គ្រូពេទ្យឯកទេសផ្នែក ព្យាបាលជំងឺ COVID-19 របស់ចិន នឹងមកដល់កម្ពុជានៅថ្ងៃស្អែក

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ក្រុមគ្រូពេទ្យជំនាញព្យាបាលជំងឺ Covid-19 នៃប្រទេសចិន នឹងមកដល់ព្រលានយន្តហោះភ្នំពេញ -អន្តរជាតិ តាមច្រក VIP ជើងយន្តហោះពិសេសនៅព្រឹកថ្ងៃនេះ ដើម្បីចូលរួមព្យាបាលអ្នកជំងឺ និងទប់ស្កាត់ការរីករាលដាលនៅកម្ពុជា។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានមានប្រសាសន៍កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ថា នៅត្រឹមព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ វេលាម៉ោង៨៖៣០នាទី ក្រុមគ្រូពេទ្យជំនាញព្យាបាលជំងឺរលាកផ្លូវដង្ហើម Covid-19 នៃប្រទេសចិន នឹងមកដល់ព្រលានយន្តហោះអន្តរជាតិ-ភ្នំពេញ ដើម្បីចូលរួមជួយព្យាបាលអ្នកជំងឺ Covid-19 និងទុបស្កាត់ការរីករាលដាលនៅកម្ពុជា ក្រោមវត្តមានរបស់លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល ម៉ម ប៊ុនហេង និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជារង់ចាំស្វាគមន៍ទទួលដំណើរ។

លោកស្រី ឱ វណ្ណឌីន បានមានប្រសាសន៍ថា “អ្នកជំនាញការរបស់ប្រទេសចិនចំនួន៧នាក់ នឹងមកដល់កម្ពុជានៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ដើម្បីចូលរួមក្នុងការផ្តល់នូវចំណេះដឹង និងចែករំលែកនូវបទពិសោធន៍ក្នុងការប្រយុទ្ធប្រឆាំងជាមួយមេរោគ Covid-19 ។ ដោយឡែកសម្រាប់អ្នកដែលមានបញ្ហាមេរោគ Covid-19 ដែលពិនិត្យឃើញវិជ្ជមានចំនួន២នាក់ ដែលបានព្យាបាលជាសះស្បើយកាលពីពេលកន្លងទៅ រួមមានបុរសជនជាតិចិន និងស្ត្រីជនជាតិអង់គ្លេសនោះ ក៏នៅតែរក្សាបាននូវសុខភាពល្អធម្មតាដដែ។”។

កាលពីចុងសប្ដាហ៍កន្លងទៅនេះ រដ្ឋាភិបាលចិន បានផ្តល់នូវជំនួយជាសម្ភារៈ និងឧបករណ៍សម្រាប់ទប់ស្កាត់មេរោគ Covid-19 មួយចំនួនធំ ។ ដោយឡែកសម្រាប់ក្រុមអ្នកជំនាញការទាំង៧នាក់ដែលមកពីប្រទេសចិន ដែលមកដល់កម្ពុជានៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ គឺជាក្រុមគ្រូពេទ្យជំនួយទីមួយរបស់ប្រទេសចិនទៅកាន់ប្រទេសអាស៊ាន ខណៈដែលជំងឺ Covid-19 កំពុង រាតត្បាតនៅក្នុងតំបន់ និងទូទាំងសកលលោកគួរអោយបារម្ភ៕

LEAVE A REPLY

Please enter your comment!
Please enter your name here