ក្រុមហ៊ុន​ផលិត​កង់​ដ៏​ធំ​មួយ​របស់​ចិន​នឹង​បង្កើត​រោងចក្រ​នៅ​កម្ពុជា​ដើម្បី​រួច​ពន្ធគយ​ពី​អាមេរិក​

ដោយ​ ប៊ី​

ភ្នំ​ពេញៈ​ ម្ចាស់​រោងចក្រ​ដែល​មាន​មូលដ្ឋាន​ នៅ​ទី​ក្រុង​ស៊ាង​ហៃ​ និង​អ្នកនាំ​ចេញ​កង់​ធំជាង​គេ​មួយ​នៅ​ប្រទេស​ចិន​ លោក​ Ge​ Lei​ បាន​គ្រោង​បើក​រោងចក្រ​នៅ​កម្ពុជា​ ដើម្បី​ទាញ​យក​ប្រយោជន៍​ពី​កម្លាំង​ពលកម្ម​ទាប​ និង​ជៀសវាង​ពន្ធ​របស់​អាមេរិក​។

លោក​ Ge​ គ្រោង​នឹង​បើក​រោងចក្រ​មួយ​នៅ​កម្ពុជា​ ដែល​នឹង​ធ្វើ​ឱ្យ​លោក​មិន​ត្រឹមតែ​ទាញ​យក​ប្រយោជន៍​ពី​កម្លាំង​ពលកម្ម​ទាប​ និង​ជៀសវាង​ពន្ធ​របស់​អាមេរិក​លើ​ផលិតផល​ចិន​ប៉ុណ្ណោះទេ​ ប៉ុន្តែ​ថែមទាំង​ផ្តល់​ឱ្យ​គាត់​នូវ​ឱកាស​ចូល​ទីផ្សារ​អឺរ៉ុប​ផង​ដែរ​។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​កាសែត​ចិន​ South​ China​ Morning​ Post​ ចេញផ្សាយ​នៅ​ថ្ងៃនេះ​។

លោក ​Ge​ បាន​និយាយ​ថា​ “មិន​មាន​អ្វី​ប្រាកដ​ទេ​នៅ​ចុងបញ្ចប់​នៃ​ឆ្នាំ​ ដ៏​លំបាក​នេះ​ លើកលែងតែ​ការសម្រេច​ចិត្ត​របស់​គាត់​ ក្នុង​ការ​វិនិយោគ​នៅ​ឯនាយ​សមុទ្រ​។ សំណួរ​គឺថា​តើ​ផលិតកម្ម​ត្រូវ​រើចេញ​ពី​ប្រទេស​ចិន​ និង​ចូល​មក​ប្រទេស​កម្ពុជា​យ៉ាងដូច​ម្តេច​”។

កម្ពុជា​នៅតែ​ជា​អ្នកផ្គត់ផ្គង់​កង់​ធំជាង​គេ​ ទៅកាន់​សហភាព​អឺរ៉ុប​ក្នុង​ឆមាស​ទី១​។ នៅក្នុង​ឆមាស​ទី១​ នៃ​ឆ្នាំនេះ​វិស័យ​នេះ​បាន​ផលិត​ និង​នាំចេញ​កង់​ចំនួន ៨៣៥​,០០០ទៅ​សហភាព​អឺរ៉ុប​។

ប្រទេស​កម្ពុជា​ដែល​មានតម្លៃ​កម្លាំង​ពលកម្ម​ទាប​ បាន​និង​កំពុង​បង្កើន​សក្តា​នុ​ពល​របស់​ខ្លួន​ ប្រែក្លាយ​ជា​មូលដ្ឋាន​ផលិតកម្ម​ ជំនួស​មួយ​សម្រាប់​ចិន​សម្រាប់​សម្លៀកបំពាក់​ និង​ផលិតផល​ផ្សេងទៀត​។

ប្រការ​នេះ​ នាំ​ឱ្យ​មានការ​កើនឡើង​ការនាំចេញ​ទៅ​អាមេរិក​ ដែល​មាន​ចំនួន​ជាង​ ២,២ពាន់​លាន​ដុល្លារ​គិត​ពី​ខែមករា​ ដល់​មិថុនា​ ដែល​កើន​ជាង ៣០ភាគរយ​ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ ក្នុងនាម​ជា​ប្រទេស​មួយ​ ក្នុង​ចំណោម​ប្រទេស​ដែល​មានការ​អភិវឌ្ឍ​តិចតួច​ ប្រទេស​កម្ពុជា​មានគុណ​ប្រយោជន៍​ លើ​ពន្ធ​ទាប​នៅពេល​នាំចេញ​ទៅ​អាមេរិក​ និង​ជប៉ុន​៕

ក្រសួង​រៀបចំ​ដែនដី​ប្រមូល​ចំណូល​បាន​ជាង១០០លាន​ដុល្លារ​ចូលក្នុង​ថវិកាជាតិ​

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​បាន​ប្រមូល​ចំណូល​ចូល​ថវិកាជាតិ​សរុប​មាន​ចំនួន ៤៥៦​,៦១៧​,៦៨៦​,០៧៧រៀល​ ស្មើនឹង​ជាង ១០០លាន​ដុល្លារ​អា​មរ​រិក​ គិត​ទាំង​ពន្ធ​ប្រថាប់ត្រា​ លើ​ការផ្ទេរ​អចលនទ្រព្យ​។ នេះ​បើ​តាម​របាយការណ៍​បូកសរុប​លទ្ធផល​នៃ​ការអនុវត្ត​ការងារ​ឆ្នាំ២០១៩​ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ២០២០​ របស់ក្រ​សួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ក្នុង​សន្និបាត​នៅ​ថ្ងៃនេះ​។

តាម​របាយការណ៍​របស់ក្រ​សួង​រៀបចំ​ដែនដី​ ដែល​ភ្នាក់ងារ​សារព័ត៌មាន​ Fresh​ News​ ទទួល​បាន​នៅ​ព្រឹក​ថ្ងៃទី២៥​ ខែធ្នូ​ ឆ្នាំ២០១៩នេះ​បានឱ្យ​ដឹង​ទៀត​ថា​ ចំណូល​ដែល​ក្រសួង​រៀបចំ​ដែនដី​ បាន​ប្រមូល​បាន​នេះ​រួមមាន​ ទី១​ ចំណូល​របស់​រដ្ឋបាល​កណ្តាល​ចំនួន​ ២៩​, ១០៧​, ៧៣៦​, ៣៧៤រៀល​ ក្នុង​នោះ​មាន​ សេវា​សំណង់​ទូទៅ​ចំនួន ១៤​, ៤០៩​, ៤៨៩​, ៧៥៨រៀល​ សេវា​សំណង់​លើស​សន្ទស្សន៍​ចំនួន​ ១៤​, ៤១៧​, ៧៨០​, ០០០រៀល​ ការជួល​អចលនទ្រព្យ​ចំនួន២៨០​, ៤៦៦​, ៦១៦រៀល​។

ទី២​ ចំណូល​របស់​មន្ទីរ​ ដ.ន.ស.ស.រាជធានី​ខេត្ត​ចំនួន៨០​, ២៣៤​, ៨០៣​, ២២៧រៀល​ ក្នុង​នោះ​មាន​សេវា​សុរិយោដី​ចំនួន៥០​, ០២៥​, ៧៨២​, ៥១៤រៀល​, លក្ខណៈ​ជា​ប្រព័ន្ធ​ចំនួន​ ១១​, ៧៧១​, ៥០៨​, ៣០០រៀល​, លក្ខណៈ​ដាច់​ដោយ​ដុំ​ចំនួន​ ៣៨​, ២៥៤​, ២៧៤​, ២១៤រៀល​, សេវា​សំណង់​ទូទៅ​ចំនួន​ ៣០​, ២០៩​, ០២០​, ៧១៣រៀល​។

