ដំណើរ​កម្សាន្ត​ Property​ Area​ តម្លៃ​នៃ​ការ​ចងចាំ​មួយ​

ដោយ វល័ក្ខ

កំពត៖ ក្រុមការងារ​គេហទំព័រ​ Property​ Area​ បាន​មកកាន់​ខេត្តកំពត​ និង​កែប​ នា​ចុង​សប្ដាហ៍​នេះ​ដែល​ជា​ដំណើរ​កម្សាន្ត​លើកដំបូង​មកកាន់​តំបន់ឆ្នេរ​ដ៏​ស្រស់​ស្អាត​របស់​កម្ពុជា​។

ដំណើរ​កម្សាន្ត​នេះ​មាន​គោលដៅ​ពង្រឹង​នូវ​ចំណងមិត្តភាព​ សាមគ្គីភាព​ និង​វេ​ញត្របាញ់​គ្នា​ជា​ធ្លុងមួយ​។ តាមរយៈ​ដំណើរ​កម្សាន្ត​នេះ​ យើង​បាន​ចែករំលែក​នូវ​ភាព​សប្បាយរីករាយ​ ចែករំលែក​នូវ​បទពិសោធន៍​ពីគ្នា​ទៅវិញ​ ទៅមក​ ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ការងារ​របស់​យើង​កាន់តែ​មាន​ភាព​រីកចម្រើន​ និង​ទទួល​បានការ​គាំទ្រ​ច្រើន​ថែមទៀត​ពី​មិត្ត​អ្នកអាន​។

គេហទំព័រ​ Property​ Area​ ដែល​បាន​ដំណើរការ​រយៈពេល២ឆ្នាំ​កន្លងមក​នេះ​ ទទួល​បានការ​គាំទ្រ​យ៉ាង​លើសលប់​ ពី​មិត្ត​អ្នកអាន​ជាតិ​ និង​អន្តរជាតិ​ ដោយ​មួយថ្ងៃ​មាន​អ្នក​ចូល​អាន​ចន្លោះ​ពី១៥០០០​ ទៅ៣០០០០នាក់​ ដោយសារ​ Property​ Area​ ផ្ដោត​លើ​ព័ត៌មាន​ប្រកបដោយ​ក្រមសីលធម៌​វិជ្ជាជីវៈ​ ផ្ដោត​លើ​ព័ត៌មាន​ពិត​ ឥត​លម្អៀង​ ដើម្បី​ផ្ដល់​ជូន​អ្នកអាន​នូវ​បណ្ដុំ​ព័ត៌មាន​ដែល​អាច​ទុកចិត្ត​បាន​។

ដោយសារ​មូលដ្ឋាន​ព័ត៌មាន​របស់​យើង​ឈរ​លើ​មូលដ្ឋាន​ពិត​ឥត​លម្អៀង​ និង​ក្រមសីលធម៌​វិជ្ជាជីវៈ​នេះ​ហើយ​ យើង​បាន​ទទួលការ​គាំទ្រ​ពី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ដើម្បី​ផ្សព្វផ្សាយ​ពី​ឯកសារ​បទដ្ឋាន​គតិយុត្តិ​ ច្បាប់​ ពាក់ព័ន្ធ​របស់ក្រ​សួង​។

ថ្នាក់ដឹកនាំ​ និង​ក្រុមការងារ​គេហទំព័រ​ Property​ Area​ សូម​ថ្លែងអំណរគុណ​ដល់​លោក​ឧកញ៉ា​ នួន​ រិទ្ធី​ អគ្គនាយក​ក្រុមហ៊ុន​ KFA​ លោក​ឧកញ៉ា​បណ្ឌិ​តគីម​ ហ៊ា​ង អគ្គនាយក​ KW​ Cambodia​ លោកស្រី​ តាំង​ ហួរ​ អគ្គ​នាយិកា​ក្រុមហ៊ុន​ Amatak​ Property​ Services​ ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ Century21​ Cambodia​ លោក​ធួន​ ស៊ី​ណាន​ នាយក​គ្រប់គ្រង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ និង​ពិ​រព័​ណ B2B​ Park​ និង​ក្រុម​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​អចលនទ្រព្យ​ Greentee​ Realty​ Co​, Ltd​ ​ដែល​បាន​ឧបត្ថម្ភ​ក្នុង​ដំណើរ​កម្សាន្ត​ដ៏​សប្បាយរីករាយ​ និង​បង្កើត​តម្លៃ​នៃ​ការ​ចងចាំ​មួយ​សម្រាប់​ទាំងអស់គ្នា​៕

អ្នកជំនាញ​ជំរុញ​ឱ្យ​ភ្នាក់ងារ​ណែនាំ​ភ្ញៀវ​វិនិយោគ​នៅ​ខេត្ត​ក្រុង​ចំនួន​ ៦នៅ​កម្ពុជា​

ដោយ ​វុត្ថា

​ភ្នំពេញ​៖ អ្នកជំនាញ​អចលនទ្រព្យ​ លោក​ ច្រឹក​ សុ​ខនីម​ បាន​ជំរុញ​ឱ្យ​ភ្នាក់ងារ​អចលនទ្រព្យ​ទាំងអស់​ណែនាំ​ភ្ញៀវ​ដែល​មក​ទាក់ទង​ខ្លួន​អោយ​ទៅ​វិនិយោគ​ចំពោះ​ខេត្ត​ក្រុង​ចំនួន​ ៦ ដែល​ខេត្ត​ក្រុង​ទាំងនោះ​មាន​លក្ខណៈ​វិនិយោគ​ខុសគ្នា​យ៉ាងណា​ក្តី​ តែ​មាន​សក្តា​នុ​ពល​ខ្ពស់​។

ខេត្ត​ក្រុង​ទាំងនោះ​រួមមាន​៖

១) ខេត្ត​ព្រះសីហនុ​

ខេត្ត​ព្រះសីហនុ​បាន​នឹង​កំពុង​មាន​សក្តា​នុ​ពល​ខ្ពស់​លើ​ការ​វិនិយោគ​វិស័យ​អចលនទ្រព្យ​ ខណៈ​បច្ចុប្បន្ន​នេះ​ រដ្ឋាភិបាល​បាន​នឹង​កំពុង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​យ៉ាង​ល្អ​ប្រសើរ​ រួម​ជាមួយនឹង​ ក៏បាន​នឹង​កំពុង​សាងសង់​ប្រព័ន្ធ​ផ្លូវ​ហាយ​វ៉េ​ ដែល​នឹង​បង្ក​មាន​ភាព​កាន់តែ​ងាយស្រួល​ ទាំង​ការ​ធ្វើដំណើរ​ និង​ដឹកជញ្ជូន​។

ម្យ៉ាងទៀត​ ក៏​មានផ្លូវ​រថភ្លើង​ និង​ការពង្រីក​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ ដែល​ជា​កត្តា​ធំ​បំផុត​ក្នុង​ការ​វិយោគ​លើ​វិស័យ​ផ្សេង​ ៗ ហើយ​អ្នក​ដែល​មាន​ដី​នៅ​ខេត្ត​នេះ​ នឹង​ទទួល​បានផល​ច្រើន​ ។ បន្ថែម​ពីនេះ​ គឺជា​ខេត្ត​កំ​រូ​ដែល​ទាក់ទាញ​ការ​វិនិយោគ​បរទេស​យ៉ាងច្រើន​ ជាពិសេស​មក​ពី​ប្រទេស​ចិន​ ។

២) ខេត្តកំពត

​ប្រពល​រដ្ឋ​ខ្មែរ​ភាគច្រើន​បា​នប​ង្វែ​ទិសដៅ​ទៅលេង​ខេត្តកំពត​កាន់តែ​ច្រើន​ ព្រោះ​ខេត្ត​មួយ​នេះ​ មាន​សមុទ្រ​ស្រស​បំព្រង​និង​ជាពិសេស​មាន​កន្លែង​មើល​អំពិលអំពែក​ ។ ហើយ​ក្នុង​មួយ​រយៈ​ចុងក្រោយ​នេះ​ ខេត្តកំពត​បាន​នឹង​កំពុង​ទាក់ទាញ​អ្នក​វិនិយោគ​ជាតិ​ និង​អន្តរជាតិ​យ៉ាងច្រើន​ ដែល​ចូល​ទៅ​វិនិយោគ​នៅក្នុង​ខេត្ត​មួយ​នេះ​ ។

