អង្គការសហប្រជាជាតិ​ចង់​ប្រែក្លាយ​ខេត្ត​ព្រះសីហនុ​ ឱ្យទៅ​ជាទី​ក្រុង​ឆ្លាតវៃ​

ដោយ​ វុត្ថា​

ខេត្ត​ព្រះសីហនុ​៖ ប្រធាន​អង្គការសហប្រជាជាតិ​ប្រចាំ​ប្រទេស​កម្ពុជា​ បានឱ្យ​ដឹង​ថា​ អង្គការសហប្រជាជាតិ​ ចង់​ចូលរួម​ចំណែក​សហការ​ជួយ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ ឱ្យទៅ​ជាទី​ក្រុង​ឆ្លាតវៃ​ ដោយមាន​វិធី​ច្រើន​ដើម្បី​សម្រេច​ទីក្រុង​មួយ​ឆ្លាតវៃ​ប្រកបដោយ​និរន្តរភាព​ និង​បរិ​យា​ប័ន្ន។

លោកស្រី​ Pauline​ Tamesis​ ប្រធាន​អង្គការសហប្រជាជាតិ​ប្រចាំ​ប្រទេស​កម្ពុជា​ នៅក្នុង​ជា​ជំនួប​ជាមួយ​ លោក​ គួច​ ចំរើន​ អភិបាលខេត្ត​ព្រះសីហនុ​ កាលពី​ថ្ងៃទី​ ២៩​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៩​ ម្សិលមិញ​នេះ​ ថា​ សម្រាប់​អង្គការសហប្រជាជាតិ​យល់ឃើញ​វិធី​មួយទៀត​ គឺ​ការ​អភិវឌ្ឍ​ឈាន​ទៅ​ទីក្រុង​ឆ្លាតវៃ​ គឺជា​ការចូលរួម​ស្តាប់​មតិយោបល់​របស់​ប្រជាពលរដ្ឋ​ ចង់បាន​ទីក្រុង​ប្រភេទ​ណា៖

ទី១​. ផ្តោត​លើ​អ្នក​និ​យោគ​ទុន​ដែល​មាន​ទស្សន​យល់ឃើញ​ចង់ឱ្យ​ទីក្រុង​យើង​ល្អ​

ទី២. លក្ខ​ណបរិ​យា​ប័ន្ន ការ​អភិវឌ្ឍ​ទីក្រុង​របស់​យើង​មិន​សម្រាប់​បុគ្គល​មួយចំនួន​ទេ​ គឺ​សម្រាប់​ទាំងអស់គ្នា​

ទី៣. ការ​គាំទ្រ​ដល់​រដ្ឋអំណាច​មូលដ្ឋាន​ ដើម្បី​ដោះស្រាយ​បញ្ហា​ឆ្លើយតប​ទៅ​ នឹង​សេចក្តី​ត្រូវការ​របស់​ប្រជាពលរដ្ឋ​។

លោកស្រី​ Pauline​ Tamesis​ បន្ត​ថា​ អង្គការសហប្រជាជាតិ​ នៅ​រយៈពេល​ ៥ឆ្នាំខាងមុខ​ នឹង​រៀបចំ​កិច្ចការ​ចំនួន​ ៥ផ្នែក​ ហើយ​ការងារ​ស្នូល​ គឺ​ការងារ​គ្រប់គ្រង​នគរូបនីយកម្ម​ ការគ្រប់គ្រង​ធ្វើ​ផែនការ​ឱ្យ​បាន​ហ្មត់ចត់​ សម្រាប់​គ្រប់គ្រង​ការ​អភិវឌ្ឍ​ទីក្រុង​ គឺជា​កម្លាំង​ចលករ​មួយ​យ៉ាង​សំខាន់​ក្នុង​ការជំរុញ​ការ​អភិវឌ្ឍ​ទីក្រុង​ ដោយ​យកចិត្ត​ទុកដាក់​លើ​ប្រជាពលរដ្ឋ​រស់នៅ​ទីក្រុង​ គឺជា​យន្តការ​មួយ​មាន​និរន្តរភាព​ និង​ធ្វើ​ឱ្យ​ទីក្រុង​ទទួល​បាន​ផល​ស្មើ​ៗគ្នា​ ប្រកបដោយ​សមធម៌​សម្រាប់​ប្រជាពលរដ្ឋ​។

លោកស្រី​បន្ថែម​ថា​ តាម​បទពិសោធន៍​ប្រទេស​លើស​កល​លោក​មាន​ GDP​ ៨០ភាគរយ​ ទទួល​បាន​ពី​ការ​អភិវឌ្ឍ​ក្នុង​ទីក្រុង​ ដោយឡែក​សម្រាប់​កម្ពុជា​ GDP​ ៥០ភាគរយ​ ចេញពី​ការ​អភិវឌ្ឍ​ក្នុង​ទីក្រុង​ ។

ការ​អភិវឌ្ឍ​នៅ​ខេត្ត​ព្រះសីហនុ​ បាន​បង្ហាញ​ពី​សក្តា​នុ​ពល​ចំបង​ រួមចំណែក​ការ​អភិវឌ្ឍ​ប្រទេសជាតិ​ទាំងមូល​ផង​ដែរ​ ហើយ​ការ​អភិវឌ្ឍ​ក្នុង​ខេត្ត​ព្រះសីហនុ​ ក៍​មាន​បញ្ហា​ប្រឈម​មួយចំនួន​ ដោយសារ​កត្តា​អភិវឌ្ឍ​មាន​ល្បឿន​លឿន​ពេក​ ការគ្រប់គ្រង​មិន​បាន​ហហ្មត់ចត់​នោះ​ អាច​នាំ​ឱ្យ​ប្រជាពលរដ្ឋ​នៃ​ចំណែក​ណាមួយ​មិនបាន​ទទួលផល​តាមទាន់​គេ​។

លោកស្រី​ថា​ “យើង​បានដឹង​ថា​ ទីក្រុង​ឆ្លាតវៃ​ ជាគោល​ដៅ​មួយ​ ដែល​យើង​ចង់​អភិ​វឌ្ឍុ​ ហើយ​ក្រុង​ព្រះសីហនុ​ នៃ​ ខេត្ត​ព្រះសីហនុ​ ជា​ទិសដៅ​មួយ​ក្នុង​ការ​អភិវឌ្ឍ​ជាទី​ក្រុង​ឆ្លាតវៃ​ “។

លោក​ គួច​ ចំរើន​ អភិបាលខេត្ត​ព្រះសីហនុ​បាន​ឱ្យ​ដឹ​ថា​ រដ្ឋបាល​ខេត្ត​ព្រះសីហនុ​គាំទ្រ​អង្គការសហប្រជាជាតិ​ ចង់​សហការ​ជួយ​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ​ ជាទី​ក្រុង​ឆ្លាតវៃ​ ក៍​ប៉ុន្តែ​ត្រូវ​រៀបចំ​ឯកសារ​ធ្វើ​បទ​បង្ហាញ​ទីក្រុង​ឆ្លាតវៃ​ និង​បន្ត​ធ្វើការងារ​ជាមួយ​មន្ត្រី​របស់​ខេត្ត​ ពិសេស​ជួយ​បណ្តុះបណ្តាល​បច្ចេកវិទ្យា​ ក៍​ដូចជា​ជួយ​ជា​ឧបករណ៍​ សម្ភារៈ​ ក្នុង​ការចូលរួម​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ​ ជាទី​ក្រុង​ឆ្លាតវៃ​។

