ធនាគារជាតិលើកទឹកចិត្តឱ្យមានការប្រើប្រាស់សេវាអេឡិចត្រូនិកដោយសារ បញ្ហាCovid19

0

ដោយវុត្ថា

ភ្នំពេញៈ ធនាគារជាតិ នៃកម្ពុជាបានជំរុញការលើកទឹកចិត្ត ដល់ក្រសួងស្ថានប័នពាក់ព័ន្ធ គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុទាំងអស់ប្រើប្រាស់សេវាអេឡិចត្រូនិក ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលជាសាកល។

យោងតាមសេចក្តីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ ២០២០នេះឱ្យដឹងថា ការប្រើប្រាស់សេវាអេឡិចត្រូនិកនេះ គឺដើម្បីធានាសុវត្ថិភាព និងការពារហារនិភ័យនានា ជុំវិញបញ្ហាជំងឺកូវីដ១៩ ដែលអាចកើតមានឡើងជាយថាហេតុ។

ធនាគារជាតិនៃកម្ពុជា ក៏បានជំរុញលើកទឹកចិត្តដល់ក្រសួង ស្ថានប័នពាក់ព័ន្ធ គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុទាំងអស់ចូលរួមកាត់បន្ថយ ការប្រើប្រាស់/ចេញផ្សាយមូលប័ត្រ សម្រាប់ធ្វើការផាត់ទាត់ និងទូទាត់ជំនួសដោយការប្រើប្រាស់សេវាអេឡេកត្រូនិក តាមលទ្ធភាពដែលអាចធ្វើទៅបាន។

បើតាមធនគារជាតិនៃកម្ពុជា ការទូទាត់សងប្រាក់ជាអេឡិចត្រូនិក នៅប្រទេសកម្ពុជាគឺមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ជាពិសេសសេវាធនាគារតាមអ៊ីនធឺណែត ឬសេវាធនាគារចល័ត និងសេវាទូទាត់សងប្រាក់ចល័ត ។ ក្រៅពីនេះ ចំនួនម៉ាស៊ីនអេធីអឹមនិង POS ក៏បន្តកើនឡើងគួរឲ្យកត់សម្គាល់ ដែលបង្ហាញពីកំណើនប្រជាប្រិយភាពលើប្រតិបត្តិការទូទាត់សងប្រាក់ជាអេឡិចត្រូនិក។

ទន្ទឹមនេះ មានធនាគារនិងស្ថាប័នហិរញ្ញវត្ថុមួយចំនួន បានផ្តល់នូវមធ្យោបាយទូទាត់សងប្រាក់ផ្សេងៗដល់អតិថិជន តាមរយៈការដាក់ឲ្យប្រើប្រាស់សេវាធនាគារតាមអ៊ីនធឺណែត និងសេវាទូទាត់សងប្រាក់ចល័ត ស្របទៅនឹងគោលបំណងដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃសេវាទូទាត់សងប្រាក់ និងឆ្លើយតបទៅនឹងតម្រូវការនៃការធ្វើ សមាហរណកម្មហិរញ្ញវត្ថុអាស៊ាននៅក្នុងឆ្នាំ ២០១៥កន្លងមកនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here