ប្រការ​នេះ​ បាន​ធ្វើ​ឱ្យ​ខេត្ត​មួយ​នេះ​ទាក់ទាញ​លើ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ ​ដែល​ទាម​ទា​ឱ្យ​ភ្នាក់ងារ​ទាំងអស់​ជួយ​ណែនាំ​ឱ្យ​អ្នក​វិនិយោគ​ទៅ​វិយោគ​នៅក្នុង​ខេត្ត​នេះ​។

៣) ខេត្តសៀមរាប

​បើ​ទោះ​ខេត្ត​សៀម​រាប​បណ្តុំ​ទៅ​ដោយ​បិ​តិក​ភណ្ឌ​វប្បធម៌​ ​និង​តំបន់​អភិរក្ស​ច្រើនយ៉ាង​ណា​ក្តី​ ក៏​មាន​តំបន់​ខ្លះ​នៅតែ​មាន​អាច​វិនិយោគ​លើ​វិស័យ​វិស័យ​អចលនទ្រព្យ​បាន​ផង​ដែរ​ ដែល​អាច​សាងសង់​សណ្ឋាគារ​ផ្ទះសំណាក់​បាន​។ បើ​ចង់ឱ្យ​មាន​ទេសចរណ៍​ចូល​ទៅលេង​កាន់តែ​ច្រើន​ ត្រូវតែ​មាន​សណ្ឋាគារ​សំរាប់​ស្នាក់នៅ​ ច្រើន​ផង​ដែរ​ មិនមែន​មាន​ភ្ញៀវ​ច្រើន​ហើយ​ គ្មាន​កន្លែង​គ្រប់គ្រាន់​ឱ្យ​ពួកគេ​ស្នាក់នៅ​នោះ​ទេ​ ។

៤) ខេត្ត​កំពង់ស្ពឺ​

ភាគច្រើន​មនុស្ស​មួយ​តែង​មើល​រំលង​ ចំពោះ​ខេត្ត​កំពង់ស្ពឺ​ ដោយ​មិនដឹង​ថា​ ខេត្ត​មួយ​នេះ​មាន​សក្តា​នុ​ពល​ខ្ពស់​លើ​វិស័យ​អចលនទ្រព្យ​ចំពោះ​ខេត្ត​មួយ​នេះ​ ។ ចំពោះ​ដីធ្លី​មានតម្លៃ​ធូ​ថ្លៃ​ដែល​អាច​ទិញទុក​សម្រាប់​ធ្វើការ​វិនិយោគ​បន្ត​ ហើយ​បន្ត​មានការ​ថ្លៃ​និង​ចំណេញ​ខ្ពស់​ ដែល​ទាម​ទា​ឱ្យ​ភា្ន​ក់​ងារ​ទាំងអស់​ណែនាំ​ អ្នក​វិនិយោគ​ និង​កែ​ឆ្នៃ​ឱ្យទៅ​ជា​របស់​ផ្សេង​ៗ។

៥) ខេត្តកណ្តាល​

ការ​វិនិយោគ​អចលនទ្រព្យ​នៅក្នុង​ខេត្តកណ្តាល​ធ្វើ​ឱ្យ​ឆាប់​ទទួល​បានផល​ចំណេញ​ ព្រោះ​ខេត្ត​មួយ​នេះ​ មាន​សក្តា​នុ​ពល​ និង​ហុំ​ព័ន្ធ​ជាប់​ភ្នំពេញ​ ជាពិសេស​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​ ៦ ផ្លូវជាតិ​លេខ​ ៥ និង​ កន្លែង​ផ្សេង​ ។ បន្ថែម​ពីនេះ​ គឺ​មាន​គម្រោង​បុរី​ និង​ផ្ទះល្វែង​ជាច្រើន​បាន​នឹង​កំពុង​វិនិយោគ​នៅ​ខេត្តកណ្តាល​នេះ​។

៦) ទីក្រុង​ភ្នំពេញ

ទីក្រុង​ភ្នំពេញ​ គឺជា​មជ្ឈមណ្ឌល​វប្បធម៌​ សេដ្ឋកិច្ច​ និង​នយោបាយ​នៃ​ប្រទេស​កម្ពុជា​ ហើយ​វិស័យ​អចលនទ្រព្យ​មានការ​រីក​ចំរើន​ និង​ធ្វើការ​វិនិយោគ​ ​ជាពិសេស​ តំបន់​ខាងលិច​ ឈាង​ខាងជើង​ដែល​មានការ​អភិវឌ្ឍន៍​យ៉ាង​លឿន​ រាប់​ចាប់ពី​តំបន់​កប់​ស្រូវ​តទៅ​៕

ក្រុមហ៊ុន​ Century21​ Cambodia​ នឹង​បើក​ការិយាល័យ​ ៣៨​ បន្ថែម​ ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​សេវា​អចលនទ្រព្យ​នៅ​តាម​បណ្តា​ខេត្ត

​ដោយ​ ប៊ី

​ភ្នំពេញ​៖ ដើម្បី​ឆ្លើយតប​នឹង​កំណើន​តម្រូវការ​សេវា​អចលនទ្រព្យ​នៅ​តាម​បណ្តា​ខេត្ត​ ក្រុមហ៊ុន​ Century21​ Cambodia​ គ្រោង​ពង្រីក​ប្រតិបត្តិ​ការ​របស់​ខ្លួន​ឲ្យបាន​គ្រប​ដណ្តប់​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ចាប់ពី​ដើមឆ្នាំ​ ២០២០​ នេះ​តទៅ​ ដោយ​បើក​ការិយាល័យ​ថ្មី​ ៣៨​ បន្ថែម​។

ការិយាល័យ​ថ្មី​ទាំង​ ៣៨​ នេះ​នឹង​ដំណើរការ​ក្រោម​ឈ្មោះ​ Century21​ Zillion​ Holding​ ដែល​ជា​ក្រុមហ៊ុន​ថ្មី​មួយ​ក្នុងចំណោម​ក្រុមហ៊ុន​ទាំង​ ២៣​ នៅ​កម្ពុជា​ដែល​បាន​ទទួល​សិទ្ធ​ធ្វើអាជីវកម្ម​លើ​ម៉ាក​យីហោ​ក្រុមហ៊ុន​ Century21​ នៅ​កម្ពុជា​។ ខុសប្លែក​ពី​ក្រុមហ៊ុន​រួម​គ្រួសារ​ Century21​ ផ្សេងទៀត​បន្តិច​ ប្រតិបត្តិ​ការ​របស់​ ក្រុមហ៊ុន​ Century21​ Zillion​ Holding​ នឹង​ផ្តោត​សំខាន់​តែ​លើ​ទីផ្សារ​ដីធ្លី​ប៉ុណ្ណោះ​រួមមាន​ការទិញ​ លក់​ និង​ជួល​។

លោកស្រី​ ហ្គ្រែស​ រចនី​ហ្វុ​ង អគ្គ​នាយិកា​ក្រុមហ៊ុន​ Century21​ Cambodia​ បាន​លើកឡើង​ថា​ ក្នុងចំណោម​ការិយាល័យ​ថ្មី​ទាំង​ ៣៨​ មាន​ការិយាល័យ​ ១៤​ នឹង​ដាក់​ទីតាំងនៅ​ខណ្ឌ​ទាំង​ ១៤​ នៅក្នុង​រាជធានី​ភ្នំពេញ​ (ខណ្ឌ​មួយ​ ការិយាល័យ​ថ្មី​មួយ​) ខណៈ​ការិយាល័យ​ ២៤​ ទៀត​នឹង​បើក​នៅ​តាម​ខេត្ត​ទាំង​ ២៤​ នៅ​កម្ពុជា​។

ស្រប​ពេល​ការិយាល័យ​ថ្មីនេះ​ គ្រោង​ចាប់ផ្តើម​ដំណើ​ការ​នៅដើម​ឆ្នាំ​ ២០២០​ ខាងមុខ​ លោកស្រី​ រចនី​ហ្វុ​ង បាន​បញ្ជាក់​ថា​ ក្រុមហ៊ុន​កំពុង​ស្វែងរក​ទីតាំង​ដែល​មាន​សក្តា​នុ​ពល​ដើម្បី​បើក​ដំណើរការ​ការិយាល័យ​ទាំង​ ៣៨​ នេះ​។

