រដ្ឋាភិបាល​អាមេរិក​បង្កើត​កងទ័ព​យោធា​អវកាស​ជា​ប្រវត្តិសាស្ត្រ​

ដោយ​ Donald​ Lee

​ភ្នំពេញ​៖ ប្រធានាធិបតី​អាមេរិក​ Donald​ Trump​ មើលឃើញ​សមរភូមិ​បន្ទាប់​ដែល​ត្រូវ​ឆ្លងកាត់​ព្រំដែន​នៃ​ផែនដី​ និង​ទៅ​អវកាស​ ខណៈ​លោក​បាន​ចុះហត្ថលេខា​លើច្បាប់​ស្តី​ពី​ការអនុញ្ញាត​ការពារ​ជាតិ​ជា​ប្រវត្តិសាស្ត្រ​ដែល​នឹង​បង្កើត​សេវាកម្ម​យោធា​មួយ​ដែល​មានឈ្មោះ​ថា​កងទ័ព​អវកាស​អាមេរិក​។

នៅក្នុង​ពិធី​ចុះហត្ថលេខា​នៅ​ឯមូលដ្ឋានទ័ព​អាកាស​មួយ​នៅ​អាមេរិក​កាលពី​ថ្ងៃ​ សុក្រ​ លោក​ Trump​ បាន​និយាយ​ថា​ “នឹង​ក្លាយជា​រឿងរ៉ាវ​ជាច្រើន​ដែល​កើតឡើង​នៅក្នុង​អវកាស​។ ពីព្រោះ​អវកាស​គឺជា​ដែន​ប្រយុទ្ធ​សង្គ្រាម​ថ្មី​បំផុត​របស់​ពិភពលោក​”។

លោក​ បាន​ថ្លែង​ថា​ “ដោយមាន​ការ​គំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ដល់​សន្តិសុខជាតិ​របស់​យើង​ ឧត្តមភាព​របស់​អាមេរិក​ក្នុង​អវកាស​ពិតជា​មាន​សារៈសំខាន់​ណាស់​។ ហើយ​យើង​កំពុង​នាំមុខ​គេ​ ប៉ុន្តែ​យើង​មិន​នាំមុខ​ដោយ​គ្រប់គ្រាន់​នោះ​ទេ​ ប៉ុន្តែ​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខនេះ​ យើង​នឹង​នាំមុខ​ដោយ​កម្លាំងទ័ព​អាកាស​នឹង​ជួយ​។ យើង​រារាំង​ការឈ្លានពាន​ និង​ត្រួតត្រា​ទី​ខ្ពស់​បំផុត​”។

ក្រសួងការពារជាតិ​អាមេរិក​បាន​ថ្លែង​នៅ​ថ្ងៃ​ សុក្រ​ កន្លងមក​នេះ​ថា​ សមាជិក​ចំនួន​ ១៦,០០០​ នាក់​នៃ​កងទ័ពអាកាស​អាមេរិក​នឹង​ត្រូវ​ផ្លាស់ទៅ​កាន់​ទី​អវកាស​យោធា​ថ្មី​។

លោក​ John​ Raymond​ មេបញ្ជាការ​នៃ​បញ្ជាការ​អវកាស​អាមេរិក​ និង​បញ្ជាការ​អវកាស​កងទ័ពអាកាស​ បាន​និយាយ​ថា​ “យើង​ចង់​បង្កើត​សេវាកម្ម​នេះ​ឱ្យ​មាន​ភាព​ទន់ភ្លន់​ និង​រហ័សរហួន​ យើង​នឹង​ពឹងផ្អែក​យ៉ាង​ខ្លាំង​លើ​មុខងារ​គាំទ្រ​ពី​កងទ័ពអាកាស​”។ រដ្ឋាភិបាល​អាមេរិក​បាន​បញ្ជាក់​ថា​ សេវាកម្ម​ថ្មី​នឹង​ផ្តោត​លើ​បច្ចេកវិទ្យា​ជាជាង​កម្លាំង​ពលកម្ម​។

លោក​ Barbara​ Barrett​ រដ្ឋមន្ត្រី​កងទ័ពអាកាស​ បាន​និយាយទៅ​កាន់​អ្នកកាសែត​ថា​ “កម្លាំង​អវកាស​នឹង​មិន​ត្រូវ​បាន​វាស់វែង​ដោយ​ចំនួន​មនុស្ស​ដែល​មិន​ដូច​កង​ម៉ារីន​ដែល​ពិតជា​សេវាកម្ម​ដែល​ពឹងផ្អែក​លើ​កម្លាំង​ពលកម្ម​នោះ​ទេ​។ កម្លាំង​អវកាស​ត្រូវ​បាន​វាស់វែង​ដោយ​បច្ចេកវិទ្យា​ និង​សមត្ថភាព​”។

ក្រសួងការពារជាតិ​អាមេរិក​បាន​ស្នើសុំ​ថវិកា​ចំនួន​ ៧២,៤​ លាន​ដុល្លារ​ ប៉ុន្តែ​សមាជិកសភា​បាន​អនុញ្ញាត​ថវិកា​ចំនួន​ ៤០​ លាន​ដុល្លារ​តែប៉ុណ្ណោះ​។

លោក​ Barrett​ បាន​មានប្រសាសន៍​ថា​ “យើង​នឹង​ធ្វើការ​អភិវឌ្ឍ​ទៅតាម​អ្វី​ដែល​ថវិកា​បាន​ផ្តល់​។ បាទ​ វា​មិន​លើស​ពី​ការ​ស្នើសុំ​ទេ​ ប៉ុន្តែ​យើង​នឹង​ធ្វើការ​ជាមួយ​ចំនួន​ទឹកប្រាក់​ដែល​ត្រូវ​បាន​អនុម័ត​”។

ក្រសួងការពារជាតិ​អាមេរិក​បាន​សង្កត់ធ្ងន់​លើ​ការ​ចុះហត្ថលេខា​ជា​ប្រវត្តិសាស្ត្រ​កាលពី​ថ្ងៃ​ សុក្រ​ ដែល​នឹង​ផ្លាស់​ប្តូរ​ទៅជា​ធម្មជាតិ​នៃ​សង្គ្រាម​។ រដ្ឋមន្រ្តី​ក្រសួងការពារជាតិ​លោក​ Mark​ Esper​ បាន​និយាយ​ថា​ “ការបង្កើត​កងកម្លាំង​អវកាស​អាមេរិក​គឺជា​ព្រឹត្តិ​ការណ៍​ប្រវត្តិសាស្ត្រ​ និង​ជា​ការចាំបាច់​ជា​យុទ្ធសាស្ត្រ​សម្រាប់​ប្រជាជាតិ​របស់​យើង​។

លំហអាកាស​បាន​ក្លាយជា​សារៈសំខាន់​យ៉ាង​ខ្លាំង​ចំពោះ​មាគ៌ា​នៃ​ជីវិត​ សេដ្ឋកិច្ច​ និង​សន្តិសុខជាតិ​របស់​យើង​ដែល​យើង​ត្រូវតែ​ត្រៀម​ជា​ប្រទេស​មួយ​ដើម្បី​ការពារ​វា​ពី​សកម្មភាព​អរិភាព​”៕

ទេសចរ​ជាង​ ៩០ម៉ឺន​នាក់​ បាន​ចូល​កម្សាន្ត​ក្នុង​ពិធីបុណ្យ​សមុទ្រ​នៅ​ខេត្តកំពត​

ដោយ​ ៖ រ៉ា​ណេត​

កំពត​ ៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ បាន​ថ្លែង​ឱ្យ​ដឹង​ថា​ នា​អំឡុង​ពេល​ពិធីបុណ្យ​សមុទ្រ​នៅ​ខេត្តកំពត​នេះ​ មាន​ភ្ញៀវ​ទេសចរ​ និង​ប្រជាពលរដ្ឋ​ចូលរួម​ទស្សនា​កម្សាន្ត​ប្រមាណ​ ៩០ម៉ឺន​នាក់​ ខណៈ​បញ្ហា​សន្តិសុខ​ សណ្ដាប់ធ្នាប់​ សុវត្ថិភាព​ ការរៀបចំ​កម្មវិធី​ ឬព្រឹត្តិ​ការណ៍​កម្សាន្ត​នានា​នោះ​ ក៏បាន​ប្រព្រឹត្តទៅ​ប្រកបដោយ​ភាព​សប្បាយរីករាយ​ និង​ជោគជ័យ​បំផុត​។

លោក​បណ្ឌិត​ ថោង​ ខុន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ បាន​បញ្ជាក់​ថា​ ថ្ងៃទី១នៃ​ពិធីបុណ្យ​មាន​ប្រជាពលរដ្ឋ​ និង​ភ្ញៀវ​ទេសចរ​មក​ទស្សនា​ប្រមាណ​ ២០ម៉ឺន​នាក់​ ថ្ងៃទី២​ នៃ​ពិធីបុណ្យ​ ថ្ងៃ​ដែល​សម្ដេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​ជា​ផ្លូវការ​ មាន​ប្រជាពលរដ្ឋ​ និង​ភ្ញៀវ​ទេសចរ​ចូលរួម​ប្រមាណ​ ៤០ម៉ឺន​នាក់​ និង​ថ្ងៃទី៣មាន​ប្រមាណ​ ៣០ម៉ឺន​នាក់​ សរុប​គឺ​មាន​ចំនួន​ប្រមាណ​ ៩០ម៉ឺន​នាក់​។

