លោក​ ថេង​ ចាន់​ថន​ ៖ ចង់​បង្កើត​ក្រុមហ៊ុន​ភ្នាក់ងារ​លក់​អចលនទ្រព្យ​ជោគជ័យ​ត្រូវតែ​ព្យាយាម​អនុវត្ត​ទាំង៤ចំណុច

​ដោយ​ ៖ រ៉ា​ណេត​

ភ្នំពេញ​ ៖ ការបង្កើត​ជា​ក្រុមហ៊ុន​ភ្នាក់ងារ​លក់​អចលនទ្រព្យ​ មិន​ពិបាក​ទេ​ ប៉ុន្តែ​ដើម្បី​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ទទួល​បាន​ជោគជ័យ​ គឺ​មិនមែន​ជា​រឿង​សាមញ្ញ​ពេក​នោះ​ទេ​ បើ​ទោះជា​ការ​ខិតខំ​ និង​ព្យាយាម​ត្រូវ​បាន​ធ្វើ​យ៉ាង​ពេញទំហឹង​ក៏ដោយ​។

ជា​ការចែក​រំលែក​នូវ​ចំណេះដឹង​ និង​បទពិសោធន៍​ផ្ទាល់ខ្លួន​ លោក​ ថេង​ ចាន់​ថន​ អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ PAPA​ &​ MAMAReal​ Estate​ Co​.,Ltd​ បាន​លើកឡើង​ថា​ ចង់ឱ្យ​ក្រុមហ៊ុន​ភ្នាក់ងារ​លក់​ទទួល​បាន​ជោគជ័យ​ គឺ​ត្រូវ​ព្យាយាម​ដោយ​ភាព​ស្មោះត្រង់​ ជាមួយនឹង​ការអនុវត្ត​នូវ​ចំណុច​សំ​ខាន់​ៗទាំង៤ខាងក្រោម​នេះ​ ។

លោក​ ថេង​ ចាន់​ថន​ ដែល​កំពុង​មាន​ភាព​ជោគជ័យ​លើ​ការ​លក់​គម្រោង​អគារ​ធំៗ​ ដែល​មានតម្លៃ​រាប់​សិប​លាន​ដុល្លារ​នា​ពេល​បច្ចុប្បន្ន​នេះ​ បាន​មានប្រសាសន៍​ប្រាប់​ថា​ គ្រប់​កិច្ចការ​ទាំងអស់​ មិនថា​ចំពោះតែ​មុខ​ជំនួញ​ផ្ទាល់ខ្លួន​ ឬកិច្ច​សហការ​គ្នា​ដើម្បី​ផលប្រយោជន៍​នោះ​ទេ​ ភាព​ស្មោះត្រង់​ ភាព​មានការ​ទទួលខុសត្រូវ​ និង​ការបង្កើត​បណ្តាញ​ការងារ​គឺ​មាន​សារៈសំខាន់​ ដើម្បី​កំណត់​ភាព​ជោគជ័យ​ក្នុង​ការងារ​របស់​ខ្លួន​។ បន្ថែម​ពីនេះ​ ក៏​ត្រូវតែ​អនុវត្ត​នូវ​ចំណុច​សំ​ខាន់​ៗខាងក្រោម​នេះ​ផង​ដែរ​។

ការ​ទទួល​បាន​អាជ្ញាប័ណ្ណ​

ការបង្កើត​ជំនួញ​មួយ​ មិនមែន​ចេះតែ​ធ្វើ​នោះ​ទេ​ តែ​ត្រូវ​មាន​ក្រុមហ៊ុន​មួយ​ ដែល​ត្រូវតែ​មាន​អាជ្ញាប័ណ្ណ​ច្បាស់លាស់​ មានការ​ទទួលស្គាល់​ត្រឹមត្រូវ​ពាក់ព័ន្ធ​នឹង​ផ្លូវច្បាប់​ ព្រោះ​អាជ្ញាប័ណ្ណ​មាន​សារៈសំខាន់​ណាស់​ដើម្បី​ផ្តល់​ទំនុកចិត្ត​ដល់​អតិថិជន​ និង​ក្រុមហ៊ុន​ដៃគូ​របស់​ខ្លួន​។ លើស​ពីនេះ​ ក្រុមហ៊ុន​ភ្នាក់ងារ​នេះ​ ត្រូវ​រៀបចំខ្លួន​ឱ្យ​បាន​រៀបរយ​ មាន​របៀប​ ស័ក្ដិសម​ជា​ក្រុមហ៊ុន​ ដែល​អាច​ឱ្យ​អតិថិជន​ជឿ​ទុកចិត្ត​បាន​។

ការបង្កើត​ក្រុម​ និង​បណ្តាញ​

បើ​ចង់ទៅ​លឿន​ ត្រូវ​ដើរ​ម្នាក់ឯង​ តែបើ​ចង់ទៅ​មុខ​ដោយ​ជោគជ័យ​និង​ប្រកបដោយ​និរន្តរភាព​ ត្រូវ​ធ្វើជា​ក្រុម​។ ការងារ​ជា​ក្រុម​ និង​ការបង្កើត​បណ្តាញ​ជំនួញ​ជា​ការងារ​មួយ​ ដែល​មិន​អាច​មើល​រំលង​បាន​ ដើម្បី​ពង្រីក​ការ​ផ្សព្វផ្សាយ​ពី​ផលិតផល​របស់​ខ្លួន​ និង​អាច​រួមចំណែក​ជួយគ្នា​ទៅវិញទៅមក​នៅក្នុង​ក្រុម​។

ការបង្កើត​បណ្តាញ​ផ្សព្វផ្សាយ​ពី​ក្រុមហ៊ុន​ ពី​ផលិតផល​របស់​ខ្លួន​តាមរយៈ​បច្ចេកវិទ្យា​ ជា​រឿង​ដែល​មិន​អាច​រំលង​បាន​នោះ​ឡើយ​។ បច្ចុប្បន្ន​បច្ចេកវិទ្យា​កំពុង​ដើរតួ​នាទី​យ៉ាង​សំខាន់​ ក្នុង​វិស័យ​ជំនួញ​ ព្រោះ​បច្ចេកវិទ្យា​ កំពុង​មានការ​ពេញនិយម​នៅ​លើ​ពិភពលោក​។

ហេតុនេះ​ការ​មាន​គេហទំព័រ​ ឬគណ​នី​ផេ​កផ្ទាល់ខ្លួន​ ដើម្បី​ពង្រីក​ការ​ផ្សព្វផ្សាយ​ផលិតផល​របស់​ខ្លួន​ ពិតជា​មាន​សារៈសំខាន់​មិន​អាច​ខ្វះ​បាន​ក្នុង​ការ​ឆ្ពោះទៅ​មុខ​។

ធ្វើ​ទីផ្សារ​ដោយខ្លួនឯង

​លោក​ ថេង​ ចាន់​ថន​ បាន​មានប្រសាសន៍​ថា​ គ្មាន​អ្នកណា​ធ្វើ​ទីផ្សារ​ជំនួស​យើង​បាន​នោះ​ទេ​ ទីផ្សារ​នៅ​ទីនេះ​សំដៅលើ​ការ​បង្កើន​កិត្យានុភាព​របស់​ក្រុមហ៊ុន​ ឬធ្វើ​ឱ្យ​ក្រុមហ៊ុន​របស់​យើង​មានការ​ទទួលស្គាល់​ទូលំទូលាយ​ក្នុង​ស្រទាប់​មហាជន​ និង​អតិថិជន​គោលដៅ​។

ហេតុនេះ​ម្ចាស់​ក្រុមហ៊ុន​ ភ្នាក់ងារ​អចលនវត្ថុ​ ឬក្រុមហ៊ុន​ជំនួញ​ផ្សេងទៀត​ ត្រូវ​បង្កើត​កាលវិភាគ​សម្រាប់​ការស្វែងរក​ព័ត៌មាន​និង​អតិថិជន​ ចូលរួម​ជួយ​ដល់​ការងារ​ក្នុង​សហគមន៍​។ រក្សា​ទំនាក់ទំនង​ល្អជា​មួយ​អតិថិជន​ចាស់​ ព្រោះ 75ភាគរយ​នៃ​អាជីវកម្ម​សម្រាប់​ក្រុមហ៊ុន​ទិញ​ លក់​អចលនទ្រព្យ​ជាទូទៅ​បាន​មក​ពី​ការ​ណែ​នាំ​តៗ​គ្នា​។ក្នុងនាម​ជា​អ្នកលក់​អចលនទ្រព្យ​ ការ​លក់ខ្លួន​ឯង​បានសម្រេច​គឺជា​រឿង​សំខាន់​បំផុត​។

