កូរ៉េ​ខាងត្បូង​បាន​បោះទុន​វិនិយោគ​សរុប​ប្រមាណ​ជាង៤៤៧០លាន​ដុល្លារ​នៅ​កម្ពុជា​ក្នុងរយៈពេល​ជាង២០ឆ្នាំ​

ដោយ​ ប៊ី​

ភ្នំ​ពេញៈ​ លំហូរ​ទុន​វិនិយោគ​ផ្ទាល់​ពី​ប្រទេស​កូរ៉េ​ខាងត្បូង​ មកកាន់​កម្ពុជា​មាន​ទំហំ​ទឹកប្រាក់​សរុប​ប្រមាណ​ជាង៤៤៧០​ លាន​ដុល្លារ​ នៅ​កម្ពុជា​ចាប់ពី​ឆ្នាំ១៩៩៦​ ដល់​ខែមករា​ ឆ្នាំ២០១៩នេះ​ ខណៈ​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ និង​កូរ៉េ​មាន​ប្រមាណ​ជិត៧០០លាន​ដុល្លារ​ ក្នុងរយៈពេល៩ខែ​ ឆ្នាំ២០១៩នេះ​។

លោក​កុយ​ គួង​ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិ​ការអន្តរជាតិ​បាន​ថ្លែង​នៅ​ថ្ងៃ​ចន្ទ​ ទី២៣​ ខែធ្នូ​ ឆ្នាំ២០១៩កន្លងមក​នេះ​ស្តី​ពី​ លទ្ធផល​ជំនួប​រវាង​លោក​ឧបនាយក​រដ្ឋមន្រ្តី​ ប្រាក់​ សុ​ខុន​ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ ក្នុង​ឱកាស​អនុញ្ញាត​ឲ្យ​លោក​ Park​ Heung​-kyoeng​ ឯកអគ្គ​រដ្ឋទូត​តែងតាំង​ថ្មី​ នៃ​សាធារណរដ្ឋ​កូរ៉េ​ ចូល​ជួប​សម្តែង​ការគួរសម​។

​អ្នកនាំពាក្យ​រូប​នេះ​បាន​ថ្លែង​ថា​ “បើសិន​យើង​មើល​ទុន​វិនិយោគ​កូរ៉េ​ មក​កម្ពុជា​កន្លងមក​ យើង​ឃើញថា​ក្នុង​ឆ្នាំ១៩៩៦​ ដល់​ខែមករា​ឆ្នាំ២០១៩នេះ​ មាន​ប្រមាណ​ជាង​ ៤៤៧០លាន​ដុល្លារ​”។ លោក​ កុយ​ គួង​ បាន​លើកឡើង​ពី​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-កូរ៉េ​ ដោយ​បញ្ជាក់​ថា​ “ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ យើង​ពិនិត្យមើល​ឆ្នាំ២០១៨​ មាន​ប្រមាណ​ជា​ជិត៨០០លាន​ដុល្លារ​ ប៉ុន្តែ​ព័ត៌មាន​ខាង​កូរ៉េ​មាន​ជិត១០០០ពាន់​លាន​ដុល្លារ​។ បើ​ឆ្នាំ២០១៩​ រយៈពេល៩ខែ​នេះ​ ប្រមាណ​ជិត៧០០លាន​ដុល្លារ​”។

បើ​តាម​អ្នកនាំពាក្យ​ សម្រាប់​វិស័យ​ទេសចរណ៍​វិញ​ អ្នកទេសចរ​កូរ៉េ​មក​ទស្សនា​កម្ពុជា​ ក្នុង​មួយ​ឆ្នាំ​ៗប្រមាណ៣០ម៉ឺន​ ទៅ៤០ម៉ឺន​នាក់​។ កម្ពុជា​-កូរ៉េ​ ក៏​ជំរុញ​ឲ្យ​មាន​កំណើន​អ្នកទេសចរ​កាន់តែ​ច្រើន​ ពីព្រោះ​បើ​ពិនិត្យមើល​ជើង​យន្តហោះ​ ដែល​ហោះ​ត្រង់​មក​កម្ពុជា​ប្រមាណ៥០ជើង​ក្នុង​មួយ​សប្តាហ៍​។

លោក​កុយ​ គួង​ បាន​ឲ្យដឹង​ទៀត​ថា​ ភាគី​ទាំងពីរ​ក៏បាន​ពិភាក្សា​ពី​វិស័យ​កសិកម្ម​ផង​ដែរ​ ដែល​ឯកសារ​ចំនួន៥​ ចុះហត្ថលេខា​នៅ​ទី​ក្រុង​ប៊ូ​សាន​ ក៏​មាន​អនុស្សារ​ណៈ​ការយោគយល់​គ្នា​ លើ​វិស័យ​កសិកម្ម​ ពីព្រោះ​កសិកម្ម​នៅ​កូរ៉េ​ មាន​កសិកម្ម​ទទួលផល​បាន​ច្រើន​ មាន​បច្ចេកវិទ្យា​ទំនើប​លើ​រឿង​កសិកម្ម​។ កម្ពុជា​សង្ឃឹមថា​ នឹង​ធ្វើឲ្យ​វិស័យ​កសិកម្ម​កាន់តែ​ល្អ​ថែមទៀត​ ហើយ​ក្នុង​នោះ​ក៏​មានការ​នឹង​ត្រៀម​នាំ​ផ្លែស្វាយ​កម្ពុជា​ ទៅ​លក់​នៅ​កូរ៉េ​ដែរ​ ស្រប​ពេល​កម្ពុជា​សង្ឃឹមថា​ផ្លែស្វាយ​ នឹង​ទទួល​បាន​នូវ​ការ​គាំទ្រ​ច្រើន​ពី​កូរ៉េ​។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ បាន​បន្ត​ទៀត​ថា​ ចំពោះ​ទំនាក់ទំនង​ផ្នែក​ពហុភាគី​ កម្ពុជា​-កូរ៉េ​ បាន​ពិភាក្សា​ពី​កិច្ច​សហប្រតិបត្តិ​ការ​ ក្នុង​ក្របខណ្ឌ​អាស៊ាន​-កូរ៉េ​ ក៏ដូចជា​មេគង្គ​-កូរ៉េ​ ដែល​កន្លងមក​នេះ​ ប្រធានាធិបតី​កូរ៉េ​ បាន​ផ្តួចផ្តើម​គំនិត​ មាន​គម្រោង​ជាច្រើន​ ដើម្បីឲ្យ​កិច្ច​សហប្រតិបត្តិ​ការ​អាស៊ាន​-កូរ៉េ​ និង​មេគង្គ​-កូរ៉េ​ ឲ្យ​មាន​លក្ខណៈ​រឹងមាំ​ខ្លាំងក្លា​ថែមទៀត​។

