ទំហំ​ហិរញ្ញប្បទាន​ពី​ដៃគូ​អភិ​វឌ្ឈ​ន៍​ដល់​កម្ពុជា​កើនឡើង​ដល់​ទំហំ​ទឹកប្រាក់​ ១៨០០លាន​ដុល្លារ​

CDC ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

ដោយៈ​ រ៉ា​ណេត​

សៀម​រា​បៈ​ ទំហំ​ហិ​រប្ប​ទាន​សហប្រតិបត្តិ​ការ​ ដែល​ផ្តល់​ដោយដៃ​គូ​អភិវឌ្ឍន៍​ទាំងអស់​សម្រាប់​កម្ពុជា​នៅ​ត្រឹម​ឆ្នាំ២០១៩នេះ​ អាច​នឹង​ឈាន​ដល់​ប្រមាណ១៨០០លាន​ដុល្លារ​ ខណៈ​ដែល​គិត​ត្រឹម​ឆ្នាំ២០១៨កន្លងទៅ​ មាន​ត្រឹម១៤០០លាន​ដុល្លារ​តែប៉ុណ្ណោះ​។

ទំហំ​ហិ​រប្ប​ទាន​សហប្រតិបត្តិ​ការ​ ដែល​ផ្តល់​ដោយដៃ​គូ​អភិវឌ្ឍន៍​ទាំងអស់​ ក្នុងរយៈពេល​ ៥ឆ្នាំ​ចុងក្រោយ២០១៤​ – ២០១៨​ មាន​ទំហំ​ប្រមាណ១​ ៤០០លាន​ដុល្លារ​ ក្នុង​មួយឆ្នាំ​ ហើយ​ទំហំ​ហិរញ្ញប្បទាន​នេះ​ នឹង​មានការ​កើនឡើង​ដល់​ប្រមាណ១៨០០​ លាន​ដុល្លារ​ ក្នុង​ឆ្នាំ២០១៩​ ដើម្បី​គាំទ្រ​ដល់​វិស័យ​អាទិភាព​របស់​រាជរដ្ឋាភិបាល​ ដូច​មាន​ចែង​ក្នុង​យុទ្ធ​សាស្រ្ត​ចតុ​កោ​ណតំណា​ក់​កាល​ទី៣​ និង​ទី៤​ ផែនការ​យុទ្ធ​សាស្រ្ត​អភិវឌ្ឍន៍​របស់​ជាតិ​។

នៅ​ក្នុង​សន្ទុ​រក​ថា​បិទ​អង្គ​វិប្សស​នា​ កាលពី​ថ្ងៃ១៨ខែធ្នូ​ ឆ្នាំ២០១៩​ រៀបចំឡើង​ដោយ​គណកម្មា​ធិការ​នីតិសម្បទា​ និង​អភិវឌ្ឍន៍​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​ លោ​កឈៀង​ យ៉ា​ណា​រ៉ា​ បាន​កោតសរសើរ​ចំពោះ​វឌ្ឍនភាព​សម្រេច​បាន​របស់​នាយកដ្ឋាន​នី​មួយ​ៗនៅក្នុង​ឆ្នាំ២០១៩​ ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​ ក្រោម​ការ​រួមចំណែក​របស់​មន្ត្រី​ទាំងអស់​ ក្នុង​ការអនុវត្ត​ផែនការ​សកម្មភាព​ឆ្នាំ២០១៩​។

ជាមួយគ្នា​នេះ​ លោក​ក៏បាន​ថ្លែងអំណរគុណ​ ចំពោះ​ដៃគូ​អភិវឌ្ឍន៍​ទាំងអស់​ដែល​រួមមាន​ដូចជា​ ទីភ្នាក់ងារ ​JICA​ និង​ KOICA​ ដែល​តែងតែ​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​រា​ជរ​ ដ្ឋា​ភិបាល​កម្ពុជា​។

នៅក្នុង​ឱកាស​នេះ​ តំណាង​ទីភ្នាក់ងារ ​JICA​ និង​ KOICA​ ក៏បាន​ធ្វើ​បទ​បង្ហាញ​សង្ខេប​ស្តី​ពី​កិច្ច​សហប្រតិបត្តិ​ការអភិវឌ្ឍន៍​នៅ​កម្ពុជា​ ក៏ដូចជា​ ផែនការ​យុទ្ធសាស្ត្រ​ស្តី​ពី​កិច្ច​សហប្រតិបត្តិ​អភិវឌ្ឍន៍​របស់​ខ្លួន​នា​ពេល​អនាគត​ ដល់​អង្គ​វិ​ប្ប​សនា​ ដើម្បី​ជា​ចំណេះដឹង​ និង​ធាតុ​ចូល​បន្ថែម​សម្រាប់​មន្ត្រី​ពាក់ព័ន្ធ​ផង​ដែរ​៕

ចំណេះដឹង​! តើ​អ្វី​ជា​សហគ្រិន​?

ដោយ ​វុត្ថា

ភ្នំ​ពេញៈ​ សហគ្រិន​ គឺជា​បុគ្គល​ម្នាក់​ ដែល​មិន​ធ្វើការងារ​ឲ្យ​ក្រុមហ៊ុន​ផ្សេង​ហើយ​បង្កើត​និង​ធ្វើអាជីវកម្ម​តូច​មួយ​ តាមរយៈ​រក​ប្រាក់​វិនិយោគ​ និង​ទទួលយក​រាល់​ហានិភ័យ​និង​រង្វាន់​នៃ​ការ​រកស៊ី​។

សហគ្រិន​ត្រូវ​បាន​គេ​មើលឃើញ​ជាទូទៅ​ថា​ ជា​អ្នកច្នៃប្រឌិត​ ជា​មនុស្ស​មាន​ប្រភព​នៃ​គំនិត​ថ្មី​ ផលិតផល​ថ្មី​ និង​សេវាកម្ម​ ឬដំណើរការ​ថ្មី​។

សហគ្រិន​ ដើរតួ​នាទី​យ៉ាង​សំខាន់​នៅក្នុង​សេដ្ឋកិច្ច​។ ទាំងនេះ​គឺជា​មនុស្ស​ដែល​មាន​ជំនាញ​និង​គំនិត​ផ្តួចផ្តើម​ដែល​ចាំបាច់​ដើម្បី​ប្រមើល​មើល​ពី​តម្រូវការ​នា​ពេល​បច្ចុប្បន្ន​និង​អនាគត​នឹង​នាំ​យក​គំ​និ​តថ្មី​ៗល្អ​ៗ ទៅ​ទីផ្សារ​។

សហគ្រិន​ដែល​ទទួល​បាន​ជោគជ័យ​ ក្នុង​ការ​ចាប់ផ្ដើម​អាជីវកម្ម​ត្រូវ​បាន​ទទួល​រង្វាន់​ដោយមាន​ប្រាក់ចំណេញ​កិត្តិនាម​។ អ្នក​ទាំងឡាយ​ដែល​បរាជ័យ​គឺ​ទទួលរង​ការបាត់បង់​ផង​ដែរ​។

សហគ្រិន​មាន​តួនាទី​ត្រូវ​ធ្វើជា​បន្តបន្ទាប់​តាមលំដាប់​ ដូចជា​ ៖១-ជាដំបូង​សហគ្រិន​ត្រូវ​ចូលរួម​វាយ​តំលៃ​សក្តា​នុ​ពល​សំរាប់​អាជីវកម្ម​ និង​បន្ទាប់មក​ត្រូវ​ដោះស្រាយ​បញ្ហា​នានា​ក្នុង​ពេល​ចាប់ផ្តើម​។ ២-ចាប់ផ្តើម​ដំណើរការ​ធ្វើ​ផែនការអាជីវកម្ម​ថ្មី​។៣-ត្រូវ​ក្រឡេក​មើល​ពី​ការចាត់ចែង​អាជីវកម្ម​។ ៤-ចាប់ផ្តើម​ដំណើរការ​អាជីវកម្ម​។

៥-គ្រប់គ្រង​អាជីវកម្ម​អោយ​ដំណើរការ​ប្រកបដោយ​ជោគជ័យ​។ ដំណាក់កាល​នេះ​ទាក់ទិនទៅនឹង​ការ​ធ្វើការ​សំរេច​ ការ​ធ្វើ​ផែនការ​សកម្មភាព​ ការវិភាគ​ពី​បរិស្ថាន​នានា​ដែល​ជា​ឱកាស​ និង​ការ​គំរាមកំហែង​ ព្រមទាំង​ ធ្វើការ​វាស់វែង​ និង​ វាយតម្លៃ​ពី​លទ្ធផល​នានា​ ។ និង​ ៦-ដំណាក់កាល​ចុងក្រោយ​ សហគ្រិន​ ចូលរួម​ក្នុង​សកម្មភាព​នានា​ដែល​ទាក់ទង​នឹង​ការគ្រប់គ្រង​ការលូតលាស់​នៃ​អាជីវកម្ម​។

