កិច្ច​សម្ភាសន៍​ពិសេស​៖ លោក​ខន​ គង្គា​អគ្គនាយក​ ERA​ មាន​សុទិដ្ឋិនិយម​ដូចម្តេច​ពីទី​ផ្សារ​ខុន​ដូ​នៅ​កម្ពុជា​

ដោ​យស៊ុំ​ ម៉ា​ណេត​

ភ្នំ​ពេញៈ​ ខុន​ដូ​ដែល​ជា​ប្រភេទ​លំនៅ​ដ្ឋាន​បែប​សហ​កម្ម​សិទ្ឋ​ ជាផ្នែក​ថ្មី​មួយ​នៃ​វិស័យ​អចលនទ្រព្យ​ ដែល​បាន​និង​កំពុង​លូតលាស់​ខ្លាំង​នៅ​កម្ពុជា​ ហើយ​លំនៅ​ដ្ឋាន​ប្រភេទ​នេះ​ត្រូវ​បាន​អ្នកជំនាញ​នៅតែ​បន្ត​បង្ហាញ​ពី​ភាព​វិជ្ជមាន​ ក្នុងរយៈពេល​ខ្លី​ និង​វែង​ ខណៈ​ចំនួន​គម្រោង​អភិវឌ្ឍន៍​ខុន​ដូ​ បាន​និង​កំពុង​កើនឡើង​ជាបន្តបន្ទាប់​។

ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​នៅក្នុង​ឆ្នាំនេះ​ មាន​ចំនួន៩៣០០លា​នដ​ល្លារ​ កើនឡើង​ប្រមាណ៧៨ភា​គរ​បើ​ធៀប​នឹង​ឆ្នាំមុន​ ដោយ​ភាគច្រើន​គំរោង​មានការ​កើនឡើង​ នៅក្នុង​ខេត្ត​ព្រះសីហនុ​។

អគ្គនាយក​ក្រុ​មហ៊ុ​អចលនទ្រព្យ​អន្តរជាតិ ​ERA​ លោក​ខន​ គង្គា​ បាន​ផ្តល់​កិច្ច​សម្ភាសន៍​ពិសេស​ជាមួយ​ លោ​កស៊ុំ​ ម៉ា​ណេត​ អ្ន​កសារ​ព៌​តមាន​ជាន់ខ្ពស់​របស់​គេហទំព័រ​ Propertyarea​.asia ​ស្តី​ពី​ ស្ថានភាព​ខុន​ដូ​នា​ពេល​បច្ចុប្បន្ន​ និង​អនាគត​រយៈ​ពល​ខ្លី​និង​វែង​?

តើ​លោក​យល់ឃើញ​យ៉ាងដូច​ម្តេច​ដែរ​ ចំពោះ​វិស័យ​ខុន​ដូ​នា​ពេល​បច្ចុប្បន្ន​ និង​នៅ​ឆ្នាំ​ ២០២០ខាងមុខ​?

សម្រាប់​ខ្ញុំ​ ដោយ​ខ្ញុំ​លក់​ខុន​ដូ​ និង​ធ្វើការងារ​ក្នុង​ទីផ្សារ​នេះ​ ខ្ញុំ​ឃើញ​សន្ទុះ​នៃ​ការទិញ​របស់​ភ្ញៀវ​យើង​អត់មាន​ការ​ធ្លាក់ចុះ​ទេ​ និង​ទិញ​ភ្ញៀវ​រាល់ថ្ងៃ​។ សម្រាប់​ឆ្នាំ​ ២០១៩​ យើង​ឃើញថា​ ប្រជាជន​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក​បន្ត​ទិញ​ធម្មតា​ ហើយ​ការ​ផ្គត់ផ្គង់​ខុន​ដូ​នឹង​មាន​ច្រើន​ ហើយ​វា​ជា​ឱកាសល្អ​សម្រាប់​អ្នក​វិនិយោគ​ ដែល​ពួកគាត់​មាន​ជម្រើស​កាន់តែ​ច្រើន​ ក្នុង​ការ​ជ្រើសរើស​គម្រោង​ណាមួយ​ពួកគាត់​ស្រឡាញ់​។

តើ​លោក​យល់ឃើញ​យ៉ាងដូច​ម្តេច​ ចំពោះ​ស្ថានភាព​ផ្គត់ផ្គង់​ និង​តម្រូវការ​ក្នុង​វិស័យ​ខុន​ដូ​សម្រាប់​អនាគត​?

បើសិនជា​វាស់​រវាង​ការ​ផ្គត់ផ្គង់​ និង​តម្រូវការ​ ការ​ផ្គត់ផ្គង់​មាន​ច្រើន​នៅក្នុង​ទីផ្សារ​ហើយ​បើ​យើង​វាស់​តែ​ជាមួយ​តម្រូវការ​ក្នុង​ស្រុក​ គឺ​វា​មិនទាន់​គ្រប់គ្រាន់​ទេ​។ តែ​យើង​ត្រូវ​ដឹង​ថា​ខុន​ដូ​ គឺ​ខុសពី​ប្រភេទ​លំនៅ​ដ្ឋាន​បែប​បុរី​ ព្រោះ​ខុន​ដូច​អាច​រក​ទិញ​បាន​ដោយ​គ្រប់​ជនជាតិ​ទាំងអស់​ ដូច្នេះ​ទីផ្សារ​នេះ​មិន​មានការ​រឹតត្បិត​ទេ​។

បើ​វាស់​តែ​ក្នុង​ស្រុក​មិន​គ្រប់គ្រាន់​ទេ​ យើង​ត្រូវ​វាស់​ដល់ទី​ផ្សារ​អន្តរជាតិ​។ បើ​វាស់​លក្ខណៈ​ទីផ្សារ​អន្តរជាតិ​ យើង​ត្រូវ​សិក្សា​ពី​គោលនយោបាយ​របស់​រដ្ឋាភិបាល​ដូចគ្នា​ ហើយ​បច្ចុប្បន្ន​យើង​ឃើញថា​ គោលនយោបាយ​របស់​រដ្ឋាភិបាល​ គឺ​បើកចំហ​រស​ម្រាប់​ការ​វិនិយោគ​ពីគ្រប់ទិស​ទី​លើ​ពិភពលោក​។ វា​ធ្វើ​ឱ្យ​មានការ​ទាក់ទាញ​ការ​វិនិយោគ​។

បើ​ប្រៀបធៀប​នឹង​តំបន់​ផ្សេង​ៗ ដូចជា​វៀតណាម​នៅ​មានការ​រឹ​តបណ្តឹង​ មីយ៉ាន់ម៉ា​នៅ​មានការ​រឹ​តបណ្តឹង​ ថៃ​ ម៉ាឡេស៊ី​ និង​សឹង្ហ​បូរី​ មាន​សាងសង់​ខុន​ដូ​ដូចគ្នា​ តែ​នៅ​មានការ​រឹ​តបណ្តឹង​ និង​ហិរញ្ញវត្ថុ​។ វា​មានន័យថា​ លុយ​ទាល់តែ​យក​គាត់​ទៅ​ទិញ​បាន​ ប៉ុន្តែ​ប្រទេស​យើង​ ចង់​ចាយ​លុយ​ចិន​ក៏​ទិញ​បាន​ ចង់​យក​លុយ​ដុល្លារ​មក​ទិញ​ក៏បាន​ ដូច្នេះ​វា​មាន​ភាព​ងាយស្រួល​សម្រាប់​អ្នក​វិនិយោគ​ ហើយ​ដុល្លារ​នៅ​ប្រទេស​ណា​ក៏​គេ​ប្រើប្រាស់​ដែរ​។

បើ​ប្រៀបធៀប​សឹង្ហ​បូរី​ មាន​ប្រជាជន​ដើម​តែ១​,៥លាន​នាក់​ទេ​ ប៉ុន្តែ​បច្ចុប្បន្ន​សឹង្ហ​បូរី​មាន​ជាង៥លាន​នាក់​ ដោយសារ​ចំណូល​នៃ​ជនជាតិ​បរទេស​ ដែល​មក​រស់​ប្រទេស​សឹង្ហ​បូរី​ ដូច្នេះ​ប្រទេស​យើង​ក៏​ដូចតែ​គ្នា​ដែរ​ ហើយ​អនាគត​ ការ​ហូរ​ចូល​នៃ​ជនជាតិ​បរទេស​មក​ធ្វើការ​វិនិយោគ​ និង​រស់នៅ​ និង​បង្កើត​អាជីវកម្ម​នៅ​កម្ពុជា​ នឹង​មាន​កំណើន​ដូចគ្នា​។ ដូច្នេះ​បើ​ថ្លឹងការ​ផ្គត់ផ្គង់​ និង​តម្រូវការ​វា​ពឹងផ្អែក​គ្នា​ទៅវិញទៅមក​។

តើ​លោក​អាច​ពន្យល់​បានទេ​ទាក់ទង​នឹង​មូលហេតុ​ ដែល​អ្នក​វិនិយោគ​គួរ​វិនិយោគ​ក្នុង​វិស័យ​ខុន​ដូ​សម្រាប់​ផល​ចំណេញ​ត្រឡប់​?