លោកស្រី​បញ្ជាក់​ថា​ “សម្រាប់​បងប្អូន​ ម្ចាស់​អចលនទ្រព្យ​ដែល​មាន​ទី​តាំង​ល្អ​ៗនៅ​តាម​បណ្តា​ខេត្ត​ ខណ្ឌ​ទាំងអស់​ សូម​ទាក់ទង​មក​ក្រុម​កា​ងារ​របស់​ Century21​ Cambodia​ ដើម្បីឲ្យ​យើង​បានដឹង​ និង​ពិនិត្យ​ទីតាំង​នោះ​ដើម្បី​ជួល​បើក​ការិយាល័យ​ឲ្យ​ចំ​ទីកន្លែង​សម្រាប់​ភាព​ងាយស្រួល​ដល់​អតិថិជន​។

យើង​នៅ​មាន​សក្តា​នុ​ពល​ច្រើនណាស់​ក្នុង​ការពង្រីក​ការិយាល័យ​ Century21​ នៅ​ប្រទេស​កម្ពុជា​ ស្រប​ពេល​បណ្តា​ខេត្ត​ជាច្រើន​កំពុង​មាន​កំណើន​ទិញ​លក់​ដីធ្លី​ទាំង​សម្រាប់​យកចំណេញ​ និង​សម្រាប់​អភិវឌ្ឍន៍​គម្រោ​ងផ្សេង​ៗ”។

លោកស្រី​ ហ្គ្រែស​ រចនី​ហ្វុ​ងបញ្ជាក់​ថា​ “យើង​រំពឹង​ថា​ ការិយាល័យ​ថ្មី​របស់​យើង​ទាំង​ ៣៨​ នឹង​ជួយ​បំពេញ​ចន្លោះ​ដែល​ធ្លាប់​ខ្វះខាត​កន្លងមក​ ហើយនឹង​រួមចំណែក​ជំរុញ​ការអភិវឌ្ឍន៍​ទីផ្សារ​អចលនទ្រព្យ​ប្រកបដោយ​និរន្តរភាព​”។

ក្រុមហ៊ុន​ Century21​ Zillion​ Holding​ គឺជា​ក្រុមហ៊ុន​ដែល​បង្កើត​ឡើង​ដោយមាន​ការ​សហការ​វិនិយោគ​ដោយ​ភាគ​ទុ​និក​ពី​ម្ចាស់​ Franchise​ របស់​សមាជិក​គ្រួសារ​ Century21​ ដែល​មានស្រាប់​ ដោយសារ​ភាគ​ទុ​និក​បាន​ស្គាល់​ច្បាស់​ពី​សក្តា​នុ​ពល​នៃ​យីហោ​ក្រុមហ៊ុន​ Century21​ និង​ជឿជាក់​លើ​ដំណើរការ​វិជ្ជមាន​នៃ​វិស័យ​អចលនទ្រព្យ​កម្ពុជា​។

គិត​មកទល់​ពេលនេះ​ ក្រុមហ៊ុន​ Century21​ Zillion​ Holding​ បាន​រៀបចំ​នីតិវិធី​សំ​ខាន់​ៗដើម្បី​អនុវត្តន៍​គម្រោង​នេះ​ស្ទើរ​រួចរាល់​អស់ហើយ​។ ក្រុមហ៊ុន​បាន​ចុះបញ្ជី​ស្របច្បាប់​ និង​ មាន​អជ្ញា​ប័ណ្ណ​ត្រឹមត្រូវ​ពី​បណ្តា​ក្រសួង​ពាក់ព័ន្ធ​ ហើយ​ទន្ទឹម​នេះ​ ក្រុមហ៊ុន​ក៏​មាន​ធនធានមនុស្ស​គ្រប់គ្រាន់​ដោយ​បាន​ជ្រើសរើស​ប្រធាន​សាខា​ប្រចាំ​ការិយាល័យ​នី​មួយ​ៗរួចជាស្រេច​។

ធនធានមនុស្ស​សម្រាប់​ការិយាល័យ​ថ្មី​ទាំង​ ៣៨​ ត្រូវ​បាន​ជ្រើសរើស​ដោយ​យកចិត្ត​ទុកដាក់​ ហើយ​ត្រូវ​បាន​ក្រុមហ៊ុន​ផ្តល់​វគ្គ​បណ្តុះបណ្តាល​យ៉ាង​ត្រឹមត្រូវ​ដោយមាន​គ្រូ​បណ្តុះបណ្តាល​ជា​អ្នកជំនាញ​ក្នុង​វិស័យ​អចលនទ្រព្យ​ទាំង​ក្នុង​ និង​ក្រៅប្រទេស​។

យោង​តាម​លោកស្រី​ ហ្គ្រែស​ រចនី​ហ្វុ​ង វិស័យ​អចលនទ្រព្យ​កម្ពុជា​បាន​ទទួលលទ្ធផល​គួរ​ជាទី​ពេញចិត្ត​សម្រាប់​ឆ្នាំ​ ២០១៩​ ដោយសារ​ទីផ្សារ​សំណង់​លំនៅ​ដ្ឋាន​ ទីផ្សារ​អគារ​ការិយាល័យ​ និង​ សំណង់​សម្រាប់​វិស័យ​ពាណិជ្ជ​កម្ម​ផ្សេង​ៗបាន​បន្ត​លូតលាស់​យ៉ាង​រឹងមាំ​។

កំណើន​គម្រោង​ទាំងនេះ​ បាន​ផ្តល់​ផល​វិជ្ជមាន​យ៉ាង​ខ្លាំង​ដល់ទី​ផ្សារ​ដីធ្លី​ ដែល​បាន​ធ្វើឲ្យ​តម្លៃ​ និង​ប្រតិបត្តិ​ការទិញ​លក់​មានការ​កើនឡើង​។

លោកស្រី​ថ្លែង​ថា​ “តម្រូវការ​ទិញ​លក់​អចលនទ្រព្យ​នឹង​នៅតែ​ល្អ​សម្រាប់​ឆ្នាំ​ ២០២០​ ខាងមុខ​ ហើយ​ទី​ ផ្សារ​ដីធ្លី​នៅ​តាម​បណ្តា​ខេត្ត​ទាំងអស់​ ជាពិសេស​ខេត្ត​សំ​ខាន់​ៗដូចជា​ កំពត​ កែប​ ព្រះសីហនុ​ កំពង់ចាម​ សៀមរាប​ បាត់ដំបង​ និង​ខេត្តកោះកុង​ជាដើម​នឹង​មាន​សកម្មភាព​ទិញ​លក់​ដីធ្លី​កាន់តែ​រស់រវើក​”។

លោកស្រី​បន្ថែម​ថា​ “យើង​ឃើញ​មាន​វិនិយោគិន​ក្រៅប្រទេស​ដូចជា​មក​ពី​ សិង្ហបុរី​ និង​ ជប៉ុន​ ជាដើម​បន្ថែម​លើ​វិនិយោគិន​ដែល​មានស្រាប់​ដូចជា​ចិន​ ហើយ​ពួកគេ​បាន​ចាប់ផ្តើម​មក​អភិវឌ្ឍ​ខុន​ដូ​ និង​ គម្រោង​អចលនទ្រព្យ​ផ្សេងទៀត​នៅ​កម្ពុជា​ ដែល​ជា​សញ្ញា​ល្អ​មែនទែន​សម្រាប់​ទីផ្សារ​អចលនទ្រព្យ​នា​រយៈពេល​យូរ​ទៅមុខ​ទៀត​”៕

អ្នកជំនាញ​៖ ការិយាល័យ​បែប​សហកម្មសិទ្ធិ​នឹង​មាន​ប្រជាប្រិយ​ភាព​នា​ពេល​ដ៏​ខ្លី​ខាងមុខ

​ដោយ​ ប៊ី​

ភ្នំពេញ​៖ អ្នកជំនាញ​ក្នុង​វិស័យ​អចលនទ្រព្យ​មួយ​រូប​ បាន​អះអាង​ថា​ ការិយាល័យ​ជួល​បែប​កន្លែង​ធ្វើការ​រួម​ ឬបែប​សហកម្មសិទ្ធិ​ (co​-working​ space​) នឹង​មាន​ប្រជាប្រិយ​ភាព​នា​ពេល​ខាងមុខ​ដ៏​ខ្លី​ ខណៈ​ក្រុម​ហ៊ុន​តូច​ៗដែល​ជួលផ្ទះ​ល្វែង​សម្រាប់​ធ្វើជា​ការិយាល័យ​មានការ​វិវត្តន៍​ទៅ​ជួល​ក្នុង​អាគារ​ការិយាល័យ​ច្រើន​។