ភាគី​ទាំងពីរ​ ក៏បាន​ពិភាក្សា​ធ្វើ​យ៉ាងណា​ជំរុញ​ឲ្យ​គម្រោង​ទាំងនោះ​ ដំណើរការ​ដោយ​ល្អ​ប្រសើរ​ ជាពិសេស​សេចក្តី​ថ្លែងការណ៍​ ទី​ក្រុង​ប៊ូ​សាន​កន្លងមក​នេះ​ ដែល​ផ្តោត​លើ​វិស័យ៣​ ឬ 3P​ រួមមាន​ People​ (មនុស្ស​) Peace​ (សន្តិភាព​) និង​ Prosperity​ (វិបុលភាព​) ដែល​កូរ៉េ​បាន​ដើរតួ​សំខាន់​ក្នុង​ការងារ​នេះ​ ជាពិសេស​កិច្ច​សហប្រតិបត្តិ​ការ​មេគង្គ​-កូរ៉េ​ ផ្តោត​លើ​ធនធានទឹក​ ដើម្បីឲ្យ​ទឹក​ត្រូវ​ប្រើប្រាស់​បាន​ឲ្យ​ល្អ​៕

ក្រសួង​ពាណិជ្ជកម្ម​បញ្ជាក់​ដល់​បណ្តា​ម្ចាស់​រោងចក្រ​ និង​អ្នកនាំ​ចេញទៅ​ទីផ្សារ​អឺរ៉ុប​ពី​ លក្ខខ័ណ្ឌ​នៃ​ការនាំចេញ​ចាប់ពី​ឆ្នាំ២០២០​

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ រោងចក្រ​ ក្រុមហ៊ុន​ សហគ្រាស​ និង​អ្នកនាំ​ចេញទៅ​សហភាព​អឺរ៉ុប​ (EU​) នឹង​ទទួល​បាន​អត្ថ​ប្រយោជន៍​ច្រើន​ ពី​ការអនុវត្ត​ប្រព័ន្ធ​ចុះបញ្ជី​អ្នកនាំ​ចេញ​ (Registered​ Exporter​-REX​ System​) សម្រាប់​ការនាំចេញ​ទៅ​ទីផ្សារ​សហភាព​អឺរ៉ុប​នា​ដើមឆ្នាំ២០២០​។

ក្រសួង​ពាណិជ្ជ​កម្ម​ឪ្យ​ដឹង​ថា​ផលប្រ​យោន​ន៍​ទាំងនោះ​រួមមាន​ ជួយ​សម្រួល​ដល់​ការនាំចេញ​ទំនិញ​ពី​កម្ពុជា​ កាត់បន្ថយ​ពេលវេលា​ ចំណេញ​ថវិកា​ និង​នាំចេញ​ដោយ​ពុំ​ចាំបាច់​ស្នើសុំ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភព​ដើម​ទំនិញ​ (CO​)។

នេះ​ជា​ការ​លើកឡើង​របស់​លោក​ ពេជ​ ឬទ្ធី​ អនុរដ្ឋ​លេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​ កាលពី​ព្រឹក​ថ្ងៃទី២៣​ ខែធ្នូ​ ឆ្នាំ២០១៩​ នៅក្នុង​សិក្ខាសាលា​ស្តី​ពី​ “ការអនុវត្ត​ប្រព័ន្ធ​ចុះបញ្ជី​អ្នកនាំ​ចេញ​សម្រាប់​នាំចេញ​ទៅ​សហភាព​អឺរ៉ុប​ (EU​) ។ លោក​ថា​ សិក្ខាសាលា​នេះ​មាន​គោលបំណង​ជូនដំណឹង​ និង​ផ្សព្វផ្សាយ​ដល់​បណ្តា​ផលិតករ​ ពាណិជ្ជករ​ រោងចក្រ​ និង​ក្រុមហ៊ុន នាំចេញ​ពី​កម្ពុជា​ទៅ​ទីផ្សារ​សហភាព​អឺរ៉ុប​ ឲ្យបាន​យល់ដឹង​អំពី​នីតិវិធី​ចុះបញ្ជី​អ្នកនាំ​ចេញ​ និង​លក្ខខណ្ឌ​តម្រូវ​ចាំបាច់​ដើម្បី​អាច​អនុវត្ត​ប្រព័ន្ធ​(REX​)នេះ​ ដែល​ពុំ​ធ្លាប់​បាន​ចូលរួម​សិក្ខាសាលា​នេះ​កន្លងមក​។

លោក​បន្ត​ទៀត​ថា​ សហភាព​អឺរ៉ុប​បាន​តម្រូវ​ឱ្យ​បណ្តា​ អ្នកនាំ​ចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​ទីផ្សារ​ EU​ ចាប់ផ្តើម​អនុវត្ត​ប្រព័ន្ធ​នេះ​ចាប់ពី​ដើមឆ្នាំ២០២០តទៅ​។

ក្នុង​សិក្ខាសាលា​នេះ​ លោក​វាគ្មិន​បាន​ពន្យល់​យ៉ាង​ច្បាស់លាស់​ អំពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​របស់​សហភាព​អឺរ៉ុប​ កំណែ​ទម្រង់​នីតិវិធី​នៃ​ការ​ចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ដើមកំណើត​ទំនិញ​ និង​ការអនុវត្ត​ប្រព័ន្ធ​ចុះបញ្ជី​អ្នកនាំ​ចេញ​ (REX​ System​) សម្រាប់​ការនាំចេញ​ពី​កម្ពុជា​ទៅ​ទីផ្សារ​សហភាព​អឺរ៉ុប​ (EU​)។

លោក​អនុរដ្ឋ​លេខាធិការ​ បាន​បញ្ជាក់​អំពី​អត្ថ​ប្រយោជន៍​ចំពោះ​ក្រុមហ៊ុន​ និង​អ្នកនាំ​ចេញ​ដែល​បាន​ចុះបញ្ជី​តាម​ប្រព័ន្ធ​ចុះបញ្ជី​អ្នកនាំ​ចេញ​ (REX​ System​) នឹង​ទទួល​បានការ​លើកលែង​ពន្ធ​ ក្នុង​ការនាំចេញ​ទំនិញ​ពី​កម្ពុជា​ ទៅកាន់​សហភាព​អឺរ៉ុប​ចាប់ពី​ដើមឆ្នាំ២០២០តទៅ​ ដោយឡែក​រោងចក្រ​ ក្រុមហ៊ុន​ សហគ្រាស​ និង​អ្នកនាំ​ចេញ​ ដែល​ពុំ​ទាន់បាន​ចុះបញ្ជី​ក្នុង​ប្រព័ន្ធ​នេះ​ នឹង​ត្រូវ​ជាប់​កាតព្វកិច្ច​បង់ពន្ធ​ (ពន្ធ​នាំចូល​) ពេល​នាំចូល​ទៅ​សហភាព​អឺរ៉ុប​(EU​)។