មាន​មូលហេតុ​ច្រើន​ ដែល​យើង​ត្រូវ​វិនិយោគ​ ទី១​ ខុន​ដូ​សំខាន់​បំផុត​គឺទី​តាំង​ ព្រោះ​កន្លែង​ដែល​សាងសង់​ខុន​ដូ​ ជាទី​តាំង​ដែល​ល្អ​ និង​ងាយស្រួល​ក្នុង​ការរស់នៅ​ ងាយស្រួល​ក្នុង​ការ​ធ្វើដំណើរ​ ងាយស្រួល​ក្នុង​ការ​ធ្វើការ​ ហើយ​បន្ទាប់មក​គឺ​ការ​ឌី​សាញ​ (រចនា​) ដែល​មាន​លក្ខណៈ​ប្រណីត​ ល្អ​ បើ​ប្រៀបធៀប​ជាមួយនឹង​បុរី​ វីឡា​គឺ​ខុន​ដូ​ស្អាត​ជាង​។ ទី៣​ គឺ​ទាក់ទង​នឹង​ប្រព័ន្ធ​សុវត្ថិភាព​។ បើ​យើង​និយាយ​ពី​ខុន​ដូ១០០ភាគរយ​ គឺ​សុវត្ថិភាព​ជាង​រស់នៅ​តាម​បុរី​ ឬវីឡា​ ដោយសារ​យើង​អត់​អាច​ដាក់​ទុយោ​ដាក់​ក្នុង​វីឡា​ និង​ប្រើ​ទុយោ​ដូចគ្នា​នៅក្នុង​ខុន​ដូ​ ព្រោះ​សម្ពាធ​ទឹក​ខុសគ្នា​។

​ដូច្នេះ​គេ​ប្រើ​ប្រភេទ​ទុយោ​គុណភាព​ល្អ​ជាង​ ខ្សែភ្លើង​ល្អ​ ដើម្បី​ធានា​នូវ​សុវត្ថិភាព​ ហើយ​ប្រព័ន្ធ​សុវត្ថិភាព​ និង​ប្រព័ន្ធ​សុវត្ថិភាព​ការពារ​អគ្គិសនី​គឺ​រៀបចំ​បាន​ល្អ​។

ឧទាហរណ៍​ យើង​ចំណាយ​លុយ១លាន​ដុល្លារ​ ហើយ​ទិញ​ផ្ទះ​វីឡា​មួយ​ ហើយ​បើ​យើង​ចំណាយ​លុយ១លាន​ដុល្លារ​ទិញ​ខុន​ដូ​។ ផ្ទះ​តម្លៃ១លាន​ដុល្លារ​ អាច​ជួល​បានតែ៣​,០០០​ ដុល្លារ​ក្នុង​មួយ​ខែ​ ប៉ុន្តែ​បើ​យើង​យក១លាន​ដុល្លារ​មក​ទិញ​ខុន​ដូ​ ហើយ​ក្នុង​មួយ​យូនី​តតម្លៃ១០០​,០០០​ ដុល្លារ​ គឺ​យើង​ទិញ១០យូនី​ត ដោយ​ក្នុង​យូនី​តយើង​អាច​ជួល​បាន៧០០​ ទៅ១​,០០០​ ដុល្លារ​ក្នុង​មួយ​ខែ​។ ដូច្នេះ​ការជួល១០​ យូនី​តអាច​ជួល​បាន​ចាប់ពី៧​,០០០​ ទៅ១០​,០០០​ ដុល្លារ​ក្នុង​មួយ​ខែ​។

បើ​ប្រៀបធៀប​នឹង​តម្លៃ​ជាមួយនឹង​ប្រទេសជិតខាង​ តើ​តម្លៃ​ខុន​ដូ​នៅ​កម្ពុជា​មានតម្លៃ​ខុសគ្នា​ដូចម្តេច​សម្រាប់​ការ​វិនិយោគ​?

បើ​និយាយ​អំពី​តម្លៃ​ខុន​ដូ​នៅ​កម្ពុជា​ នា​ពេល​បច្ចុប្បន្ន​នេះ​ វា​នៅ​តម្លៃ​ល្អ​ បើ​ប្រៀបធៀប​ក្នុង​តំបន់​។ យើង​ឃើញថា​ បើសិន​តំបន់​មាន​ទី​តាំង​ល្អ​ៗបំផុត​ ដូច​តំបន់​កោះ​ពេជ្រ​ យើង​ឃើញថា​ ខុន​ដូ​យើង​មានតម្លៃ​ខ្ពស់​បំផុត​គឺ៥០០០​ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​។ ប៉ុន្តែ​បើ​យើង​ប្រៀបធៀប​ជាមួយនឹង​ប្រទេស​ជាប់​យើង​ ឧទាហរណ៍​វៀតណាម​ ខុន​ដូ​ដែល​មានតម្លៃ​ថ្លៃ​គឺ​ចាប់៨​,០០០​ ទៅ១០​,០០០ដុល្លារ​មួយ​ម៉ែត្រការ៉េ​ ។

នៅ​ប្រទេស​ថៃ​វិញ​ ខុន​ដូ​មានតម្លៃ​ចាប់១០​,០០០​ ទៅ១៨​,០០០​ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ សំរាប់​ខុន​ដូ​ស្ថិតនៅ​តំបន់​កណ្តាល​ក្រុង​ ទីតាំង​ល្អ​។ ចំណែក​សឹង្ហ​បូរី​វិញ​ តម្លៃ​ខុ​ដូ​មាន​ឡើង​ទៅ១០០​,០០០​ ដុល្លា​ក៏មានដែរ​ក្នុង​មួយ​ម៉ែត្រការ៉េ​។

ដូច្នេះហើយ​នៅក្នុង​តំបន់​ តម្លៃ​នៃ​ទីផ្សារ​ខុន​ដូ​របស់​យើង​ គឺ​ទទួលយក​បាន​ អីចឹង​ហើយ​បាន​ជា​អ្នក​វិនិយោគ​ក្នុង​ និង​ក្រៅ​ស្រុក​នាំគ្នា​ទិញ​កាន់តែ​ច្រើន​។

តើ​អ្នក​វិនិយោគ​ពីក្រៅ​ស្រុក​ភាគច្រើន​មក​ពី​ប្រទេស​ណាខ្លះ​?

អ្នក​វិនិយោគ​មក​ពីក្រៅ​ស្រុក​ គឺ​អាស្រ័យ​លើ​គម្រោង​។ បើសិន​គម្រោង​មានការ​អភិវឌ្ឍ​ធំ​ភាគច្រើន​មក​ពី​សឹង្ហ​បូរី​ អ្នកទិញ​ភាគច្រើន​មក​ពី​សឹង្ហ​បូរី​។ បើសិន​គម្រោង​មានការ​អភិវឌ្ឍ​ធំ​មក​ពី​ហុងកុង​ អ្នកទិញ​មក​ពី​ហុងកុង​ បើសិន​គម្រោង​មាន​អភិវឌ្ឍ​ធំ​មក​ពី​ចិន​ អ្នកទិញ​ភាគច្រើន​មក​ពី​ចិន​។ បើសិន​គម្រោង​មានក​ការ​អភិវឌ្ឍ​ធំ​មក​ពីជ​ប៉ុន​ អ្នកទិញ​មក​ពីជ​ប៉ុន​ បើសិន​គម្រោង​មាន​អភិវឌ្ឍ​ធំ​មក​ពី​កូរ៉េ​ អ្នកទិញ​មក​ពី​កូរ៉េ​ភាគច្រើន​។

ដូច្នេះ​អ្នកទិញ​មក​ពីក្រៅ​ប្រទេស​ គឺ​អាស្រ័យ​លើ​អ្នក​អភិវឌ្ឍន៍​ ប៉ុន្តែ​គម្រោង​មួយចំនួន​ដែល​រៀបចំ​បាន​ល្អ​ និង​ត្រូវ​លក្ខខណ្ឌ​ អ្នក​វិនិយោគ​មក​ពី​គ្រប់​ប្រទេស​តែម្តង​។

តើ​ទីតាំង​ណាខ្លះ​ ដែល​កំពុង​មាន​ប្រជាប្រិយ​ភាព​សម្រាប់​ការអភិវឌ្ឍន៍​ និង​ការ​វិនិយោគ​ខុន​ដូ​?

ទីតាំង​ទី១​ គឺ​តំបន់​ជ្រោយ​ចង្វា​រ ដោយសារ​បច្ចុប្បន្ន​ យើង​ឃើញ​មានការ​វិនិយោគ​កំពុងតែ​កើនឡើង​ ហើយ​ហេតុអ្វី​បាន​តំបន់​ជ្រោយ​ចង្វា​រ នា​ពេល​អនាគត​មាន​សក្កា​នុ​ពល​ខ្លាំង​ ដោយសារ​វា​មាន​ទន្លេ​សងខាង​។

នៅ​លើ​ពិភពលោក​ ទោះ​អាមេរិក​ក៏ដោយ​ សឹង្ហ​បូរី​ក៏ដោយ​ សៀងហៃ​ក៏ដោយ​ ហុងកុង​ក៏ដោយ​ តំបន់​ដែល​មាន​ទន្លេ​សងខាង​ គឺជា​តំបន់​តម្លៃ​អចលនទ្រព្យ​ថ្លៃ​បំផុត​។ ដូច្នេះ​យើង​ឃើញថា​ តំបន់​ជ្រោយ​ចង្វា​រមាន​លក្ខខណ្ឌ​ទាំងអស់​នេះ​ ហើយ​ទល់មុខ​ទន្លេ​ យើង​ឃើញ​មាន​កោះ​ពេជ្រ​ អីចឹង​បាន​ជា​យើង​ឃើញ​អាគារ​មួយចំនួន​ មាននៅ​កោះ​ពេជ្រ​ច្រើន​។ បន្ទាប់​គឺ​ផ្លូវ៦០ម៉ែត្រ​ ដោយសារ​តំបន់​នោះ​គឺ​តំបន់​ ដែលគេ​រៀបចំ​ជាទី​ក្រុង​ថ្មី​មួយ​ ហើយ​តំបន់​ហ្នឹង​ប្រជុំ​ដោយ​ផ្សារ​ទំនើប​ ដូច​យើង​ឃើញ​គម្រោង​AEON​ 3 គម្រោង​ជីប​ម៉ុង​ គម្រោង​ប៉េង​ហួត​ ផ្សារ​ទំនើប​ផ្សេង​ៗពី​សឹង្ហ​បូរី​ នៅក្នុង​តំបន់​នេះ​ ដូច្នេះ​វា​ទាក់ទង​ដល់​ការ​វិនិយោគ​។

ក្រៅពី​តំបន់​ទាំងនេះ​ តំបន់​ទួលគោក​ គឺ​តំបន់​ដែល​មាន​សក្កា​នុ​ពល​ដូចគ្នា​ ដោយសារ​តំបន់​មាន​ភាព​ងាយស្រួល​ ដែល​សម្បូរ​ដោយ​ហាង​ទំនើប​ៗ ហាង​ញាំ​អាហារ​ សាលារៀន​ និង​មន្ទី​ពេទ្យ​ ហើយ​វា​ជួយ​ដល់​ការរស់នៅ​មាន​ភាព​ងាយស្រួល​។

តើ​ប្រភេទ​ខុន​ដូ​ណាខ្លះ​ដែល​មាន​ប្រជាប្រិយ​សម្រាប់​ការ​វិនិយោគ​?

