ចិនត្រៀមត្រឡប់មកវិញជាមួយគម្រោងយក្សមួយចំនួននិងយុទ្ធសាស្រ្ត ស្តារសេដ្ឋកិច្ច៤ចំនុច

0

ដោយ ហ្សូលី

ប្រទេសចិនៈ ប្រទេសចិនបានរៀបចំកិច្ចប្រជុំប្រឹក្សារដ្ឋបន្ទាន់មួយ ដើម្បីឱ្យប្រទេសខ្លួនត្រៀមខ្លួនសារជាថ្មី ត្រឡប់យកមកនូវគម្រោងយក្ស5G និងពិភាក្សាអំពីយុទ្ធសាស្រ្តចំនួន៤ ក្នុងការស្តារសេដ្ឋកិច្ចជាតិឡើងវិញ ខណៈចិនបានរងការឈឺចាប់ពីមេរោគឆ្លងពាសពេញប្រទេស។

លោក Liu Shihu អនុប្រធានផ្នែកវិនិយោគនៃគណៈកម្មការអភិវឌ្ឍន៍ និងកំណែទម្រង់ជាតិបានមានប្រសាសន៍ថា រដ្ឋាភិបាលនឹងពន្លឿនការស្ថាបនាគម្រោងធំៗ និងហេដ្ឋារចនាសម្ព័ន្ធ ដែលបានគ្រោងទុកនាពេលកន្លងមកក្នុងនោះ រួមមាន គម្រោងសាងសង់ទាក់ទងនឹងបណ្តាញ5G និងមជ្ឈមណ្ឌលទិន្នន័យ។ វានឹងពង្រីកទំហំនៃចំណងពិសេសរបស់រដ្ឋាភិបាលក្នុងតំបន់ ព្រមទាំងបង្កើនល្បឿននៃគម្រោងទាំងនេះ។

ទីប្រឹក្សារដ្ឋចិនបានដាក់បញ្ជានេះ ដើម្បីជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋ និងធ្វើឱ្យទីផ្សារប្រទេសចិនមានស្ថេរភាពឡើងវិញ។ រដ្ឋាភិបាលនឹងចាត់ទុកការបន្តគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាមធ្យោបាយមួយ ដើម្បីធ្វើឱ្យមានស្ថិរភាពការវិនិយោគមូលធន និងកំណើនការប្រើប្រាស់ក្នុងស្រុក។

រដ្ឋាភិបាលចិននឹងពង្រីកជំនួញថ្មីៗ ដើម្បីធានាថាកម្ចីត្រូវបានយកទៅប្រើប្រាស់សម្រាប់គម្រោងមានគុណភាពខ្ពស់ និងជួយកាត់បន្ថយផលវិបាកហិរញ្ញវត្ថុ សម្រាប់ក្រុមហ៊ុនខ្នាតតូចនិងគ្រឹះស្ថានមីក្រូនានា។

រដ្ឋាភិបាលបានលើកឡើងពីយុទ្ធសាស្រ្តចំនួន៤ ដែលចិនត្រៀមជើងព្រួលសម្រាប់ស្តារសេដ្ឋកិច្ចមានដូចជា ទី១ ការបង្វិលប្រាក់ពន្ធនាំចេញ៖ អត្រានៃការបង្វិលប្រាក់ពន្ធនាំចេញសម្រាប់ផលិតផលអនាម័យ និងសម្ភារៈផ្សេងៗ នឹងត្រូវកើនឡើង ១៣% ពី ៥%។

ទី២ កាត់បន្ថយតម្លៃប្រេងសាំង៖ គណៈកម្មាធិការអភិវឌ្ឍន៍និងកែទម្រង់ជាតិ បានកំណង់តម្លៃប្រេងសាំង និងម៉ាស៊ូតឱ្យកាត់បន្ថយត្រឹម១៤៤ដុល្លារអាមេរិក តែប៉ុណ្ណោះ​ក្នុងមួយធុង។ ទី៣ ជម្រុញឱ្យមានការប្រើប្រាស់កាតធនាគារ៖ យោងតាមធនាគារប្រជាជាតិចិន PBOC បានឱ្យដឹងថា ចំនួនប្រតិបត្តិការធនាគារធ្លាក់ចុះជិត១៥% ស្មើនឹង១៩០លានដុល្លារ ខណៈចំនូនគណនីធនាគារ នៅក្នុងប្រទេសកើនឡើង១២% ក្នុងរយៈពេលដូចគ្នា។

ទី៤ បង្កើនទីផ្សារហ៊ុន៖ ប្រធានសេដ្ឋវិទូបាននិយាយថា ការធ្លាក់ចុះនៃទីផ្សារភាគហ៊ុននាពេលថ្មីៗនេះ នឹងមានការកែតម្រូវឡើងវិញ ដោយសារតែស្ថានភាពតានតឹងក្នុងប្រទេសចិន។ យ៉ាងណាមិញ សេដ្ឋកិច្ចចិននឹងប្រសើរឡើងវិញនៅត្រីមាសទី២ និងទី៣ ជាពិសេសជួយគាំទ្រដល់ទីផ្សារភាគហ៊ុន ដែលគ្មានការប្រែប្រួលដូចទីផ្សារភាគហ៊ុនសកលទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here