ដោយ ហ្សូលី
ភ្នំពេញៈ រដ្ឋាភិបាលកូរ៉េ តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសកូរ៉េ(KOICA) បានផ្តល់ជំនួយចំនួន៨លានដុល្លារអាមេរិក ដើម្បីមជ្ឈមណ្ឌលព្យាបាលផ្នែកត្រចៀក ច្រមុះ និងបំពង់ក ស្ថិតនៅក្នុងមន្ទីរពេទ្យព្រះបាទអង្គឌួង។

អង្គការសហប្រតិបត្តិការអន្តរជាតិកូរ៉េ (Koica) បានផ្តល់ជំនួយប្រមាណ៨លានដុល្លារ ដើម្បីសាងសង់មជ្ឈមណ្ឌលព្យាបាលផ្នែកត្រចៀក ច្រមុះ និងបំពង់ក នៅមន្ទីរពេទ្យព្រះអង្គឌួង។
ការសាងសង់នេះ គឹជាការសហការជាមួយក្រុមហ៊ុនវិស្វកម្ម និងសំណង់ ដែលមានឈ្មោះថា Handong Engineering & Construction។ ការបើកការដ្ឋានសាងសង់អគារថ្មីនេះបានប្រារព្ធឡើងកាលពីសប្តាហ៍មុន នៅក្នុងមន្ទីរពេទ្យអង្គឌួង ដោយមានការចូលរួមជាគណៈអធិបតីពី លោកម៉ម ប៉ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និង លោករ៉ូ ហ្យុនជុន នាយកគ្រប់គ្រងប្រចាំការអង្គការ Koica ក្នុងប្រទេសកម្ពុជា។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការ Koica បានឱ្យដឹងថា មជ្ឍមណ្ឌលព្យាបាលផ្នែក ត្រចៀក ច្រមុះនិងបំពង់កនេះ គ្រោងនឹងដាក់ឱ្យបញ្ចប់ការសាងសង់ក្នុង រយៈពេល២០ខែ ព្រមជាមួយនឹងមជ្ឍមណ្ឌលវះកាត់នៅឆ្នាំ២០២២។
គម្រោងសាងសង់មជ្ឈមណ្ឌលនេះ ជាអគារដែលមានកម្ពស់៥ជាន់ ដែលបំពាក់ជាមួយឧបករណ៍ទំនើបៗ និងមានគុណភាពខ្ពស់ សម្រាប់ពិនិត្យ ព្យាបាល និងវះកាត់ ដើម្បីជួយសម្រួលដល់សេវាសុខាភិបាលក្នុងមន្ទីរពេទ្យ។
អង្គការKoica មានយុទ្ធសាស្ត្រភាពជាដៃគូក្នុងប្រទេស ដែលជួយរាជរដ្ឋាភិបាលកម្ពុជា សម្រេចបាននូវគោលដៅអភិវឌ្ឍន៍ជាតិរបស់ខ្លួន ដោយបញ្ចូលយុទ្ធសាស្ត្រជាមួយផែនការអភិវឌ្ឍយុទ្ធសាស្ត្រជាតិរបស់កម្ពុជា និងយុទ្ធសាស្ត្រចតុកោណរបស់រដ្ឋាភិបាល។
ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសកូរ៉េ បាននិយាយក្នុងសេចក្តីប្រកាសថា កម្ពុជាគឺជាដៃគូស្នូលជាមួយអង្គការ koica ដើម្បីជម្រុញការអភិវឌ្ឍន៍គម្រោងធំៗដូចជា ហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍជនបទ សុខាភិបាល និងវិស័យអប់រំ៕