បច្ចុប្បន្ន​យើង​មាន​ខុន​ដូ​ប្រភេទ​A ប្រភេទ​ B ប្រភេទ​ C។ តាមការពិត​វា​មានដល់​ប្រភេទ​D។ តម្លៃ​ខុន​ដូ​ប្រភេទ​ A ចាប់ពី៣​,៥០០​ ទៅដល់៥​,០០០​ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ ហើយ​ជាមួយ​ខុន​ដូ​ប្រភេទ​នេះ​ ប្រជាជន​កម្ពុជា​យើង​ពិបាក​ ក្នុង​ការ​ទទួលយក​ ដោយ​ សារ​តម្លៃ​ហួស​សមត្ថភាព​របស់​គាត់​ ហើយ​មានតែ​អ្នកមាន​មួយចំនួន​តូច​ បន្ទាប់មក​គឺ​ជនជាតិ​បរទេស​។

ជាមួយ​ខុន​ដូ​ប្រភេទ​ B យើង​ឃើញថា​មាន​ប្រជាជន​កម្ពុជា​ ចាប់ផ្តើម​ផ្លាស់​ប្តូរ​ពី​ខុន​ដូ​ប្រភេទ​C ដោយសារ​តម្លៃ​ចាប់ពី២​,០០០​ ដល់៣​,០០០​ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ ហើយ​ប្រភេទ​ដែល​ពេញនិយម​បំផុត​ គឺ​មានតម្លៃ​ចាប់ពី១​,៥០០​ ទៅ២​,០០០​ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​។

កាលពី​ពេល​ថ្មី​ៗនេះ​ច្បាប់​ស្តី​ពី​ សំណង់​ត្រូវ​បាន​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​។ តើ​ច្បាប់​នេះ​ អាច​ជួយ​ដល់​វិស័យ​ខុន​ដូ​យ៉ាងដូច​ម្តេច​?

ខ្ញុំ​អបអរសាទរ​ចំពោះ​ការ​ដាក់ចេញ​នូវ​ច្បាប់​ស្តី​ពី​ សំណង់​ជា​ផ្លូវការ​ ។ វា​ជា​សញ្ញា​មួយ​ល្អ​។ទី១រដ្ឋាភិបាល​យកចិត្ត​ទុកដាក់​ទៅដល់​អ្នកប្រើ​ប្រាស់​ គឺ​អ្នកទិញ​ខុន​ដូ​ ដូច្នេះ​រដ្ឋាភិបាល​សិក្សា​រួចហើយ​ពី​ A ដល់​Z ថា​ តើ​គម្រោង​ហ្នឹង​មាន​ថវិកា​គ្រប់គ្រាន់​ ក្នុង​ការសាងសង់​ឬអត់​។ គម្រោង​ហ្នឹង​លក្ខខណ្ឌ​ បទដ្ឋាន​បច្ចេកទេស​ និង​ច្បាប់​សំណង់​ច្បាស់លាស់​ ឬអត់​។

បើសិនជា​គម្រោង​មាន​គ្រប់​លក្ខខណ្ឌ​ រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​សាងសង់​ ដូច្នេះ​វា​ជា​សញ្ញា​ល្អ​មួយ​ សម្រាប់​អ្នកប្រើ​ប្រាស់​ ទាំង​ប្រជាជន​ជាតិ​ និង​អន្តរជាតិ​៕

រដ្ឋមន្ត្រី​សាធារណៈ​ការ​បញ្ជាក់​ពី​ដំណើរ​វិវត្តន៍​នៃ​ការសាងសង់​ផ្លូវ​ល្បឿន​លឿន​រាជធានី​ភ្នំពេញ​ទៅ​ក្រុង​ព្រះសីហនុ​

ដោយ​នៅ​ ស៊ី​វុត្ថា​

ភ្នំពេញ​: គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ ចេញ​រាជធានី​ភ្នំពេញ​-ក្រុង​ព្រះសីហនុ​ ប្រវែង​ប្រមាណ ១៩០​,០៣៥​ គីឡូម៉ែត្រ​ និង​គ្រោង​ប្រើប្រាស់​ថវិកា​វិនិយោគ​ប្រមាណ ២​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ បានសម្រេច​ភាពជា​វិជ្ជមាន​ហើយ​។

លោក​ទេស​រដ្ឋមន្រ្តី​ ស៊ុន​ ចាន់​ថុល​ រដ្ឋមន្រ្តី​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួង​ ដែល​អញ្ជើញ​ចុះ​ពិនិត្យមើល​វឌ្ឍនភាព​ នៃ​ការសាងសង់​ផ្លូវ​ល្បឿន​លឿន​រាជធានី​ភ្នំពេញ​-ក្រុង​ព្រះសីហនុ​ កាលពី​ថ្ងៃទី៨​ ខែធ្នូ​ ឆ្នាំ២០១៩កន្លងមក​ បាន​អោយ​ដឹង​ថា​ ផ្លូវ​នេះ​តភ្ជាប់​ពី​ភូមិ១​ សង្កាត់​សំរោងក្រោម​ ខណ្ឌ​ពោធិ៍​ សែន​ជ័យ​ រាជធានី​ភ្នំពេញ​ ដល់​ក្រុង​ព្រះសីហនុ​។

លោក​បន្ត​ថា​ ផ្លូវ​ហាយ​វេ​ជា​ប្រវត្តិ​សាស្រ្ត​របស់​កម្ពុជា​នេះ​ ទទួលបន្ទុក​ការងារ​សាងសង់​ដោយក្រុម​ហ៊ុន​ Cambodian​ PPSHV​ Expressway​ Co​., Ltd​ និង​ត្រួតពិនិត្យ​បច្ចេកទេស​ដោយក្រុម​ហ៊ុន​ MINCONSULT​ SDN​. BHD​. គ្រោង​ចំណាយ​ថវិកា​សាងសង់​ប្រមាណ២​ ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។ រហូត​មកទល់​ពេលនេះ​ រហូតមកដល់​ពេលនេះ​ដំណើរការ​សាងសង់​សម្រេច​បាន៧​,៣០​%ហើយ​ គិត​ត្រឹម​ខែវិច្ឆិកា​ ឆ្នាំ២០១៩កន្លងមក​នេះ​។

​ការសាងសង់​ផ្លូវ​ដ៏​សំខាន់​នេះ​ គ្រោង​ប្រើ​រយៈពេល​សាងសង់៤៨ខែ​។ ផ្លូវ​នេះ​មាន​គន្លង​ផ្លូវ​ចំនួន៤គន្លង​ទទឹង២៤​,៥ម៉ែត្រ​ មានផ្លូវ​បំបែក​ទិស៧កន្លែង​ កន្លែង​ឈប់សម្រាក​ចំនួន៣កន្លែង​ ចំណតរថយន្ត១កន្លង​ មណ្ឌល​ប្រតិបត្តិ​ការ​និង​ថែទាំ​ចំនួន៤កន្លង​ ស្ពាន​ធំ​ និង​ស្ពាន​មធ្យម​ចំនួន៤០កន្លែង​ ស្ពាន​តូច​ចំនួន៥​ កន្លែង​ ឆ្លងកាត់​រាជធានី​ភ្នំពេញ​ប្រមាណ​ ៨,៣ គីឡូម៉ែត្រ​ និង​ខេត្ត​ចំនួន៤ទៀត​ ក្នុង​នោះ​រួមមាន​ ខេត្តកណ្តាល​ប្រវែង​ប្រមាណ​ ៩,១ គីឡូម៉ែត្រ​ ខេត្ត​កំពង់ស្ពឺ​ប្រវែង​ប្រមាណ៨០​,៨គីឡូម៉ែត្រ​ ខេត្តកោះកុង​ប្រវែង​ប្រមាណ​ ១,៩២​ គីឡូម៉ែត្រ​ និង​ខេត្ត​ព្រះសីហនុ​ប្រវែង​ប្រមាណ៨៩​,៨៩​គីឡូម៉ែត្រ​។

ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ ក្រុង​ព្រះសីហនុ​ បាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី២២​ ខែមីនា​ ឆ្នាំ២០១៩ក្រោម​អធិបតីភាព​របស់​សម្តេច​តេជោ​ហ៊ុន​ សែន​នាយក​រដ្ឋមន្រ្តី​នៃ​កម្ពុជា​៕

ចំណេះដឹង​! ដូចម្តេច​ដែល​ហៅថា​គោលនយោបាយ​សារពើពន្ធ​?

