ MALL​ (CAMBODIA​) CO​.,LTD​.” គម្រោង​សាងសង់​ផ្សារ​ទំនើប​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ព្រែក​តា​ឡុង៣​ សង្កាត់​ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ មាន​ទុន​វិនិយោគ​ប្រមាណ​ ២៨៩​,៦​លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​រាប់​រយ​កន្លែង​។

ទី៨​-ក្រុមហ៊ុន​“XIN​ DA​ SHI​ JIE​ INTERNATIONAL​ HOTEL​ CO​.,LTD​.” គម្រោង​សាងសង់​ និង​អាជីវកម្ម​សណ្ឋាគារ​ថ្នាក់​ផ្កាយ៥​ ចំនួន១.៥០០បន្ទប់​ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ១​ សង្កាត់​លេខ៣​ ក្រុង​ព្រះសីហនុ​ ខេត្ត​ព្រះសីហនុ​ មាន​ទុន​វិនិយោគ​ប្រមាណ៣៣១​,៥លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន២.៥០៩កន្លែង​។

ទី៩​-ក្រុមហ៊ុន​“BOCC​ DEVELOPMENT​ CO​.,LTD​.” គម្រោង​សាងសង់​ និង​អាជីវកម្ម​សណ្ឋាគារ​ថ្នាក់​ផ្កាយ៥​ ចំនួន​៥០០បន្ទប់​, Service​ Hotel​ Apartment​ ថ្នាក់​ផ្កាយ៤​ ចំនួន១.៦០០​units​ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​សង្កាត់​ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ “លើ​កោះ​ពេជ្រ​” មាន​ទុន​វិនិយោគ​ប្រមាណ​ ១,១៨១ពាន់​លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន៦.៣៧០កន្លែង​៕

កំណើន​ចំនួន​មហាសេដ្ឋី​ចិន​វ៉ា​ដាច់​អាមេរិក​ជាលើកដំបូង​ក្នុង​ប្រវត្តិ​សាស្រ្ត​

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ នេះ​ជា​លើកទីមួយ​ហើយ​ ដែល​ប្រទេស​ចិន​បាន​វ៉ា​ដាច់​អាមេរិក​នៅ​ឆ្នាំនេះ​ដោយ​ក្លាយជា​ប្រទេស​លេខមួយ​ ដែល​មាន​ល្បឿន​នៃ​ចំនួន​ប្រជាជន​មានទ្រព្យ​សម្បត្តិ​ខ្ពស់​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក​ ដែល​មាន​រហូតដល់​ចំនួន១០ភាគរយ​។ នេះ​បើ​យោង​តាម​ធនាគារ​វិនិយោគ​ស្វីស​ឈ្មោះ​ Credit​ Suisse​ Group​ ។

របាយការណ៍​ទ្រព្យសម្បត្តិ​សកល​ឆ្នាំ២០១៩​ របស់​ធនាគារ​បាន​រក​ឃើញថា​ ចិន​ និង​អាមេរិក​នៅតែ​ឈរ​នៅ​លំដាប់​កំពូល​ នៃ​ការបង្កើត​ទ្រព្យសម្បត្តិ​ពិភពលោក​ ដែល​ជា​និន្នាការ​មួយ​មាន​រយៈពេល១០ឆ្នាំ​កន្លងមក​។

របាយការណ៍​បាន​និយាយ​ថា​“ក្នុង​ទសវត្ស​កន្លងមក​ ការបង្កើត​ទ្រព្យសម្បត្តិ​សកល​បាន​ផ្តោត​លើ​ប្រទេស​ចិន​ និង​អាមេរិក​។ នៅ​ឆ្នាំនេះ​ អាមេរិក​បាន​ពង្រីក​កំណើន​ទ្រព្យសម្បត្តិ​របស់​ខ្លួន​ បន្ទាប់ពី​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​ក្នុង​ឆ្នាំ២០០៨​”។

របាយការណ៍​ក៏បាន​រក​ឃើញថា​ ពលរដ្ឋ​អាមេរិក​មាន​ចំនួន៤០ភាគរយ​ នៃ​មហាសេដ្ឋី​នៅ​ជុំវិញ​ពិភពលោក​។

ទោះ​យ៉ាងណា​ ចិន​គឺជា​ប្រទេស​ ដែល​មាន​កំណើន​សេដ្ឋកិច្ច​លឿន​បំផុត​ ហើយ​បាន​ជំនួស​កន្លែង​សហភាព​អឺរ៉ុប​ ដែល​ជា​ប្រភព​នៃ​ការបង្កើត​ទ្រព្យសម្បត្តិ​ និង​បាន​វ៉ា​ដាច់​ជប៉ុន​ដើម្បី​ឈរ​នៅ​លំដាប់​ទី២នៃ​ចំនួន​មហាសេដ្ឋី​។

របាយការណ៍​បាន​ពន្យល់​ថា​ “ទ្រព្យសម្បត្តិ​នៅក្នុង​ប្រទេស​ចិន​ បាន​ចាប់ផ្តើម​វិវត្តន៍​ ពី​មូលដ្ឋាន​ទាប​ ប៉ុន្តែ​បាន​កើនឡើង​ក្នុង​ល្បឿន​លឿន​ជាង​អំឡុង​ឆ្នាំ​មុន​ៗ។ វា​គឺជា​ប្រទេស​មួយ​ ក្នុងចំណោម​ប្រទេស​មួយចំនួន​ ដែល​ត្រូវ​ចៀសវាង​ផល​ប៉ះពាល់​នៃ​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​”។

របាយការណ៍​បាន​បន្ថែម​ថា​ “ការ​រីកចម្រើន​របស់​ចិន​ បាន​ធ្វើ​ឱ្យ​ប្រទេស​នេះ​អាច​ជំនួស​កន្លែង​អឺរ៉ុប​ ជា​ប្រភព​ដ៏​សំខាន់​នៃ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ និង​ជំនួស​កន្លែង​ប្រទេស​ជប៉ុន​ ក្នុងនាម​ជា​ប្រទេស​ដែល​មាន​ចំនួន​មហាសេដ្ឋី​លំដាប់​ទី២​”។

នៅ​ចុងបញ្ចប់​នៃ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​បា​នប​ញ្ឈប់សង្គ្រាម​ពាណិជ្ជកម្ម​ដ៏​ថ្លៃ​បំផុត​មួយ​ នៅក្នុង​ប្រវត្តិ​សាស្រ្ត​ និង​បាន​នាំមក​នូវ​សញ្ញា​ដំបូង​នៃ​ការ​ថយ​ចុះ​នៃ​សង្រ្គាម​ពាណិជ្ជកម្ម​រយៈពេល១៧​ ខែ​រវាង​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំជាង​គេ​ទាំងពីរ​នៅ​លើ​ពិភពលោក​។

