បុរី​ ប៉េង​ ហួត​ បញ្ចេញ​គម្រោង​អភិវឌ្ឍ​ថ្មី​ដ៏​ធំ​សម្បើម​អស្ចារ្យ​មួយទៀត​ហើយ​!

ដោយ វុត្ថា

ភ្នំពេញ៖ ក្រោយពី​ទទួល​បាន​ជោគជ័យ​ និង​គាំទ្រ​ពីសំណាក់​អតិថិជន​ ទៅលើ​ការ​អភិវឌ្ឍ​គម្រោង​ថ្មី​ ៥ គម្រោង​ព្រមគ្នា​ កាលពីដើម​ឆ្នាំ២០១៩​ កន្លង​ទៅ​ថ្មី​ៗនេះ​។

នា​ពី​ព្រឹក​ម្សិលមិញ​ថ្ងៃសុក្រ​ ទី៦​ ខែធ្នូ​ ឆ្នាំ២០១៩​ បុរី​ ប៉េង​ ហួត​ បាន​រៀបចំ​ពិធី​បញ្ចុះ​បឋមសិលា​ បើក​ការដ្ឋាន​សាងសង់​ គម្រោង​ដ៏​ធំ​សម្បើម​អស្ចារ្យ​ថ្មី​មួយទៀត​ ដែល​មានឈ្មោះ​ថា​ ហ្គ្រេន​ ស្តា​ផ្លា​ទី​នីម​ ដំណាក់កាល​ទី២​ នា​តំបន់​បឹង​ស្នោ​ នា​ចុងឆ្នាំ២០១៩នេះ​ ដើម្បី​បន្ថែម​ជម្រើស​ដល់​អតិថិជន​ ព្រមទាំង​ស្វាគមន៍​ឆ្នាំ២០២០​ ខាងមុខនេះ​ ។

អតិថិជន​នឹង​ទទួល​បាន​ ការរស់នៅ​ដ៏​ល្អឥតខ្ចោះ​ ប្រកបដោយ​ផាសុកភាព​ ពី​គម្រោង​ថ្មី​ដ៏​ធំ​សម្បើម​នេះ​ ដែល​បាន​រួមបញ្ចូល​នូវ​បរិយាកាស​ធម្មជាតិ​ ប្រវត្តិសាស្ត្រ​ និង​ វប្ប​ធម៏​ខ្មែរ​ ផង​ដែរ​។

គម្រោ​ងហ្គ្រេន​ ស្តា​ផ្លា​ទី​នីម​ ដំណាក់កាល​ទី២​ នេះ​ ជា​គម្រោង​អភិវឌ្ឍ​ថ្មី​ដ៏​ធំអស្ចារ្យ​ថ្មី​មួយ​បន្ថែម​ពីលើ​គម្រោង​ធំ​ ដែល​មានស្រាប់​ ស្ថិត​ក្នុង​តំបន់​បឹង​ស្នោ​ មាន​ចំងាយ​ត្រឹមតែ៥​ នាទី​ប៉ុណ្ណោះ​ ពី​ស្ពាន​ព្រះមុនីវង្ស​ (ច្បារអំពៅ​) ។

អ្វី​ដែល​កាន់តែ​ពិសេស​ជាង​នេះ​ទៅទៀត​ នា​ថ្ងៃទី១២​ ខែធ្នូ​ ឆ្នាំ២០១៩​ ខាងមុខនេះ​ គម្រោង​ដ៏​ធំ​សម្បើម​ ហ្គ្រេន​ ស្តា​ផ្លា​ទី​នីម​ ដំណាក់កាល​ទី២​ នឹង​បើក​សម្ពោធ​ជា​ផ្លូវការ​ ជាមួយនឹង​ការ​ផ្តល់​ជូន​ ដែល​លោកអ្នក​នឹកស្មាន​មិនដល់​ថែមទៀត​ផង​។

ប្រសិនបើ​អតិថិជន​ចង់​ដឹង​អំពី​គម្រោង​ដ៏​ធំ​ថ្មី​មួយ​នេះ​ អស្ចារ្យ​ឥត​ខ្ចោះ​កម្រិត​ណា​នោះ​ សូម​អញ្ជើញ​មក​ការិយាល័យ​លក់​ ដែល​នៅ​ជិត​លោកអ្នក​បំផុត​ ឬ សូម​ទាក់ទង​ទូរសព្ទ​លេខ​ ០១៦​ / ០១៧​/ ០៩៨​ ៥៩​ ៦៧៨៩​ ដើម្បី​ទទួល​ព័ត​មាន​អោយ​កាន់តែ​លម្អិត​ ចាប់ពី​ថ្ងៃនេះ​តទៅ​ រៀងរាល់​ម៉ោង​ធ្វើការ​៕

ក្រុមហ៊ុន​គ្រឿង​សង្ហា​រឹម​ដ៏​ធំ​មួយ​មក​ពី​ប្រទេស​បារាំង​ឈានជើង​ចូល​ទីផ្សារ​កម្ពុជា​

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​ CONFORAMA​ ដែល​ជា​ក្រុមហ៊ុន​លំដាប់​លេខ១ផ្នែក​ផលិត​និង​ផ្គត់ផ្គង់​គ្រឿង​សង្ហារ​រឹម​មក​ពី​ប្រទេស​បារាំង​ បាន​ឈានជើង​ចូល​ទីផ្សារ​កម្ពុជា​ ដោយសារ​ការ​រីកចម្រើន​នៃ​វិស័យ​សំណង់​ និង​អចលនទ្រព្យ​នៅ​កម្ពុជា​។

លោកស្រី​សុង​ ធីតា​ ប្រធាន​ក្រុមហ៊ុន​ LINDA​ GOLD​ CRUCIBLE​ ថ្លែង​នៅក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុ​ស្សា​ហរ​ណៈ​យោគយល់​គ្នា​ ក្នុង​ភាពជា​ដៃគូ​ពាណិជ្ជកម្ម​ជាមួយ​ក្រុមហ៊ុន ​LINDA​ GOLD​ CRUCIBLE​ កាលពី​ពេល​ថ្មី​ៗនេះ​ថា​ នេះ​ពិត​មាន​មោទនភាព​ខ្លាំង​ណាស់​ ក្នុង​ការ​ចាប់ដៃ​គូ​ពាណិជ្ជកម្ម​ផ្តាច់​មុខ​ ជាមួយ​ក្រុមហ៊ុន​ CONFORAMA​ ពីព្រោះ​គឺជា​ក្រុមហ៊ុន​យក្ស​មួយ​ ដែល​ជាប់​ចំណាត់ថ្នាក់​លេខ១នៅ​ប្រទេស​បារាំង​ និង​ចំណាត់ថ្នាក់​លេខ២នៅ​អឺរ៉ុប​។

លោកស្រី​បន្ត​ថា​ “នេះ​មិនមែន​ជា​ការ​ចៃដន្យ​ទេ​ ដែល​ក្រុមហ៊ុន​យក្ស​មួយ​នេះ​មក​កម្ពុជា​។ នេះ​ជា​ផ្លែផ្កា​នៃ​ការ​ខំប្រឹង​ប្រែង​អស់​រយៈពេល​ជាង២ឆ្នាំ​ ដែល​យើង​បាន​ទំនាក់ទំនង​ផ្ទាល់​ជាមួយ​ថ្នាក់ដឹកនាំ​ CONFORAMA​ នៅ​ទីក្រុង​ប៉ារីស​ ដោយ​បាន​ធ្វើការ​សិក្សា​ទីផ្សារ​យ៉ាង​ល្អិតល្អន់​ អស់​រយៈពេល​រាប់​ខែ​នៅ​កម្ពុជា​ ដោយមាន​អ្នកជំនាញ​មក​ពី​ក្រុមហ៊ុន​ CONFORAMA​”។