ទី៣​ ​ពន្ធ​ប្រថាប់ត្រា​ (អគ្គនាយក​ដ្ឋាន​ពន្ធដារ​) ចំនួន​ ៣៤៧​, ២៧៥​, ១៤៦​, ៤៧៦រៀល​។

របាយការណ៍​ដដែល​បានឱ្យ​ដឹង​ទៀត​ថា​ គម្រោង​លទ្ធកម្ម​សរុប​សម្រាប់​ឆ្នាំ២០១៩​ មាន​ចំនួន៣២គម្រោង​ ក្នុង​នោះ​មាន​បាន​អនុវត្ត​នីតិវិធី​ទូទាត់​ចំនួន២៩គម្រោង​ ស្មើនឹង​ ៩០.៦២​%បន្ត​អនុវត្ត​ចំនួន១គម្រោង​ស្មើនឹង៣.១​% និង​គម្រោង​ដែល​មិន​អាច​អនុវត្ត​បាន​ចំនួន២គម្រោង​ស្មើនឹង​ ៦.២៥​ %៕

ក្រុមហ៊ុន​ចិន​គ្រោង​បោះទុន​វិនិយោគ​កែច្នៃ​សំរាម​ឲ្យ​ទៅជា​ថាមពល​អគ្គិសនី​​នៅក្នុង​ខេត្តបាត់ដំបង​

ដោយ ​វុត្ថា​

បាត់ដំបង​: ក្រុមហ៊ុន​ចិន​ដែល​ជាប់​លំដាប់​ទី៣​ មក​ពីទី​ក្រុង​សៀងហៃ​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ គ្រោង​បោះទុន​វិនិយោគ​ក្នុង​ការសាងសង់​រោងចក្រ​កែច្នៃ​សំរាម​ដើម្បី​ ​ផលិត​ថាមពល​អគ្គិសនី​ នៅក្នុង​ខេត្តបាត់ដំបង​។

លោក​ Zhou​ Yuhui​ ប្រធាន​ក្រុមហ៊ុន​ CITICPE​ នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​ លោ​កងួន​ រតនៈ​ អភិបាលខេត្ត​បាត់ដំបង​កាលពី​ម្សិល​នេះ​បាន​ឪ្យ​ដឹង​ថា​ នេះ​គឺជា​លើក​ទី១​ ហើយដែល​ក្រុមហ៊ុន​របស់​លោក​ បាន​សម្លឹងឃើញ​ពី​សក្តា​នុ​ពល​ក្នុង​ការកែច្នៃ​សំរាម​ឲ្យ​ទៅជា​ថា​ពល​អគ្គិសនី​ក្នុង​ខេត្ត​។

លោក​បន្ត​ថា​ “ការសាងសង់​នូវ​រោងចក្រ​កែច្នៃ​សំរាម​ ឲ្យ​ទៅជា​ថាមពល​អគ្គិសនី​ដើម្បី​ជា​ការ​ឆ្លើយតប​អំពី​កង្វល់​ និង​តម្រូវការ​ក្នុង​ខេត្ត​ និង​ឆ្លើយតបទៅនឹង​ការ​អំពាវនាវ​ របស់​សម្ដេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​បាន​អំពាវនាវ​ដល់​បណ្តា​ក្រុមហ៊ុន​នានា​ទាំង​ក្នុង​ និង​ក្រៅប្រទេស​ឲ្យ​មក​វិនិយោគ​លើ​វិស័យ​កែច្នៃ​សំរាម​នៅ​កម្ពុជា​”។

លោក​ Zhou​ Yuhui​ បាន​បន្ថែម​ថា​ គម្រោង​នេះ​កំពុង​ស្ថិត​ក្នុង​ការសិក្សា​នៅឡើយ​ ព្រោះ​ដោយសារ​ខាង​ក្រុមហ៊ុន​ ស្នើ​ដល់​អាជ្ញាធរ​ខេត្ត​ឲ្យ​ជួយ​គាំទ្រ​ ទៅលើ​ការ​ងា​មួយចំនួន​ ដែល​ទាក់ទិន​ទៅ​ និង​ការ​វិនិយោគ​របស់​ខ្លួន​នៅក្នុង​ខេត្តបាត់ដំបង​ ដែល​ក្នុង​នោះ​ការងារ​ប្រមូល​សំរាម​ ដែល​ជា​តម្រូវការ​ចាំបាច់​យ៉ាងហោចណាស់​ ក្នុង​មួយថ្ងៃ​ឲ្យបាន៦០០តោន​ ដើម្បី​ធ្វើឲ្យ​សង្វាក់​ផលិត​ថាមពល​ពី​ការកែច្នៃ​សំរាម​ ទទួល​បាន​ជោគជ័យ​និង​ធានា​ពី​តម្រូវការ​ក្នុង​ការកែច្នៃ​ប្រចាំថ្ងៃ​។

លោក​ក៏បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ជួយ​ ពី​ការ​ទុកដាក់​កាកសំណល់​សំរាម​របស់​ពលរដ្ឋ​នៅកន្លែង​ណាមួយ​ច្បាស់លាស់​ ដើម្បី​ធ្វើការ​ដឹកជញ្ជូន​សំរាម​ នៅ​ក្ន​ងខេត្តបាត់ដំបង​។ កន្លងមក​នៅក្នុង​ខេត្ត​ ក៏​មាន​ក្រុមហ៊ុន​កំពុងតែ​ធ្វើការ​ដឹកជញ្ជូន​សំរាម​ និង​ប្រមូល​ទុកដាក់​សំរាម​។ ដូចនេះ​ សុំ​ឲ្យ​អាជ្ញាធរ​ជួយ​សម្របសម្រួល​ ឲ្យ​មាន​អ្នកជំនាញ​របស់​ក្រុមហ៊ុន​បាន​ចុះ​ធ្វើការ​សិក្សា​ដោះស្រាយ​ពី​បញ្ហា​សំរាម​ក្នុង​ខេត្ត​ជាមួយ​ និង​ក្រុមហ៊ុន​ទាំងនោះ​ផង​ដែរ​។

លោក​ Zhou​ Yuhui​ បាន​សង្កត់ធ្ងន់​ទៀត​ថា​ បើ​ការងារ​ត្រូវ​បាន​សិក្សា​ និង​ដោះស្រាយ​ចប់​រួចរាល់​ជាមួយ​ និង​ក្រុមហ៊ុន​ហើយ​នោះ​ គឺ​នឹង​ឈាន​ទៅដល់​ការសាងសង់​រោងចក្រ​ដែល​អាច​កែច្នៃ​សំរាម​មួយចំនួន​ ទៅជា​ឋាមពល​អគ្គិសនី​ ដូចជា​៖ សំរាម​ប្លាស្ទិក​ និង​លោហៈ​ធាតុ​ ដែល​អាច​ធ្វើការ​កែច្នៃ​ជា​វត្ថុ​ប្រើប្រាស់​វិញ​បាន​ ហើយ​ថែមទាំង​ធ្វើឲ្យ​បរិស្ថាន​ក្នុង​ខេត្ត​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ផង​ដែរ​។ គម្រោង​នេះ​អាច​រំពឹង​ថា​ នឹង​ទទួល​បាន​ជោគជ័យ​ និង​បាន​ជា​គំរូ​ដល់​ខេ​ត្ត​ផ្សេង​ៗផង​ដែរ​។

លោ​កងួន​ រតនៈ​ អភិបាល​ខត្ត​បាត់ដំបង​ បាន​សម្ដែង​នូវ​ការ​ស្វាគមន៍​គាំទ្រ​យ៉ាង​ខ្លាំង​ និង​ថែមទាំង​បាន​ជំរុញ​ ពី​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន​ ដែល​បាន​មើលឃើញ​ពី​សក្តា​នុ​ពល​រីកចម្រើន​ និង​ជា​ខេត្ត​គោលដៅ​របស់​ខ្លួន​។