អង្គការ​សហប្រតិបត្តិ​ការ​ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ (OECD​) បាន​បញ្ជាក់​ថា​ ភាព​មិន​ត្រឹមត្រូវ​ នៃ​សង្រ្គាម​ពាណិជ្ជកម្ម​អាមេរិក​ និង​ចិន​បាន​បណ្តាល​ឱ្យ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ធ្លាក់ចុះ​ដូច​កម្រិត​វិបត្តិ​ហិរញ្ញវត្ថុ​ដ៏​ធំ​កាលពី១០ឆ្នាំមុន​៕

CDC​ អនុម័ត​គំរោង​វិនិយោគ​ផ្សារ​ទំនើប​ AEON​ MALL3​ ជា​ផ្លូវការ​ហើយ​

ដោយ ​ម៉ា​ណេត​

ភ្នំ​ពេញៈ​ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​(CDC​) បាន​អនុម័ត​ជា​ផ្លូវការ​នូវ​គំរោង​វិនិយោគ​ផ្សារ​ទំនើប​លំដាប់​អន្តរជាតិ​ AEON​ MALL3​ ជា​ផ្លូវការ​ហើយ​ ដែល​គម្រោង​នេះ​ត្រូវ​បាន​ប្រភព​ស្និ​ទ្ឋ​នឹង​អ្នក​វិនិយោគ​ថា​ ការសាងសង់​នឹង​ចាប់ផ្តើម​នៅ​កំឡុង​ត្រី​មា​សទ​គី៣ឆ្នាំ២០២០​។

យោង​តាម​សេចក្តី​ប្រកាស​របស់​គណ​កម្មការ​វិនិយោគ​ នៃ​ក្រុមប្រឹក្សា​ភិ​វឌ្ឍន៍​កម្ពុជា​ ដែល​ Propertyarea.asia​ ទទួល​បាន​នា​ល្ងាច​ថ្ងៃទី២៥​ ធ្នូ​នេះ​បាន​ឲ្យដឹង​ថា​ -“AEON​ MALL​ (CAMBODIA​) CO​.,LTD​.” គម្រោង​សាងសង់​ផ្សារ​ទំនើប​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ព្រែក​តា​ឡុង៣​ សង្កាត់​ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ មាន​ទុន​វិនិយោគ​ប្រមាណ ២៨៩​,៦លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​រាប់​រយ​កន្លែង​។

ផ្សារ​ទំនើប ​AEON​ MALL3​ មាន​ទីតាំង​ស្ថិតនៅ​តាម​បណ្តោយ​មហាវិថី​សម្តេច​តេជោ​ហ៊ុន​ សែន​ ស្ថិតនៅ​ភាគ​ខាងត្បូង​រាជធានី​ភ្នំពេញ​ ដែល​ផ្សារ​ទំនើប​ទី៣នេះ​មាន​ទំហំ​ធំជាង​ផ្សារ​ទំនើប​ AEON​ MALL1​, EAON​ MALL2​។ ផ្សារ​ទំនើប​ថ្មីនេះ​នឹង​សាងសង់​លើ​ផ្តៃ​ដី១៨ហិ​កតា​ ហើយ​វា​នឹងជា​ផ្សារ​ទំនើប​ដ៏​ធំជាង​គេ​នៅ​រាជធានី​ភ្នំពេញ​៕

រដ្ឋាភិបាល​ចែក​សាលា​កប​ត្រ​ព័ត៌មាន​ជូន​ប្រជាពលរដ្ឋ​ដែល​អាស្រ័យផល​ដី​នៅ​តំបន់៣​

ដោយ​ វុត្ថា

​គោក​ត្របែក​៖ រដ្ឋាភិបាល​តាម​រយ:អ​ជ្ញា​ធរ​ខេត្តកំពង់ធំ​បាន​ចែក​សាលា​កប័ត្រ​ព័ត៌មាន​ជូន​ប្រជាពលរដ្ឋ​ដែល​អាស្រ័យផល​ដី​នៅ​តំបន់៣​ មាន​ចំនួន​ ១២៤គ្រួសារ​ស្ថិតនៅ​ភូមិ​គោក​ត្របែក​ ឃុំ​ស្រឡៅ​ ស្រុក​តាំងគោក​ ខេត្ត​កពង់​ធំ​។

លោក​ថោង​ ខុន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះមូលដ្ឋាន​ខេត្តកំពង់ធំ​នៅក្នុង​ពិធី​ចែក​សាលា​កប​ត្រ​ពត៌មាន​ជូន​ប្រជាពលរដ្ឋ​នា​ព្រឹក​ថ្ងៃទី​ ២៥​ ខែធ្នូ​ ឆ្នាំ២០១៩ ឱ្យ​ដឹង​ថា​ចំពោះ​ដី​អាស្រ័យផល​នៅ​តំបន់៣នេះ​ ក្រុមការងារ​ជំនាញ​បាន​ចុះ​បំពេញ​សាលា​កប​ត្រ​បាន​ចំនួន​ ១២៤គ្រួសារ​ ​ដែល​មានផ្ទៃ​ដី​សរុប​ ជាង​ ១៣១​ ហិ​កតា​ គិតជា​ក្បាលដី​ចំនួន​ ១៣៣ក្បាលដី​ ក្នុង​នោះ​ប្រជាពលរដ្ឋ​ដែល​មាន​ក្បាលដី​ ០២ប្លង់​ មាន​ចំនួន​ ០៧គ្រួសារ​ និង​មាន​ក្បាលដី​ ០៤ប្លង់​ មាន​ចំនួន​ ០១គ្រួសារ​។

លោក​បន្ត​ថា​ ការ​ចុះ​ធ្វើ​សាលា​កប​ត្រ​នេះ​ គឺ​ក្រុមការងារ​ចុះ​ធ្វើ​តែ​លើ​ទីតាំង​ដែល​ប្រជាពលរដ្ឋ​អាស្រ័យផល​ជាក់ស្តែង​តែប៉ុណ្ណោះ​ ហើយ​ក្នុង​ ០១គ្រួសារ​ មិន​លើស​ពី​ ០៥ហិ​កតា​។