ធ្វើជា​អ្នក​សិក្សា​ពេញ​មួយ​ជីវិត​

មនុស្ស​ជោគជ័យ​ មិនដែល​បញ្ចប់​ការសិក្សា​នោះ​ឡើយ​ ព្រោះ​ការ​បញ្ចប់​ការសិក្សា​មានន័យថា​ ធ្វើ​ឱ្យ​ខ្លួនឯង​ក្រិន​ចំណេះ​ លែង​ចង់​ដើរទៅ​មុខ​ទៀត​ ហេតុនេះ​ អ្វី​ដែល​ត្រូវ​ធ្វើ​គឺ​ការសិក្សា​បន្ថែម​ពាក់ព័ន្ធ​នឹង​វិស័យ​អចលនទ្រព្យ​ រាប់ទាំង​ឯកសារ​ ការ​ទទួលយក​បទពិសោធន៍​ពី​មនុស្ស​ជុំវិញ​ខ្លួន​ និង​ការ​ស្វែងយល់​បន្ថែម​ដោយខ្លួនឯង​ជាមួយ​មនុស្ស​នៅក្នុង​វិស័យ​អចលនទ្រព្យ​ ។ ប្រសិនបើ​អ្នក​អនុវត្ត​ចំណុច​ទាំងអស់​នេះ​បាន​ នោះ​ក្រុមហ៊ុន​របស់​អ្នក​នឹង​ទទួល​បាន​ភាគរយ​ជោគជ័យ​ខ្ពស់​៕

លោក​ ប៉ា​ សុ​ជាតិ​វង្ស​៖ ខណ្ឌ​កំបូល​កំពុង​មានការ​រីកចម្រើន​លើ​វិស័យ​សំណង់​ និង​ពាណិជ្ជកម្ម​

ដោយ ​វុត្ថា

​ភ្នំពេញ​៖ ខណ្ឌ​កំបូល​ គឺជា​ខណ្ឌ​ជាយក្រុង​មួយ​ ដែល​ទើប​បំបែកចេញ​ពី​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ និង​មានការ​ រីកចម្រើន​ លើ​វិស័យ​សំណង់​ ពាណិជ្ជកម្ម​ ​និង​ឧស្សាហកម្ម​គួរឲ្យ​កត់សម្គាល់​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមក​នេះ​។

លោក​ ប៉ា​ សុ​ជាតិ​វង្ស​ ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​ ក្នុង​ពិធី​បើក​វេទិកា​ផ្សព្វផ្សាយ​ និង​ពិគ្រោះ​យោបល់​ នា​ព្រឹក​ថ្ងៃទី​ ១៩​ ធ្នូ​ ២០១៩​ នេះ​ បានឱ្យ​ដឹង​ថា​ ទន្ទឹម​នឹង​ការ​រីក​ចំរើន​នេះ​ ក៏បាន​លេចចេញ​នូវ​បញ្ហា​ប្រឈម​ ជាច្រើន​ផង​ដែរ​ ទាក់ទង​ និង​ ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ ផ្លូវ​លូ​បរិស្ថាន​ និង​តម្រូវឲ្យ​មានការ​បង្កើន​ផ្តល់​សេវា​ អប់រំ​សុខាភិបាល​ បន្ថែម​ទៀត​ ។

លោកប៉ា​ សុ​ជាតិ​វង្ស​បន្ត​ថា​ បញ្ហា​ខាងលើ​នេះ​ ត្រូវ​បាន​ប្រជាពលរដ្ឋ​ ១៩នាក់​ លើក​ឡើង​ និង​ ៩៤​ នាក់​ទៀត​ធ្វើ​សំណើ​ជា​លាយលក្ខណ៍​អក្សរ​ក្នុង​វេទិកា​ ព្រឹក​នេះ​ ដើម្បី​ឱ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​។

នាយិកា​ប្រតិបត្តិ​ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ​ Century​ 21​ Cambodia​ លោកស្រី​ Grace​ Rachny​ Fong​ ធ្លាប់​បាន​ប្រាប់​គេហទំព័រ propertyarea.asia​ ឱ្យ​ដឹង​ថា​ ខណ្ឌ​ទាំង១៤នៃ​រាជធានី​ភ្នំពេញ​ គឺ​មាន​សក្តា​នុ​ពល​ក្នុង​ការប្រើ​ប្រាស់​ ការ​រីក​ចំរើន​លើ​វិស័យ​អចលនទ្រព្យ​ និង​មាន​តម្រូវ​ការ​ខុស​ៗពីគ្នា​ ដែល​វា​អាស្រ័យ​ទៅតាម​តំបន់​ និង​ទីតាំង​។

លោកស្រី​បន្ត​ថា​ បច្ចុប្បន្ន​នេះ​ ខណ្ឌ​ដែល​ជា​ចំណុះ​របស់​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​ បាន​បង្កើន​ឡើង​រហូតដល់​ចំនួន១៤​ ដោយ​បំបែក​ខណ្ឌ​ចំនួន២​ គឺ​ខណ្ឌ​បឹងកេងកង​ (ចេញពី​ខណ្ឌចំការមន​) និង​ខណ្ឌ​កំបូល​ (ចេញពី​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ និង​ខណ្ឌដង្កោ​) ដែល​កំពុងតែ​មាន​សក្ដានុពល​លើ​វិស័យ​ដីធ្លី​ និង​លំនៅ​ដ្ឋាន​កម្រិតមធ្យម​ និង​ក្រោម​មធ្យម​។

លោកស្រី​បន្ត​ថា​ ខណ្ឌ​កំបូល​ ដែល​ស្ថិតនៅ​តំបន់​ជាយក្រុង​ កំពុងតែ​មាន​សក្ដានុពល​ និង​ទាក់ទាញ​ខ្លាំង​លើ​វិស័យ​លំនៅ​ដ្ឋាន​កម្រិតមធ្យម​ និង​ក្រោម​មធ្យម​ រួម​ជាមួយនឹង​សកម្មភាព​ពុះ​ដី​ឡូ​តិ៍​។

ខណ្ឌ​កំបូល​ ត្រូវ​បាន​បង្កើត​ឡើង​តាម​អនុ​ក្រឹត្យ​របស់​រាជរដ្ឋាភិបាល​ កាលពី​ថ្ងៃទី៨​ ខែមករា​ ឆ្នាំ២០១៩នេះ​ ដោយ​បំបែកចេញ​ពី​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ និង​ខណ្ឌដង្កោ​ ក្នុង​នោះ​មាន​សង្កាត់​ចំនួន៧​ គឺ​សង្កាត់​ កំបូល​ កន្ទោក​ ស្នោ​ភ្លើងឆេះរទេះ​ ប្រទះឡាង​ ឪឡោក​ និង​សង្កាត់​បឹងធំ​ ៕

ការ​ធ្វើ​ពហិការ​របស់​កូរ៉េ​ខាងត្បូង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​របស់​ជប៉ុន​

ដោយ​ Donald​ Lee

​ភ្នំពេញ​៖ ការ​ធ្វើ​ពហិការ​របស់​កូរ៉េ​ខាងត្បូង​លើ​រាល់​ទំនិញ​ និង​សេវាកម្ម​របស់​ជប៉ុន​បាន​ចាប់ផ្តើម​ធ្វើ​ឱ្យ​វិស័យ​ទេសចរណ៍​ដែល​រក​ប្រាក់ចំណេញ​បាន​ច្រើន​របស់​ប្រទេស​ជប៉ុន​។

ភ្ញៀវ​ទេសចរ​កូរ៉េ​ខាងត្បូង​បាន​ធ្លាក់ចុះ​ ៦៥,១​ ភាគរយ​ក្នុង​ខែ​វិច្ឆិកា​ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​អង្គការ​ទេសចរណ៍​ជាតិ​ជប៉ុន​ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ពុធ​។ ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​សរុប​បាន​ថយ​ចុះ​ ០,៤​ ភាគរយ​ក្នុង​ខែ​វិច្ឆិកា​ ស្មើនឹង២,៥​ លាន​នាក់​។