លោក​ក៏បាន​ជំរុញ​ទៅ​ខាង​ក្រុមហ៊ុន​ ឲ្យ​សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត​ ចុះទៅ​តាម​បណ្ដា​ស្រុក​ ដើម្បី​សិក្សា​ស្វែងយល់​បន្ថែម​ទៀត​មុន​ នឹង​សម្រេច​ឈាន​ដល់​ការព្រមព្រៀង​ផ្នែក​ផ្លូវច្បាប់​-ផ្នែក​បច្ចេកទេស​ និង​ដើម្បី​ធ្វើឲ្យ​គម្រោង​មួយ​នេះ​ លេចចេញ​ជារូបរាង​ពិតប្រាកដ​ និង​ទទួល​បាន​នូវ​ផល​ផ្លែផ្កា​ក្នុងរយៈពេល​ដ៏​ខ្លី​ឆាប់​ៗខាងមុខនេះ​។

យោង​តាម​របាយការណ៍​របស់ក្រ​សួង​បរិស្ថាន​ បាន​បង្ហាញ​ឲ្យដឹង​ថាតាម​បណ្តា​ខេត្ត​-រាជ​ធា​នី​ធំៗ​ ដែល​ផលិត​បរិមាណ​សំរាម​​ច្រើន​ក្នុង​នោះ​ រាជធានី​ភ្នំពេញ​ ប្រមាណ​ជាង៣ពាន់​តោន​ក្នុង១ថ្ងៃ​។ ក្រុង​ព្រះសីហនុ​ប្រមាណ៧០០តោន​ក្នុង១ថ្ងៃ​។ ក្រុង​សៀមរាប៣៨០តោន​ក្នុង១ថ្ងៃ​។ ​ដោយឡែក​នៅក្នុង​ក្រុង​បាត់ដំបង​ ប្រមាណ​ពី១៣០ទៅ១៥០តោន​ក្នុង​មួយថ្ងៃ​។ ហើយ​សំរាម​ទាំងនោះ៦៥​% ជា​សំណល់​សរីរាង្គ​ និង៣៥​%គឺជា​សំណល់​ប្លាស្ទិក​៕

ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​ស្ទឹងត្រង់​-ក្រូចឆ្មារ​បាន​ឈាន​ទៅ​ជិត​បញ្ចប់​ការសាងសង់​ហើយ​

ដោយ​ វុត្ថា​

ភ្នំពេញ​: ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​ តភ្ជាប់​ពី​ស្រុក​ស្ទឹងត្រង់​ (ខេត្ត​កំពង់ចាម​) ទៅ​ស្រុក​ក្រូចឆ្មារ​ (ខេ​ត្ត​ត្បួង​ឃ្មុំ​) ដែល​បាន​បើក​ការដ្ឋាន​សាងសង់​ កាលពី​ថ្ងៃទី៩​ ខែកុម្ភៈ​ ឆ្នាំ​ ២០១៨​ ហើយ​គិត​មកដល់​ពេល​បច្ចុប្បន្ន​ បានសម្រេច​ការសាងសង់​ប្រមាណ៧៥​,៧% ហើយ​។ នេះ​បើ​យោង​តាម​របាយការណ៍​របស់ក្រ​សួង​សាធារណការ​ និង​ដឹកជញ្ជូន​ ដែល​គេហទំព័រ​ propertyarea.asia​ ទទួល​បាន​នៅ​ថ្ងៃទី២៥​ ខែធ្នូ​ ឆ្នាំ២០១៩នេះ​។

របាយ​ករណ៍​ដដែល​បន្ត​ថា​ លើស​ពីនេះ​ក្រុមការងារ​អនុវត្ត​គម្រោង​ ក៏បាន​ស្នើ​ឱ្យ​ក្រុមហ៊ុន​សាងសង់​បន្ត​យកចិត្ត​ទុកដាក់​ ធ្វើការ​សោច​ទឹកជា​ប្រចាំ​តាម​បណ្តោយ​ផ្លូវ​តភ្ជាប់​ ដើម្បី​កាត់បន្ថយ​ផល​ប៉ះពាល់​ (ដី​ហុយ​) និង​ធ្វើការ​រៀបចំ​ប្រព័ន្ធ​សុវត្ថិភាព​(ស្លាក​សញ្ញា​ចរាចរណ៍​ ខ្សែ​ចំណាំងផ្លាត​ការពារ​តាម​ជម្រាល​ជើងទេរ​ និង​ប្រព័ន្ធ​ភ្លើង​សញ្ញា​បំភ្លឺ​ពេលយប់​)ឱ្យ​បាន​ត្រឹមត្រូវ​និង​គ្រប់គ្រាន់​ ដើម្បី​ធានា​សុខ​សុវត្ថិភាព​អំឡុង​ពេល​សាងសង់​ស្ពាន​នេះ​។

តាម​សភាព​ជាក់ស្ដែង​នៃ​ការសាងសង់​នេះ​ ត្រូវ​បាន​កម្មករ​ជំនាញ​ នៅក្នុង​គម្រោង​សាងសង់​ស្ពាន​នេះ​បញ្ជាក់​ប្រាប់​ថា​ អាច​នឹង​បញ្ចប់​មុន​កាលកំណត់​ នៅ​ត្រឹម​ចុងឆ្នាំ២០២០ខាងមុខនេះ​។

ស្ពាន​មិត្តភាព​កម្ពុជា​ -ចិន​ ឆ្លងកាត់​ដងទន្លេ​មេគង្គ​ តភ្ជាប់​រវាង​ស្រុក​ស្ទឹងត្រង់​ ខេត្ត​កំពង់ចាម​ និង​ស្រុក​ក្រូចឆ្មារ​ ខេត្ត​ត្បូងឃ្មុំ​ មួយ​នេះ​ ត្រូវ​សម្តេច​តេជោ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​អញ្ជើញ​បើក​ការដ្ឋាន​សាងសង់​ កាលពី​ថ្ងៃទី៩​ ខែកុម្ភៈ​ ឆ្នាំ២០១៨កន្លងទៅ​ ដែល​វា​ជា​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​ថ្មី​មួយទៀត​ សម្រាប់​តភ្ជាប់​ទឹកដី​នៃ​ខេត្ត​ទាំងពីរ​នេះ​។

ស្ពាន​ដែល​បាន​កំពុង​សាងសង់​នេះ​ ចាប់ផ្តើម​ពី​ត្រើយ​ខាងលិច​ស្ថិតនៅ​ត្រង់​ចំណុច​ភូមិ​បឹង​ដែង​ ឃុំ​ព្រែកកក់​ ស្រុក​ស្ទឹងត្រង់​ ខេត្ត​កំពង់ចាម​ ឆ្លងកាត់​ទន្លេមេគង្គ​ ទៅ​ត្រើយ​ខាងកើត​ ស្ថិតនៅ​ភូមិ​ក្តុល​លើ​ ឃុំ​ទ្រា​ ស្រុក​ក្រូចឆ្មារ​ ខេត្ត​ត្បូងឃ្មុំ​ ។ ស្ពាន​មួយ​នេះ​មាន​ប្រវែង​សរុប​ ១,១៣១ម៉ែត្រ​ និង​ទទឹង​ ១៣​,៥០ម៉ែត្រ​ ជា​ប្រភេទ​ស្ពានបេតុង​សរសៃដែក​។