លោក​ ថោង​ ខុន​ បាន​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​ដែល​ទទួល​បាន​សាលា​កប​ត្រ​ព័ត៌មាន​នេះ​ និង​ប្រជាពលរដ្ឋ​ទូទៅ​

– ហាម​ទិញ​ ឬលក់ដូរ​ដី​នៅ​តំបន់៣នេះ​ ព្រោះ​ជា​ដី​អាស្រ័យផល
​- សូមកុំ​កាប់​ទន្ទ្រាន​ដី​ព្រៃ​ និង​ដី​នៅ​តំបន់ហាមឃាត់
​- សូមកុំ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់​ ពិសេស​ការ​ឆក់​ត្រី​
– សូម​ចូលរួម​ថែរក្សា​ និង​ការពារ​ធនធាន​ធម្មជាតិ​ ដើម្បី​ទុកឲ្យ​កូនចៅ​ជំនាន់​ក្រោយ​
– សូម​អាជ្ញាធរ​ខេត្ត​ មន្ទីរ​ជំនាញ​ពាក់ព័ន្ធ​ និង​អាជ្ញាធរ​មូលដ្ឋាន​ បង្ក​លក្ខណៈ​ដល់​ការ​បង្កបង្កើនផល​ និង​អាស្រ័យផល​របស់​ប្រជាពលរដ្ឋ​មូលដ្ឋាន​
– សូម​ចូលរួម​ថែរក្សា​រាល់​សមិទ្ធផល​ទាំងឡាយ​នៅ​ភូមិ​គោក​ត្របែក​ ដែល​ជាអំណោយ​ដ៏​ថ្ងៃ​ថ្លា​របស់​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ និង​សប្បុរសជន​នានា​
– សូម​បងប្អូន​ប្រជាពលរដ្ឋ​មាន​ជំនឿ​ជឿជាក់​ កក់ក្តៅ​ និង​ទុកចិត្ត​មក​លើ​រាជរដ្ឋាភិបាល​ ដែល​មាន​សម្តេច​តេជោ​ ហ៊ុន​ សែន​ ជានា​យក​រដ្ឋមន្រ្តី​ ក្នុង​ការ​បន្ត​ដឹកនាំ​ និង​កសាង​ប្រទេសជាតិ​ឆ្ពោះទៅ​រក​សុខ​សន្តិភាព​ ស្ថិរភាព​ និង​ការ​អភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ​។

ប្រជា​ពល​ដ្ឋ​មាន​សេចក្តី​រីករាយ​ក្រៃលែង​ និង​សូម​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​ ក្រុមការងារ​ថ្នាក់​ជាតិ​ រដ្ឋបាល​ខេត្ត​ ស្រុក​ ឃុំ​ និង​ភូមិ​ ដែល​បាន​យកចិត្ត​ទុកដាក់​គិតគូរ​ដល់​ការ​បង្កបង្កើនផល​ និង​ជីវភាពរស់នៅ​របស់​ប្រជាពលរដ្ឋ​មូលដ្ឋាន​៕

SME​ ដែល​ជា​វិស័យ​ឆ្អឹងខ្នង​សេដ្ឋកិច្ច​ខេត្ត​ព្រះសីហនុ​ កើនឡើង​ដល់​ ៣,១១០​ មូលដ្ឋាន​

ដោយ ​វុត្ថា

​ភ្នំពេញ​: គិត​ត្រឹម​ត្រីមាស​ទី៤​ ឆ្នាំ២០១៩​ សហគ្រាស​ធុន​តូច​ និង​មធ្យម​ (SME​) ក្នុង​ខេត្ត​ព្រះសីហនុ​ មាន​ចំនួន​ ៣,១១០​ មូលដ្ឋាន​ និង​ប្រើប្រាស់​កម្លាំង​ពលកម្ម​ជាច្រើន​នាក់​។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​អគ្គនាយក​ដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​ ដែល​បាន​ផ្សព្វផ្សាយ​កាលពី​កន្លង​ទៅ​ថ្មី​ៗនេះ​ នៅក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តី​ពី​ការ​លើកទឹកចិត្ត​ផ្នែក​គយ​និង​ផ្នែក​ពន្ធដារ​ សម្រាប់​សហគ្រាស​ធុន​តូច​និង​មធ្យម​ នៅក្នុង​ខេត្ត​ព្រះសីហនុ​។

លោក​ គុណ​ ញឹម​ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ នៃ​អគ្គនាយក​ដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​បាន​គូសបញ្ជាក់​ថា​ សហគ្រាស​ធុន​តូច​និង​មធ្យម​ គឺជា​ឆ្អឹងខ្នង​សេដ្ឋកិច្ច​ និង​ជា​កម្លាំង​ចលករ​ដ៏​ខ្លាំង​មួយ​ ក្នុង​ការជំរុញ​កំណើន​និង​បង្កើត​ការងារ​។

លោក​បន្ត​ថា​ ក្នុង​បរិបទ​នេះ​ កម្ពុជា​ដែល​មាន​ សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ដាក់ចេញ​នូវ​វិធានការ​ជាច្រើន​ដើម្បី​គាំទ្រ​វិស័យ​ សហគ្រាស​ធុន​តូច​និង​មធ្យម​ ដូច​មាន​ចែង​ក្នុង​ឯកសារ​គោលនយោបាយ​ និង​ឯកសារ​យុទ្ធ​សាស្រ្ត​ រួមមាន​៖

(១). គោល​ នយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ ២០១៥​-២០២៥​ (២). យុទ្ធ​សាស្រ្ត​ចតុកោណ​ដំណាក់កាល​ទី៤​ និង​ (៣). យុទ្ធ​សាស្រ្ត​កៀរគរ​ចំណូល​ ២០១៩​-២០២៣​។

លោក​បន្ថែម​ថា​កន្លងមក​ រាជរដ្ឋាភិបាល​ធ្លាប់​បាន​ដាក់ចេញ​នូវ​វិធានការ​ជាបន្តបន្ទាប់​ ក្នុង​ការ​គាំទ្រ​ដល់​វិស័យ​កសិកម្ម​ និង​សហគ្រាស​ធុន​តូច​និង​មធ្យម​ រួមមាន​ ការ​បញ្ចុះ​អត្រាពន្ធគយ​ អត្រា​អាករ​ពិសេស​ ការ​ដាក់​អាករ​លើ​តម្លៃបន្ថែម​ជា​បន្ទុក​រដ្ឋ​ និង​ការ​ដាក់​អាករ​នាំចេញ​ជា​បន្ទុក​រដ្ឋ​លើ​មុខទំនិញ​ជា​ជី​កសិកម្ម​ ពូជ​ដំណាំ​ ពូជសត្វ​ បសុ​ឱសថ​ ចំណីសត្វ​ សម្ភារ​គ្រឿងចក្រ​កសិកម្ម​ និង​វត្ថុធាតុដើម​ផលិតកម្ម​បម្រើ​ក្នុង​វិស័យ​ទាំងនេះ​។