លោក​បាន​លើកទឹកចិត្ត​ពាណិជ្ជករ​ ឬអ្នកនាំ​ចេញ​ទំនិញ​ទៅ​ទីផ្សារ​សហភាព​អឺរ៉ុប​ ​; ត្រូវ​ត្រៀមលក្ខណៈ​សម្បត្តិ​ និង​ចូលរួម​ចុះបញ្ជី​តាម​ប្រព័ន្ធ​ចុះបញ្ជី​អ្នកនាំ​ចេញ​នេះ​ ឱ្យ​បាន​គ្រប់​ៗគ្នា​ ដែល​សហភាព​អឺរ៉ុប​ បាន​តម្រូវ​ឱ្យ​បណ្តា​អ្នកនាំ​ចេញពី​កម្ពុជា​ ចាប់ផ្តើម​អនុវត្ត​ប្រព័ន្ធ​នេះ​នៅដើម​ឆ្នាំ២០២០​៕

សម្តេចតេជោនឹងអញ្ជើញសម្ភោធផ្សារធំជាងគេនៅព្រំដែនកម្ពុជា វៀតណាមនៅថ្ងៃស្អែក

ដោយ វុត្ថា

ភ្នំពេញៈ សម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក Nguyen Xuan Phuc នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នឹងអញ្ជើញចូលរួមសម្ពោធផ្សារគំរូព្រំដែនកម្ពុជា-វៀតណាម «ផ្សារដា» ស្ថិតនៅក្នុងស្រុកមេមត់ ជាប់ព្រំដែនខេត្តត្បូងឃ្មុំ និងខេត្តតៃនិញ នៅថ្ងៃទី២៤ ខែធ្នូស្អែកនេះ។

ផ្សារដារនេះ ត្រូវបានអនុម័ត លើកដំបូងកាលពីឆ្នាំ២០១៣ ហើយត្រូវបានបន្តអនុវត្ត ឡើងវិញនៅឆ្នាំ២០១៦ នៅលើផ្ទែដី១៩,៦២៨ម៉ែត្រការ៉េ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តត្បូងឃ្មុំ ជាមួយទុនវិនិយោគ សរុបចំនួន៤៤,៧៦១,៤១១,០០០ វៀតណាមដុង ឬប្រមាណជិត២ លានដុល្លារអាមេរិក ដែលជាជំនួយរបស់រដ្ឋាភិបាលវៀតណាម ។

លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ធ្លាប់បានឱ្យដឹងថា ផ្សារគំរូព្រំដែននេះ នឹងជួយបង្កើនទំហំពាណិជ្ជកម្មនៅតាមព្រំដែន និងលើកកម្ពស់ជីវភាពប្រជាជនកម្ពុជា-វៀតណាម។

លើសពីនេះ លោករដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលវៀតណាម ជាពិសេសក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ព្រមទាំងភាគីពាក់ព័ន្ធ ដែលបានជួយសម្របសម្រួលគម្រោងសាងសង់ផ្សារនេះ ដើម្បីទុកជានិម្មិតរូប និងជាសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ។

លោកបន្តថា «ខ្ញុំសង្ឃឹមថាផ្សារនេះ នឹងបម្រើអត្ថប្រយោជន៍ប្រជាពលរដ្ឋកម្ពុជា និងសម្រាប់ដាក់លក់ទំនិញប្រជាជននៃប្រទេសទាំងពីរ ជាពិសេសរួមចំណែកដោះស្រាយបញ្ហាប្រឈម និងរបាំងពាណិជ្ជកម្មនានា ដែលតែតែងរាំងស្ទះដល់ធ្វើចរាចរណ៍ទំនិញ និងផលិតផលនៅតាមព្រំដែនកម្ពុជា និងវៀតណា»

លោក​ឧកញ៉ា​ ម៉ុង​ ឬទ្ធី​លើកទឹកចិត្ត​ឱ្យ​វិនិយោគិន​ទាំងអស់​ផ្តោត​លើ​ការ​វិនិយោគ​នៅ​តំបន់ជនបទ

​ដោយ​ វុត្ថា​

ភ្នំពេញ​៖ លោក​ឧកញ៉ា​ ម៉ុង​ ឬទ្ធី​ មហាសេដ្ឋី​កសិកម្ម​ប្រចាំ​កម្ពុជា​ បាន​លើកទឹកចិត្ត​ដល់​ក្រុម​ធុរជន​ វិនិយោគិន​ សហគ្រិន​ និង​អ្នក​អភិវឌ្ឍ​នានា​ បោះទុន​វិនិយោគ​នៅ​តាម​បណ្តាជន​បទ​ដាច់ស្រយាល​ ដើម្បី​កាត់បន្ថយ​កកស្ទះ​ចរាចរណ៍​នៅក្នុង​ក្រុង​ និង​ផ្តល់​ឱកាស​ការងារ​ដល់​អ្នកជនបទ​។

លោក​ឧកញ៉ា​ ឱ្យ​ដឹង​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុ​ក កាល​ពី​ថ្មី​ៗនេះ​ថា​ អ្នកជំនួញ​ភាគច្រើន​ដែល​បាន​បោះទុន​វិនិយោគ​តែងតែ​ចង់បាន​ ដើមទុន​ ដែល​បាន​បោះ​ទៅ​ហើយ​នោះ​ ឆាប់​បាន​មកវិញ​ ព្រមទាំង​ទទួល​បាន​ប្រាក់ចំណេញ​យ៉ាងច្រើន​ សន្ធឹក​សន្ធាប់​ផង​ដែរ​។

លោក​ឧកញ៉ា​បន្ត​ថា​ ” រី​ឯចំណែក​ រូប​ខ្ញុំ​វិញ​ក៏​ចង់បាន​ ដូចគេដូចឯង​ដែរ​ តែ​មិន​អាច​ធ្វើ​ទៅរួច​ទេ​ ដោយសារតែ​ គេ​បោះទុន​នៅក្នុង​ទីក្រុង​ ខ្ញុំ​បោះទុន​នៅ​ទី​ជនបទ​ លើ​វិស័យ​កសិកម្ម​ កសិ​ឧស្សាហកម្ម​ មិន​ងាយ​ទទួល​បាន​ ទុន​វិ​និ​យោក​ មកវិញ​ទេ​”។

លោក​ឧកញ៉ា​បន្ថែម​ថា​ ហើយ​បើ​យើង​ភាគច្រើន​សម្រុក​ទៅ​អភិវឌ្ឍន៍​ តែ​នៅក្នុង​ទីក្រុង​ នោះ​ ប្រជាជន​ដែល​នាំគ្នា​សម្រុក​ទៅ​រក​ការងារ​ ធ្វើ​មិន​ងាយ​ វិលត្រឡប់​មក​ទី​ជនប​ទយ​វិញ​ទេ​ ធ្វើអោយ​ទីក្រុង​កាន់តែ​ចង្អៀត​ ណែនណាន់​តាន់តាប់​កកស្ទះ​ ចរាចរណ៍​ បង្កើត​ជា​បញ្ហា​រាប់​រយ​ពាន់​ធ្វើអោយ​ អាជ្ញាធរ​ដែនដី​ ពិបាក​ដោះស្រាយ​ ។ល។