បុគ្គលិក​លក្ខណៈ​ដែល​សហគ្រិន​ មាន​ភាព​ខុសពី​អ្នក​មិនមែន​ជា​សហគ្រិន​រួមមាន​ ៖

• កំរិត​នៃ​ការ​លើកទឹកចិត្ត​ខ្ពស់​

• មាន​ជំនឿ​លើ​ខ្លួនឯង​

• សមត្ថភាព​ដែល​ពាក់ព័ន្ធ​មាន​រយៈពេល​វែង​

• កំរិត​ថាមពល​ខ្ពស់​

• អ្នក​ដោះស្រាយ​បញ្ហា​អចិន្ត្រៃយ៍​

• កំរិត​នៃ​គំនិត​ផ្តួចផ្តើម​ខ្ពស់​

• សមត្ថភាព​ដាក់ចេញ​គោលដៅ​

• ឆន្ទៈ​ និង​សមត្ថភាព​ធ្វើការ​ដឹកនាំ​ខ្លួនឯង​

• មាន​ភាពស្វិត​ស្វាញ​នឹង​ការងារ​បាន​ល្អ​

• ភាព​ប៉ិនប្រសព្វ​ក្នុង​ការកែច្នៃ​ ៕

ការ​ឡើងថ្លៃ​ប្រាក់​បាត​នៅតែ​បន្ត​ជះ​ឥទិ្ធ​ពល​អវិជ្ជមាន​ដល់​វិស័យ​អចលនទ្រព្យ​និង​ទេសចរណ៍​ថៃ​

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ ធនាគារ​ថៃ​បាន​ទាមទារ​ឱ្យ​មានការ​រក្សា​ អត្រា​ការប្រាក់​គោល​របស់​ខ្លួន​ បន្ទាប់ពី​កាត់បន្ថយ​អត្រា​ការប្រាក់​ជា​លើក​ទី២ក្នុង​ឆ្នាំនេះ​ ដោយសារ​ការ​ធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច​ដែល​បណ្តាល​មក​ពី​ប្រាក់​បាត​ឡើងថ្លៃ​។

ធនាគារ​ថៃ​បាន​បញ្ជាក់​ក្នុង​របាយការណ៍​ស្តី​ពី​ ការសម្រេច​ចិត្ត​គោលនយោបាយ​ថា​ “នៅក្នុង​ការពិភាក្សា​អំពី​ការសម្រេច​ចិត្ត​ លើ​គោលនយោបាយ​របស់​ពួកគេ​ គណៈកម្មាធិការ​បាន​វាយតម្លៃ​ថា​ សេដ្ឋកិច្ច​ថៃ​នឹង​មាន​កំណើន​ ក្នុង​អត្រា​ទាប​ជាង​ការព្យាករណ៍​ពីមុន​ និង​ទាប​ជាង​សក្តា​នុ​ពល​របស់​ខ្លួន​ ដោយសារ​ការ​ធ្លាក់ចុះ​នៃ​ការនាំចេញ​ ដែល​ប៉ះពាល់​ដល់​ការងារ​ និង​តម្រូវការ​ក្នុង​ស្រុក​”។

ធនាគារ​កណ្តាល​ថៃ​ ក៏បាន​ទម្លាក់​ការ​ព្យាករ​កំណើន​ផលិតផល​សរុប​ ក្នុង​ស្រុក​របស់​ខ្លួន​មក​នៅ​ត្រឹម២​,៥ភាគរយ​ ដែល​ជា​ការ​ធ្លាក់ចុះ​គួរ​ឱ្យ​កត់សម្គាល់​ ពីអ​ត្រា​កំណើន​ ៤,១ភាគរយ​កាលពី​ឆ្នាំមុន​។

រូបិយប័ណ្ណ​របស់​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំជាង​គេ​ទី២​ នៅ​អាស៊ាន​បាន​ស្ថិត​ក្នុងចំណោម​ប្រទេស​ ដែល​មាន​រូបិយប័ណ្ណ​កើនឡើង​ថ្លៃ​បំផុត​បំផុត​ នៅ​លើ​ពិភពលោក​ក្នុង​រយៈពេល​មួយឆ្នាំ​កន្លងមក​នេះ​។ ប្រាក់​បាត​ឡើងថ្លៃ​ជាង៥ភាគរយ​ ធៀប​នឹង​ប្រាក់​ដុល្លារ​អាមេរិក​នៅ​ឆមាស​ទីមួយ​នៃ​ឆ្នាំនេះ​។ ជាក់ស្តែង​ប្រាក់​បាត​ឡើងថ្លៃ​ជាង​រូបិយ​ប័ណ្ណ​ផ្សេង​ៗទៀត​នៅ​អាស៊ី​។

សេដ្ឋកិច្ច​ថៃ​បាន​ឈាន​ទៅ​រក​ការ​ធ្លាក់ចុះ​ជាបន្តបន្ទាប់​ ចាប់តាំងពី​ដើមឆ្នាំ​នេះ​ ដោយសារ​ប្រាក់​បាត​ឡើងថ្លៃ​ និង​ភាព​តានតឹង​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក​ និង​ចិន​។

ធនាគារ​កណ្តាល​បាន​ទម្លាក់​អត្រា​ការប្រាក់​ជា​លើក​ទី២​ នៅ​ឆ្នាំនេះ​មក​នៅ​ត្រឹម​ ១,២៥ភាគរយ​កាលពី​ខែមុន​ ដែល​ជា​អត្រា​មួយ​ដែល​មិនបាន​មើលឃើញ​ ចាប់តាំងពី​មាន​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​កាលពី​ឆ្នាំ២០០៩​។

វិស័យ​សេដ្ឋកិច្ច​សំ​ខាន់​ៗ ចាប់ពី​វិស័យ​ទេសចរណ៍​រហូត​ ដល់​វិស័យ​អចលនទ្រព្យ​ត្រូវ​បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​ ដោយសារ​ការ​ឡើងថ្លៃ​ប្រាក់​បាត​។ វិស័យ​ទេសចរណ៍​គឺជា​សមាសធាតុ​ដ៏​សំខាន់​មួយ​នៃ​សេដ្ឋកិច្ច​ថៃ​ ដែល​មាន​ចំនួន​ស្មើនឹង១​ ភាគ៥ ភាគរយ​នៃ​ផលិតផល​សរុប​ក្នុង​ស្រុក​របស់​ប្រទេស​នេះ​។

អតីតប្រធាន​ក្រុមហ៊ុន​ Thai​ Airways​ លោក​ Ekniti​ Nitithanprapas​ បាន​និយាយ​ថា​ មូលហេតុ​ចម្បង​នៃ​ការ​ធ្លាក់ចុះ​ចំណូល​ដ៏​សំខាន់​ របស់​ក្រុមហ៊ុន​អាកាសចរណ៍​គឺ​បណ្តាល​មក​ពី​ភ្ញៀវ​ទេសចរ​មិន​មក​ថៃ​ ដោយសារតែ​ការ​កើនឡើង​នៃ​ប្រាក់​បាត​ថៃ​។

ប្រធាន​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​ថៃ​នេះ​ បាន​លាឈប់​ពី​តំណែង​កាលពី​សប្តាហ៍​មុនបន្ទាប់​ពី​ក្រុមហ៊ុន​បាន​ចេញផ្សាយ​ លទ្ធផល​នៅ​ត្រីមាស​ទី២របស់​ខ្លួន​ ដែល​បង្ហាញ​ពី​ការខាតបង់​សុទ្ធ​ចំនួន២២០លាន​ដុល្លារ​។

នៅក្នុង​វិស័យ​អចលនទ្រព្យ​ វិនិយោគិន​ថៃ​ និង​បរទេស​កំពុង​ព្រងើយកន្តើយ​ចំពោះ​គម្រោង​ខុន​ដូ​ដែល​ទើបនឹង​បើក​ដំណើរការ​ ខណៈ​ដែល​ជាង៨០ភាគរយ​ នៃ​យូនី​តខុន​ដូ​លក់​នៅ​ឆមាស​ទីមួយ​នៃ​ឆ្នាំនេះ​បាន​នៅសល់​ក្នុង​ទីផ្សារ​។