លោក​បន្ថែម​ថា​ ដើម្បី​ជំរុញ​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ និង​ដើម្បី​លើកស្ទួយ​បន្ថែម​ទៀត​ដល់​សហគ្រាស​ធុន​តូច​និង​មធ្យម​ ថ្មី​ៗនេះ​ រាជរដ្ឋាភិបាល​បាន​ផ្តល់​ការ​លើកទឹកចិត្ត​ផ្នែក​គយ​ និង​ផ្នែក​ពន្ធដារ​ តាមរយៈ​អនុក្រឹត្យ​លេខ​ ១២៤​ អន​ក្រ.បក​ ចុះ​ថ្ងៃទី០២​ ខែតុលា​ ឆ្នាំ២០១៨​ និង​អនុក្រឹត្យ​លេខ​ ៥០​ អន​ក្រ.បក​ ចុះ​ថ្ងៃទី២៥​ ខែមីនា​ ឆ្នាំ២០១៩​ ដែល​ផ្តោត​លើ​វិស័យ​អាទិភាព​ចំនួន​ ៨ រួមមាន​៖ (១).សហ​-គ្រាស​ផលិត​និង​ផ្គត់ផ្គង់​ទឹក​ស្អាត​, (២).ផលិតកម្ម​កសិកម្ម​ ឬកសិ​-ឧស្សាហកម្ម​, (៣).ផលិតកម្ម​ផលិត​ និង​កែច្នៃ​ម្ហូបអាហារ​, (៤).កម្មន្តសាល​ផលិត​ទំនិញ​បម្រើ​ឱ្យ​ការនាំចេញ​, (៥).កម្មន្តសាល​ផលិត​ទំនិញ​ប្រើប្រាស់​ក្នុង​ស្រុក​ កែច្នៃ​កាកសំណល់​ និង​ផលិត​ទំនិញ​សម្រាប់​វិស័យ​ទេសចរណ៍​, (៦).កម្មន្តសាល​ផលិត​នូវ​ផលិតផល​សម្រេច​ ឬផលិតផល​ពាក់កណ្តាល​សម្រេច​ ឬផ្នែក​ ឬគ្រឿង​បង្គុំ​ ដើម្បី​ផ្គត់ផ្គង់​ឱ្យ​កម្មន្តសាល​ដទៃទៀត​, (៧).ការស្រាវជ្រាវ​ និង​អភិវឌ្ឍ​បច្ចេកវិទ្យា​ព័ត៌មាន​ដែល​មាន​លក្ខណៈ​នវានុវត្តន៍​ និង​ (៨).អ្នក​អភិវឌ្ឍន៍​តំបន់​ប្រមូល​ផ្តុំ​សហគ្រាស​ធុន​តូច​និង​មធ្យម​៕

អាមេរិក​ និង​ចិន​ពន្លឿន​ការរៀបចំ​ពិធីការ​ចុះហត្ថលេខា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ដំណាក់​ទី១​

ដោយ​ Donald​ Lee​

ភ្នំពេញ​៖ អាមេរិក​ និង​ចិន​កំពុងធ្វើការ​យ៉ាងសកម្ម​ជាមួយគ្នា​ដើម្បី​រៀបចំ​ពិធី​ចុះហត្ថលេខា​រវាង​ប្រធានាធិបតី​អាមេរិក​ Donald​ Trump​ និង​មេដឹកនាំ​ចិន​លោក​ស៊ី​ ជិន​ពីង​សម្រាប់​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ដំណាក់កាល​ទី​ ១ ដែល​បាន​ព្រមព្រៀង​គ្នា​នៅដើម​ខែ​ ធ្នូ​។

អ្នកតំណាង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​លោក​ Robert​ Lighthizer​ បាន​និយាយ​ថា​ ពិធី​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ត្រូវ​បាន​រំពឹង​ថា​នឹង​ត្រូវ​រៀបចំឡើង​នៅ​សប្តាហ៍​ដំបូង​នៃ​ឆ្នាំ​ថ្មីនេះ​។

លោក​ Trump​ បាន​និយាយ​ជា​សាធារណៈ​ថា​ ការ​ចុះហត្ថលេខា​កំពុង​ត្រូវ​បាន​ពន្លឿន​ មុនពេលកំណត់​ដើម្បី​បញ្ចប់​វា​ឱ្យ​បាន​ឆាប់​តាមដែល​អាច​ធ្វើ​ទៅ​បាន​។

លោក​ Trump​ បាន​ប្រាប់​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃ​ អង្គារ​ ថា​ “យើង​នឹង​មាន​ពិធី​ចុះហត្ថលេខា​មួយ​។ ទីបំផុត​យើង​នឹង​ធ្វើ​វា​ នៅពេល​យើង​ជួបជុំគ្នា​។ ហើយ​យើង​នឹង​មានការ​ចុះហត្ថលេខា​លឿន​ជាង​មុន​ ពីព្រោះ​យើង​ចង់​សម្រេច​វា​ឱ្យ​បាន​។ កិច្ច​ព្រមព្រៀង​នេះ​ត្រូវ​បាន​ធ្វើ​ហើយ​ ហើយ​វា​កំពុង​ត្រូវ​បាន​បកប្រែ​ឥឡូវនេះ​”។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​លោក​ Geng​ Shuang​ បាន​និយាយ​ថា​ មន្ត្រី​អាមេរិក​កំពុងធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ប្រទេស​ចិន​ដើម្បី​រៀបចំ​ការ​ចុះហត្ថលេខា​នេះ​។ នៅក្នុង​សារព័ត៌មាន​ប្រចាំថ្ងៃ​លោក​ Geng​ បាន​និយាយ​ថា​ “ក្រុម​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​របស់​ភាគី​ទាំងពីរ​កំពុង​ប្រាស្រ័យ​ទាក់ទង​យ៉ាង​ជិតស្និទ្ធ​អំពី​ការរៀបចំ​លម្អិត​សម្រាប់​ការ​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ និង​ការងារ​តាមដាន​ផ្សេងទៀត​”។

កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​អាមេរិក​ និង​ចិន​ដំណាក់កាល​ទី​ ១ បាន​បញ្ឈប់​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​មានតម្លៃ​ថ្លៃជាង​គេ​បំផុត​មួយ​នៅក្នុង​ប្រវត្តិសាស្ត្រ​ ហើយ​បាន​នាំមក​នូវ​សញ្ញា​ដំបូង​នៃ​ការ​ថយ​ចុះ​នៃ​សង្រ្គាម​ពាណិជ្ជកម្ម​រយៈពេល​ ១៧​ ខែ​រវាង​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំជាង​គេ​ទាំងពីរ​នៅ​លើ​ពិភពលោក​។

អង្គការ​សហប្រតិបត្តិ​ការ​ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ (OECD​) បាន​បញ្ជាក់​ថា​ ផល​ប៉ះពាល់​នៃ​សង្រ្គាម​ពាណិជ្ជកម្ម​អាមេរិក​ និង​ចិន​បាន​បណ្តាល​ឱ្យ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ធ្លាក់ចុះ​ ដូច​កម្រិត​វិបត្តិ​ហិរញ្ញវត្ថុ​ដ៏​ធំ​កាលពី​ ១០​ ឆ្នាំមុន​។

ផល​ប៉ះពាល់​នៃ​សង្រ្គាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​បណ្តាល​ឱ្យ​មានការ​ធ្លាក់ចុះ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ និង​រៀបចំឡើង​វិញ​នូវ​ខ្សែ​សង្វាក់​តម្លៃ​ពិភពលោក​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។

សង្គ្រាម​ពន្ធ​នេះ​នាំ​ឱ្យ​អត្រាកំណើន​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​ចិន​ធ្លាក់ចុះ​ដល់​ ៦ ភាគរយ​នៅក្នុង​ត្រីមាស​ទី​ ៣។ នេះ​បើ​យោង​តាម​របាយការណ៍​ស្ថិតិ​ជាតិ​ចុងក្រោយ​បង្អស់​របស់​ការិយាល័យ​ស្ថិតិ​ជាតិ​ (NBS​) ។ ត្រីមាស​ទី​ ៣ នៃ​ឆ្នាំ​ ២០១៩​ គឺជា​រយៈពេល​ដំណើរការ​អាក្រក់​បំផុត​ក្នុងរយៈពេល​ជិត​ ៣០​ ឆ្នាំ​និង​ជា​សញ្ញា​បង្ហាញ​ពី​ការ​ធ្លាក់ចុះ​សេដ្ឋកិច្ច​ពី​កំណើន​ ៦,២​ ភាគរយ​នៅក្នុង​ត្រីមាស​ទី​ ២។

លើស​ពីនេះ​ទៀត​ អង្គការ​ UNCTAD​ ដែល​ជា​ស្ថាប័ន​សំខាន់​របស់​អង្គការសហប្រជាជាតិ​ទាក់ទង​នឹង​បញ្ហា​ពាណិជ្ជកម្ម​ និង​ការ​អភិវឌ្ឍ​បាន​ចេញ​របាយការណ៍​មួយ​ដែល​រក​ឃើញថា​ អ្នកប្រើ​ប្រាស់​ និង​អាជីវកម្ម​របស់​អាមេរិក​កំពុង​រង​ផល​ប៉ះពាល់​នៅក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​។

លោក​ Alessandro​ Nicita​ សេដ្ឋវិទូ​នៅក្នុង​របាយការណ៍​របស់​អង្គការសហប្រជាជាតិ​បាន​ថ្លែង​ថា​ “អ្នកប្រើ​ប្រាស់​អាមេរិក​កំពុង​បង់ពន្ធ​នេះ​ជាមួយ​លើ​តម្លៃ​ខ្ពស់​។ មិន​ត្រឹមតែ​អ្នកប្រើ​ប្រាស់​ចុងក្រោយ​ដូចជា​យើង​ទែ​ ប៉ុន្តែ​អ្នកនាំ​ចូល​ផលិតផល​មធ្យម​ និង​ក្រុមហ៊ុន​ដែល​នាំចូល​គ្រឿងបន្លាស់​ និង​គ្រឿងបន្លាស់​ពី​ប្រទេស​ចិន​ក៏​រង​ផល​ប៉ះពាល់​ផង​ដែរ​”៕

បុរី​ប៉េង​ ហួត​ ផ្ដល់​ជម្រើស​រស់នៅ​ប្រកបដោយ​ផាសុកភាព​ដល់​អតិថិជន​

បុរី​ប៉េង​ ហួត​ ផ្ដល់​ជម្រើស​រស់នៅ​ប្រកបដោយ​ផាសុកភាព​ដល់​អតិថិជន​
បុរី​ប៉េង​ ហួត​ ផ្ដល់​ជម្រើស​រស់នៅ​ប្រកបដោយ​ផាសុកភាព​ដល់​អតិថិជន​

ដោយ​ វល័​ក្ខ​

ភ្នំពេញ​៖ ក្រោយពី​ពិធី​បើក​សម្ពោធ​ជា​ផ្លូវការ​គម្រោ​ងហ្គ្រេន​ ស្តា​ផ្លា​ទី​នីម​ ដំណាក់កាល​ទី២​ “អេកូ​ ខល​ឡិក​សិន​” ក្នុង​មហា​ព្រឹត្តិ​ការណ៍​ “ភាព​ឥត​ខ្ចោះ​នៃ​ជីវិត​រស់នៅ​ក្នុង​ដែន​បៃតង​” បាន​បញ្ចប់​ដោយ​ជោគជ័យ​។ បុរី​ ប៉េង​ ហួត​ សូម​ថ្លែង​អំណរគុណ​ដល់​អតិថិជន​ ដែល​បាន​គាំទ្រ​យ៉ាងច្រើន​កុះករ​ ពី​គម្រោង​ថ្មី​ចំនួន​ពីរ​ដំបូង​ ក្នុងចំណោម​គម្រោង​ចំនួន៦​ គឺ​គម្រោង​ ដឹស្តា​ផ្លា​ទី​នីម​ អេកូ​មេ​ឡូ​ឌី​ និង​ គម្រោង​ ដឹស្តា​ផ្លា​ទី​នីម​ អេ​កូ​ឌែ​លតា​។