លោកស្រី​បន្ត​ថា​ “លទ្ធផល​ទាំងនេះ​ ក៏​អាស្រ័យ​ជាបឋម​ដោយក្រុម​ការងារ​យុវជន​នៅ​ទ្វីបអឺរ៉ុប​ដឹកនាំ​ដោយ​លោក​ហួត​ ហាក់​ តាម​ការ​ចង្អុល​ទិស​ និង​ ការណែនាំ​ជាប្រចាំ​ពីសំណាក់​លោក​បណ្ឌិត​ ហ៊ុន​ ម៉ា​ណែ​ត ដែល​តែង​ប្រឹងប្រែង​គៀង​គរ​ក្រុមហ៊ុន​ឬវិនិយោគិន​ពីក្រៅ​ប្រទេស​ ដោយឡែក​ពី​ទ្វីបអឺរ៉ុប​ ឬពី​ប្រទេស​បារាំង​ ឲ្យ​មក​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​”។

លោក​ STANISLAS​ CONSEILLER​ តំណាង​ក្រុមហ៊ុន ​CONFORAMA​ បាន​មានប្រសាសន៍​ថា​ ​ក៏ដោយ​បានឃើញ​មាន​ស្ថិរភាព​ខាង​កំណើន​សេដ្ឋកិច្ច​ និង​កម្ពុជា​ជា​ប្រទេស​កំពុង​អភិវឌ្ឍ​មិនឈប់ឈរ​ ដែល​ផ្តល់​ឪកាស​ឲ្យ​អតិថិជន​វ័យក្មេង​ សម្រាប់​តម្រូវការ​របស់​ខ្លួន​ នៅ​តាម​គេហដ្ឋាន​នូវ​គ្រឿង​សង្ហា​រឹម​ដែល​ទាន់សម័យ​ គុណភាព​ល្អ​ តម្លៃ​សមរម្យ​ ដែល​អាច​ជម្រុ​ញឲ្យ​មានសន្ទុះ​ជា​វិជ្ជមាន​ក្នុង​ការពង្រីក​ហាង​ CONFORAMA ​យ៉ាង​លឿន​នៅ​ទីនេះ​។

លោ​ស្រី​ម៉ែ​ន សំ​អន​ ឧបនាយក​រដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​-ព្រឹទ្ធសភា​ និង​អធិការកិច្ច​បាន​ថ្លែង​ដែរ​ថា​ ​កិច្ច​សហប្រតិបត្តិ​ការ​រវាង​ក្រុមហ៊ុន​កម្ពុជា​ និង​ក្រុមហ៊ុន​បារាំង​នា​ពេលនេះ​ បាន​បញ្ជាក់​ពី​ការលូតលាស់​ឥត​ឈប់ឈរ​ នៃ​កិច្ច​សហប្រតិបត្តិ​ការ​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ប្រទេស​មហាអំណាច​សេដ្ឋ​កិ​ច្ច​ផ្សេង​ៗដ៏​ទៃ​ទៀត​លើ​លោក​ ។ ចាប់ពី​ពេល​ទទួល​សន្តិភាព​ពេញលេញ​មក​ ព្រះរាជាណាចក្រ​កម្ពុជា​បាន​ក្លាយជា​ប្រភព​ នៃ​អ្នកវិនិយោគទុន​បរទេស​ដ៏​មាន​សក្តា​នុ​ពល​ ព្រមទាំង​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ល្អ​បំផុត​ ព្រមទាំង​ក៏​ជា​ប្រទេស​ដែល​មាន​ចំនួន​ភ្ញៀវ​ទេសចរ​ដ៏​ច្រើន​ ដែល​កំពុង​មក​ទស្សនា​កម្ពុជា​។

លោកស្រី​ឧបនាយក​រដ្ឋមន្រ្តី​ បាន​សម្តែង​ការ​គាំទ្រ​ចំពោះ​កិច្ច​សហប្រតិបត្តិ​ការ​វិនិយោគ​រួមគ្នា​ ក្នុង​ការ​ចាប់ដៃ​គូ​ពាណិជ្ជកម្ម​រវាង​ក្រុមហ៊ុន​បរទេស​ និង​ក្រុមហ៊ុន​ក្នុង​ស្រុក​ ហើយ​រាជរដ្ឋាភិបាល​សង្ឃឹម​យ៉ាង​មុតមាំ​ថា​ បន្ទាប់ពី​ការ​សហការ​វិនិយោគ​រួមគ្នា​រវាង​ក្រុមហ៊ុន​ទាំងពីរ​ អតិថិជន​នឹង​បាន​អង់​សែន​ផ្សារ​ទំនើប​មួយ​ថ្មី​ ដែល​មាន​ផលិតផល​ថ្មី​ប្រកបដោយ​គុណភាព​ខ្ពស់​ និង​តម្លៃ​សមរម្យ​ ។ ផ្សារ​ទំនើប​ថ្មីនេះ​ នឹងអាច​បង្កើត​ការងារ​ និង​ប្រាក់ចំណូល​យ៉ាងច្រើន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ ដើម្បី​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​៕

តើ​អ្វីទៅ​ជា​យុទ្ធសាស្ត្រ​ធនាគារ​ដីធ្លី​ (Land​ Banking​) ?

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ Land​ Banking​ ជា​យុទ្ធ​សាស្រ្ត​វិនិយោគ​លើ​វិស័យ​ដីធ្លី​ ដោយ​ទិញ​ដី​ស្តុក​ទុក​ ក្នុង​ដំណាក់កាល​ដែល​មនុស្សជា​ច្រើន​ មើល​មិនឃើញ​ពី​តម្លៃ​ ឬឱកាស​ក្នុង​ការ​វិនិយោគ​ រួច​លក់​ចេញ​នៅពេល​ដែល​ទីផ្សារ​ ចាប់​មាន​តំរូវការ​ខ្លាំង​និង​ទទួល​បាន​តម្លៃ​ខ្ពស់​។

ប្រភព​នៃ​ផល​ចំណេញ​ពី​ការ​ធ្វើ​ Land​ Banking​ មាន​ពីរ​ ។ នេះ​បើ​ផ្អែក​តាម​សំណេរ​របស់​លោក​ ង៉ែត​ ជូ​ អ្នកវិភាគ​សេដ្ឋកិច្ច​ និង​ជា​អ្នកជំនួញ​នៅក្នុង​វិស័យ​អចលនទ្រព្យ​។

នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ តាមរយៈ​គណនី​ផ្ទាល់ខ្លួន​ លោក​ង៉ែត​ ជូ​បាន​លើកយក​ប្រភព​នៃ​ផល​ចំណេញ​សំ​ខាន់​ៗទាំងពីរ​ ទី១​ ផល​ចំណេញ​ពី​ការ​លក់​ដី​ក្នុង​តម្លៃ​ខ្ពស់​ជាង​តំលៃ​នៅពេល​ទិញ​។ ទី២​ ផល​ចំណេញ​ពី​ការជួល​ដី​ ឬប្រកបរបរ​នានា​ដូចជា​ការ​ដាំ​ឈើ​ ដាំដូង​ក្រអូប​ ចិញ្ចឹម​ត្រី​លក់​។

យុទ្ធ​សាស្រ្ត​ Land​ Banking​ នេះ​មិនមែន​ជា​យុទ្ធ​សាស្រ្ត​ថ្មី​នោះ​ទេ​។ កាលពី​ជាង៥០០ឆ្នាំមុន​ អ្នក​វិនិយោគ​ជនជាតិ​អាមេរិកកាំង​ ដើមកំណើត​អាល្លឺម៉ង់​លោក​John​ Jacop​ Aster​ បាន​ប្រើ​យុទ្ធ​សាស្រ្ត​នេះ​ ដើម្បី​ប្រែខ្លួន​លោក​ជាម​ហា​សេដ្ឋី​ មានទ្រព្យ​រហូតដល់១១០ពាន់​លាន​ដុល្លា​អាមេរិក​ និង​ជាម​ហា​សេដ្ឋី​ជាប់​លំដាប់​លេខ​បួន​ ក្នុង​ប្រវត្តិ​សាស្រ្ត​អាមេរិក​។

លោក​បាន​ទិញ​ដី​ ដែល​មាន​ទំហំ​ធំ​ដែល​សព្វថ្ងៃ​ ត្រូវ​បាន​គេ​ស្គាល់​ថា​ ជាទី​ក្រុង​មែន​ហា​ថែន​ (Manhattan​) ដែល​ជាផ្នែក​មួយ​នៃ​ទី​ក្រុង​ញូ​វញ៉ក​។

