វិភាគៈ តើរដ្ឋាភិបាលនិងប្រជាពលរដ្ឋត្រូវដោះស្រាយបញ្ហាCovid19យ៉ាងដូចម្តេច?

0

ដោយយិន លាងគង់ៈស្ថាបនិនៃគេហទំព័ររPropertyarea.asia

ភ្នំពេញៈ មនុស្ស៥០០លាននាក់កំពុងស្នាក់នៅផ្ទះ នៅតាមបណ្តាប្រទេសនានាជុំវិញពិភពលោក ហើយប្រជាជនខ្មែរស្ថិតក្នុងចំណោមប្រជាជនទាំងនោះ។ យើងកំពុងនៅក្នុងវិបត្តិ១ ដែលមនុស្សគ្រប់គ្នាភ័យស្លន់ស្លោលើបញ្ហាផ្លូវចិត្ត និងបារម្ភពពីបញ្ហាសុខភាពរបស់ពួកគេ។

វាមិនមែនជាពេលត្រូវបន្ទោសគ្នានោះទេ វាមិនមែនជាពេលសាចទឹកដាក់គ្នាទៀតឡើយ ប៉ុន្តែវាជាពេលរួបរួមដើម្បីសង្រ្គោះពិភពលោក ពិសេសឆ្នាំងបាយរបស់ប្រជាពល​រដ្ឋខ្លួនឯង។

ការររីករាលដាលដ៏លឿននៃមេរោគCovid19 បានធ្វើឲ្យគេនឹកឃើញសោកនាដ​កម្មនៅទ្វីបអឺរ៉ុបកាលពីឆ្នាំ១៩១៣ ដែលមេរោគស្រដៀងគ្នានេះ(Swan Flue)បានសម្លាប់មនុស្សប្រមា​ណ៣០លាននាក់ ប៉ុន្តែបញ្ហានៃមេរោគCovid19នេះ ទំនងជាមិនបង្កមហន្តរាយ និងសោក​នាដកម្មលើអ្វីដូចដែលបានកើតឡើង កាលពីជាង១០០ឆ្នាំមុននោះទេ។

ប៉ុន្តែរហូតមកទល់ពេលនេះ សោកនាដកម្មក៏បានកើតឡើងផងដែរ ព្រោះនៅលើពិភពលោក មានមនុស្សសរុបជាង១០,០០០នាក់ហើយបានស្លាប់ ក្នុងចំណោមអ្នកឆ្លង COVID-19 សរុបជាង២៤៥,០០០នាក់ និងជាសះស្បើយវិញជាង៨៨,០០០នាក់ ហើយប្រទេសចិនបាន និងកំពុងនាំមុខគេលើការបញ្ឈប់ការឆ្លងរាលដាល និងការស្លាប់ដោយ​សារជំងឺនេះ ទោះបីជាជំងឺនេះបានផ្ទុះចេញពីទីក្រុវូហាន ប្រទេសចិនខ្លួនឯងក្តី។

         ដំណោះស្រាយ និងបញ្ហាប្រឈមនៅកម្ពុជា

         រដ្ឋាភិបាលក្រោមការដឹកនាំ របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែនបាន​ចាត់វវិធានការណ៍ភ្លាមៗ លើការបិទសាលារៀនជាលើកដំបូងនៅខេត្តសៀមរាប និងបន្តបិទទូទាំងប្រទេស ហើយរោងភាពយន្ត និងKTV បិទការប្រគុំតន្រ្តី និងកម្មវិធីជាច្រើនផងដែរ ។

ការរបិទទ្វារព្រំដែនរៀតណាម ជាមួយកម្ពុជាដែលផ្តោតលើការធ្វើដំណើរ (លើកលែងការដឹកជញ្ជូនទំនិញ) ការមិនអនុញ្ញាត្តឲ្យប្រជាជន មកពីប្រទេសមួយចំនួននៅទ្វីបអឺរ៉ុបចូលទឹកដីកម្ពុជា សុទ្ឋតែជាវិធានការណ៍ចាំបាច់ និងបន្ទាន់ដែលបានដាក់ចេញ ខណៈអ្នកឆ្លងជំងឺCovid19បានកើនឡើងដល់៤៧នាក់ ដែលក្នុងចំណោមជនរងគ្រោះទាំងនោះជាជនបររទេស និងប្រជាជនកម្ពុជា។

ការដាក់ចេញវិធានការណ៍ចាំាំបាច់ដទៃទៀត គួររតែធ្វើឡើងដូចជាប្រជាជនមកពី  បណ្តាប្រទេសនានា ដែលមានការរាតត្បាតជំងឺនេះ គួរតែត្រូវដាក់ឲ្យនៅដាច់ដោយឡែកពីគេក្នុងរយៈពេល១៤ថ្ងៃ តាមវិធានណែនាំរបស់អង្គការសុខភាពពិភពលោក។