គម្រោង​ទាំងពីរ​ខាងលើ​ ស្ថិត​ក្នុង​តំបន់​បឹង​ស្នោ​រ ដែល​តំបន់​នេះ​បាន​ប្រែក្លាយ​ជាទី​ក្រុង​រណប​ ដ៏​សម្បូរ​បែប​មួយ​ សម្រាប់​ការកម្សាន្ត​ និង​ស្នាក់នៅ​ ដែល​រួមមាន​ សួន​កម្សាន្ត​បែប​អឺរ៉ុប​ សាលារៀន​អន្តរជាតិ​ កីឡដ្ឋាន​ ស្ថានីយ​ពន្លត់​អគ្គីភ័យ​ ខុន​ដូ​ និង​ផ្សា​ទំនើប​ ថែមទៀត​ផង​។ ​ក្រៅតែ​ពី​ភាព​សម្បូរ​បែប​ខាងលើ​ ក្នុង​គម្រោង​ដ៏​ធំ​នេះ​ ក៏បាន​បែប​ចែក​តំបន់​សម្រាប់​រស់នៅ​ និង​តំបន់​ពាណិជ្ជកម្ម​ ផង​ដែរ​។

សម្រាប់​គម្រោង​ស្តា​ផ្លា​ទី​នីម​ អេកូ​ មេ​ឡូ​ឌី​ ជា​គម្រោង​អេកូ​ធម្មជាតិ​ ត្រូវ​បាន​បង្កើត​ឡើងជា​មួយ​នឹង​ស្ថាបត្យកម្ម​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ខ្ពស់​ ដែល​មាន​រួមបញ្ចូល​នូវ​ក្បូរក្បាច់​រចនា​ដូច​ទៅ​នឹង​ឧបករណ៍​តន្ត្រី​យ៉ាង​ផ្ចិតផ្ចង់​ ដែល​ជា​គម្រោង​អភិវឌ្ឍ​លំនៅឋាន​ប្រណិត​ ដ៏​ថ្មីសន្លាង​ របស់​ បុរី​ ប៉េង​ ហួត​ ក្នុង​គម្រោង​ធំ​ ហ្គ្រេន​ស្តា​ផ្លា​ទី​នីម​ ដំណាក់កាល​ទី២​ “អេកូ​ ខល​ឡិក​សិន​” ដែល​នឹង​ផ្តល់​ជូន​នូវ​ប្រភេទ​វីឡា​ទំនើប​ចម្រុះ​រាប់ពាន់​ខ្នង​ រួមមាន​ឧទ្យាន​ដ៏​ធំអស្ចារ្យ​អម​ទៅ​ដោយ​រុក្ខជាតិ​ចម្រុះ​ខៀវស្រងាត់​ ទីធ្លា​កម្សាន្ត​ ហ៊ុមព័ទ្ធ​ដោយ​បឹង​ធម្មជាតិ​ ផ្លូវ​ជិះកង់​ ផ្លូវ​រត់​ហាត់ប្រាណ​ និង​កន្លែង​ក្មេង​លេង​ ដែល​ពោរពេញ​ទៅ​ដោយ​បរិយាកាស​បែប​ធម្មជាតិ​ ពិតជា​ផ្តល់​ជូន​នូវ​ បទពិសោធន៍​ថ្មី​ប្លែក​ និង​ ភាព​សម្បូរ​បែប​នៃ​ការរស់នៅ​បែប​ថ្មី​។

ក្នុង​គម្រោង​ស្តា​ផ្លា​ទី​នីម​ អេកូ​ មេ​ឡូ​ឌី​ នេះ​ផ្ទាល់​ មាន​ដូចជា​ វីឡា​ឃីង​ អេ​ វី​ឡា​ឃ្វីន​ ម៉ូត​ថ្មី​ ព្រីន​ ប៊ី​ ម៉ូត​ថ្មី​ វី​ឡា​ព្រីន​ និង​វីឡា​ភ្លោះ​។ លំនៅ​ដ្ឋាន​ទាំងនេះ​ ត្រូវ​បាន​ សាងសង់​ឡើង​ ដោយ​យកចិត្ត​ទុក​ពី​វិស្វករ​ជំនាញ​ ធ្វើអោយ​លំនៅ​ដ្ឋាន​មានគុណ​ភាព​ និង​ ភាព​ច្នៃប្រឌិត​ខ្ពស់​ ជាមួយ​សោភ័ណភាព​ និង​ផាសុកភាព​ ក្នុង​ការរស់នៅ​ ដែល​ទទួល​បានការ​កោតសរសើរ​មិន​ដាច់​ពី​មាត់​ពីសំណាក់​ អតិថិជន​។

សូម​បញ្ជាក់​ផង​ដែរ​ថា​ សម្រាប់​អតិថិជន​ ដែល​មានបំណង​ទិញ​លំនៅឋាន​ ក្នុង​គម្រោង​ខាងលើ​ លោកអ្នក​នឹង​ទទួល​បានការ​បញ្ចុះតម្លៃ​រហូតដល់​ ១១​% ដែល​ការ​ផ្តល់​ជូន​ មាន​សុពលភាព​ត្រឹម​ដំណាច់ខែ​ធ្នូ​ នេះ​តែប៉ុណ្ណោះ​។

សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ទាក់ទង​ទូរស័ព្ទ​លេខ​ ០៩៨​/ ០១៦​ / ០១៧​ ៥៩៦​ ៧៨៩​ ឬអាច​អញ្ជើញ​មក​សាកសួរ​ព័ត៌មាន​ ពី​គ្រប់​ការិយាល័យ​លក់​ ដែល​មាន​ទីតាំង​ក្បែរ​លោកអ្នក​រៀងរាល់​ម៉ោង​ធ្វើការ​!

#Boreypenghuoth​
ធ្វើអោយ​ជីវិត​លោកអ្នក​កាន់តែ​មានន័យ​!

មេដឹកនាំ​កូរ៉េ​ខាងត្បូង​ និង​ជប៉ុន​ “ទីបំផុត​” ជួបគ្នា​ដើម្បី​បញ្ចប់​សង្គ្រាម​ពាណិជ្ជកម្ម​

ដោយ​ Donald​ Lee​

ភ្នំពេញ​៖ ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លោ​កមូន​ ជេ​អ៊ី​ន និង​នាយក​រដ្ឋមន្រ្តី​ជប៉ុន​លោ​កស៊ីន​ហ្សូ​ អាបេ​ បាន​ជួបគ្នា​ជាលើក ដំបូង​នៅ​ឆ្នាំនេះ​ ចាប់តាំងពី​ការ​កើតឡើង​នូវ​សង្រ្គាម​ពាណិជ្ជកម្ម​ក្នុង​តំបន់​របស់​ពួកគេ​បាន​ផ្ទុះឡើង​នៅ​ឆ្នាំ​ ២០១៩​។