របាយការណ៍​ខាងលើ​បាន​គណនា​ថា​ ភាគច្រើន​នៃ២៧​,៨៧០យូនី​តថ្មី​ សម្រាប់​លក់​ក្នុង​ឆមាស​ទីមួយ​នៃ​ឆ្នាំនេះ​ នៅតែ​មិនទាន់​ត្រូវ​បាន​លក់​ចេញ​។ ក្នុងចំណោម​យូនី​តថ្មី​ដែល​ដាក់​លក់​នៅ​ឆ្នាំនេះ​ មានតែ​ត្រឹម៥​,២៥៧យូនី​តប៉ុណ្ណោះ​ ដែល​ត្រូវ​បាន​លក់​ចេញ​ស្មើនឹង​អត្រា​ត្រឹមតែ១៩ភាគរយ​ប៉ុណ្ណោះ​។

របាយការណ៍​របស់​ Knight​ Frank​ បាន​បញ្ជាក់​ថា​ “អត្រា​នៃ​ការ​លក់​ខុន​ដូ​ថ្មី​ដែល​បាន​បើក​ដំណើរការ​នៅ​ទីក្រុង​បាងកក​ ក្នុង​ឆមាស​ទី១​ នៃ​ឆ្នាំ២០១៩​ បាន​ធ្លាក់ចុះ​ដល់កម្រិត​ទាប​ជា​ប្រវត្តិសាស្ត្រ​”។

វិនិយោគិន​បរទេស​ ក៏បាន​មើល​កន្លែង​វិនិយោគ​ផ្សេងទៀត​ ឬអង្គុយ​លើ​កាបូប​របស់​ពួកគេ​ នៅពេល​ប្រាក់​បាត​ឡើងថ្លៃ​ពេញ​មួយឆ្នាំ២០១៩​ ដែល​បាន​ក្លាយជា​រូបិយប័ណ្ណ​មួយ​ក្នុងចំណោម​រូបិយប័ណ្ណ​ឡើងថ្លៃ​បំផុត​នៅ​លើ​ពិភពលោក​។

របាយការណ៍​របស់​ Knight​ Frank​ បានឱ្យ​ដឹង​ថា​ “ការ​ឡើងថ្លៃ​ប្រាក់​បាត​ធៀប​នឹង​ប្រាក់​ដុល្លារ​អាមេរិក​ និង​ប្រា​ក់យ័ន​ ក៏បាន​ប៉ះពាល់​ដល់​តម្រូវការ​អចលនទ្រព្យ​ របស់​វិនិយោគិន​បរទេស​ផង​ដែរ​ ដែល​ជាហេតុ​ធ្វើ​ឱ្យ​ការ​កក់​ធ្លាក់ចុះ​ ក្នុង​ត្រីមាស​ទី២ឆ្នាំនេះ​។ ទីផ្សារ​អចលនទ្រព្យ​ កំពុង​ឆ្លងកាត់​រយៈពេល​ដ៏​លំបាក​មួយ​ ដែល​តម្រូវការ​ទាំង​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក​បាន​ធ្លាក់ចុះ​ ដោយសារ​ការ​ដាក់កម្រិត​កម្ចី​អចលនទ្រព្យ​ ចូលជាធរមាន​និង​ការ​ឡើងថ្លៃ​ប្រាក់​បាត​”៕

អបអរសាទរ​ ក្រុង​តាខ្មៅ​ ជាប់​ជ័យលាភី​ជាទី​ក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​ លើក​ទី២​

ដោយ​ ៖ រ៉ា​ណេត​

តាខ្មៅ​ ៖ ជា​មោទនភាព​ចំពោះ​ក្រុង​តាខ្មៅ​ ក៏ដូចជា​ប្រជាពលរដ្ឋ​ រួម​ជាមួយនឹង​អជ្ញា​ធរ​ ដែល​ទីក្រុង​មួយ​នេះ​ត្រូវ​បាន​ជាប់​ជា​បេក្ខភាព​ជាប់​ជ័យលាភី​ជាទី​ក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​ លើក​ទី២​ ដែល​នឹង​ត្រូវ​ទទួល​ពាន​នៅ​ប្រទេស​ព្រុយ​ណេ​ នៅ​ខែមករា​ ឆ្នាំ២០២០ខាងមុខនេះ​។

បន្ទាប់ពី​បាន​ឆ្លង់​កាត់​នូវ​ការ​ត្រួតពិនិត្យ​ ពី​គណកម្មា​ធិការ​ជាតិ​ជំនាញ​វា​តម្លៃ​ទីក្រុង​ស្អាត​ កាលពី​ពេល​កន្លងទៅ​នេះ​ ក្រុង​តាខ្មៅ​ ខេត្តកណ្តាល​ បាន​ក្លាយជា​បេក្ខភាព​ជាប់​ជ័យលាភី​ជាទី​ក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​លើក​ទី២​។ នេះ​បើ​យោង​តាម​សេចក្ដីប្រកាស​ដែល​ចេញ​ដោយ​ទីស្ដីការ​គណ​រដ្ឋមន្ត្រី​ ដែល​ចុះហត្ថលេខា​ដោយ​រដ្ឋលេខាធិការ​ទីស្ដីការ​គណ​រដ្ឋមន្ត្រី​ លោក​ ហែម​ ក្រាញ់​តូ​នី​ កាលពី​ពេល​ថ្មី​ៗនេះ​។

នៅក្នុង​លិខិត​ដដែល​បាន​បញ្ជាក់​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​យល់ព្រម​ឱ្យ​បញ្ជូន​បេក្ខភាព​ទីក្រុង​ឆ្នើម​ចំនួន៣របស់​កម្ពុជា​ រួមមាន​ខណ្ឌដូនពេញ​ ក្រុង​កំពត​ និង​ក្រុង​តាខ្មៅ​ ដើម្បី​ទទួល​ជ័យលាភី​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​ លើក​ទី២​ ដែល​នឹង​ប្រគល់​នៅក្នុង​វេទិកា​ទេសចរណ៍​អាស៊ាន​ ឆ្នាំ២០២០នៅ​ទីក្រុង​បាន​ដា​ស៊េរី​ បេ​ហ្គា​វ៉ាន់​ ប្រទេស​ព្រុយ​ណេ​ នៅ​ខែមករា​ ឆ្នាំ២០២០​ ខាងមុខនេះ​ ៕

ក្រុមហ៊ុន​ចិន​គ្រោង​បង្កើត​រោងចក្រ​កែច្នៃ​ទឹកដូង​ដោយ​គ្រោង​វិនិយោគ​លើ​ផ្ទៃដី១៤ពាន់​ហិ​កតា​នៅ​ម្ពុ​ជា​

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​ Coconut​ Palm​ Group​ Co​., Ltd​ ដែល​ជា​ក្រុមហ៊ុន​ដ៏​ធំ​មួយ​នៅ​ប្រទេស​ចិន​ គ្រោ​បង្កើត​រោងចក្រ​កែច្នៃ​ទឹកដូង​ ផ្គត់ផ្គង់​ឲ្យ​ទីផ្សារ​ក្នុង​ស្រុក​ និង​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ ជាពិសេស​ទីផ្សារ​ចិន​។

លោក​ Mr​. ZHAO​ Bo​ នាយក​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន​ Coconut​ Palm​ Group​ Co​., Ltd​ នៅក្នុង​ជំនួប​ជាមួយ​លោក​ វ៉េ​ង សា​ខុន​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុ​ក្ខា​ប្រមា​ញ្ញ​ និង​នេសាទ​ កាលពី​ថ្ងៃទី១៧​ ខែធ្នូ​ម្សិលមិញ​នេះ​ឱ្យ​ដឹង​ថា​ ក្រុមហ៊ុន​មក​សិក្សា​ស្វែងយល់​បន្ថែម​អំ​ពី​សក្តា​នុ​ពល​ពី​វិស័យ​កសិកម្ម​កម្ពុជា​ ដើម្បី​សម្រេចចិត្ត​ដាក់​ទុន​វិនិយោគ​ ចូលរួម​អភិ​វឌ្ឍន៌​វិស័យ​នេះ​ឲ្យ​មានការ​រីកចម្រើន​ សមស្រប​តាម​យុទ្ធ​សាស្រ្ត​ “ផ្លូវ​ និង​ខ្សែ​ក្រ​វ៉ាត់​” របស់​លោក​ប្រធានាធិបតី​ ស៊ី​ ជីង​ភីង​ និង​ជាពិសេស​ស្របតាម​សុ​ឆន្ទ:របស់​ថ្នាក់ដឹកនាំ​កំពូល​នៃ​ប្រទេស​ទាំងពីរ​។