ករណី​សិក្សា​មួយផ្សេងទៀត​ មហាសេដ្ឋី​អចលនទ្រព្យ​របស់​ថៃ​ លោក​ Songsakdi​ ដែល​បាន​ទិញ​វាលស្រែ​ជាង១៦០ហិ​កតា​ ក្នុង​កំឡុង​ឆ្នាំ១៩៨០​ រួច​អភិវឌ្ឍន៍​ជា​ខុន​ដូ​ និង​អាគារ​ពាណិជ្ជកម្ម​នៅ​ឆ្នាំ២០០០ប្លាយ​។ ដូចគ្នា​នេះ​ដែរ​យើង​កំពុង​អនុវត្តន៍​ យុទ្ធ​សាស្រ្ត​ Land​ Banking​ ដែល​ត្រូវ​បាន​អោយ​ឈ្មោះថា​ជា​ “គំរោង​មហាយាន​”។

​គំរោង​នេះ​ជា​គំរោង​ Land​ Banking​ ខ្នាត​តូច​។ យើង​មាន​ទស្សនវិស័យ​អភិវឌ្ឍន៍​ជា​គំរោង​ខ្នាត​ធំ​នៅ​ថ្ងៃ​អនាគត​។

បញ្ហា​នៅត្រង់​ថា​ អ្នក​វិនិយោគ​ជាច្រើន​ មិន​មាន​ចំណាប់​អារម្មណ៍​ នឹង​ឱកាស​នេះ​ទេ​ ព្រោះ​ពួកគេ​ខ្វះ​ការ​អត់ធ្មត់​។ ពួកគេ​ចង់បាន​ប្រាក់​ចំ​ពេញ​ភ្លាម​ៗ ហើយ​មិន​ចង់​រង់ចាំ​ទទួល​បានផល​ចំណេញ​ច្រើន​ ក្នុងរយៈពេល​វែង​រហូតដល់​រាប់​ទសវត្សរ៍​នោះ​ទេ​។ មានតែ​មនុស្ស​ដែល​មានការ​អត់ធ្មត់​ខ្ពស់​នោះ​ទេ​ ទើប​អាច​ចំអិន​ត្រី​ធំ​បាន​ហូប​ប្រកបដោយ​ឱជារស​ឈ្ងុយឆ្ងាញ់​៕

ចំណេះដឹង​! តើ​អ្វី​ជាគោល​នយោបាយ​អត្រា​ប្តូរ​ប្រាក់​?

ដោយ ​វុត្ថា

ភ្នំ​ពេញៈ​ គោលនយោបាយ​អត្រា​ប្តូរ​ប្រាក់​ របស់​ធនាគារជាតិនៃកម្ពុជា​ គឺជា​ឧបករណ៍​នយោបាយ​មួយ​របស់​គោល​ នយោបាយ​រូបិយវត្ថុ​ ដែល​មាន​គោលដៅ​ចម្បង​រក្សា​ស្ថិរភាព​ថ្លៃ​។

យោង​តាម​ឯកសារ​របស់​ធនាគារជាតិនៃកម្ពុជា​បានឱ្យ​ដឹង​ថា​ ជាមួយនឹង​ការអនុវត្ត​របប​អត្រា​ប្តូរ​ប្រាក់​អណ្តែត​ មានការ​គ្រប់គ្រង​ ធនាគារជាតិ​ នឹង​ធ្វើ​អន្តរា​គម​លើ​ទីផ្សារ​ប្តូរ​ប្រាក់​ ដើម្បី​គ្រប់គ្រង​និង​រក្សា​ស្ថិរភាព​ អត្រា​ប្តូរ​ប្រាក់​ ទៅតាម​គោលដៅ​ដែល​បាន​កំណត់​ ។ អត្រា​ប្តូរ​ប្រាក់​ផ្លូវការ​ជា​អត្រា​ទិញ​-លក់​រវាង​រូបិយវត្ថុ​ជាតិ​ និង​រូបិយប័ណ្ណ​បរទេស​ផ្សេងទៀត​ ។

អត្រា​ប្តូរ​ប្រាក់​ផ្លូវការ​នេះ​ ត្រូវ​បាន​កំណត់​ដោយ​ធនាគារជាតិនៃកម្ពុជា​ និង​ដាក់ឲ្យ​ប្រើប្រាស់​សម្រាប់​រាល់​ប្រតិបត្តិ​ការ​ រវាង​ធនាគារជាតិនៃកម្ពុជា​ជាមួយនឹង​ភាគី​ពាក់ព័ន្ធ​។ លើស​ពីនេះ​ ក្រសួង​-ស្ថាប័ន​រាជរដ្ឋាភិបាល​ ក៏ដូចជា​ សាធារណៈ​ជន​អាច​ប្រើប្រាស់​អត្រា​ប្តូរ​ប្រាក់​ផ្លូវការ​នេះ​ ទៅតាម​គោល​ដៅ​រៀង​ៗខ្លួន​ ហើយ​អត្រា​នេះ​ក៏​ជា​ អត្រា​ប្តូរ​ប្រាក់​គោល​ប្រើ​ដោយ​វិស័យ​ឯកជន​ផង​ដែរ​។

ធនាគារជាតិនៃកម្ពុជា​ កំណត់​អត្រា​ប្តូរ​ប្រាក់​ផ្លូវការ​ ដូចជា​ “គណៈកម្មការ​កំណត់​អត្រា​ប្តូរ​ប្រាក់​ផ្លូវការ​” ដែល​រួមមាន​សមាសភាព​មក​ពី​នាយកដ្ឋាន​ពាក់ព័ន្ធ​ ដូចជា​នាយកដ្ឋាន​គ្រប់គ្រង​ប្តូរ​ប្រាក់​ នាយកដ្ឋាន​បោះផ្សាយ​និង​ឃ្លាំង​បេឡា​ នាយកដ្ឋាន​ប្រតិបត្តិ​ការ​ នាយកដ្ឋាន​ស្ថិតិ​ និង​នាយកដ្ឋាន​ស្រាវជ្រាវ​សេដ្ឋកិច្ច​ និង​សហប្រតិបត្តិ​ការអន្តរជាតិ​ គឺជា​អ្នក​កំណត់​អត្រា​ប្តូរ​ប្រាក់​ផ្លូវការ​ ។

​សមាជិក​គណៈកម្មការ​នេះ​ ជួប​ប្រជុំ​គ្នា​ជា​រៀងរាល់​ព្រឹក​ ដើម្បី​ពិភាក្សា​និង​វិភាគ​ទៅលើ​សូចនាករ​សំ​ខាន់​ៗមួយចំនួន​ ដែល​ត្រូវ​ប្រើប្រាស់​ជា​មូលដ្ឋាន​ ក្នុង​ការកំណត់​អត្រា​ប្តូរ​ប្រាក់​ផ្លូវការ​ប្រចាំថ្ងៃ​។ បន្ទាប់មក​អត្រា​ប្តូរ​ប្រាក់​ផ្លូវការ​នេះ​ ត្រូវ​ដាក់​ជូន​ថ្នាក់​អគ្គនាយក​បច្ចេកទេស​សម្រេច​ និង​ផ្សព្វផ្សាយ​ជា​សាធារណៈ​។

ករណី​ដែល​ទីផ្សារ​មានការ​ប្រែប្រួល​ខ្លាំង​ គណៈកម្មការ​នឹង​មានការ​ប្រជុំ​ជាបន្ទាន់​ ដើម្បី​រក​ដំណោះស្រាយ​ និង​កំណត់​យុទ្ធសាស្ត្រ​ ៕

ខណ្ឌចំការមន​នៅតែ​ឈរ​លំ​ដាក់លេខ​រៀង​ទី១លើ​ការ​អភិវឌ្ឍ​វិស័យ​អចលនទ្រព្យ​

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ខណ្ឌចំការមន​នៅក្នុងចំណោម​ខណ្ឌ​ទាំង១៤​ នៃ​រាជធានី​ភ្នំពេញ​នៅតែ​ឈរ​នៅ​លំដាប់​លេខរៀង​ទី១​ ដែល​មាន​ភាព​ទាក់ទាញ​ការ​វិនិយោគ​ និង​លេច​ធ្លោ​រខ្លាំង​លើ​វិស័យ​អចលនទ្រព្យ​នៅក្នុង​ឆ្នាំ២០១៩នេះ​ ។