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ គោលនយោបាយ​សារពើពន្ធ​ សំដៅលើ​ការ​យកពន្ធ​ និង​វិធី​រក​ចំ​ណូល​ផ្សេង​ៗទៀត​ និង​ចំណាយ​របស់​រដ្ឋ​ ដោយ​បែងចែក​ធនធានសេដ្ឋកិច្ច​ ក្នុង​គោលបំណង​ជំរុញ​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​និង​សមធម៌​។

ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព​ លើ​គោលនយោបាយ​សារពើពន្ធ​រដ្ឋ​ ត្រូវ​អនុវត្ត​សកម្មភាព​ សំ​ខាន់​ៗដូចជា​ ១. ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​ និង​គៀង​គរ​ចំណូល​ ២. ការ​ធ្វើ​វិចារណៈ​កម្ម​ចំណាយ​ គឺ​បែងចែក​ចំណាយ​ថវិការដ្ឋ​រវាង​ការប្រើ​ប្រាស់​ និង​ការ​វិនិយោគ​សាធារណៈ​ឲ្យបាន​សមស្រប​។

គោលនយោបាយ​សារពើពន្ធ​របស់​ប្រទេស​នី​មួយ​ៗ គួរតែ​មាន​គោលដៅ​ ជាគោល​ការណ៍​ចំនួន​បួន​គឺ​៖ (១) ការបែងចែក​ធនធាន​ (២) ស្ថេរ​ភាព​វូប​នី​យក​ម្ម​ (៣) កំណើន​ (៤) ការបែងចែក​នៃ​ប្រាក់ចំណូល​នៃ​ទ្រព្យសម្បត្តិ​ឲ្យ​ស្មើគ្នា​។

តាមរយៈ​ពន្ធ​ និង​ចំណាយ​សាធារណៈ​រដ្ឋាភិបាល​ បាន​ដើ​តួនាទី​សំខាន់​ ក្នុង​ការបែងចែក​បណ្តា​ធនធាន​នៅក្នុង​សេដ្ឋកិច្ច​ និង​ជំរុញ​ខ្សែ​សង្វាក់​ផលិតកម្ម​ឲ្យ​កើន​ឬមិន​កើនឡើង​៕

លោក​ Rick​ Davidson​ អ្នកជំនាញ​ក្នុង​វិស័យ​អចលនទ្រព្យ​កម្រិត​ពិភពលោក​ធ្វើ​បាឋកថា​ អំពី​វិស័យ​អចលនទ្រព្យ​ជាលើកដំបូង​នៅ​កម្ពុជា​

ដោយ​គង់​ សូ​រិយា​

ភ្នំ​ពេញៈ​ លោក​ Rick​ Davidson​ ដែល​ជា​អ្នកជំនាញ​ដ៏​សំខាន់​មួយ​រូប​ក្នុង​ការ​ធ្វើឲ្យ​ម៉ាក​យីហោ​ក្រុមហ៊ុន​ អចលនទ្រព្យ​Century​ 21​ Real​ Estate​ របស់​អាមេរិក​ល្បីល្បាញ​លើ​ពិភពលោក​បាន​ធ្វើ​បឋកថា​លើកដំបូង​ស្តី​ពី​ វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​តាមរយៈ​ក្រុមហ៊ុន​ Centuruy21​ Cambodia​។

លោក​ Rick​ Davidson​ បាន​ចំណាយពេល​ពេញ៣ទសវត្សរ៍​ ក្នុង​អាជីព​ក្នុង​វិស័យ​អចលនទ្រព្យ​ និង​ការអភិវឌ្ឍន៍​យីហោ​ក្រុមហ៊ុន​ Century​21​។ ការ​មកដល់​កម្ពុជា​នា​ពេលនេះ​ លោក​នឹង​ចែករំលែក​ចំណេះដឹង​លើ​ប្រធានបទ​ស្តី​ពី​ «គន្លឹះ​នៃ​ភាព​ជោគជ័យ​ក្នុង​ការ​កសាង​ម៉ាក​យីហោ​ Century​ 21​ Everest​»។

លោកស្រី​ Grace​ Rachny​ Fong​ នាយិកា​រក្រុ​មហ៊ុន​ Century​21​ Cambodia​ បាន​ចាត់ទុក​ព្រឹ​តិ្ត​ការចែក​រំលែក​ចំណេះដឹង​នេះ​ គឺជា​ឱកាស​កម្រ​សម្រាប់​អ្នកមាន​អាជីព​ជា​ភ្នាក់ងារ​អចលនទ្រព្យ​នៅ​កម្ពុជា​ ហើយ​លោកស្រី​រំពឹង​ថា​ អ្នកជំនាញ​នៅ​កម្ពុជា​នឹង​ទទួល​បាន​ចំណេះ​ដឹង​ថ្មី​ៗ ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព​របស់​ពួកគេ​ និង​ដើម្បី​ប្រើប្រាស់​ជា​ទុន​សម្រាប់​កសាង​ម៉ាក​យីហោ​ក្រុមហ៊ុន​ ឲ្យ​កាន់តែ​ទទួល​បាន​ទំនុកចិត្ត​ខ្លាំង​ ពីសា​ធា​រណៈ​ជន​។

លោកស្រី​ថ្លែង​ថា​៖ «ការដែល​អ្នកជំនាញ​ដូចជា​លោក​ Rick​ Davidson​ អាច​នៅជា​មួយ​ក្រុមហ៊ុន​មួយ​រហូតដល់​ទៅ៣០ឆ្នាំ​ គឺជា​រឿង​កម្រ​ និង​ជា​រឿង​ដ៏​គួរឲ្យ​ចាប់អារម្មណ៍​បំផុត​”។ លោកស្រី​បន្ថែម​ថា​ “ទាំងនេះ​គឺ​ដោយសារ​ម៉ាក​យីហោ​ក្រុមហ៊ុន​ Century​21​ Real​ Estate​ គឺជា​ម៉ាក​យីហោ​ក្រុមហ៊ុន​អចលនទ្រព្យ​ដ៏​គួរឲ្យ​ទុកចិត្ត​ និង​រឹងមាំ​ និង​តែង​មានការ​អភិវឌ្ឍន៍​ជារៀងដរាប​”។

ក្នុងនាម​ជា​អ្នកជំនាញ​ជាន់ខ្ពស់​ លោក​ Davidson​ តែង​ចែករំលែក​ពេលវេលា​ដ៏​មមាញឹក​របស់​លោក​ ដើម្បី​ធ្វើ​បាឋកថា​ដល់​ភ្នាក់ងារ​អចលនទ្រព្យ​ នៅ​តាម​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ និង​វិស័យ​អចលនទ្រព្យ​រីកចម្រើន​ខ្លាំង​។ ដូច្នេះ​ វត្តមាន​របស់​លោក​នៅ​កម្ពុជា​នា​ពេលនេះ​ ឆ្លុះ​បញ្ជាំ​ងពី​ការ​រីកចម្រើន​ នៃ​វិសយ​អចលនទ្រព្យ​របស់​កម្ពុជា​ ហើយ​លោក​ប្រាកដជា​សម្លឹងឃើញ​ឱកាស​ ឬសក្តា​នុ​ពល​ល្អ​ណាមួយ​ ពី​ការ​រីកចម្រើន​នៃ​វិស័យ​អចលនទ្រព្យ​កម្ពុជា​មិនខាន​។

លោក​ Rick​ Davidson​ បាន​ចំណាយពេល​ជិត១០​ ឆ្នាំ​ក្នុង​តួនាទី​ជា​ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Century​21​ Real​ Estate​ មាន​ការិយាល័យ​កណ្តាល​នៅ​សហរដ្ឋអាមេរិក​ និង​ជា​ក្រុមហ៊ុនមេ​គ្រប់គ្រង​ លើ​ការិយាល័យ​ Century21​ ទូទាំង​ពិភពលោក​។ លោក​ Davidson​ ត្រូវ​បាន​ចាត់​បញ្ចូល​ក្នុង​បញ្ជី​ អ្នកមាន​ឥទ្ធិពល​ខ្លាំង​ នៅក្នុង​វិស័យ​អចលនទ្រព្យ​ Inman​’s Real​ Estate​ Influencers​ របស់​សារព័ត៌មាន​អចលនទ្រព្យ​ Inman​ នៅចន្លោះ​ពីឆ្នាំ២០១១​ ដល់​ ឆ្នាំ​ ២០១៧​។

រហូតដល់​ឆ្នាំ​ ២០១៧​ លោក​ Davidson​ ត្រូវ​បាន​ផ្ទេរ​តួនាទី​ទៅជា​ Principle​ and​ President​ របស់​ក្រុមហ៊ុន​ Everest​ Group​ ដែល​ជា​ក្រុមហ៊ុនមេ​របស់​ Century​21​ Everest​-Troop​ Real​ Estate​ ដែល​មាន​ការិយាល័យ១៧​ នៅ​រដ្ឋ​ Utah​ និង​រដ្ឋ​California​ សហរដ្ឋអាមេរិក​ ហើយ​បាន​ធ្វើឲ្យ​ Century​21​ Everest​ ក្លាយជា​ក្រុមហ៊ុន​អចលនទ្រព្យ​លេខ១លើ​ពិភពលោក​នៅ​ឆ្នាំ​ ២០១៩​ នេះ​។

សម្រាប់​ទីផ្សារ​ប្រទេស​កម្ពុជា​វិញ​ គិត​មកទល់​ពេលនេះ​ ការិយាល័យ​ Century​21​ នៅ​កម្ពុជា​មាន២៣​ ការិយាល័យ​ (ភ្នំពេញ​ ២២​ និង​ ព្រះសីហនុ​ ១) ហើយ​ស្រប​ពេល​វិស័យ​អចលនទ្រព្យ​កម្ពុជា​ បន្ត​រីកចម្រើន​ខ្លាំង​។

​លោក​ Grace​ Rachny​ Fong​ បាន​បញ្ជាក់​ថា​ នៅ​មានឱកាស​ជាច្រើន​ទៀ​តសម្រា​ ប់​ភ្នាក់ងារ​អចលនទ្រព្យ​ ក្នុង​ការពង្រីក​អាជីវកម្ម​របស់​ពួកគេ​ ហើយ​ការ​ជ្រើសរើស​ក្រុមហ៊ុន​ដែល​មាន​ម៉ាក​យីហោ​ល្បីល្បាញ​ និង​មាន​បណ្តាញ​ជុំវិញ​ពិភពលោក​ដូចជា​ Century​21​ នឹង​ជួយ​ឲ្យ​អាជីវកម្ម​កាន់តែ​ប្រសើរ​ឡើង​។

លោកស្រី​បន្ត​ថា​ “យើង​នឹង​ពង្រីក​ការិយាល័យ​ Century​21​ ឲ្យបាន៣៨ការិយាល័យ​នៅ​តាម​ រាជធានី​ និង​ខេត្ត​ទាំង២៥​ នៅ​កម្ពុជា​នៅ​ឆ្នាំ​ ២០២០​ ខាងមុខនេះ​ ហើយ​យើង​បាន​ត្រៀមខ្លួន​រួចជាស្រេច​ ក្នុង​ការ​ផ្តល់​យោ​បល់​ល្អ​ៗដល់​ការិយាល័យ​ Franchise​ Century​21​ថ្មី​ៗ ដោយ​ទទួល​បាន​កិច្ចសហការ​ផ្តល់​ប្រឹក្សា​យោបល់​ ពី​ស្នាក់​ការ​ Century​21​ ពី​សឹង្ហ​បុរី​ ជប៉ុន​ តៃវ៉ាន់​ និង​ចិន​ជាដើម​”។