លោក​បាន​បន្ត​ទៀត​ថា​ នៅក្នុងចំណោម​ទេសចរ​ទាំងអស់​នោះ​ មាន​ ភ្ញៀវ​ទៅ​ទស្សនា​តាម​រមណីយដ្ឋាន​នានា​ក្នុង​ខេត្តកំពត​មាន​ប្រមាណ​ ៤ម៉ឺន​នាក់​ ដោយមាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ប្រមាណ​ ៦,០០០នាក់​ ពោល​គឺ​លើស​ការ​រំពឹង​ទុក​ទៅទៀត​។ កាលពី​បុណ្យ​សមុទ្រ​នៅ​ខេត្តកំពត​ជុំ​ទី១​ មាន​ភ្ញៀវ​ចូល​ទស្សនា​កម្សាន្ត​តែ​ ៣៥ម៉ឺន​ប៉ុណ្ណោះ​។

ថ្លែង​នា​ពិធី​បិទ​ព្រឹត្តិ​ការណ៍​បុណ្យ​សមុទ្រ​លើក​ទី៨​ ជុំ​ទី២​ នា​រាត្រី​ថ្ងៃទី២២​ ខែធ្នូ​ ឆ្នាំ២០១៩​ លោក​ ថោង​ ខុន​ បាន​គោរព​ថ្លែង​អរគុណ​ជូនចំពោះ​សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ ដែល​បាន​ផ្តល់​អនុសាសន៍​ដ៏​មានតម្លៃ​ដល់​ប្រជាពលរដ្ឋ​ និង​មន្ត្រី​រាជការ​ទាំងអស់គ្នា​ នា​ពិធី​បើក​ព្រឹត្តិ​ការណ៍​បុណ្យ​សមុទ្រ​ជា​ផ្លូវការ​។

ជាមួយគ្នា​នោះ​ លោក​ក៏បាន​ប្តេជ្ញា​អនុវត្តន៍​តាម​អនុសាសន៍​របស់​សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី​ ក្នុង​ការគ្រប់គ្រង​អភិវឌ្ឍន៍​តំបន់​ឆ្នរ​ឱ្យ​ប្រកបដោយ​និរន្តរភាព​ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ និង​អ្នក​វិនិយោគ​មកកាន់​កម្ពុជា​បន្ថែម​។

លោក​ ថោង​ ខុន​ បាន​មានប្រសាសន៍​បញ្ជាក់​ថា​ “បុណ្យ​សមុទ្រ​លើក​ទី៨​ ជុំ​ទី២នេះ​ យើង​បានឃើញ​ប្រត្យក្ស​អំពី​ស្មារតី​រួម​គិត​ រួម​ធ្វើ​ រួម​ទទួលខុសត្រូវ​របស់​គ្រប់​ផ្នែក​គ្រប់​ថ្នាក់​ ទាំង​ប្រជាពលរដ្ឋ​ ទាំង​សាធារណៈ​ និង​ឯកជន​។

ក្រោមម្លប់​នៃ​សុខ​សន្តិភាព​ ស្ថិរភាព​នយោបាយ​ ដែល​បាន​មក​ពី​ការ​ដឹក​នាំ​របស់​សម្តេច​តេជោ​ ហ៊ុន​ សែន​ និង​ការ​ខិតខំ​ចូលរួម​ពី​គ្រប់​ផ្នែក​ពាក់ព័ន្ធ​ រួម​ទាំង​ប្រជាពលរដ្ឋ​ផង​នោះ​ ទឹកដី​កម្ពុជា​នឹង​កាន់តែ​មានការ​អភិវឌ្ឍ​ជឿនលឿន​ឆាប់រហ័ស​ ជីវភាពរស់នៅ​កាន់តែ​បាន​រី​កច​ម្រីក​ឥត​ឈប់ឈរ​”៕

រដ្ឋាភិបាល​-វិស័យ​ឯកជន​ ប្តេជ្ញា​បង្កើន​ល្បឿន​ដល់​ការ​អភិវឌ្ឍ​សង្គម​-សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​

ដោយ ​វុត្ថា

ភ្នំពេញ​៖ រដ្ឋាភិបាល​-វិស័យ​ឯកជន​ បាន​ប្តេជ្ញា​ចិ​ត្ត​រក្នុង​ការជំរុញ​វិស័យ​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ប្រកបដោយ​ប្រសិទ្ធភាព​ និង​ប្រសិទ្ធ​ផល​ខ្ពស់​ ក្នុង​គោលដៅ​រួមចំណែក​ បង្កើន​ល្បឿន​ដល់​ការ​អភិវឌ្ឍ​សង្គម​-សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​។

លោ​កអ៉ិ​ត សំ​ហេង​ រដ្ឋមន្ត្រី​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ថ្លែង​ក្នុង​ពិធី​បើក​វេទិកា​សំណេះសំណាល​ប្រចាំឆ្នាំ​ រវាង​តំណាង​រាជរដ្ឋាភិបាល​ និង​វិស័យ​ឯកជន​ ក្រោម​ប្រធានបទ​ វឌ្ឍនភាព​នៃ​ការអនុវត្ត​កាតព្វកិច្ច​ច្បាប់​ស្តី​ពី​ការងារ​ និង​ច្បាប់​ស្តី​ពី​របប​សន្តិសុខ​សង្គម​ នា​ព្រឹក​ ថ្ងៃទី២៣​ ខែធ្នូ​ ឆ្នាំ២០១៩នេះ​ ឲ្យដឹង​ថា​ ការ​បង្កើន​កិច្ច​សហប្រតិបត្តិ​ការ​យ៉ាង​ជិត​ស្និត​ តាមរយៈ​ការអនុវត្ត​យន្តការ​ត្រីភាគី​ និង​កិច្ច​សន្ទនា​សង្គម​ដែល​យើង​បាន​អនុវត្ត​ ប្រកបដោយ​ប្រសិទ្ធភាព​ដែល​ជា​មូលដ្ឋាន​គ្រឹះ​ នៅក្នុង​ការធានា​បាន​នូវ​ភាព​សុខដុម​ផ្នែក​ទំនាក់ទំនង​វិជ្ជាជីវៈ​ ដែល​ធ្វើ​ឱ្យ​មានការ​ថយ​ចុះ​នូវ​វិវាទ​ការងារ​បាន​ប្រសើរ​ជាង​មុន​ច្រើន​។

លោក​ បន្ត​ ថា​ការ​បន្ត​ចូលរួម​អនុវត្តយ៉ាង​សកម្ម​ ក្នុង​ការ​គាំទ្រ​ដល់​កម្មវិធី​កំណែទម្រង់​របស់​រាជរដ្ឋាភិបាល​ យុទ្ធសាស្ត្រ​ចតុកោណ​ គោលនយោបាយ​នានា​ ដូចជា​គោលនយោបាយ​ជាតិ​ស្តី​ពីមុខ​របរ​ និង​ការងារ​ គោលនយោបាយ​ជាតិ​ស្តី​ពី​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ ​គោលនយោបាយ​ជាតិ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​ និង​ក្របខណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម​។ ​

លោក​រដ្ឋមន្ត្រី​បន្ថែម​ថា​ ទន្ទឹម​នឹង​នេះ​ ការចូលរួម​អនុវត្ត​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ នូវ​កាតព្វកិច្ច​នានា​ដែល​បាន​ចែង​ក្នុង​ច្បាប់​ស្តី​ពី​ការងារ​ ច្បាប់​ស្តី​ពី​សហជីព​ ច្បាប់​ស្តី​ពី​របប​សន្តិសុខ​សង្គម​ ច្បាប់​ស្តី​ពី​ប្រាក់ឈ្នួល​អប្បបរមា​ រួម​ទាំង​បទដ្ឋាន​គតិយុត្តិ​នានា​ ពាក់ព័ន្ធ​នឹង​វិស័យ​ការងារ​ផង​ដែរ​។ ​

បន្ថែម​ពីនេះ​សមាគម​សហព័ន្ធ​និយោជក​កម្ពុជា​ (CAFEBA​) ក៍​ជា​ដៃ​គូរ​ដ៏​សំខាន់​ផង​ដែរ​ ដែល​បាន​ចូលរួម​ ធ្វើ​ឱ្យ​ក្រសួង​អាច​សម្រេច​បាន​ដោយ​ជោគជ័យ​ នូវ​ការអនុវត្ត​ផែនការ​យុទ្ធ​សាស្រ្ត​អភិវឌ្ឍន៍​ វិស័យ​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ព្រមទាំង​កម្មវិធី​ការងារ​សមរម្យ​សម្រាប់​ប្រទេស​កម្ពុជា​ និង​គម្រោង​នានា​ផង​ដែរ​។