លោក​ឧកញ៉ា​មហាសេដ្ឋី​កសិកម្ម​រូប​នេះ​ បាន​អំពាវនាវ​ដល់​អ្នកមាន​ទុន​វិនិយោគ​ទាំងឡាយ​ សុំ​មេត្តា​ជួយ​ មក​ចូលរួម​ចំណែក​ អភិវឌ្ឍន៍​នៅ​ទី​ជនបទ​ ជាពិសេស​ លើ​វិស័យ​កសិកម្ម​ កសិ​ឧស្សាហកម្ម​ ដើម្បី​ផ្តល់​ការងារ​ នៅ​ជិ​តៗ​ លំនៅឋាន​ អោយ​ប្រជាជន​ យើង​បាន​ធ្វើ​តែម្តង​ ក្នុង​ន័យ​ចូលរួម​ ចំណែក​ជួ​កាត់បន្ថយ​ ភាព​ក្រីក្រ​ របស់​ប្រជាជន​ ជាមួយ​រាជរដ្ឋាភិបាល​របស់​យើង​៕

ធនាគារ​ ADB​ ផ្តល់​ថវិកា​ ៧លាន​ដុល្លារ​សម្រាប់​សាងសង់​ប្រព័ន្ធ​រំដោះ​ទឹកភ្លៀង​ក្រុង​បាវិត​

ដោយ​ ៖ រ៉ា​ណេត​

ស្វាយរៀង​ ៖ ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ ADB​ បាន​ជំនួយ​នូវ​ថវិកា​ចំនួន៧លាន​ដុល្លារ​រដ្ឋបាល​ក្រុង​បាវិត​ ខេត្តស្វាយរៀង​ ដើម្បី​សាងសង់​ប្រព័ន្ធ​រំដោះ​ទឹកភ្លៀង​ចេញពី​ក្រុង​ ដើម្បី​លើកកម្ពស់​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ និង​បញ្ចៀស​ការ​ជន់​លិច​នៅក្នុង​ក្រុង​។

គម្រោង​សាងសង់​ប្រព័ន្ធ​រំដោះ​ទឹកភ្លៀង​ និង​ប្រព័ន្ធ​លូ​ដែល​ស្ថិត​នមៅ​ក្នុង​គម្រោង​នេះ​មា​នប្រ​វែ​ថ៦គីឡូម៉ែត្រ​ ឆ្លងកាត់​ភូមិ​ចំនួន៣​ រួមមាន​ភូមិ​បាវិត​លើ​ ភូមិ​បាវិត​កណ្តាល​ និង​ភូមិ​ក្រ​លាវ​ ដោយ​ចំណាយ​ថវិការ​ចំនួន៧លាន​ដុល្លារ​ និង​ចំណាយពេល​ប្រមាណ១២ខែ​ ។

ថ្លែង​នៅក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី២៣​ ខែធ្នូ​ ឆ្នាំ២០១៩នេះ​ លោក​ លឹម​ សៀង​ហេង​ អភិបាលក្រុង​បាវិត​ បាន​លើកឡើង​ថា​ ការ​បើក​ការដ្ឋាន​នៅ​ថ្ងៃនេះ​ គឺជា​ផ្នែក​មួយ​នៃ​ការអនុវត្ត​អនុ​គម្រោង​នៃ​គម្រោង​អភិវឌ្ឍន៍​ សេដ្ឋកិច្ច​ក្រុង​របៀង​ខាងត្បូង​ នៃ​មហា​អនុ​តំបន់​ទន្លេមេគង្គ​ ដែល​ជា​គម្រោង​កំពុង​ត្រូវ​បាន​អនុវត្តន៍​ដោយ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​។

លោក​បញ្ជាក់​ថា​ “គម្រោង​នេះ​ មានការ​គាំទ្រ​ហិរញ្ញប្បទាន​ ពី​ដៃ​គូរ​អភិវឌ្ឍន៍​ធនាគារ​អភិវឌ្ឍ​ន៍​អាស៉ី​ មាន​គោលបំណង​លើកកម្ពស់​ហេដ្ឋារចនាសម្ព័ន្ធ​ ដើម្បី​ដោះស្រាយ​ការ​បំពុលបរិស្ថាន​ ដែល​បាន​កើតឡើង​ពី​កំណើន​ប្រជាពលរដ្ឋ​ និង​កំណើន​សកម្មភាព​សេដ្ឋកិច្ច​នៅក្នុង​ទីក្រុង​ចំនួន៤​ រួមមាន​បាវិត​ អ្នកលឿង​ បាត់ដំបង​ និង​ប៉ោយប៉ែត​”។

ក្រុង​បាវិត​បាន​ទទួល​អនុ​គម្រោង​ចំនួន៣​ ដោយ​អនុ​គម្រោង​ទី១​ គឺជា​អនុ​គម្រោង​សាងសង់​ទីលាន​ញែក​សំរាម​ អនុ​គម្រោង​ទី២​ គឺជា​អនុ​គម្រោង​ស្តារ​ឡើងវិញ​ នូវ​ផ្លូវជាតិ​ក្នុង​ក្រុង​បាវិត​ ដល់​ព្រំដែន​ប្រទេស​វៀតណាម​ និង​អនុ​គម្រោង​ទី៣​ គឺជា​អនុ​គម្រោង​សាងសង់​ប្រព័ន្ធ​លូ​រំដោះ​ទឹកភ្លៀង​ក្រុង​បាវិត​។

បច្ចុប្បន្ន​នេះ​ ការស្ថាបនា​ទីលាន​ញែក​សំរាម​ត្រូវ​បាន​បញ្ចប់​រួចរាល់​ (លើកលែងតែ​ផ្នែក​សាងសង់​បន្ថែម​ ) ហើយ​ការសាងសង់​ផ្លូវ​ក្នុង​ក្រុង​ បាន​បញ្ចប់​ប្រមាណ៧៥ភាគរយ​ និង​ប្រពន្ធ័​លូ​រំដោះ​ទឹកភ្លៀង​ ទើបតែ​បាន​ចាប់ផ្តើម​អនុវត្តន៍​ និង​មានការ​បើក​ការដ្ឋាន​នា​ថ្ងៃនេះ​៕

ក្រសួង​ដែនដី​ប្រកាស​តែងតាំង​ប្រធានមន្ទីរ​ដែនដី​ថ្មី​ប្រចាំ​ខេត្តកំពត​

ដោយ​ ៖ រ៉ា​ណេត​

កំពត​ ៖ ក្រសួង​រៀន​ចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ បាន​ប្រកាស​តែងតាំង​ និង​ផ្ទេរ​ភារកិច្ច​ប្រធានមន្ទីរ​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ខេត្តកំពត​ ក្រោម​វត្តមាន​របស់​លោក​ ឆាន់​ សា​ផា​នរ​ដ្ឋ​ រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ។

