ដោយ ហ្សូលី
ភ្នំពេញៈ កម្ពុជានឹងទទួលបានការផ្គត់ផ្គង់ថាមពលមួយចំនួន ពីខាងក្រុមហ៊ុនផលិតថាមពលបៃតងរបស់ថៃ ក្រុមហ៊ុនBCPGដែលផលិតថាមពលបៃតងដ៏ធំ មានទុនវិនិយោគជាង៤៥ពាន់លានបាត (១,៤ ពាន់លានដុល្លារ) ក្នុងការពង្រីកផលិតកម្មថាមពលរបស់ខ្លួនជាចម្បង នៅតាមបណ្តាប្រទេសនានាក្នុងឧបទ្វីបឥណ្ឌូចិន។
ប្រធានក្រុមហ៊ុន BCPG លោក Bundit Sapianchai បានថ្លែងកាលពីថ្ងៃទី១១ ខែកុម្ភៈថា“ ការវិនិយោគលើគម្រោងថាមពលវារីអគ្គិសនី គឺជាជំហានដំបូងនៃ BCPG និងដើម្បីចូលទៅក្នុងទីផ្សារសក្តានុពលសេដ្ឋកិច្ចខ្ពស់ របស់បណ្តាប្រទេសមួយចំនួន ដូចជា កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម។
លោកបានបន្ថែមថា “ការវិនិយោគនេះនឹងផ្តល់ឱ្យBCPG នូវឱកាសកាន់តែច្រើននៅក្នុងគម្រោងថាមពលកកើតឡើងវិញ ដែលមានសក្តានុពលនៅក្នុងប្រទេសទាំងនោះនាពេលអនាគត ហើយនឹងជួយពង្រឹងកំណើនប្រកបដោយចីរភាព”។
បើតាមឱ្យដឹងពីសេចក្តីថ្លែងការណ៍មួយ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី ១២ មីនា ឆ្នាំ ២០២០ បានសរសេរថា ទុនវិនិយោគនេះ នឹងគ្របដណ្តប់លើគម្រោងថាមពលពន្លឺព្រះអាទិត្យ ដែលមានថាមពលសរុប១៤.៧០០គីឡូវ៉ាត់ នៅក្នុងប្រទេសជប៉ុននិងរោងចក្រថាមពលកំដៅក្នុងផែនដី។
សម្រាប់រយៈពេល៥ឆ្នាំខាងមុខ កម្លាំងថាមពលកកើតឡើងវិញ របស់ក្រុមហ៊ុនសាជីវកម្ម BangChak នឹងទទួលបានថវិកាភាគច្រើន សម្រាប់រោងចក្រថាមពលខ្យល់និងវារីអគ្គិសនីនៅក្នុងប្រទេសឡាវ រួមទាំងបណ្តាញបញ្ជូនអគ្គិសនីទៅប្រទេសវៀតណាមដើម្បីជំរុញឱ្យកើនប្រាក់ចំណេញនាពេលអនាគត។
នៅប្រទេសឡាវក្រុមហ៊ុនថៃ បានបង្កើតក្រុមហ៊ុនមួយឈ្មោះថា Impact Energy Asia Development Ltd. ដែលជាការបណ្តាក់ទុនរួមគ្នាកាលពីឆ្នាំមុន ដើម្បីអភិវឌ្ឍគម្រោងថាមពលខ្យល់ចំនួន៦០០,០០០ គីឡូវ៉ាត់ ខណៈដែលរោងចក្រថាមពលវារីអគ្គិសនីទី២មានថាមពល៤៥.០០០ គីឡូវ៉ាត់។ រោងចក្រថាមពលខ្យល់ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមដំណើរការនៅឆ្នាំ២០២៣៕