បើ​តាម​គម្រោង​ស្ពាន​នេះ​ គ្រោង​ចំណាយ​ថវិកា​ចំនួន ៥៦​,៩៩៨លាន​ដុល្លារ​អាមេរិក​ ជា​ហិរញ្ញប្បទាន​សម្បទាន​ពី​រដ្ឋាភិបាល​ចិន​ រួម​ជាមួយ​ថវិកាបដិភាគ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ សម្រាប់​ដោះស្រាយ​ផល​ប៉ះពាល់​ និង​បោសសម្អាត​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​៕

លំហូរ​ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​កើន​ដល់​ទឹកប្រាក់​ជិត​ ១០ពាន់​លាន​ដុល្លារ​ក្នុងរយៈពេល១១ខែ​ឆ្នាំនេះ​

ដោយ​ ៖ រ៉ា​ណេត​

ភ្នំពេញ​ ៖ ស្ថិតនៅ​ក្នុង​បរិបថ​នៃ​ភាព​រីកចម្រើន​លើ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ បាន​ជំរុញ​ឱ្យ​កំណើន​នៃ​ការ​វិនិយោគ​លើ​វិស័យ​សំណង់​នៅ​ទូទាំង​ប្រទេស​កើនឡើង​ដល់​ទំហំ​ជិត​ ១០ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ទៅលើ​គម្រោង​ចំនួន៤៤៤៦​គម្រោង​ ត្រឹម​រយៈពេល១១ខែ​ឆ្នាំ២០១៩​ កើនឡើង​ប្រមាណ​ ៧៨,៨៨ភាគរយ​ បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ២០១៨កន្លងទៅ​។

ផ្អែក​តាម​ទិន្នន័យ​ជា​ផ្លូវ​ការណ៍​ ដែល​បាន​ធ្វើ​បទ​បង្ហាញ​កាលពី​ព្រឹក​ថ្ងៃទី២៥​ ខែធ្នូ​ ឆ្នាំ២០១៩​ នៅក្នុង​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០១៩​ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ២០២០​ ក្រោម​អធិប​តីយ​ភាព​របស់​លោក​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​បាន​បង្ហាញថា​ វិស័យ​សំណង់​នៅ​ទូទាំង​ប្រទេស​ គិត​ត្រឹម​រយៈពេល១១ខែ​ មាន​ចំនួន​ ៤ ៤៤៦​ គម្រោង​។

នៅក្នុង​របាយ​ការ​ន៍​ដដែល​បាន​បង្ហាញថា​ គម្រោង​សាងសង់​សំណង់​ទាំងអស់​ មានផ្ទៃ​ក្រឡា​កម្រាល​សំណង់​សរុប​ចំនួន​ ១៨​ ៥៤០​ ៨៧៩​ ម៉ែត្រការ៉េ​ ដែល​មានតម្លៃ​ប៉ាន់ស្មាន​ទុន​វិនិយោគ​ប្រមាណ​ ៩ ៣៥៣​ ៦៩៧​ ៤៧៥ដុល្លារ​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ២០១៨​ មាន​ចំនួន២​ ៨៦៧គម្រោង​ មានផ្ទៃ​ក្រឡា​កម្រាល​សំណង់​ចំនួន១១​ ៤២៧​ ១៩០ម៉ែត្រ​ការ៉េ​ ជាមួយ​តម្លៃ​ប៉ាន់ស្មាន​ទុន​វិនិយោគ​ប្រមាណ​ ៥ ២២៨​ ៩៩២​ ៥២២​ ដុល្លារ​ កើនឡើង៧៨,៨៨ភាគរយ​។

នៅក្នុងចំណោម​ទុន​វិនិយោគ​ និង​គម្រោង​សំណង់​សរុប​នៅ​ទូទាំង​ប្រទេស​ខាងលើ​នេះ​ការសម្រេច​ដែល​ស្ថិតនៅ​ក្នុង​សមត្ថកិច្ច​របស់ក្រ​សូង​មាន​ចំនួន​ ៤០៨គម្រោង​ មានផ្ទៃ​ក្រឡា​កម្រាល​សំណង់​ចំនួន​ ១៥​ ៩០២​ ០០២ម៉ែត្រការ៉េ​ តម្លៃ​ប៉ាន់ស្មាន​ទុន​វិនិយោគ​ប្រមាណ​ ៨៤៣៧​ ០៩៥​ ៧២២​ ដុល្លារ​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ២០១៨​ មាន​ចំនួន​ ២៤៥គម្រោង​ លើ​ផ្ទៃក្រឡា​កម្រាល​សំណង់​ចំនួន​ ១០​ ២៩៩​ ៨៥៤ម៉ែត្រការ៉េ​ ក្នុង​តម្លៃ​ប៉ាន់ស្មាន​ទុន​វិនិយោគ​ប្រមាណ៤​ ៨២៩​ ១៧៣​ ៨៥៤ដុល្លារ​ កើនឡើង៧៤,៧១ភាគរយ​។

ការសម្រេច​ស្ថិតនៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​រដ្ឋបាល​រាជធានី​ / ខេត្ត​ ​មាន​ចំនួន​ ៤០៣៨គម្រោង​ មានផ្ទៃ​ក្រឡា​កម្រាល​សំណង់​ចំនួន​ ២ ៦៣៨​ ៨៧៧​ ម៉ែត្រការ៉េ​ មានតម្លៃ​ប៉ាន់ស្មាន​ទុន​វិនិយោគ​ប្រមាណ​ ៩១៦​ ៦០១​ ៧៥៣​ ដុល្លារ​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ២០១៨​ មាន​ចំនួន​ ២ ៦២២​ គម្រោង​ លើ​ផ្ទៃក្រឡា​កម្រាល​សំណង់​ចំនួន​ ១ ១២៧​ ៣ ៣៦​ ម៉ែត្រការ៉េ​ តម្លៃ​ប៉ាន់ស្មាន​ទុន​វិនិយោគ​ប្រមាណ៣​ ៩៩​ ៨១៨៦៦៨​ ដុល្លារ​ កើនឡើង​ ១២៩​, ២៥​ ភាគរយ​ ។

ដោយឡែក​ គម្រោង​អគារ​ខ្ពស់​ៗចាប់ពី​កម្ពស់​ ៥ជាន់ឡើង​មាន​ចំនួន​ ៤៣២គម្រោង​ ស្មើនឹង៤៣៦​ អគារ​ ដែល​ក្នុង​នោះ​គម្រោង​ដែល​ស្ថិតនៅ​ក្នុង​ខេត្ត​ព្រះសីហនុ​ មាន​ ចំនួន​ ២០៣​ អគារ​ ។

គម្រោង​អគារ​ចាប់ពី​ ៥ ជាន់​ទៅ​ ៩ជាន់​ មាន​ចំនួន២០៨អគារ​ ពី១០ជាន់​ទៅ១៩ជាន់​ មាន​ចំនួន១៣៥អគារ​ ពី២០ជាន់​ទៅ២៩ជាន់​ មាន​ចំនួន​ ៥៧អគារ​ ពី៣០ជាន់​ទៅ៣៩ជាន់​ មាន​ចំនួន២៣អគារ​ ពី៤០ជាន់ឡើង​ទៅ​ មាន​ចំនួន១៣អគារ​។

ក្រៅពី​នេះ​ គម្រោង​សំណង់​លំនៅឋាន​ចំនួន៣​ ៧៣២គម្រោង​ លើ​ផ្ទៃក្រឡា​កម្រាល​សំណង់​ចំនួន​ ៨ ០២៤​ ២៨៦​ ម៉ែត្រការ៉េ​ មាន​ទុន​វិនិយោគ​ ៣ ៦៦១​ ២៧៥​ ៣៥០ដុល្លារ​ ស្មើនឹង​ ៣៨​ ៤៨៨​ ខ្នង​ ៕