លោក​អភិបាលខេត្ត​បន្ត​ថា​ រាជរដ្ឋាភិបាល​បាន​កំណត់​ខេត្ត​ព្រះសីហនុ​ ជា​តំបន់​សេដ្ឋកិច្ច​គំរូ​ពហុ​បំណង​ ដែល​មាន​តំបន់​សេដ្ឋកិច្ច​ ៥កំពុង​ដំណើរការ​ ផ្តល់​ការងារ​ជូន​យុវជន​ជាង​ ៨ម៉ឺន​នាក់​ និង​តំបន់​សេដ្ឋកិច្ច​ ៤ទៀត​កំពុង​សាងសង់​ នេះ​ជា​សក្តា​នុ​ពល​ នៃ​ការ​អភិវឌ្ឍ​ក្នុង​ខេត្ត​ព្រះសីហនុ​ នា​ពេល​បច្ចុប្បន្ន​ ពិសេស​វិស័យ​សំណង់​មានការ​អភិ​ឌ្ឍ​យ៉ាង​គំហុក​គួរ​ឱ្យ​កត់សំគាល់​៕

រដ្ឋាភិបាល​សឹង្ហ​បូរី​បញ្ជា​ឱ្យ​ក្រុមហ៊ុន​ Facebook​ ដកចេញ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ប្រឆាំង​នឹង​ខ្លួន​

រដ្ឋាភិបាល​សឹង្ហ​បូរី​បញ្ជា​ឱ្យ​ក្រុមហ៊ុន​ Facebook​ ដកចេញ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ប្រឆាំង​នឹង​ខ្លួន​

ដោយ​ Donald​ Lee​

សឹង្ហ​បូ​រីៈ​ រដ្ឋាភិបាល​សិង្ហ​បូរី​បាន​បញ្ជា​ ឱ្យ​ក្រុមហ៊ុន​យក្ស​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ Facebook​ ដកចេញ​ ឬកែ​សំរួល​ប្រកាស​ ដែល​ផ្សាយ​ដោយ​អ្នក​សរសេរ​ប្លុក​ប្រឆាំង​រដ្ឋាភិបាល​កាលពី​ថ្ងៃសុក្រ​។

រដ្ឋាភិបាល​បាន​អះអាង​ថា​ ក្រុមហ៊ុន​ Facebook​ បាន​រំលោភ​លើ​ការ​ការពារ​ពី​ភាព​មិន​ពិត​ តាម​អ៊ិ​នធ័រ​ណេត​ និង​ការរៀបចំ​ផែនការ​បន្លំ​ (POFMA​) ហើយ​បាន​បញ្ជា​ឱ្យ​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​យក្ស​ កែតម្រូវ​ការ​បង្ហោះ​នៅ​លើ​ទំព័រ​ព័ត៌មាន​“ Times​ Times​ Review​” របស់​អ្នក​សរសេរ​ប្លុក​លោក​ Alex​ Tan​ ។

រដ្ឋាភិបាល​បាន​អះអាង​ថា​ ការ​ផ្សព្វផ្សាយ​នេះ​មានការ​កុហក​ និង​ភាព​មិន​ត្រឹមត្រូវ​ជាច្រើន​។

ការិយាល័យ​ POFMA​ បាន​និយាយទៅ​កាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ថា​ “ការ​អះអាង​ទាំងនេះ​គឺ​មិន​ពិត​ និង​គ្មាន​មូលដ្ឋាន​”។

ប្រសិនបើ​ Facebook​ ដែល​មាន​ទីស្នាក់ការ​កណ្តាល​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​ នៅ​សឹង្ហ​បូរី​ ខកខាន​មិនបាន​អនុវត្ត​តាម​ការ​ទាមទារ​របស់​រដ្ឋាភិបាល​នោះ​ ខ្លួន​នឹង​ត្រូវ​ពិន័យ​ ៧៣១​,៩០៥​ ដុល្លារ​ និង​ពិន័យ​ជា​ប្រាក់ ១០០​,០០០​ ដុល្លារ​ក្នុង​មួយថ្ងៃ​ជា​រៀងរាល់ថ្ងៃ​។

មនុស្សជា​ច្រើន​បាន​រិះគន់​ POFMA​ នៅពេល​ដែល​វា​ចូលជាធរមាន​ នៅក្នុង​ខែ​ តុលា​ ដោយ​និយាយ​ថា​ វា​នឹង​រំលោភ​លើ​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញមតិ​។

អ្នកនិពន្ធ​ជនជាតិ​សឹង្ហ​បូរី​នៅ​ពីក្រោយ​គេហទំព័រ​ ជនជាតិ​អូស្រ្តាលី​រូប​នេះ​បាន​ឈរ​លើ​ជំហរ​របស់​ខ្លួន​ បន្ទាប់ពី​រដ្ឋាភិបាល​បាន​បញ្ជា​ឱ្យ​គាត់​គោរព​តាម​ POFMA​ ។

លោក ​Tan​ បាន​និយាយ​នៅក្នុង​សេចក្តី​ប្រកាស​មួយ​ កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ថា​ “ការ​ផ្សព្វផ្សាយ​ Times​ Review​ និង​និពន្ធ​នាយក​ ដែល​ឥឡូវ​ជា​ពលរដ្ឋ​អូស្រ្តាលី​ នឹង​មិន​គោរព​តាម​បទបញ្ជា​ណាមួយ​ ពី​រដ្ឋាភិបាល​បរទេស​ ដូចជា​កូរ៉េខាងជើង​ ឬសឹង្ហ​បូរី​ទេ​”។

លោក​ Tan​ បាន​បន្ថែម​ថា​ “ខ្ញុំ​សូម​ចាប់ផ្តើម​ដោយ​ថ្លែងអំណរគុណ​ ដល់​រដ្ឋាភិបាល​សឹង្ហ​បូរី​ ដែល​បាន​នាំការ​ចូល​មើល​គេហទំព័រ​កាន់តែ​ច្រើន​ឡើង​ៗ ទៅកាន់​ទស្សនាវដ្តី​ Times​ Review​។

ឥឡូវនេះ​ ប្រជាជន​សឹង្ហ​បូរី​កាន់តែ​ច្រើន​ អាច​ទទួល​បាន​មា​តិ​ការ​ព័ត៌មាន​របស់​ប្រទេស​សឹង្ហ​បូរី​ឯករាជ្យ​ ដែល​គ្មាន​ការ​ត្រួតពិនិត្យ​ពី​រដ្ឋាភិបាល​ ដែល​ផ្ទុយពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​លំដាប់​ទី១៥៤​”។

លោក​ Tan​ និង​នាយក​រដ្ឋមន្រ្តី​លោក​លី​ សៀន​ឡុង​ មាន​ប្រវត្តិ​នៃ​ការសាកល្បង​គ្នា​ទៅវិញទៅមក​ ដែល​នាំ​ឱ្យ​រដ្ឋាភិបាល​បង្កើត​ច្បាប់​ព័ត៌មាន​ក្លែងក្លាយ​។