លោក​ បញ្ជាក់​ ថា​ ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​ត្រៀមខ្លួន​រួចជាស្រេច​ក្នុង​ការ​បន្ត​កិច្ចសហការ​ជាមួយ​ CAFEBA​ សំដៅលើ​កកម្ពស់​ភាព​ប្រកួតប្រជែង​កម្ពុជា​ នៅ​លើឆាកអន្តរជាតិ​ ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ ក្នុង​ការសម្រេច​ឱ្យ​បាន​នូវ​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ២០៣០​ ដែល​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិតខ្ពស់​ និង​ ឆ្នាំ២០៥០​ ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​។ ​

ស្ថិត​ក្នុង​បរិបទ​ដែល​វិស័យ​ឯកជន​ កាន់តែ​ប្រឈម​កាន់តែ​ខ្លាំង​ទៅ​នឹង​ លទ្ធភាព​ប្រកួតប្រជែង​ជាមួយ​ប្រទេស​នាំចេញ​នានា​ យើង​បាន​ធ្វើការ​យ៉ាង​ជិត​ស្និត​ជាមួយគ្នា​ស្វែងរក​ដំណោះស្រាយ​រួមគ្នា​ ដើម្បី​ធានា​ថា​ វិស័យ​ឯកជន​ នៅតែ​អាច​បន្ត​ធានា​បាន​នូវ​ឧត្តមភាព​ប្រកួតប្រជែង​ សមាជិក​ទាំងអស់​របស់ CAFEBA​ អាច​រក្សា​បាន​ដំណើរ​ផលិតកម្ម​ អាជីវកម្ម​របស់​ខ្លួន​ប្រកបដោយ​ចីរភាព​។

ដូចដែល​អ្វី​ដែល​ សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្រ្តី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បានសម្រេច​នៅក្នុង​ វេទិកា​រាជរដ្ឋាភិបាល​-វិស័យ​ឯកជន​ លើក​ទី១៨​ កាលពី​ថ្ងៃទី២៩​ ខែមីនា​ ឆ្នាំ២០១៩​ ​សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​ បាន​ដាក់ចេញ​នូវ​វិធានការ​កែទម្រង់​មុត​ស្រួច​ជា​កញ្ចប់​ សំដៅ​ពង្រឹង​ភាព​ប្រកួតប្រជែង​ និង​ជំរុញ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ជាលំដាប់​។

លោក​ឧកញ៉ា​ វ៉ាន់​ ស៊ូ​អៀង​ ប្រធាន​សមាគម​សហព័ន្ធ​និយោជក​កម្ពុជា​ (CAFEBA​) បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​ការងារ​ ដែល​យើង​រួមគ្នា​បំពេញ​ប្រកបដោយ​ភាព​ជោគជ័យ​ ក្នុងរយៈពេល​កន្លងមក​ ដែល​ចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​ព្រមទាំង​ធានា​បាន​នូវ​ការ​បន្ត​រក្សា​បាន​នូវ​កំណើន​សេដ្ឋកិច្ច​ជាមធ្យម​ជាង​ ៧% រយៈពេល​ពីរ​ទស្ស​វត្តន៍​កន្លងមក​នេះ​៕

ថៃ​គ្រោង​នឹង​ផ្តល់​កម្ចី​ជាង​ ២៨១​ លាន​ដុល្លារ​ដល់​កម្ពុជា​ មីយ៉ាន់ម៉ា​ និង​ឡាវ​ដើម្បី​សាងសង់​ផ្លូវ​ឆ្លងដែន​ថ្មី​ចំនួន​ ៤

ដោយ​ ប៊ី​

ភ្នំពេញ​៖ ថៃ​គ្រោង​នឹង​ផ្តល់​ប្រាក់កម្ចី​ចំនួន​ ៨.៥​ ពាន់​លាន​បាត​(ប្រមាណ​ ២៨១​ លាន​ដុល្លារ​) នៅ​ឆ្នាំក្រោយ​ដល់​ប្រទេស​មីយ៉ាន់ម៉ា​ ឡាវ​ និង​កម្ពុជា​ដើម្បី​សាងសង់​ផ្លូវ​ឆ្លងដែន​ថ្មី​ចំនួន​ ៤ ក្រោម​គំនិត​ផ្តួចផ្តើម​តភ្ជាប់​អាស៊ាន​។ គណៈរដ្ឋមន្រ្តី​ថៃ​នឹង​ត្រូវ​បាន​ស្នើសុំ​ឱ្យ​ផ្តល់​ការ​អនុម័ត​សម្រាប់​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​។

ក្រុម​អ្នកសង្កេតការណ៍​ និយាយ​ថា​ សេដ្ឋកិច្ច​ដែល​កំពុង​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​របស់​មីយ៉ាន់ម៉ា​ និង​កម្ពុជា​មិន​មាន​បន្ទុក​បំណុល​ដ៏​ច្រើន​នោះ​ទេ​ ហើយ​គួរតែ​សមនឹង​គំនិត​ផ្តួចផ្តើម​នេះ​។លោក​ Perames​ Vudthitornetiraks​ ប្រធាន​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ប្រទេសជិតខាង​បាន​មានប្រសាសន៍​ថា​ “អត្រា​ការប្រាក់​សម្រាប់​គម្រោង​នី​មួយ​ៗត្រូវ​បាន​រក្សា​ថេរ​ត្រឹមតែ​ ០.១​% ប៉ុណ្ណោះ​។ លោក​បាន​បន្ថែម​ថា​ ទីក្រុង​បាងកក​ចង់ឱ្យ​គម្រោង​នេះ​ជួយ​ជំរុញ​អនុ​តំបន់​មេគង្គ​។

នៅ​ប្រទេស​មីយ៉ាន់ម៉ា​ ផ្លូវ​ ១៣៨​ គីឡូម៉ែត្រ​ដែល​មានតម្លៃ​ ៤ ពាន់​លាន​បាត​នឹង​ត្រូវ​សាងសង់​ដើម្បី​តភ្ជាប់​តំបន់​សេដ្ឋកិច្ច​ពិសេស​ Dawei​ ជាមួយ​តំបន់​ Namphu​ Ron​ នៅ​តំបន់​ Kanchanaburi​ ។

លោក​ Perames​ បាន​មានប្រសាសន៍​ថា​ “រដ្ឋាភិបាល​មីយ៉ាន់ម៉ា​យកចិត្ត​ទុកដាក់​លើ​ការ​អភិវឌ្ឍ​ផ្លូវ​នេះ​”។ រដ្ឋធានី​ Nay​ Pyi​ Taw​ របស់​មីយ៉ាន់ម៉ា​ សង្ឃឹមថានឹង​ប្រើប្រាស់​ផ្លូវ​នេះ​ជា​ការ​តភ្ជាប់​រវាង​ប្រទេស​ថៃ​ និង​បណ្តា​ប្រទេស​នៅ​ជុំវិញ​តំបន់​បេង​ហ្គាល់​ក្រោម​ឈូង​សមុទ្រ​បេង​ហ្គាល់​បច្ចេកទេស​សហប្រតិបត្តិ​ការ​ពហុ​វិស័យ​បច្ចេកទេស​ និង​សេដ្ឋកិច្ច​ឬហៅ​កាត់​ថា​ BIMSTEC​ តាមរយៈ​កំពង់ផែ​សមុទ្រ​ Dawei​។

ទីក្រុង​បាងកក​ក៏​មើលឃើញ​ផង​ដែរ​នូវ​តំបន់​ Kanchanaburi​ ដែល​ជា​ច្រក​សំខាន់​មួយ​ទៅកាន់​ប្រទេស​មីយ៉ាន់ម៉ា​។

បច្ចុប្បន្ន​វា​កំពុង​សាងសង់​ផ្លូវ​ ៩៦​ គីឡូម៉ែត្រ​ថ្មី​តភ្ជាប់​ពី​ស្រុក​បាង​យ៉ៃ​នៃ​ណុ​នប៊ូ​រី​ទៅ​ខេត្ត​ភាគ​ខាងលិច​របស់​ខ្លួន​។ប្រាក់កម្ចី​មួយទៀត​នឹង​ត្រូវ​ផ្តល់​ ១,២​ ពាន់​លាន​បាត​សម្រាប់​កម្ពុជា​ដើម្បី​សាងសង់​ផ្លូវ​ប្រវែង​ ១៣១​ គីឡូម៉ែត្រ​ពី​ប្រទេស​ថៃ​មក​កម្ពុជា​។