ទិន្នន័យ​របស់​រដ្ឋាភិបាល​បាន​បង្ហាញថា​ មាន​ភ្ញៀវ​ចំនួន​ ២៩,៤​ លាន​នាក់​បាន​មកដល់​ប្រទេស​ជប៉ុន​ក្នុង​ចន្លោះ​ខែ​ មករា​ និង​វិច្ឆិកា​នៃ​ឆ្នាំនេះ​។ទីភ្នាក់ងារ​ទេសចរណ៍​ជប៉ុន​បាន​បង្កើន​គោលដៅ​របស់​ខ្លួន​សម្រាប់​ចំនួន​ភ្ញៀវ​ទេសចរ​ចូល​មក​ប្រទេស​នេះ​ដល់​ ៤០​ លាន​នាក់​នៅ​ឆ្នាំ​ ២០២០​។

ស្នងការ​ទីភ្នាក់ងារ​ទេសចរណ៍​ជប៉ុន​លោក​ Hiroshi​ Tabata​ បាន​ថ្លែង​នៅក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ថ្ងៃ​ ពុធ​នេះ​ថា​ “វិធានការ​មួយចំនួន​គឺ​ចាំបាច់​ដើម្បី​ឆ្លើយតប​នឹង​គោលដៅ​ភ្ញៀវ​ ៤០​ លាន​នាក់​”។ ស្នងការ​បាន​បន្ថែម​ថា​ “យើង​នឹង​អភិវឌ្ឍ​កម្មវិធី​ដើម្បី​បង្កើត​តម្រូវការ​ និង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឱ្យ​បាន​ច្រើន​” ។

ស្រប​ពេល​ជាមួយគ្នា​នេះ​ដែរ​ ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទី​ ៣ លើ​ពិភពលោក​បាន​ចាប់ផ្តើម​បាត់បង់​ថាមពល​នៅក្នុង​ត្រីមាស​ទី​ ៣ ដោយមាន​អត្រាកំណើន​ផលិតផល​ក្នុង​ស្រុក​សរុប​ ០,២​ ភាគរយ​។ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​រដ្ឋាភិបាល​ជប៉ុន​។

យោង​តាម​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ (IMF​) សេដ្ឋកិច្ច​របស់​ជប៉ុន​ត្រូវ​បាន​ជាប់​គាំង​នៅក្នុង​ឆ្នាំ​ ២០២០​ ខណៈ​សេដ្ឋកិច្ច​ខ្លួន​នៅតែ​បន្ត​កំណើន​យឺត​នៅ​ចុងឆ្នាំ​នេះ​។ IMF​ បាន​ទម្លាក់​ការ​ព្យាករ​កំណើន​របស់​ជប៉ុន​ជាថ្មី​ម្តង​ទៀត​នៅ​ឆ្នាំនេះ​ពី​ ០,៩​ ភាគរយ​មក​នៅ​ត្រឹម​ ០,៨​ ភាគរយ​។

យោង​តាម​ក្រុម​អ្នកវិភាគ​ សេដ្ឋកិច្ច​របស់​ជប៉ុន​បាន​ធ្លាក់ចុះ​ ១,៦​ ភាគរយ​ពី​ត្រីមាស​មុន​ ដោយសារតែ​ភាព​តានតឹង​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​។ សេដ្ឋកិច្ច​ជប៉ុន​ពឹងផ្អែក​ខ្លាំង​លើ​ការនាំចេញ​ និង​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ភ័ស្តុភារ​សំ​ខាន់​ៗនៅ​ជុំវិញ​ពិភពលោក​។

សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​កូរ៉េ​ខាងត្បូង​ធ្វើ​ឱ្យ​ប្រជាជន​កូរ៉េ​ភាគច្រើន​ធ្វើ​ពហិការ​ទំនិញ​ និង​សេវាកម្ម​របស់​ជប៉ុន​ទាំងអស់​។ ទំនាក់ទំនង​សេដ្ឋកិច្ច​នយោបាយ​ និង​វប្បធម៌​រវាង​ប្រទេស​យក្ស​សេដ្ឋកិច្ច​អាស៊ី​ទាំងពីរ​បាន​ឈាន​ដល់កម្រិត​ទាប​ជា​ប្រវត្តិសាស្ត្រ​៕

ក្រសួងបរិស្ថាន​ដាក់ចេញ​យុទ្ធនាការ​កម្ចាត់​សំរាម​ពី​រាជធានី​ភ្នំពេញ​

ដោយ​ ៖ រ៉ា​ណេត

ភ្នំពេញ​ ៖ ក្រសួងបរិស្ថាន​បាន​ធ្វើការ​គាំទ្រ​ និង​រឹ​តបណ្តឹង​កិច្ច​អនុវត្ត​លើ​គម្រោង​ភ្នំពេញ​ស្អាត​ ក្រោម​ពាក្យស្លោក​«សំរាម​មិន​ធ្លាក់​ដល់​ដី​ ភ្នំពេញ​កាន់តែ​ប្រពៃ​» ដោយ​ការ​ចុះ​អនុស្សារ​ណៈ​នៃ​ការយោគយល់​គ្នា​ ជាមួយ​សហ​ស្ថាបនិក​គម្រោង​ភ្នំពេញ​ស្អាត​ (PHNOM​ PENH​ SA​-AT​ COMMITTEE​) ។

នៅ​ទី​ស្តី​ការក្រ​សួង​បរិស្ថាន​ កាលពី​ថ្ងៃទី១៨​ ខែធ្នូ​ ឆ្នាំ២០១៩ម្សិលមិញ​នេះ​ ក្រសួងបរិស្ថាន​ក្រោម​វត្តមាន​របស់​លោក​ ជួប​ ប៉ារីស៍​ អគ្គនាយក​ចំណេះដឹង​ និង​ព័ត៌មាន​បរិស្ថាន​ ក្រសួងបរិស្ថាន​ បាន​ចុះហត្ថលេខា​ លើ​កិច្ច​អនុស្សារ​ណៈ​នៃ​ការ យោគយល់​គ្នា​ ជាមួយ​សហ​ស្ថាបនិក​គម្រោង​ភ្នំពេញ​ស្អាត​ (PHNOM​ PENH​ SA​-AT​ COMMITTEE​) ដែល​មាន​លោកស្រី​ ជា​ សុ​ផល្លា​ ជា​អ្នកតំណាង​។

លោក​ ជួប​ ប៉ារីស៍​ បាន​លើកឡើង​ថា​ ៖ ស្ថានភាព​សំរាម​នៅក្នុង​ទីក្រុង​ភ្នំពេញ​ គឺជា​បញ្ហា​ចោទ​មួយ​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។ កាកសំណល់​ពី​គេហដ្ឋាន​ សាលារៀន​ ភោជនីយដ្ឋាន​ មន្ទីរពេទ្យ​ ជាពិសេស​តាម​ទីផ្សារ​ បាន​បង្ក​ជា​គុណវិបត្តិ​មួយចំនួន​ ដែល​ជះឥទ្ធិពល​អាក្រក់​ដល់​ជីវភាពរស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​។

លោក​បាន​បន្ថែម​ថា​ ក្រោម​ទិសស្លោក​ «សំរាម​មិន​ធ្លាក់​ដល់​ដី​ ភ្នំពេញ​កាន់តែ​ប្រពៃ​» យុទ្ធនាការ​ភ្នំពេញ​ស្អាត​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ ក្នុង​ការ​លុបបំបាត់​នូវ​រូបភាព​អវិជ្ជមាន​ទាំងអស់​នេះ​ តាមរយៈ​ការអប់រំ​ណែនាំ​ដោយចំហ​ក្ដី​ ដោយ​ផ្ទាល់​ក្ដី​ ដល់​ប្រជាជន​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ឱ្យ​មាន​សីលធម៌​ សុជីវធម៌​បោះចោល​សំរាម​ក្នុង​ធុងសំរាម​ មិន​ពង្រាយ​កាកសំណល់​ផ្ដេសផ្ដាស​ នាំ​ឱ្យ​សង្គម​បាត់បង់​សណ្ដាប់ធ្នាប់​ និង​មាន​សំរាម​ពាសវាលពាសកាល​។