លោក​ ZHAO​ Bo​ បន្ត​ថា​ គោលបំណង​នៃ​ដំណើរ​ទស្សនកិច្ច​មក​កម្ពុជា​ នា​ពេលនេះ​គឺទី១​- ស្វែងយល់​បន្ថែម​ពី​សក្តា​នុ​ពល​ដំណាំ​ដូង​ ដើម្បី​ធ្វើការ​វិនិយោគ​ និង​ទី២​- សិក្សា​លម្អិត​អំពី​សេចក្តី​ត្រូវការ​ លទ្ធភាព​ផ្គត់ផ្គង់​ផ្លែ​ដូង​ និង​ទីផ្សារ​ដើម្បី​បង្កើត​រោងចក្រ​កែច្នៃ​ទឹកដូង​ ផ្គត់ផ្គង់​ឲ្យ​ទីផ្សារ​ក្នុង​ស្រុក​ និង​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ ជាពិសេស​ទីផ្សារ​ចិន​។

លោក​បាន​បន្ថែម​ថា​ក្រុមហ៊ុន​ Coconut​ Palm​ Group​ គឹ​ជា​ក្រុមហ៊ុន​ធំជាង​គេ​នៅ​ប្រទេស​ចិន​ មាន​ទីតាំងនៅ​ខេត្ត​ហាយ​ណាន​ ក្នុង​មួយឆ្នាំ​អាច​រកចំណូល​បាន៤០០លាន​ដុល្លារ​ពី​ផលិតផល​ដូង​ ក្នុង​មួយថ្ងៃ​ប្រើប្រាស់​ដូង៦០ម៉ឺន​ផ្លែ​ ប្រើ​និយោជិក៦ពាន់​នាក់​បាន​នាំចេញ​ផលិតផល​ដូង​ទៅកាន់៣៨ប្រទេស​។

​;បច្ចុប្បន្ន​ ដោយសារ​ផ្លែ​ដូង​បាន​ធ្វើឲ្យ​កសិករ​ខេត្ត​ហាយ​ណាន​ មានការ​កែប្រែ​មុខមាត់​ថ្មី​ ជីវភាព​ធូរធារ​ សេដ្ឋកិច្ច​គ្រួសារ​រឹងមាំ​ល្អ​។ ហេតុនេះ​ហើយ​ បាន​ជា​ក្រុមហ៊ុន​សម្រេចចិត្ត​មក​សិក្សា​លម្អិត​បន្ថែម​ ដើម្បី​ធ្វើការ​វិនិយោគ​លើ​ដំណាំ​នេះ​នៅ​កម្ពុជា​ ដែល​ទាមទារ​ត្រូវការ​ដី​ចំនួន១៤ពាន់​ហ.ត​។

លោក​សន្យា​ថា​ តាម​រយ:បច្ចេកទេស​ ទុន​វិនិយោគ​ បទពិសោធន៍​ និង​ទីផ្សារ​ នឹង​ខិតខំ​អនុវត្ត​គម្រោង​វិនិយោគ​នេះ​ ឲ្យ​ទទួល​បាន​ជោគជ័យ​ ហើយ​ភាព​ជោគជ័យ​របស់​ក្រុមហ៊ុន​ គឺជា​សមិទ្ធផល​នៃ​ចំណងមិត្តភាព​ និង​កិច្ច​សហប្រតិបត្តិ​ការ​រវាង​ប្រទេស​យើង​ទាំងពីរ​ ជាពិសេស​រវាង​ក្រុមហ៊ុន​ និង​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​។

​លោក​បាន​បញ្ជាក់​ថា​ “នឹង​រៀបចំ​ក្រុម​ ការងារ​បច្ចេកទេស​មក​កម្ពុជា​ម្តង​ទៀត​ក្នុង​ពេល​ឆាប់​ៗដើម្បី​សិក្សា​ដី​ ក្សេត្រ​បរិស្ថាន​ សក្តា​នុ​ពល​នៅ​តាម​តំបន់​ ទីផ្សារ​ និង​ច្រក​នាំចេញ​។ល។”។

លោក​ រដ្ឋមន្រ្តី​ វ៉េ​ង សា​ខុន​ រដ្ឋមន្ត្រី​ក្រសួង​រុ​ក្ខា​ប្រមា​ញ និង​នេសាទ​ បាន​សម្តែង​ការ​ស្វាគមន៍​ រីករាយ​ និង​គាំទ្រ​ចំពោះ​ឆន្ទ:វិនិយោគ​លើ​ដំណាំ​ដូង​ និង​បង្កើត​រោងចក្រ​កែច្នៃ​ដូង​នៅ​កម្ពុជា​ ព្រោះថា​វា​ស្រប​ពេល​ដែល​ក្រសួង​ ក៏ដូចជា​រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​នូវ​គោលនយោបាយ​យកចិត្ត​ទុកដាក់​លើ​ការ​ លើកកម្ពស់​កម្រិតជីវភាព​របស់​កសិករ​ តាម​រយ:ការ​លើកកម្ពស់​ផលិតភាព​ផលិតកម្ម​ កសិកម្ម​ អនុវត្ត​បច្ចេកវិទ្យា​កសិកម្ម​ទាន់សម័យ​ ថ្លៃដើម​តិច​ បរិមាណ​ គុណភាព​ តម្លៃបន្ថែម​ ការកែច្នៃ​ ប្រកួតប្រជែង​ និង​មាន​ទីផ្សារ​នាំចេញ​ ហើយ​ជាពិសេស​ដំណាំ​ដូង​ ដែល​កសិករ​និយម​ដាំ​តាម​របង​ផ្ទះ​ ហើយ​បច្ចុប្បន្ន​មាន​ចំ​ការ​ធំៗ​ទៀតផង​។

លោក​បន្ត​ថា​ ប្រសិនបើ​យើង​បញ្ចូល​បច្ចេកទេស​ដាំដុះ​ សមស្រប​មួយ​ឲ្យ​អ្នក​ផលិត​ និង​រៀបចំ​ក្រុម​ ឬសហគមន៍​ផលិត​ យើង​សង្ឃឹមថា​ផលិតផល​ដូង​នឹង​មានតម្លៃ​បន្ថែម​ខ្ពស់​ ដោយសារ​មាន​តម្រូវការ​ទីផ្សារ​។

លោក​បាន​ជូន​មតិ​ដល់​ក្រុមហ៊ុន​ថា​ទី១​- ក្រុមហ៊ុន​គួរ​សហការ​ជាមួយ​ប្រជាជន​ ឬម្ចាស់​ចំការ​ ប្រមូល​ទិញ​ផលិតផល​តាម​រយ​: contract​ farming​ ផ្តល់​ពូជ​ បច្ចេកទេស​ និង​ជី​ ហើយ​បើ​អនុវត្ត​តាមរបៀប​នេះ​ អាច​ចាប់ផ្តើម​បាន​ឆាប់​ ជាពិសេស​កសិករ​នៅ​ខេត្តកំពត​ តាកែវ​ កោះកុង​ និង​ខេត្ត​ព្រះសីហនុ​ ដែល​សុទ្ធតែ​ជា​តំបន់​មាន​សក្តា​នុ​ពល​។ ទី២​- ប្រើប្រាស់​ដីស​ប្ប​ទាន​ដែល​មាន​ ស្រាប់​ តែ​ត្រូវ​សហការ​ជាមួយ​សប្ប​ទានិ​ក ដែល​មិនបាន​ប្រើប្រាស់​ឲ្យ​អស់​សក្តា​នុ​ពល​ ប៉ុន្តែ​គួរ​សិក្សា​ពី​លក្ខណ​ដី​ផង​ដែរ​ ចំណុច​នេះ​ទាម​ទា​ពេលវេលា​ សិក្សា​ស្រាវជ្រាវ​ឲ្យបាន​ស៊ីជម្រៅ​។