សង្រ្គាម​ពាណិជ្ជកម្ម​អាមេរិក​ និង​ចិន​ជំរុញ​តម្លៃ​មាស​បន្ត​កើនឡើង​

ដោយ​ ប៊ី​

ភ្នំពេញ​៖ មាស​បាន​ឡើង​ខ្ពស់​ជាង​ ១,៥០០​ ដុល្លារ​ក្នុង​មួយ​អោន​ (២៨.៣​ ក្រាម​) កាលពី​ថ្ងៃ​ អង្គារ​ ដោយសារតែ​ការភ័យខ្លាច​ចំពោះ​វិបត្តិសេដ្ឋកិច្ច​ និង​ការ​កើនឡើង​ខ្ពស់​នៃ​ទីផ្សារ​ភាគហ៊ុន​បាន​ជំរុញ​តម្រូវការ​របស់​វិនិយោគិន​។

តម្លៃ​មាស​បាន​កើនឡើង​ជិត​ ១ ភាគរយ​នៅក្នុង​ធ្វើ​ពាណិជ្ជកម្ម​ដែល​មានតម្លៃ​ ១,៤៩៩.៤៨​ ដុល្លារ​ក្នុង​មួយ​អោន​គិត​ត្រឹម​ម៉ោង​ ១ និង​ ៤០​ នាទី​យប់មិញ​។ ជា​កម្រិតខ្ពស់​បំផុត​ចាប់តាំងពី​ថ្ងៃទី​ ៥ ខែ​ វិច្ឆិកា​ ខណៈ​ពេល​អនាគត​ មាស​របស់​អាមេរិក​បាន​កើនឡើង​ ១,១​ ភាគរយ​ដែល​មានតម្លៃ​ ១,៥០៤.៨០​ ដុល្លារ​។

លោក​ Edward​ Meir​ អ្នកវិភាគ​ប្រចាំ​ក្រុមហ៊ុន​ ED​&​F Man​ Capital​ Markets​ បាន​និយាយ​ “យើង​នៅ​មិនទាន់​មើលឃើញ​តួលេខ​ល្អ​ចេញ​មក​ក្រៅពី​ការ​វិនិយោគ​អាជីវកម្ម​នោះ​ទេ​។ យើង​ពឹងផ្អែក​ទាំងស្រុង​លើ​ការ​ចំណាយ​របស់​អតិថិជន​ ប៉ុន្តែ​នៅពេល​ការ​ចំណាយ​របស់​អតិថិជន​ចាប់ផ្តើម​ធ្លាក់ចុះ​បន្តិច​ បន្ទាប់មក​សេដ្ឋកិច្ច​ពិតជា​អាច​ចាប់ផ្តើម​ថយ​ចុះ​គួរ​ឱ្យ​កត់សម្គាល់​”។

ទិន្នន័យ​កាលពី​ថ្ងៃ​ ចន្ទ​ បាន​បង្ហាញថា​ ការ​បញ្ជាទិញ​ថ្មី​សម្រាប់​ទំនិញ​មូលធន​សំ​ខាន់​ៗរបស់​អាមេរិក​បាន​កើនឡើង​តិចតួច​នៅក្នុង​ខែវិច្ឆិកា​ ហើយ​ការនាំចេញ​បាន​ធ្លាក់ចុះ​ និង​បាន​បញ្ជាក់​ថា​ ការ​វិនិយោគ​អាជីវកម្ម​នឹង​នៅតែ​ទាញ​ទម្លាក់​កំណើន​សេដ្ឋកិច្ច​ក្នុង​ត្រីមាស​ទី​ ៤។

ទិន្នន័យ​ពី​អាមេរិក​ត្រូវ​បាន​ឃ្លាំមើល​យ៉ាង​ខ្លាំង​ចំពោះ​សញ្ញា​នៃ​ទិសដៅ​រូបិយវត្ថុ​នា​ពេល​អនាគត​របស់​ធនាគារ​កណ្តាល​។ មាស​នៅតែ​អាច​កើនឡើង​ដែល​អាច​ជួយ​បង្កើន​តម្លៃ​ឱកាស​។

ទន្ទឹម​នឹង​នេះ​ សុទិដ្ឋិនិយម​លើ​កិច្ចពិភាក្សា​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​បាន​បង្កើន​ភាគហ៊ុន​ដល់កម្រិត​ខ្ពស់​បំផុត​។

ភាគហ៊ុន​ពិភពលោក​នៅតែ​ស្ថិតនៅ​លើ​ផ្លូវ​ល្អ​សម្រាប់​ឆ្នាំ​ដ៏​ល្អ​បំផុត​ ក្នុងរយៈពេល​មួយ​ទសវត្សរ៍​ខណៈ​ដែល​ Wall​ Street​ បាន​ធ្លាក់ចុះ​ពី​កម្រិតខ្ពស់​បំផុត​។ ​

លោក​ Meir​ បាន​បន្ថែម​ថា​ “ទីផ្សារ​ភាគហ៊ុន​កំពុង​ទទួល​បានការ​ទិញ​ច្រើន​។ ប្រសិនបើ​អ្នកមាន​ការ​កែ​តំរូវ​នៅក្នុង​ស្តុក​ មាស​អាច​ទទួល​បាន​អត្ថ​ប្រយោជន៍​”។ ​

ប្រធានាធិបតី​អាមេរិក​លោក​ Donald​ Trump​ បាន​និយាយ​នៅ​ថ្ងៃ​ អង្គារ​នេះ​ថា​ លោក​ និង​ប្រធានាធិបតី​ចិន​លោក​ស៊ី​ ជី​នពី​ងនឹង​មាន​ពិធី​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ដំណាក់កាល​ទី​ ១ ដែល​បាន​ព្រមព្រៀង​នៅក្នុង​ខែ​នេះ​។

ជម្លោះ​ដែល​មាន​រយៈពេល​ ១៧​ ខែ​បាន​ជំរុញ​ឱ្យ​តម្លៃ​មាស​កើនឡើង​ ១៦​ ភាគរយ​ដោយ​បាន​រក្សា​វា​សម្រាប់​ឆ្នាំ​ដ៏​ល្អ​បំផុត​ចាប់តាំងពី​ឆ្នាំ​ ២០១០​៕ (ប្រភព​ Reuters​)

រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ នឹង​ចាប់ផ្តើម​បិទ​ Casino​ Online​ នៅ​ត្រឹម​ថ្ងៃទី​ ៣១​ ខែធ្នូ​ ឆ្នាំ​ ២០១៩​ ម៉ោង​ ០:០០

ដោយ​ វុត្ថា​

ព្រះសីហនុ​៖ រដ្ឋបាល​ខេត្ត​ព្រះសីហនុ​នឹង​ចាប់ផ្តើម​អនុវត្ត​បិទ​ Casino​ Online​ នៅ​ត្រឹម​ ថ្ងៃទី​ ៣១​ ខែ​ ធ្នូ​ ឆ្នាំ​ ២០១៩​ ម៉ោង​ ០:០០​ ស្រ​មតា​មកា​រស​ម្រេច​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កាលពី​ថ្ងៃ១៨​ ខែសីហា ​ឆ្នាំ២០១៩កន្លងមក​នេះ​។

លោក​គួច​ ចំរើន​ អភិបាលខេត្ត​ ព្រះសីហនុ​ នៅក្នុង​កិច្ចប្រជុំ​ ដើម្បី​ពិនិត្យ​ និង​ពិភាក្សា​ការ​ធ្វើអាជីវកម្ម​កាស៊ីណូ​អន​ឡាញ​ ក្នុង​ខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃទី២៤​ ខែធ្នូ​ ម្សិលមិញ​នេះ​បាន​មានប្រសាសន៍​ថា​ ដោយ​អនុវត្ត​តាម​ចរាចរណ៍​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ មិន​អនុញ្ញាត​ឱ្យ​មាន​ល្បែង​អន​ឡា​ញនៅ​ព្រះរាជា​ ណា​ចក្រ​កម្ពុជា​ គិត​ត្រឹម​ម៉ោង០​ ថ្ងៃទី៣១​ ខែធ្នូ​ ឆ្នាំ២០១៩ខាងមុខ​ នេះ​។