នៅ​សាល​ប្រជុំ​សាលាខេត្ត​កំពត​ កាលពី​ថ្ងៃទី២៣​ ខែធ្នូ​ ឆ្នាំ២០១៩នេះ​ មានការ​រៀបចំ​ពិធី​ប្រកាស​តែងតាំង​ និង​ផ្ទេរ​ភារកិច្ច​ប្រធានមន្ទីរ​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ សំណង់​ និង​សុរិយោដី​ខេត្តកំពត​ ក្រោម​វត្តមាន​របស់​លោក​ ឆាន់​ សា​ផាន​ រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ លោក​ ជាវ​ តាយ​ អភិបាលខេត្ត​កំពត​ រួម​ជាមួយ​មន្ត្រី​ក្រោម​ឱវាទ​ជាច្រើន​នាក់​។

យោង​ប្រកាស​លេខ១៧៨​.ដនស.ប្រក​ ចុះ​ថ្ងៃ​ចន្ទ​ ៥រោច​ ខែ​មិគសិរ​ ឆ្នាំកុរ​ ឯកស័ក​ ព.ស​ ២៥៦៣​ ត្រូវ​នឹង​ថ្ងៃទី១៦​ ខែធ្នូ​ ឆ្នាំ២០១៩​ មានខ្លឹមសារ​ថា​ ត្រូវ​បាន​តែងតាំង​លោក​ ដាញ់​ សារី​ ជា​ប្រធានមន្ទីរ​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ សំណង់​ និង​សុរិយោដី​ខេត្តកំពត​ ជំនួស​លោក​ យិន​ វុឌ្ឍ​ ដែល​ត្រូវ​បាន​ផ្ទេរ​ភារកិច្ច​ទៅ​បម្រើការ​នៅ​ទី​ស្តី​ការក្រ​សួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​។

លោក​ ឆាន់​ សា​ផាន​ រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​បាន​មានប្រសាសន៍​ថា​ មន្ត្រី​ជំនាញ​ស្ថិត​ក្នុង​ក្របខ័ណ្ឌ​រដ្ឋ​ត្រូវ​ប្រើប្រាស់​ពេលវេលា​ឱ្យ​បាន​សមរម្យ​ស្របតាម​ច្បាប់​ដែល​បាន​កំណត់​។ មានន័យថា​ក្នុងនាម​ខ្លួន​ជា​អ្នកធ្វើការ​ងារ​ និង​ទទួល​ប្រាក់បៀវត្សរ៍​របស់​រដ្ឋ​បែរជា​ទៅ​បម្រើការ​ឱ្យ​ក្រុមហ៊ុន​ដោយ​ទុក​កិច្ចការ​ទាំងឡាយ​ឱ្យ​នៅ​រាំងស្ទះ​រហូត​បង្ក​ការ​លំបាក​ដល់​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ពឹងពាក់​នោះ​ឡើយ​។

លោក​ ជាវ​ តាយ​ អភិបាលខេត្ត​កំពត​ក៏បាន​មានប្រសាសន៍​ផង​ដែរ​ថា​ ប្រធានមន្ទីរ​ទើប​ទទួល​តំណែង​ថ្មី​ត្រូវ​បន្ត​ធ្វើ​កិច្ចការ​ដែល​នៅ​សេសសល់​ ដេីម្បី​បម្រើ​ប្រជាពលរដ្ឋ​ឱ្យ​បាន​ល្អ​ ពិសេស​ការ​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​ជា​លក្ខណៈ​ប្រព័ន្ធ​ជូន​ប្រជាពលរដ្ឋ​ស្របតាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​លើ​កិច្ចការ​ងារ​ដីធ្លី​៕

គណៈកម្មការ​មូលបត្រ​កម្ពុជា​សម្រេច​ឱ្យ​ CEO​ Master​ Club​ ចែកចាយ​លក់​ ទិញ​មូលបត្រ​នៅ​ថ្ងៃនេះ​

ដោយ ​វុត្ថា

​ភ្នំពេញ​៖ គណៈកម្មការ​មូលបត្រ​កម្ពុជា​ (SECC​) បានសម្រេច​អនុ​ញាត​ឱ្យ​ក្រុមហ៊ុន​ CEO​ Master​ Club​ Investment​ Plc.ចែកចាយ​លក់​ទិញ​មូលប័ត្រ​នៅក្នុង​ប្រទេស​កម្ពុជា​នៅ​ថ្ងៃនេះ​ តប​តាម​ការ​ស្នើសុំ​។

សេចក្តី​សម្រេច​នេះ​ត្រូវ​បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​ SECC​ លើក​ទី៥៨នា​ថ្ងៃទី២៣ខែធ្នូ​ឆ្នាំ២០១៩​ ក្រោម​អធិបតីភាព​លោក​អូន​ ព័ន្ធ​មុនី​រ័ត្ន​ ឧបនាយក​រដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ និង​ជា​ប្រធាន​គណៈកម្មការ​មូលបត្រ​កម្ពុជា​។

លោក​ ស៊ូ​ សុ​ជាតិ​ អគ្គនាយក​គណៈកម្មការ​មូលបត្រ​កម្ពុជា​ បាន​បញ្ជាក់​ថា​ ការ​ប្រមូល​ទុន​ពីសា​ធា​រណៈ​សម្រាប់​គម្រោង​វិនិយោគ​រួម​ត្រូវ​ធ្វើឡើង​តាមរយៈ​ក្រុមហ៊ុន​គ្រប់គ្រង​មូលនិធិ​ ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​ស្របច្បាប់​ពី​គណៈកម្មការ​មូលបត្រ​កម្ពុជា​ ដែល​បាន​អនុលោម​តាម​ស្តង់ដារ​នៃ​ការវាយតម្លៃ​អំពី​គុណ​វុឌ្ឍ​ន៍​ និង​សមត្ថភាព​របស់​ក្រុមហ៊ុន​ក្នុង​ការ​ផ្តល់​តម្លាភាព​ និង​ទំនុកចិត្ត​ដល់​សាធារណៈ​ជន​ឱ្យ​បាន​ច្បាស់លាស់​ជៀសវាង​ការ​វិនិយោគ​ដែល​មាន​ហានិភ័យ​ខ្ពស់​ ដែល​អាច​បង្ក​រប​ញ្ហា​ជា​អវិជ្ជមាន​ដល់​អ្នក​វិនិយោគ​ក៏ដូចជា​វិស័យ​វិនិយោគ​រួម​តែម្តង​។