លោក​ Ken​ Lo​ អគ្គនាយក​ក្រុមហ៊ុន​ Century21​ Imperial​ Realtyបាន​ថ្លែង​នៅ​ថ្ងៃទី​ ១៩​ ខែធ្នូ​ ឆ្នាំ​ ២០១៩​ នេះ​ ថា​ រយៈ​បី​ឆ្នាំ​កន្លងមក​នេះ​ គេ​ឃើញ​មាន​ក្រុម​ហ៊ុន​តូច​ៗដែល​ជួលផ្ទះ​ល្វែងក្នុង​តម្លៃ​ ៥០០​ ឬ ៨០០​ ដុល្លារ​ ឥឡូវ​ឃើញ​គាត់​មានការ​វិវត្តន៍​ទៅ​ជួល​ក្នុង​អាគារ​ការិយាល័យ​ច្រើន​ ស្រប​ពេល​រយៈពេល​ ៣ ឆ្នាំ​ចុងក្រោយ​នេះ​ អាគារ​ខ្ពស់​ចាប់​រីក​ស្គុះស្គាយ​ច្រើន​ ជាពិសេស​ក្នុង​តំបន់​សក្កា​នុ​ពល​ ឬតំបន់​ CBD​ (ខណ្ឌ​ពាណិជ្ជកម្ម​កណ្តាល​ ឬតំបន់​ទីប្រជុំ​)។

លោក​ បាន​ថ្លែង​ថា​ “ក្នុងរយៈ៣​ ឬ៥ឆ្នាំខាងមុខ​ទៀត​ ក្រុមហ៊ុន​ឯកជន​ដែល​ជួលផ្ទះ​ល្វែង​តម្លៃ​ចន្លោះ​ពី​ ៥០០​ ទៅ​ ១០០០​ ដុល្លារ​ គឺ​គាត់​នឹង​វិវត្តន៍​ខ្លួន​ទៅ​ជួល​ក្នុង​អាគារ​ការិយាល័យ​ ឬពេល​ក៏​គាត់​ (ក្រុមហ៊ុន​) មានលទ្ធភាព​អត់​គ្រប់គ្រាន់​ ឬមាន​បុគ្គលិក​តិច​ គាត់​ក៏អាច​ជួល​នៅ​អាគារ​កា​រិយា​បាន​ដែរ​ ព្រោះ​យើង​មាន​ការិយាល័យ​បែប​ចែករំលែក​ (co​-working​ space​) ដែល​មាន​សម្បូរ​បែប​ផង​ដែរ​”។

លោក​ បាន​បន្ត​ថា​ “អាគារ​ដែល​មាន​ co​-working​ space​ នឹង​ប្រជាប្រិយ​ភាព​រយៈពេល​ខ្លី​ខាងមុខនេះ​ ព្រោះ​វា​អាច​ជួល​លើកមុខ​មាត់​ក្រុមហ៊ុន​របស់​គាត់​បាន​មួយ​កម្រិត​ផង​ដែរ​”។ នៅពេល​ដែល​ជា​ភ្នាក់ងារ​អចលនទ្រព្យ​ ក្រុមហ៊ុន​បរទេស​ធំ​ឈាន​ចូល​មក​ទីផ្សារ​នៅ​កម្ពុជា​ និង​ក្រុមហ៊ុន​ទាំងនេះ​នឹង​រក​កន្លែង​ការិយាល័យ​ជួល​ និង​ចង់​ដឹង​ថា​តើ​ក្រុមហ៊ុន​គាត់​គួរតែ​ទៅ​ទីតាំង​ ឬអាគារ​មួយ​ណា​ដែល​ល្អ​។

តែ​យើង​ត្រូវ​សិក្សា​ពី​លក្ខខណ្ឌ​ និង​អាជីវកម្ម​របស់​គាត់​ ដូច្នេះ​យើង​អាច​ណែនាំ​គាត់​ទៅ​រក​កន្លែង​មួយ​ដែល​សក្ត​សម​សម្រាប់​គាត់​។

លោក​ Ken​ Lo​ បាន​ថ្លែង​ថា​ “ខ្ញុំ​មាន​ជំនាញ​ខាង​វិស័យ Commercial​ real​ estate​ ដែល​រួម​វិស័យ​ការិយាល័យ​ ហើយ​ការិយាល័យ​ត្រូវ​បាន​បែងចែក​ជា​កម្រិត​ A B និងC​។

ជាទូទៅ​ការិយាល័យ​កម្រិត​ C មានតម្លៃ​ចន្លោះ​ ១០​ ឬក្រោម១០​ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ កម្រិតBមានតម្លៃ​ចន្លោះ​ពី​ ១០​ ទៅ​ ២០​ ដុល្លារ​ និង​កម្រិតAដែល​តម្លៃ​ខ្ពស់​ជាង​គឺ​ចាប់ពី​ ២៥​ រហូត​ ៤០​ ដុល្លារ​”។

អាគារ​កម្រិត​ A មាន​ដូចជា​ អាគារ​ Exchange​ Square​ អាគារ​វឌ្ឍនៈ​ និង​អាគារ​ Royal​ One​ ដែល​គ្រោង​នឹង​ចូល​ទីផ្សារ​នា​ពេល​ខាងមុខ​។

បច្ចុប្បន្ន​មាន​តំបន់​ ២ ទៅ៣​ ដែល​មាន​សក្កា​នុ​ពល​ខ្លាំង​ជាងគេ​ ហើយ​តំបន់​មាន​សក្កា​នុ​ពល​ខ្លាំង​ជាងគេ​គឺ​តំបន់​បឹងកេងកង១​ កោះ​ពេជ្រ​ និង​តំបន់​ផ្លូវភ្លោះ​កា​ណា​ឌី​យ៉ា​ដែល​តំបន់​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​។ តំបន់​ផ្សេងទៀត​ដែល​ជា​តំបន់​ពាណិជ្ជកម្ម​ និង​លំនៅឋាន​ខណ្ឌចំការមន​ បឹងកេងកង​ និង​កោះ​ពេជ្រ​មាន​អាគារ​ច្រើនជាង​គេ​៕

ក្រសួងបរិស្ថាន​បាន​ផ្តល់​ដី​ព្រៃ​ទំហំ​ ៤ម៉ឺន៥ពាន់​ហិ​កតា​ ដល់ជនជាតិ​ដើម​ភាគតិច​រស់នៅ​ក្នុង​ខេត្តមណ្ឌលគិរី​

ដោយ​ វុត្ថា

​មណ្ឌលគិរី​៖ តំបន់​ធនធាន​ធម្មជាតិ​ជីវចម្រុះ​នៅ​ខេត្តមណ្ឌលគិរី​ ដែល​មានផ្ទៃ​ដី​ទំហំ​រាប់​សិន​ហិ​កតា​ ស្ថិត​ក្នុង​ដែន​ជម្រក​ចំនួន៣​ ក្រោម​ការគ្រប់គ្រង​របស់ក្រ​សួង​បរិស្ថាន​ គឺ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​ ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​ និង​ដែនជម្រកសត្វព្រៃ​កែវសីមា​ ត្រូវ​បាន​ចុះ​កិច្ច​ព្រមព្រៀង​ប្រគល់​ទៅ​ឲ្យ​ជនជាតិ​ដើម​ភាគតិច​រស់នៅ​ក្នុង​ខេត្តមណ្ឌលគិរី​។

ក្រ​សួង​បរិស្ថាន បានបញ្ជាក់ថា ពួកគាត់គឺជា​ម្ចាស់​ទឹកដី​ អាចជួយការ​ពារ​ថែរក្សា​ និង​អាស្រ័យផល​ពី​ធម្មជាតិ​តាម​ប្រពៃណី​ដូនតា​ ថែមទាំង​មានការ​ជួយ​ជ្រោមជ្រែង​ពី​អាជ្ញាធរ​ខេត្តមណ្ឌលគិរី​ មន្ទីរ​បរិស្ថាន​ និង​អង្គការ​ WWF​ អង្គការ WCS​ ដោយ​គាំទ្រ​ផ្ដល់​ ទាំង​ផ្នែកសម្ភារៈ​បច្ចេកទេស​ ព្រមទាំង​ថវិកា​ផង​ដែរ​។