ផ្លូវ​នេះ​នឹង​ឆ្លងកាត់​តំបន់​សំ​ខាន់​ៗនៅ​កម្ពុជា​ រួមមាន​ស្រុក​អន្លង់វែង​ និង​ខេត្តសៀមរាប​។រដ្ឋាភិបាល​ថៃ​ក៏​គ្រោង​នឹង​ផ្តល់​ហិរញ្ញប្បទាន​ដល់​ការ​កសាង​ស្ពាន​មិត្តភាព​ថៃ​ និង​ឡាវ​ ទី៥​ ភ្ជាប់​ពី​ប៊ួ​នកាន​ខេត្ត​ភា​គឥសាន្តនៃ​ប្រទេស​ថៃ​ និង​ខេត្ត​ Bolikhamsai​ ក្នុង​ប្រទេស​ឡាវ​។

ថវិកា​ប្រមាណ​ ១,៣​ ពាន់​លាន​បាត​នឹង​ត្រូវ​ចំណាយ​ដើម្បី​សាងសង់​ផ្នែក​ស្ពាន​នៅ​ខាង​ឡាវ​។ គម្រោង​ផ្លូវ​មួយទៀត​នៅ​ប្រទេស​ឡាវ​គឺ​ការសាងសង់​ ២ ពាន់​លាន​បាត​លើ​ផ្លូវ​ប្រវែង​ ១៤៧​ គីឡូម៉ែត្រ​ដែល​នឹង​ចាប់ផ្តើម​នៅ​ Nakhon​ Phanom​ រត់​ឆ្លងកាត់​ទីក្រុង​ Thakhek​ និង​បន្ត​ទៅ​រដ្ឋធានី​ហាណូយ​របស់​វៀតណាម​៕

រដ្ឋាភិបាល​ផ្តល់​ដីសម្បទាន​សង្គមកិច្ច​ជាង​ ១៤ម៉ឺន​ហិ​កតា​ ជូន​ប្រជាពលរដ្ឋ​ជាង៨ម៉ឺន​គ្រួសារ

​ដោយ​ វុត្ថា

​ភ្នំពេញ​៖ រដ្ឋាភិបាល​ បាន​បញ្ជាក់​ថា​នៅ​ឆ្នាំ២០១៩​ នេះ​ កម្មវិធី​សម្បទាន​ដី​សង្គមកិច្ច​បាន​ផ្តល់​ដី​សរុប​ចំនួន​ ១៤៤​ ៨៨៩,៥១​ ហិ​កតា​ ជូន​ប្រជាពលរដ្ឋ​សរុប៨០​ ៨៦២គ្រួសារ​ ដើម្បី​ឆ្លើយតបទៅនឹង​ប្រយោជន៍​សង្គម​ សំដៅលើ​កកម្ពស់​កម្រិតជីវភាព​ និង​សេចក្ដីថ្លៃថ្នូរ​របស់​ប្រជាពលរដ្ឋ​ទូទៅ​។

តាមរយៈ​របាយការណ៍​របស់ក្រ​សួង​រៀបចំ​នរូ​បនី​យក​ម្ម​ និង​សំណង់​ ដែល​គេហ​ទំ​ព័ត​ propertyarea.asia​ ទទួល​បាន​នៅ​ថ្ងៃទី​ ២៣​ ខែធ្នូ​ ឆ្នាំ២០១៩​ នេះ​ ឲ្យដឹង​ថា​សម្បទាន​ដី​សង្គមកិច្ច​ គឺជា​ការ​ផ្ដល់​ដី​ឯកជន​របស់​រដ្ឋ​ ដែល​បាន​ចុះបញ្ជី​រួចហើយ​ ដល់​ជន​ក្រីក្រ​ដែល​គ្មាន​ដី​ ឬ ខ្វះខាត​ដី​សម្រាប់​សាងសង់​លំនៅឋាន​ ឬ ធ្វើ​កសិកម្ម​ជា​លក្ខណៈ​គ្រួសារ​ ដែល​អាចប​ង្កើត​ឱកាស​ការងារ​ និង​ទទួល​បាន​ប្រាក់ចំណូល​។

របាយការណ៍​ដដែល​បន្ត​ថា​ ក្នុង​នីតិកាល​ទី៦​ នៃ​រដ្ឋសភា​ រាជរដ្ឋាភិបាល​កម្ពុជា​ផ្ដោត​ការ​យកចិត្ត​ទុកដាក់​កនៅតែ​ដាក់ចេញ​នូវ​កម្មវិធី​នយោបាយ​បែងចែក​ និង​ប្រើប្រាស់​ដី​រដ្ឋ​សម្រាប់​គោលបំណង​ឯកជន​ និង​សាធារណៈ​ ប្រកបដោយ​តម្លាភាព​ និង​សមធម៌​ ឆ្លើយតបទៅនឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ទូទៅ​ ជាពិសេស​ប្រជាជន​ក្រីក្រ​ យុទ្ធជនពិការ​ គ្រួសារ​យុទ្ធជន​ពលី​ អតីត​កងកម្លាំង​ប្រដាប់​អាវុធ​ គ្រួសារ​ដែល​ត្រូវ​ផ្លាស់ប្ដូរ​ទីលំនៅ​ដែល​បណ្ដាលមកពី​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​ សម្រាប់​ការ​តាំង​លំនៅឋាន​ថ្មី​ គ្រួសារ​ដែល​រងគ្រោះ​ដោយ​គ្រោះ​ធម្មជាតិ​ គ្រួសារ​ដែល​ធ្វើ​មាតុភូមិ​និវត្ត​ និង​គ្រួសារ​ដែល​គ្មាន​ដី​ ខ្វះ​ដី​ ហើយ​ត្រូវការ​ដី​ពិតប្រាកដ​តាមរយៈ​កម្មវិធី​សម្បទាន​ដី​សង្គមកិច្ច​ និង​ការ​ធ្វើ​ប្រទានកម្ម​ ដោយ​ធានា​ឱ្យ​បាន​នូវ​សមធម៌​ ស្ថិរភាព​សង្គម​ សន្ដិ​សុខ​ស្បៀង​ និង​ការសម្រួល​ដល់​ការ​វិនិយោគ​។

នៅ​ឆ្នាំ២០១៩​ រាជរដ្ឋាភិបាល​ តាមរយៈ​កម្មវិធី​សម្បទាន​ដី​សង្គមកិច្ច​នៃ​ក្រសួង​រៀបចំ​ដែ​នដ​ដី​ នគរូបនីយកម្ម​ និង​សំណង់​ សម្រេច​លទ្ធផល​បាន​៖

១/. សម្បទាន​ដី​សង្គមកិច្ច​ជូន​អតីត​កងកម្លាំង​ប្រដាប់​អាវុធ​ និង​គ្រួសារ​ ៖ អនុវត្ត​ក្នុង​ខេត្ត​គោលដៅ​ចំនួន​ ១២​ រួមមាន​ខេត្ត​កំពង់ស្ពឺ​ ខេត្តក្រចេះ​ ខេត្តបាត់ដំបង​ ខេត្តកំពត​ ខេត្ត​កំពង់ឆ្នាំង​ ខេត្តពោធិ៍សាត់​ ខេត្តសៀមរាប​ ខេត្ត​ព្រះសីហនុ​ ខេត្ត​ស្ទឹងត្រែង​ ខេត្តរតនគិរី​ ខេត្តកោះកុង​ និង​ខេត្តស្វាយរៀង​ ៤ ៦៤៤,២៣ហិ​កតា​ ជូន​គ្រួសារ​អតីត​យុទ្ធជន​ចំនួន៣​ ៥០៤គ្រួសារ​ សាងសង់​ផ្ទះ​ជូន​បាន​ចំនួន​ ១ ៦៨០ខ្នង​ ក្នុង​នោះ​ផ្ទះ​សង់​អំពី​ឈើ​ផុត​ពី​ដី​ប្រក់​ស័ង្កសី​ចំនួន៨៥០ខ្នង​ និង​សាងសង់​ផ្ទះថ្ម​ពី​ឥដ្ឋ​ផ្ទាល់​ដី​ប្រក់​ស័ង្កសី​ចំនួន៨៣០ខ្នង​ ជាមួយនឹង​ការ​គាំទ្រ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ រួមមាន​សាលារៀន​ ផ្លូវ​ អណ្តូង​ទឹក​ និង​ស្រះទឹក​។

២/. សម្បទាន​ដី​សង្គមកិច្ច​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ស៊ីវិល​ទូទៅ​ ៖ សម្រេច​ផ្តល់​ដី​ជូន​តាមរយៈ​ថវិកា​ពិសេស​របស់​រាជរដ្ឋាភិបាល​ ការ​ធ្វើ​ប្រទានកម្ម​ដី​រដ្ឋ​ និយ័ត​កម្ម​ដី​រដ្ឋ​ និង​សារាចរ​លេខ០៣​ និង​តាម​សំណើ​របស់​ខេត្ត​សម្រេច​ចែក​ដីស​រុ​បទំ​ហំ១១១​ ៦១៦,២៨ហិ​កតា​ សើ្ម​នឹង៥៨​ ១២៩គ្រួសារ​ និង​ប្រទានកម្ម​ដី​តាមរយៈ​ការអនុវត្ត​នយោបាយ​ចាស់​ សកម្មភាព​ថ្មី​លើ​វិស័យ​ដីធ្លី​ទំហំ​ជាង១លាន២សែន​ហិ​កតា​ ស្មើនឹង​ជាង៧១ម៉ឺន​ក្បាលដី​ ដល់​ប្រជាពលរដ្ឋ​ប្រមាណ៤សែន​គ្រួសារ​។

