អគ្គនាយកពន្ធដារកំពុងគិតគូពីការយកពន្ឋលើអ្នកលក់តាមOnlineហើយ

0

ដោយៈ រ៉ាណេត

ភ្នំពេញៈ ការធ្វើអាជីវកម្មនៅលើប្រព័ន្ធOnline នៅពេលបច្ចុប្បន្ននេះកំពុងតែមានការពេញនិយម និងផុសផុលជាខ្លាំង ខណៈដែលអគ្គនាយកដ្ឋានព័ន្ធដារ បានអះអាងថា អ្នកធ្វើអាជីវកម្មតាមវិធីនេះភាគច្រើន មិនបានចូលរួមបង់ពន្ធចូលរដ្ឋនោះឡើយ។

ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃ អគ្គនាយកដ្ឋានពន្ធដារ លោក គង់ វិបុល តាមរយៈកម្មវិធីស្តីពីការផ្តល់សេវា និងបច្ចុប្បន្នភាពព្រឹត្តិការណ៍ផ្សេងៗរបស់អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ បានពន្យល់យ៉ាងលម្អិត ដល់សារធារណជន ឱ្យកាន់តែច្បាស់បន្ថែមអំពីការបង់ពន្ធលើការរកស៊ី ក្នុងប្រព័ន្ធអនឡាញ (E-Commerce) ដោយការលើកយកពីច្បាប់គ្រប់គ្រង និងកាតព្វកិច្ចបង់ពន្ធមកបញ្ជាក់ផងដែរ។

លោក គង់ វិបុល បានបញ្ជាក់ថា “នៅក្នុងសម័យអនឡាញ ជាបញ្ហាដ៏ស្មោគស្មាញរបស់រដ្ឋបាលសារពើពន្ធទាំងកម្ពុជា ទាំងអន្ដរជាតិ។ អ្នកលក់អនឡាញ នៅក្នុងប្រទេសកម្ពុជា តាមច្បាប់សារពើពន្ធ គឺត្រូវមានកតព្វកិច្ចចុះបញ្ជីពន្ធដារ”។ លោកបន្តថា “រាល់សកម្មភាពសេដ្ឋកិច្ចកើតឡើង១៥ថ្ងៃ ត្រូវមកចុះបញ្ជីតាមមាត្រា១០១នៃច្បាប់សារពើពន្ធ ហើយប្រសិនបើចំណូលនោះ ត្រូវបានលើកលែងក្រោម២៥០លានរៀល មិនត្រូវបានជាប់ពន្ធទេ”។

លោកបន្តថា ប្រសិនបើចំណូល២៥០ ដល់៧០០លានរៀលត្រូវជាប់ពន្ធ ប៉ុន្ដែជាអ្នកជាប់ពន្ធតូច ហើយចន្លោះពី៧០០លានរៀល ដល់៤០០០លានរៀល ត្រូវជាប់ពន្ធមធ្យម ហើយចាប់ពី៤០០០លានរៀលឡើងទៅ គឺជាអ្នកជាប់ពន្ធធំ តាមច្បាប់សារពើពន្ធ គឺត្រូវជាប់ពន្ធ និងត្រូវទៅប្រកាសបង់ពន្ធ។

ជាមួយគ្នានេះ លោកក៏បានបញ្ជាក់ផងដែរថា “ខ្ញុំសង្កេតឃើញថា អ្នកលក់អនឡាញមួយចំនួន ពិសេសអ្នកលក់ឡេ ប្រហែលជាមិនបានបំពេញកត្វកិច្ចនោះទេ ហើយអ្នកទាំងនោះកំពុងតែ ធ្វើអាជីវកម្មដែលមានប្រាក់ចំណូល ប៉ុន្ដែមិនបានចុះបញ្ជីបង់ពន្ធដារ”។ លោកបន្ថែមថា “ហេតុដូច្នេះខ្ញុំសូមអំពាវនាវយ៉ាងទទូចថា រាល់ការលក់ដូរត្រូវគោរពច្បាប់ពន្ធដារ រាល់អាជីវកម្មសេដ្ឋកិច្ចទាំងឡាយណា មានរយៈពេល១៥ថ្ងៃត្រូវតែមកចុះបញ្ជី”៕

LEAVE A REPLY

Please enter your comment!
Please enter your name here