លោកស្រី​បន្ត​ថា​ ក្រុមហ៊ុន​ Century​21​ Cambodia​ ដែល​មាន​លោក​ គុយ​ វ៉ា​ត ជា​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ មាន​ទីប្រឹក្សា​ជំ​នាញៗ​ជាច្រើន​ សម្រាប់​ផ្តល់​យោបល់​ និង​យុទ្ធ​សាស្រ្ត​ សម្រាប់​ទីផ្សារ​អចលនទ្រព្យ​នៅក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ និង​ទីផ្សារ​ក្នុង​ប្រទេស​អាស៊ី​។ ក្នុង​នោះ​ លោក​ ឈិន​ ភា​រុ​ណ និង​ លោក​ Sambath​ Sprung​ គឺជា​ទីប្រឹក្សា​សម្រាប់​ទីផ្សារ​កម្ពុជា​ លោក ​Philip​ Fong​ ជាទី​ប្រឹក្សា​ពី​ប្រទេស​សឹង្ហ​បុរី​ លោក​ Gino​ Chen​ សម្រាប់​ទីផ្សារ​តៃវ៉ាន់​ និង​លោក​ Nagamatsu​ Hideyuki​ ជា​អ្នកជួយ​ផ្តល់​ប្រឹក្សា​សម្រាប់​ទីផ្សារ​ប្រទេស​ជប៉ុន​។

លោក​ទីប្រឹក្សា​ទាំង៥រូប​ បាន​លើកឡើង​នៅក្នុង​សេចក្តី​ថ្លែង​រួម​មួយ​ថា​ “វា​ជា​សម​ទ្ធិ​ផល​មួយ​ដែល​យើង​បាន​រួមចំណែក​ និង​បានឃើញ​ការ​រីក​លូតលាស់​របស់​ក្រុមហ៊ុន​ Century​21​ Cambodia​ រហូត​បាន​ក្លាយទៅជា​ក្រុមហ៊ុន​អចលនទ្រព្យ​មួយ​ ដែល​ត្រូវ​បាន​ទទួលស្គាល់​ខ្លាំង​ជាងគេ​តំណាង​កម្ពុជា​សម្រាប់​តំបន់​អាស៊ី​ និង​ ប៉ាស៊ីហ្វិក​”។

លោក​ Ken​ Lo​ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Century​21​ Imperial​ Realty​ Co​., Ltd​ ដែល​ជា​សមាជិក​ការិយាល័យ​មួយ​របស់​ Century​21​ Cambodia​ បាន​បញ្ជាក់​ថា​ ម៉ាក​យីហោ​ក្រុមហ៊ុន​ Century​21​ ពិតជា​បាន​រួមចំណែក​បង្កើន​ទំនុកចិត្ត​ ដល់​អតិថិជន​ ហើយ​បាន​ធ្វើឲ្យ​អាជីវកម្ម​របស់​លោក​មានការ​រីកចម្រើន​ជាបន្តបន្ទាប់​។

លោក​ថ្លែង​ថា​ “វត្តមាន​របស់​អ្នកជំនាញ​ជាន់ខ្ពស់​ ដូចជា​លោក​ Davidson​ នៅ​ទីផ្សារ​របស់​យើង​នា​ពេលនេះ​ គឺជា​សារ​ដ៏​សំខាន់​បញ្ជាក់​ថា​ ទីផ្សារ​យើង​កំពុង​មាន​ភាពល្អ​ឡើង​ សេដ្ឋកិច្ច​យើង​កំពុង​មាន​ភាពរឹងមាំ​ ហើយ​វិស័យ​អចលនទ្រព្យ​យើង​នឹង​នៅ​បន្ត​រីកចម្រើន​ថែមទៀត​”។

សេចក្តី​សង្ខេប​អំពី​ក្រុមហ៊ុន​

ក្រុមហ៊ុន​ Century​21​ Cambodia​ គឺជា​ក្រុមហ៊ុន​សេវា​អចលនទ្រព្យ​ ដែល​មាន​បណ្តាញ​នៅ​ជុំវិញ​ពិភពលោក​ និង​ជា​ក្រុមហ៊ុនមេ​នៅ​កម្ពុជា​ ដែល​ទទួល​សិទ្ធ​ធ្វើអាជីវកម្ម​លើ​ម៉ាក​យីហោ​ Century​21​ Real​ Estate​ ដែល​មាន​ការិយាល័យ​កណ្តាល​នៅ​សហរដ្ឋអាមេរិក​។ គិត​មកទល់​ពេលនេះ​ ក្រុមហ៊ុន​ Century​21​ Cambodia​ បាន​ផ្តល់​សិទ្ធ​បន្ត​ដល់​ក្រុមហ៊ុន​អចលនទ្រព្យ​ដែល​ប្រើ​យីហោ​ Century​21​ ដល់​ ២៣​ ក្រុមហ៊ុន​។

ក្រុមហ៊ុន​ Century​21​ Real​ Estate​ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​ ១៩៧១​ ហើយ​គិត​មកទល់​បច្ចុប្បន្ន​ ក្រុមហ៊ុន​នេះ​កំពុង​មាន​ប្រតិបត្តិ​ការ​នៅ៨១ប្រទេស​ និង​មាន​ការិយាល័យ​សរុប​ជាង៧​ ២៥០កន្លែង​។ កម្ពុជា​ជា​ប្រទេស​ទី៧៥​ ដែល​ក្រុមហ៊ុន​លំដាប់​អន្តរជាតិ​របស់​អាមេរិក​មួយ​នេះ​បាន​ដាក់​ប្រតិបត្តិ​ការ​៕

ក្រុមហ៊ុន​ Mapletree​ បោះទុន​ ៣៥៥លាន​ដុល្លារ​ទិញ​ការិយាល័យ​នៅ​តូក្យូ​ចំ​ពេល​មានការ​បិទ​ផ្សារ​នៅ​ហុងកុង​

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​ Mapletree​ North​ Asia​ Commercial​ Trust​ ដែល​បាន​ចុះបញ្ជី​នៅ​ប្រទេស​សិង្ហបុរី​ បាន​យល់ព្រម​ទិញ​អគារ​ការិយាល័យ​ចំនួន២នៅ​តំបន់​ Greater​ Tokyo​ ក្នុង​តម្លៃ ៣៥៤​,៧លាន​ដុល្លារ​អាមេរិក​ ខណៈ​ពេល​ដែល​មានការ​បិត​ផ្សារ​ទំនើប​ Festival​ Walk​ នៅ​ទីក្រុង​ហុងកុង​ដោយសារ​បាតុកម្ម​ខ្លាំងក្លា​។

យោង​តាម​ការ​ចុះផ្សាយ​របស់​ពី​គេហទំព័រ​ PAC​ Real​ Estate​ ​កាលពី​ពេល​ថ្មី​ៗនេះ​ បានឱ្យ​ដឹង​ថា​ ក្រុមហ៊ុន​ Mapletree​ បាន​ចំណេញ​ទ្រព្យសម្បត្តិ​សុទ្ធ៤.៥​% ពី​អ្នកឧបត្ថម្ភ​របស់​ខ្លួន​គឺ​ក្រុមហ៊ុន​ Mapletree​ Investment​ ​បន្ទាប់ពី​ផ្សារ​ទំនើប ​Festival​ Walk​ កំពស់​ ៧ ជាន់​ត្រូវ​បាន​ខូចខាត​យ៉ាង​ខ្លាំង​ អំឡុង​ពេល​បាតុកម្ម​នៅ​ហុងកុង​ ហើយ​ត្រូវ​បាន​បិទទ្វារ​កាលពី​ថ្ងៃទី១៣​ ខែវិច្ឆិកា​ ហើយ​គ្រោង​នឹង​បើក​ដំណើរការ​ឡើងវិញ​ នៅ​ត្រីមាស​ទី១ឆ្នាំ​ ២០២០​ ។

នាយក​ប្រតិបត្តិ​នៃ​អ្នកគ្រប់គ្រង​ក្រុមហ៊ុន​ Mapletree​ ​លោក​ Cindy​ Chow​ ឱ្យ​ដឹង​ថា​ ការទិញ​យក​អគារ​ការិយាល័យ​ចំនួន២​ នៅ ​Greater​ Tokyo​ នឹង​ចូលរួម​ចំណែក​ដល់​ការ​ធ្វើ​ពិពិធ​កម្ម​ របស់​ក្រុមហ៊ុន​ Mapletree​ North​ Asia​ Commercial​ Trust​ ( MNACT​) ហើយ​ក្នុង​ពេល​តែមួយ​កាត់បន្ថយ​ចំណូល​ និង​ការ​ប្រមូល​ផ្តុំ​នៅ​ផ្សារ​ទំនើប​ Festival​ Walk​ ។

ប្រតិបត្តិ​ការ​នេះ​រួមបញ្ចូល​ទាំង​អគារ​ Omori​ Prime​ ដែល​ស្ថិតនៅ​ក្នុង​តំបន់​ Shinagawa​ ដែល​មាន​ទំហំ ៦.៧៩៨ ម៉ែត្រក្រឡា​ ដែល​មាន​កំពស់១៣ជាន់​។ អគារ​ mBay​ Point​ Makuhari​ មាន​កម្ពស់​ ២៦​ ជាន់​មាន​ទីតាំងនៅ​ទីក្រុង​Chiba​ បា​ដែល​មាន​ទំហំ​ ៨៤.៧៨៥​ ម៉ែត្រក្រឡា​។