៣/. ការ​អភិវឌ្ឍ​តាម​បណ្តោយ​ព្រំដែន​ ៖ សម្រេច​ផ្តល់​ដីសម្បទាន​សង្គមកិច្ច​ទំហំដី១២​ ៥១៥ហិ​កតា​ ជូន១៤​ ២១៩គ្រួសារ​ និង​សាងសង់​ផ្ទះ​បាន​ចំនួន៥​ ៥៥៦ខ្នង​ ក្នុង​ខេត្តព្រះវិហារ​ ខេត្ត​ឧត្តរមានជ័យ​ ខេត្តស្វាយរៀង​ និង​ខេត្ត​ស្ទឹងត្រែង​។

៤/. គម្រោង​បែងចែក​ដី​ដើម្បី​សង្គមកិច្ច​ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជំហាន២​ (LASED​ II​) ៖ បាន​ផ្តល់​ដី​ សរុប​ទំហំ១៦​ ១១៤ហិ​កតា​ លើ​មុខសញ្ញា​ទទួល​ដី​សរុប៥​ ០១០គ្រួសារ​ បាន​ផ្តល់​សម្ភារៈ​សម្រាប់​សាងសង់​ផ្ទះ​ជូន​ប្រជាពលរដ្ឋ៥​ ០១០គ្រួសារ​ និង​បាន​ផ្តល់​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ ៥ ៤៨១បណ្ណ​ ក្នុង​នោះ​ដី​ឯកជន​ចំនួន៥​ ០៤០បណ្ណ​ ស្មើនឹង៣​ ០០៦គ្រួសារ​ និង​ដី​សាធារណៈ​ចំនួន៤៤១បណ្ណ​។

ជា​រួម​គិត​ពី​ពេល​ចាប់ផ្តើម​រហូតដល់​ខែវិច្ឆិកា​ ឆ្នាំ២០១៩​ កម្មវិធី​សម្បទាន​ដី​សង្គមកិច្ច​គ្រប់​ប្រភេទ​ សម្រេច​ផ្តល់​ដីស​រុ​បទំ​ហំ​ ១៤៤​ ៨៨៩,៥១​ ហិ​កតា​ ជូន​ប្រជាពលរដ្ឋ​សរុប៨០​ ៨៦២គ្រួសារ​ និង​សាងសង់​ផ្ទះ​ជូន​ប្រជាពលរដ្ឋ​សរុប​ចំនួន​ ៧ ២៣៦​ ខ្នង​ និង​សម្រេច​ផ្តល់​ដីស​រុ​បទំ​ហំ​ជាង១លាន២សែន​ហិ​កតា​ ស្មើនឹង​ជាង​ ៧១ម៉ឺន​ក្បាលដី​ ជូន​គ្រួសារ​ទទួល​ដី​ប្រមាណ​៤សែន​គ្រួសារ​ តាមរយៈ​ការអនុវត្ត​នយោបាយ​ចាស់​សកម្មភាព​ថ្មី​លើ​វិស័យ​ដីធ្លី​៕

រដ្ឋសភា​ បើក​កិច្ចប្រជុំ​ដើម្បី​អនុម័ត​គម្រោង​វិនិយោគ​ថាមពល​អគ្គិសនី​ ដើរ​ដោយ​ពន្លឺ​ព្រះអាទិត្យ​ចំនួន៤​

ដោយ​ ៖ រ៉ា​ណេត​

ភ្នំពេញ​ ៖ រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​បន្ត​សម័យប្រជុំ​រដ្ឋសភា​លើក​ទី៣​ នីតិកាល​ទី៦​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ សម្ដេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិន​ ប្រធាន​រដ្ឋសភា​ ដើម្បី​សិក្សា​ និង​អនុម័ត​ទៅលើ​ក្រុមហ៊ុន​គ្រប់គ្រង​គម្រោង​សាងសង់​ស្ថានីយ​ផលិត​អគ្គិសនី​ ដើរ​ដោយ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ ចំនួន៤​ ស្ថិតនៅ​ខេត្ត​ផ្សេងគ្នា​។

សម័យប្រជុំ​រដ្ឋសភា​នៅ​ត្រឹម​ព្រឹក​ថ្ងៃទី២៣​ ខែធ្នូ​ ឆ្នាំ២០១៩នេះ​ បាន​លើកយក​របៀបវារៈ​ចំនួន​ ៧ មក​ពិភាក្សា​ និង​អនុម័ត​ ដោយ​ក្នុង​នោះ​មាន​គម្រោង​សាងសង់​ស្ថានីយ​ផលិត​អគ្គិសនី​ចំនួន៤ដែរ​ រួមមាន​ ដូចជា​៖

១- សេចក្តី​ព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឱ្យ​ក្រុមហ៊ុន​ ហ្រ្គីន​ សឺ​ស្តែ​នណេ​ប៊ល​ វេន​ឈ័រ​ (ខេម​បូ​ឌា​) ឯ.ក​ សម្រាប់​គម្រោង​សាងសង់​ស្ថានីយ​ផលិត​អគ្គិសនី​ ដើរ​ដោយ​ពន្លឺ​ព្រះអាទិត្យ​ អានុភាព២០មេ​ហ្គា​វ៉ាត់​ នៅ​ខេត្តស្វាយរៀង​។

២- សេចក្តី​ព្រាងច្បាប់​ស្តី​ពី​ ការ​អនុម័ត​យល់ព្រម​លើ​ការ​ ធានា​ ទូទាត់​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ឱ្យ​ក្រុមហ៊ុន​ រ៉ា​យ ផៅ​វ័រ​ សឹប​ផ្លា​យ ឯ.ក​ សម្រាប់​គម្រោង​សាងសង់​ស្ថានីយ​ផលិត​អគ្គិសនី​ ដើរ​ដោយ​ពន្លឺ​ព្រះអាទិត្យ​ អានុភាព​ ៣០មេ​ហ្គា​វ៉ាត់​ នៅ​ខេត្ត​បន្ទាយមានជ័យ​។

៣- សេចក្តី​ព្រាងច្បាប់​ស្តី​ពី​ ការ​អនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់​ របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ឱ្យ​ក្រុមហ៊ុន​ រ៉ា​យសិន​ អេនើ​ជី​ (ខេម​បូ​ឌា​) បាត់ដំបង​ ឯ.ក​ សម្រាប់​គម្រោង​ សាងសង់​ស្ថានីយ​ផលិត​អគ្គិសនី​ ដើរ​ដោយ​ពន្លឺ​ព្រះអាទិត្យ​ អានុភាព​ ៦០មេ​ហ្គា​វ៉ាត់​ នៅ​ខេត្តបាត់ដំបង​។

៤- សេចក្តី​ព្រាងច្បាប់​ស្តី​ពី​ ការ​អនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់​ របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ឱ្យ​ក្រុមហ៊ុន​ ស្នេ​ថេ​ក អ៊ី​នហ្វី​នី​ត ឯ.ក​ សម្រាប់​គម្រោង​សាងសង់​ស្ថានីយ​ផលិត​អគ្គិសនី​ ដើរ​ដោយ​ពន្លឺ​ព្រះអាទិត្យ​ អានុភាព​ ៣០មេ​ហ្គា​វ៉ាត់​ នៅ​ខេត្តពោធិ៍សាត់​។

ក្រៅពី​នេះ​នៅ​មាន​ សេចក្ដីព្រាង​ច្បាប់​ចំនួន៣ផ្សេងទៀត​ រួមមាន​ ៖

១- សេចក្តី​ព្រាងច្បាប់​ស្តី​ពី​ ការ​អនុម័ត​យល់ព្រម​ឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា​ចូល​ជាស​មា​ជិ​កនៃ​កិច្ច​ព្រមព្រៀង​សម្រាប់​អនុវត្ត​បទបញ្ញត្តិ​នៃ​អនុសញ្ញា​ សហប្រជាជាតិ​ស្តី​ពី​ ច្បាប់​សមុទ្រ​ ចុះ​ថ្ងៃទី១០​ ខែធ្នូ​ ឆ្នាំ១៩៨២​ ទាក់ទង​នឹង​ការគ្រប់គ្រង​ និង​ការ​អភិរក្ស​ផល​ ស្តុក​ត្រី​ ផ្លាស់ទី​មធ្យម​ និង​ផល​ស្តុក​ត្រី​ផ្លាស់ទី​ឆ្ងាយ​។

២- សេចក្តី​ព្រាងច្បាប់​ស្តី​ពី​ ការ​អនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់​ របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ឱ្យ​ក្រុមហ៊ុន​ ធី​អេ​សប៊ី​ភី​ សេកុង​ ផៅ​វ័រ​ អ៊ែន​ មីនើ​រ៉ល​ ខម​ភេ​នី​ លី​មី​ធី​ត នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​។