អនុ​សា​ណៈ​យោគយល់​គ្នា​ រវាង​ក្រសួងបរិស្ថាន​ និង​គម្រោង​ភ្នំពេញ​ស្អាត​ មាន​រយៈពេល​អនុវត្ត​គម្រោង​ រយៈពេល​ ៣ឆ្នាំ​ ដោយ​ក្រសួងបរិស្ថាន​បាន​ចូលរួម​ និង​គាំទ្រ​គម្រោង​កម្មវិធី​ តាមរយៈ​មូលនិធិ​បរិស្ថាន​ និង​សង្គម​ ក្នុង១ឆ្នាំ​ ថវិកា​ចំនួន​ ១០០០០​ ដុល្លារ​អាមេរិក​ (មួយ​ម៉ី​នដុល្លា​រអា​មេ​រិក​)។

គម្រោង​ភ្នំពេញ​ស្អាត​ រួមមាន​កម្មវិធី​ជាច្រើន​ សម្រាប់​ឱ្យ​ស្ថាប័ន​នានា​ និង​ប្រជាពលរដ្ឋ​ចូលរួម​បង្ហាញ​ និង​ផ្សព្វផ្សាយ​បន្ត​នូវ​ទងើ្វ​ល្អ​ៗ ដើម្បី​ផ្លាស់​ប្តូរ​នូវ​គោលគំនិត​ ទម្លាប់​ និង​ឥរិយាបថ​ ក្នុង​ការគ្រប់គ្រង​សំរាម​ និង​ថែរក្សា​បរិស្ថាន​ស្អាត​៕

ក្រសួងទេសចរណ៍​ដាក់​ឱ្យ​ដំណើរការ​ “វិថី​ម្ហូបអាហារ​ខេត្តកំពត​-food​ street​” ជា​ផ្លូវការ​

ដោយ ​វុត្ថា

​ខេត្តកំពត​៖ ក្រសួងទេសចរណ៍​ដាក់​ឱ្យ​ដំណើរការ​ “វិថី​ម្ហូបអាហារ​ខេត្តកំពត​-food​ street​” ជា​ផ្លូវការ​ លើកដំបូង​នៅក្នុង​ខេត្តកំពត​ ដើម្បី​អបអរសាទរ​ព្រឹត្តិ​ការណ៍​បុណ្យ​សមុទ្រ​លើក​ទី៨ជុំ​ ទី២​ ឆ្នាំ២០១៩​ ដែល​នឹង​ចាប់ផ្តើម​ពី​ថ្ងៃទី២០​-២២​ ខែធ្នូ​ ឆ្នាំ២០១៩​។

លោក​ ថោង​ ខុន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ នៅក្នុង​ពិធី​ សម្ពោធ​ “វិថី​លក់​ម្ហូបអាហារ​” កាលពី​ថ្ងៃទី​ ១៨​ ខែធ្នូ​ ឆ្នាំ​ ២០១៩​ ម្សិលមិញ​ថា​ វិថី​លក់​ម្ហូបអាហារ​ ឬ Food​ Street​ នេះ​បាន​ផ្តល់​អត្ថ​ប្រយោជន៍​ជាច្រើន​ដល់​វិស័យ​ទេសចរណ៍​ ក៏ដូចជា​ដល់​សេដ្ឋកិច្ច​មូលដ្ឋាន​ ក្នុង​នោះ​ភ្ញៀវ​ទេសចរ​ទាំងអស់​អាច​ពិសា​ម្ហូបអាហារ​ដ៏​ឈ្ងុយឆ្ងាញ់​ ចម្អិន​ថ្មី​ៗក្តៅ​ៗស្រស់​ៗ និង​មាន​អនាម័យ​។

ក្រៅពី​នេះ​ ភ្ញៀវ​ទេសចរ​ក៏អាច​ទស្សនា​ពី​របៀប​ ឬសិល្បៈ​នៃ​ការ​ចម្អិន​អាហារ​ ការ​តុបតែង​ម្ហូបអាហារ​ ការបម្រើ​សេវាកម្ម​ និង​របៀប​បរិភោគ​។ លោក​បន្ត​ថា​ ​“វិថី​លក់​ម្ហូបអាហារ​” ជា​កន្លែង​មួយ​ដែល​ភ្ញៀវ​ទេសចរ​ នឹង​ទទួល​បាន​នូវ​៖

ទី១​.) ម្ហូបអាហារ​ដ៏​ឈ្ងុយឆ្ងាញ់​ មានឱជារស​ ចម្អិន​ថ្មី​ៗ (ក្តៅ​ៗ ស្រស់​ៗ) និង​មាន​អនាម័យ​សម្រាប់​បរិភោគ​ បំពេញ​ថាមពល​ ជំនួស​ ភាព​នឿយហត់​ ក្រោយ​ដំណើរ​កម្សាន្ត​របស់​ពួកគាត់​

ទី២​.) ទស្សនីយភាព​ ប្លែក​ៗបន្ថែម​ ដូចជា​របៀប​ឬសិល្បៈ​នៃ​ការ​ចម្អិន​អាហារ​ សិល្បៈ​នៃ​ ការ​ តុបតែង​ ម្ហូបអាហារ​របៀប​ នៃ​ការ​ បម្រើសេវា​កម្ម​ និង​របៀប​បរិភោគ​ និង​ទី

៣​.) បានដឹង​បាន​យល់​ និង​បាន​ភ្លក់​ នូវ​រស់​ជាតិ​អា​ហា​រប្លែ​កៗ​ប្រចាំ​តំបន់​ ពិសេស​ អំពី​ ទំនៀមទម្លាប់​ ក៏ដូចជា​ អត្ថ​ប្រយោជន៍​ នៃ​ ប្រភេទ​គ្រឿងផ្សំ​នី​មួយ​ៗ។

លោក​បន្ថែម​ថា​ “វិថី​លក់​ម្ហូបអាហារ​” នេះ​នឹង​ផ្តល់​អត្ថ​ប្រយោជន៍​ជាច្រើន​ដល់​វិស័យ​ទេសចរណ៍​ខេត្តកំពត​ និង​ក្លាយជា​ផលិតផល​ទេស​ចរ​ណ៏​ថ្មី​មួយ​សម្រាប់​ខេត្តកំពត​ ក៏ដូចជា​ដល់​សេដ្ឋកិច្ច​មូលដ្ឋាន​ ពិសេស​អាជីវករ​មូលដ្ឋាន​តែម្តង​។

លោក​រដ្ឋមន្ត្រី​បាន​ដាក់​ចេ​ញនូ​អនុសាសន៍​សំ​ខាន់​ៗមួយចំនួន​ដើម្បី​ចូលរួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​វិថី​លក់​ម្ហូបអាហារ​ខេត្តកំពត​ឱ្យ​កាន់តែ​ឈានទៅមុខ​បន្ថែម​ទៀត​ ឆ្លើយតប​នឹង​តម្រូវការ​ និង​និន្នាការ​របស់​ទេសចរ​ ក្នុង​នោះ​រួមមាន​៖*

ទី១​៖ ស្នើ​បន្ត​យកចិត្ត​ទុកដាក់​ជាចម្បង​លើ​ការងារ​រក្សា​សន្ដិ​សុខ​ សុវត្ថិភាព​ សណ្ដាប់ធ្នាប់​សាធារណៈ​ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចំណាយពេល​យូរ​ក្នុង​ការ​ភ្លក្ស​ម្ហូបអាហារ​។

ទី២​៖ ស្នើ​បន្ត​គិតគូរ​បន្ថែម​លើ​ការ​បំពាក់​នូវ​ធុងសំរាម​ និង​បង្គន់​អនាម័យ​ឱ្យ​បាន​គ្រប់គ្រាន់​ ពិសេស​ត្រូវ​ស្អាត​ជាប្រចាំ​។

ទី៣​៖ ស្នើ​អាជីវករ​ទាំងអស់គ្នា​បន្ត​ខិតខំ​ពង្រឹង​ជំនាញ​របស់​ខ្លួន​ ទាំង​ជំនាញ​ចម្អិនម្ហូប​អាហារ​ ការរចនា​ ការកែច្នៃ​លើ​គ្រឿងផ្សំ​ និង​ជំនាញ​បដិសណ្ឋារ​កិច្ច​។ ជាក់ស្តែង​ នា​ពេលនេះ​ ក្រុមការងារ​ផ្សព្វផ្សាយ​របស់​មន្ទីរ​ទេសចរណ៍​ខេត្តកំពត​ បានសម្រេច​ការ​ច្នៃប្រឌិត​រៀបចំ​បាន​នូវ​មុខម្ហូប​ថ្មី​ចំនួន​ ២មុខ​ នោះ​គឺ​ញាំ​សារាយ​ម្រេច​កំពត​ និង​សម្លការី​ត្នោត​រសជាតិ​ទុរេន​។

