ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ស្របពេលដែលកំណើននៃការប្រើប្រាស់ម៉ាសក្នុងការទប់ស្កាត់ការរាលដាលមេរោគ Covid-19 នៅកម្ពុជា រដ្ឋាភិបាលបានសម្រេចអនុម័តលើគម្រោងស្នើសុំវិនិយោគបង្កើតរោងចក្រផលិតម៉ាសមួយកន្លែងនៅរាជធានីភ្នំពេញ ជាមួយទំហំទឹកប្រាក់វិនិយោគជាង៣លានដុល្លារ។
ស្ថិតនៅក្នុងស្ថានភាពនៃការប្រឈមទៅនឹងបញ្ហាវីរុស Covid-19 ដែលកំពុងរាលដាលជាសាកល ក៏ដូចជានៅកម្ពុជា ដែលតម្រូវឱ្យការប្រើប្រាស់ម៉ាសមានកំណើន នៅពេលបច្ចុប្បន្ននេះ រដ្ឋាភិបាលកម្ពុជាបានសម្រេចគាំទ្រ និងអនុម័តទៅលើគម្រោងបង្កើតរោងចក្រផលិតម៉ាស និងកាបូប ក្រោមការវិនិយោគដោយក្រុមហ៊ុន HK BURLTEX MANUFACTORY CO., LTDមានទីតាំងវិនិយោគស្ថិតនៅសួនឧស្សាហកម្មវឌ្ឍនៈ ២ អគារលេខ ៩ ផ្លូវជាតិលេខ៣ ភូមិព្រៃសំព័រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៩១៥កន្លែង។
កាលពីចុងសប្ដាហ៍ទី៣ ខែមីនា ឆ្នាំ២០២០កន្លងទៅនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចអនុម័តទៅលើគម្រោងស្នើសុំវិនិយោគបង្កើតរោងចក្រចំនួន៧ ក្នុងទំហំទឹកប្រាក់វិនិយោគជាង២៤លានដុល្លារ ស្ថិតនៅក្នុងខេត្ត ក្រុងផ្សេងគ្នា ដែលផ្ដល់ឱកាសការងារបានចំនួន ៦៧៥២កន្លែង៕