មេដឹកនាំ​ទាំងពីរ​បាន​ជួបគ្នា​នៅ​ទីក្រុង​ Chengdu​ ប្រទេស​ចិន​ក្នុង​កិច្ចប្រជុំ​កំពូល​បី​ដែល​មានការ​ចូលរួម​ពី​មន្ត្រី​ជាន់ខ្ពស់​មក​ពី​ប្រទេស​ចិន​ ជប៉ុន​ និង​កូរ៉េ​ខាងត្បូង​។ កិច្ចប្រជុំ​នេះ​ត្រូវ​បាន​សន្មត់​ថា​ ជា​ជំហាន​ដំបូង​ក្នុង​ការផ្សះផ្សា​សង្រ្គាម​ពាណិជ្ជកម្ម​ដែល​ប្រជាជន​កូរ៉េ​ភាគច្រើន​ធ្វើ​ពហិការ​ទំនិញ​ និង​សេវាកម្ម​របស់​ជប៉ុន​ទាំងអស់​ ហើយ​ជប៉ុន​រឹត​បន្តឹង​សំភារៈ​សំ​ខាន់​ៗ សម្រាប់​ឧស្សាហកម្ម​ផលិតកម្ម​របស់​ពួកគេ​។មិន​មាន​សេចក្តី​ប្រកាស​អំពី​ការ​បន្ធូរបន្ថយ​ក្នុង​ទំនាក់ទំនង​ត្រូវ​បាន​ធ្វើឡើង​ បន្ទាប់ពី​កិច្ចប្រជុំ​នោះ​ទេ​។

លោក​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ មូន​ បាន​និយាយ​ថា​ ដំណោះស្រាយ​មួយ​ចាំបាច់​ត្រូវ​ដោះស្រាយ​ ចាប់តាំងពី​ប្រទេស​ទាំងពីរ​មាន​ទំនាក់ទំនង​គ្នា​ដោយ​មិន​ចុះសម្រុង​គ្នា​។

លោ​កមូន​ បាន​និយាយ​ថា​ “ជប៉ុន​ និង​កូរ៉េ​ខាងត្បូង​ជា​អ្នកជិតខាង​បំផុត​ជា​ប្រវត្តិសាស្ត្រ​ និង​វប្បធម៌​ ហើយ​ជា​ដៃគូ​សំខាន់​ក្នុង​ការ​ផ្លាស់​ប្តូរ​ប្រជាជន​ និង​ប្រជាជន​”។ លោក​បាន​បន្ថែម​ថា​ “យើង​មិន​មាន​ទំនាក់ទំនង​ដែល​អាច​បំបែក​គ្នា​បានទេ​ សូម្បីតែ​ពេល​មាន​ភាព​មិន​ស្រួល​ខ្លះ​ក៏ដោយ​”។

លោក​ Naoki​ Okada​ អនុប្រធាន​លេខាធិការ​ខុទ្ទកាល័យ​របស់​ប្រទេស​ជប៉ុន​ បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​បន្ទាប់ពី​កិច្ចប្រជុំ​នេះ​ថា​ មានការ​ពិភាក្សា​ដោយ​ស្មោះត្រង់​ ប៉ុន្តែ​ភាព​ខុស​គ្នា​ធំៗ​មិនទាន់​ត្រូវ​បាន​អនុវត្ត​នៅឡើយ​ទេ​នៅក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​កំពុង​បន្ត​កើតមាន​។

លោក​ Okada​ បាន​ថ្លែង​ថា​ “នៅ​លើ​បញ្ហា​មួយចំនួន​ ទោះបីជា​មាន​បរិយាកាស​តានតឹង​ក៏ដោយ​ ពួកគេ​អាច​មានការ​ផ្លាស់​ប្តូរ​ទស្សនៈ​គ្នា​ដោយ​ត្រង់​។ បើ​គ្មាន​បញ្ហា​នេះ​ទេ​ ពួកគេ​បាន​ព្រមព្រៀង​ វា​នឹង​មិន​មាន​មធ្យោបាយ​ដើម្បី​រក​ដំណោះស្រាយ​ទេ​”។

រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​ចិន​លោក​ Zhong​ Shan​ បាន​និយាយ​ថា​ ទីក្រុង​ប៉េកាំង​មាន​ឆន្ទៈ​សម្រុះសម្រួល​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​បាន​និង​កំពុង​ទាញ​ទម្លាក់​សេដ្ឋកិច្ច​អាស៊ី​នៅ​ឆ្នាំនេះ​។

លោក​ Zhong​ បាន​និយាយ​ថា​ ទីក្រុង​ប៉េកាំង​នឹង​ធ្វើការ​ជាមួយ​ប្រទេស​ជប៉ុន​ និង​កូរ៉េ​ខាងត្បូង​ដើម្បី​ ប្រឆាំង​នឹង​ឯកតោភាគី​និយម​ និង​ការ​គាំពារ​និយម​ និង​រួមគ្នា​ថែរក្សា​សន្តិភាព​ និង​ស្ថេរ​ភាព​ក្នុង​តំបន់​ និង​លើកកម្ពស់​សេដ្ឋកិច្ច​ពិភពលោក​។

កិច្ចចរចា​ពាណិជ្ជកម្ម​ធ្វើឡើង​ក្នុង​ពេលវេលា​ដ៏​សំខាន់​មួយ​ នៅពេល​ដែល​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ី​បូព៌ា​នៅ​ទ្រឹង​ ដោយសារ​ជម្លោះ​ពន្ធ​អូស​បន្លាយ​។សង្គ្រាម​ពន្ធ​នាំ​ឱ្យ​អត្រាកំណើន​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​ចិន​ធ្លាក់ចុះ​ដល់​ ៦ ភាគរយ​នៅក្នុង​ត្រីមាស​ទី​ ៣។ នេះ​បើ​យោង​តាម​របាយការណ៍​ស្ថិតិ​ជាតិ​ចុងក្រោយ​បង្អស់​របស់​ការិយាល័យ​ស្ថិតិ​ជាតិ​ (NBS​) ។

ត្រីមាស​ទី​ ៣ នៃ​ឆ្នាំ​ ២០១៩​ គឺជា​រយៈពេល​ដំណើរការ​អាក្រក់​បំផុត​ក្នុងរយៈពេល​ជិត​ ៣០​ ឆ្នាំ​ និង​ជា​សញ្ញា​បង្ហាញ​ពី​ការ​ធ្លាក់ចុះ​សេដ្ឋកិច្ច​ពី​កំណើន​ ៦,២​ ភាគរយ​នៅក្នុង​ត្រីមាស​ទី​ ២ ។