ទី៤​៖ ស្នើ​បន្ត​យកចិត្ត​ទុកដាក់​ចូលរួម​ផ្សព្វផ្សាយ​ប្រភេទ​មុខម្ហូប​ខ្មែរ​ ដោយ​ត្រូវ​មាន​សរសេរ​បង្ហាញ​ពី​គ្រឿងផ្សំ​ ប្រភព​គ្រឿងផ្សំ​ អត្ថ​ប្រយោជន៍​របស់​គ្រឿងផ្សំ​ ឬលក្ខណៈ​ពិសេស​របស់​វា​ ការ​បរិយាយ​អំពី​របៀប​ចម្អិន​ជាដើម​។

ទី៥​៖ ស្នើ​យកចិត្ត​ទុកដាក់​លើ​ការចូលរួម​ប្រើប្រាស់​ប្រភេទ​ផលិតផល​ ដែល​មិន​ប៉ះពាល់​បរិស្ថាន​ ឬប៉ះពាល់​តិចតួច​។ កំណត់​គោលដៅ​ឈាន​ឆ្ពោះទៅ​បញ្ចប់​ការប្រើ​ប្រាស់​ប្លាស្ទិក​ទាំងស្រុង​នៅ​តាម​វិថី​លក់​ម្ហូបអាហារ​ ដោយ​ជំនួស​ដោយ​ថង់​ក្រដាស​ កែវ​ក្រដាស​ ប្រអប់​ក្រដាស​ បំពង់បឺត​ឫស្សី​វិញ​។

ទី៦​៖ ស្នើ​គណៈកម្មការ​គ្រប់គ្រង​គិតគូរ​អំពី​យន្តការ​ផ្សព្វផ្សាយ​ និង​ការ​បង្ក​រល​ក្ខ​ណៈ​ផ្សេង​ៗ ដើម្បី​ទាក់ទាញ​ការចាប់ អារម្មណ៍​របស់​ភ្ញៀវ​ទេសចរ​ ដូចជា​ ការបង្កើត​ព្រឹត្តិ​ការណ៍​ទាក់ទាញ​ (តន្ត្រី​ សិល្បៈ​) យុទ្ធនាការ​ផ្សព្វផ្សាយ​ជាវ​សេវាកម្ម​ជា​កញ្ចប់​ (ជាវ​អាហារ​ ថែម​បង្អែម​ ឬជាវ៥ថែម១​) ផ្តល់​កូ​ប៉ុង​ពិសា​អាហារ​ (ជាវ​ផលិតផល​កន្លែង​ផ្សេង​រួច​បាន​កូ​ប៉ុង​ពិសា​អាហារ​ក្នុង​តម្លៃ​ណាមួយ​នៅ​វិថី​ម្ហូបអាហារ​) ឬអាច​ភ្ជាប់នឹង​យុទ្ធនាការ​អនាម័យ​បរិស្ថាន​ (យក​សំបក​កំប៉ុង​ ឬថង់​ដូរ​យក​កូ​ប៉ុង​ពិសារ​អាហារ​នៅ​វិថី​ម្ហូបអាហារ​) និង​ស្នើ​រៀបចំ​ឱ្យ​មានការ​ផ្សព្វផ្សាយ​តាម​ឌីជីថល​បន្ថែម​ ដូចជា​ បណ្តាញ​សង្គម​ ឬ Application​ ក្នុង​ទូរស័ព្ទ​ដៃ​ឆ្លាតវៃ​៕

ការ​ឡើងថ្លៃ​ប្រាក់​បាត​កំពុង​ជំរុញ​វិនិយោគិន​បរទេស​ងាក​មក​ទិញ​អចលនទ្រព្យ​នៅ​កម្ពុជា​

ដោយ​ ប៊ី​

បាងកក​៖ សមាគម​ខុន​ដូ​ថៃ​បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ខ្លួន​ស្វែងរក​វិធានការណ៍​ដើម្បី​លើកទឹកចិត្ត​ដល់​ការផ្ទេរ​ភាពជា​ម្ចាស់​លើ​ការ​ដាក់បញ្ចាំ​ និង​ការកាត់បន្ថយ​ថ្លៃ​សេវា​ផ្ទេរ​ប្រាក់​ដើម្បី​ជួយ​ជំរុញ​ការ​លក់​ខុន​ដូ​ ខណៈ​ការ​ឡើងថ្លៃ​ប្រាក់​បាត​ថៃ​បាន​និង​កំពុង​ជំរុញ​អ្នកទិញ​អចលនទ្រព្យ​ពី​បរទេស​នៅ​ប្រទេស​ងាក​ទៅ​រក​ការទិញ​អចលនទ្រព្យ​នៅ​កម្ពុជា​។

ប្រធាន​សមាគម​លោកស្រី​ Apa​ Ataboonwongse​ បាន​និយាយ​ថា​ បរទេស​បាន​និង​កំពុង​សម្លឹង​រក​ទិសដៅ​វិ​និ​យោ​គផ្សេង​ៗនៅ​តំបន់​ក្រៅពី​ប្រទេស​ថៃ​ ដោយ​វិបត្តិសេដ្ឋកិច្ច​សកល​ និង​ការ​ឡើងថ្លៃ​ប្រាក់​បាត​។

លោកស្រី​ បាន​លើកឡើង​ថា​ ជនបរទេស​កំ​ពុង​បង្វែ​ទិសដៅ​ខ្លួន​ទៅ​ទិញ​អចលនទ្រព្យ​នៅ​កម្ពុជា​ និង​ជប៉ុន​ ព្រោះ​ប្រាក់​បាត​ឡើងថ្លៃ​មានន័យថា​ប្រាក់ចំណេញ​ទាប​ជាង​ការ​វិនិយោគ​។

លោកស្រី​បាន​បន្ត​ថា​ ប្រសិនបើ​ស្ថាប័ន​ហិរញ្ញវត្ថុ​រក្សា​ការ​បដិ​សេដ​ផ្តល់​ប្រាក់កម្ចី​របស់​ពួកគេ​ វិធានការណ៍​ជំរុញ​អចលនទ្រព្យ​របស់​រដ្ឋាភិបាល​នឹង​មាន​ប្រសិទ្ធិ​ភាព​តិចតួច​ ពីព្រោះ​អ្នក​អភិវឌ្ឍន៍​អាច​ទទួល​បាន​ប្រាក់ចំណូល​ពី​ការ​លក់​នៅពេល​អចលនទ្រព្យ​នោះ​ត្រូវ​បាន​ផ្ទេរ​។

លោកស្រី​បាន​និយាយ​ថា​ អត្រា​ការ​បដិ​សេ​ដការ​ផ្តល់​ប្រាក់កម្ចី​អចលនទ្រព្យ​បាន​បន្ត​កើនឡើង​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ជាមួយនឹង​អត្រា​សរុប​ ៣០​ ភាគរយ​ និង​ខ្ពស់​ជាង​ ៥០​ ភាគរយ​សម្រាប់​គម្រោង​មួយចំនួន​។ អត្រា​បដិសេធ​ខ្ពស់​ជាង​នេះ​អាច​បណ្តាល​មក​ពី​វិបត្តិសេដ្ឋកិច្ច​ដែល​ធ្វើ​ឱ្យ​ការទិញ​ធ្លាក់ចុះ​។

លោកស្រី​ Apa​ បាន​និយាយ​ថា​ តម្លៃ​អចលនទ្រព្យ​ដោយ​ជនបរទេស​ដែល​បាន​ទិញ​តាំងពី​ពាក់កណ្តាល​ឆ្នាំនេះ​គឺ​ជិតដល់​ ០ ភាគរយ​ ហើយ​រង​ផល​ប៉ះពាល់​ដោយសារ​ការ​ធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច​ពិភពលោក​ និង​ការ​ឡើងថ្លៃ​ប្រាក់​បាត​។ ពាក់កណ្តាល​នៃ​ការ​ផ្គត់ផ្គង់​លំនៅ​ដ្ឋាន​ថ្មី​គឺ​ខុន​ដូ​ ប៉ុន្តែ​ខុន​ដូ​យូនី​តប្រណីត​មាន​ចំនួន​ ៦០​ ទៅ​ ៦៥​ ភាគរយ​ នៃ​ការ​ផ្គត់ផ្គង់​ថ្មី​គឺ​នៅ​ទីក្រុង​បាងកក​។