លោក​បាន​សម្តែង​នូវ​ការ​គាំទ្រ​លើ​គម្រោ​វិនិយោគ​នេះ​ ព្រោះ​ចំណូល​បាន​ពី​ផលិតកម្ម​ស្រូវ​ មិន​អាច​ធានា​បាន​នូវ​សន្តិសុខ​ស្បៀង​ក្នុង​គ្រួសារ​ និង​លើកកម្ពស់​កម្រិតជីវភាព​បាន​ឡើង​។ ដូច្នេះ​លោក​ចង់​ឲ្យ​កសិករ​គិត​គូ​ ប្តូរ​ពី​ដំណាំស្រូវ​មក​ដាំដំណាំ​ដូង​វិញ​ ជាពិសេស​កសិករ​នៅ​ខេត្តកំពត​ និង​តាកែវ​៕

កម្ពុជា​នឹង​បើក​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ទី៦របស់​ខ្លួន​នៅ​ប្រទេស​ចិន​ចុងឆ្នាំ​នេះ​

ដោយ​ ប៊ី​

ភ្នំ​ពេញៈ​ រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​ លោក​ប៉ាន​ សូរ​ស័ក្តិ​បាន​មានប្រសាសន៍​នៅ​ថ្ងៃពុធ​នេះ​ថា​ កម្ពុជា​នឹង​បើក​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ទី៦របស់​ខ្លួន​នៅ​ប្រទេស​ចិន​ នៅ​ថ្ងៃទី​ ២៨​ ខែ​ ធ្នូ​ ដើម្បី​ជំរុញ​ថែមទៀត​នូវ​ទំនាក់ទំនង​ទ្វេភាគី​ ក្នុង​វិស័យ​ពាណិជ្ជកម្ម​ វិនិយោគ​ វប្បធម៌​ និង​ទេសចរណ៍​។

លោក​បាន​មានប្រសាសន៍​ថា​ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ថ្មី​ នឹង​មាន​ទីតាំងនៅ​ទីក្រុង​គុន​មីង​រដ្ឋធានី​នៃ​ខេត្ត​យូ​ណាន​ នៅ​ភាគ​និរតី​ប្រទេស​ចិន​ ហើយ​លោក​ឧបនាយក​រដ្ឋមន្រ្តី​កម្ពុជា​ យឹម​ ឆៃ​លី​ នឹង​ចូលរួម​ពិធី​បើក​សម្ពោធ​នេះ​។

លោក​ថ្លែង​នៅក្នុង​សុន្ទរកថា​ នៅក្នុង​សន្និសីទ​ប្រចាំឆ្នាំ​របស់ក្រ​សួង​ពាណិជ្ជកម្ម​ថា​ “មជ្ឈមណ្ឌល​នេះ​ នឹង​បង្ហាញ​នូវ​ផលិតផល​កម្ពុជា​ និង​ឯកសារ​របស់​កម្ពុជា​ដែល​ទាក់ទង​ទៅ​នឹង​វប្បធម៌​ និង​តំបន់​ទេសចរណ៍​ បរិយាកាស​អាជីវកម្ម​ និង​សក្តា​នុ​ពល​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​”។

លោក​រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​បាន​និយាយ​ថា​ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កម្ពុជា​ចំនួន៥​ ដែល​មានស្រាប់​នៅក្នុង​ប្រទេស​ចិន​ មាន​ទីលំនៅ​ក្នុង​ខេត្ត​ក្វាង​ចូវ​ នៅ​ភាគ​ខាងត្បូង​ខេត្ត​ក្វាងទុង​ ស៊ី​អាន​នៅ​ភាគ​ពាយ័ព្យ​នៃ​ខេត្ត​សា​ស៊ី​ ខេត្ត​ហៃ​នី​ងនៅ​ភាគ​ខាងកើត​ខេត្ត​ស៊ី​ជាំ​ង តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​ និ​ងយ៉ាន់​តាយ​នៅ​ភាគ​ខាងកើត​ខេត្ត​សាន​ដុង​។

លោ​កស៊ាង​ ថៃ​ អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​បាន​មានប្រសាសន៍​ថា​ កម្ពុជា​បាន​មើលឃើញ​ប្រទេស​ចិន​ គឺជា​ទីផ្សារ​ដ៏​ធំ​មួយ​សម្រាប់​ផលិតផល​របស់​ខ្លួន​ ជាពិសេស​សម្រាប់​ផលិតផល​កសិកម្ម​។

លោក​បាន​ប្រាប់​កាសែត​ស៊ីន​ហួរ​ថា​ “មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កម្ពុជា​ នៅ​ប្រទេស​ចិន​មានប្រយោជន៍​ខ្លាំង​ណាស់​ ក្នុង​ការ​លើកកម្ពស់​ផលិតផល​កម្ពុជា​ សក្តា​នុ​ពល​នៃ​ការ​វិនិយោគ​ ច្បាប់​ និង​បទប្បញ្ញត្តិ​ ការ​ទាក់ទាញ​ទេសចរណ៍​ និង​វប្បធម៌​សម្រាប់​វិនិយោគិន​ និង​ភ្ញៀវ​ទេសចរ​ចិន​”។

ចិន​គឺជា​ប្រភព​ធំ​បំផុត​ នៃ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ និង​ភ្ញៀវ​ទេសចរ​មកកាន់​ប្រទេស​កម្ពុជា​ ហើយក៏​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​សំខាន់​របស់​កម្ពុជា​ផង​ដែរ​។

យោង​តាម​តួលេខ​រដ្ឋាភិបាល​កម្ពុជា​ បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍​បាន​ទាក់ទាញ​ការ​វិនិយោគ​សរុប​ចំនួន២១ពាន់​លាន​ដុល្លារ​អា​មេរិ​ កពី​ចិន​ចាប់ពី​ឆ្នាំ ១៩៩៤​ រហូតមកដល់​បច្ចុប្បន្ន​។

ទាក់ទង​វិស័យ​ទេសចរណ៍​ កម្ពុជា​បាន​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ចិន​ចំនួន២លាន​នាក់​ក្នុងរយៈពេល១០ខែ​ដំបូង​ នៃ​ឆ្នាំ២០១៩​ កើនឡើង២៤ភាគរយ​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ ពាណិជ្ជកម្ម​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​មានតម្លៃ៦​,៦ ពាន់​លាន​ដុល្លារ​អាមេរិក​កាលពី​ឆ្នាំមុន​ ហើយ​ត្រូវ​បាន​ព្យាករ​ថា​នឹង​កើន​ដល់១០ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ២០២៣​៕

លោក​ឧបនាយក​រដ្ឋមន្ត្រី​ ជា​ សុ​ផា​រ៉ា​ ដក​ដំណែង​ប្រធានមន្ទីរ​សុរិយោដី​ខេត្តកំពត​

ដោយ ​វុត្ថា

​ភ្នំពេញ​៖ លោក​ឧបនាយក​រដ្ឋមន្ត្រី​ ជា​ សុ​ផា​រ៉ា​ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​ សំណង់​ បានសម្រេច​សម្រួល​ភារកិច្ច​លោក​ យិន​ វុឌ្ឍ​ ប្រធានមន្ទីរ​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ខេត្តកំពត​ ឱ្យមក​បម្រើការ​ងារ​នៅ​ទី​ស្តី​ការក្រ​សួង​វិញ​។

ជាមួយគ្នា​នេះ​ លោក​ឧបនាយក​រដ្ឋមន្ត្រី​ ជា​ សុ​ផា​រ៉ា​ ក៏បាន​សម្រេច​តែងតាំង​លោក​ ដាញ់​ សារី​ ជា​ប្រធានមន្ទីរ​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ខេត្តកំពត​ ជំនួស​លោក​ យិន​ វិ​ឌ្ឍ​ ផង​ដែរ​ ។

នេះ​បើ​តាម​ ការប្រកាស​ របស់ក្រ​សួង​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​ ដែល​ចុះហត្ថលេខា​ដោយ​លោក​ឧបនាយក​រដ្ឋមន្ត្រី​ ជា​ សុ​ផា​រ៉ា​ រដ្ឋមន្ត្រី​ក្រសួង​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​ ចុះ​ថ្ងៃទី​ ១៦​ ខែធ្នូ​ ឆ្នាំ​ ២០១៩​។

លោក​ឧបនាយក​រដ្ឋមន្ត្រី​ ជា​ សុ​ផា​រ៉ា​ រដ្ឋមន្ត្រី​ក្រសួង​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​ពុំ​បាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​ដក​តំណែង​លោក​ យិន​ វុឌ្ឍ​ នោះ​ទេ​ ។ តែ​យ៉ាងណាក៏ដោយ​ ​ការ​ដក​លោក​ យិន​ វុឌ្ឍ​ ប្រធានមន្ទីរ​រៀបចំ​ដែនដី​ ​មក​បញ្ឈរជើង​នៅ​ក្រសួង​វិញ​នេះ​ គឺ​បន្ទាប់ពី​ប្រជាពលរដ្ឋ​ បាន​ប្ដឹង​ចូល​ហ្វេ​សប៊ុ​កផេ​កផ្លូវ​ការណ៍​ សម្ដេច​តេជោ​ ហ៊ុន​ សែន​ រឿង​ការ​យឺតយ៉ាវ​ក្នុង​ការ​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​រាប់​សិប​ឆ្នាំ​។