កាលពី​ខែ​ វិច្ឆិកា​ កន្លងទៅ​ លោក ​Tan​ បាន​ផ្សាយ​រឿង​មិន​ពិត​មួយ​នៅ​លើ​ទំព័រ​របស់​លោក​ដោយ​បញ្ជាក់​ថា​ មេដឹកនាំ​សឹង្ហ​បូរី​ បាន​ជាប់ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​ហិរញ្ញវត្ថុ​ ដែល​មាន​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ​។ រដ្ឋាភិបាល​បាន​ស្នើសុំ​ឱ្យ​បណ្តាញ​ផ្សព្វផ្សាយ​សង្គម​យក្ស​ខាងលើ​ដាក់ចេញ​ផ្សព្វផ្សាយ​ ប៉ុន្តែ​ក្រុមហ៊ុន​បាន​បដិសេធ​។ រដ្ឋាភិបាល​ក៏បាន​អនុម័ត​ច្បាប់​ POFMA​ ។

រដ្ឋាភិបាល​សឹង្ហ​បូរី​បាន​បញ្ជាក់​ថា​ “ក្រុមហ៊ុន​ Facebook​ បាន​បដិសេធ​មិន​ដកចេញ​ការ​បង្ហោះ​ ដែល​មិន​ពិត​ការ​បង្ខូច​កេរ្តិ៍ឈ្មោះ​ និង​វាយប្រហារ​សឹង្ហ​បូរី​ ដោយ​ប្រើពាក្យ​មិន​ពិត​។ នេះ​បង្ហាញ​ពី​មូលហេតុ​ ដែល​យើង​ត្រូវការ​ច្បាប់​ ដើម្បី​ការពារ​យើង​ពី​ចេតនា​មិន​ពិត​តាម​អ៊ី​នធ័រ​ណេត​”៕

ទីក្រុង​រណប​ជ្រោយ​ចង្វា​រចាប់ផ្តើម​លេចចេញ​ជារូបរាង​ជាមួយនឹង​ទស្សនទាន​នៃ​ការ​អភិវឌ្ឍ​ថ្មី​

ដោយ​ស៊ីវ​ ម៉េ​ង

ភ្នំ​ពេញៈ​ ពីមុន​ផ្ទៃដី​ដែល​ត្រូវ​បាន​ចាក់​បំពេញ​ដោយ​ខ្សាច់​នេះ​ បាន​និង​កំពុង​វិវត្តន៍​ជា​បណ្តើរ​ៗទៅជា​ទីក្រុង​ពាណិជ្ជកម្ម​នា​ពេល​អនាគត​ ខណៈ​ទឹកប្រាក់​ប្រមាណ ៣០០០លាន​ដុល្លារ​នឹង​ចាក់​បញ្ចូល​ក្នុង​តំបន់​នេះ​ ដោយក្រុម​ហ៊ុន​ OCIC ​និង​អ្នក​វិនិយោគ​ដទៃទៀត​។

ជា​ថ្នាក់ដឹកនាំ​មួយ​រូប​នៅ​អគ្គនាយករង​ក្រុមហ៊ុន​ OCIC​ លោក​ទូច​ សំណាង ​តែងតែ​ស្វាគមន៍​ជាមួយ​បណ្តាញ​សារ​ព័​ត៌មាន​ ឆ្លើយ​ទាក់ទង​នឹង​គំរោង​អភិវឌ្ឍន៍​នានា​របស់​ក្រុមហ៊ុន​។ លោក​សំណាង ​បាន​ផ្តល់​ព័​ត៌មាន​លំអិត​ ពី​គំរោង​ទីក្រុង​រណប​ដ៏​មាន​សក្តា​នុ​ពល​នា​ពេល​អនាគត​នេះ​។

លោក​សំណាង​ បាន​មានប្រសាសន៍​ឲ្យដឹង​ នៅ​ការិយាល័យ​របស់​លោក​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ បន្ទាប់ពី​យើង​បាន​ធ្វើការ​សិក្សា​ជាមួយ​អាជ្ញាធរ​ ក្រុមហ៊ុន​បាន​កាត់​ដី​ជូន​ប្រជាពលរដ្ឋ​ចំនួន ១០២ហិ​កតា​ លើ​ផ្ទៃដី​ដែល​បាន​ចុះហត្ថលេខា​ជាមួយ​រដ្ឋាភិបាល​ទំហំ ៣៨៧ហិ​កតា​ និង​បាន​កាត់​លើក​ទី២បន្ថែម​ទៀត​ សម្រាប់​សាងសង់​ហេ​ដ្ឋា​រចនាសម្ព័ន្ធ​ដទៃទៀត​ដូចជា​ផ្លូវ​ សួនច្បារ​ ប្រព័​ន្ធ​លូ​ ទើប​យើង​នៅសល់​ផ្ទៃដី​ចុងក្រោយ ១៤០ហិ​កតា​ ក្នុង​នោះ​ផ្ទៃដី១០ភាគរយ ​ជូន​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់ដី​ ដែល​មាន​ទំហំ​ប្រមាណ ៣០ហិ​កតា​។

លោក​បន្ត​ថា​ ផ្ទៃដី​នៅសល់​ប្រមាណ ១១០ហិ​កតា​នេះ​ រដ្ឋាភិបាល​គ្រោង​ប្រើប្រាស់​ដី​នេះ​សម្រាប់​សាងសង់​សាលា​ឧទ្ទរ​ណ៍​ សាកល​វិទ្យាល័យ​ភូមិន្ទ​ និង​វិចិត្រ​សិល្បៈ​ សាលា​គយ​ សហ​ព័ន្ធយុវជន​ និង​សាលាខណ្ឌ​បន្ថែម​ទៀត​ ដូច្នេះ​ផ្ទៃដី​នៅសល់​មាន​ទំហំ​ប្រមាណ ១០០ហិ​កតា​ សម្រាប់​អភិវឌ្ឍន៍​។

តើ​គម្រោង​ទីក្រុង​រណប​ ដែល​គ្រោង​ចំណាយ​លុយ​ដ៏​ច្រើន​នេះ​ កំពុង​មានការ​វិវត្តន៍​បែប​ណា​? លោក​ទូច​ សំណាង​ បាន​ឲ្យដឹង​ថា​ បន្ទាប់ពី​សាងសង់​ហេ​ដ្ឋា​រចនាសម្ព័ន្ធជិត​បញ្ចប់​ ដោយមាន​ផ្លូវ​ប្រវែង​សរុប​ប្រមាណ ៣០គីឡូម៉ែត្រ​ និង​ប្រព័ន្ធ​លូ​ប្រវែង ៦០គីឡូម៉ែត្រ​ និង​ចំណាយ​ថវិកា​សាងសង់​ប្រមាណ ១៥០លាន​ដុល្លារ​ ពេលនេះ​ក្រុមហ៊ុន​កំពុង​សាងសង់​ផ្ទះល្វែង​ លក់​ក្នុង​តម្លៃ​ចន្លោះ ១៥ ទៅ ២៥ម៉ឺន​ដុល្លារ​ និង​បាន​បើក​លក់​បណ្តើរ​ៗហើយ​ ។ ក្រុមហ៊ុន​ក៏​កំពុង​សាងសង់​អាគារ​ពាណិជ្ជកម្ម​កំពស់ ១០​ ទៅ១២ជាន់​ លក់​ក្នុង​តម្លៃ ៣ទៅ ៤លាន​ដុល្លារ​ និង​អា​គា​រិយា​ល័​យក​ណ្តាល​របស់​ OCIC​ កំពស់ ២០ជាន់ ​នៅ​តំបន់​នេះ​ ដែល​បោះទុន​វិនិយោគ​តិច​ជាង ៣០លាន​ដុល្លារ​អាមេរិក​។