លោ​កអោម​ សេង​បូរ៉ា​ ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ក្រុម​ក្រុមហ៊ុន​ CEO​ Master​ Club​ Investment​ Plc​. បាន​លើក ឡើង​ថា​ការបង្កើត​ឱ្យ​មាន​ភាព​ស្របច្បាប់​សម្រាប់​ការ​វិនិយោគ​រួម​គឺ​ពិតជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​ការ​កសាង​ម៉ាស៊ីន​សេដ្ឋកិច្ច​របស់​ប្រទេសជាតិ​ ព្រោះ​វា​នឹង​ចូលរួម​ចំណែក​ជួយ​សហគ្រិន​ និង​សហគ្រាស​ដែល​មាន​សក្តា​នុ​ពល​ខ្ពស់​ក្នុង​ការបង្កើត​ប្រាក់ចំណេញ​ និង​មាន​សមត្ថភាព​ដឹកនាំ​គ្រប់គ្រង​ចាត់ចែង​អាជីវកម្ម​មាន​លក្ខណៈ​ស្តង់ដារ​ឱ្យ​ទទួល​បាន​ប្រភព​ទុន​មិន​ចេះ​រីងស្ងួត​ និង​មាន​ភាព​បត់បែន​ខ្ពស់​ដើម្បី​ពង្រីក​អាជីវកម្ម​បង្កើន​ប្រាក់ចំណេញ​របស់​ខ្លួន​ឱ្យ​បាន​កាន់តែ​ច្រើន​។

លោក​បន្ត​ថា​ទន្ទឹម​នឹង​នោះ​ដែរ​ក៏​ផ្តល់​ឱកាស​ដល់​ប្រជាជន​សាធារណៈ​ទូទៅ​ដែល​មាន​លុយ​ទំនេរ​តិច​ក្តី​ច្រើន​ក្តី​អាច​ចូលរួម​វិនិយោគ​ក្នុង​គម្រោ​ងធំៗ​ ដែល​មាន​សក្តា​នុ​ពល​ចំណេញ​ខ្ពស់​ស្របច្បាប់​តម្លាភាព​ និង​មាន​ប្រព័ន្ធ​គ្រប់គ្រង​ហានិភ័យ​ច្បាស់លាស់​។

លោក​ក៏បាន​លើកឡើង​ផង​ដែរ​ថា​ សម្រាប់​បងប្អូន​សហគ្រិន​ដែល​ធ្វើការ​ប្រមូល​ទុន​វិនិយោគ​រួម​នៅក្នុង​វិស័យ​អចលនទ្រព្យ​កន្លងមក​ ដែល​មិន​មាន​ភាព​ស្របច្បាប់​ក្នុង​ការ​ប្រមូល​ទុន​វិនិយោគ​អាច​ពិភាក្សា​គ្នា​ជាមួយ​ក្រុមហ៊ុន​ស៊ី​អ៊ី​អូ​ម៉ាស្ទ័​រក្លឹប​អ៊ិ​នវេ​សម៉ិ​នម.ក​ (CEO​ Master​ Club​ Investment​ Plc​.)ដើម្បី​ក្លាយជា​ដៃ​គូរ​ស្របច្បាប់​ជាមួយគ្នា​បាន​។

ក្នុងរយៈពេល១០ឆ្នាំ​កន្លងទៅ​នេះ​ CEO​ Master​ Club​ បាន​បណ្ដុះបណ្ដាល​សហគ្រិន​កម្ពុជា​រាប់​ម៉ឺន​នាក់​ និង​មាន​សមាជិក​ម្ចាស់​អាជីវកម្ម​ពេញ​មួយ​ជីវិត​ជាង​ ១,០០០នាក់​ ដែល​គ្រប់គ្រង​អាជីវកម្ម​ប្រមាណ​ ២,០០០ក្រុមហ៊ុន​កំពុង​ប្រតិបត្តិ​ការ​អាជីវកម្ម​ជា​ទឹកប្រាក់​ប្រមាណ​ជាង​ ១,០០០លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​ និង​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​បាន​ប្រមាណ​ ១០ម៉ឺន​នាក់​៕

ការសិក្សា​៖ ប្រជាជន​កម្ពុជា​វ័យក្មេង​ចាប់អារម្មណ៍​លើ​វិស័យ​អចលនទ្រព្យ​នៅ​ឆ្នាំ២០១៩នេះ

ដោយ ​វុត្ថា​

ភ្នំពេញ​: គេហទំព័រ​ Realestate.com.kh​ បាន​ធ្វើការ​ស្ទង់មតិ​អំពី​វិស័យ​អចលនទ្រព្យ​នៅក្នុង​ឆ្នាំ២០១៩​ ជាមួយនឹង​អ្នកចូលរួម​ផ្តល់​ចម្លើយ​ ប្រមាណ​ជាង ២​,០០០នាក់​ ក្នុង​នោះ​មាន​ជនជាតិ​ខ្មែរ៧៣.៤​% និង​ជនជាតិ​ចិន​មាន២៣​ % និង​ក្រៅពី​នេះ​ជា​ជន​ជា​តិ​ផ្សេង​ៗ។

យោង​តាម​ការស្ទង់មតិ​នេះ​ បាន​ផ្សព្វផ្សាយ​កាល​ពី​កន្លង​មថ្មី​ៗនេះ​ឪ្យ​ដឹង​ថា​ មនុស្ស​វ័យក្មេង​ចាប់ផ្តើម​ ចាប់អារម្មណ៍​លើ​វិស័យ​អចលនទ្រព្យ​ បើ​ប្រៀបធៀប​នឹង​ការស្ទង់មតិ​កាលពី​ឆ្នាំ២០១៨​ អ្វី​ដែល​គួរឲ្យ​ចាប់អារម្មណ៍​នោះ​ចំនួន​យុវជន​ ដែល​មាន​អាយុ២០ឆ្នាំ​ឬក្មេង​ជាង​នេះ​បាន​កើនឡើង​។

តាម​ការសិក្សា​កាលពី​ឆ្នាំមុន​បាន​រក​ឃើញថា​ យុវជន​ក្នុង​វ័យ​នេះ​មាន​ចំនួន​ត្រឹមតែ​ ០.៥​% ប៉ុណ្ណោះ​ ប៉ុន្តែ​ត្រឹម​រយៈពេល​ តែមួយ​ឆ្នាំ​ប៉ុណ្ណោះ​ចំនួន​នេះ​កើនឡើង២.៨​% នៅក្នុង​ឆ្នាំ២០១៩​។ ការ​កើនឡើង​នៃ​ចំនួន​យុវជន​ដ៏​ច្រើន​នេះ​ បណ្តាល​មក​ពី​ការ​រីកចម្រើន​នៃ​វិស័យ​អប់រំ​ ដែល​ធ្វើឲ្យ​យុវជន​ចាប់ផ្តើម​គិតគូរ​ ពី​ការ​វិនិយោគ​តាំងពី​នៅ​វ័យក្មេង​។ ចំពោះ​ផ្នែក​ផ្សេង​ៗ គេ​ឃើញ​មានការ​ប្រែប្រួល​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ​។

