ដោយ ហ្សូលី
ភ្នំពេញ៖ តំបន់អាស៊ីអាគ្នេយ័ ជាពិសេស ប្រទេសកម្ពុជា និងថៃ កំពុងប្រឈមនឹងការដាំក្បាលចុះខាតបង់ទឹកប្រាក់ខ្ទង់ពាន់លានដុល្លារដោយសារការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរចិននៅពេលថ្មីៗនេះ។
នេះបើយោងតាមរបាយការណ៍របស់បណ្តាញសវនកម្មពិភពលោកពន្ធនិងប្រឹក្សាយោបល់ KPMG International បានឱ្យដឹងថា ហានិភ័យនៃវិបត្តិសកលលោកក្នុងឆ្នាំ ២០២០នេះ គឺខ្ពស់ណាស់នៅពេលដែលប្រទេសនានាបិទសកម្មភាពសេដ្ឋកិច្ច ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតកូវីដ ១៩ ។
ចំណែករបាយការណ៍របស់ធនាគារអភិវឌ្ឍអាស៊ី ADB វិញ បានរៀបចំអំពីគម្រោងនៃការព្យាករណ៍ផលប៉ះពាល់សេដ្ឋកិច្ចថា ការមកដល់របស់ភ្ញៀវទេសចរនៅតាមបណ្តាប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ីកំពុងមានការធ្លាក់ចុះយ៉ាងខ្លាំងដោយសារតែបម្រាមការធ្វើដំណើរក៏ដូចជាឥរិយាបទប្រុងប្រយ័ត្នជាដើម។
រដ្ឋាភិបាលកម្ពុជាបានរាយការណ៍ថា ចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២០ នេះ ចំនួនភ្ញៀវទេសចរធ្លាក់ចុះប្រមាណ ៦០ ភាគរយ។ សំបុត្រចូលទស្សនាប្រាសាទអង្ករវត្ត ខេត្តសៀមរាប បានធ្លាក់ចុះចន្លោះ ៣០ ទៅ ៤០ ភាគរយ ខណៈដែលខេត្តព្រះសីហនុ ឆ្នេរទិសនិរតី ត្រូវបានគេសង្កេតឃើញថាមានធ្លាក់ចុះគួរឱ្យកត់សម្គាល់ជាពិសេសជនជាតិចិន។
ទន្ទឹមនេះធនាគារអភិវឌ្ឍអាស៊ីបានព្យាករណ៍វិស័យទេសចរណ៍ក្នុងកម្ពុជាថា ថវិកាចំនួន ៨៥០ លានដុល្លារ នឹងត្រូវខាតបង់លើវិស័យទេសចរណ៍ ដោយប្រទេសកម្ពុជាមិនអាចឈានទៅដល់គោលដៅដែលថា នឹងមានភ្ញៀវទេសចរចិន ២លាននាក់ក្នុងឆ្នាំ ២០២០នេះឡើយ។
ក្រឡេកមកកាន់ប្រទេសថៃវិញ រយៈពេល ២ខែ ឆ្នាំ ២០២០នេះ ថៃខាតបង់ភ្ញៀវទេសចរប្រមាណ ៥លាននាក់ បើគិតជាទឹកប្រាក់វិញគឺស្មើនឹង ៨ពាន់លានដុល្លារ។ ចំនួននេះគឺធ្លាក់ចុះ ៧៧ភាគរយ ហើយក្នុងនោះ ៩៩ភាគរយគឺជាចនជាតិចិនដែលបានសម្រេចចិត្តថាលុបចោលដំណើរកម្សាន្តមកកាន់ប្រទេសថៃ ព្រោះក្រសួងទេសចរណ៍បានប៉ាន់ស្មានថា ឆ្នាំ ២០២០នេះ ប្រទេសថៃនឹងទទួលបានភ្ញៀវទេសចរចិន ១០ លាននាក់៕