លោក​បន្ត​ថា​ “យើង​គ្រោង​រៀបចំ​តំបន់​នេះ​ ជាទី​ក្រុង​ពាណិជ្ជកម្ម​នា​ពេល​អនាគត​ ហេតុនេះ​ទើប​យើង​មិន​សាងសង់​វីឡា​ ឬផ្ទះល្វែង​ច្រើន​នោះ​ទេ​ ប៉ុន្តែ​យើង​ស្វាគមន៍​អ្នក​វិនិយោគ​បរទេស​ ដែល​ចង់​ទិញ​ដី​ដើម្បី​សាងសង់​មជ្ឈមណ្ឌល​ ពាណិជ្ជកម្ម​នៅក្នុង​ទីក្រុង​នេះ​”។ លោក​បន្ត​ថា​ “យើង​ចង់​ឲ្យ​ទីក្រុង​នេះ​ក្លាយជា​តំបន់​ពាណិជ្ជកម្ម​ទី២​ ដូច​តំបន់​ពាណិជ្ជកម្ម​ស្ថិតនៅ​តាម​មហាវិថី​ព្រះមុនីវង្ស​នា​ពេល​អនាគត​”។

លោក​ទូច​ សំណាង​ បាន​បន្ត​ថា​ ទីក្រុង​នេះ​នឹង​ត្រូវ​អភិ​វឌ្ឈ​ន៍​ តាម​បែប​ Smart​ City​ ដោយមាន​ការ​កប់​ខ្សែរ​ភ្លើង​ក្រោម​ដី​ អំពូល​បំភ្លឺ​ LED​ បំពាក់​ដោយ​កាមេរ៉ា​ និង​ទឹក​កខ្វក់​ចេញពី​អាគារ​និ​មួយ​ៗ សុទ្ធ​តែ​ឆ្លង​កា​ត់​ប្រព័​ន្ធចម្រោះ​ មុន​បង្ហូរ​ចេញទៅ​កាន់​ទន្លេ​។

ទីក្រុង​រណប​ជ្រោយ​ចង្វា​រ ស្ថិតនៅ​លើទឹក​ដី​ក្នុង​សង្កាត់​ចំនួន​បី​ គឺ​សង្កាត់​ជ្រោយ​ចង្វា​រ ព្រែក​លាប​ និង​សង្កាត់​ព្រែកតាសេក​ ក្នុង​ខណ្ឌ​ជ្រោយ​ចង្វា​រ។

ជា​មួយ​នឹង​ព័​ត៌មាន​លេច​លឺ​ថា​ ក្រុមហ៊ុន​នឹង​ការ​រើ​សា​លពិព័រ​ណ៍ និង​សន្និបាត​កោះ​ពេជ្រ​ទៅកាន់​ទីក្រុង​ជ្រោយ​ចង្វា​រផង​ដែរ​ លោក​ទូច​ សំណាង ​បាន​ឲ្យដឹង​ផង​ដែរ​ថា​ ក្រុមហ៊ុន​ពិតជា​មាន​គំរោង​រុះរើ​រោងការ​ សា​លពិព័រ​ណ៍ និង​បង្កើត​កន្លែង​កំសាន្ត​នានា​ចេញពី​តំបន់​កោះ​ពេជ្រ​ មកកាន់​ទីក្រុង​រណប​នេះ​ផង​ដែរ​ ប៉ុន្តែ​ពេលនេះ​យើង​កំ​ពុង​សិ្ថ​តក្នុង​ការសិក្សា​ថា​ តើ​ប្រជាពលរដ្ឋ​នឹង​មក​តាមយើង​ដែរ ​ឬយ៉ាងណា​ នៅពេល​យើង​ផ្លាស់​ប្តូរ​ទីតាំង​រោងការ​ និង​សាលសន្និសីទ​ចេញពី​កោះ​ពេជ្រ​មក​តំបន់​នេះ​ និង​កំពុង​សិក្សា​ពី​លំហូរ​ចរាចរណ៍​នា​ពេល​អនាគត​ផង​ដែរ​។

ងាកមើល​អតីតកាល​បន្តិច​វិញ​ ថ្នាក់ដឹកនាំ​ក្រុមហ៊ុន ​OCIC​ ក៏បាន​សាងសង់​បុ​រី​រ៉ុ​ងរឿង​ និង​បាន​ផ្តល់​ផ្ទះ​សមរម្យ​សម្រាប់​សហគមន៍​ប្រជាពលរដ្ឋ​ ដែល​ធ្លាប់​រស់នៅ​តំបន់​នេះ​ប្រមាណ ៣០០គ្រួសារ​ផង​ដែរ​ ដែល​បច្ចុប្បន្ន​ក្រុមហ៊ុន​ក៏​នៅតែ​មើល​ថែរ​ និង​ទំ​នុក​បំ​រ៉ុង​ពួកគេ​ជាប្រចាំ​ផង​ដែរ​ ដើម្បី​ធ្វើឲ្យ​ប្រាកដ​ថា​ គំរោង​អភិ​វឌ្ឈ​ន៍​របស់​យើង​ពិតជា​បាន​ចូលរួម​ក្នុង​ការងារ​សង្គម​ និង​ចូលរួម​កាត់បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​ផង​ដែរ​។ លោក​ទូច​ សំណាង​បញ្ជាក់ឲ្យដឹង​។