ជាមួយគ្នានេះរដ្ឋាភិបាលគួរដាក់ឲ្យអ្នកដំណើរ ដែលមកពីប្រទេសផ្សេងៗដែលមានការររីករាលដាលមេរោគនវ សម្រាកនៅទីតាំាំងមានសុវត្ថិភាពរយៈពេល១៤ថ្ងៃ ដើម្បីតាមដាន​សុខភាពរបស់ពួកគេ ដែលជាការធ្វើឲ្យប្រាកដថា ពួកគេគ្មានមេរោគទៅចម្លងដល់សមាជិកគ្រួសារ និងសហគមន៍របស់ពួកគេ។

មិនមែនជាពេលវេលាត្រូវកេងប្រវវ័ញ្ច

នៅពេលមានបញ្ហាភ័យខ្លាចពីប្រជាជនកម្ពុជា ក៏ដូចជាតាមបណ្តាប្រទេសនានា ទំនិញនៅតាមទីផ្សារបានឡើងថ្លៃ ពិសេសនៅកម្ពុជាដែលវាជាចេតនាអាក្រក់មួយ ពិសេ​សម៉ាស់បិទមុខបានឡើងថ្លៃកប់ពពក ដោយសារការឆ្លៀតឳកាសទាញយកផលចំណេញដោយអសីលធ៌មរបស់អ្នកជំនួញមួយចំនួន។

វាគួរជាពេលយកអាសារគ្នា វាមិនមែនជាពេលវេលារបស់អ្នកជំនួញ យកផលចំណេញពីស្ថានភាពនេះទេ អរិយជនឬជនមានសីលធ៌ម មានចំណេះដឹង មានជំនាញ មានគុណធ៌ម គួរតែរួបរួមគ្នា គួរតែជួយគ្នាជាជាងកេងប្រវ័ញ្ចពីគ្នាបែបនេះ។

ការប្រកាន់ ការរើសអើងមិនគួរមាននៅក្នុងសង្គមមនុស្ស ដែលមានអរិយធ៌មឡើយ ប៉ុន្តែការមានសន្តានចិត្តជួយគ្នា ចេះរួបររួមគ្នា ទើបជាគុណតម្លៃនៃមនុស្សដែលមានគុណតម្លៃ។

ការរួបរួមគ្នាធ្វើឲ្យខ្មែរខ្លាំង ធ្វើឲ្យខ្មែររីកចម្រើន ព្រោះអង្គរវត្តសាងសង់ឡើងបានដោយ​សារការររួបរួមគ្នា មិនមែនកើតបានដោយសារក្រុមមនុស្សអញនិយម ឬក្រុមហ៊ុនខ្លួនជាទីពឹងនៃខ្លួនឯង ដែលធ្វើឲ្យសង្គមបែកបាក់នោះឡើយ។

         ដំណោះស្រាយចំពោះមុខ  

         ការរួមដៃគ្នារវាងប្រជាជន និងរដ្ឋាភិបាល ដើម្បីកំចាត់មេរោគCovid19 ជាអ្វីដែលត្រូវធ្វើនាពេលនេះ និងធ្វើទាំងអស់គ្នា ហើយអ្វីដែលប្រជាជនត្រូវធ្វើ ទី១ ត្រូវអនុវត្តន៍នូវវិធានអនាម័យតាមការណែនាំ ​របស់អង្គការសុខភាពពិភពលោក ឬក្រសួងសុខាភិបាល ដូចជាឧស្សាហ៍លាងដៃ កាត់បន្ថយការជួបជុំ ក្អកឬកណ្តាស់ ត្រូវយកក្រម៉ាឬកន្សែងខ្ទប់មាត់ និងពេលមានបញ្ហាឡើងកំដៅខ្លាំងត្រូវទៅពិនិត្យសុខភាពជាដើម។

ការរក្សាការប្រុងប្រយ័ត្ន និងការអនុវត្តន៍នូវវិធានណែនាំរបស់អង្គការសុខភាពពិភពលោក នឹងធ្វើឲ្យយើងមានសុវត្ថិភាព ហើយការផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាព និងទំនុកចិត្តពីសំណាក់គ្រូពេទ្យនានា ដែលជាអ្នកធ្វើការជាមួយអាយុជីវិតមនុស្សផ្ទាល់ ត្រូវតែឈរ​លើមូលដ្ឋានក្រមសីលធ៌មវិជ្ជាជីវៈ ជាជាងការធ្វេសប្រហែស គិតបញ្ហាលុយជាធំ ខណៈគ្រូពេទ្យនៅកម្ពុជា ត្រូវបានសាធារណៈជនរិះគន់ជារឿយៗ ពីបញ្ហាក្រមសីលធ៌មវិជ្ជាជីវៈ និងចំណេះដឹងនៅមានកម្រិតរបស់ខ្លួន។