លោក​បន្ត​ថា​ ដូច្នេះ​គ្រប់​ភាគី​ពាក់ព័ន្ធ​ត្រូវ​ត្រៀម​សហការ​ ដើម្បី​ត្រួតពិនិត្យ​ តាមដាន​នូវ​រាល់​កាស៊ីណូ​ទាំងឡាយ​ណា​ នៅតែ​បន្ត​បើក​ល្បែង​អន​ឡាញ​ដូច្នេះ​យើង​ត្រូវ​ធ្វើការ​ជូនដំណឹង​ដល់​កាស៊ីណូ​ក្នុង​ក្រុង​ ស្រុក​ ទាំង​ អស់​ដែល​មាន​ល្បែង​អន​ឡា​ញត្រូវ​បិទ​ មិន​អនុញ្ញាតិ​បើក​បន្ត​ទៀត​ទេ​ ប្រសិនបើ​កាស៊ីណូ​ ឬកន្លែងណា​នៅតែ​បើក​ល្បែង​អន​ឡាញ​ និង​ទទួលខុសត្រូវ​តាមផ្លូវ​ច្បាប់​ ។

លោកបន្ថែមថា​ សម្រាប់​កាស៊ីណូ​ធម្មតា​ នៅ​បន្ត​រដំណើរការ​ធម្មតា​ ហើយ​អាជ្ញាធរ​ ត្រូវ​យកចិត្ត​ទុកដាក់​ ជួយ​ដល់​វិនិយោគទុន​ តាម​គ្រប់រូប​ភាព​ ថ្វី​ត្បី​ក្នុង​ កាលៈទេសៈ​ ដល់​លំបាក​នេះ​ ​យើង​ក៏​ត្រូវ​យកចិត្ត​ទុកដាក់​លើកទឹកចិត្ត​ដល់​អ្នក​ វិ​និ​យោ​គទន​ផង​ដែរ​។

ទន្ទឹម​នោះ​ លោក​អភិបាលខេត្ត​រូបនេះ​ ក៍​បាន​ណែនាំ​ដល់​មន្ត្រី​គ្រប់​ផ្នែក​ មិន​ត្រូវ​ទៅ​រំខាន​ ឬបំភ័យ​ដល់​ជនបរទេស​ គឺ​ត្រូវ​យកចិត្ត​ដល់​អ្នក​វិនិយោគ​បរទេស​ និង​ខ្មែរ​ ដើម្បី​ឱ្យ​ពួកគេ​មាន​ភាព​កក់ក្តៅ​ ក្នុង​ការ​មក​វិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ​ ។

លោក​ឧត្តមសេនីយ៍ឯក​ សៀង​ សេន​ ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​ល្បែង​ ពាណិជ​កម្ម​ មាន​ ប្រសាសន៍​ថា​ ដើម្បី​អនុវត្ត​តាម​សេច​ ក្តី​សម្រេច​របស់​រាជរដ្ឋាភិបាល​ឱ្យ​មានប្រសិទ្ធភាព​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រះសីហនុ​ យើង​ត្រូវ​ប្រើប្រាស់​វិធានការ២​ ក្នុង​នោះ​ វិធានការ​រដ្ឋ​ បាល​ ទាមទារ​យើង​មាន​ទិន្នន័យ​ ទីតាំង​ល្បែង​អន​ឡាញ​ ក្នុង​សង្កាត់​ ក្រុង​ ស្រុក​និ​មួយ​ៗ និង​ផ្អែកលើ​សេចក្តី​សម្រេច​បិទ​របស់​រាជ​រដ្ឋា​ភិ​បាល​ ត្រូវ​ធ្វើការ​ជូនដំណឹង​ជា​សា​ធា​ រណៈ​គ្រប់​ទីតាំង​កាស៊ីណូ​ ដើម្បី​បិទ​បញ្ចប់​ជាស្ថាពរ​ល្បែង​អន​ឡា​ញនៅ​ត្រឹម​ម៉ោង០០​ ថ្ងៃទី៣១​ ខែធ្នូ​ ឆ្នាំ២០១៩ខាងមុខ​ ក្រោយពី​សេច​ ក្តី​ជូនដំណឹង​មន្ត្រី​យើង​នឹង​ចុះ​ត្រួត​ ពិនិត្យ​ទីតាំងនៅ​ក្នុង​ក្រុង​ ស្រុក​ ក្នុង​ខេត្ត​ព្រះសីហនុ​ ៕

ក្រុមហ៊ុន​លំដាប់​អន្តរជាតិ​ថ្មី​មួយ​គ្រោង​វិនិយោគ​លើ​សណ្ឋាគារ​លំដាប់​ផ្កាយ​ ៥ នៅ​កម្ពុជា​

ដោយ​ ប៊ី

​ភ្នំពេញ​៖ ក្រុមហ៊ុន​សណ្ឋាគារ​ និង​រមណីយដ្ឋាន​ Lebua​ Hotels​ and​ Resorts​ ដែល​មាន​ទីស្នាក់ការ​កណ្តាល​នៅ​ថៃ​ គ្រោង​នឹង​ពង្រីក​ប្រតិបត្តិ​ការ​អាជីវកម្ម​របស់​ខ្លួន​មកកាន់​កម្ពុជា​ដែល​ស្ថិត​ក្នុងចំណោម​ប្រទេស​មួយចំនួន​នៅ​អាស៊ី​អាគ្នេយ៍​។

ប្រតិបត្តិ​ករ​សណ្ឋាគារ​ និង​ភោជនីយដ្ឋាន​ដែល​មាន​ទីស្នាក់ការ​កណ្តាល​នៅ​ថៃ​នេះ​កំពុង​រៀបចំផែនការ​សម្រាប់​ការចុះបញ្ជី​ជា​សាធារណៈ​នៅ​ទីក្រុង​បាងកក​ ឬសឹង្ហ​បូរី​សម្រាប់​ការរៀបចំ​ការពង្រីក​អាជីវកម្ម​ផ្នែក​ផ្សេងទៀត​ក្នុង​តំបន់​។ នេះ​គេហទំព័រ​ព័ត៌មាន​ឧស្សាហកម្ម​ទេសចរណ៍​ Skift​ បាន​រាយការណ៍​នៅ​សប្តាហ៍​នេះ​។

ដំណើរការ​នៃ​ការចុះបញ្ជី​ត្រូវ​បាន​រំពឹង​ថា​នឹង​បញ្ចប់​ក្នុងរយៈពេល​មួយ​ ឬពីរ​ឆ្នាំ​។របាយការណ៍​ដដែល​បាន​ចាត់ទុក​ប្រទេស​វៀតណាម​ ឡាវ​ និង​កម្ពុជា​ជា​ទិសដៅ​សំខាន់​សម្រាប់​ការ​វិនិយោគ​នា​ពេល​អនាគត​នៅ​ខាងក្រៅ​ពី​ប្រទេស​ថៃ​។

ក្រៅពី​សណ្ឋាគារ​លំដាប់​ផ្កាយ​ ៥ នៅ​ទីក្រុង​បាងកក​ ក្រុម​ហ៊ុន​ណ្ឋា​គារ​ និង​រមណីយដ្ឋាន​នេះ​ក៏​មាន​អចលនទ្រព្យ​ប្រណីត​ចំនួន​ ២ នៅ​ប្រទេស​ឥណ្ឌា​ និង​មួយផ្សេងទៀត​នៅ​ញូ​វហ្សេ​ឡែន​។