ជាមួយគ្នា​នេះ​ កាលពី​ថ្ងៃម្សិលមិញ​នេះ​ រដ្ឋបាល​ខេត្តកំពត​ ក៏បាន​បើក​កិច្ចប្រជុំ​បន្ទាន់​ ដើម្បី​ដោះស្រាយ​បញ្ហា​ស្នើសុំ​ប័ណ្ណ​កម្មសិទ្ធិ​របស់​ឈ្មោះ​ ស្វាយ​ សាត់​ ស្ថិតនៅ​ភូមិ​កោះ​ខ្លូត​ ឃុំ​កំពង់ត្រាច​ខាងកើត​ ស្រុក​កំពង់ត្រាច​ ខេត្តកំពត​ ក្រោម​វត្តមាន​លោក​ ជាវ​ តាយ​ អភិបាលខេត្ត​កំពត​ និង​មានការ​ចូលរួម​ស្រាយ​បំភ្លឺ​ពី​លោក​អភិបាលស្រុក​កំពង់ត្រាច​ ប្រធាន​រៀបចំ​ដែន​ដី​នគរូ​បនី​កម្ម​ សំណង់​ និង​សុរិយោដី​ខេត្ត​ អាជ្ញាធរ​ពាក់ព័ន្ធ​ ព្រមទាំង​សា​ម៉ី​ជន​ស្នើ​ប័ណ្ណ​ផង​ដែរ​។

យោង​តាម​ការ​ចេញផ្សាយ​របស់​រដ្ឋបាល​ខេត្តកំពត​ បាន​បញ្ជាក់​ថា​ ដោយ​ពិនិត្យ​របាយការណ៍​ជាក់ស្តែង​ ឃើញថា​ឈ្មោះ​ស្វាយ​ សាត់​ ពិតជា​បាន​ធ្វើការ​ស្នើសុំ​ប័ណ្ណ​កម្មសិទ្ធិ​លើ​ផ្ទៃដី​ទំហំ ២៩៤ម៉ែត្រការ៉េ​ ជាយូរមកហើយ​ ដោយ​ដី​ដែល​ស្នើសុំ​នេះ​ មាន​ទំនាស់​កាលពី​ច្រើន​ឆ្នាំ​កន្លងមក​ ជាមួយ​ភាគី​ជាប់​ព្រំ​ ជាហេតុ​ធ្វើ​ឱ្យ​មានការ​បង្អាក់ដំណើរ​ការ​ចេញ​ប័ណ្ណ​។

ក្រោយពី​បាន​ទទួលពាក្យ​ស្នើ​តាម​រយៈ​ផេ​កផ្លូវការ​របស់​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ លោក​ ជាវ​ តាយ​ បាន​រៀបចំ​ក្រុមការងារ​ដឹកនាំ​ផ្ទាល់​ដើម្បី​ដោះស្រាយ​បញ្ហា​ដ៏​រ៉ាំរ៉ៃ​នេះ​ឱ្យ​បាន​ទាន់ពេល​វេលា​ និង​ប្រកបដោយ​ប្រសិទ្ធិ​ភាព​ខ្ពស់​បំផុត​ ដោយ​អញ្ជើញ​ភាគី​ជាប់​ព្រំ​ទាំងពីរ​ ធ្វើការ​ផ្សះ​ផ្សារ​ដោយ​នីតិវិធី​ចំពោះមុខ​អាជ្ញាធរ​ពាក់ព័ន្ធ​ និង​ធ្វើការ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​៕

កូរ៉េ​គ្រោង​ជួយ​បង្កើត​ទីក្រុង​វៃឆ្លាត​ នៅ​ក្រុង​ព្រះសីហនុ​

ដោយ ​វុត្ថា

​ភ្នំពេញ​៖ អគ្គរដ្ឋទូត​របស់​សាធារណរដ្ឋ​កូរ៉េ​ ថ្មី​ប្រចាំ​កម្ពុជា​ បានឱ្យ​ដឹង​ថា​ សាធារណរដ្ឋ​កូរ៉េ​មាន​ចេតនា​ជួយ​កម្ពុជា​ក្នុង​ការបង្កើត​ទីក្រុង​វៃ​ ឆ្លាត​ (Smart​ City​) នៅក្នុង​ ក្រុង​ព្រះសីហនុ​ និង​តំបន់​ កាំ​កូ​ ស៊ី​ធី​ (Camko​ City​) រាជធានី​ភ្នំពេញ​។

លោក​ Park​ Heung​-kyeong​ ​អគ្គរដ្ឋទូត​របស់​សាធារណរដ្ឋ​កូរ៉េ​ ថ្មី​ប្រចាំ​កម្ពុជា​ មានប្រសាសន៍​បែបនេះ​ នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ ជាមួយ​លោក​ ជា​ សុ​ផា​រ៉ា​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​កាលពី​ថ្ងៃទី​ ២៧​ ខែធ្នូ​ ឆ្នាំ​ ២០១៩​ ម្សិលមិញ​នេះ​ ។

លោក​ Park​ Heung​-kyeong​ បាន​បង្ហាញ​ពី​ក្ដី​រីករាយ​ដែល​បាន​ធ្វើការ​ជាមួយ​កម្ពុជា​ដែល​ជា​ប្រទេស​មួយ​មាន​ទំនាក់ ទំនង​ល្អជា​មួយ​សាធារណរដ្ឋ​កូរ៉េ​ជា​យូ​ណាស់​ មក​ហើយ​ ។ ជាមួយគ្នា​នេះ​ លោក​ក៏បាន​ថ្លែង​នូវ​ការគោរព​ចំពោះ​ ការ​ខិតខំ​របស់​រាជរដ្ឋាភិបាល​ និង​ប្រជាជន​កម្ពុជា​ក្នុង​ការ​ស្តារ​ និង​អភិវឌ្ឍន៍​ប្រទេស​រហូត​មកទល់​សព្វថ្ងៃ​។

លោក​ ឧបនាយក​រដ្ឋមន្ត្រី​ ជា​ សុ​ផា​រ៉ា​ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ បាន​ចូលរួម​អបអរសាទរ​ ចំពោះ​ លោក​ Park​ Heung​-kyeong​ ​ដែល​ត្រូវ​បាន​តែងតាំង​ជា​អគ្គរដ្ឋទូត​របស់​សាធារណរដ្ឋ​កូរ៉េ​ ថ្មី​ប្រចាំ​កម្ពុជា​ ស្រប​ពេល​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ កំពុង​អនុវត្តយ៉ាង​សកម្ម​នូវ​គោលនយោបាយ​ និង​យុទ្ធសាស្ត្រ​ ចតុកោណ​ដំណាក់កាល​ទី៤​ របស់​ខ្លួន​ជាមួយនឹង​ស្ថេរ​ ភាព​នយោបាយ​ និង​ការ​អភិវឌ្ឍ​ ដែល​កម្ពុជា​ មាន​សព្វថ្ងៃ​នេះ​ ក៏​មិន​អាច​កាត់ផ្ដាច់​ចេញពី​ការ​គាំទ្រ​ពី​រដ្ឋាភិបាល​ និង​ប្រជាជន​កូរ៉េ​ផង​ដែរ​ ។

លោក​ឧបនាយក​រដ្ឋមន្ត្រី​ បាន​ជម្រាប​ជូន​ អំពី​សមិទ្ធផល​របស់ក្រ​សួង​ដែល​សម្រេច​បាន​ ១) ការចុះបញ្ជី​ដីធ្លី​នៅ​ទូទាំង​ប្រទេស​បាន​ចំនួន៧៧​% ហើយ​សម្រាប់​ការចុះបញ្ជី​ដីធ្លី​សមូហភាព​ជូន​ជនជាតិ​ដើម​ភាគតិច​សម្រេច​បាន​ចំនួន២៦​ សហគមន៍​ ហើយ​តាម​ការ​គ្រោងទុក​នឹង​ឈាន​ដល់៣០សហគមន៍​ នៅ​ថ្ងៃទី២០​ ខែធ្នូ​ ខាងមុខនេះ​។