ពិធី​ចុះ​កិច្ច​ព្រមព្រៀង​សហគមន៍​តំបន់ការពារធម្មជាតិ​ទាំង​ ១២សហគមន៍​ នៃ​ដែនជម្រកសត្វព្រៃ​ ស្រែ​ពក​ ភ្នំ​ព្រេច​ និង​កែវសីមា​ ជាមួយ​អគ្គនាយក​ដ្ឋាន​សហគមន៍​មូលដ្ឋាន​ នៃ​ក្រសួងបរិស្ថាន​ ដែល​ប្រព្រឹត្តទៅ​នៅ​ភូមិ​អញ្ជ័រ​ ឃុំ​សុខសាន្ត​ ស្រុក​កោះញែក​ នៅ​ថ្ងៃទី១៩​ ខែធ្នូ​ ឆ្នាំ២០១៩​ ការ​ប្រគល់​ដី​តំបន់​ការពារ​លើ​ផ្ទៃដី​ទំហំ​ ៤៥,០០០ហិ​កតា​ ជូន​ដល់​សហគមន៍​ទាំង១២​ ដែល​មាន​ចំនួន២,៤៩៣គ្រួសារ​ ស្មើនឹង១២,៨០៤នាក់​ ស្មើនឹង១៥​% នៃ​ចំនួន​ប្រជាជន​ក្នុង​ខេត្តមណ្ឌលគិរី​ ដែល​ទទួល​បានផល​ប្រយោជន៍​ដោយ​ផ្ទាល់​ និង​ប្រយោល​ ពី​សហគមន៍​តំបន់ការពារធម្មជាតិ​៕

អ្នកជំនាញ​បង្ហាញ​តំបន់២​ ដែល​វិនិយោគ​អចលនទ្រព្យ​ទទួល​បានផល​ចំណេញ

ដោយ ​វុត្ថា

ភ្នំពេញ​៖ អ្នកជំនាញ​អចលនទ្រព្យ​បាន​លើកឡើង​ថា​ ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ណាមួយ​ត្រូវ​ទាម​ទា​ឱ្យ​មាន ចំណេះ​ដឹង​ និង​ការសិក្សា​ឱ្យ​បាន​ស៊ីជម្រៅ​ទៅលើ​ទីតាំង​ ព្រមទាំង​ថវិកា​ដែល​ត្រូវ​វិនិយោគ​ អោយ​ច្បាស់លាស់​ ទើប​ការ​វិនិយោគ​នោះ​ទទួល​បានផល​ចំណេញ​ ។

លោក​ កាង​ សុធី​ អគ្គនាយក​ Century21​ Land​ Station​ និង​ជា​អ្នកជំនាញ​អចលនទ្រព្យ​ បាន​ប្រាប់​ទីតាំង​ចំនួន២​ គឺ​ខេត្ត​កំពង់ស្ពឺ​ ​និង​ទីតាំង​ផ្លូវជាតិ​លេខ​ ៦ A ម្តុំ​ស្រុក​មុខកំពូល​ គឺជា​ទីតាំង​ដែល​កំពុង​មាន​សក្តា​នុ​ពល​លើ​ការ​វិនិយោគ​វិស័យ​អចលនទ្រព្យ​បច្ចុប្បន្ន​ទទួល​បានផល​ចំណេញ​។

លោក​ពន្យល់​ថា​ ទីតាំង​ខេត្ត​កំពង់ស្ពឺ​ គឺជា​ទីតាំង​ដែល​មាន​សក្តា​នុ​ពល​ខ្ពស់​ ព្រោះ​ជា​ខេត្ត​ដែល​នៅ​ជាប់​រាជធានី​ភ្នំពេញ​ និង​មានផ្លូវ​សេដ្ឋកិច្ច​ទី​ ១ របស់​កម្ពុជា​ ហើយ​អ្នក​វិនិយោគ​ជាច្រើន​បាន​នឹង​កំពុង​ងាក​ទៅ​រក​ខេត្ត​មួយ​នេះ​ ដោយសារតែ​កន្លងមក​រដ្ឋាភិបាល​បានសម្រេច​ឱ្យ​រោងចក្រ​ សហគ្រាស​ និង​ ការសាងសង់​អគារ​ផ្សេង​ៗទៅ​បោះទីតាំង​នៅ​តាម​ជាយក្រុង​ ដើម្បី​បង្ក​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ដឹក​ជញ្ជូល​ចេញចូល​។

លោក​បន្ត​ថា​ ម្យ៉ាងទៀត​ ខេត្ត​កំពុង​មាន​មនុស្ស​រស់នៅ​ច្រើន​ស្រាប់​ ហើយ​ដីធ្លី​មាន​ភាព​អំណោយផល​ព្រោះ​ស្ថាន​ដី​គឺ​មាន​ខ្ពង់រាប​ស្រាប់​ ជាពិសេស​ខេត្ត​នេះ​ មានផ្លូវ​ល្បឿន​លឿន​នឹង​បញ្ចប់​នៅក្នុង​ឆ្នាំ​ ២០២២​ ឆ្លងកាត់​ខេត្ត​នេះ​ ដែល​ជួយ​ឱ្យ​វិស័យ​អចលនទ្រព្យ​កាន់តែ​មាន​ភាព​ទាក់ទាញ​។

សម្រាប់​នៅ​តាមផ្លូវ​ជាតិ​លេខ​ ៦ A ម្តុំ​ស្រុក​មុខកំពូល​ ​លោក​ កាង​ សុធី​ ពន្យល់​ថា​ បច្ចុប្បន្ន​ តំបន់​នេះ​ គេ​បាន​នឹង​កំពុង​សាងសង់​ស្តាត​មរតក​តេជោ​ និង​មាន​គម្រោង​បុ​រី​ធំៗ​ជាច្រើន​ ដែល​បង្ក​ឱ្យ​មាន​ភាព​អំណោយផល​ច្រើន​លើ​ការ​វិនិយោគ​អចលនទ្រព្យ​ ។

លោក​បន​ត្ថា​ ជាពិសេស​តំបន់​នេះ​ នៅ​ប្រប់​មាត់ទន្លេ​អម​សងខាង​ និង​មាន​ស្ពាន​ឆ្លងកាត់​ច្រើន​ ដែល​បង្ក​ឱ្យ​មាន​ភាព​ងាយស្រួល​ដល់​ការ​ធ្វើ​ចរាចរណ៍​ទៅមក​ ។ លោក​បន្ថែម​ថា​ ផ្លូវជាតិ​លេខ​ ៦ A គឺ​មាន​សក្តា​នុ​ពល​ខ្ពស់​ណាស់​ដោយសារ​ មនុស្ស​ស្ទើ​តែ​កន្លះ​ប្រទេស​ធ្វើដំណើរ​ឆ្លងកាត់​ ដែល​ជួយ​ឱ្យ​ការ​វិនិយោគ​អចលនទ្រព្យ​កាន់តែ​ល្អ​ ។ តែ​ត្រូវ​សួរ​ខ្លួនឯង​ថា​ ត្រូវ​វិនិយោគ​ក្នុងរយៈពេល​វែង​ ឬ ក្នុងរយៈពេល​ខ្លី​ ។

លោក​បញ្ជាក់​ថា​ បើ​វិនិយោគ​ក្នុងរយៈពេល​ខ្លី​ គឺ​ត្រូវ​ប្រើ​ដើមទុន​ច្រើន​ដោយ​យ៉ាងហោចណាស់​ មាន​ដើមទុន​ប្រមាណ​ ១០​ ម៉ឺន​ដុល្លារ​ តែបើ​វិនិយោគ​ក្នុងរយៈពេល​វែង​ យើង​ត្រូវ​ប្រមូល​ថវិកា​សហការ​គ្នា​វិយោគ​លើ​ធនាគារ​ដី​ (Land​ Banking​) នោះ​ទើប​ទទួល​បានផល​ចំណេញ​ខ្ពស់​៕

ការព្យាករណ៍​៖ សេដ្ឋកិច្ច​ហ្វីលីពីន​នឹង​ហក់​ឡើង​សម្រាប់​រយៈ​មធ្យម​ខាងមុខ​

ដោយ​ Donald​ Lee

​ភ្នំពេញ​៖ រដ្ឋលេខាធិការ​ផែនការ​សេដ្ឋកិច្ច​សង្គម​បាន​និយាយ​កាលពី​ថ្ងៃ​ ពុធ​ ថា​ សេដ្ឋកិច្ច​ហ្វីលីពីន​នឹង​បន្ត​កើនឡើង​ដល់​ ៧,៥​ ភាគរយ​រហូតដល់​ឆ្នាំ​ ២០២២​ ទោះបី​មានការ​ធ្លាក់ចុះ​នៃ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ក៏ដោយ​។