លោកស្រី​តាំង​ ហ៊ួរ​ អគ្គ​នាយិកា​ក្រុមហ៊ុន​ Amatak​ Property​ Service​ បាន​ប្រាប់​គេហ​ទំពរ័​ propertyarea.asia​ នៅ​ថ្ងៃទី​ ៦ ខែធ្នូ​ ឆ្នាំ​ ២០១៩កន្លងមក​ថា​ នៅក្នុងចំណោម​ខណ្ឌ​ទាំង១៤​ នៃ​រាជធានី​ភ្នំពេញ​នេះ​ គឺ​ខណ្ឌចំការមន​ នៅតែ​ឈរ​លំដាប់​លេខរៀង​ទី១​ ទាំង​តម្លៃ​ដីធ្លី​ និង​ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​។

លោកស្រី​បន្ថែម​ថា​ “កត្តា​ជាច្រើន​ដែល​ធ្វើ​ឱ្យ​ខណ្ឌ​មួយ​នេះ​ នៅតែ​ឈរ​លំដាប់​លេខរៀង​ទី១​ ដោយសារតែ​មានការ​ទាក់ទាញ​ លើ​ការ​វិនិយោគ​ទៅលើ​សណ្ឋាគារ​ អគារ​ខុន​ដូ​ ​អា​ផា​តមិន​ និង​អគារ​ពាណិជ្ជ​កម្ម​ផ្សេង​ៗជាច្រើន​”។ លោកស្រី​បន្ត​ថា​ “ខណ្ឌ​ដែល​ឈរ​នៅ​លំ​ដាល់​លេខរៀង​ទី២​ គឺ​ខណ្ឌដូនពេញ​”។

លោក​បន្ថែម​ថា​ ខណ្ឌ​មួយ​នេះ​ ស្ថិតនៅ​ក្នុង​កណ្តាល​ក្រុង​ និង​នៅ​ជាប់មាត់​ទន្លេ​ និង​ជា​តំបន់​ដែល​មាន​ទេសចរណ៍​ច្រើន​ ដែល​ធ្វើ​ឱ្យ​តម្លៃ​អចលនទ្រព្យ​កើនឡើង​ ជា​រៀងរាល់​ឆ្នាំ​ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​។

នាយិកា​ប្រតិបត្តិ​ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ​ Century​21​ Cambodia​ លោកស្រី​ Grace​ Rachny​ Fong​ បានឱ្យ​ដឹង​ដែរ​ថា​ ខណ្ឌ​ទាំង១៤នៃ​រាជធានី​ភ្នំពេញ​ គឺ​មាន​សក្តា​នុ​ពល​ក្នុង​ការប្រើ​ប្រាស់​ និង​មាន​តម្រូវ​ការ​ខុស​ៗពីគ្នា​ ដែល​វា​អាស្រ័យ​ទៅតាម​តំបន់​ និង​ទីតាំង​។

លោកស្រី​បាន​បន្ត​ថា​ “ខណ្ឌ​ដែល​ត្រូវ​បាន​ចាត់​បញ្ចូល​ជា​តំបន់​ ដែល​មាន​សក្ដានុពល​ខ្លាំង​ លើ​វិស័យ​អចលនទ្រព្យ​ នៅ​ក្នុ​រាជធានី​ភ្នំពេញ​ រួមមាន​ដូចជា​ ខណ្ឌ​បឹងកេងកង​ដូនពេញ​ ទួ​កគោក​ ច្បារអំពៅ​ ជ្រោយ​ចង្វា​រ ៧មករា​ សែនសុខ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ និង​ខណ្ឌចំការមន​”។

លោកស្រី​បាន​បន្ត​ទៀត​ថា​ “បើ​ទោះជា​ខណ្ឌ​ទាំងអស់​នេះ​ មាន​សក្ដានុពល​ក្នុង​វិស័យ​មួយ​នេះ​ក្ដី​ ប៉ុន្តែ​តម្រូវការ​នៃ​ការប្រើ​ប្រាស់​ ត្រូវ​បាន​បែងចែក​ចេញពី​គ្នា​។ ក្រៅពី​នេះ​ ខណ្ឌ​ដែល​មាន​សក្ដានុពល​ និង​មាន​តម្រូវការ​ខ្ពស់​លើ​វិស័យ​ លំនៅ​ដ្ឋាន​បែប​អាជីវកម្ម​ គឺ​ខណ្ឌ៧មករា​ ខណ្ឌដូនពេញ​ និង​ខណ្ឌចំការមន​”។

ខណ្ឌចំការមន​មានផ្ទៃ​ក្រឡា​ប្រមាណ១១គីឡូម៉ែត្រ​ការ៉េ​ បាន​បង្ហាញ​ពី​សក្តា​នុ​ពល​យ៉ាង​ខ្លាំង​ ដោយសារ​ការ​កើនឡើង​នៃ​សំណង់​អគារ​ស្នាក់នៅ​ចម្រុះ​ អគារ​សហកម្មសិទ្ធិ​(ខុន​ដូ​)ផ្សារ​ទំនើប​ ដែល​បន្ត​រីក​ដុះឡើង​ដូច​ផ្សិត​ ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។

លោក​ ប៊ុ​ន សុ​ភ័ក្ត្រ​ អភិបាលរង​ខណ្ឌចំការមន​ធ្លាប់​បានឱ្យ​ដឹង​ថា​ ការ​អភិវឌ្ឍ​មាន​គ្រប់​វិស័យ​នៅក្នុង​មូលដ្ឋាន​នេះ​ រាប់ទាំង​ការសាងសង់​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ និង​ការ​បញ្រ្ជាប​ចំណេះដឹង​ជំនាញ​។

ទាក់ទង​ទៅ​នឹង​ហេដ្ឋារចនាសម្ព័ន្ធ​ មិន​សំដៅ​ទៅលើ​តែ​សំ​ណង់​ខ្ពស់​ៗធំៗ​នោះ​ទេ​ ប៉ុន្តែ​ក្នុង​ការ​អភិវឌ្ឍ​ប្រទេសជាតិ​ គឺ​សំដៅ​ទៅលើ​គ្រប់​វិស័យ​ទាំង​ការ​អភិវឌ្ឍ​ស្ពាន​ ផ្លូវថ្នល់​ ប្រព័ន្ធ​លូ​ សំណង់​នានា​ សណ្តាប់​ធ្នាប់​សាធារណៈ​ អនាម័យ​ និង​ការចូលរួម​សម្អាត​បរិស្ថាន ​(ទីក្រុង​ស្អាត​)» ។

លោក​បាន​បង្ហាញថា​ តម្រូវការ​សម្រាប់​ទីក្រុង​ និង​ជនបទ​មាន​ភាព​ខុសគ្នា​ ពីព្រោះ​ការរស់នៅ​មាន​ភាព​ខុសគ្នា​ទៅតាម​តំបន់​។ ឧទាហរណ៍​ ដូចជា​នៅ​តាម​តំបន់ជនបទ​ខ្លះ​ត្រូវការ​ប្រព័ន្ធ​ធារាសាស្ត្រ​ ប្រឡាយ​ទឹក​សម្រាប់​កសិកម្ម​។ ចំណែក​ទីក្រុង​វិញ​ ប្រជាជន​ចង់​មានផ្លូវ​ស្អាត​ ភ្លើងបំភ្លឺ​ផ្លូវ​ គ្មាន​ភាព​កកស្ទះ​ គ្មាន​សំរាម​នៅមុខ​ផ្ទះ​ និង​គ្មាន​ ចោរលួច​ប្លន់​នៅកន្លែង​រស់នៅ​ជាដើម​៕

សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ នឹង​បោះឆ្នោត​ជ្រើសតាំង​ប្រធាន​អាណត្តិ​ទី២​ នៅ​ថ្ងៃស្អែក​នេះ​

