ដោយ ប៊ី
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្យាករណ៍ថា ផលប៉ះពាល់នៃជំងឺ COVID-19 នឹងអាចធ្វើឱ្យប្រទេសកម្ពុជាខាតបង់ប្រាក់ ៣៤៥.៧ លានដុល្លារក្នុងឆ្នាំ២០២០នេះ ខណៈកម្ពុជាបាននឹងត្រៀមថវិកាចន្លោះ ៨០០ ទៅ ២ ០០០ លានដុល្លារអាមេរិក ដើម្បីជួយសង្គ្រោះសេដ្ឋកិច្ចកម្ពុជាឱ្យមានស្ថេរភាព និងលំនឹង បើជំងឺផ្លូវដង្ហើមកូវីដ ១៩ អូសន្លាយរហូតដល់ ១ ឆ្នាំ។
ធនាគារ ADB បានឱ្យដឹងបែបនៅក្នុងរបាយការណ៍សង្ខេបរបស់ខ្លួនស្តីពី “អ្វីជាផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចបណ្ដាលមកពីការរីករាលដាលនៃ COVID-19 នៅអាស៊ី” ចេញកាលពីសប្ដាហ៍មុន ដែលបានព្យាករពីផលប៉ះពាល់មកលើសេដ្ឋកិច្ចរបស់ប្រទេសទាំងអស់ក្នុងតំបន់អាស៊ី បណ្ដាលពី COVID-19។
ABD បានឱ្យដឹងថា ការរីករាលដាលនៃមេរោគ COVID-19 នឹងធ្វើឱ្យប៉ះពាល់ខ្លាំងដល់ប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងនោះរួមទាំងកម្ពុជាផងដែរ។
ADB បានបញ្ជាក់ថា ផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជា អាចនឹងខាតបង់ប្រមាណជាង ១.៤០ភាគរយ ឬស្មើនឹងទឹកប្រាក់ប្រមាណជាង ៣៤៥.៧លានដុល្លារ ក្នុងករណីមានផលប៉ះពាល់កម្រិតតិចបំផុត។
របាយការណ៍ដដែលនេះ ប៉ាន់ប្រមាណទៀតថា សេដ្ឋកិច្ចកម្ពុជា អាចនឹងខាតបង់កំណើនប្រមាណជិត ២ភាគរយ ឬស្មើនឹងជាង ៤៧៣លានដុល្លារ ក្នុងករណីមានផលប៉ះពាល់កម្រិតមធ្យម ហើយកំណើនសេដ្ឋកិច្ចកម្ពុជា អាចនឹងបាត់បង់ក្នុងរង្វង់ជិត ៣.៥ភាគរយ ក្នុងករណីផលប៉ះពាល់មានកម្រិតខ្ពស់។
ធនាគារអភិវឌ្ឍន៍អាស៊ី ADB បានកត់សម្គាល់ក្នុងសេចក្តីសង្ខេបរបស់ខ្លួនថា “របាយការណ៍នេះ គឺធ្វើឡើងក្នុងបំណងឱ្យអ្នករៀបចំគោលនយោបាយនៃបណ្ដាប្រទេសនីមួយៗរៀបចំយុទ្ធសាស្ត្រនានាក្នុងការបង្ការហានិភ័យ និងឆ្លើយតបឱ្យទាន់ពេលវេលា”។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានឱ្យដឹងថា កម្ពុជាបាននឹងត្រៀមថវិកាចន្លោះ ៨០០ ទៅ ២ ០០០ លានដុល្លារអាមេរិក ដើម្បីជួយសង្គ្រោះសេដ្ឋកិច្ចកម្ពុជាឱ្យមានស្ថេរភាព និងលំនឹង បើជំងឺផ្លូវដង្ហើមកូវីដ ១៩ អូសន្លាយរហូតដល់ ១ ឆ្នាំ។
សម្តេចតេជោ ហ៊ុន សែន នៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតនៃវិទ្យាស្ថានវ៉ាន់ដានៅថ្ងៃទី១០ ខែមីនា ឆ្នាំ ២០២០នេះ ថ្លែងឱ្យដឹងថា កម្ពុជាបានត្រៀមថាវិកាប្រមាណ ៨០០ លាដុល្លារអាមេរិកក្នុងរយៈពេល ៦ខែ ហើយបើជំងឺកូវីដ ១៩ អូសបន្លាយរយៈពេល ១ ឆ្នាំ នឹងអាចត្រៀមថវិកាជាតិប្រមាណចន្លោះ ៨០០ ទៅ ២០០០ លានដុល្លារអាមេរិកក្នុងការសង្គ្រោះសេដ្ឋកិច្ច។
សម្តេចតជោថ្លែងថា “យើងត្រៀមថវិកាប្រមាណ ៨០០ លានដុល្លារក្នុងរយៈពេល ៦ ខែ ដើម្បីសង្គ្រោះសេដ្ឋកិច្ច ហើយបើវាអូសបន្លាយដល់១ ឆ្នាំ យើងក៏ប៉ានស្មានថាវាធ្លាក់កំណើនប៉ុណ្ណា ផលប៉ះពាល់វាធំប៉ុណ្ណា ហើយបាត់បង់ចំណូលប៉ុណ្ណា បើវាដល់មួយឆ្នាំ សេដ្ឋកិច្ចរបស់យើងធ្លាក់ប៉ុណ្ណា ត្រូវប៉ះប៉ូវទំហំទឹកប្រាក់ប៉ុណ្ណា អញ្ចឹងវាស្ថិតនៅក្នុងចន្លោះ ពី ៨០០ ទៅ ២០០០ លានដុល្លារអាមេរិកដើម្បីបំរ៉ុង”។
ការព្យាករណ៍របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្ពុជាបានឱ្យដឹងថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជានៅឆ្នាំ ២០២០ គឺស្ថិតនៅក្នុងរង្វង់ ៦.៥% ដែលទាញទម្លាក់កំណើនសេដ្ឋកិច្ចកម្ពុជាដែលធ្លាប់តែសម្រេចបានជាង៧ភាគរយក្នុងមួយឆ្នាំក្នុងរយៈពេលពីរទស្សវត្សរ៍មកនេះ។
មានការកត្តាជាច្រើនដែលធ្វើឱ្យធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជានេះ ដោយសារការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចពិភពលោក ភាពមិនប្រាកដប្រជានៅតំបន់មជ្ឈឹមបូព៌ា ជម្លោះពាណិជ្ជកម្មរវាងចិន-សហរដ្ឋអាមេរិក ការប្រែប្រួលអាកាសធាតុ និងការផ្ទុះឡើងនៃជំងឺឆ្លងដែលបង្កដោយកូរ៉ូណាវីរុសថ្មីៗ ឬកូវីដ ១៩ នៅក្នុងប្រទេសចិន ជាដើមដែលបាននឹងកំពុងរីករាលដាលនៅក្នុងពិភពលោក៕