រដ្ឋលេខាធិការ​ផែនការ​សេដ្ឋកិច្ច​របស់​ហ្វីលីពីន​លោក​ Ernesto​ Pernia​ មានប្រសាសន៍​ថា​ “កំណើន​ផលិតផល​សរុប​ក្នុង​ស្រុក​របស់​យើង​ត្រូវ​បាន​ព្យាករ​ថា​នឹង​មាន​ចន្លោះ​ពី​ ៦ ទៅ​ ៦,៥​ ភាគរយ​សម្រាប់​ឆ្នាំ​ ២០១៩​ និង​ពី​ ៦,៥​ ទៅ​ ៧,៥​ ភាគរយ​នៅ​ឆ្នាំ​ ២០២០​ ដល់​ ២០២២​”។

សេដ្ឋកិច្ច​ហ្វីលីពីន​បាន​បន្ត​រីកចម្រើន​នៅ​ឆ្នាំនេះ​ ហើយ​នៅតែ​ជា​ប្រទេស​មួយ​ដែល​មាន​សេដ្ឋកិច្ច​រីកចម្រើន​ខ្លាំង​បំផុត​នៅ​អាស៊ី​ ខណៈ​ប្រទេស​ដែល​ពឹងផ្អែក​លើ​ពាណិជ្ជកម្ម​ដទៃទៀត​នៅក្នុង​តំបន់​នេះ​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​និង​ចិន​។

អង្គការ​សហប្រតិបត្តិ​ការ​ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ (OECD​) បាន​បញ្ជាក់​ថា​ ផល​ប៉ះពាល់​នៃ​សង្រ្គាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​និង​ចិន​បាន​បណ្តាល​ឱ្យ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ធ្លាក់ចុះ​ដូច​កម្រិត​វិបត្តិ​ហិរញ្ញវត្ថុ​ដ៏​ធំ​កាលពី​ ១០​ ឆ្នាំមុន​ជាមួយ​តំបន់​អាស៊ី​។

លោក​ Pernia​ ក៏បាន​និយាយ​ផង​ដែរ​ថា​ ការ​ស្ទុះ​ងើបឡើង​នៃ​សេដ្ឋកិច្ច​បាន​កាត់បន្ថយ​ចំនួន​ប្រជាជន​ក្នុង​ភាព​ក្រីក្រ​យ៉ាង​ខ្លាំង​។ នៅ​ឆ្នាំ​ ២០១៥​ ប្រជាជន​ ២៣,៥​ លាន​នាក់​ត្រូវ​បាន​រាយការណ៍​ថា​កំពុង​រស់នៅ​ក្នុង​ភាព​ក្រីក្រ​។ ប៉ុន្តែ​នៅ​ឆ្នាំ​ ២០១៨​ ចំនួន​នេះ​បាន​ថយ​ចុះ​យ៉ាង​ខ្លាំង​ដល់​ ១៧,៦​ លាន​នាក់​នៅ​ឆ្នាំ​ ២០១៨​។ លោក​ Pernia​ មានប្រសាសន៍​ថា​ “នេះ​មានន័យថា​ យើង​បាន​ធ្វើ​ឱ្យ​ប្រជាជន​ហ្វីលីពីន​ចំនួន​ ៥,៩​ លាន​នាក់​ចេញពី​ភាព​ក្រីក្រ​នៅចន្លោះ​ឆ្នាំ​ ២០១៥​ និង​ ២០១៨​”។

សេដ្ឋកិច្ច​របស់​ហ្វីលីពីន​ស្ថិតនៅ​លើ​ផ្លូវ​ក្លាយ​ប្រទេស​សេដ្ឋកិច្ច​ធំ​ទី​ ២ ក្នុង​អាស៊ាន​។ នេះ​បើ​យោង​តាម​ការព្យាករណ៍​សេដ្ឋកិច្ច​អាស៊ី​ថ្មី​ដែល​បាន​ចេញផ្សាយ​កាលពីដើម​ខែ​នេះ​។

មជ្ឈមណ្ឌល​ស្រាវជ្រាវ​សេដ្ឋកិច្ច​ជប៉ុន​ (JCER​) បាន​បញ្ជាក់​ថា​ ការ​ផ្លាស់​ប្តូរ​ឌីជីថល​នៃ​សេដ្ឋកិច្ច​អាស៊ាន​នឹង​ជំរុញ​កំណើន​ផលិតផល​សរុប​ក្នុង​ស្រុក​របស់​ហ្វីលីពីន​។ របាយការណ៍​របស់​ JCER​ បាន​និយាយ​ថា​ ហ្វីលីពីន​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ក្លាយជា​ប្រទេស​អាស៊ាន​មាន​សេដ្ឋកិច្ច​ធំជាង​គេ​ទី​ ២ បន្ទាប់​ពី​ឥណ្ឌូ​នេ​ស៊ី​ទាក់ទង​នឹង​ទំហំ​សេដ្ឋកិច្ច​៕

កម្ពុជា​-វៀតណាម​កំពុង​រិះរក​វិធី​ដោះស្រាយ​ការ​កកស្ទះ​ចរាចរណ៍​ទំនិញ​តាម​រថយន្ត​នៅ​ព្រំដែន​អន្តរជាតិ​បា​វិត​

ដោយ ​វុត្ថា

​ភ្នំពេញ​៖ រដ្ឋាភិបាល​កម្ពុជា​ ​និង​វៀតណាម​បាន​នឹង​កំពុង​រិះរក​មធ្យោបាយ​ដោះស្រាយ​ ការ​កកស្ទះ​ចរាចរណ៍​ទំនិញ​តាម​រថយន្ត​នៅ​ព្រំដែន​អន្តរជាតិ​បាវិត​ ខណៈ​បច្ចុប្បន្ន​នេះ​មាន​កង់​តឺនើ​រាប់​រយ​គ្រឿង​ដែល​ដឹកទំនិញ​ចេញ​-ចូល​នៃ​ប្រទេស​ទាំង​ពី​កំពុង​មានការ​កកស្ទះ​យ៉ាង​ខ្លំា​ង។

លោក​ ទេស​រដ្ឋមន្ត្រី​ ស៊ុន​ ចាន់​ថុល​ រដ្ឋមន្ត្រី​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ ក្នុង​កម្មវិធី​ការ​ចុះ​ត្រួតពិនិត្យ​ផ្ទាល់​ច្រក​សេដ្ឋកិច្ច​បាវិត​ ជាមួយ​ លោក​ NGUYEN​ VAN​ THE​ រដ្ឋមន្ត្រី​ ដឹកជញ្ជូន​វៀតណាម​នៅ​ថ្ងៃទី​ ១៩​ ខែធ្នូ​ ឆ្នាំ​ ២០១៩​ នេះ​ថា​ ក្រោយ​ចុះ​ត្រួត​ពនិត្យ​នេះ​ ក្នុង​ដំណាក់កាល​ទី១​ លោក​រដ្ឋមន្ត្រី​និង​ទៅ​ប្រជុំ​ជាមួយ​ភាគី​វៀតណាម​នៅក្នុង​ប្រទេស​វៀតណាម​ដើម្បី​ស្តាប់​យោបល់​ខាង​ភាគី​វៀតណាម​ ដើម្បី​ដាក់​ជូន​ទៅ​សម្តេច​តេជោ​ ។

លោក​រដ្ឋមន្ត្រី​បន្ត​ថា​ ខាង​ភាគី​វៀតណាម​មាន​ដី​ប្រមាណ​ ៥០​ ហិ​កតា​ដើម្បី​ជា​កន្លែង​ត្រួតពិនិត្យ​រួមគ្នា​ក្នុង​ការ​ដោះស្រាយ​កកស្ទះ​រថយន្ត​ដឹកទំនិញ​នេះ​ស្របតាម​ប្រទេស​នៅក្នុង​មហា​អនុ​តំបន់​ទន្លេមេគង្គ​ និង​ អាស៊ាន​ទាំងមូល​ផង​ដែរ​ ដើម្បី​បង្ក​ភាព​ងាយស្រួល​ក្នុង​ដឹកទំនិញ​ចេញចូល​នៃ​ប្រទេស​ទាំងពីរ​។