ដោយ​ ៖ រ៉ា​ណេត​

ភ្នំពេញ​ ៖ នៅ​ត្រឹម​ថ្ងៃទី៧​ ខែធ្នូ​ ឆ្នាំ២០១៩​ ស្អែកនេះ​ សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ (CREA​) នឹង​ធ្វើការ​ជួបជុំ​សមាជិក​របស់​ខ្លួន​ដើម្បី​ធ្វើការ​បោះឆ្នោត​ជ្រើសតាំង​ប្រធាន​សមាគម​ថ្មី​សម្រាប់​អាណត្តិ​ទី២​ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​សណ្ឋាគារ​ Le​ Royal​ Phnom​ penh​ ចាប់ពី​ម៉ោង២រសៀល​។

អនុប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ អ្នកស្រី​ នុត​ រត្ថា​ ទទួលបន្ទុក​ទំនាក់ទំនង​សាធារណៈ​ និង​ជា​នាយិកា​ក្រុមហ៊ុន​រៀបចំ​កម្មវិធី​ រំដួល​ បាន​មានប្រសាសន៍​ថា​ “ការរៀបចំ​ឱ្យ​មានការ​បោះឆ្នោត​ជ្រើសរើស​ប្រធាន​សមាគម​មាន​អាណត្តិ​សម្រាប់​ដឹកនាំ​នេះ​ គឺជា​លើក​ទី១​ ដែល​អាស្រ័យ​ដោយ​បាន​ជា​លទ្ធផល​ពី​ការប្រជុំ​ទាំង​ក្រុមប្រឹក្សា​ ទាំង​គណៈ​កម្មា​ធិ​កា​ ទាំង​ខាង​គណៈ​គ្រប់គ្រង​នៃ​សមាគម​ គឺ​បានសម្រេច​គ្នា​ជា​ផ្លូវការ​ តម្រូវ​ឱ្យ​ប្រធាន​សមាគម​ទាំងអស់​ គួរតែ​មាន​អាណត្តិ​នៅក្នុង​ការដឹកនាំ​របស់​ខ្លួន​” ។

អ្នកស្រី​ បាន​បន្ត​ទៀត​ថា​ “យើង​តម្រូវ​ឱ្យ​ប្រធាន​សមាគម​ មាន​អាណត្តិ​គ្រប់គ្រង​ ក្នុង​ការដឹកនាំ​ ១ឆ្នាំ​ម្តង​ នឹង​ត្រូវ​ធ្វើការ​បោះឆ្នោត​ជ្រើសតាំង​ជាថ្មី​ ចំណែក​ប្រធាន​ក្រុមប្រឹក្សា​ គឺ​មាន​រយៈពេល២ឆ្នាំ​ម្តង​ ។

ទើបតែ​ឆ្នាំនេះ​ទេ​ ដែល​យើង​តម្រូវ​ឱ្យ​ប្រធាន​សមាគម​មាន​មួយ​អាណត្តិ​ ហើយ​ប្រធាន​សមាគម​ម្នាក់​ អាច​ឈរឈ្មោះ​រយៈពេល​ ២អាណត្តិ​ ជាប់គ្នា​បាន​ ប៉ុន្តែ​ក្នុង​មួយ​អាណត្តិ​ មាន​រយៈពេល​តែ១ឆ្នាំ​ប៉ុណ្ណោះ​ ។ ដូចគ្នា​ ប្រធាន​ក្រុមប្រឹក្សា​ មាន​អាណត្តិ២ឆ្នាំ​ និង​ឈរឈ្មោះ​ជាប់គ្នា​ ២អាណត្តិ​ដែរ​”។

បន្ទាប់ពី​ធ្វើការ​បោះឆ្នោត​ជ្រើសរើស​ប្រធាន​សមាគម​សម្រាប់​អាណត្តិ​ទី២​ ក៏​មាន​ពិធី​ជួបជុំ​ទទួលទាន​អាហារ​សាមគ្គី​ ជប់លៀង​​ប្រចាំឆ្នាំ​របស់​សមាគម​អ្នកជំនាញ​អចល​ទ្រព្យ​កម្ពុជា​ ​(CREA​) ផង​ដែរ​ ចាប់ពី​ម៉ោង​ ៥ រហូតដល់​ម៉ោង​ ៩យប់​។ ​សម្រាប់​ការចូលរួម​ក្នុង​កម្មវិធី​នេះ​ សូម​ទូរស័ព្ទ​៖ កញ្ញា​ ណា​នី​ ០១៧​ ​៧៨​ ៧៩​ ៧២​ ។

ខេត្ត​ព្រះសីហនុ​នឹង​មាន​មហា​វិ​ថី​ធំៗ​ចំនួន៣បន្ថែម​ទៀត​ ដើម្បី​សម្រួល​ដល់​ចរាចរណ៍​ និង​លើ​កម្ពស់​សោភណភាព​ខេត្ត​

ដោយ ​វុត្ថា​

ភ្នំពេញ​៖ ​មហាវិថី​រាម​ មហាវិថី​ឆ្នេរ​រាម​ និង​មហាវិថី​ជំទាវ​ម៉ៅ​ក្នុងចំណោម​ផែនការ​ផ្លូវ​ ៣៤ខ្សែ​ នឹង​បើក​ឱ្យ​បងប្អូន​ធ្វើដំណើរ​ជា​បណ្តើរ​ៗនា​ចុងខែ​ធ្នូ​នេះ​ ដើម្បី​សម្រួល​ចរាចរណ៍​ចំពោះ​បងប្អូន​ដែល​មាន​បំណង់​ចូល​មក​កំសាន្ត​ក្នុង​ក្រុង​ព្រះសីហនុ​នា​ឱកាស​បុ​ណ្ប​ឆ្លង​ឆ្នាំ​សកល​ខាងមុខនេះ​ ។

លោក​ គួច​ ចំរើន​ អភិបាល​ នៃ​អភិបាលខេត្ត​ព្រះសីហនុ​ ក្នុង​ពិធី​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ត្រួតពិនិត្យ​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ទាំង៣៤ខ្សែ​នៅ​ថ្ងៃទី​ ៦ ខែធ្នូ​ ឆ្នាំ​ ២០១៩​ នេះ​ បានឱ្យ​ដឹង​ថា​ ចាប់ពី​បាន​ប្រកាស​បើក​កា​ដ្ឋាន​ស្ថាបនា​ផ្លូវ​ កាល​ថ្ងៃទី១៦​ ខែវិច្ឆិកា​ ឆ្នាំ២០១៩​ ​រហូតដល់​ចុងខែ​ធ្នូ​ឆ្នាំ២០១៩​ កន្លងមក​នេះ​ ក្រុមហ៊ុន​ស្ថាបនា​ផ្លូវ​បាន​ដំណើរការ​ឈូស​ឆាយ​ កាយ​ផ្លូវ​យ៉ាងសកម្ម​ដើម្បី​សម្រេច​តាម​ផែនការ​កំណត់​ និង​ប្រកបដោយ​គុណភាព​ខ្ពស់​។

វិស័យ​សំណង់​នៅក្នុង​ក្រុង​ព្រះសីហនុ​មានការ​រីក​លូតលាស់​យ៉ាង​ឆាប់រហ័ស​ ចាប់ពី​ឆ្នាំ២០១៧​ ដល់​ឆ្នាំ២០១៩​ បាន​ជួប​នូវ​បញ្ហា​ប្រឈម​មួយចំនួន​ដូចជា​ ហេ​ដ្ឋា​រចនា​សម្ពន្ធ័​ផ្លូវថ្នល់​ លូ​ អូរ​ ប្រឡាយ​ ទឹក​ស្អាត​ អគ្គិសនី​ កាកសំណល់​ បរិស្ថាន​ និង​ចរាចរណ៍​ជាដើម​ដែល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ស្ថាបនា​ផ្លូវ​ក្នុង​ក្រុង​ព្រះសីហនុ​ ចំនួន​ ៣៤ខ្សែ​ មាន​ប្រវែង​ ៨៤.៥០៥គីឡូម៉ែត្រ​ ដើម្បី​ឆ្លើយតប​ និង​ដោះស្រាយ​បញ្ហា​ទាំងនេះ​ ។

សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ ធ្លាប់​បាន​លើកឡើង​ថា​ ដោយសារតែ​បច្ចុប្បន្ន​នេះ​ ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ក្រុង​ព្រះសីហនុ​ គឺ​មិន​អាច​ប្រើប្រាស់​បន្ត​ទៀត​បាន​ ដូច្នេះហើយ​ទើប​រដ្ឋាភិបាល​ត្រូវ​ចាប់ផ្តើម​កសាង​ឡើងវិញ​ទាំងអស់​ ដើម្បី​បំពេញ​តម្រូវការ​ចាំបាច់​របស់​ក្រុង​ដែល​កំពុង​មាន​សក្តា​នុ​ពល​។

សម្តេច​បញ្ជាក់​ថា​ ការសាងសង់​ផ្លូវ​នេះ​ គឺ​មាន​ក្រុមហ៊ុន​ចំនួន៨​ ទទួល​ធ្វើ​ ដោយ​ត្រូវ​ចំណាយ​ទុន​ប្រមាណ​ ២៩៤លាន​ដុល្លារ​អាមេរិក​ ហើយ​ផ្លូវ​នេះ​គឺជា​ផ្លូវ​ដ៏​ប្រណិត​ ដោយ​ចែកចេញជា៣ប្រភេទ​ គឺ១​)ប្រភេទ​មហាវិថី​ , ២)វិថី​ និង​ ៣)អនុ​វិថី​។

ចំពោះ​មហាវិថី​មាន​ចំនួន៣ខ្សែ​ គឺ​មាន​ទទឹង​ផ្លូវ​រហូតដល់​ទៅ៥០ម៉ែត្រ​, ចំពោះ​វិថី​វិញ​គឺ​មាន​ទទឹង​ពី២០​ ទៅ៤០ម៉ែត្រ​ ឬ​ឯប្រភេទ​បែប​អនុ​វិថី​វិញ​ គឺ​មាន​ទទឹង​ពី៨​ ទៅ៤០ម៉ែត្រ​ ហើយ​ផ្លូវ​ទាំងអស់​គឺ​មាន​ទ្រូងផ្លូវ​ ចិញ្ចើម​ផ្លូវ​ (សម្រាប់​អ្នកដើរ​ សម្រាប់​កង់​ ម៉ូតូ​) គំនូស​ចរ​ថា​ចរណ៍​ត្រឹមត្រូវ​ បង្គោល​ភ្លើងបំភ្លឺ​ផ្លូវ​ និង​មាន​បំពាក់​កាមេរ៉ា​សុ​វត្តិភាព​តាម​ដងផ្លូវ​ផង​ដែរ​។ផ្លូវ​នេះ​ត្រូវ​ប្រើ​រយៈពេល​ក្នុង​ការសាងសង់​ត្រឹមតែ៨ខែ​តែប៉ុណ្ណោះ​ ដូច្នេះ​នៅ​ឆ្នាំក្រោយ​នេះ​ ក្រុង​ព្រះសីហនុ​ នឹង​ប្រែ​មុខមាត់​ថ្មី​ ក្លាយទៅជា​ទីក្រុង​ដែល​មាន​សុវត្ថិភាព​បំផុត​ និង​ទាក់ទាញ​សម្រាប់​ភ្ញៀវ​ទេសចរណ៍​ និង​អ្នក​វិនិយោគ​នានា​៕

កំណើន​យានយន្ត​កើនឡើង​ជិត២លាន​គ្រឿង​ បាន​ធ្វើ​ឱ្យ​ជំនន់​ចរាចរណ៍​កាន់តែ​អាក្រក់​នៅ​ក្រុងភ្នំពេញ

ដោយ​ ៖ រ៉ា​ណេត​

ភ្នំពេញ​ ៖ បច្ចុប្បន្ន​នេះ​ ការ​កកស្ទះ​ចរាចរណ៍​នៅក្នុង​រាជធានី​ភ្នំពេញ​បាន​ក្លាយជា​បញ្ហា​ប្រឈម​ដ៏​ធំ​មួយ​ ដែល​រាជរដ្ឋាភិបាល​កំពុងតែ​ព្យាយាម​ស្វែងរក​ដំណោះស្រាយ​ ដើម្បី​បន្ធូរបន្ថយ​វិបត្តិ​មួយ​នេះ​ឱ្យ​មាន​ភាពល្អ​ប្រសើរ​ តាមរយៈ​ការស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ ដូចជា​ស្ពាន​អាកាស​ ​និង​ស្ពាន​ថ្មើរជើង​ជាដើម​ ខណៈ​ដែល​កំណើន​យានយន្ត​បាន​កើនឡើង​រហូតដល់​ជិត២លាន​គ្រឿង​។

ស្ទើរតែ​នៅ​គ្រប់​ទីកន្លែង​នៃ​រាជធានី​ភ្នំពេញ​ ជាពិសេស​នៅ​តាម​បណ្តា​ផ្លូវ​សំ​ខាន់​ៗនៃ​ជាយក្រុង​តែម្ដង​ កំពុងតែ​ជួប​នូវ​វិបត្តិ​ជំនន់​កកស្ទះ​ចរាចរណ៍​យ៉ាង​ណែនណាន់​តាន់តាប់​រាប់ម៉ោង​ ពោល​គឺ​ចាប់ពី​ម៉ោង​ ៦ៈ៣០នាទី​ រហូតដល់​ម៉ោង១០ព្រឹក​ ​និង​ពេលរសៀល​ចាប់ពី​អំឡុង​ម៉ោង​ ៥រហូតដល់​ម៉ោង​ ៧យប់​។

ចំណុច​ដែល​តែង​ជួប​វិបត្តិ​កកស្ទះ​ខ្លាំង​ គឺ​កើតមាន​នៅ​តំបន់​ស្ពាន​ជ្រោយ​ចង្វា​រ តំបន់​ស្ពាន​ព្រះមុនីវង្ស​ (ស្ពាន​ច្បារអំពៅ​) តំបន់​​ខេម​កូ​ស៊ី​ធី​ តំបន់​រង្វង់​មូល​ចោមចៅ​រួម​ជាមួយនឹង​បណ្តា​ផ្លូ​វធំៗ​មួយចំនួន​ទៀត​នៅក្នុង​រាជធានី​ភ្នំពេញ​ផង​ដែរ​។ រដ្ឋមន្ត្រី​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ លោក​ ស៊ុន​ ចាន់​ថុល​ បាន​មានប្រសាសន៍​កាលពី​ថ្ងៃទី៥​ ខែធ្នូ​ ឆ្នាំ២០១៩​ ម្សិលមិញ​នេះ​ថា​ ការ​កកស្ទះ​ចរាចរណ៍​នៅក្នុង​រាជធានី​ភ្នំពេញ​ដែល​កំពុងតែ​កើតមាន​នេះ​ បច្ចុប្បន្ន​រដ្ឋាភិបាល​បាន​ព្យាយាម​រក​ដំណោះស្រាយ​ជាមួយនឹង​វិធីសាស្ត្រ​ជាច្រើន​ ដែល​ក្នុង​នោះ​មាន​ដូចជា​ការ​បង្កើន​ចំនួន​រថយន្តក្រុង​ និង​ការបង្កើត​ខ្សែ​រត់​បន្ថែម​ ការស្ថាបនា​ផ្លូវ​ថ្មើរជើង​ ការបង្កើត​ផ្លូវ​ក្រោម​ដី​ និង​ការសាងសង់​ស្ពាន​អាកាស​បន្ថែម​ជាដើម​។

