អត្រាភាពក្រីក្ររបស់ប្រជាជនកម្ពុជាធ្លាក់ចុះក្រោម១០%ក្នុងឆ្នាំ២០២០

0

ដោយ ហ្សូលី

ភ្នំពេញៈ អត្រាភាពក្រីក្ររបស់ប្រជាជនក្នុងប្រទេសកម្ពុជា បានធ្លាក់ចុះក្រោម១០ភាគរយ ដែលជាភាពជោគជ័យរបស់រាជរដ្ឋាភិបាល បានជួយលើកស្ទួយសេដ្ឋកិច្ចជាតិ និងជីវភាពរបស់ប្រជាពលរដ្ឋ។

លោកថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផែនការ នៃក្រសួងផែនការបានប្រាប់អោយដឹងថា រាជរដ្ឋាភិបាលកម្ពុជាមានភាពជោគជ័យ ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ដោយបានធ្វើឲ្យអត្រាភាពក្រីក្រ បានធ្លាក់ចុះពី១៣.៥ភាគរយ នៅឆ្នាំ២០១៤ មកនៅក្រោម១០ភាគរយនាពេលបច្ចុប្បន្ននេះ។

លោកបន្តថា “ការធ្លាក់ចុះកម្រិតភាពក្រីក្ររបស់ប្រជាជននេះ ដោយសារតែការប៉ាន់ប្រមាណចំពោះកម្រិតជីវភាពរបស់ពលរដ្ឋ ដែលចាកផុតពីក្រោមបន្ទាត់ក្រីក្រនេះ ដោយពួកគេអាចរកចំណូល បានជាមធ្យមគឺលើស៦០០០រៀលក្នុងមួយថ្ងៃ”។

លោកបញ្ជាក់ថា មូលហេតុដែលធ្វើអោយកម្ពុជា សម្រេចបានជោគជ័យក្នុងការកាត់បន្ថយភាពក្រីក្រនេះ ដោយសារតែរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្តចតុកោណ រួមទំាងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ទៅតាមវិស័យនីមួយៗពាក់ពន្ធ័ទៅនឹងហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម វិស័យកសិកម្ម  សុខាភិបាល អប់រំ និងវិស័យផ្សេងៗទៀត ដែលបានផ្តល់ឱកាសដល់ប្រជាពលរដ្ឋ មានលទ្ធភាពលើកស្ទួយកម្រិតជីវភាពនៅតាមមូលដ្ឋានរៀងខ្លួន។

ក្រសួងផែនការ និងស្ថាប័នជំនាញ នឹងបង្កើនវិធានការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ ពីការបំរែបម្រួលចំនួនរបស់ប្រជាជន ដែលរស់នៅក្នុងប្រទេស ឫក៏តំបន់ តាមរយៈ ឱកាសសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ អត្រាកំណើត ការចំណាកស្រុក ការតាំងលំនៅថ្មី និង ដីកសិកម្ម ដើម្បីជួយប្រជាពលរដ្ឋក្រីក្រអោយចំទិសដៅ និងប្រសិទ្ធភាពក្នុងការជួយពួកគេងើបចេញពីបន្ទាត់ភាពក្រីក្រ៕

LEAVE A REPLY

Please enter your comment!
Please enter your name here