លោក​បន្ថែម​ថា​ ខាង​ភាគី​វៀតណាម​ចង់​ស្នើសុំ​ក្រុមហ៊ុន​ពិគ្រោះ​យោបល់​អោយ​គូស​ប្លង់​នៅ​លើ​ដី​ ៥០​ ហិ​កតា​ នេះ​ ឱ្យ​យើង​ត្រួតពិនិត្យ​ និង​សម្រេច​ ​នៅពេល​យើង​បាន​គំរូ​ប្លង់​ហើយ​ យើង​នឹង​ប្រជុំ​ពិភាក្សា​ផ្ទៃក្នុង​គ្រប់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ ដើម្បី​ដាក់​របាយការណ៍​ជូន​សម្តេច​តេជោ​ ហ៊ុន​ សែន​សម្រេច​ ដើម្បី​ពិនិត្យ​ និង​សម្រេច​ ជាចុងក្រោយ​ ព្រោះ​វា​ពាក់ព័ន្ធ​ច្រើន​ទៅ​នឹង​អធិ​តេយ្យ​ភាព​ និង​គយ​ជាដើម​។

លោក​បន្ត​ថា​ តែ​ជាគោល​ការណ៍​នៃ​អាស៊ាន​ គឺ​ គយ​វៀតណាម​អាច​ធ្វើការ​នៅ​លើទឹក​ដី​កម្ពុជា​ រី​ឯគយ​កម្ពុជា​ក៏អាច​ធ្វើការ​នៅ​លើ​ទឹ​កដី​វៀ​ណាម​បាន​ផង​ដែរ​ ដើម្បី​បង្ក​ភាព​ងាយស្រួល​ក្នុង​ការ​ដឹកទំនិញ​ឆ្លងកាត់​នៅ​តាម​ព្រំដែន​នៃ​ប្រទេស​មហា​អនុ​តំបន់​ទន្លេមេគង្គ​នេះ​។

លោក​ទេស​រដ្ឋមន្ត្រី​បញ្ជាក់​ថា​ បច្ចុប្បន្ន​នេះ​ មាន​រថយន្ត​ដឹកទំនិញ​ មាន​រថយន្ត​ដែល​មាន​ឯកសារ​គ្រប់គ្រាន់​ និង​មិន​គ្រប់គ្រាន់​ និង​មាន​កុង​តើនឺ​ដែល​ឆ្លងកាត់​ច្រកព្រំដែន​បាវិត​ចំនួន​ប្រមាណ​ ៣៥០​ ​ទៅ​ ៤០០​ កុង​តឺនើ​ ដែល​ធ្វើ​ឱ្យ​មានក​កស្ទះ​បន្តកន្ទុយ​គ្នា​ ​ដោយពេល​ខ្លះ​ជាប់​រ៉ាប់​ម៉ោង​៕

Yi​ Fang​ Taiwan​ Fruit​ Tea​ ហាង​តែ​ ផែ្ល​ឈើ​ ដែល​មាន​សាខា​ជាង១៥០០​ ទីតាំង​លើ​សាកលលោក​ បាន​ឈាន​ចូល​ទីផ្សារ​កម្ពុជា​ហើយ​

ដោយ​ ៖ រ៉ា​ណេត​

ភ្នំពេញ​ ៖ ​ហាង​តែ​ផ្លែឈើ​ ដែល​ផ្តោត​សំខាន់​ទៅលើ​ការថែទាំ​ និង​បំប៉ន​សុខភាព​ដ៏​ល្បីឈ្មោះ​របស់​តៃវ៉ាន់​ មាន​សាខា​ច្រើនជាង​ ១ ៥០០​ ទីតាំងនៅ​លើ​សាកលលោក​ Yi​ Fang​ Taiwan​ Fruit​ Tea​ បាន​បង្ហាញ​វត្តមាន​ នៅ​លើ​ទីផ្សារ​កម្ពុជា​ ជាលើកដំបូង​។

ជាមួយនឹង​ការ​បង្ហាញ​វត្តមាន​ជាលើកដំបូង​នៅ​លើ​ទីផ្សារ​កម្ពុជា​ ដោយ​ការ​បើក​លក់​សាកល្បង​កាលពី​ថ្ងៃទី១៨​ ខែធ្នូ​ ឆ្នាំ២០១៩​ ម្សិលមិញ​នេះ​ ស្ថិតនៅ​ខាងក្រោយ​អគារ​ពាណិជ្ជកម្ម​កា​ណា​ឌី​យ៉ា​ សង្កាត់​វត្តភ្នំ​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​ ​Yi​ Fang​ Taiwan​ Fruit​ Tea​ ​ដែល​ជា​ហាង​លក់​ភេសជ្ជៈ​ប្រភេទ​តែ​ផ្លែឈើ​ រូបមន្ត​ស្ករ​ម្នាស់​ ដែល​មាន​អាយុកាល​ជាង១០០ឆ្នាំ​ និង​ល្បីឈ្មោះ​បំផុត​ប្រចាំ​នៅ​តៃវ៉ាន់​ ត្រូវ​បាន​ទទួលការ​សាទរ​ និង​គាំទ្រ​ពីសំណាក់​បណ្តា​អតិថិជន​ជាតិ​ និង​អន្តរជាតិ​យ៉ាង​លើសលប់​បំផុត​។

នាយក​គ្រប់គ្រង​ទូទៅ​ ហាង​លក់​ភេ​ជ្ជៈ​ប្រភេទ​តែ​ផ្លែឈើ​ ដែល​មានប្រយោជន៍​ចំពោះ​សុខភាព​ Yi​ Fang​ Taiwan​ Fruit​ Tea​ លោក​ លី​ តិច​ស៊្រុន​ បាន​មានប្រសាសន៍​ប្រាប់​ថា​ Yi​ Fang​ Taiwan​ Fruit​ Tea​ ត្រូវ​បាន​ទិញ​ Franchise​ និង​នាំចូល​មកកាន់​ទីផ្សារ​កម្ពុជា​ដោយក្រុម​ហ៊ុន​ Highland​ Food​ &​ Beverage​ Co​.,Ltd​ ដែល​ជា​ក្រុមហ៊ុន​ក្នុង​ស្រុក​។

លោក​បន្ត​ទៀត​ថា​ “ក្រុមហ៊ុន​លក់​ភេសជ្ជៈ​ប្រភេទ​តែ​ផ្លែឈើ​មួយ​នេះ​ទើបតែ​បង្កើត​ឡើង​កាលពី៣ឆ្នាំមុន​តែប៉ុណ្ណោះ​ ប៉ុន្តែ​មាន​ភាព​លេចធ្លោ​ និង​ល្បីល្បាញ​យ៉ាង​ខ្លាំង​ ដោយ​បាន​ពង្រីក​សាខា​ច្រើនជាង​ ១៥០០ទីតាំងនៅ​តាម​បណ្តា​ប្រទេស​នានា​លើ​សាកលលោក​ ដូចជា​ សហរដ្ឋអាមេរិក​ ចក្រភព​អង់គ្លេស​ កាណាដា​ អូស្ត្រាលី​ ហុងកុង​ ថៃ​ វៀយ​ណាម​ និង​ប្រទេស​ដទៃទៀត​ ខណៈ​ដែល​កម្ពុជា​ទើបតែ​ចាប់ផ្តើម​បង្ហាញ​វត្តមាន​”។

លោក​ លី​ តិច​ស្រ៊ុ​ន បាន​មានប្រសាសន៍​បន្ត​ទៀត​ថា​ “ភាព​ល្បីល្បាញ​របស់​ ភេសជ្ជៈ​ តែ​ផ្លែឈើ​ រូបមន្ត​ដើម​ពី​តៃវ៉ាន់​មួយ​នេះ​ គឺ​ដោយសារតែ​មាន​លក្ខណៈ​ពិសេស​ជាងគេ​ជាច្រើន​ ដោយ​ក្រៅពី​ប្រើ​ស្ករ​ម្នាស់​ដែល​ជា​រូបមន្ត​ដើមមាន​អាយុកាល​ជាង​ ១០០ឆ្នាំ​នោះ​ គឺ​គ្រប់​សារធាតុ​នៃ​គ្រឿងផ្សំ​ទាំងអស់​ដូចជា​ផ្លែឈើ​ ស្ករ​រម្ងាស់​ ទឹកដោះគោ​ សុទ្ធតែ​ប្រាកដ​ថា​មាន​លក្ខណៈ​ធម្មជាតិ​ដែល​មានគុណ​ភាព​កម្រិត​ស្តង់ដារ​ និង​គ្មាន​សារធាតុគីមី​ ហើយ​ផ្តោត​សំខាន់​ទៅលើ​ការប្រើ​ប្រាស់​ផលិតផល​ក្នុង​ស្រុក​ លើកលែងតែ​ តែ​ ត្រូវ​បាន​នាំ​យក​មក​ពី​តៃវ៉ាន់​ផ្ទាល់​។