លំហូរ​ចរាចរណ៍​ពិតជា​មាន​សារៈសំខាន់​ ដែល​នេះ​ទំនងជា​អ្វី​ដែល​ក្រុមហ៊ុន​ OCIC​ បាន​ផ្តោត​ការ​យកចិត្ត​ទុកដាក់​ផង​ដែរ​ ដោយ​លោក​ទូច​ សំណាង​បាន​ឲ្យដឹង​ថា​ ដោយសារ​ស្ពាន​ជ្រោយ​ចង្វា​រ មិត្តភាព​កម្ពុជា​ ជប៉ុន​ត្រូវការ​ជួសជុល​រយៈពេល​វែង​ ទើប​ក្រុមហ៊ុន​បាន​សាងសង់​ស្ពានដែក​បា​ឡេ​ ដែល​ប្រើប្រាស់​ថវិកា​ក្រៅ​គំរោង​ប្រមាណ ៩លាន​ដុល្លារ​ មុន​ពេល​យើង​សាងសង់​ស្ពាន​យោង​ដោយ​ខ្សែកាប​ ស្រដៀងគ្នា​នឹង​ស្ពាន​អ្នកលឿង​ដោយ​ស្ពាន​នេះ​មាន​ទទឹង​ជាង ២០ម៉ែត្រ​ បណ្តោយ​ជាង ៥០០ម៉ែត្រ​ និង​ចំណាយ​ទុន​វិនិយោគ​សាងសង់ ៣៥លាន​ដុល្លារ​។ ស្ពាន​នេះ​នៅពេល​ខាង​មុ​ខឆាប់​ៗនេះ​ ដើម្បី​ដោះស្រាយ​បញ្ហា​ចរាចរណ៍​ចេញពី​តំបន់​នេះ​ ចូល​ក្រុងភ្នំពេញ​ ឲ្យ​កាន់តែ​មាន​ភាព​ងាយស្រួល​ និង​ចរាចរ​ចេញចូល​ទីក្រុង​រណប​ជ្រោយ​ចង្វា​រ មាន​ភាព​រលូន​នា​ពេល​អនាគត​។

អ្នកនាំពាក្យ​រដ្ឋបាល​ក្រុងភ្នំពេញ​លោក​ម៉េ​ត មាស​ភ័ក្តី​ បាន​ថ្លែង​ថា​ រដ្ឋាភិបាល​បាន​ផ្តល់​ដីសម្បទាន​ដល់​ក្រុមហ៊ុន ​OCIC​ អភិវឌ្ឍន៍​តំបន់​នេះ​ជាទី​ក្រុង​រណប​ ហើយ​ជាល​ទ្ធផល​ខ្សាច់​ត្រូវ​បាន​ចាក់​បំពេញ​រួចហើយ​ ប៉ុន្តែ​ការ​អភិវឌ្ឍ​របស់​វិស័យ​ឯកជន​ត្រូវតែ​ធ្វើតាម​ប្លង់​គោល​អភិវឌ្ឍន៍​ក្រុង​ តាមរយៈ​ការ​កសាង​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ ប្រព័​ន្ធលូ​ចម្រោះ​ទឹក​កខ្វក់​ជាដើម​ ដើម្បី​ធ្វើឲ្យ​ប្រាកដ​ថា​ ការ​អភិ​វឌ្ឈ​ធ្វើឡើង​ប្រកបដោយ​និរន្តរភាព​ និង​ធានា​បាន​នូវ​និរន្តរភាព​បរិស្ថាន​។

លោក​បន្ត​ថា​ “ទស្សនទាន​នៃ​ការ​អភិវឌ្ឍ​តំបន់​នេះ​ ជា​គំរោង​របស់​ក្រុមហ៊ុន​ដែល​ត្រូវ​អនុវត្តន៍​តាម​ផែនការ​របស់​ខ្លួន​ ព្រោះ​ទីតាំង​នេះ​ គឺជា​ទីក្រុង​រណប​ដែល​នឹង​បណ្តុំ​ដោយ​ប្រជាពលរដ្ឋ​ ដែល​នឹង​រីក​ដុះដាល​ចេញពី​ទីក្រុង​”។ លោក​បន្ត​ថា​ “តំបន់​
នី​មួយ​ៗមាន​មាន​សក្តា​នុ​ពល​ និង​ភាព​ពិសេស​ដោយ​ឡែ​កៗ​ពីគ្នា​ ប៉ុន្តែ​ការ​កសាង​ហេ​ដ្ឋា​រចនាសម្ព័ន្ធ​នានា​ភ្ជាប់​ទៅ​តំបន់​នេះ​នា​ពេល​អនាគត​ នឹង​ធ្វើឲ្យ​ទីក្រុង​នេះ​មានការ​រីកចម្រើន​នា​ពេល​អនាគត​”៕

ចំណេះដឹង​! តើ​យុទ្ធសាស្ត្រ​ ៤ចំណុច​ ក្នុង​គោលនយោបាយ​ឧស្សាហកម្ម​ឆ្នាំ២០១៥​-២០២៥មាន​អ្វីខ្លះ​?

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ រាជរដ្ឋាភិបាល​ បាន​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​ចំនួន៤ចំណុច​ ទៅ​ក្នុង​គោលនយោបាយ​ឧស្សាហកម្ម​ឆ្នាំ២០១៥​- ២០២៥​ ដោយ​ផ្តោត​ទៅលើ​ការ​តម្រង់​ទិសដៅ​ទីផ្សារ​ និង​បរិយាកាស​អំណោយផល​សម្រាប់​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​។

នៅក្នុង​គោលនយោបាយ​ឧស្សាហកម្ម​ខាងលើ​នេះ​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់ចេញ​នៅ​យុទ្ធសាស្ត្រ​ចំនួន៤ចំណុច​ រួមមាន​៖ ទី១​ ការ​បញ្ចុះ​ថ្លៃ​អគ្គិសនី​ និង​ការបង្កើត​តំបន់​នៅ​ការ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ ដើម្បី​បម្រើ​សកម្មភាព​ កសិកម្ម​ និង​ឧស្សាហកម្ម​ ដោយ​ជួយ​បង្កើត​ផលិតភាព​ទាក់ទាញ​ ការ​វិនិយោគ​ និង​បង្កើន​ទំនុកចិត្ត​ផ្នែក​អាជីវកម្ម​។

ទី២​ ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ទូទាំង​ប្រទេស​កម្ពុជា​ ជាពិសេស​នៅ​តាម​ដងផ្លូវ​ដឹកជញ្ជូន​ទាំង៣​ ដែល​មាន​អាទិភាព​ខ្ពស់​ និង​ចាំបាច់​សម្រាប់​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​ ការ​តភ្ជាប់​ ការប្រកួត​ប្រជែង​ និង​តម្រូវការ​របស់​វិស័យ​ឯកជន​។

ទី៣​ ការបង្កើត​យន្តការ​ពង្រីក​ទីផ្សារ​ពលកម្ម​ និង​ជំនាញ​ជាឯក​ទេស​ដើម្បី​ធានា​ឱ្យ​មានការ​ផ្គត់ផ្គង់​កម្លាំង​ពលកម្ម​គ្រប់គ្រាន់​ និង​ផលិតភាព​កាន់តែ​ប្រសើរ​ទ្បើង​និង​ទី០៤​ ការ​ប្រែក្លាយ​ខេត្ត​ព្រះសីហនុ​ ទៅជា​តំបន់​សេដ្ឋកិច្ច​ពិ​សេ​សស​ និង​អភិវឌ្ឍ​ឧស្សាហកម្ម​បៃតង​ទៅ​ថ្ងៃ​អនាគត​។

រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ប្តេជ្ញា​អនុវត្ត​ផែនការ​សកម្មភាព​សំ​ខាន់​ៗ មួយចំនួន​ទៀត​មាន​ដូចជា​ ​ការ​ពង្រឹង​ និង​ពង្រីក​ផ្លូវជាតិ​ និង​អន្តរជាតិ​តភ្ជាប់​ទៅ​បណ្តា​ប្រទេសជិតខាង​ ពង្រឹង​ការ​ដឹកជញ្ជូន​តាមផ្លូវទឹក​ ​ការ​បង្កើន​ និង​ពង្រីក​ផ្លូវដែក​បន្ថែម​ទៀត​ ការ​អភិវឌ្ឍ​កំពង់ផែ​សមុទ្រ​ និង​កំពង់ផែ​ទន្លេ​ និង​ការកាត់បន្ថយ​ការ​ចំណាយ​ឡូ​ជី​ស្ទីក​ (Logistic​) ជាដើម​៕