យោង​តាម​របាយការណ៍​ស្រាវជ្រាវ​ឆ្នាំ២០១៩​ នេះ​បាន​បង្ហាញថា​បើ​ទោះបីជា​តម្លៃ​អចលនទ្រព្យ​ នៅក្នុង​ប្រទេស​កម្ពុជា​មានការ​កើនឡើង​ក៏ដោយ​ ចម្លើយ​ជាង​ពាក់កណ្តាល​ បញ្ជាក់​ថា​តម្លៃ​នេះ​អាច​ទទួលយក​បាន​។ ​ប៉ុន្តែ​បើ​ប្រៀបធៀប​នឹង​របាយការណ៍​ឆ្នាំ២០១៨​ គេ​សង្កេតឃើញ​ថា​ចំនួន​អ្នក​ដែល​គិតថា​ តម្លៃ​អចលនទ្រព្យ​អាច​ទទួលយក​បាន​នេះ​បាន​ធ្លាក់ចុះ​ ហើយ​ចំនួន​អ្នក​ដែល​គិតថា​តម្លៃ​នេះ​ (ថ្លៃ​) មិន​អាច​ទទួលយក​បាន​មានការ​កើនឡើង​។

ទោះបីជា​យ៉ាងណាក៏ដោយ​គេ​នៅតែ​ជឿ​ថា​ តម្លៃ​អចលនទ្រព្យ​នឹង​បន្ត​នៅតែ​កើនឡើង​ហើយ​ការ​វិនិយោគ​នឹង​មាន​សភាព​ថេរ​។

លោក​ច្រឹក​ សុ​ខនីម​ ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ បាន​មានប្រសាសន៍​ដឹង​ថា​ វិស័យ​អចន​ទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា​ ទាំង​ការទិញ​លំនៅឋាន​ ដី​ឡូត៍​ និង​ការ​វិនិយោគ​លើ​អគារ​ផ្សេង​ ពុំ​មាន​សញ្ញា​ណា​ធ្លាក់ចុះ​នោះ​ទេ​សម្រាប់​ឆ្នាំ២០១៩នេះ​ ព្រោះ​តម្រូវការ​នៅតែ​មាន​។

លោក​បន្ត​ថា​ “តម្រូវការ​លើ​វិស័យ​អចលនទ្រព្យ​ភាគច្រើន​ គឺជា​វ័យក្មេង​ ជាពិសេស​អ្នក​ដែល​ទើប​រៀបការ​ហើយ​ថ្មីថ្មោង​”។ លោក​បន្ថែម​ថា​ “តម្រូវការ​នេះ​នឹង​នៅតែ​បន្ត​ការ​កើនឡើង​ សម្រាប់​ឆ្នាំទៅ​មុ​ខៗ​ទៀត​”៕

ក្រុមហ៊ុន​ផ្តល់​សេវា​ជួល​រថយន្ត​ធំ​បំផុត​នៅ​ពិភពលោក​បាន​ឈានជើង​ចូល​ទីផ្សារ​កម្ពុជា​

ដោយ​ ប៊ី​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​ផ្តល់​សេវា​ជួល​រថយន្ត​ធំ​បំផុត​ នៅ​លើ​ពិភពលោក​ Hertz​ Asia​ ដែល​មាន​មូលដ្ឋាន​នៅ​សឹង្ហ​បូរី​ បាន​សហការ​ជាមួយ​ក្រុម ​City​ Link​ Transportation​ (Cambodia​) ដើម្បី​បម្រើសេវា​កម្ម​រថយន្ត​ និង​ដឹក​ជិ​ញ្ជួន​អ្នកធ្វើ​ដំណើរ​នៅ​កម្ពុជា​។

ក្រុម​ហ៊ុន​ជួល​រចយ​ន្ត​នៅ​កម្ពុជា​នេះ​ នឹង​ប្រតិបត្តិ​ការ​ម៉ាក​ Hertz​ ជាច្រើន​ដូចជា​ Hertz​, Dollar​, Thrifty​ និង​ Firefly​ -នៅ​រាជធានី​ភ្នំពេញ​ ដែល​មាន​រថយន្ត​ចាប់ពី​រថយន្ត​តូច​រហូតដល់​រថយន្ត​ប្រណីត​។ នេះ​បើ​យោង​តាម​របាយការណ៍​រប​សគេហ​ទំព័រ​ TTGAsia​ ចុះផ្សាយ​នៅ​ថ្ងៃនេះ​។

ក្រុមហ៊ុន​ City​ Link​ ក៏​នឹង​ផ្តល់​ជូន​នូវ​សេវា​ Hertz​ Chauffeur​ Drive​ (សេវា​ដឹក​អ្នកដំណើរ​សម្រាប់​អាជីវកម្ម​) សម្រាប់​ការ​ផ្ទេរ​ព្រលា​នយន្តហោះ​ និង​អ្នកធ្វើ​ដំណើរ​អាជីវកម្ម​ផង​ដែរ​។

លោក​ Eoin​ Macneill​ អនុប្រធាន​ប្រចាំ​អាស៊ី​ប៉ាស៊ីហ្វិក​នៃ​ក្រុមហ៊ុន​ Hertz​ បាន​មានប្រសាសន៍​ថា​ “នេះ​ជា​លើក​ទី១ហើយ​ ដែល​ក្រុមហ៊ុន​ Hertz​ បាន​ប្រគល់​ម៉ាក​សញ្ញា​ទាំង​ ៤ ដល់​យីហោ​ផ្តាច់​មុខ​មួយ​នៅ​អាស៊ី​ ហើយ​បង្ហាញថា​យើង​ជឿជាក់​ថា​ ក្រុមហ៊ុន​ City​ Link​ មាន​ជំនាញ​ក្នុង​ការ​ផ្តល់​ជូន​នូវ​ដំណោះស្រាយ​ ភាព​ចល័ត​ជាមួយ​សេវាកម្ម​ដ៏​អស្ចារ្យ​ដែល​អតិថិជន​របស់​យើង​បាន​រំពឹង​ទុក​”។

នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ ក្រុមហ៊ុន​ Hertz​ បានឱ្យ​ដឹង​ថា​ តម្រូវការ​ជួល​នឹង​កើនឡើង​នា​ពេល​អនាគត​ ដោយមាន​ភ្ញៀវ​ទេសចរណ៍​ជាតិ​ និង​អន្តរជាតិ​ជាង១៥លាន​នាក់​រំពឹង​នឹង​មក​ទស្សនា​ប្រទេស​កម្ពុជា​ ជា​រៀងរាល់​ឆ្នាំ​នៅ​ឆ្នាំ២០៣០​។

លោក​ Macneill​ បាន​ថ្លែង​ថា​ ខណៈ​អ្នកដំណើរ​ដឹង​កាន់តែ​ច្បាស់​ពី​ប្រទេស​កម្ពុជា​ និង​មានឱកាស​បើកបរ​ដោយខ្លួនឯង​ ក្រុមហ៊ុន​ Hertz​ អាច​ជួយ​អ្នកធ្វើ​ដំណើរ​ឱ្យ​រក​ឃើញ​សោភ័ណភាព​របស់​ប្រទេស​នេះ​ តាមរយៈ​សេវាកម្ម​ជួល​រថយន្ត​ជាច្រើន​”។