លោក​ទេស​រដ្ឋមន្ត្រី​ ស៊ុន​ ចាន់​ថុល​ បាន​មានប្រសាសន៍​បន្ត​ទៀត​ថា​ “ការ​កកស្ទះ​ទាំងនេះ​គឺ​កើតឡើង​គួបផ្សំ​កត្តា​ជាច្រើន​ ដូចជា​កត្តា​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​ក្រុង​តូច​ កត្តា​អ្នកបើកបរ​មិន​គោរពច្បាប់​អាទិភាព​ ជាពិសេស​កត្តា​នៃ​កំណើន​ចំណូល​របស់​ប្រជាពលរដ្ឋ​ដែល​អាច​មានលទ្ធភាព​ក្នុង​ការទិញ​យានយន្ត​ ដែល​រហូតមកដល់​ពេលនេះ​មាន​ចំនួន​កើនឡើង​រហូតដល់១,៨លាន​គ្រឿង​”។

លោក​បាន​បន្ត​ទៀត​ថា​ “នៅក្នុងចំណោម​យានយន្ត​ទាំង ១,៨លាន​គ្រឿង​នេះ​ មាន​រថយន្ត​ប្រមាណ​កន្លះ​លាន​ ម៉ូតូ​កង៣ប្រមាណ៤ម៉ឺន​គ្រឿង​ ហើយ​ក្រៅពី​នេះ​គឺ​ម៉ូតូ​ ខណៈ​ដែល​ចំនួន​ម៉ូតូ​ដែល​ត្រូវ​បាន​ដាក់​ចូល​ទីផ្សារ​ប្រមាណ​ ៣០ម៉ឺន​គ្រឿងក្នុង១ឆ្នាំ​”។

បច្ចុប្បន្ន​នេះ​ បន្ថែម​ពីលើ​ការ​កសាង​ស្ពាន​អាកាស​ និង​ស្ពាន​ថ្មើរជើង​ដែល​ជា​វិធីសាស្ត្រ​ក្នុង​ការ​ជួយ​កាត់បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​សិក្សា​ពី​គម្រោង​ស្ថាបនា​ផ្លូវ​សម្រាប់​អ្នកថ្មើរជើង​ និង​ផ្លូវ​សម្រាប់​ម៉ូតូ​នៅ​លើ​ចិញ្ចើម​ថ្លូ​វនៅ​បណ្តា​ខណ្ឌ​មួយចំនួន​ដែល​ជួប​បញ្ហា​កកស្ទះ​ខ្លាំង​។

បន្ថែម​ពីនេះ​ សម្ដេច​ តេជោ​ ហ៊ុន​ សែន​ ក៏បាន​បង្គាប់​ឱ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​សិក្សា​ និង​ស្វែ​ករ​កក្រុមហ៊ុន​អភិវឌ្ឍ​នានា​ ដើម្បី​សាងសង់​ទី​ចំណតរថយន្ត​នៅក្នុង​សួនច្បារ​ ឬក្រោម​ដី​ ដែល​អាច​ជួយ​ចូលរួម​កាត់បន្ថយ​បញ្ហា​ដែល​កំពុងតែ​ប្រឈម​មួយ​នេះ​ផង​ដែរ​ ៕

រដ្ឋាភិបាល​កំពុង​ត្រៀមខ្លួន​គាំទ្រ​ដល់​សេដ្ឋកិច្ច​ឌីជីថល​និង​បដិវត្តន៍​ឧស្សាហកម្ម​ជំនាន់​ទី៤​

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ បាន​និង​កំពុងធ្វើការ​ ដើម្បី​ត្រៀមខ្លួន​គាំទ្រ​ដល់​សេដ្ឋកិច្ច​ឌីជីថល​ និង​បដិវត្តន៍​ឧស្សាហកម្ម​ជំនាន់​ទី៤​ ក្នុង​នោះ​ការ​កសាង​បទដ្ឋាន​គតិ​យុត្ត​ ការ​តភ្ជាប់​ឌីជីថល​ ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​ សន្តិសុខ​ព័ត៌មាន​ ការ​អភិវឌ្ឍ​វិស័យ​ប្រៃសណីយ៍​ ដើម្បី​ទ្រទ្រង់​ដល់​ឡូ​ជី​ស្ទិ​ក (Logistic​)។

លោក​ ត្រាំ​ អ៊ី​វតឹ​ក រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ នៅក្នុង​ជំនួប​ជាមួយ​ លោកស្រី​ Boutheina​ Guermazi​ នាយក​នៃ​នាយកដ្ឋាន​ការ​អភិវឌ្ឍ​ផ្នែក​ឌីជីថល​ នៃ​ធនាគារពិភពលោក​ នៅ​ថ្ងៃទី៦​ ខែធ្នូ​ ឆ្នាំ​ ២០១៩នេះ​ថា​ ក្រសួង​បាន​ទទួល​ភារកិច្ច​ពី​រាជរដ្ឋាភិបាល​ ក្នុង​ការរៀបចំ​ក្របខណ្ឌ​រដ្ឋាភិបាល​ឌីជីថល​ និង​បាន​យកចិត្ត​ទក​ដាក់​ផង​ដែរ​ ពី​សារ:សំខាន់​ ក្នុង​ការ​បង្កើន​ការ​បណ្តុះបណ្តាល​ចំណេះដឹង​ឌីជីថល​ផង​ដែរ​។

ក្រសួង​ក៏បាន​ផ្តោត​លើ​ការពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​ បណ្តាញ​ទូរស័ព្ទចល័ត​ និង​អ៊ីនធឺណិត​ រហូតដល់​ជនបទ​ ក្នុង​គុណភាព​ល្អ​ និង​តម្លៃ​សមរម្យ​ ដែល​សម្រាប់​ប្រទេស​កម្ពុជា​ តម្លៃ​អ៊ីនធឺណិត​ ស្ថិត​ក្នុង​ប្រទេស​ដែល​មានតម្លៃ​អ៊ីនធឺណិត​ធូរ​ថ្លៃជាង​គេ​ នៅ​លើ​ពិភពលោក​។ ស្រប​ពេល​ជាមួយគ្នា​ ការ​ពង្រឹង​សន្តិសុខ​ព័ត៌មាន​វិទ្យា​ ក៏​ជាស​រស​រស្តម្ភ​មួយ​ដែល​ទ្រទ្រង់​ដល់​សេដ្ឋកិច្ច​សង្គម​ឌីជីថល​។

លោក​រដ្ឋមន្ត្រី​បន្ថែម​ថា​ ក្រសួង​បាន​កំពុង​ខិតខំ​បង្កើន​ការ​គ្រប​ដណ្តប់​ នៃ​បណ្តាញ​អ៊ីនធឺណិត​ និង​បណ្តុះបណ្តាល​ផ្នែក​ឌីជីថល​ នៅ​តាម​ជនបទ​តាម​រយ:មូលនិធិ​កាតព្វកិច្ច​សេវា​សកល​ទូរគមនាគមន៍​ (មូលនិធិ​ ក.ស.ទ​.-USO​ Fund​) និង​មូលនិធិ​នៃ​ការ​កសាង​សមត្ថភាព​ ការស្រាវជ្រាវ​ និង​ការ​អភិវឌ្ឍ​វិស័យ​ទូរគមនាគមន៍​ បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​(មូលនិធិ​ ស.អ​.-CBRD​ Fund​) ក៏ដូចជា​គម្រោង​ភូមិ​ឌីជីថល​ ដើម្បី​ធានា​នូវ​បរិ​យា​ប័ន្ននៃ​ការ​ទទួល​នូវ​សេវា​នេះ​ ព្រមទាំង​បាន​យកចិត្ត​ទុកដាក់​ លើ​សុវត្ថិភាព​នៃ​ការប្រើ​ប្រាស់​ប្រព័ន្ធ​នេះ​ ពិសេស​ការ​ការពារ​ដល់​កុមារ​លើ​ការប្រើ​ប្រាស់​អន​ឡាញ​ផង​ដែរ​។

លោក​ត្រាំ​ អ៊ី​វតឹ​កបាន​បញ្ជាក់​ទៀត​ថា​ ដើម្បី​ឆ្លើយតប​នឹង​ការ​រីក​ដុះដាល​នៃ​វិស័យ​ពាណិជ្ជកម្ម​អេ​ឡិក​ត្រូ​និក​ ការ​អភិវឌ្ឍ​វិស័យ​ប្រៃសណីយ៍​ ក៏​ត្រូវ​បាន​យកចិត្ត​ទុកដាក់​ក្នុង​ការពង្រីក​សេវាកម្ម​នេះ​កាន់តែ​សំបូរ​បែប​ ដើម្បី​សម្រួល​ដល់​សេវា​ឡូ​ជី​ស្ទិ​ក(Logistic​) និង​ការពង្រីក​សេវាកម្ម​ប្រៃសណីយ៍​ ទៅលើ​ផ្នែក​ផ្សេង​ៗទៀត​ ដូចជា​ផ្នែក​ធានារ៉ាប់រង​ និង​ហិរញ្ញវត្ថុ​ផង​ដែរ​។