គណៈរដ្ឋមន្រ្តី​ថៃ​កាលពី​ថ្ងៃទី​ ២២​ ខែតុលា​បាន​អនុម័ត​លើ​កញ្ចប់​វិធានការ​ជំរុញ​អចលនទ្រព្យ​ដែល​រួមមាន​ការកាត់បន្ថយ​ប្រាក់កម្ចី​បញ្ចាំ​បណ្តោះអាសន្ន​ និង​ថ្លៃ​សេវា​ផ្ទេរ​ប្រាក់​ទៅ​អត្រា​តែមួយ​ ០,០១​ ផា​គរយ​ សម្រាប់​លំនៅ​ដ្ឋាន​ដែល​មានតម្លៃ​ ៣ លាន​បាត​ ឬតិច​ជាង​នេះ​។

កញ្ចប់​នេះ​មាន​គោលបំណង​ជួយ​អ្នក​អភិវឌ្ឍន៍​លក់​ចេញ​ស្តុក​ចាស់​របស់​ខ្លួន​។ ការកាត់បន្ថយ​ថ្លៃ​សេវា​នេះ​នឹង​ត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី​ ២៤​ ខែ​ ធ្នូ​ ឆ្នាំ​ ២០២០​ ។ធនាគារ​ GH​ ក៏​ផ្តល់​ប្រាក់កម្ចី​សម្រាប់​គេហដ្ឋាន​ចំនួន​ ២,៥​ ភាគរយ​ដែល​មានតម្លៃ​ ៥០​ ពាន់​លាន​បាត​សម្រាប់​រយៈពេល​ ៣ ឆ្នាំ​ សម្រាប់​អចលនទ្រព្យ​ដែល​មានតម្លៃ​មិន​លើស​ពី​ ៣ លាន​បាត​ ខណៈ​ក្រុមហ៊ុន​អចលនទ្រព្យ​កំពុង​រៀបចំ​យុទ្ធនាការ​ផ្សព្វផ្សាយ​រួមគ្នា​ដើម្បី​ជំរុញ​តម្រូវការ​។

លោក​ Charnkitt​ Dejvitak​ អនុរដ្ឋ​មន្រ្តី​អម​ជាមួយ​នាយក​រដ្ឋមន្រ្តី​ ប៉ាន់ប្រមាណ​ថា​ វិធានការណ៍​ជំរុញ​អចលនទ្រព្យ​ ការ​ដាក់​អត្រា​ការប្រាក់​ទាប​របស់​ធនាគារ​ GH​ និង​យុទ្ធនាការ​ផ្សព្វផ្សាយ​នឹង​ជួយ​ឱ្យ​ការ​លក់​អចលនទ្រព្យ​កើនឡើង​ ៥ ភាគរយ​នៅ​ឆ្នាំក្រោយ​។

លោក​បន្ត​ថា​ អ្នក​អភិវឌ្ឍន៍​អាច​សម្រប​ខ្លួន​ទៅ​នឹង​ផល​ប៉ះពាល់​នៃ​តម្រូវការ​ប្រាក់កម្ចី​របស់​ធនាគារ​កណ្តាល​ថៃ​កាន់តែ​តឹង​រឹង​ជាង​មុន​។ទន្ទឹម​នឹង​នេះ​ដែរ​លោ​កផាន់​ណា​រិទ្ធ​ Chounchaisit​ ប្រធាន​សមាគម​អចលនទ្រព្យ​ថៃ​ បាន​មានប្រសាសន៍​ថា​ អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ​ជាង​ ៥០០​ នាក់​កំពុង​ចូលរួម​ក្នុង​យុទ្ធនាការ​ផ្សព្វផ្សាយ​នេះ​៕ (ប្រភព​ បាងកក​ប៉ុស្តិ៍​)

រដ្ឋាភិបាល​សម្រេច​អនុម័ត​លើ​គម្រោង​ចំនួន៣​ មាន​ទំហំ​ទឹកប្រាក់​វិនិយោគ​ជិត១២លាន​ដុល្លារ​

អគារ CDC។ រូបថត៖ សហការី

ដោយ​ ៖ រ៉ា​ណេត

ភ្នំពេញ​ ៖ រដ្ឋាភិបាល​ តាមរយៈ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC​) បាន​អនុម័ត​ទៅលើ​គម្រោង​វិ​និ​យោ​គថ្មី​ៗចំនួន៣បន្ថែម​ទៀត​ ដែល​មាន​ទំហំ​ទឹកប្រាក់​សរុប​ចំនួន​ជិត​ ១២លាន​ដុល្លារ​សហរដ្ឋអាមេរិក​ និង​មាន​ទីតាំង​ស្ថិតនៅ​ខេត្ត​ចំនួន៣ផ្សេងគ្នា​ ។

តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន​ គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ បានសម្រេច​ចេញ​ “វិញ្ញា​បន​ប័ត្រ​ចុះបញ្ជី​ជាស្ថាពរ​” ជូន​ដល់​ក្រុមហ៊ុន​ចំនួន​ ៣ ដែល​ទឹកប្រាក់​សរុប​ចំនួន​ ១១,៨លាន​ ដុល្លារ​ ។

ក្រុមហ៊ុន​ចំនួន៣​ ដែល​ទទួលស្គាល់​ និង​អនុម័ត​ពីសំណាក់​រដ្ឋាភិបាល​រួមមាន​ ៖

– “S W J (CAMBODIA​) GARMENT​ CO​., LTD​” គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ភូមិ​បូរី​កម្មករ​ សង្កាត់​ច្បារមន​ ខណ្ឌ​ច្បារមន​ ខេត្ត​កំពង់ស្ពឺ​ មាន​ទុន​វិនិយោគ​ប្រមាណ​ ៤,៤លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ១.៦៥៥កន្លែង​។

– “LEADING​ STAR​ (CAMBODIA​) GARMENT​ CO​., LTD​” គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​ និង​ចាក់​សម្លៀកបំពាក់​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ព្រៃស​លិច​ សង្កាត់​ព្រៃស​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ មាន​ទុន​វិនិយោគ​ប្រមាណ​ ៥លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ១.៨៨១កន្លែង​។

-“JAM​ STAR​ PACKAGING​ TECHNOLOGY​ CO​.,LTD​.” គម្រោង​បង្កើត​រោងចក្រ​ផលិត​កេស​កាតុង​ ប្រអប់​ និង​បោះពុម្ព​គ្រប់​ប្រភេទ​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ទួលសាលា​ ឃុំ​ព្រៃពួច​ ស្រុក​អង្គស្នួល​ ខេត្តកណ្តាល​ មាន​ទុន​វិនិយោគ​ប្រមាណ​ ២,៤លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ១៧៩កន្លែង​៕

រដ្ឋាភិបាល​ជំរុញ​ឱ្យ​អ្នក​វិយោគ​ជប៉ុន​វិនិយោគ​នៅ​ឆ្នេរ​អង្កោល​ និង​កោះទន្សាយ​ ខេត្ត​កែប

​ដោយ ​វុត្ថា

​ខេត្តកំពត​៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​ប្រាប់​ក្រុម​វិនិយោគិន​ជប៉ុន​នេះ​ ឱ្យ​វិនិយោគ​លើ​វិស័យ​ទេសចរណ៍​នៅ​ខេត្ត​កែប​ ពិសេស​គឺ​ឆ្នេរ​អង្កោល​ និង​កោះទន្សាយ​ ដែល​អាច​វិនិយោគ​ទៅជា​តំបន់​ទេសចរណ៍​ថ្មី​ ព្រោះ​ជា​ឆ្នេរ​នេះ​ជា​ឆ្នេរ​ធម្មជាតិ​ តែ​មិនទាន់​មានការ​អភិវឌ្ឍ​ឱ្យ​បាន​លេច​ធ្លោ​រនៅ​ឡើយ​។