ក្រុមហ៊ុន​នឹង​បើក​សណ្ឋាគារ​ចំនួន​ ២ បន្ថែម​ទៀត​នៅក្នុង​ប្រទេស​ឥណ្ឌា​នៅ​ឆ្នាំក្រោយ​។នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​លោក​ Deepak​ Ohri​ បាន​និយាយ​ថា​ “ការចុះបញ្ជី​នេះ​នឹង​ផ្តល់​មូលនិធិ​ដល់​ការពង្រីក​ទីផ្សារ​នៅ​តំបន់​ឥណ្ឌូចិន​ដែល​កំពុង​រីកចម្រើន​នៅក្នុង​ប្រទេស​កម្ពុជា​ មីយ៉ាន់ម៉ា​ ឡាវ​ និង​វៀតណាម​ ខណៈ​ប្រទេស​ថៃ​នឹង​នៅតែ​ជា​មជ្ឈមណ្ឌល​កណ្តាល​ ដោយសារតែ​ទីតាំង​ភូមិសាស្ត្រ​”។

លោក​ Ohri​ បាន​និយាយ​ថា​ ពួកគេ​នឹង​នាំមក​នូវ​អ្វី​ដែល​ថ្មី​ដែល​សាក​សមនឹង​ប្រទេស​នី​មួយ​ៗដែល​បាន​រៀបរាប់​ខាងលើ​។លោក​ បាន​បន្ត​ថា​ “យើង​នឹង​ផ្តល់​គំនិត​ផ្សេងគ្នា​ដើម្បី​ឱ្យ​សមស្រប​នឹង​ទីផ្សារ​កម្ពុជា​ មីយ៉ាន់ម៉ា​ ឡាវ​ និង​វៀតណាម​។ ស្រមៃ​មើល​ទូក​មួយ​ជាមួយ​ក្លឹប​មួយថ្ងៃ​នៅ​ ឆ្នេរសមុទ្រ​ហា​ឡុង​។ សណ្ឋាគារ​បូ​ទិ​កដែល​មាន​បន្ទប់​ប្រហែល​ ៨០​ ក្នុង​ទីតាំង​ពិសេស​។

លោក​បានឱ្យ​ដឹង​ទៀត​ថា​ “យើង​នឹង​ជ្រើសរើស​ទីតាំង​របស់​យើង​ដោយ​យកចិត្ត​ទុកដាក់​។ ហើយ​អ្វី​គ្រប់យ៉ាង​ដែល​យើង​ធ្វើនឹង​ត្រូវ​ធ្វើឡើង​ជាមួយ​សម្ភារៈសំណង់​ដែល​មាន​និរន្តរភាព​ ។ មាន​កិច្ចការ​ជាច្រើន​ដែល​ត្រូវ​ធ្វើ​នៅក្នុង​ទីផ្សារ​កម្ពុជា​ មីយ៉ាន់ម៉ា​ ឡាវ​ និង​វៀតណាម​”។

ខេត្តបាត់ដំបង​នឹង​មាន​ស្ពាន​ថ្មី​ឆ្លងកាត់​ស្ទឹង​សង្កែ​មួយទៀត​ ជំនួស​ស្ពាន​ចាស់​ដែល​មាន​អាយុ​ ១០៣​ឆ្នាំ​

ដោយ​ ៖ រ៉ា​ណេត

បាត់ដំបង​ ៖ រដ្ឋាភិបាល​ តាមរយៈ​រដ្ឋបាល​ខេត្តបាត់ដំបង​ មាន​គម្រោង​សាងសង់​ស្ពាន​ថ្មី​មួយទៀត​ ជំនួស​ស្ពានថ្ម​ចាស់​ដែល​បន្សល់ទុក​តាំងពី​សម័យ​អាណានិគម​បារាំង​ មាន​អាយុ​ ១០៣ឆ្នាំ​ ដើម្បី​បង្ក​ភាព​ងាយស្រួល​ដល់​ការ​ធ្វើដំណើរ​ និង​ដឹកជញ្ជូន​របស់​ប្រជាពលរដ្ឋ​។

បន្ទាប់ពី​បាន​ពិនិត្យ​ និង​សិក្សា​ទៅលើ​ភាព​ចំណាស់​នៃ​ស្ពានថ្ម​ ដែល​បាន​បន្សល់ទុក​តាំងពី​សម័យ​អាណានិគម​បារាំង​ កសាង​នៅក្នុង​អំលុង​ឆ្នាំ១៩១៦​ ស្ថិតនៅ​ភូមិ​កម្មករ​ សង្កាត់​ស្វាយប៉ោ​ ក្រុង​បាត់ដំបង​ ទល់មុខ​សាលាខេត្ត​បាត់ដំបង​ ក្នុង​សភាព​ទ្រុឌទ្រោម​យ៉ាង​ខ្លាំង​មិន​អាច​ធានា​ដល់​ការប្រើ​ប្រាស់​បាន​ទៀត​នោះ​ រដ្ឋាភិបាល​ តាមរយៈ​រដ្ឋបាល​ខេត្ត​បានសម្រេច​បង្កើត​គម្រោង​សាងសង់​ស្ពាន​ថ្មី​ជំនួស​មួយ​ខ្សែ​ទៀត​ ដែល​មាន​ទិដ្ឋភាព​ស្រដៀងគ្នា​ទៅ​នឹង​ស្ពាន​ចាស់​។

អភិបាលខេត្ត​បាត់ដំបង​ លោក​ ងួន​ រតនៈ​ បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃទី២៣​ ខែធ្នូ​ ឆ្នាំ២០១៩ម្សិលមិញ​នេះ​ថា​ រហូតមកដល់​ពេលនេះ​ ក្រុម​អ្នកជំនាញ​ និង​មន្ត្រី​ក្រសួង​ពាក់ព័ន្ធ​ រួម​ជាមួយនឹង​រដ្ឋបាល​ខេត្តបាត់ដំបង​ បាន​ចុះ​ធ្វើការ​សិក្សា​ពី​លទ្ធភាព​ក្នុង​ការ​ជួសជុល​ស្ពាន​ចាស់​ ដើម្បី​រក្សាទុក​ជា​បេ​តិ​កភ័​ណដែល​បន្សល់​ពី​សម័យ​បារាំង​ ហើយ​សាងសង់​ស្ពានថ្ម​ថ្មី​មួយទៀត​ ស្ថិតនៅ​ស្របគ្នា​ និង​មាន​លក្ខណៈ​ស្រដៀងគ្នា​។

លោក​ ងួន​ រតនៈ​ បាន​មានប្រសាសន៍​បញ្ជាក់​ថា​ “ក្រោម​ការ​ចង្អុលបង្ហាញ​ពីសំណាក់​សម្ដេច​ក្រឡាហោម​ ស ខេង​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ រដ្ឋបាល​ខេត្តបាត់ដំបង​ បាន​ និង​កំពុងតែ​រៀបចំ​គម្រោង​ និង​ផែនការមេ​ក្នុង​ការសាងសង់​ ដោយ​ស្នើសុំ​មានការ​ចូលរួម​ពីសំណាក់​សប្បុរសធម៌​នានា​ ដើម្បី​គាំទ្រ​ដល់​ខ្ទង់ចំណាយ​ក្នុង​ការសាងសង់​ស្ពានថ្ម​ថ្មី​មួយ​ខ្សែ​នេះ​”។