២) ច្បាប់​ស្តី​ពី​សំណង់​ត្រូវ​បាន​ដាក់​ឱ្យ​ប្រើប្រាស់​ដោយ​ព្រះរាជ​ក្រឹត្យ​ កាលពី​ថ្ងៃទី២​ ខែ​ វិច្ឆិកា​ ឆ្នាំ២០១៩​ កន្លង​ទៅ​ថ្មី​ៗ។ ៣) ក្រសួង​បាន​រៀបចំ​ប្លង់​គោល​ប្រើប្រាស់​ដីធ្លី​នៅ​រាជធានី​ភ្នំពេញ​ ទីក្រុង​ព្រះសីហនុ​ និង​ក្រុង​បាត​ដំបង​ គ្រោង​នឹង​ដាក់​ឱ្យ​ប្រើប្រាស់​ប្លង់​គោល​នៅ​តាម​បណ្តា​ខេត្ត​ ក្រុង​ និង​ទីប្រជុំជន​មួយចំនួន​ទៀត​នា​ពេល​ខាងមុខ​។

៤) ការ​ដោះស្រាយ​វិវាទ​ដីធ្លី​តាម​យន្តការ​នានា​ បាន​យ៉ាងច្រើន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មានការ​សាទរ​ និង​សុ​ខដុ​មរ​នា​ក្នុង​សង្គម​ ។ លោក​ឧបនាយក​រដ្ឋមន្ត្រី​ ក៏បាន​សំណូមពរ​ ដល់​សាធារណរដ្ឋ​កូរ៉េ​ គាំទ្រ​នូវ​គោលនយោបាយ​ និង​ទិសដៅ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍ​ និង​ពង្រឹង​ចំណងមិត្តភាព​ និង​សាមគ្គីភាព​រវាង​ប្រទេស​ទាំងពីរ​។

ការចូលរួម​ចំណែក​របស់​សាធារណរដ្ឋ​កូរ៉េ​ មាន​លក្ខណៈ​ធំធេង​ចំពោះ​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ ដោយមាន​ការ​វិ​និ​យោក​ និង​ផ្តល់​ការងារ​ធ្វើ​ជូន​ប្រជាជន​កម្ពុជា​ទាំង​ក្នុង​ប្រទេស​ និង​នៅ​ប្រទេស​កូរ៉េ​៕

ក្រុមហ៊ុន​ធំ​មួយ​របស់​ម៉ាឡេស៊ី​គ្រោង​នឹង​វិនិយោគ​លើ​វិស័យ​ទឹក​ស្អាត​នៅ​កម្ពុជា

ដោយ​ ប៊ី​

ភ្នំពេញ​៖ ក្រុមហ៊ុន​ធំ​មួយ​របស់​ម៉ាឡេស៊ី​ដែល​ឈ្មោះ​ RAFULIN​ គ្រោង​នឹង​វិនិយោគ​លើ​វិស័យ​ទឹក​ស្អាត​នៅ​កម្ពុជា​ ខណៈ​ក្រុមហ៊ុន​ក៏​មានបំណង​ពិនិត្យ​លទ្ធភាព​វិនិយោគ​បង្កើត​អាងស្តុកទឹក​ធំ​មួយ​សម្រាប់​តម្កល់​ទឹក​ទុក​ផ្គត់ផ្គង់​ក្នុង​រដូវប្រាំង​។

ការ​គ្រោង​វិនិយោគ​នេះ​ត្រូវ​បាន​លើកឡើង​ក្នុង​ជំនួប​ប្រជុំ​រវាង​ប្រតិភូ​ក្រុមហ៊ុន​វិនិយោគ​វិស័យ​ទឹក​ស្អាត​មក​ពី​ប្រទេស​ម៉ាឡេស៊ី​ឈ្មោះ​ RAFULIN​ ដែល​មាន​លោក​ Raffe​ Chekku​ ជា​ប្រធាន​ក្រុមហ៊ុន​ និង​លោក​ Tan​ Sri​ Ali​ Bin​ Hamsa​ ជាទី​ប្រឹក្សា​និង​ជា​អតីត​អគ្គ​លេខា​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ម៉ាឡេស៊ី​ និង​លោក​ ចម​ ប្រសិទ្ធ​ ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​នៅ​ទី​ស្តី​ការក្រ​សួង​កាលពី​ម្សិលមិញ​ ។

ក្នុង​ជំនួប​ពិភាក្សា​នេះ​ភាគី​ក្រុមហ៊ុន​ម៉ាឡេស៊ី​ ចង់​សិក្សា​ស្វែងយល់​ការ​វិនិយោគ​លើ​វិស័យ​ទឹក​ស្អាត​ ដោយចង់​ធ្វើជា​ភាគី​អ្នកលក់​ដុំ​ ផលិត​ឲ្យ​ទៅ​អ្នកលក់​រាយ​បន្ត​ ហើយក៏​ចង់​ពិនិត្យ​លទ្ធភាព​វិនិយោគ​បង្កើត​អាងស្តុកទឹក​ធំ​មួយ​សម្រាប់​តម្កល់​ទឹក​ទុក​ផ្គត់ផ្គង់​ក្នុង​រដូវប្រាំង​ផង​ដែរ​ ។

លោក​ទេស​រដ្ឋមន្ត្រី​ ចម​ ប្រសិទ្ធ​ បាន​សម្តែង​ការ​ស្វា​គមន៌​ និង​បាន​លើកឡើង​ពី​គោលនយោបាយ​វិស័យ​ទឹក​ស្អាត​របស់ក្រ​សួង​ដោយ​បាន​កំណត់​យក​ឆ្នាំ២០២៥​ តំបន់​ទីប្រជុំជន​ទូទាំង​ប្រទេស​នឹង​មាន​បណ្តាញ​ទឹក​ស្អាត​តទៅ​ដល់​ ។ លើស​ពីនេះ​ទៅទៀត​ ក្រសួង​កំពុង​ដាក់ចេញ​នូវ​គោលនយោបាយ​ថ្មី​មួយទៀត​ គឺ​មិន​ត្រឹមតែ​តំបន់​ទីប្រជុ​ជន​ទេ​ តែ​ត្រូវ​គិត​គូ​ដល់​តំបន់ជនបទ​ និង​តំបន់​ដាច់​ស្រ​យ៉ា​លផង​ដែរ​ ។

ពីព្រោះ​កាលណា​ប្រជាជន​ទទួល​បាន​ទឹក​ស្អាត​ប្រើប្រាស់​គ្រប់គ្នា​ ពួកគាត់​នឹង​ជៀស​ផុត​ពី​ការ​ឆ្លង​ជម្ងឺ​ដង្កា​ត់​ផ្សេង​ៗ ដោយ​ការប្រើ​ប្រាស់​ទឹក​មិន​ស្អាត​ ។ ក្នុង​នោះ​វា​ក៏បាន​ជួយ​ជម្រុ​ញការ​អភិ​វឌ្ឍន៌​ទូទៅ​ផង​ដែរ​ ។

លោក​ទេស​រដ្ឋមន្ត្រី​ ចម​ ប្រសិទ្ធ​ បាន​បន្ថែម​ថា​ “ទោះបី​វិស័យ​ទឹក​ស្អាត​ជា​ភារកិច្ច​របស់​រដ្ឋ​ក៏​ពិតមែន​ តែ​ក្នុង​ដំណាក់កាល​នេះ​ ក្រសួង​នៅតែ​លើកទឹកចិត្ត​ឲ្យ​វិស័យ​ឯកជន​ចូល​មក​វិនិយោគ​នៅ​តំបន់​ណា​ដែល​រដ្ឋ​មិនទាន់​មានលទ្ធភាព​ ជាពិសេស​អ្នក​វិ​និ​យោ​គធំៗ​ ដែល​ផលិត​រួច​លក់​ដំ​បន្ត​ ដូច​គម្រោង​វិនិយោគ​ដែល​ភាគី​ម៉ាឡេស៊ី​បាន​លើក​ខាងលើ​”។