លោក​ Chow​ បន្ត​ថា​ អា​គារ​ទំាង​ពី​នៅ​ប្រទេស​ជប៉ុន​នេះ​ គឺ​ផ្តល់​នូវ​ទិន្នផល​ខ្ពស់​បើ​ប្រៀបធៀប​នឹង​ថ្លៃដើម​ក្នុង​ស្រុក​ បើ​ប្រៀបធៀប​នឹង​ទីផ្សារ​ប្រទេស​ចិន​។ អគារ​ការិយាល័យ​ទាំងពីរ​នេះ​ គឺ​ស្ថិតនៅ​ក្នុង​តំបន់​ដ៏​គួរ​ឱ្យ​ទាក់ទាញ​គឺ​តំបន់​ Greater​ នៃ​ទីក្រុង​តូក្យូ​ និង​មាន​ភាព​ងាយស្រួល​ ក្នុង​ការ​ធ្វើដំណើរ​ទៅកាន់​កន្លែង​ដឹកជញ្ជូន​សាធារណៈ​ និង​មាន​លក្ខណៈ​ល្អ​ប្រសើរ​ និង​ជាទី​តាំង​ដែល​សន្សំសំចៃ​សម្រាប់​អ្នកជួល​៕

រោងចក្រអគ្គិសនី​ ៤០០មេ​ហ្កា​វ៉ាត់​ថ្មី​នៅ​ខេត្តកណ្តាល​បាន​និង​កំពុង​ត្រៀម​ចាប់ផ្តើម​សាងសង់​

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ រោងចក្រ​ផលិត​អគ្គិសនី​ ៤០០មេ​ហ្កា​វ៉ាត់​ថ្មី​នៅ​ស្រុក​ល្វាឯម​ ខេត្តកណ្តាល​ បាន​និង​កំពុង​ត្រៀម​ចាប់ផ្តើម​សាងសង់​ ដើម្បី​ត្រៀម​បំពេញ​ឲ្យ​ការ​ផ្គត់ផ្គង់​សម្រាប់​បណ្តាញ​ជាតិ​នៅ​រដូវប្រាំង​ខាងមុខនេះ​។ នេះ​បើ​យោង​តាម​ការ​អោយ​ដឹងពី​គេហទំព័រ​អគ្គី​យនី​កម្ពុជា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី៨​ ខែធ្នូ​ ឆ្នាំ​ ២០១៩កន្លងមក​នេះ​។

រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​ និង​ថាមពល​ លោ​កស៊ុយ​ សែម​ ​បានឱ្យ​ដឹង​កាលពី​ថ្ងៃទី៨​ ធ្នូ​កន្លងមក​នេះ​បាន​ឲ្យដឹង​ ក្នុង​ពេល​ចុះ​ពិនិត្យ​រោងចក្រ​ អគ្គិសនី​ដើរ​ដោយ​ប្រេង​ខ្មៅ​ នៅ​ឃុំ​កោះរះ​ ស្រុក​ល្វាឯម​ ខេត្តកណ្តាល​ថា​ រោងចក្រ​ផលិត​អគ្គិសនី​ទំហំ ៤០០មេ​ហ្កា​វ៉ាត់​ ស្ថិតនៅ​ស្រុក​ល្វាឯម​ ខេត្តកណ្តាល​នេះ​ នឹង​បញ្ចេញ​ថាមពល​មក​បណ្តាញ​ជាតិ​ នៅមុន​ពាក់កណ្តាល​ឆ្នាំ២០២០​ ខណៈ​ក្រុម​ជំនាញ​កំពុង​សម្រុក​ធ្វើការ​សាងសង់​ទាំងយប់​ទាំង​ថ្ងៃ​។

លោក​បន្ថែម​ថា​ “រដ្ឋាភិបាល​បាន​ចំណាយ​ថវិកា​របស់​ជាតិ​ ដើម្បី​បង្កើត​រោងចក្រ​នេះ​ឡើង​ ដែល​មាន​កំលាំង​ថាមពល​ប្រមាណ ៤០០មេ​ហ្គា​វ៉ាត់​ ដោយ​គ្រោង​សាងសង់​ឲ្យ​រួចរាល់​ជាស្ថាពរ​ នៅមុន​ពាក់កណ្តាល​ ឆ្នាំ២០២០ខាងមុខ​ ដើម្បី​ទ្រទ្រង់​ការ​កង្វះ​អគ្គិសនី​នៅ​រដូវប្រាំង​ នឹង​ទៅ​ឆ្នាំខាងមុខ​បន្តបន្ទាប់​ទៀត​”។

លោ​កស៊ុយ​ សែន​បាន​បន្ត​ថា​ នៅក្នុង​រដូវប្រាំង​ខាងមុខនេះ​ នឹង​ទៅ​ឆ្នាំខាងមុខ​បន្ត​ទៀត​ កម្ពុជា​មិន​មានការ​ខ្វះខាត​ថាមពល​អគ្គិសនី​ សម្រាប់​ប្រើប្រាស់​ទៀត​ឡើយ​។ គម្រោងការ​សាងសង់​រោងចក្រ​នេះ​ បើ​តាម​ការសន្យា​របស់​ក្រុមហ៊ុន​ គឺ​ធ្វើ​យ៉ាង​ណា​ជំរុញ​ការសាងសង់​ នឹង​គ្រោង​ដាក់ឲ្យ​ដំណើរការ១០០មេ​ហ្គា​វ៉ាត់​ជាមុន​សិន​ នៅក្នុង​រដូវប្រាំង​នា​មុន​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ ដើម្បី​បំពេញ​នឹង​តម្រូវការ​ នៃ​ការប្រើ​ប្រាស់​អគ្គិសនី​នៅ​កម្ពុជា​។

លោក​រដ្ឋមន្ត្រី​បន្ថែម​ថា​ “ដូច្នេះ​នៅក្នុង​រដូវប្រាំង​ខាងមុខនេះ​ កម្ពុជា​មិន​មានការ​ខ្វះខាត​ថាមពល​អគ្គិសនី​សម្រាប់​ប្រើប្រាស់​ទៀត​ឡើយ​ ទោះបី​រោងចក្រអគ្គិសនី​ដើរ​ដោយ​ប្រេង​ខ្មៅ​ ដែល​គ្រោង​ដាក់ឲ្យ​ដំណើរការ​ នៅក្នុង​រដូវប្រាំង​ខាងមុខនេះ​ សាងសង់​មិនទាន់​ចប់​តាម​ផែនការ​យ៉ាងណាក៏ដោយ​”។

សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​ដ្ឋ​មន្ត្រី​នៃ​កម្ពុជា​កាលពី​កន្លង​ទៅ​ថ្មី​ៗនេះ​ផង​ដែរ​ បាន​តម្រូវ​ឱ្យ​ក្រុមហ៊ុន​សាងសង់​ រោងចក្រ​ផលិត​អគ្គិសនី​នេះ​ សាងសង់​ទាំងយប់​ទាំង​ថ្ងៃ​ ដើម្បី​ឆ្លើយតបទៅនឹង​កង្វះខាត​អគ្គិសនី​ប្រើ​ប្រើប្រាស់​ នៅក្នុង​ទីក្រុង​ភ្នំពេញ​ និង​ចែកចាយ​ទៅកាន់​ខេត្ត​ជាគោល​ដៅ​របស់​កម្ពុជា​។

រាជរដ្ឋាភិបាល​កម្ពុជា​សហការ​ជាមួយ​អាជ្ញាធរ​អគ្គីស​នី​កម្ពុជា​ កាលពី​កន្លងទៅ​បាន​បោះទុន​វិនិយោគ​ជិត៤០០លាន​ដុល្លារ​អាមេរិក​ ដើម្បី​សាងសង់​លើ​រោងចក្រ៤០០មេ​ហ្កា​វ៉ាត់​ HFO​/LNG​ មួយ​នេះ​ក្នុង​គោលដៅ​ ដើម្បី​រួមចំណែក​មួយ​នៃ​ផែនការ​បន្ថែម​ អានុភាព​ចំនួន​ជាង១០០០មេ​ហ្កា​វ៉ាត់​ទៀត​ សម្រាប់​ឆ្នាំ២០២០​។

រោងចក្រ​ផលិត​អគ្គិសនី៤០០មេ​ហ្កា​វ៉ាត់​នៅ​ស្រុក​ល្វាឯម​នេះ​ ត្រូវ​បាន​បញ្ជាទិញ​ម៉ាស៊ីន២០០មេ​ហ្កា​វ៉ាត់​ ពី​ប្រទេស​អាល្លឺម៉ង់​២០០មេ​ហ្កា​វ៉ាត់​ ពី​ប្រទេស​ហ្វាំងឡង់​ ហើយ​ក្រុមហ៊ុន​ ចិន​ពីរ​ធំ​ជា​អ្នកសាង​សង់​។

គិតដល់​ឆ្នាំ២០១៩នេះ​ រោងចក្រអគ្គិសនី​របស់​កម្ពុជា​ ដែល​ដាក់ឲ្យ​កំពុង​ដំណើរការ​មាន​ វារីអគ្គិសនី​ចំនួន៧កន្លែង​ អគ្គិសនី​ដុត​ធ្យូងថ្ម​ចំនួន២​ និង​អគ្គិសនី​ដើរ​ដោយ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ចំនួន២​ ក្នុង​នោះ​ចំពោះ​ខ្សែ​បញ្ជូន​អគ្គិសនី​ជាតិ​ តភ្ជាប់​ទៅ​ខេត្ត​ផ្ទាល់​មាន​ចំនួន២០​ និង​មិន​ផ្ទាល់​ចំនួន៥​ ដែល​កំពុង​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ គ្រប​ដណ្តប់​លើ​ភូមិ​ចំនួន៩៣​% នៃ​ចំនួន​ភូមិ​ទាំងអស់​នៅ​ទូទាំង​ប្រទេស​ នឹង​បាន​តភ្ជាប់​អគ្គិសនី​ប្រើប្រាស់​ បាន​ចំនួន៧៤​% នៃ​លំនៅឋាន​សរុប​នៅ​កម្ពុជា​ផង​ដែរ​៕