លោក​ ថោង​ ខុន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ នៅក្នុង​ជំនួប​ជាមួយ​វិនិយោគិន​ជប៉ុន​មួយ​ក្រុម​ដែល​ខំ​ស្កាត់​មក​ស្វែងរក​ឱកាស​វិនិយោគ​លើ​វិស័យ​ទេសចរណ៍​នៅ​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃទី​ ១៨​ ខែធ្នូ​ ឆ្នាំ​ ២០១៩ម្សិលមិញ​នេះ​ថា​ ប្រសិនបើ​ឆ្នេរ​នេះ​ត្រូវ​អភិវឌ្ឍន៍​ទៅជា​តំបន់​ទេសចរណ៍​បាន​ល្អ​ វា​នឹង​ក្លាយជា​មេដែក​ដ៏​សំខាន់​ក្នុង​ការ​ស្រូប​យក​ភ្ញៀវ​ទេសចរ​ពីគ្រប់ទិស​ទី​ ខណៈ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​យក​ខេត្ត​កែប​ ជា​តំបន់់​ទេសចរណ៍​សម្រាក​លម្ហែ​កម្រិតខ្ពស់​ ហើយ​ខេត្ត​កែប​បច្ចុប្បន្ន​ក៏​មាន​ឆ្នេរកែប​រួចហើយ​ដែរ​ ដែល​កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បាន​យ៉ាងច្រើន​។

លោក​បន្ត​ថា​ បច្ចុប្បន្ន​ ក្រសួងទេសចរណ៍​កំពុង​សិក្សា​រៀបចំផែនការ​មេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​នៅ​ខេត្ត​កែប​ ហើយ​កំពុង​ត្រូវការ​អ្នកជំនាញ​បន្ថែម​ទៀតផង​ដែរ​ ដើម្បី​សម្រេច​កិច្ចការ​ងារ​នេះ​ សំដៅ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​នៅ​ខេត្ត​នេះ​កាន់តែ​មាន​ភាព​រីកចម្រើន​ខ្លាំង​ឡើង​ ខណៈ​ឆ្នេរសមុទ្រ​កម្ពុជា​ក៏បាន​ជាប់​ជា​ឆ្នេរ​ស្អាត​ជាងគេ​បំផុត​លើ​ពិ​ភព​ពលោ​ក របស់​ក្លឹប​ឆ្នេរសមុទ្រ​ស្អាត​ជាងគេ​បំផុត​លើ​ពិភពលោក​។

លោក​បន្ថែម​ថា​ បច្ចុប្បន្ន​ ផ្សារ​ក្ដាម​នៅ​ខេត្ត​កែប​ក៏​កំពុង​ទទួល​បាន​គម្រោង​អភិវឌ្ឍន៍​ទៅជា​ផ្សារ​ទេសចរណ៍​ ដែល​មាន​អនាម័យ​ បរិស្ថាន​ សណ្ដាប់ធ្នាប់​ ក្រោម​គម្រោង​អភិវឌ្ឍន៍​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB​)។

លោក​រដ្ឋមន្ត្រី​ ថោង​ ខុន​ បាន​ណែនាំ​ពី​ឱកាស​វិនិយោគ​លើ​វិស័យ​ទេសចរណ៍​នៅ​តំបន់​ផ្សេងទៀត​ ដូចជា​តំបន់​កសិ​ទេសចរណ៍​កូនសត្វ​ ខេត្តកំពត​ ដែល​មាន​ចម្ការ​ម្រេច​ ចម្ការ​ផ្សេងទៀត​ ហើយក៏​ស្ថិតនៅ​មិន​ឆ្ងាយ​ពី​ខេត្ត​កែប​ប៉ុន្មាន​ដែរ​។

តំបន់​ទេសចរណ៍​ធម្មជាតិ​ទេ​ទឹកពុះ​ នៅ​ខេត្ត​កំពង់ស្ពឺ​ ដែល​កំពុង​រង់ចាំ​អ្នក​វិនិយោគ​ទៅ​ធ្វើការ​វិនិយោគ​អភិវឌ្ឍន៍​ឱ្យ​កាន់តែ​មាន​សក្ដានុពល​ទាក់ទាញ​។ ក្រុម​អ្នក​វិនិយោគ​ជប៉ុន​ ក៏​មានការ​ចាប់អារម្មណ៍​លើ​រមណីយដ្ឋាន​ធម្មជាតិ​ទេ​ទឹកពុះ​ផង​ដែរ​ ដោយ​បង្ហើប​ឱ្យ​ដឹង​ថា​ តំបន់​នោះ​នៅ​មានលទ្ធភាព​ជំរុញ​ឱ្យ​មានការ​រីកចម្រើន​លើស​ពី​ពេល​បច្ចុប្បន្ន​ ហើយ​ក្រុម​នេះ​នឹង​ពិចារណា​លើ​ចំណុច​នេះ​។

ក្រុម​វិនិយោគិន​ជប៉ុន​ក៏​មានការ​ពេញចិត្ត​យ៉ាង​ខ្លាំង​ ចំពោះ​សម្រស់​ផ្កាថ្ម​នៅ​សមុទ្រ​កម្ពុជា​ផង​ដែរ​ ពិសេស​ខេត្ត​ព្រះសីហនុ​ ខេត្ត​កែប​ជាដើម​។

លោក​រដ្ឋមន្ត្រី​ ថោង​ ខុន​ បាន​បង្ហាញ​សុទិដ្ឋិនិយម​ថា​ ការ​វិនិយោគ​នៅ​តំបន់​ទេសចរណ៍​ទាំង៣ខាងលើ​នេះ​ ជប៉ុន​ប្រាកដជា​អាច​ធ្វើ​ទៅ​បាន​ ព្រោះ​អ្នក​វិនិយោគិន​ជប៉ុន​មាន​ជំនាញ​លើ​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ប្រភេទ​នោះ​ស្រាប់​៕

ប្រធានាធិបតី​ចិន​លោក​ស៊ី​ ជី​នពីង​មកដល់​ម៉ាកាវ​ដើម្បី​អបអរ​ខួប​បង្រួបបង្រួម​ជាតិ​

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ ប្រធានាធិបតី​ចិន​លោក​ស៊ី​ ជី​នពីង​ បាន​ទៅដល់​ទីក្រុង​ម៉ាកាវ​កាលពី​ថ្ងៃ​ ពុធ​ ដើម្បី​អបអរសាទរ​ខួប​លើក​ទី២០នៃ​ការ​វិលត្រឡប់​របស់​ម៉ាកាវ​ ទៅកាន់​ចិន​វិញ​ក្រោម​គោលនយោបាយ​ប្រទេស​មួយ​ប្រព័ន្ធ​ពីរ​។

លោក​ស៊ី​បាន​និយាយទៅ​កាន់​អ្នកសារព័ត៌មាន​ នៅ​ឯអាកាស​យានដ្ឋាន​ម៉ាកាវ​ថា​ “វា​ពិតជា​មានប្រយោជន៍​ ក្នុង​ការ​បូកសរុប​បទពិសោធន៍​ និង​លក្ខណៈ​ពិសេស​របស់​ម៉ាកាវ​ក្នុង​ការអនុវត្ត​ដោយ​ស្មោះត្រង់​នូវ​ប្រទេស​មួយ​ប្រព័ន្ធ​ពីរ​”។

លោក​ស៊ី​បាន​មានប្រសាសន៍​ថា​ “យើង​នឹង​រួមគ្នា​ ដើម្បី​ដាក់ចេញ​នូវ​គម្រោង​មេ​សម្រាប់​ការ​អភិវឌ្ឍ​នា​ពេល​អនាគត​របស់​ម៉ាកាវ​”។

ទីក្រុង​ប៉េកាំង​ គ្រោង​នឹង​ផ្លាស់​ប្តូរ​មជ្ឈមណ្ឌល​ល្បែង​ម៉ាកាវ​ ទៅជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​មួយ​ ដើម្បី​ជំនួស​ទីក្រុង​ហុងកុង​ ខណៈ​ការ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​បាន​រញ្ជួយ​ទីក្រុង​នៅ​ឆ្នាំនេះ​។

ក្រុម​អ្នកវិភាគ​ក្នុង​ស្រុក​ បាន​ចាត់ទុក​ការ​ផ្លាស់​ប្តូរ​របស់​ទីក្រុង​ប៉េកាំង​ថា​ ជាអំណោយ​ដល់​ម៉ាកាវ​ សម្រាប់​ការ​មិន​ចូលរួម​ក្នុង​បាតុកម្ម​ ប្រឆាំង​រដ្ឋាភិបាល​នៅ​ហុងកុង​។