៣- សេចក្តី​ព្រាងច្បាប់​ស្តី​ពី​ ការ​អនុម័ត​យល់ព្រម​លើ​ការធានា​ ទូទាត់​ របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ឱ្យ​ក្រុមហ៊ុន​ សេកុង​ សឺ​មម័ល​ ផៅ​វ័រ​ ផ្លេន​ ខម​ភេ​នី​ លី​មី​ធី​ត នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​។

ក្រសួង​សាធារណៈ​ការ​បើក​វគ្គ​បណ្តុះបណ្តាល​ជំនាញ​ត្រួតពិនិត្យ​ផ្លូវ​ល្បឿន​លឿន​

ដោយ​នៅ​ ស៊ី​វុត្ថា​

ភ្នំពេញ​: ក្រសួងសាធារណការ​និង​ដឹកជញ្ជូន​ ក្រោម​កិច្ចសហការ​របស់​ក្រុមហ៊ុន​ CRBC​ និង​ក្រសួង​ដឹកជញ្ជូន​នៃ​ប្រទេស​ចិន​ បាន​បើក​វគ្គ​បណ្តុះបណ្តាល​ស្តី​ពី​ “Professional​ Highway​ Training​ Program​”។

យោង​តាម​ការ​ផ្សព្វផ្សាយ​របស់ក្រ​សួ​ង កាលពី​កន្លង​ទៅ​ថ្មី​ៗនេះ​អោយ​ដឹង​ថា​ វគ្គ​បណ្តុះបណ្តាល​នេះ​ ត្រូវ​បាន​ធ្វើឡើង​ក្នុង​គោលបំណង​ចែករំលែក​ចំណេះដឹង​ និង​បទពិសោធន៍​របស់​អ្នកជំនាញ​ មក​ពី​វិទ្យាស្ថាន​ស្រាវជ្រាវ​ផ្លូវ​ ​Highway​ របស់ក្រ​សួង​ដឹកជញ្ជូន​ចិន​ ពាក់ព័ន្ធ​នឹង​ការ​ធ្វើអោយ​ប្រសើរ​ឡើង​ ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​-ថ្នល់​ តាមរយៈ​ការ​ធ្វើ​អធិការកិច្ច​ផ្លូវ​-ថ្នល់​ ការវាយតម្លៃ​ស្តង់ដារ​គុណភាព​ និង​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​-ថ្នល់​ ព្រមទាំង​ការធានា​បាន​នូវ​ការគ្រប់គ្រង​សុវត្ថិភាព​ ក្នុង​ដំណាក់កាល​សាងសង់​។

រដ្ឋាភិបាល​បាន​នឹង​កំពុង​អនុវត្តន៍​ គម្រោង​ផ្លូវ​ល្បឿន​លឿន​នភ្នំ​ពេញ​-ខេត្ត​ព្រះសីហនុ​ដែល​សាងសង់​ ដោយក្រុម​ហ៊ុន​សាជីវកម្ម​ស្ពាន​ និង​ថ្នល់​ចិន​ (CRBC​) ដែ​លន​នឹង​ក្លាយទៅជា​បណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​សំខាន់​សម្រាប់​កម្ពុជា​។

ជាមួយគ្នា​នេះ​ក្រុមហ៊ុន​ចិន​ China​ Railway​ Corporation​ បាន​ទទួល​សិទ្ធ​ពី​ក្រសួង​ក៏​កំពុង​សិក្សា​ លើ​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ ភ្នំពេញ​-បាវិត​ ដើម្បី​សិក្សា​លម្អិត​ដាក់​ជូន​រដ្ឋាភិបាល​ពិនិត្យ​ និង​ឈាន​ទៅ​រក​ការចរចា​កិច្ច​ព្រមព្រៀង​ សម្បទាន​អនុវត្តន៍​គម្រោង​ផ្លូវ​ល្បឿន​នេះ​។

ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ឲ្យដឹង​ថា​ ក្រុមហ៊ុន​ចិន​ដែល​ទទួល​បានការ​អនុញ្ញាត​ មាន​រយៈពេល១៨ខែ​ សិក្សា​លម្អិត​លើ​គម្រោង​ផ្លូវ​ល្បឿន​លឿន​។

ក្រៅពី​នេះ​ក្រសួង​ក៏បាន​ នឹង​កំពុង​អនុវត្ត​នូវ​គម្រោង​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​នានា​ នៅ​ទូទាំង​ប្រទេស​ ដើម្បី​តភ្ជាប់​សសៃ​ឈាម​សេដ្ឋកិច្ច​ ឲ្យ​កាន់តែ​មាន​ភាព​រស់រវើក​ និង​ភាព​ងាយស្រួល​ក្នុង​ការ​ដឹកជញ្ជូន​៕

KH​ Land​ ផ្តល់​រង្វាន់​ចិញ្ចៀនពេជ្រ​ និង​ខ្សែក​មាស​ដល់​អតិថិជន​ប្រកបដោយ​ភ័ព្វសំណាង​

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ជា​ព្រឹត្តិ​ការណ៍​ដែល​មិនធ្លាប់​មាន​ សម្រាប់​ក្រុមហ៊ុន ​KH​ Land​ Co​., Ltd​ ចែ​ករង្វាន​ចិញ្ចៀនពេជ្រ​ និង​ខ្សែក​មាស​ មាន​ម្លៃ​ជូន​ដល់​បណ្តា​អតិថិជន​របស់​ខ្លួន​ជាមួយនឹង​គម្រោង​ «ទីក្រុង​ថ្មី​ដី​មាស​ សំរោងលើ​»។

នៅ​ថ្ងៃសៅរ៍​ ទី២៨​ និង​ ថ្ងៃអាទិត្យ​ទី២៩​ ខែធ្នូ​ ឆ្នាំ២០១៩​ ខាងមុខនេះ​ ក្រុមហ៊ុន​ ខេ​អេច​ លែន​ ​( KH​ Land​ ) នឹង​រៀបចំ​កម្មវិធី​ “ការ​តាំង​បង្ហាញ​ពី​សក្ដានុពល​នៃ​គម្រោង​ក្រុង​ថ្មី​ ដី​មាស​សំរោងលើ​” ដើម្បី​ឱ្យ​អតិថិជន​ចាស់​ អតិថិជន​ថ្មី​ និង​ដៃគូ​រស​ហកា​រណ៍​ទាំងអស់​បាន​យល់​ឱ្យ​កាន់តែ​ច្បាស់​ពី​ផែនការ​អភិវឌ្ឍន៍​គម្រោង​ ព្រមទាំង​សិក្សា​ស្វែងយល់​ពី​ការ​រីក​ចំរើន​នៅក្នុង​តំបន់​នេះ​ នា​ពេល​អនាគត​ដ៏​ខ្លី​ ហើយក៏​មានការ​ចាប់ឆ្នោត​ផ្សងសំណាង​យក​ ចិញ្ជៀន​ពេជ្រ​ ខ្សែក​មាស​ នឹង​ខ្សែដៃ​មាស​ សំរាប់​អតិថិជន​ដែល​បាន​ទិញ​ដី​ ផ្ទះ​ រឺ​គម្រោង​អាជីវកម្ម​នៅ​លើ​គម្រោង​ក្រុង​ថ្មី​ដី​មាស​សំរោងលើ​ផង​ដែរ​។

ទាំង​អតិថិជន​ចាស់​ ទាំង​អតិថិជន​ថ្មី​ និង​ដៃគូ​សហការ​ទាំងអស់​ សុទ្ធតែ​បានដឹង​ពី​គម្រោង​កូនកាត់​ “ក្រុង​ថ្មី​ ដី​មាស​សំរោងលើ​” រួចមក​ហើយ​ថា​ គម្រោង​មួយ​នេះ​មានការ​អភិវឌ្ឍន៍​ផ្ទះ​លែ្វង៤០ខ្នង​ រី​សត​មាន​ទំហំ៣ហិ​កតា​ ដែល​មាន១០០ បន្ទប់​សម្រាប់​ស្នាក់​លំ​ហែរ​ សួន​លំហែ​ជុំវិញ​បឹង​ធម្មជាតិ​ និង​គម្រោង​អាជីវ​កម្ម​ធំៗ​ទាំង៨នៅ​ចំកណ្ដាល​គម្រោង​រួមមាន​ ហាង​កាហ្វេ​ Arabitia​ ផាប់​ ម៉ាត​ ភោជនីយដ្ឋាន​ ហ្វា​ម៉ា​ស៊ី​ ហាង​សម្លៀកបំពាក់​ សា​ឡន​ និង​ហាងទំនិញ​ផង​ដែរ​។

ទីតាំង ភូមិត្រពាំងទន្លាប់ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្ដាល។​