លោក​បាន​បន្ត​ទៀត​ថា​ “ការសាងសង់​ស្ពាន​ថ្មីនេះ​ ក្រៅពី​ចូលរួម​ក្នុង​ការបង្កើត​កិច្ច​អភិវឌ្ឍ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ក្រុង​ ក៏ដូចជា​ខេត្តបាត់ដំបង​ និង​ជួយ​បង្ក​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើដំណើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ ថែមទាំង​ជា​ចំណែក​មួយ​ក្នុង​ការ​គាំទ្រ​ដល់​វិស័យ​ទេសចរណ៍​ផង​ដែរ​ ខណៈ​ដែល​រដ្ឋបាល​ខេត្ត​មាន​គម្រោង​ជាច្រើន​ក្នុង​ការចូលរួម​នៅក្នុង​វិស័យ​នេះ​ ឱ្យ​ស្រប​ទៅ​នឹង​កេរ្តិ៍ឈ្មោះ​ ទីក្រុង​ស្អាត​ ប្រចាំឆ្នាំ​”៕

សេដ្ឋកិច្ច​ក្នុង​ទ្វីបអាស៊ី​នឹង​ឈរ​នៅ​លំដាប់​លេខមួយ​នៅ​លើ​ពិភពលោក​នៅ​ឆ្នាំ២០២០​

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ ផលិតផល​ក្នុង​ស្រុក​សរុប​របស់​អាស៊ី​ នឹង​មាន​ទំហំ​ធំជាង​អាមេរិក​ខាងជើង​ និង​អឺរ៉ុប​ដែល​រួមបញ្ចូល​គ្នា​នៅ​ឆ្នាំ២០២០​។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​។

ប្រទេស​ចិន​ ឥណ្ឌា​ និង​អាស៊ាន​ឥឡូវនេះ​ នឹង​ក្លាយជា​ក្បាលម៉ាស៊ីន​ដ៏​សំខាន់​នៃ​កំណើន​នៅក្នុង​តំបន់​ ក្នុងរយៈពេល១០ឆ្នាំ ខាងមុខ​។ នេះ​បើ​យោង​តាម​របាយការណ៍​។

របាយការណ៍​នេះ​បានឱ្យ​ដឹង​ថា​ “ភាគច្រើន​នៃ​កំណើន​នេះ​ គឺ​បាន​មក​ពីទី​ផ្សារ​កំពុង​អភិវឌ្ឍន៍​ ដូចជា​ ចិន​ ឥណ្ឌា​ និង​នៅ​ទូទាំង​អាស៊ី​អាគ្នេយ៍​ ហើយ​វា​នឹង​ផ្តល់​នូវ​ការសម្រេច​ចិ​ត្ត​ថ្មី​ៗជាច្រើន​សម្រាប់​ធុរកិច្ច​ រដ្ឋាភិបាល​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​”។

មួយឆ្នាំ​កន្លងទៅ​នេះ​ គឺជា​ការ​លំបាក​មួយ​សម្រាប់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ ដែល​ត្រូវ​បាន​វាយប្រហារ​ដោយ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​។

សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​បាន​ចាប់ផ្តើម​រៀបចំឡើង​វិញ​នូវ​ខ្សែ​សង្វា​ក់​តម្លៃ​ពិភពលោក​ ជុំវិញ​ពិភពលោក​រួច​ទៅ​ហើយ​ និង​កំពុង​ជះឥទ្ធិពល​ដល់​បណ្តា​ប្រទេស​អាស៊ី​ ដែល​ពឹងផ្អែក​លើ​ពាណិជ្ជកម្ម​ និង​បាន​ចាប់ផ្តើម​និន្នាការ​នៃ​ការ​ការពារ​ និង​ប្រឆាំង​សកល​ភាវូបនីយកម្ម​ក្នុងចំណោម​ប្រជាជាតិ​នានា​។

អង្គការ​សហប្រតិបត្តិ​ការ​ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ (OECD​) បាន​បញ្ជាក់​ថា​ ផល​ប៉ះពាល់​នៃ​សង្រ្គាម​ពាណិជ្ជកម្ម​អាមេរិក​ និង​ចិន​បាន​បណ្តាល​ឱ្យ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ធ្លាក់ចុះ​ ដូច​កម្រិត​វិបត្តិ​ហិរញ្ញវត្ថុ​ដ៏​ធំ​កាលពី១០ឆ្នាំមុន​។

ទោះ​យ៉ាងណា​ សេដ្ឋកិច្ច​អាស៊ី​អាគ្នេយ៍​ត្រូវ​បាន​ព្យាករណ៍​ថា​ នឹង​ជំរុញ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ ខណៈ​ប្រទេស​ដែល​ពឹងផ្អែក​លើ​ពាណិជ្ជកម្ម​ ដូចជា​សឹង្ហ​បូរី​ តៃវ៉ាន់​ និង​កូរ៉េ​ខាងត្បូង​នឹង​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​ក្នុងរយៈពេល​ពីរបី​ឆ្នាំខាងមុខ​។ នេះ​បើ​យោង​តាម​វេទិកា​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក​។

យោង​តាម​ការស្ទង់មតិ​របស់​របាយការណ៍​ ដែល​តំណាង​អ្នកជំនាញ​សេដ្ឋកិច្ច​ជាង​ ៦០០នាក់​នៅ​ទូទាំង​តំបន់​ ការនាំចេញ​នៅក្នុង​ប្រទេស​វៀតណាម​ បាន​កើនឡើង​ជាង១២​ ភាគរយ​ ហើយ​សេដ្ឋកិច្ច​អាស៊ី​អាគ្នេយ៍​ផ្សេងទៀត​ត្រូវ​បាន​រំពឹង​ថា​ នឹង​អនុវត្ត​តាម​កំណើន​ឡើង​នេះ​។

របាយការណ៍​បាន​និយាយ​ថា​ “ការស្ទង់មតិ​ប្រចាំឆ្នាំ​របស់​វេទិកា​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក​ បង្ហាញ​ពី​សុទិដ្ឋិនិយម​មួយចំនួន​ សម្រាប់​សេដ្ឋកិច្ច​អាស៊ី​អាគ្នេយ៍​។ ការនាំចេញ​របស់​វៀតណាម​ត្រូវ​បាន​រំពឹង​ថា​ នឹង​បន្ត​កើនឡើង​យ៉ាង​ខ្លាំង​ជាមួយនឹង​កំណើន​ខ្ពស់​ជាង១២ភាគរយ​”។

អ្នកឆ្លើយ​សំណួរ​ស្ទើរតែ​ពាក់កណ្ដាល​រំពឹង​ថា​ សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​នឹង​កើនឡើង​នៅ​ឆ្នាំក្រោយ​ ផ្ទុយពី​ជិត៧០ ភាគរយ​ដែល​ជឿ​ថា​ សេដ្ឋកិច្ច​ពិភពលោក​ទាំងមូល​នឹង​ឈាន​ទៅ​រក​ការ​ធ្លាក់ចុះ​។

លើស​ពីនេះ​ ទីក្រុង​ប៉េកាំង​ក៏​កំពុង​ប្រើប្រាស់​អំណាច​ទន់ភ្លន់​របស់​ខ្លួន​ ដើម្បី​នាំ​សេដ្ឋកិច្ច​អា​ស៊ី​ធំៗ​ ចូល​ទៅ​ក្នុង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​ក្នុង​តំបន់​ (RCEP​) ។ ប្លុក​ពាណិជ្ជកម្ម​ដែល​មាន​អាស៊ាន​ និង​សេដ្ឋកិច្ច​ធំ​បំផុត​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​ត្រូវ​បាន​កំណត់​ថា​ធំជាង​សហភាព​អឺរ៉ុប​ និង​មាន​ចំនួន​ពាក់កណ្តាល​នៃ​ចំនួន​ ប្រជាជន​ពិភពលោក​ និង​រួមបញ្ចូល​ច្រើន ជាង ៣០ភាគរយ​នៃ ​GDP ​សកល​។

ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បាន​ព្យាករណ៍​ថា​ តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នឹង​បង្កើត​បាន៦០​ ភាគរយ​នៃ​កំណើន​ពិភពលោក​ទាំងអស់​នៅ​ឆ្នាំ២០៣០​៕