រដ្ឋាភិបាល ច្រានចោលព័ត៌មានគ្រោងបិទទីក្រុងភ្នំពេញ

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានប្រកាសច្រានចោលទាំងស្រុង នូវសារជាសំឡេង ដែលគ្មានប្រភពច្បាស់លាស់ និងត្រូវបានចែកចាយតាមបណ្ដាញសង្គមផ្សព្វផ្សាយថា «រាជរដ្ឋាភិបាលគ្រោងបិទរាជធានីភ្នំពេញ» ដើម្បីទប់ស្កាត់ការឆ្លង រីករាលដាលវីរុស Covid-19 ។

សារជាសម្លេងដែលមន្ដ្រីរដ្ឋាភិបាល ច្រានចោលបន្ទាប់ពីមានការចែកចាយនៅលើបណ្តាញសង្គមហ្វេសប៊ុក បានលើកឡើងថា “បងបានទទួលព័ត៌មាន មួយជាផ្លូវការ ចាំប្រាប់បងប្អូនយើងទាំងគ្នាណា ខាងចិនគេមកជួយខ្មែរនឹង ឥឡូវគេសំណូមពរឱ្យ សម្ដេចតេជោ ហ៊ុន សែន ក្នុងថ្ងៃទី២៥ ទៅនឹង ឱ្យបិទផ្សារ ឱ្យបិទភោជនីយដ្ឋាន បិទអីទាំងអស់”។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ អង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាល នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ បានប្រកាសថា រដ្ឋាភិបាល សូមច្រានចោលទាំងស្រុង នូវសារជាសំឡេងដែលលាក់ប្រភព ត្រូវបានចែកចាយតាមបណ្ដាញសង្គម ផ្សព្វផ្សាយថា រាជរដ្ឋាភិបាលគ្រោងបិទរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលវីរុស Covid-19”។

អង្គភាពអ្នកនាំពាក្យបានលើកឡើងថា រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មការជាតិប្រយុទ្ធនឹងជម្ងឺវីរុស Covid-19 ដែលមាន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាប្រធាន ក៏ដូចជាឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាលជាច្រើនរូប ជាអនុប្រធាន រួមទាំង លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជាអនុប្រធានប្រចាំការ បានដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ជាទីបំផុត និងជាបន្តបន្ទាប់ ដើម្បីប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលវីរុស Covid-19។

អង្គភាពអ្នកនាំពាក្យ អំពាវនាវសារជាថ្មី ដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ កុំមានការភ្ញាក់ផ្អើលស្លន់ស្លោ ដែលនាំឲ្យមានភាពចលាចលប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់សង្គម និងជាពិសេសបង្កឲ្យឡើងថ្លៃទំនិញហួសហេតុ ដោយមិនសមហេតុសមផល ។

អង្គភាពអ្នកនាំពាក្យ សូមបញ្ជាក់ថា ប្រភពព័ត៌មានពិតប្រាកដ និងផ្លូវការពីស្ថានការណ៍វីរុសកូវីដ -១៩ គឺជាប្រភពចេញពីក្រសួងសុខាភិបាល។ លើសពីនេះទៀត ប្រសិនបើប្រជាពលរដ្ឋទាំងអស់ មានចម្ងល់ផ្សេងៗ សូមទំនាក់ទំនងលេខទូរស័ព្ទទាន់ហេតុការណ៍របស់ក្រសួងសុខាភិបាល១១៥ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here