លោក​ បាន​បន្ត​ថា​ “យើង​មានការ​រំភើប​ចំពោះ​ភាពជា​ដៃគូ​ Hertz​ និង​ City​ Link​ ហើយ​ជឿជាក់​ថា​ នឹង​មាន​អនាគត​ដ៏​ល្អ​សម្រាប់​យើង​នៅ​ទីនេះ​ ជាមួយ​ដៃគូ​ថ្មី​របស់​យើង​នៅ​កម្ពុជា​”៕

ក្រុមហ៊ុន​ជំនាញ​ផ្នែក​អេឡិចត្រូនិក​ចំនួន១២ នឹង​មក​ស្វែងរក​ដៃគូ​ពាណិជ្ជកម្ម​នៅ​កម្ពុជា​

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​ដែល​មាន​ជំនាញ​ខ្ពស់​ លើ​ផ្នែក​ផលិត​គ្រឿង​អេឡិចត្រូនិក​ និង​បរិ​ក្ខា​អគ្គិសនី​ចំនួន១២​ ក្រុមហ៊ុន​របស់​ប្រទេស​តួ​កគី​ នឹង​មកកាន់​ប្រទេស​កម្ពុជា​ នៅដើម​ឆ្នាំក្រោយ​នេះ​ ដើម្បី​ធ្វើការ​សិក្សា​ ស្វែងយល់​ពី​កាលានុវត្ត​ភាព​នៃ​សេដ្ឋកិច្ច​ ជាពិសេស​ស្វែងរក​ដៃគូ​សហការ​លើ​មុខ​ជំនួញ​ជា​ពាណិជ្ជករ​នៅ​កម្ពុជា​។

កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​នេះ​ ប្រធាន​ក្រុមប្រឹក្សា​សមាគម​អ្នកនាំ​ចេញ​ក្នុង​វិស័យ​អគ្គិសនី​ និង​អេឡិចត្រូនិក​ ប្រទេស​តួ​កគី​ លោក​ Guven​ Uckan​ បាន​ចូល​ជួប​ជាមួយ​ថ្នាក់ដឹកនាំ​សភា​ពាណិជ្ជកម្ម​កម្ពុជា​ ដើម្បី​ជជែក​ពិភាក្សា​ការងារ​ លើ​គម្រោង​ដឹកនាំ​ក្រុម​អ្នកជំនួញ​មក​ពី​ប្រទេស​តួ​កគី​ និង​សហការ​វិនិយោគ​ជា​ដៃគូ​។

អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ លោក​ឧកញ៉ា​ លឹម​ ហេង​ បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃទី២៣​ ខែធ្នូ​ឆ្នាំ២០១៩នេះ​ថា​ មិនថា​ចំពោះតែ​ប្រទេស​ណាមួយ​នោះ​ទេ​ ឱ្យ​តែ​មានការ​វិនិយោគ​ គឺ​សុទ្ធតែ​ផ្តល់​នូវ​ភាព​ចំណេញ​ចំពោះ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ទាំងអស់​។

លោក​បាន​បន្ត​ទៀត​ថា​ “សម្រាប់​កិច្ច​ទំនាក់ទំនង​ល្អ​រវាង​កម្ពុជា​ និង​តួ​កគី​ មាន​ភាព​ប្រសើរ​ ប៉ុន្តែ​នៅក្នុង​ការ​ផ្សារភ្ជាប់​កិច្ច​ទំនាក់ទំនង​ លើ​វិស័យ​ពាណិជ្ជកម្ម​ និង​វិនិយោគ​គឺ​នៅ​មានកម្រិត​នៅឡើយ​”។

លោក​ឧកញ៉ា​បន្ត​ទៀត​ថា​ កាលពី​ពេល​កន្លងទៅ​ ក៏ដូចជា​បច្ចុប្បន្ន​នេះ​ កិច្ច​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង២គឺ​មាន​តិចតួច​ ដែល​ក្នុង​នោះ​ការ​ធ្វើជំនួញ​ និង​វិនិយោគ​របស់​ប្រទេស​តួ​កគី​នៅ​កម្ពុជា​ ឃើញ​មាន​វិស័យ​អប់រំ​ និង​ផ្នែក​ចំណីអាហារ​ បន្ថែម​ពីលើ​ការនាំចូល​សម្ភារៈ​ប្រើប្រាស់​មួយចំនួន​។ ដោយឡែក​សម្រាប់​កម្ពុជា​ បាន​ធ្វើការ​នាំចេញ​នូវ​កសិផល​ ទៅកាន់​ទីផ្សារ​ប្រទេស​តួ​កគី​មួយចំនួន​ផង​ដែរ​ ជាពិសេស​ការនាំចេញ​អង្ករ​ជាដើម​។

កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​នេះ​ នៅ​សភា​ពាណិជ្ជកម្ម​កម្ពុជា​ ឧកញ៉ា​ ងួន​ ម៉េ​ងតិច​ អគ្គនាយក​សភា​ពាណិជ្ជកម្ម​កម្ពុជា​ បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​ Guven​ Uckan​ ប្រធាន​ក្រុមប្រឹក្សា​សមាគម​អ្នកនាំ​ចេញ​ក្នុង​វិស័យ​អគ្គិសនី​ និង​អេឡិចត្រូនិក​ ប្រទេស​តួ​កគី​ ក្នុង​គោលបំណង​ជម្រាប​ជូន​អំពី​គម្រោង​ ដឹកនាំ​គណៈ​ប្រតិ​ភូ​ធុរិ​ច្ច​តួ​កគី​មក​ពី​វិស័យ​អគ្គិសនី​ និង​អេឡិចត្រូនិក​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ និង​ដើម្បី​ស្វែងរក​ដៃគូ​ពាណិជ្ជកម្ម​នៅក្នុង​ឆ្នាំ២០២០​ ខាងមុខនេះ​។

គណៈប្រតិភូ​ធុរកិច្ច​តួ​កគី​ដែល​គ្រោង​ មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ នឹង​មាន​ចំនួន១២ក្រុមហ៊ុន​ សុទ្ធសឹងតែ​ជា​អ្នកជំនាញ​ខាង​វិស័យ​អគ្គិសនី​ និង​អេឡិចត្រូនិក​។ លើស​ពីនេះ​ លោក​ក៏បាន​ស្នើសុំ​ការ​សហការ​ ពី​សភា​ពាណិជ្ជកម្ម​កម្ពុជា​ក្នុង​ការរៀបចំ​ជំនួប​ពាណិជ្ជកម្ម​កម្ពុជា​-តួ​កគី​ ដែល​គ្រោង​នឹង​រៀបចំឡើង​ ក្នុងឱកាសនៃ​ការ​បំពេញ​ទស្សនកិច្ច​នេះ​ ក្នុង​អំឡុង​ខែមេសា​ ឆ្នាំ២០២០​៕