លោកស្រី ចេវ សុឃុន ជាប់ឆ្នោតជាប្រធានសមាគមអ្នកជំនាញអចលនវត្ថុកម្ពុជា អាណត្តិទី៣ ឆ្នាំ២០២០

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ក្រោយអាណត្តិទី២ ដែលដឹកនាំដោយលោក ឃាង ពុទ្ធី ត្រូវបានបញ្ចប់ នៅត្រឹមរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ លោកស្រី ចេវ សុឃុន អគ្គនាយិកាក្រុមហ៊ុនអចលនទ្រព្យ KAT Appraisal Co,.Ltd បានជាប់ឈ្មោះជាប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា អាណត្តិទី៣ ឆ្នាំ២០២០ ។

សម្រាប់បេក្ខភាពដែលឈរឈ្មោះបោះឆ្នោតជាប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជាអាណត្តិទី៣ ឆ្នាំ២០២០ខាងមុខនេះ មានចំនួន២រូប រួមមានលោកស្រី ចេវ សុឃុន អគ្គនាយិកាក្រុមហ៊ុនអចលនទ្រព្យ KAT Appraisal Co,.Ltd លេខរៀងទី១ និងលោក ចក់ ស៊ីណាត អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Kraty Realty Co,. Ltd ។

បន្ទាប់ពីបានឆ្លងកាត់នូវការបោះឆ្នោតសម្ងាត់ និងប្រកបដោយតម្លាភាព ដែលគាំទ្រដោយសមាជិករបស់សមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជាពេញសិទ្ធិ៤០រូប តំណាង៤០ក្រុមហ៊ុន ក្នុងចំណោមសមាជិកសរុបទាំងអស់៧៩ក្រុមហ៊ុននោះ លោកស្រី ចេវ សុឃុនត្រូវបានជាប់ឈ្មោះជាប្រធាន ដើម្បីដឹកនាំសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជាក្នុងអាណត្តិទី៣ ឆ្នាំ២០២០ ខាងមុខនេះ ដែលទទួលបានសម្លេងគាំទ្រចំនួន ២១សម្លេង ខណៈដែលលោក ចក់ ស៊ីណាត ទទួលបានសម្លេងគាំទ្រចំនួន១៩សម្លេង។

នៅក្នុងឱកាសនៃការបោះឆ្នោតជ្រើសតាំងប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជាក្នុងអាណត្តិទី៣ ឆ្នាំ២០២០ខាងមុខនេះ លោក ឃាង ពុទ្ធី ដែលជាអតីប្រធានសមាគមអ្នកជំនាញ​អចលនទ្រព្យកម្ពុជា អាណត្តិទី២ ជាប់ឈ្មោះជាប្រធានក្រុមប្រឹក្សាភិបាលនៅក្នុងអាណត្តិទី៣ផងដែរ ៕

រោងចក្រ​ចំនួន៣​ បន្ថែម​ទៀត​ នឹង​បង្ហាញខ្លួន​នៅក្នុង​ខេត្ត​កំពង់ស្ពឺ​ ជាមួយ​ទំហំ​វិនិយោគ​សរុប​ ១០លាន​ដុល្លារ​

ដោយ​ ​៖ រ៉ា​ណេត

​ភ្នំពេញ​ ៖ គម្រោង​រោងចក្រ​ចំនួន៣បន្ថែម​ទៀត​ នឹង​បង្ហាញខ្លួន​នៅក្នុង​ខេ​ត្តិ​កំពង់ស្ពឺ​ ជាមួយនឹង​ទំហំ​ទឹកប្រាក់​វិនិយោគ​សរុប​ចំនួន​ប្រមាណ១០លាន​ដុល្លារ​ ដោយ​ក្នុង​នោះ​រោង​ចំនួន២ស្ថិតនៅ​ក្នុង​ស្រុក​គងពិសី​ និង​មួយទៀត​ស្ថិតនៅ​ក្នុង​ស្រុក​បរ​សេដ្ឋ​។

ជា​ការ​ឆ្លើយតបទៅនឹង​ការ​ស្នើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន​ចំនួន៣ទៅលើ​វិស័យ​រោងចក្រ​ ដែល​មាន​ទីតាំង​ស្ថិតនៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ​ រាជរដ្ឋាភិបាល​បានសម្រេច​អនុម័ត​ និង​គាំទ្រ​ទាំងស្រុង​ទៅលើ​គម្រោង​វិនិយោគ​ចំនួន៣បន្ថែម​ទៀត​ដែល​មាន​ទំហំ​ទឹកប្រាក់​សរុប​ចំនួន១០លាន​ដុល្លារ​សហរដ្ឋអាមេរិក​។

ក្រុមហ៊ុន​ដែល​ទទួល​បានការ​គាំទ្រ​ពីសំណាក់​រដ្ឋាភិបាល​ទាំង៣រួមមាន​ ទី១​ – ក្រុមហ៊ុន​ SUNRISE​ FASHION​ (CAMBODIA​) CO​., Ltd​ បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ ស្រោមខ្នើយ​ និង​ស្រោមពូក​ មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ៣​ ភូមិ​ពោធិ៍​អង្គ្រង​ ស្រុក​បរ​សេដ្ឋ​ ​មាន​ទុន​វិនិយោគ​ប្រមាណ​ ៣,៥លាន​ដុល្លារ​អាមេរិក​ អាចប​ង្កើត​ការងារ​បាន​ចំនួន​ ១.២៥៥កន្លែង​។ ​

ទី២​–ក្រុមហ៊ុន​ BRIDGE​ INDUSTRY​ (CAMBODIA​) CO​., Ltd​ បង្កើត​រោងចក្រ​ផលិត​សម្ភារៈ​បរិក្ខារ​បម្រើ​ឱ្យ​ វិស័យ​សំណង់​ ស្ថិតនៅ​ភូមិ​ចាស់​ ឃុំ​ពេជ្រមុនី​ ស្រុក​គងពិសី​ មាន​ទុន​វិនិយោគ​ប្រមាណ២,៧លាន​ដុល្លារ​អាមេរិក​ អាចប​ង្កើត​ការងារ​បាន​ចំនួន​ ២៧១កន្លែង​។

ទី៣​ ក្រុមហ៊ុន​ GD​ NEW​ SKY​ LEATHER​ PRODUCTS​ CO​., Ltd​ បង្កើត​រោងចក្រ​ផលិត​កាបូប​ និង​ខ្សែក្រវាត់​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ព្រៃ​ថ្កូវ​ ឃុំ​ព្រះ​និ​ព្វា​ន្ត​ ស្រុក​គងពិសី​ មាន​ទុន​វិនិយោគ​ប្រមាណ​ ៣,៨លាន​ដុល្លារ​អាមេរិក​ អាចប​ង្កើត​ការងារ​បាន​ចំនួន​ ១.៥០៦នាក់​។

អភិបាលខេត្ត​កំពង់ស្ពឺ​ លោក​ វ៉ី​ សំណាង​ បាន​បង្ហាញ​ពី​ការ​សាទរ​ និង​គាំទ្រ​នូវ​វត្តមាន​ក្រុមហ៊ុន​ទាំង៣​ ដែល​បានសម្រេច​ដាក់​ទីតាំងនៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ​។

លោក​បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​ថា​ “មិនថា​ចំពោះ​ក្រុមហ៊ុន​ក្នុង​ស្រុក​ ឬមក​ពីក្រៅ​ស្រុក​នោះ​ទេ​ រដ្ឋាភិបាល​ ក៏ដូចជា​អជ្ញា​ធរ​ខេត្ត​គាំទ្រ​ជានិច្ច​ ជាមួយនឹង​ការ​ខិតខំ​សម្របសម្រួល​ដើម្បី​ឱ្យ​គម្រោង​វិនិយោគ​ដំណើរការ​ប្រកបដោយ​ភាព​រលូន​ និង​ទទួល​បាន​ភាព​ជោគជ័យ​”។

លោក​បាន​បន្ត​ទៀត​ថា​ “បច្ចុប្បន្ន​នេះ​ នៅក្នុង​ខេត្ត​កំពង់ស្ពឺ​ទាំងមូល​ គឺ​មាន​គម្រោង​រោងចក្រ​ សហគ្រាស​តូច​ធំ​ជាច្រើន​ ដោយ​មួយចំនួន​ធំ​បាន​ និង​កំពុង​មានការ​ដំណើរការ​ ហើយ​មួយចំនួន​ទៀត​កំពុងតែ​រត់ការ​ឯកសារ​ច្បាប់​”។

លោក​ វ៉ី​ សំណាង​ បាន​បញ្ជាក់​ថា​ “គិត​ត្រឹម​ដើមខែ​ធ្នូ​ ឆ្នាំ២០១៩នេះ​ នៅក្នុង​ខេត្ត​កំពង់ស្ពឺ​មាន​ក្រុមហ៊ុន​ជាច្រើន​កំពុង​ដំណើរការ​ ហើយ​សម្រាប់​តែ​វិស័យ​រោងចក្រ​មាន​កំណើន​យ៉ាង​គំហុក​រហូតដល់​ចំនួន​ ២៦១រោងចក្រ​ ផ្តល់​ឱកាស​ការងារ​បាន​ចំនួន​ជាង១៣ម៉ឺន​កន្លែង​ ជាមួយនឹង​កំណើន​ GDP​ ប្រមាណ​ ១៧០០ដុល្លារ​ក្នុង​ម្នាក់​”៕

រដ្ឋាភិបាល​កំពុង​សិក្សា​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ធំ​ចំនួន​ ៣

ដោយ ​វុត្ថា

​ភ្នំពេញ​៖ រដ្ឋាភិបាល​កម្ពុជា​យកចិត្ត​ទុកដាក់​ជាអាទិភាព​លើ​ ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ និង​ការ​ដឹកជញ្ជូន​ ដូចជា​ ការពង្រីក​និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​គុណភាព​ផ្លូវថ្នល់​ និង​ផែនការ​អភិវឌ្ឍ​ផ្លូវថ្នល់​ ផ្លូវ​ល្បឿន​លឿន​ ស្ពាន​ ស្ពាន​អាកាស​ និង​កំពង់​ ផែ​ជាដើម​ ដែល​រួមបញ្ចូល​ទាំង​ការ​កសាង​គន្លង​យានយន្ត​ គន្លង​ឡានក្រុង​ និង​ភ្លើង​ចរាចរណ៍​ឆ្លាតវៃ​ដើម្បី​ជា​ មធ្យោបាយ​កាត់បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​។