តើ​ស្ថាបត្យកម្ម​សំណង់​ខ្មែរ​មានការ​វិវត្ត​ និង​រីកចម្រើន​យ៉ាងដូច​ម្តេច​ពី​សម័យកាល​មួយ​ទៅ​សម័យកាល​មួយ​

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ តាម​ការសិក្សា​ស្រាវជ្រាវ​កន្លងមក​បាន​បង្ហាញ​ឱ្យ​ឃើញថា​ ស្ថាបត្យកម្ម​ខ្មែរ​ គឺ​មានការ​វិវត្ត​និង​រីកចម្រើន​ឥត​ឈប់ឈរ​ ពី​សម័យមួយ​ទៅ​សម័យមួយ​ ហើយ​កាន់តែ​លូតលាស់​ជាលំដាប់​ទៀតផង​។

លោក​បណ្ឌិតសភា​ចារ្យ​ ស៊ុំ​ ឈុំ​ប៊ុ​ន នាយក​មជ្ឈមណ្ឌល​សិក្សា​ស្រាវជ្រាវ​អាស៊ី​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​ នៅក្នុង​សិក្ខា សាលា​ស្តី​ពី​ការវិវត្តន៍​ នៃ​សំណង់​ស្ថាបត្យកម្ម​ប្រាសាទខ្មែរ​ នៅ​ថ្ងៃទី២៩​ ខែវិច្ឆិកា​ ឆ្នាំ២០១៩នេះ​ថា​ ស្ថាបត្យករ​ខ្មែរ​ គឺ​មាន​ទេពកោសល្យ​ខ្ពង់ខ្ពស់​បំផុត​ ក្រៅពី​ទេពកោសល្យ​ខាង​ការ​ផ្សែផ្សំ​ ធ្វើសំយោគ​ពី​សិល្បៈ​បរទេស​ និង​ សិល្បៈ​ខ្មែរ​ ជំនាន់​មុន​ស្ថាបត្យករ​ខ្មែរ​ បាន​បង្កើត​ចេញ​នូវ​សិល្បៈ​ថ្មី​មួយទៀត​ ដែល​មាន​ទម្រង់​ជា​សិល្បៈ​ខ្មែរ​ ស្របតាម​ទស្សនៈ​ខ្មែរ​សុទ្ធសាធ​។

បណ្ឌិតសភា​ចារ្យ​បន្ត​ថា​ ជា​ការពិត​ក្នុង​បរិបទ​សាកល​ភាវូបនីយកម្ម​ សំណង់​និង​ស្ថាបត្យកម្ម​ខ្មែរ​សម័យ​ទំនើប​ ចាប់តាំងពី​សម័យ​អាណានិគម​និយម​បារាំង​ សម័យ​សង្គម​រាស្ត្រនិយម​ រហូតមកដល់​សម័យ​បច្ចុប្បន្ន​ ខ្មែរ​តែងតែ​ផ្សារភ្ជាប់​ទៅ​នឹង​ស្ថាបត្យកម្ម​ និង​ ក្បាច់រចនា​បែប​បុរាណ​ខ្មែរ​ ដែល​បាន​បន្សល់ទុក​ជាម​រត​កដ៏​វិសេសវិសាល​ តាំងពី​សម័យ​ចក្រភព​អង្គរ​ បង្កើត​បាន​ជា​តម្លៃ​ដ៏​ពិសិដ្ឋ​របស់​ប្រជាជាតិ​ខ្មែរ​ ដែល​ពុំ​អាច​កាត់ថ្លៃ​បាន​។

លោក​ព្រឹទ្ធា​ចារ្យ​ឡោ​ សាន​ វីរៈ​សិល្បករ​នៃ​ក្រសួងវប្បធម៌​ និង​វិចិត្រ​សិល្បៈ​បាន​គូសបញ្ជាក់​អំពី​ទេពកោសល្យ​ដ៏​វិសេសវិសាល​ របស់​បុព្វបុរស​ខ្មែរ​ នៅក្នុង​វិស័យ​ស្ថាបត្យកម្ម​ខ្មែរ​បុរាណ​ និង​ការ​វិវត្ត​ និង​រីកចម្រើន​ឥត​ឈប់ឈរ​នៃ​ស្ថាបត្យកម្ម​ខ្មែរ​ ពី​សម័យមួយ​ទៅ​សម័យមួយ​ ដែល​បាន​ឆ្លុះបញ្ចាំង​អំពី​ទេពកោសល្យ​ ដ៏​ខ្ពង់ខ្ពស់​របស់​ស្ថាបត្យករ​ខ្មែរ​បុរាណ​។

លោក​បណ្ឌិតសភា​ចារ្យ​បាន​លើកឡើង​បន្ត​ថា​ ក្រៅពី​ទេពកោសល្យ​ខាង​ការ​ផ្សែផ្សំ​ ធ្វើសំយោគ​ពី​សិល្បៈ​បរទេស​ និង​ សិល្បៈ​ខ្មែរ​ជំ​នាន់​មុន​ៗ ស្ថាបត្យករ​ខ្មែរ​បាន​បង្កើត​ចេញ​នូវ​សិល្បៈ​ថ្មី​មួយទៀត​ដែល​មាន​ទម្រង់​ជា​សិល្បៈ​ខ្មែរ​ ស្របតាម​ទស្សនៈ​ខ្មែរ​សុទ្ធសាធ​ទៀតផង​។

លោក​ព្រឹទ្ធា​ចារ្យ​ឡោ​ សាន​ បាន​គូសបញ្ជាក់​បន្ថែម​ ដោយ​បាន​លើកឡើង​ជាឧទាហរណ៍​ថា​ នៅ​សម័យ​ភ្នំ​ដា​ ខ្មែរ​បានលុង​ភ្នំ​ធ្វើជា​ប្រាសាទ​តាម​ទម្រង់​ នៃ​សិល្បៈ​ឥណ្ឌា​ តែ​ក្រោយមក​ស្ថាបត្យករ​ខ្មែរ​ បាន​ច្នៃប្រឌិត​ពី​ជំនឿ​គោរព​នៅ​លើ​ទី​ខ្ពស់​ ដូចជា​ភ្នំ​ធម្មជាតិ​មក​ជំនួស​ ដោយ​ការ​កសាង​ប្រាសាទភ្នំ​នៅ​លើ​ដីរាប​ទៅវិញ​ ជាក់ស្តែង​ការសាងសង់​ប្រាសាទ​នៅ​សម័យ​ឧដុង្គ​។