លក្ខណៈ​ពិសេស​មួយទៀត​របស់​ ​Yi​ Fang​ Taiwan​ Fruit​ Tea​ គឺ​គ្រប់​ប្រភេទ​ និង​គ្រប់​រសជាតិ​ទាំងអស់​គឺ​ មិន​ត្រូវ​បាន​ប្រើ​សារធាតុ​ស្ករ​ផ្អែម​ ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​នោះ​ទេ​ ពោល​គឺ​អាច​ទទួលទាន​បាន​គ្រប់​វ័យ​ មិន​បណ្តាល​ឱ្យ​ឡើង​ទម្ងន់​ ឡើងជា​តិ​ស្ករ​ ឬប្រតិកម្ម​ចំណីអាហារ​នោះ​ទេ​ ដែល​សូម្បីតែ​អ្នក​ជម្ងឺ​ក៏អាច​ទទួលទាន​បាន​ ហើយ​ថែមទាំង​អាច​ជួយ​ថែទាំ​ និង​បំប៉ន​សុខភាព​បាន​ទៀតផង​”។

ពាក់ព័ន្ធ​ទៅ​នឹង​ការប្រកួត​ប្រជែង​នៅ​លើ​ទីផ្សារ​ លោក​ លី​ តិច​ ស្រ៊ុ​ន បាន​លើកឡើង​ថា​ បច្ចុប្បន្ន​សម្រាប់​មុខ​ជំនួញ​ប្រភេទ​នេះ​គឺ​មានការ​លូតលាស់​ច្រើន​ ប៉ុន្តែ​លោក​នៅតែ​មានទំនុក​ចិត្ត​ខ្ពស់​ក្នុង​ការ​ចាប់​យក​អតិថិជន​គោលដៅ​។ លោក​បាន​បញ្ជាក់​ថា​ “ដោយសារតែ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​នៅតែ​អាច​រក្សា​បាន​អត្រា​ខ្ពស់​ បាន​ជំរុញ​ឱ្យ​ចំណូល​របស់​ប្រជាពលរដ្ឋ​មាន​ភាពល្អ​ប្រសើរ​។

នៅពេល​ដែល​មនុស្ស​មាន​ចំណូល​សមរម្យ​ ពួកគេ​នឹង​គិតទៅ​លើ​បញ្ហា​សុខភាព​ជាចម្បង​ ជាពិសេស​ចំណីអាហារ​ទាំងឡាយ​​ណា​ដែល​មានគុណ​ភាព​ និង​ល្អ​ប្រសើរ​ចំពោះ​សុខភាព​ ដូច្នេះ​សម្រាប់​ ​Yi​ Fang​ Taiwan​ Fruit​ Tea​ ហាក់​មិន​មាន​ក្ដី​បារម្ភ​នោះ​ទេ​ ហើយ​នៅ​ថ្ងៃខាងមុខ​នេះ​ ខ្ញុំ​នឹង​ពង្រីក​សាខា​ឱ្យ​បាន​ទូលាយ​បន្ថែម​ទៀត​ បន្ទាប់ពី​បើក​សម្ពោធ​ជា​ផ្លូវ​ការណ៍​នៅដើម​ឆ្នាំ២០២០ឆាប់​ៗខាងមុខនេះ​”៕

ក្រុមហ៊ុន​ជប៉ុន​ដ៏​ធំ​មួយ​នឹង​ផ្លាស់​ប្តូរ​ការផលិត​ម៉ាស៊ីន​វីដេអូ​ហ្គេម​ពី​ចិន​មក​កម្ពុជា​

ដោយ​ ប៊ី​

ភ្នំពេញ​៖ អ្នកនាំពាក្យ​ក្រុមហ៊ុន​​ផលិត​ឧបករណ៍​អេ​ឡិច​ត្រូ​និច​ជប៉ុន​នេះ​នឹង​ផ្លាស់​ប្តូរ​ផ្នែក​នៃ​ការផលិត​ម៉ាស៊ីន​វីដេអូ​ហ្គេម​របស់​ខ្លួន​មក​ប្រទេស​កម្ពុជា​ពី​ប្រទេស​ចិន​ ដោយសារ​លទ្ធផល​នៃជ​ម្លោះ​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​នៅតែ​មាន​ភាព​មិន​ប្រាកដប្រជា​។

​ក្រុមហ៊ុន​អ្នកផ្គត់ផ្គង់​អោយ​ក្រុមហ៊ុន​វីដេអូ​ហ្គេម​យក្សដ៏ធំមួយរបស់ជប៉ុន​មួយនេះ បាន​កើតឡើង​ បន្ទាប់ពី​អាមេរិក​បាន​លុបចោល​ការ​ដាក់ទណ្ឌកម្ម​ពន្ធ​ដែល​បាន​គ្រោងទុក​នៅ​លើ​វីដេអូ​ហ្គេម​ក្នុងចំណោម​ផលិតផល​ផ្សេងទៀត​ត្រូវ​បាន​ដឹកជញ្ជូន​ពី​ចិន​។

ក្រុមហ៊ុន​នេះ​ នឹង​ធ្វើ​ឱ្យ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ដល់​រោងចក្រ​របស់​ខ្លួន​ដែល​មាន​ទីតាំង​ស្ថិតនៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្នុង​រាជធានី​ភ្នំពេញ​ដែល​គ្រោង​នឹង​មានការ​ផ្គុំ​ឧបករណ៍​ហ្គេម​វីដេអូ​សម្រាប់​នាំចេញ​ជាមួយនឹង​ពេញ​សមត្ថភាព​ចាប់ពី​ឆ្នាំ​ ២០២០​។

អ្នកនាំពាក្យ​បាន​និយាយ​ថា​ ផលិតកម្ម​បាន​ចាប់ផ្តើម​បាន​ផ្នែក​មួយចំនួន​ហើយ​ ខណៈ​ពេល​អ្នកនាំពាក្យ​រូប​នេះ​បាន​បដិសេធ​មិន​បង្ហាញ​ពី​ចំនួន​ទឹកប្រាក់​នៃ​ការ​វិនិយោគ​ ឬសមត្ថភាព​ផលិតកម្ម​ដែល​បាន​គ្រោងទុក​។ លោក​បាន​និយាយ​ថា​ ពួកគេ​គ្រោង​នឹង​បង្កើន​ផលិតកម្ម​នៅ​កម្ពុជា​ជា​រួម​ ដែល​បច្ចុប្បន្ន​ពួកគេ​ផលិត​ផលិតផល​ដូចជា​គ្រាប់​បា​ដាង​ (ball​ bearings​) និង​អំពូល​ LED​ និង​បង្កើន​ចំនួន​កម្មករ​ពី​ពី​ ៧០០០​ នាក់​រហូតដល់​ ២០​ ០០០​ នាក់​នៅ​ពីរបី​ឆ្នាំខាងមុខ​។

ក្រុមហ៊ុន​នេះ ​​បាន​បង្ហាញ​នៅក្នុង​ខែ​ កក្កដា​ ថា​នឹង​មាន​នូវ​ផែនការ​របស់​ខ្លួន​ក្នុង​ការ​ផ្លាស់​ប្តូរ​ផ្នែក​ខ្លះ​នៃ​ផលិតកម្ម​វីដេអូ​ហ្គេម​ដោយ​ប្តូរ​ពី​ចិន​ទៅ​វៀតណាម​។

 

ក្រុមហ៊ុន​ បានឱ្យ​ដឹង​នៅក្នុង​សេចក្តី​ថ្លែងការណ៍​រួម​ចេញផ្សាយ​កាលពី​ខែ​ មិថុនា​ ថា​ ការសម្រេច​ចិត្ត​ផ្លាស់​ប្តូរ​ផលិតកម្ម​វីដេអូ​ហ្គេម​ដ៏​មាន​ប្រជាប្រិយ​ភាព​នេះ​ត្រូវ​បាន​ធ្វើឡើង​ដើម្បី​ចៀសវាង​ភាព​មិន​ប្រាកដប្រជា​នា​ពេល​អនាគត​ បន្ទាប់ពី​ការ​ប្រឆាំង​នឹង​ពន្ធ​របស់​អាមេរិក​៕