លោក​ បាន​បន្ត​ថា​ “រី​ឯតំបន់ជនបទ​ រឺ​តំបន់​ដាច់​ស្រ​យ៉ា​ល គឺ​យើង​រក​គ្រប់​មធ្យោបាយ​តាមរយៈ​បង្កើត​អាង​ចម្រោះ​ខ្នាត​តូច​ ដាក់​នៅ​ទីតាំង​ចំ​កណ្តាល​ណាមួយ​ ដើម្បីឲ្យ​ប្រជាពលរដ្ឋ​មក​ទទួលយក​សេវា​ផ្តល់​ទឹក​ស្អាត​នេះ​”។ ដោយឡែក​ទាក់ទង​ និង​គម្រោង​វិនិយោគ​ចង់​បង្កើត​អាង​ស្តុក​តម្កល់​ទឹក​ លោក​ទេស​រដ្ឋមន្ត្រី​ បាន​មើលឃើញ​ពីសា​រៈសំ​ខាន់​របស់​វា​ ពីព្រោះ​នៅ​រដូវវស្សា​តំបន់​ខ្លះ​មាន​ភ្លៀង​ធ្លាក់​ជោគជាំ​ រហូតដល់​លេច​លំនៅ​ដ្ឋាន​ទៀតផង​ ។

លោក​ទេស​រដ្ឋមន្ត្រី​ មានប្រសាសន៍​ថា​ “បើ​យើង​មាន​បច្ចេកទេស​ស្រូប​យក​ទឹក​ទាំងនោះ​ គឺ​យើង​អាច​រួមចំណែក​ដោះស្រាយ​បាន​ពេល​ដល់​រដូវប្រាំង​ហើយ​ជួបប្រទះ​ភាពរាំងស្ងួត​”។ ភាគី​ក្រុមហ៊ុន​ម៉ាឡេស៊ី​ បង្ហាញ​នូវ​ចំណាប់​អា​រម្ម​ណ៌​ ហើយនឹង​ធ្វើការ​សិក្សា​ស្រាវជ្រាវ​លើ​ការងារ​នេះ​ ហើយនឹង​បង្ហាញ​នូវ​លទ្ធផល​រយៈពេល​ ០៣​ ខែ​ ក្រោយ​ទៀត​៕

ខេត្តកណ្តាល​ ត្រៀម​ថវិកា​ជាង១៣៣លាន​ដុល្លារ​ ដើម្បី​អនុវត្ត​កម្មវិធី​វិនិយោគ

​ដោយ​ ៖ រ៉ា​ណេត​

កណ្តាល​ ៖ គម្រោង​អនុវត្ត​ផែនការ​នៃ​កម្មវិធី​វិនិយោគ៣ឆ្នាំ​រំកិល​សម្រាប់​ជំរុញ​កិច្ច​អភិវឌ្ឍ​របស់​ខេត្តកណ្តាល​ឆ្នាំ​ ២០២០​-២០២២​ ខាងនេះ​ គឺ​មាន​រហូតដល់​ ចំនួន​ ២៩៥​ គម្រោង​ ត្រូវការ​ថវិកា​ចំនួន​ ៥៣១​ ៣៧៧​ លាន​រៀល​ ស្មើនឹង​ ១៣២​ ៨៤៤​ ២៥០ដុល្លារ​ គម្រោង​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​ក្រុង​មាន​ចំនួន​ ៣៥គម្រោង​ តម្រូវការ​ថវិកា​ចំនួន​ ៤៦៤៣​ លាន​រៀល​ ស្មើនឹង​ ១ ១៦០​ ៧៥០ដុល្លារ​។

កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​ ( ២០២០​- ២០២២​) នៅ​ថ្នាក់​ខេត្ត​ គឺជា​កម្មវិធី​វិនិយោគ​ទីមួយ​សម្រាប់​អាណត្តិ​ទី៣​ របស់​ក្រុមប្រឹក្សា​ខេត្ត​កណ្ដាល​ ដែល​ធ្វើឡើង​ស្របតាម​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​រដ្ឋបាល​រាជធានី​ខេត្ត​ក្រុង​ស្រុក​ខណ្ឌ​ដែល​បាន​កំណត់​ថា​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ទាំងអស់​ត្រូវ​រៀបចំ​កសាង​ផែនការ​អភិវឌ្ឍន៍​សម្រាប់​អាណត្តិ​របស់​ខ្លួន​ក្រោយពី​បាន​បោះឆ្នោត​រួច​។

នៅក្នុង​ពិធី​បើក​វេទិកា​ពិគ្រោះ​យោបល់​កម្មវិធី​វិនិយោគ​ ៣ ឆ្នាំ​រំកិល​ខេត្ត​ ( ២០២០​- ២០២២​) កាលពី​ព្រឹក​ថ្ងៃទី​ ១៧​ ខែធ្នូ​ ឆ្នាំ២០១៩​ នៅ​សាលាខេត្ត​កណ្ដាល​ អភិបាលរងខេត្ត​កណ្តាល​ លោក​ នូវ​ប៉េង​ ច័ន្ទ​តារា​ បាន​មានប្រសាសន៍​ នេះ​គឺ​មានបំណង​សំខាន់​ដើម្បី​បង្ហាញ​អំពី​តម្រូវការ​ក្នុង​ការ​អភិវឌ្ឍ​នៅ​មូលដ្ឋាន​ទូទាំង​ខេត្ត​ និង​ធ្វើការ​សម្របសម្រួល​បន្ស៉ី​នូវ​តម្រូវការ​ទាំងនេះ​ជាមួយ​គម្រោង​ និង​ធនធាន​របស់​ដៃគូ​អភិវឌ្ឍ​ រួមមាន​ អង្គការ​សង្គម​ស៊ីវិល​វិស័យ​ឯកជន​ និង​អ្នក​ពាក់ព័ន្ធ​នានា​ជាមួយ​គម្រោង​កម្មវិធី​វិនិយោគ​របស់​រដ្ឋបាល​ថ្នាក់​នី​មួយ​ៗក្នុង​ខេត្ត​។

ក្នុង​ឱកាស​នោះ​ដែរ​ លោក​ក៏បាន​ធ្វើការ​ក្រើនរំលឹក​ដល់​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​ ត្រូវ​ខិតខំ​កៀងគរ​រក​ប្រភព​ធនធាន​នានា​ពី​អង្គការ​សង្គម​ស៊ីវិល​ ដៃគូ​អភិវឌ្ឍន៍​ និង​សប្បុរសជន​នានា​ក្នុង​ការ​ជួយ​គាំទ្រ​គំរោង​អភិវឌ្ឍន៍​មូលដ្ឋាន​ ដើម្បី​ត្រៀមលក្ខណៈ​ចូលរួម​ក្នុង​សិក្ខាសាលា​សមាហរណកម្ម​កម្មវិធី​វិនិយោគ​ ឃុំ​-សង្កាត់​នៅ​ថ្នាក់​ក្រុង​-ស្រុក​នា​ពេល​ខាងមុខនេះ​ឲ្យ​ទទួល​បានការ​គាំទ្រ​គម្រោង​បាន​កាន់តែ​ច្រើនឡើង​។

លោក​ នូវ​ប៉េង​ ច័ន្ទ​តារា​ បាន​មានប្រសាសន៍​បញ្ជាក់​ថា​ សម្រាប់​គម្រោង​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​ខេត្ត​ឆ្នាំ​ ( ២០២០​- ២០២២​) មាន​ចំនួន​ ២៩៥គម្រោង​ ត្រូវការ​ថវិកា​ចំនួន​ ៥៣១​ ៣៧៧​ លាន​រៀល​ ស្មើនឹង​ ១៣២​ ៨៤៤​ ២៥០ដុល្លារ​ គម្រោង​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​ក្រុង​មាន​ចំនួន​ ៣៥គម្រោង​ តម្រូវការ​ថវិកា​ចំនួន​ ៤៦៤៣​ លាន​រៀល​ ស្មើនឹង​ ១ ១៦០​ ៧៥០ដុល្លារ​ គម្រោង​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​ស្រុក​មាន​ចំនួន​ ២៧៧គម្រោង​ តម្រូវការ​ថវិកា​ចំនួន​ ៣០​ ២៧០​ លាន​រៀល​ ស្មើនឹង​ ៧ ៥៦៧​ ៥០០ដុល្លារ​ គម្រោង​កម្មវិធី​វិនិយោគ​សង្កាត់​មាន​ ២៨៩គម្រោង​ តម្រូវការ​ថវិកា​ប្រមាណ​ ៦ ៣៧០​ លាន​រៀល​ ស្មើនឹង​ ១ ៥៩២​ ៥០០​$ និង​គម្រោង​កម្មវិធី​វិនិយោគ​ឃុំ​មាន​ ៩៦៤គម្រោង​ ត្រូវការ​ថវិកា​ប្រមាណ​ ៥៧​ ៧៩១​ លាន​រៀល​ ស្មើនឹង​ ១៤​ ៤៤៧​ ៧៥០ដុល្លារ​។