ទន្ទឹម​នឹង​នេះ​ដែរ​ ជប៉ុន​ដែល​មាន​សេដ្ឋកិច្ច​ធំ​បំផុត​ទី​ ៣ នៅ​លើ​ពិភពលោក​បាន​ចាប់ផ្តើម​ធ្លាក់ចុះ​នៅក្នុង​ត្រីមាស​ទី​ ៣ ដោយមាន​អត្រាកំណើន​ផលិតផល​ក្នុង​ស្រុក​សរុប​ ០,២​ ភាគរយ​។ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​រដ្ឋាភិបាល​ជប៉ុន​៕

ក្រសួង​រៀបចំ​ដែនដី​ បាន​ដោះស្រាយ​វិវាទ​ដីធ្លី​ជួន​ប្រជាពលរដ្ឋ​បាន​ចំនួន ២១៦៥​ករណី​

ដោយ​ ៖ រ៉ា​ណេត

ភ្នំពេញ​ ៖ គិត​ត្រឹម​រយៈពេល១១ខែ​ ឆ្នាំ២០១៩កន្លងទៅ​នេះ​ ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ បាន​ដោះស្រាយ​បញ្ហា​វិវាទ​ដីធ្លី​ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ ចំនួន​ ២១៦៥​ ករណី​ ដើម្បី​ធានា​ដល់​ការ​កាន់កាប់​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ប្រកបដោយ​ភាព​ត្រឹមត្រូវ​ និង​ស្របច្បាប់​។

យោង​តាម​របាយការណ៍​របស់ក្រ​សួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ដែល​បាន​ប្រកាស​កាលពី​ព្រឹក​ថ្ងៃទី២៥​ ខែធ្នូ​ ឆ្នាំ២០១៩នេះ​ បាន​បញ្ជាក់​ថា​ នៅក្នុង​ឆ្នាំ២០១៩​ នេះ​ក្រសួង​បាន​ទទួល​ពាក្យ​បណ្តឹង​ពាក់ព័ន្ធ​នឹង​វិវាទ​ដីធ្លី​នៅ​ទំាង​ប្រទេស​មាន​ចំនួន​រហូតដល់​ជាង​ ៣២០០​ ករណី​ ខណៈ​ការ​ដោះស្រាយ​ចប់​រួចរាល់​បាន​ចំនួន​ ២១៦៥ករណី​ ។

របាយការណ៍​ដដែល​បាន​បង្ហាញថា​ ការ​ដោះស្រាយ​វិវាទ​ដីធ្លី​ក្នុង​យន្តការ​គណៈកម្មការ​សុរិយោដី​គឺ​ ទទួល​ពាក្យ​បណ្តឹង​ចំនួន​ ២៩០ករណី​ (ទទួល​ពី​គណៈកម្មការរដ្ឋបាល​ចំនួន២៣៨ករណី​) អនុវត្ត​បាន​ចំនួន​ ២៩៤​ ករណី​ ក្នុង​នោះ​ដោះស្រាយ​បញ្ចប់​ចំនួន​ ១៦៩​ ករណី​ មាន​ ៧២៣​ គ្រួសារ​ ស្មើនឹង​ផ្ទៃដី​ទំហំ​ ជាង១៣០ហិ​កតា​ ច្រានចោល​ពាក្យ​បណ្តឹង​បន្ទាប់ពី​ស៊ើបអង្កេត​ឃើញថា​ខុស​សមត្ថកិច្ច​ចំនួន​ ៩៥ករណី​ និង​សុំ​ដក​ពាក្យ​បណ្តឹង​ចំនួន​ ៣០​ ករណី​។

ការ​ដោះស្រាយ​វិវាទ​ដីធ្លី​ដោយក្រុម​ការងារ​ក្រសួង​ដែនដី​គឺ​ ទទួល​ពាក្យ​បណ្តឹង​ ចំនួន​ ៨១៧​ ករណី​ ដោះស្រាយ​សរុប​បាន​ចំនួន​ ១០៥​ ករណី​ ក្នុង​នោះ​ដោះស្រាយ​បញ្ចប់​បាន​ចំនួន​ ៨១ករណី​ និង​ធ្វើ​លិខិត​ឆ្លើយតប​ទៅ​ម្ចាស់​បណ្តឹង​ ឬបង្វែរ​ទៅ​សមត្ថកិច្ច​ពាក់ព័ន្ធ​ចំនួន២៤ករណី​។

ចំពោះ​លទ្ធផល​ការ​ដោះស្រាយ​របស់​អាជ្ញាធរ​ជាតិ​ ដោះស្រាយ​ទំនាស់​ដីធ្លី​វិញ​គឺ​ទទួល​បាន​ចំនួន​ ១ ៨៩៦​ ករណី​ ដោះស្រាយ​សរុប​បាន​ចំនួន​ ១ ៧៦៦​ ករណី​ បង្វែរ​ទៅ​ម្ចាស់​បណ្តឹង​ចំនួន​ ២ ករណី​ និង​កំពុង​ដោះស្រាយ​ចំនួន​ ១២៨​ ករណី​។

របាយការណ៍​បន្ថែម​ថា​ លទ្ធផល​នេះ​ក្រុម​ដោះស្រាយ​វិវាទ​ដីធ្លី​ចល័ត​ក្រុង​ ស្រុក​ ខណ្ឌ​ បាន​ដោះស្រាយ​បញ្ចប់​ចំនួន​ ១៤១​ ករណី​ ច្រានចោល​ចំនួន​ ៨៩​ ករណី​ ដក​ពាក្យចំ​នួន​ ២២​ ករណី​ និង​បញ្ជូន​ទៅ​គណៈកម្មការ​សុរិយោដី​ថ្នាក់​ខេត្ត​ចំនួន​ ៤១​ ករណី​។

ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ សន្យា​នឹង​ពង្រីក​យន្តការ​ដោះស្រាយ​វិវាទ​ដីធ្លី​ឱ្យ​បាន​លឿន​ និង​ឱ្យ​បាន​ច្រើនជាង​មុន​ ដើម្បី​ធានា​ឱ្យ​ប្រជាពលរដ្ឋ​បាន​កាន់កាប់​ដីធ្លី​របស់​ខ្លួន​ប្រកបដោយ​ភាព​ស្របច្បាប់​ និង​កាត់បន្ថយ​ជម្លោះ​បញ្ហា​ដីធ្លី​នៅ​កម្ពុជា​៕