ជាមួយគ្នា​នេះ​ ដែរ​រដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ បាន​នឹង​កំពុង​សិក្សា​លើ​គម្រោង​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ធំៗ​ចំនួន​ ៣ ​ក្នុងចំណោម​គម្រោង​ជាច្រើន​ផ្សេងទៀត​ ដើម្បី​ឆ្លើយតប​ទៅ​ការ​កើនឡើង​នៃ​ចរាចរណ៍​ និង​ ការ​ដឹកជញ្ជូន​តភ្ជាប់​នៅក្នុង​ប្រទេស​ និង​តំបន់​ ដូច​ខាងក្រោម​នេះ​៖

១) ផ្លូវ​ក្រោម​ដី​(subways​) ផ្លូវដែក​(monorails​)

នៅ​ទីក្រុង​ភ្នំពេញ​រដ្ឋាភិបាល​ក៏បាន​និង​កំពុងធ្វើការ​សិក្សា​លើ​ផ្លូវ​ក្រោម​ដី​(subways​) ផ្លូវដែក​(monorails​) និង​ការ​អភិវឌ្ឍ​ ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងទៀត​ក្នុង​គោលបំណង​លុបបំបាត់​ការ​កកស្ទះ​ចរាចរណ៍​ នៅក្នុង​តំបន់​ប្រជុំ​របស់​យើង​។

២) ផ្លូវ​ក្រវ៉ា​ក្រុង​ទី​ ៤

ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី៤​ បាន​នឹង​កំពុង​សិក្សា​សាងសង់​ឆាប់​ខាងមុខនេះ​ ដើម្បី​ឆ្លើយតបទៅនឹង​ការ​ឡើង​នៃ​ការ​ដឹកជញ្ជូន​ទំនិញ​ កាត់បន្ថយ​ការ​កកស្ទះ​ និង​ការ​ធ្វើ​ចរាចរណ៍​ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា​មានការ​រីក​ចំរើន​។ ផ្លូវ​ក្រវាត់ក្រុង​ទី៤​ ដែល​ក្រសួង​កំពុង​សិក្សា​នេះ​ស្ថិតនៅ​ត្រង់ណា​នោះ​ទេ​ ដោយ​លោក​នឹង​សួរ​អ្នកជំនាញ​បន្ថែម​ទៀត​ ប៉ុន្តែ​លោក​អាច​ប៉ាន់ស្មាន​ថា​ផ្លូវ​ខ្សែក្រវាត់​ក្រុង​ទី៤នេះ​ នឹង​ធ្វើ​តពី​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី៣នៅ​ត្រើយ​ខាងកើត​ ឬក៏​ធ្វើ​ផ្លូវ​ថ្មី​ចេញពី​ផ្លូវ៥១​ មកដល់​ផ្លូវជាតិ​លេខ៣​ ឡើង​ដល់​ភ្នំពេញ​។

៣) ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​បាវិត​

គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-បាវិត​ (Phnom​ Penh​-Bavet​ Expressway​) ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-បាវិត​ មាន​ប្រវែង​សរុប​ប្រហែល​ ១៣៥​ គ.មត្រូវ​បាន​រដ្ឋាភិបាល​ប្រគល់​ទៅ​អោយ​ក្រុមហ៊ុន​ចិន​សិក្សា​ក្នុងរយៈពេល​ ២ ឆ្នាំ​ដើម្បី​បញ្ចប់​លោក​ទេស​រដ្ឋមន្ត្រី​ ស៊ុន​ ចាន់​ថុល​ រដ្ឋមន្ត្រី​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ បាន​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ China​ Rail​ Way​ International​ Group​ .,Ltd​ ដែល​ទទួល​ធ្វើការ​សិក្សា​គម្រោង​ផ្លូវ​ល្បឿន​លឿន​តភ្ជាប់​ភ្នំពេញ​បាវិត​ត្រឹមតែ​ ២ ឆ្នាំ​ ដើម្បី​ឆាប់​ស្ថាបនា​សាងសង់​។

ក្រសួង​សាធារណៈ​ការ​ និង​ដឹក​ជញ្ចូន​ កាលពី​ពេលថ្មីនេះ​ បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ក្របខណ្ឌ​សម្រាប់​គម្រោង​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​ផ្លូវ​ល្បឿន​លឿន​តភ្ជាប់​ពី​ភ្នំពេញ​ទៅ​បាវិត​ ឱ្យ​ក្រុមហ៊ុន​ China​ Rail​ Way​ International​ Group​ .,Ltd​ ធ្វើការ​សិក្សា​សិក្សា​៕

ការដ្ឋានសំណង់ចំនួន ៣ ទៀតសម្រេចឱ្យផ្អាកការសាងសង់នៅខេត្តព្រះសីហនុ

ដោយវុត្ថា

ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបញ្ជាឱ្យផ្អាកការដ្ឋានសំណង់ចំនួន ៣ទីតាំង ដែលបានធ្វើឱ្យធ្លាក់ដីចូលអូរប្រឡាយ (សុខា) បង្កឱ្យស្ទះចរន្តទឹកហូរ ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅក្នុងពិធីដឹកនាំមន្ត្រីជំនាញចុះត្រួតពិនិត្យការដ្ឋានសំណង់ កាលពីថ្ងៃទី ខែវិច្ឆិកា ឆ្នាំ២០១៩ ម្សិលមិញនេះ  បានឱ្យដឹងថាសំណង់ទាំង៣ខាងលើជាបណ្តោះអាសន្ន ដោយតម្រូវឱ្យកាយដីដែលធ្លាក់ចូលអូរចេញវិញ និងសហការជាមួយមន្ទីរពាក់ព័ន្ធដើម្បីកំណត់និយាមការទំហំអូរប្រឡាយ និងរៀបខឿនថ្មទប់ដីផងដែរ។

លោកបន្តថាប្រតិបត្តិការនៃការចុះបិទការដ្ឋានខាងលើ គឺស្របពេលដែលរដ្ឋបាលខេត្តបានចេញសេចក្តីដំណឹង ដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកវិនិយោគ ដែលបាននិងកំពុងរស់នៅ អាស្រ័យផលលើអូរប្រឡាយធម្មជាតិរបស់រដ្ឋ ក្នុងខេត្តព្រះសីហនុ។

លោកបន្ថែមថា ដោយក្នុងរយៈពេលកន្លងមក រដ្ឋបាលខេត្តបានសង្កេតឃើញមានបងប្អូនប្រជាពលរដ្ឋ និងអ្នកវិនិយោគមួយចំនួនបានរំលោភបំពានដោយការចាក់ដី ព្រមទាំងសាងសង់លំនៅដ្ឋាន និងសំណង់ខុសច្បាប់នានា មានទាំងប្រភេទតូចធំ ធ្ងន់ស្រាល លើនិយាមការដើមរបស់អូរប្រឡាយធម្មជាតិ ដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ធ្វើឱ្យទំហំអូរប្រឡាយធម្មជាតិទាំងនោះរួមតូចនិងបិទមុខទឹកស្ទើរទាំងស្រុងនៅកន្លែងខ្លះមិនអាចឆ្លើយតបបានទៅនឹងបរិមាណកើនឡើងនៃទំហំទឹកភ្លៀង និងទឹកកខ្វក់ក្នុងក្រុងព្រះសីហនុ ដែលមានការកើនឡើងជាលំដាប់។

លោកបញ្ជាក់ទៀតថា នៅក្នុងរដូវវស្សាកន្លងទៅបានធ្វើឱ្យលិចលង់ លំនៅដ្ឋាន ហេដ្ឋារចនាសម្ព័ន្ធ និងខូចខាតទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋមួយចំនួន ថែមទាំងបណ្ដាលឱ្យប៉ះពាល់ដល់អាយុជីវិតមនុស្សថែមទៀតផង។

លោកអភិបាលខេត្តរូបនេះបញ្ជាក់ថា ដើម្បីរក្សាទុកទំហំអូរប្រឡាយធម្មជាតិ ដែលជាទ្រព្យ សម្បត្តិសាធារណៈរបស់រដ្ឋតាមនិយាមការដើម និងតាមការកំណត់តាមប្លង់សុរិយោដី សម្រេចដោយគណៈកម្មការ រដ្ឋបាលខេត្តជៀសវាងការជន់លិចលំនៅដ្ឋានហេដ្ឋារចនាសម្ព័ន្ធ និងទ្រព្យសម្បត្តិផ្សេងៗ របស់ប្រជាពលរដ្ឋ នៅពេលមានជំនន់ទឹកភ្លៀង ឬនៅរដូវវស្សានោះ រដ្ឋបាលខេត្តព្រះសីហនុ សូមឱ្យបងប្អូនប្រជាពលរដ្ឋ និងអ្នកវិនិយោគទាំងអស់ដែលកំពុងរស់នៅ ឬអាស្រ័យផលលើដីចំណី អូរប្រឡាយធម្មជាតិសាធារណៈរបស់រដ្ឋ ធ្វើការរុះរើសំណង់ទាំងឡាយចេញជាបន្ទាន់ ដើម្បីឱ្យក្រុមការងារមានលទ្ធភាពក្នុងការស្ដារ និងអភិវឌ្ឍអូរប្រឡាយទាំងអស់ក្នុងក្រុងព្រះសីហនុ ធានាបានការជន់លិច ហើយថែមទាំងលើកកម្ពស់ កិត្យានុភាព សោភ័ណភាព អនាម័យបរិស្ថាន និងជាពិសេសរក្សា បាននូវសុខសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋ និងអ្នកវិនិយោគ នៅក្នុងក្រុងព្រះសីហនុរស់នៅប្រកបដោយភាពសុខដុមរមនា៕