ជា​ការពិត​ណាស់​ ទស្សន​គោរព​ទី​ខ្ពស់​នេះ​ខ្មែរ​មាន​រួចមក​ហើយ​ តាំងពី​បុរេប្រវត្តិ​មក​ម៉្លេះ​ ហើយ​លុះដល់​ពេល​ដែល​ឥណ្ឌា​ចូល​មកដល់​ស្រុកខ្មែរ​ ក៏​ជំរុញ​ឱ្យ​ទស្សនៈ​ទាំងពីរ​ដែល​ស្របគ្នា​នេះ​ រឹតតែ​មាន​ឥទ្ធិពល​ខ្លាំង​ឡើង​ថែមទៀត​ ហើយ​វប្បធម៌​ដែល​ខ្មែរ​បាន​បង្កើត​ គឺជា​ការ​ច្នៃប្រឌិត​ទាញ​យក​អរិយធម៌​បរទេស​ ដែល​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​អាច​ច្របាច់​បញ្ចូល​គ្នា​បាន​ មក​ធ្វើការ​កែច្នៃ​និង​បង្កើត​ថ្មី​ ឱ្យ​លក្ខណៈ​ជា​ព្រលឹង​នៃ​វប្បធម៌​ខ្មែរ​តាម​បែប​ខ្មែរ​។

រាជបណ្ឌិត​សភា​នៃ​កម្ពុជា​ បាន​សិក្ខាសាលា​នេះ​បាន​ផ្សព្វផ្សាយ​ ជា​អត្ថបទ​ពិគ្រោះ​យោបល់​ និង​បាន​ជា​អនុសាសន៍​ រួម​វិភាគទាន​ដ៏​មានតម្លៃ​ សម្រាប់​ជា​ប្រយោជន៍​ ទៅដល់​ស្ថាបត្យករ​ ខ្មែរ​ឱ្យ​មាន​ទេពកោសល្យ​ ការ​ច្នៃប្រឌិត​ខ្ពស់​មាន​ទេព​ កោសល្យ​ខាង​ការ​ផ្សែផ្សំ​ធ្វើសំយោគ​ពី​សិល្បៈ​បរទេស​ និង​សិល្បៈ​ខ្មែរ​ជំ​នាន់​មុន​ៗ ដើម្បី​បង្កើត​ចេញ​នូវ​សិល្បៈ​ថ្មី​មួយ​ ដែល​មាន​ទម្រង់​ជា​សិល្បៈ​ខ្មែរ​ ជា​ប្រទីប​បំភ្លឺ​ផ្លូវ​សង្គម​កម្ពុជា​ ឱ្យ​មានការ​អភិវឌ្ឍ​ឥត​ឈប់ឈរ​ ប្រកបដោយ​វឌ្ឍនភាព​រីកចម្រើន​ និង​សេចក្ដីរុងរឿង​ជានិរន្តរ៍​៕

ចំនួន​ផ្សារ​ទំនើប​នឹង​កើនឡើង​ដល់ ២១ទីតាំងនៅ​ដំណាច់ឆ្នាំ២០១៩​

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ស្រប​ពេល​ដែល​កម្លាំង​ នៃ​ការ​បញ្ជាទិញ​មានការ​កើនឡើង​ខ្ពស់​បាន​ជំរុញ​ឱ្យ​ការ​ផ្គត់ផ្គង់​ ផ្សារ​ទំនើប​គ្រប់​ប្រភេទ​មាន​កំណើន​យ៉ាងច្រើន​ ដែល​គិត​ត្រឹម​ដំណាច់ឆ្នាំ២០១៩នេះ​ ចំនួន​ផ្សារ​ទំនើប​មាន​រហូតដល់២១ទីតាំង​ ស្មើនឹង​ប្រមាណ ៣៣៧​,៤០០​ ម៉ែត្រការ៉េ​ ដែល​នឹង​ដាក់បញ្ចូល​នៅ​លើ​ទីផ្សារ​រួម​។

ស្រប​ពេល​ដែល​សេដ្ឋកិច្ច​កម្ពុជា​ នៅតែ​អាច​រក្សា​បាន​នូវ​កំណើន​ក្នុងរង្វង់៧ភាគរយ​ក្នុង​មួយឆ្នាំ​ជាប្រចាំ​ ដែល​អាច​ផ្តល់​ឱកាស​ឱ្យ​ប្រជាពលរដ្ឋ​រកបាន​ចំណូល​ខ្ពស់​ និង​មានលទ្ធភាព​ល្អ​ប្រសើរ​នោះ​ បាន​ធ្វើ​ឱ្យ​ការ​ផ្គត់ផ្គង់​លើ​វិស័យ​ផ្សារ​ទំនើប​ មានការ​កើនឡើង​ជាបន្តបន្ទាប់​ ជាមួយនឹង​ការប្រកួត​ប្រជែង​គ្នា​ ដើម្បី​ដណ្ដើមយក​ចំណែក​ទីផ្សារ​ផង​ដែរ​។

តាម​ការ​ឱ្យ​ដឹងពី​សំណាក់​អ្នកជំនាញ​ ក្នុង​វិស័យ​ផ្សារ​ទំនើប​នៅ​កម្ពុជា​បាន​លើកឡើង​ថា​សម្រាប់​តែ​នៅក្នុង​ឆ្នាំ២០១៩​ កំណើន​ផ្សារ​ទំនើប​បាន​កើនឡើង​ស្ទើរ​ទ្វេដង​ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ២០១៨​ ជាពិសេស​នៅ​ត្រឹម​ដំណាច់​ចុងឆ្នាំ​នេះ​ ផ្សារ​ទំនើប​គ្រប់​ប្រ​ ភេទ​មាន​ចំនួន​រហូតដល់២១ទីតាំង​ ខណៈ​ដែល​នៅ​ឆ្នាំ​បន្ទាប់​ នឹង​មាន​គម្រោ​ងថ្មី​ៗមួយចំនួន​ទៀត​កំពុង​ត្រៀមខ្លួន​បើក​ដំណើរការ​បន្ថែម​ទៀត​។

នាយិកា​ប្រចាំ​ប្រទេស​ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ​ CBRE​ Cambodia​ លោកស្រី​អាន​ សុធី​តា​ បាន​មានប្រសាសន៍​ប្រាប់​តាម​ប្រព័ន្ធ​សារ​អេឡិចត្រូនិក​ថា​ “ការ​កើនឡើង​នូវ​ទំហំ​ផ្សារ​ទំនើប​នៅ​ទីក្រុង​ភ្នំពេញ​ គឺជា​ការ​ឆ្លុះបញ្ចាំង​ពី​ភាព​រីកចម្រើន​នូវ​កម្រិតជីវភាព​របស់​ប្រជាពលរដ្ឋ​ ក៏ដូចជា​សេដ្ឋកិច្ច​កម្ពុជា​ផង​ដែរ​ ខណៈ​ដែល​កម្ពុជា​ គឺជា​ទីផ្សារ​ថ្មី​សម្រាប់​អ្នក​វិនិយោគ​ជាតិ​ និង​អន្តរជាតិ​ ដោយ​ពួកគេ​មើលឃើញ​ឳកាស​ច្រើន​នៅ​ទីនេះ​ ។