លោកស្រី​ Boutheina​ Guermazi​ នាយក​នៃ​នាយកដ្ឋាន​ការ​អភិវឌ្ឍ​ផ្នែក​ឌីជីថល​ នៃ​ធនាគារពិភពលោក​ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការងារ​ ដែល​ក្រសួង​បាន​និង​កំពុង​ធ្វើ​ ហើយ​បាន​សន្យា​ថា​ នឹង​យក​ចំណុច​ទាំងនេះ​ទៅ​ពិនិត្យ​ ពិចារណា​ ជាមួយ​ធាតុ​ចូល​ ដែល​ទទួល​បាន​ពី​ក្រសួង​ផ្សេងទៀត​ ដើម្បី​រៀបចំ​វិស័យ​អាទិភាព​ ដែល​ធនាគារពិភពលោក​ នឹង​សហការ​ជាមួយ​កម្ពុជា​ ក្នុង​អភិក្រម​នៃ​វិស័យ​ទាំងមូល​ ប្រទាក់ក្រឡា​គ្នា​ និង​មាន​នូវ​បរិ​យា​ប័ន្ន៕

អង្គការ​សម្រាប់​សហ​ប្រតិ​បត្ដិ​ការ​សេដ្ឋកិច្ច​ និង​ការ​អភិវឌ្ឍ​អះអាង​ថា​និស្សិត​អាស៊ី​ឆ្លាត​ជាងគេ​លើ​ពិភពលោក​

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ អង្គការ​សម្រាប់​សហ​ប្រតិ​បត្ដិ​ការ​សេដ្ឋកិច្ច​ និង​ការ​អភិវឌ្ឍ​ (OECD​) បានឱ្យ​ដឹង​ថា​ និស្សិត​អាស៊ី​បន្ត​បង្ហាញថា​ ពួកគេ​ជា​សិស្ស​ឆ្លាត​ជាងគេ​នៅ​លើ​ពិភពលោក​។

អង្គការ ​OECD ​បាន​ចេញផ្សាយ​លទ្ធផល​ នៃ​កម្មវិធី​សម្រាប់​ការវាយតម្លៃ​និស្សិត​អន្តរជាតិ​ (PISA​) ដែល​ជា​ការសាកល្បង​ការ​អាន​ គណិតវិទ្យា​ និង​វិទ្យាសាស្ត្រ​ដែល​បាន​ផ្តល់​ដល់​ក្មេង​អាយុ ១៥ឆ្នាំ​ ដែល​បាន​វិភាគ​លើ​និស្សិត៦០០​,០០០នាក់​ នៅក្នុង៧៩ប្រទេស​ជុំវិញ​ពិភពលោក​។

ការវាយតម្លៃ​បាន​រក​ឃើញថា​ ជនជាតិ​ចិន​ សឹង្ហ​បូរី​ ហុងកុង​ជាប់​ចំណាត់ថ្នាក់​ខ្ពស់​ជាងគេ​ក្នុង​ការ​អាន​ និង​គណិតវិទ្យា​។

និស្សិត​ចិន​នៅ​ទីក្រុង​ប៉េកាំង​សៀងហៃ​ ចាង​ស៊ូ​ និង​ស៊ី​ជាំ​ងបាន​នាំមុខ​ ក្នុង​ការសិក្សា​លើ​និស្សិត​ទូទាំង​ពិភពលោក​។

របាយការណ៍​បាន​បង្ហាញ​ “និស្សិត​អាយុ១៥ឆ្នាំ​ នៅក្នុង​ខេត្ត​/ក្រុង​ចំនួន៤នៃ​ប្រទេស​ចិន​គឺទី​ក្រុង​ប៉េកាំង​ សៀងហៃ​ ចាង​ស៊ូ​ និង​ស៊ី​ជាំ​ង បាន​ទទួលជោគជ័យ​ជាង​មិត្តភក្តិ​របស់​ពួកគេ​ នៅក្នុង​ប្រព័ន្ធ​អប់រំ​ចំនួន៧៨ផ្សេងទៀត​។ ក្នុង​គណិតវិទ្យា​ និង​វិទ្យាសាស្ត្រ​ដោយ​ទទួល​បាន​លទ្ធផល​យ៉ាង​ទូលំទូលាយ​ ហើយ​មានតែ​សឹង្ហ​បូរី​ បាន​ប្រដេញ​ជាមួយ​និ​សិត្សចិន​”។

របាយការណ៍​បាន​បន្ថែម​ទៀត​ថា​ “គុណភាព​នៃ​សាលារៀន​របស់​ពួកគេ​សព្វថ្ងៃ​នេះ​នឹង​ជួយ​ពង្រឹង​សេដ្ឋកិច្ច​របស់​ពួកគេ​នា​ពេល​អនាគត​”។

ភ្លាម​ៗរដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​បាន​អបអរសាទរ​ ចំពោះ​ប្រព័ន្ធ​អប់រំ​របស់​ខ្លួន​សម្រាប់​ការ​ទទួល​បាន​ពិន្ទុ​ខ្ពស់​។

របាយការណ៍​បាន​បញ្ជាក់​ថា​ “ក្នុងរយៈពេល​បួន​ទសវត្សរ៍​កន្លងមក​ ចាប់តាំងពី​ការកែទម្រង់​ និង​ការ​បើក​ចំហរ​ចិន​ បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ក្នុង​វិស័យ​អប់រំ​។ ការ​វិនិយោគ​សរុប​របស់​ខ្លួន​ លើ​វិស័យ​អប់រំ​បាន​កើនឡើង​ជិត៥០០​ ដង​ពី១​,៣ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ១៩៧៨​ ដល់៦៥៥ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ២០១៨​ ហើយ​ការអប់រំ​បាន​ក្លាយជា​តំបន់​ធំ​បំផុត​រួច​ទៅ​ហើយ​ នៃ​ការ​ចំណាយ​របស់​រដ្ឋាភិបាល​”។

របាយការណ៍​បាន​បន្ថែម​ថា​ កាលពី​ឆ្នាំ២០១៨​ ដោយមាន​សាលារៀន​ចំនួន​ ៥១៤​,០០០កន្លែង​ និង​មាន​សិស្ស​ចំនួន២៧០លាន​នាក់​ កម្រិត​នៃ​ការអប់រំ​របស់​ចិន​បាន​ជាប់​ចំណាត់ថ្នាក់​លេខ១នៅ​លើ​ពិភពលោក​”។

ផ្ទុយទៅវិញ​ និស្សិត​អាមេរិក​បាន​ជាប់​ចំណាត់ថ្នាក់​ទី១៣​ គួរ​ឱ្យ​ភ្ញាក់ផ្អើល​ក្នុង​ការ​អាន​អក្ខរកម្ម​ និង​ទទួល​បាន​ពិន្ទុ​ទាប​ជាង​មធ្យមភាគ​គណិតវិទ្យា​។

ទន្ទឹម​នឹង​នេះ​ដែរ​ និស្សិត​ថៃ​បាន​បង្ហាញ​លទ្ធផល​មិនល្អ​ ដោយ​ទទួល​បាន​ពិន្ទុ​លើ​គ្រប់​វិស័យ​ដែល​ទាប​ជាង​មធ្យមភាគ​។ យោង​តាម​ការស្ទង់មតិ​ ថៃ​បាន​ជាប់​ចំណាត់ថ្នាក់​ទី​ ៥៦​ សម្រាប់​គណិតវិទ្យា​ទី៦៦​ សម្រាប់​ការ​អាន​និង​ទី៥២សម្រាប់​វិទ្យាសាស្ត្រ​៕