អគ្គនាយក​ក្រុមហ៊ុន​ KH​ Land​ Co​., Ltd​ លោក​ ថុន​ បូរ៉ា​ បាន​មានប្រសាសន៍​ប្រាប់​ឱ្យ​ដឹង​ថា​ ការទិញ​ដី​ឡូ​តិ៍​ គឺជា​ជម្រើស​ដ៏​ល្អ​បំផុត​ សម្រាប់​អ្នក​ដែល​មាន​ចំណូល​ទាប​ និង​ក្រោម​មធ្យម​ ដែល​មានបំណង​ប្រាថ្នា​ចង់បាន​ដី​ ដែល​ជា​ទ្រព្យ​រយៈពេល​វែង​ធ្វើជា​កម្មសិទ្ធិ​របស់​ខ្លួន​។

លោក​បន្ត​ថា​ “ជាមួយនឹង​ការ​លក់​គម្រោង​ដី​ឡូ​តិ៍​នេះ​ ក្រុមហ៊ុន​បាន​ផ្តល់​ជម្រើ​សល្អៗ​ជាច្រើន​ចំពោះ​អតិថិជន​ ដោយ​គាត់​អាច​សម្រេចចិត្ត​ទិញ​ដោយ​ការ​បង់ប្រាក់​ផ្តាច់​ ឬអាច​ប្រើ​វិធី​សាស​ត្រ​បង់​រំលស់​ នៅក្នុង​រយៈពេល២៤ខែ​ដោយ​គ្មាន​ការប្រាក់​”។ លោក​បាន​បន្ត​ទៀត​ថា​ “ក្រុមហ៊ុន​មាន​ចក្ខុវិស័យ​វែងឆ្ងាយ​ នៅក្នុង​វិស័យ​អចលនទ្រព្យ​កម្ពុជា​ ជាមួយនឹង​ការ​មើល ឃើញ​ជាក់ស្ដែង​ពី​កំណើន​ និង​ភាពល្អ​ប្រសើរ​នៃ​សេដ្ឋកិច្ច​ក្នុង​តំបន់​ រួម​ជាមួយនឹង​សន្ទុះ​នៃ​ការ​អភិវឌ្ឍ​របស់​សង្គមជាតិ​ទាំងមូល​”។

លោក​ ថុន​ បូរ៉ា​ បាន​មានប្រសាសន៍​បញ្ជាក់​ទៀត​ថា​ មុន​ពេល​ចាប់ផ្តើម​គម្រោង​នេះ​ ក្រុមហ៊ុន​បាន​ធ្វើការ​សិក្សា​យ៉ាង​ច្បាស់​ និង​ស៊ីជម្រៅ​នៅក្នុង​ការ​ជ្រើសរើស​ទីតាំង​សម្រាប់​ការ​អភិវឌ្ឍ​គម្រោង​ ដែល​រួមមាន​កក្តា​ប្រជាសាស្ត្រ​ មាន​សក្ដានុពល​លើ​ផ្នែក​សេដ្ឋកិច្ច​ ដែល​ស្ថិតនៅ​ក្នុង​គម្រោង​អភិវឌ្ឍ​របស់​រដ្ឋាភិបាល​ ក៏ដូចជា​ វិស័យ​ឯកជន​ផង​ដែរ​ទៅលើ​ការបង្កើត​នូវ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ផង​ដែរ​។

ជា​ក់​ស្ដែ​ដូចជា​គម្រោង​ដី​ឡូ​តិ៍​ទី៥​ ដែល​ស្ថិតនៅ​ភូមិសាស្ត្រ​ខាងលើ​នេះ​ គឺជា​តំបន់​មួយ​ដែល​ងាយស្រួល​ក្នុង​ការ​អភិវឌ្ឍ​ ព្រោះ​ស្ថិតនៅ​មិន​ឆ្ងាយ​ពី​រាជធានី​ភ្នំពេញ​ ជិត​តំបន់​អភិវឌ្ឍ​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ ដែល​ជា​ផ្លូវ​សេដ្ឋកិច្ច​ដ៏​សំខាន់​»។

លោក​ថុន​ បូរ៉ា​បាន​បន្ត​ទៀត​ថា​ ក្រុមហ៊ុន​ក៏បាន​ផ្តល់​នូវ​ទំនុកចិត្ត​ដល់​អតិថិជន​ផង​ដែរ​ ដោយសារ​ក្រុមហ៊ុន​ KH​ Land​ Co​., Ltd​ មានការ​ចុះបញ្ជី​យ៉ាង​ត្រឹមត្រូវ​នៅ​ក្រសួង​ពាណិជ្ជកម្ម​ ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ព្រមទាំង​ទទួល​បាន​លិខិតអនុញ្ញាត​វិនិយោគ​អភិវឌ្ឍន៍​ដី​ឡូ​តិ៍​ជាច្រើន​គម្រោង​រួចមក​ហើយ​ នៅ​លើ​ផ្ទៃដី​រាប់​សិប​ហិ​កតា​។

ដើម្បី​ចុះឈ្មោះ​ចូលរួម​កម្មវិធី​ “ការ​តាំង​បង្ហាញ​ពី​សក្ដានុពល​នៃ​គម្រោង​ក្រុង​ថ្មី​ ដី​មាស​សំរោងលើ​” សូម​ទំនាក់ទំនង​មកកាន់​លេខទូរស័ព្ទ​៖

Smart​: 086​ / 087​ 647​ 168​

Cellcard​: 061​ / 089​ 647​ 168​

Metfone​: 060​ / 090​ 647​ 168​

តាមរយៈ​ Link​ ខាងក្រោម​៖

https​://forms.gle​/wkXAwz3S4GeMumuH8​

កម្ពុជា​ទទួល​បាន​អ្នកដំណើរ​តាមផ្លូវអាកាស​ជិត១១លាន​នាក់​ក្នុងរយៈពេល១១ខែ​ឆ្នាំនេះ​

ដោយ​ ប៊ី​

ភ្នំ​ពេញៈ​ ចំនួន​អ្នកដំណើរ​នៅ​ព្រលា​នយន្តហោះ​កម្ពុជា​ បាន​កើនឡើង១២ភាគរយ​ក្នុងរយៈពេល១១ខែ​ដំបូង​នៃ​ឆ្នាំនេះ​ ដោយសារតែ​មានផ្លូវ​អាកាស​ថ្មី​ និង​ក្រុមហ៊ុន​អាកាស​ចរ​ណ៍​ថ្មី​ៗកំពុង​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​។

យោង​តាម​តួលេខ​ពី​ក្រុមហ៊ុន​ កម្ពុជា​ អ៊ែរ​ផត​ ដែល​គ្រប់​គ្រង​ព្រលា​នយន្តហោះ​អន្តរជាតិ​ចំនួន៣នៅ​កម្ពុជា​រួម​មា​នព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ ព្រលា​នយន្តហោះ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​ និង​ព្រលា​នយន្តហោះ​អន្តរជាតិ​ខេត្តសៀមរាប​បាន​បង្ហាញថា​ ចាប់ពី​ខែ​ មករា​ដល់​ខែ​ វិច្ឆិកា​ អ្នកដំណើរ​មាន​ចំនួន១០​,៦លាន​នាក់​។

អាកាសយាន​ដ្ឋាន​ភ្នំពេញ​ និង​ក្រុង​ព្រះសីហនុ​ មានការ​កើនឡើង​នូវ​ចរាចរណ៍​ច្រើនជាង​គេ​ ខណៈ​អាកាសយាន​ដ្ឋាន​សៀមរាប​ ជួប​ការ​ធ្លាក់ចុះ​ចរាចរណ៍​យន្តហោះ​។

អាកាសយាន​ដ្ឋាន​ភ្នំពេញ​ បាន​ដឹក​អ្នកដំណើរ​ចំនួន៥​,៥ លាន​នាក់​កើនឡើង១២​ ភាគរយ​ ហើយ​អាកាសយាន​ដ្ឋាន​ក្រុង​ព្រះសីហនុ​ ទទួល​បាន​កំណត់ត្រា​ខ្ពស់​ដោយមាន​កំណើន១៧៧ភាគរយ​ ស្មើនឹង​ចំនួន​អ្នកដំណើរ​ចំនួន១​,៥លាន​នាក់​។

ផ្ទុយទៅវិញ​ អាកាសយាន​ដ្ឋាន​ខេត្តសៀមរាប​ឃើញថា​ ចរាចរណ៍​អ្នកដំណើរ​ធ្លាក់ចុះ១១ភាគរយ​ ដោយមាន​ចំនួន​អ្នកធ្វើ​ដំណើរ​ស្មើនឹង៣​,៥លាន​នាក់​។

លោកខែ​ក ណូរី​នដា​ ប្រធាន​ផ្នែក​ទំនាក់ទំនង​ និង​ទីផ្សារ​ក្រុមហ៊ុន​កម្ពុជា​ អ៊ែរ​ផត​ ត្រូវ​បាន​រាយការណ៍​ថា​ “សម្រាប់​អាកាសយាន​ដ្ឋាន​ភ្នំពេញ​ ការ​រីកចម្រើន​ត្រូវ​បាន​ជំរុញ​ដោយក្រុម​ហ៊ុន​អាកាសចរណ៍​ថ្មី​ និង​ផ្លូវ​ហោះហើរ​”។

