ដោយវុត្ថា
ភ្នំពេញ ៖ រដ្ឋាភិបាលតាមរយៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកាសការអនុវត្តអត្រាពន្ធលើប្រាក់បៀរវត្សថ្មី សម្រាប់សហគ្រាសអ្នកជាប់ពន្ធនិវាសនជន ស្ថាប័នរដ្ឋ និងអង្គភាពនានា ស្តីពីប្រាក់ចំណូលជាប់ពន្ធប្រចាំឆ្នាំ និងប្រាក់បៀរវត្សជាប់ពន្ធប្រចាំខែ ។
យោងតាមសេចក្តីសម្រេចដែលបានផ្សព្វផ្សាយរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២០កន្លងមកនេះ បានប្រកាសណែនាំនៃការអនុវត្តអត្រាពន្ធលើប្រាក់បៀវត្សថ្មី នៃការអនុវត្ត អត្រាកំណើនតាមថ្នាក់ថ្មី ចំពោះសហគ្រាសអ្នកជាប់ពន្ធនិវាសនជន ស្ថាប័នរដ្ឋ និងអង្គភាពនានា ដែលមានកាតព្វកិច្ចកាត់ទុកនិងបង់ពន្ធលើប្រាក់បៀរវត្ស ដែលត្រូវអនុវត្តន៍អត្រាកំណើនតាមថ្នាក់ថ្មី ក្នុងនោះ ចំពោះបៀរវត្សជាប់ពន្ធប្រចាំខែ ដោយប្រាក់បៀរវត្ស ចាប់ពី ១ ៣០០ ០០ រៀល ដល់ ២ ០០០ ០០០ មានអត្រាពន្ធ ៥%, បៀរវត្សពី ២ ០០០ ០០១ រៀល ដល់ ៨ ៥០០ ០០០ រៀល អត្រា ១០%, និងពី ៨ ៥០០ ០០១ រៀល ដល់ ១២ ០០០ ០០០ រៀល អត្រាពន្ធ ១៥% និងលើសពី ១២ ៥០០ ០០០ រៀល គឺមានអត្រាប្រាក់ ២០% ។
ចំណែកទាយជ្ជទានសម្រាប់សហព័ន្ធ និងកូនក្នុងបន្ទុក គឺផ្អែកតាមការបង្ហាញភស្តុតាងនៃស្ថានភាពគ្រួសារ មន្ត្រីរាជការ គ្រូបង្រៀន គ្រូពេទ្យ និងកម្មករនិយោជិតដែលមានបន្ទុកកូន ប្តី ឬ ប្រពន្ធ ត្រូវបានអនុញ្ញាតឲ្យកាត់បន្ថយមូលដ្ឋានគិតពន្ធលើប្រាក់បៀរវត្ស ចំពោះកូនក្នុងបន្ទុក និងសហព័ន្ធជាមេផ្ទះ ក្នុងម្នាក់ៗ ១៥០ ០០០ រៀល ក្នុងមួយខែ ។
ពាក់ព័ន្ធនិងការកាត់បន្ថយមូលដ្ឋានពន្ធខាងលើនេះ ដែលមានអត្រាប្រាក់បៀរវត្សក្នុងរង្វង់ ១ ៣០០ ០០១ រៀល ដល់ ២ ០០០ ០០០ រៀល គឺត្រូវប្រមាណជា ៣២៥ ទៅ ៥០០ ដុល្លារអាមេរិក អាចរួចផុតពីការបង់ពន្ធលើប្រាក់បៀរវត្ស ។
ការគណនាពន្ធលើប្រាក់បៀរវត្សរបស់និយោជិកនិវាសនជន ត្រូវរកមូលដ្ឋានគិតពន្ធលើប្រាក់បៀរវត្ស ដោយយកចំនួនប្រាក់បៀរវត្សជាប់ពន្ធសរុប ដកចេញនូវទាយជ្ជទានសម្រាប់សហព័ន្ធ និងកូនក្នុងបន្ទុក ។ ដោយឡែកចំពោះកម្មករ និយោជិត រោងចក្រ សហគ្រាស បៀរវត្សជាប់ពន្ធ ត្រូវបានអនុញ្ញាតឲ្យដកចេញបន្ថែម នូវប្រាក់ឧបត្ថម្ភដែលទទួលបានពីការបំពេញការងារ ៕









