តើកត្តាអ្វីទើបការិយាល័យរួមទាក់ទាញសហគ្រិនវ័យក្មេងដែលបើកអាជីវកម្មផ្តួចផ្តើមថ្មី?

0

ដោយ ហ្សូលី

ភ្នំពេញៈ ការិយាល័យរួម (Co-Working Space) ដែលជាកន្លែងធ្វើការសម្រាប់សហគ្រិនឯករាជ្យវ័យក្មេង ឬជាក្រុមមានសមាជិកតិច ដែលមានបំណងបើកអាជីវកម្មផ្តួចផ្តើមថ្មី បច្ចុប្បន្នវាកំពុងទាក់ទាញ និងមានភាពពេញនិយមច្រើន ដោយសារកត្តាចំបងមួយចំនួន។

អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ Century21 Fortuna Investment លោក វ៉ា វីរៈ នៅរសៀលថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២០ បានបញ្ជាក់ថា “ការិយាល័យរួមមានអត្ថប្រយោជន៍ច្រើន ដោយមានផ្តល់បរិក្ខារពេញលេញដូចជា គ្រឿងសង្ហារឹម បណ្តាញអ៉ិនធឺណែត ម៉ាស៊ីនត្រជាក់ ដោយមិនចាំបាច់រៀបចំខ្លួនឯងនោះទេ”។

លោកពន្យល់ថា ក្រុមហ៊ុនតូចៗ ឬសហគ្រិនវ័យក្មេង មិនចាំបាច់ជួលការិយាល័យធំៗផ្ទាល់ខ្លួនឡើយ ព្រោះទីនោះមានតម្លៃថ្លៃ ដូច្នេះការិយាល័យរួមនឹងផ្តល់ឱ្យនូវតម្លៃសមរម្យ ដែលអាចផ្តល់ជាការបង់ប្រចាំខែគិតទៅតាមម៉ែត្រការ៉េឬតុ។ ប៉ុន្តែបច្ចុប្បន្នទីផ្សារគិតជាតុច្រើនជាង អាចអង្គុយបាន៣ ទៅ៤នាក់ រីឯតម្លៃវិញមានចាប់ពី៣០០ដុល្លារឡើងទៅ តាមចំនួនតុ។

មិនតែប៉ុណ្ណោះ កត្តាគួរឱ្យទាក់ទាញមួយទៀតនោះ លោក វ៉ា វីរៈ បានលើកឡើងថា “ក្រុមហ៊ុនឬអាជីវកម្មផ្តួចផ្តើមថ្មី អាចកំណត់ទីតាំងរបស់ការិយាល័យរួមបាន ឧទា​ហរណ៍ នៅពេលមានការទម្លាក់ទំនិញ ផ្ញើសំបុត្រ ឯកសារនានា ព្រមទាំងរបស់របរចាំបាច់ផ្សេងៗនោះបានដោយមិនចាំបាច់ព្រួយបារម្ភច្រើន”។

ទន្ទឹមនេះលោកសង្កត់ធ្ងន់ថា សហគ្រិនអាចមានឱកាសជួបមនុស្សច្រើន នៅទីនោះ អាចប្រាស្រ័យទាក់ទងគ្នា ចែករំលែកបទពិសោធន៍ និងជួយសហការគ្នាទៅវិញទៅមក ព្រោះភាគច្រើនការិយាល័យរួមច្រើន តែស្ថិតនៅតំបន់ទីប្រជុំជន ងាយស្រួលជួបពិភាក្សាជាមួយអតិថិជនផងដែរ។

អ្នកជំនាញមួយរូបដែលជាអគ្គនាយកក្រុមហ៊ុន ERA Cambodia លោក ខន គង្គាបានមានប្រសាសន៍ប្រាប់គេហទំព័រ Property Area Asiaថា  កត្តាមានច្រើនដែលធ្វើឲ្យ​ការិយាល័យរួមមានភាពទាក់ទាញ។ កត្តាទាំងនោះមានដូចជា ការិ​យាល័យរួម អនុញ្ញាតឱ្យក្រុមហ៊ុនតូចៗអាចធ្វើការមានវិជ្ជាជីវៈ ហើយមួយទៀតនោះបើពួកគាត់ ទៅជួលការិយា​ល័យធំៗ អាចនឹងមិនមានលទ្ធភាពជួល ដូច្នេះការិយាល័យរួមនេះនឹងផ្តល់ឱកាសឱ្យពួកគាត់បាន។

ជាការពិតការិយាល័យរួម មិនទាន់មានការរីកដុះដាល ទូទាំងប្រទេសកម្ពុជានៅឡើយទេ ដោយឡែកមានច្រើនតំបន់គួរសមក្នុងទីក្រុងភ្នំពេញ ដូចជា ម្តុំបឹងកេងកង ទួលទំពួង បឹងព្រលឹត និងទួលគោកជាដើម។

យ៉ាងណាមិញ អ្នកវិនិយោគលើវិស័យការិយា​ល័យរួមសម្រាប់ជួល ឬហៅថា Co-working Space នេះ ចាប់ផ្តើមលូតលាស់បន្តិចម្តងៗ ព្រោះថាកម្ពុជាកំពុងមានការកើនឡើងខ្លាំងនូវសហគ្រិន ឬអ្នកដែលចង់រកស៊ីមុខជំនួញផ្សេងៗ៕

LEAVE A REPLY

Please enter your comment!
Please enter your name here