លោក​បន្ត​ថា​ “សម្រាប់​ក្រុង​ព្រះសីហនុ​ ក្រុមហ៊ុន​អាកាសចរណ៍​ និង​ផ្លូវ​ហោះហើរ​ថ្មី​គឺជា​ក្បាលម៉ាស៊ីន​ នៃ​កំណើន​ចំនួន​អ្នកធ្វើ​ដំណើរ​។ លើស​ពីនេះ​ទៀត​ ក្រុមហ៊ុន​អាកាសចរណ៍​ក្នុង​ស្រុក​ បាន​ប្តូរ​សេវាកម្ម​របស់​ពួកគេ​ពី​ខេត្តសៀមរាប​ ទៅ​កាន់់​ក្រុង​ព្រះសីហនុ​”។

សម្រាប់​ខេត្តសៀមរាប​ក្រុមហ៊ុន​អាកាសចរណ៍​មួយចំនួន​ បាន​ឈប់​ហោះហើរ​នៅ​ទីនោះ​។ ឧទាហរណ៍​ ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី​ និង​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុង​ស្រុក​បាន​ប្តូរ​ជើងហោះហើរ​របស់​ពួកគេ​ ទៅកាន់​ក្រុង​ព្រះសីហនុ​។

យោង​តាម​ក្រសួងទេសចរណ៍​ កម្ពុជា​ទទួល​បាន​ទេសចរ​បរទេស​ចំនួន៥​,២ លាន​នាក់​ចាប់ពី​ខែ​ មករា​ដល់​ខែតុលា​ ឆ្នាំនេះ​កើនឡើង៩​,៧ ភាគរយ​។ ក្នុងចំណោម​នោះ​មាន​ ៣,៧លាន​នាក់​ បាន​ឆ្លង​កា​ត់​ព្រលា​នយន្តហោះ​ កើនឡើង១២ភាគរយ​ក្នុងរយៈពេល​នេះ​។

បច្ចុប្បន្ន​នេះ​ កម្ពុជា​មាន​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុង​ស្រុក​ចំនួន៥​ និង​ក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិ​ចំនួន៤៤​៕

ការសាងសង់​ផ្លូវជាតិ​លេខ៣​ ភ្នំពេញ​-កំពត​ សម្រេច​បាន​ប្រមាណ៦១​%ហើយ​

ដោយ ​វុត្ថា​

ភ្នំពេញ​: លោក​ទេស​រដ្ឋមន្រ្តី​ ស៊ុន​ ចាន់​ថុល​រដ្ឋមន្ត្រី​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បានឱ្យ​ដឹង​ថា​ លទ្ធផល​ក្នុង​ការសាងសង់​ផ្លូវជាតិ​លេខ៣​ (ភ្នំពេញ​-កំពត​) សម្រេច​បាន​ប្រមាណ៦១​%ហើយ​។

លោក​ស៊ុន​ ចាន់​ថុ​លបាន​មានប្រសាសន៍​បែបនេះ​ នៅ​ ក្នុង​ការ​ចុះ​ត្រួតពិនិត្យ​ស្ថានភាព​ផ្លូវជាតិ​លេខ៤១​ និង​ផ្លូវជាតិ​លេខ៣​ (ភ្នំពេញ​-កំពត​-វាលរេញ​) ដែល​កំពុង​ជួសជុល​ និង​សាងសង់​ពង្រីក​ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ចរាចរណ៍​ក្នុង​ពិធីបុណ្យ​សមុទ្រ​ ពិធី​ប្រណាំង​កង់​អន្តរជាតិ​ និង​ការ​ប្រកបមុខរបរ​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ​ របស់​ប្រជាពលរដ្ឋ​ កាល​ចុង​សប្តាហ៍​កន្លងមក​នេះ​។

ដោយឡែក​កំណាត់ផ្លូវ​ជាតិ​លេខ៣នេះ​ដដែល​ ពី​រង្វង់​មូល​ជុំ​គិរី​ដល់ទី​រួម​ខេត្តកំពត​ គឺ​សម្រេច​បាន៨៥​%ហើយ​។

លោក​ស៊ុន​ ចាន់​ថុ​លបា​នប​ញ្ជា​ក់​ថា​ ផ្លូវជាតិ​លេខ៣​ (ភ្នំពេញ​-កំពត​) មាន​ប្រវែង​ ១៣៤​,៨២៦គីឡូម៉ែត្រ​ បាន​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃទី១៧​ ខែតុលា​ ឆ្នាំ២០១៨​ និង​គ្រោង​បញ្ចប់​នៅ​ថ្ងៃទី១៦​ ខែតុលា​ ឆ្នាំ២០២២​ ដោយ​ប្រើ​រយៈពេល៤៨ខែ​ សាងសង់​ដោយក្រុម​ហ៊ុន​ China​ Road​ and​ Bridge​ Corporation​ និង​ត្រួតពិនិត្យ​បច្ចេកទេស​ដោយក្រុម​ហ៊ុន​ Guangzhou​ Wanan​ Construction​ Supervision​ Co​., Ltd​។

ចំណែក​ឯ កំណាត់ផ្លូវ​ជាតិ​លេខ៣​ (កំពត​-វាលរេញ​) លោក​ទេស​រដ្ឋមន្ត្រី​បាន​ពិនិត្យ​ឃើញថា​ ក្រុមហ៊ុន​ត្រួតពិនិត្យ​បច្ចេកទេស​ បាន​បណ្ដោយ​ឱ្យ​ក្រុមហ៊ុន​សាងសង់​ស្ថាបនា​ខុសពី​បទដ្ឋាន​បច្ចេកទេស​ ដូចជា​យក​គ្រួស​ថ្ម​ធំៗ​មក​អ៊ុត​ជាមួយ​បេតុង​កៅស៊ូ​ជាដើម​។

ទោះជា​យ៉ាងនេះ​ក្ដី​ ជា​បណ្ដោះអាសន្ន​ លោក​ទេស​រដ្ឋមន្ត្រី​ទុក​ពេល​ឱ្យ​ចំនួន១០ថ្ងៃ​ ដើម្បី​កែ​លម្អ​ផ្លូវ​នេះ​ឱ្យ​បាន​ល្អ​ឡើងវិញ​ ដោយ​ប្រើ​កម្លាំង​បន្ថែម​ពី​នាយកដ្ឋាន​ពាក់ព័ន្ធ​ដើ​ម្បី​ស្វាគមន៍​ពិធីបុណ្យ​សមុទ្រ​នៅ​ខេត្តកំពត​ ចាប់ពី​ថ្ងៃទី២​ ដល់​ថ្ងៃទី២២​ ខែធ្នូ​ ឆ្នាំ២០១៩​ និង​ពិធី​ប្រណាំង​កង់​អន្តរជាតិ​ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី៦​ ខែមករា​ ឆ្នាំ២០២០​ ខាងមុខនេះ​។

លោក​ទេស​រដ្ឋមន្ត្រី​បាន​បន្ត​ថា​ បន្ទាប់ពី​នោះ​ ក្រសួង​នឹង​មាន​វិធានការ​បន្តបន្ទាប់​ទៀត​ ឬអាច​ជួសជុល​ឡើងវិញ​ទាំងស្រុង​តែម្ដង​ដោយក្រុម​ហ៊ុន​ផ្សេង​។

លោក​ថា​ “រដ្ឋាភិបាល​ គឺ​ទទួលយក​តែ​ផ្លូវ​មានគុណ​ភាពរឹងមាំ​ ជាប់​បាន​យូរ​តែប៉ុណ្ណោះ​។ ដូចនេះ​ក្រុមហ៊ុន​សាងសង់​ ត្រូវ​អនុវត្ត​តាម​បទដ្ឋាន​បច្ចេកទេស​ឱ្យ​បាន​ម៉ឺងម៉ាត់​បំផុត​ បើ​មិន​ចង់​បញ្ចប់​កិច្ចសន្យា​មុនពេលកំណត់​”។

លោ​ទេស​រដ្ឋ​មន្ដ្រី​ បាន​សំណូមពរ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ មានការ​យោគយល់​អត់ធ្មត់​អធ្យាស្រ័យ​ ចំពោះ​ការ​រំខាន​នានា​ខណៈ​ពេល​កំពុង​សាងសង់​ ប៉ុន្តែ​ត្រូវ​ផ្ដោត​លើ​សុវត្ថិភាព​ជាចម្បង​ កុំ​ដឹកទំនិញ​លើស​ទម្ងន់​កម្រិត​កំណត់​ និង​រួមគ្នា​ថែរក្សា​ទ្រព្យសម្បត្តិ​របស់​យើង​ឱ្យ​បាន​ជាប់​គង់វង្ស​យូរអង្វែង​ ដើម្បី​កុំឱ្យ​ខាតបង់​ថវិកាជាតិ​ច្រើន​៕