ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ សមាគមរោងចក្រកាត់ដេរកម្ពុជា ហៅកាត់ GMAC បានចេញសេចក្ដីអំពាវនាវដល់ភាគីភាគីពាក់ព័ន្ធទាំងអស់ពួតដៃគ្នាដើម្បីអាចបន្តរស់បាន រួមជាមួយនឹងការទាមទារឱ្យគ្រប់បណ្តាអ្នកបញ្ជាទិញផលិតផលវិស័យឧស្សាហកម្មរោងចក្រកាត់ដេរពីកម្ពុជាទាំងអស់ឱ្យគោរព និងអនុវត្តទៅតាមកិច្ចសន្យារបស់ខ្លួន។
តាមរយៈសេចក្ដីអំពាវនាវរបស់សមាគមរោងចក្រកាត់ដេរកម្ពុជា GMAC ដែលចេញកាលពីព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ បានលើកឡើងថា ដោយសារតែការរីករាលដាលជាសាកលនៃជំងឺរលាកផ្លូវដង្ហើម Covid-19 នៅពេលបច្ចុប្បន្ននេះបានធ្វើឱ្យមានភាពចលាចលដើ់ជីវិតរស់នៅ និងអាជីវកម្មនៅក្នុងវិស័យរោងចក្រ។ ដូច្នេះ ដើម្បីជំនះស្ថានភាពដ៏លំបាកនេះ GMAC សូមអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់រួមដៃគ្នា ដើម្បីអាចរស់បានទាំងអស់គ្នា។
ជាមួយគ្នានេះ សមាគមរោងចក្រកម្ពុជា ក៏បានធ្វើការអំពាវនាវចំពោះអ្នកបញ្ជាទិញទាំងអស់ សូមកុំបោះបង់កម្ពុជា សមាគមសូមជំរុញអ្នកបញ្ជាទិញបំពេញកាតព្វកិច្ចរបស់ខ្លួនតាមកិច្ចសន្យាដែលបានចុះរួចហើយ ដោយទទួលយកការដឹកជញ្ជូនទំនិញដែលបានផលិតរួចហើយ និងទំនិញដែលកំពុងផលិត ដោយធ្វើការទូទាត់តាមលក្ខខណ្ឌធម្មតា។ ការធ្វើបែបនេះ នឹងអាចធ្វើឱ្យរោងចក្រមានលទ្ធភាពបើកប្រាក់ឈ្នួលជូនកម្មករ និងបន្តការងាររបស់ពួកគេ។
ដោយឡែកចំពោះរោងចក្រទាំងអស់ ត្រូវធានាសុវត្ថិភាពកម្មករជាចម្បង សូមរក្សាការយកចិត្តទុកដាក់ និងអនាម័យកម្រិតខ្ពស់ ដែលជាវិធានការ កាពារនៅកន្លែងការងារ ដើម្បីការពារកម្មកររបស់យើង និងជួយបង្ការការឆ្លាងរាលដាលនៃវីរុសនេះ។ សូមឱ្យប្រាកដថា កម្មកររបស់យើងយល់ដឹង និងអនុវត្តតាមគោលការណ៍ណែនាំ និងបញ្ញត្តិផ្សេងៗ ដែលដាក់ចេញដោយរដ្ឋាភិបាលកម្ពុជា។
ជាមួយគ្នានេះ ចំពោះកម្មករ និងសហជីពទាំងអស់ សូមមានទំនុកចិត្តលើវិធានការការពារលក្ខណៈវិទ្យាសាស្ត្រ ដែលកំពុងអនុវត្តនៅកន្លែងការងារ។ សូមធ្វើជាផ្នែកមួយនៃដំណោះស្រាយ ជាពិសេសបន្តនៅឱ្យឆ្ងាយនិងកាត់បន្ថយជាអតិបរមាចំពោះពិធីជួបជុំផ្សេងៗ។
តាមរយៈកិច្ចរួមសហការនេះប្រាកដណាស់ថា យើងអាចនឹងពុះពារឈ្នះជំងឺឆ្លងរាតត្បាតជាសាកលនេះ ហើយអាចការពារជីវិតរបស់យើង និងធានាបាននូវការស់រាននៃអាជីវកម្មផងដែរ ៕







