ដោយវុត្ថា
ភ្នំពេញ៖ រដ្ឋាភិបាលចិនតាមរយៈអ្នកនាំពាក្យក្រសួងការបរទេសរបស់ខ្លួន បានសន្យាផ្តល់ជំនួយដល់កម្ពុជាគ្រប់បែបយ៉ាងយ៉ាង ដើម្បីប្រយុទ្ធប្រឆាំងជំងឺដង្ហើមប្រភេទថ្មីកូវីដ ១៩ ខណៈគិតមកដល់ពេលនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៨៧នាក់ ដែលក្នុងនោះជនជាតិខ្មែរ៣៥នាក់ និងជនបរទេស៥២នាក់។
តាមការចុះផ្សាយការផ្សេព្វផ្សាយរបស់វិទ្យុមិត្តភាពកម្ពុជា-ចិននៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២០ នេះ ឱ្យដឹងថា
កាលពីថ្ងៃទី២៣ខែមីនាម្សិលមិញនេះ លោក Gengshuang អ្នកនាំពាក្យក្រសួងការបរទេសចិនបានឧទ្ទេសនាមអំពីសភាពការណ៍មានពាក់ព័ន្ធស្តីពីការធ្វើកិច្ចសហប្រតិបត្តិការក្នុងការទប់ទល់នឹងការរាតត្បាតនៃជំងឺកូវីដ១៩រវាងចិននិងកម្ពុជានៅក្រុងប៉េកាំង ។
លោកបានថ្លែងថា ភាគីចិននឹងនឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ក្នុងការផ្តល់ជំនួយគ្រប់បែបយ៉ាង ដល់ប្រទេសកម្ពុជា ដែលនេះមិនត្រឹមតែជាការបង្ហាញពីមិត្តភាពពិសេសរវាងចិននិងកម្ពុជាប៉ុណ្ណោះទេ ថែមទាំងក៏ជាទង្វើគួរតែមាន ដោយសារតែចិននិងកម្ពុជា ជាសហគមន៍រួមវាសនានិងជាមិត្តដែកថែបផងដែរ ។
លោកបន្តថា “ភាគីចិន និងភាគីកម្ពុជា នឹងពួតដៃគ្នាយកឈ្នះលើជំងឺឆ្លង ដើម្បីរួមវិភាគទាន ដល់សន្តិសុខសុខភាពសាធារណៈក្នុងតំបន់ជាមួយគ្នា”។
រដ្ឋាភិបាលចិនកាលពីម្សិលមិញនេះបានសម្រេចចាត់បញ្ជូនក្រុមគ្រូពេទ្យនៃតំបន់ស្វយ័តGuangxi ប្រទេសចិនចំនួន៧រូបមកកាន់ប្រទេសកម្ពុជា ដើម្បីជួយកម្ពុជាក្នុងកិច្ចប្រឆាំងនឹងជម្ងឺវីរុសCOVID-19 ខណៈពេលថ្មីៗនេះ ស្ថានភាពជម្ងឺវីរុស ក្នុងប្រទេសកម្ពុជាមានការវិវឌ្ឍន៍ឥតឈប់ឈរ ដែលបានធ្វើឲ្យប្រជាពលរដ្ឋចិនមានអារម្មណ៍ដូចប្រជាពលរដ្ឋកម្ពុជា។
ក្រុមគ្រូពេទ្យជំនាញចិនទាំងនេះ នឹងផ្តល់បទពិសោធន៍នៃកិច្ចប្រយុទ្ធប្រឆាំងនឹងជម្ងឺវីរុសជាមួយនឹងភាគីកម្ពុជា ជួយសម្របសម្រួលកិច្ចប្រយុទ្ធប្រឆាំងនឹងជម្ងឺវីរុសដល់ភាគីកម្ពុជា ហើយនឹងផ្តល់យោបល់ណែនាំជូនដល់អ្នកជម្ងឺក្នុងពេលព្យាបាល។ ក្រុមអ្នកជំនាញប្រយុទ្ធប្រឆាំងនឹងជម្ងឺវីរុសទាំង៧ រូបនេះ ត្រូវបានចាត់បញ្ជូនមកកាន់តំបន់អាស៊ានដំបូងគេបង្អស់ដោយរដ្ឋាភិបាលចិន។
ទន្ទឹមនឹងនេះ ដើម្បីជួយដោះស្រាយបញ្ហាកង្វះសម្ភារៈទប់ស្តាត់នឹងជម្ងឺវីរុសក្នុងប្រទេសកម្ពុជា រដ្ឋាភិបាលចិនក៏បានជំនួយជាម៉ាសវេជ្ជសាស្រ្ត ម៉ាសN95 សម្លៀកបំពាក់ការពារវីរុស វ៉ែនតាការពារ និងសម្ភារៈផ្សេងទៀតយ៉ាងច្រើន ជូនដល់ភាគីកម្ពុជាផងដែរ៕