ការ​ផ្លាស់​ប្តូរ​នេះ​ស្របគ្នា​ នឹង​ផែនការ​របស់​ទីក្រុង​ប៉េកាំង​ ក្នុង​ការបង្កើត​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​កណ្តាល​ ដែល​មានឈ្មោះ​ថា​តំបន់​ក្វាងទុង​ – ហុងកុង​ – ម៉ាកាវ​ Greater​ Bay​។ ដូចដែល​ឈ្មោះ​បាន​បង្ហាញ​ ចិន​មាន​ផែនការ​បញ្ចូល​ខេត្ត​ក្វាងទុង​ ជាមួយ​ហុងកុង​ និង​ម៉ាកាវ​។

របាយការណ៍​របស់​រដ្ឋាភិបាល​ចិន​បាន​បញ្ជាក់​ថា​ “ជា​លំនៅឋាន​សម្រាប់​ប្រជាជន​ចំនួន៧១​,១៦​ លាន​នាក់​តំបន់​ Greater​ Bay​ មាន​ផលិតផល​សរុប​ក្នុង​ស្រុក​ចំនួន១​,៦ ទ្រី​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០១៨​ ដែល​ជា​ចំនួន​ខ្ពស់​បំផុត​ទីបី​ បន្ទាប់ពី​តំបន់ឆ្នេរ​សមុទ្រ​តូក្យូ​ និង​តំបន់​ទីក្រុង​ញូ​វយ៉​ក”។

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ បាន​ធ្វើ​ផ្ទុយ​ស្រឡះ​ពី​ម៉ាកាវ​ជាមួយ​ហុងកុង​ នៅពេល​ឈាន​ដល់​ដំណើរ​ទស្សនកិច្ច​របស់​លោក​ស៊ី​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន​បាន​ផ្សព្វផ្សាយ​ការ​អត្ថា​ធិប្បាយ​វែង​លើ​គោលនយោបាយ​ ប្រទេស​មួយ​ប្រព័ន្ធ​ពីរ​របស់​ចិន​។

សេចក្តី​អត្ថា​ធិប្បាយ​មួយ​ នៅក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ចិន​បាន​បញ្ជាក់​ថា​ “ប្រជាជន​នៅ​ម៉ាកាវ​ បាន​រក្សា​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​តម្រូវការ​ស្នូល​ ដែល​ថា​ប្រទេស​មួយ​ គឺជា​តម្រូវការ​ជាមុន​ និង​ជា​មូលដ្ឋាន​នៃ​ប្រព័ន្ធ​ពីរ​ និង​បាន​បើក​នូវ​ទស្សនវិស័យ​ថ្មី​សម្រាប់​ការអនុវត្ត​ប្រកបដោយ​ជោគជ័យ​នៃ​ ប្រទេស​មួយ​ប្រព័ន្ធ​ពីរ​ជាមួយ​ម៉ាកាវ​”៕

រដ្ឋមន្ត្រី​ការងារ​ជំរុញ​ឱ្យ​និស្សិត​ស្រាវជ្រាវ​លើ​វិស័យ​វិស្វកម្ម​សំណង់​ស៊ីវិល​

ដោយ ​វុត្ថា

ភ្នំ​ពេញៈ​ រដ្ឋមន្ត្រី​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ លោក​អ៊ិ​ត សំ​ហេង​បាន​ជំរុញ​ឲ្យ​និស្សិត​ ពង្រឹង​ការសិក្សា​ស្រាវជ្រាវ​លើ​ផ្នែក​វិស្វកម្ម​សំណង់​ស៊ីវិល​ ខណៈ​លោក​គ្រោង​ប្រែក្លាយ​វិទ្យាស្ថាន​ជាតិ​ បណ្តុះបណ្តាល​បច្ចេកទេស​(NTTI​) ជា​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ និង​ច្នៃប្រឌិត​ផ្នែក​បច្ចេកវិទ្យា​ថ្មី​។

លោក​ អ៉ិ​ត សំ​ហេង​បាន​មានប្រសាសន៍​ក្នុង​ពិធី​អបអរសាទរ​ ខួប២០ឆ្នាំ​ របស់​វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស​នៅ​ថ្ងៃទី១៨​ ខែធ្នូ​ ឆ្នាំ​ ២០១៩កន្លងមក​បានឱ្យ​ដឹង​ថា​ ទន្ទឹម​នឹង​នេះ​ មជ្ឈមណ្ឌល​មួយ​នេះ​ ក៏​ជា​កន្លែង​ផ្លាស់​ប្តូរ​មតិយោបល់​ និង​ការចែក​រំលែក​បទពិសោធន៍​ជាមួយ​វិស័យ​ឯកជន​ និង​គ្រឹះស្ថាន​នានា​។

លោក​បន្ត​ថា​ ក្រសួងការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ បាន​ចាប់ផ្ដើម​អនុវត្ត​យុទ្ធសាស្ត្រ​ទំនើបកម្ម​ ប្រព័ន្ធ​អប់រំ​បណ្តុះបណ្តាល​ បច្ចេកទេស​ វិជ្ជាជីវៈ​ (TVET​) និង​ដាក់ចេញ​អនុសាសន៍​ជំរុញ​ឱ្យ​គ្រឹះស្ថាន​អប់រំ​ទាំងអស់​ ដែល​ស្ថិត​ក្រោម​ឱវាទ​របស់​ខ្លួន​ ត្រូវ​យកចិត្ត​ទុកដាក់​អនុវត្ត​យុទ្ធសាស្ត្រ​នេះ​ ប្រកបដោយ​ប្រសិទ្ធភាព​ទៅដល់​សិក្ខាកាម​ ដើម្បី​ឆ្លើយតប​នឹង​ការ​រីកចម្រើន​បច្ចេកវិទ្យា​ទំនើប​ ឬហៅ​ថា​បដិវត្ត​ឧស្សាហកម្ម​ ៤.០​។

លោក​ អ៉ិ​ត សំ​ហេង​ បាន​លើកទឹកចិត្ត​ដល់​សាស្រ្តា​ចារ្យ​ នៅក្នុង​វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស​ត្រូវ​ខិតខំ​បន្ត​ការអប់រំ​ បណ្ដុះបណ្ដាល​ និង​លើកទឹកចិត្ត​ឱ្យ​សិស្ស​ និស្សិត​ ត្រូវ​ខិតខំ​សិក្សា​រៀនសូត្រ​តាម​ជំនាញ​របស់​ខ្លួន​ ធ្វើ​យ៉ាង​ឱ្យ​វិទ្យាស្ថាន​ជាតិ​មួយ​នេះ​ក្លាយជា​គ្រឹះស្ថាន​នាំមុខ​មួយ​ ក្នុង​ការ​បណ្ដុះបណ្ដាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ របស់ក្រ​សួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ទាំង​ប្រព័ន្ធ​គ្រប់គ្រង​ សមត្ថភាព​គ្រូ​បណ្ដុះបណ្ដាល​ និង​គុណភាព​របស់​សិស្ស​-និស្សិត​ សិក្ខាកាម​។

លោក​រដ្ឋមន្ត្រី​ ក៏បាន​ទាញ​ការចាប់អារម្មណ៍​ទៅដល់​យុវជន​កម្ពុជា​ទាំងឡាយ​ គប្បី​ងាក​មក​ចាប់អារម្មណ៍​ការសិក្សា​ជំនាញ​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ ដែល​កំពុង​មាន​ភាព​ចាំបាច់​ និង​កំពុង​មាន​តម្រូវការ​ខ្លាំង​ក្នុង​ទីផ្សារ​ការងារ​បច្ចុប្បន្ន​ និង​អនាគត​។

លោក​រដ្ឋមន្ត្រី​បន្ត​ថា​ “ការ​ធ្វើបែប​នេះ​ ដើម្បី​ធ្វើ​យ៉ាងណា​អភិវឌ្ឍន៍​ធនធានមនុស្ស​ ដើម្បី​ឆ្លើយតបទៅនឹង​តម្រូវការ​ចំ​បាច់​ក្នុង​ដំណាក់កាល​ថ្មីនេះ​”៕