កម្ពុជានៅមិនទាន់មានការបិទទ្វាររោងចក្រដោយការឆ្លងជំងឺ Covid-19 នោះទេ

0

ដោយៈ រ៉ាណេត

ភ្នំពេញៈ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានអះអាងថា រហូតមកដល់ពេលនេះ កម្ពុជានៅមិនទាន់មានរោងចក្រណាមួយបិទទ្វារ ដែលបណ្តាលមកពីការឆ្លងជំងឺ Covid-19 នៅឡើយនោះទេ ក្រៅពីការខ្វះខាតវត្ថុធាតុដើម។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជៈ លោក ហេង សួរ បានថ្លែងឲ្យដឹងកាលពីម្សិលម៉ិញនេះថា ការមិនបិទរោងចក្រនេះ ដោយសារតែរោងចក្រ មិនមែនបម្រើសេវាជូនអតិថិជននោះឡើយ ហើយកម្មករ និយោជិតដែលធ្វើការងារនៅក្នុងរោងចក្រនីមួយៗ ពួកគាត់ជួបតែសហការី និងក្រុមគ្រួសាររបស់គាត់ ហើ​យក៏គ្មានអ្នកក្រៅនាំជំងឺមកចម្លងដល់ពួកគាត់ដែរ។

លោកបានឡើងទៀតថា “បើមានជំងឺ Covid-19 នេះកើតឡើង អ្វីដែលត្រូវបិទគឺភោជនីយដ្ឋាន ក្លឹបកម្សាន្ត តែគេមិនបិទរោងចក្រនោះទេ ដោយសាររោងចក្រមិនបម្រើសេវាដល់អតិថិជននោះទេ អត់មានលទ្ធភាពខាងក្រៅណាមកចម្លងគាត់ទេ”។លោកបន្តថា “ កត្ដាទាំងនេះវាជាលក្ខណៈពិសេស ដែលអង្គការសុខភាពពិភពលោក និងក្រុមវេជ្ជសាស្ត្រវាយតម្លៃថា តំបន់ណាដែលមានសុវត្ថិភាពបន្តឱ្យបើក ប៉ុន្តែវិស័យណាដែលមានហានិភ័យ ជួបជាមួយមនុស្សច្រើន គឺត្រូវតែបិទ”។

លោកបានលើកជាឧទាហរណ៍ថា “នៅក្នុងប្រទេសថៃគេមិនបានបិទរោងចក្រនោះទេ ប៉ុន្តែគេបិទភោជនីយដ្ឋាន  ក្លឹបកម្សាន្ដ ឬសាកលវិទ្យាល័យ ដោយសារអ្នកដែលបម្រើការងារនៅទីនោះ ពួកគាត់ជួបជាមួយអតិថិជនប្លែកៗ បើជានិស្សិតគាត់ជួបមិត្តភក្តិផ្សេង​ៗ ហើយពេលចេញពីរៀន គាត់ចេញទៅធ្វើការនៅកន្លែងផ្សេងៗ ដែលធ្វើឱ្យគាត់ប្រឈមនឹងហានិភ័យ។ ផ្ទុយទៅវិញ រោងចក្រនៅ ប្រទេសថៃ វៀតណាម កូរ៉េ នៅពេលជួបវិបត្តិនឹងជំងឺ Covid-19 គឺជាមនុស្សដែលមានសុវត្ថិភាពបំផុត”។

លោកបានបញ្ជាក់ថា ចំពោះកន្លែងដែលធ្វើការជាមួយមនុស្សដដែល  គឺរក្សាទុកឱ្យ​នៅដដែល ហើយការទុកនោះ ដើម្បីរក្សាសុវត្ថិភាពបងប្អូនកម្មករទាំងអស់ ហើយបើបញ្ឈប់កម្មករនោះ បងប្អូននឹងធ្វើការទៅកាន់កន្លែងផ្សេងៗ ដែលជាហេតុនាំឱ្យមានការឆ្លងជំងឺវិញ។ ប្រទេសថៃបានប្រកាសមិនធ្វើបុណ្យចូលឆ្នាំនោះទេ ដោយសារតែថា បើធ្វើហើយឈប់ថ្ងៃចូលឆ្នាំនោះ មនុស្សនឹងធ្វើការចល័តពេញប្រទេសថៃ ហើយអ្នកទាំងអស់នោះដែលមានសុវត្ថិភាព ក្នុងពេលធ្វើដំណើរទៅស្រុក ដែលអាចនឹងជួបអ្នកធ្វើដំណើរមានហានិភ័យក្នុងការឆ្លងមេរោគទៅវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here