វាមិនមែនជារឿងត្រូវស្តីបន្ទោសគ្រូពេទ្យនោះទេ ប៉ុន្តែបុត្រាម្នាក់របស់សម្តេចតេជោ លោកបានរិះគន់រួចទៅហើយ ករណីជនជាតិមូស្លីម ដែលមកពីប្រទេសម៉ាឡេស៊ី ពេលទៅពិនិត្យសុខភាពមិនត្រូវបានយកចិត្តទុកដាក់ ហើយបណ្តាលឲ្យជំងឺនេះរីករាលដាលក្នុងសហគមន៍ពួកគេមួយចំនួន។

         ជំនួញនិងបញ្ហាប្រឈម

         គ្រប់មុខជំនួញស្ទើរទាំងអស់បាន និងកំពុងប្រឈមមុខនឹងការបិទទ្វារ និងការក្ស័យទុន ដោយសារការប្រកាសបិទរបស់រដ្ឋាភិបាលមួយចំនួន លើការប្រគុំតន្រ្តី ការបិទKTVនិងរោងភាពយន្តជាដើម។

សំណួរនៅទីនេះតើអ្នកណាទទួលខុសត្រូវលើបញ្ហានេះ?? ចម្លើយនៅទីនេះគួរតែមានយន្តការមួយចំនួន និងច្បាស់លាស់បន្ថែមទៀតពីរដ្ឋាភិបាល ដូចជា ទី១ ការជួយឧបត្ថម្ភធនពីរដ្ឋាភិបាលលើមុខជំនួញ ឬអាជីវកម្មមួយចំនួន ព្រោះរដ្ឋាភិបាលបានប្រកាសត្រៀមបញ្ចេញថវិការាប់រយលានដុល្លារ ដើម្បីជួយទ្រទ្រង់សេដ្ឋកិច្ចរួចហើយ ទី២ ការទម្លា​ក់អត្រាការប្រាក់ពីគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុមួយចំនួន (រដ្ឋាភិបាលបានស្នើឲ្យពន្យាពេលបង់ប្រាក់រួចហើយ) ជាជាងបញ្ចេញថវិកាតែម្យ៉ាង ដោយសារវាជាបំណុលដែលត្រូវប្រជាជនរ៉ាប់រងបន្តទៀត ខណៈដែលធនាគារកណ្តាល នៅតាមបណ្តាប្រទេសនានាបានទម្លាក់់អត្រាការប្រាក់ទាបបំផុត ឬស្មើសូន្យ ដើម្បីជួយប្រជាជនឬអាជីវកម្មនៅប្រទេសរបស់ពួកគេ។

ទី៣ ម្ចាស់អាជីវកម្មឬអ្នកជំនួញខ្លួនឯង គួរធ្វើការរៀបចំផែនការថ្មីទាក់ទងនឹងអាជីវកម្ម ឬការលក់របស់ពួកគេ ឧទាហរណ៍នៅប្រទេសចិន នៅកំឡុងពេលនេះបានផ្តោតលើការលក់អចលនទ្រព្យតាមអនឡាញ ជាជាងការជួបប្រាស្រ័យទាក់ទងផ្ទាល់ ទី៤ អ្នកជំនួ​ញខ្លួនឯង ក៏ត្រូវតែពង្រីកការលក់ និងការចែកចាយរបស់ខ្លួនដល់ដៃអតិថិជន តាមរយៈការបញ្ចុះតម្លៃ តាមរយៈការដឹកជញ្ជូនដល់លំនៅដ្ឋានផ្ទាល់ បន្ទាប់ពីមានការបញ្ជាទិញតាមអនឡាញ ទី៥ ការបន្តពង្រឹងសុខភាព​ផ្លូវចិត្ត ជាជាងការបិទអាជីវកម្ម(លើកលែងតែអាជីវកម្ម ដែលប្រ​កាសបិទដោយរដ្ឋាភិបាល) ដោយសារការភ័យស្លន់ស្លោពេក ព្រោះការធ្វើជំនួញកំឡុងពេលនេះ ក៏ជាឳកាសពង្រីកនូវផលិតផលថ្មី តាមរយៈការពង្រឹងសមត្ថភាពក្រុមហ៊ុនឬស្ថាប័នរបស់ខ្លួន។

ហេតុនេះការពង្រឹងការថែរទាំសុខភាព ការអនុវត្តន៍នូវវិធានទាំងឡាយរបស់ក្រសួ​ងសុខាភិបាល និងអង្គការសុខភាពពិភពលោក និងការគាំទ្រពីរដ្ឋាភិបាលជាក់ស្តែងពិតជាមានសារៈសំខាន់ណាស់ ដើម្បីកាត់បន្ថយការភ័យខ្លាច ហើយជំនួសវិញនូវការប្រុង​ប្រយ័ត្ន។ នេះជាអ្វីដែលមានសារៈសំខាន់ជាសារវ័ន្ត ដើម្បីប្រជាជនអាចបន្តធ្វើដំណើរទៅមុខជាមួយ​នឹងការរក្សាបាននូវសន្តិភាពផ្លូវកាយ និងសន្តិភាពផ្លូវចិត្តរបស់ពួកគេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here