​លោកស្រី​បន្ត​ថា​ “អំណាច​នៃ​ការ​បញ្ជាទិញ​បាន​កើនឡើង​នៅ​កម្ពុជា​ ហើយ​ កំនើន​សេដ្ឋកិច្ច​ និង​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ​ ជា​មូលហេតុ​នៃ​ការ​ទាក់ទាញ​ក្រុមហ៊ុន​វិនិយោគ​ និង​អភិវឌ្ឍ​ន៍​ថ្មី​ៗជាច្រើន​ឱ្យ​ចូល​មកកាន់​ទីផ្សារ​មួយ​នេះ​”។

ផ្អែក​តាមរយៈ​ការដែល​សិក្សា​ស្រាវជ្រាវ​ ដោយក្រុម​អ្នកជំនាញ​ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ​ CBRE​ Cambodia​បាន​បង្ហាញថា​ ក្នុងចំណោម​ផ្សារ​ទំនើប​ទាំង២១​ ស្មើនឹង​ប្រមាណ​ ៣៣៧៤០០ម៉ែត្រការ៉េ​ ដែល​ដំណើរការ​នៅក្នុង​ឆ្នាំ២០១៩​ នេះ​ត្រូវ​បាន​បែកចែក​ជា៤ប្រភេទ​ផ្សេងគ្នា​ ដូចជា​ប្រភេទ​ Shopping​ Mall​ មាន​ចំនួន៣​ ស្មើនឹង​ប្រមាណ​ ១៦៧៧២១​ ម៉ែត្រការ៉េ​ ប្រភេទ​ Shopping​ Center​ មាន​ចំនួន៧​ ស្មើនឹង​ប្រមាណ​ ៩៤៨០០​ ម៉ែត្រការ៉េ​ ​ប្រភេទ​ Retail​ Podium​ មាន​ចំនួន​ ៣ ស្មើនឹង​ប្រមាណ​ ៣២៣៤០​ ម៉ែត្រ​ និង​ប្រភេទ ​Community​ Mall​ មាន​ចំនួន៨​ ស្មើនឹង​ប្រមាណ​៤២៥៣៩ម៉ែត្រការ៉េ​ ។

អគ្គនាយក​គ្រប់គ្រង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ និង​ពិព័រណ៍​ B2B Park​ ដែល​គ្រោង​នឹង​ដំណើរការ​នៅដើម​ឆ្នាំ២០២០​ខាងមុខនេះ​ លោក​ ធួន​ ស៊ី​ណាន​ បាន​បង្ហាញ​ពី​ភាព​សុទិដ្ឋិនិយម​ ចំពោះ​កំណើន​នៃ​ចំនួន​ផ្សារ​ទំនើប​ទាំងអស់​នេះ​ ជាមួយនឹង​ការ​លើកទឹកចិត្ត​ដល់​បណ្តា​ អ្នក​វិនិយោគ​បង្កើន​លទ្ធភាព​ក្នុង​ការ​ផ្គត់ផ្គង់​បន្ថែម​ ខណៈ​ដែល​កម្ពុជា​នៅ​មាន​តម្រូវការ​ផ្សារ​ទំនើប​បន្ថែម​ទៀត​ក្នុង​ពេល​អនាគត​។

លោក​បន្ត​ថា​ “ចំនួន​ផ្សារ​ទំនើប​ទាំងអស់​នេះ​ នៅ​មិនទាន់​គ្រប់គ្រាន់​នឹង​តម្រូវការ​នៅក្នុង​ប្រទេស​កម្ពុជា​នៅឡើយ​នោះ​ទេ​ ដែល​យើង​ទាមទារ​ឱ្យ​មាន​បន្ថែម​ទៀត​”។ លោក​បាន​បន្ត​ទៀត​ “កម្ពុជា​មិន​អាច​បង្កើន​ផ្សារ​លក្ខណៈ​ប្រពៃណី​ ដូចជា​ផ្សារដើមគរ​ ផ្សារ​អូ​ឫស្សី​ ឬផ្សារ​បឹង​កេង​ នោះ​ទៀត​បានទេ​ ប៉ុន្តែ​កម្ពុជា​ត្រូវការ​ផ្សារ​ទំនើប​ បែប​ទាន់សម័យ​ មក​ជំនួស​ផ្សារ​ប្រពៃណី​ទាំងអស់​នោះ​ ដែល​ស្រប​ទៅ​នឹង​ដំណើរការ​អភិវឌ្ឍ​របស់​ប្រទេស​”។

លោក​បាន​បញ្ជាក់​ថា​ ជាមួយនឹង​តម្រូវការ​វត្តមាន​ផ្សារ​ទំនើប​នេះ​ ក្រុមហ៊ុន​ដែល​ជា​អ្នក​អភិវឌ្ឍន៍​ ក៏​ត្រូវតែ​មាន​ចក្ខុវិស័យ​ ក្នុង​ការចាត់ថ្នាក់​អតិថិជន​គោលដៅ​របស់​ខ្លួន​ និង​ទាមទារ​ឱ្យ​ផែនការអាជីវកម្ម​ឱ្យ​បាន​ច្បាស់​ ជៀសវាង​ការ​ធ្វើអាជីវកម្ម​ ឬមុខ​ជំនួញ​តាម​គ្នា​ ដែល​អាច​បង្ក​ជា​ហានិភ័យ​នៅពេលអនាគត​៕

ផ្សារ​គំរូ​ព្រំដែន​កម្ពុជា​-វៀតណាម​ «ផ្សារ​ដា​» នឹង​ត្រូវ​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នៅ​ចុងឆ្នាំ​នេះ​

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ផ្សារ​គំរូ​ព្រំដែន​កម្ពុជា​-វៀតណាម​លើកដំបូង​ដែល​ឈ្មោះថា​ «ផ្សារ​ដា​» មាន​ទីតាំង​ស្ថិតនៅ​ក្នុង​ស្រុក​មេមត់​ ជាប់​ព្រំដែន​ខេត្ត​ត្បូងឃ្មុំ​ និង​ខេត្ត​តៃ​និ​ញនឹង​ត្រូវ​សម្ពោធ​បើក​ដំណើរការ​ជា​ផ្លូវការ​ នៅ​ថ្ងៃទី២៤​ ខែធ្នូ​ ឆ្នាំ​ ២០១៩​ ខាងមុខនេះ​ បន្ទាប់ពី​បើក​ការដ្ឋាន​សាងសង់​កាលពីដើម​ឆ្នាំ​ ២០១៨​ កន្លងមក​នេះ​។

យោង​តាម​សេចក្តី​ជូនដំណឹង​របស់ក្រ​សួង​ពាណិជ្ជកម្ម​ បានឱ្យ​ដឹង​នៅ​ថ្ងៃទី​ ២៩​ ខែវិច្ឆិកា​ ឆ្នាំ២០១៩នេះ​ថា​ ផ្សារ​គំរូ​ព្រំដែន​កម្ពុជា​-វៀតណាម​ “ផ្សារ​ដា​” ដែល​ទើប​សាងសង់​រួចរាល់​ជាស្ថាពរ​នេះ​ គឺ​ក្រោម​ជំនួយ​ឧបត្ថម្ភ​របស់​រដ្ឋាភិបាល​វៀតណាម​ ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​មាន​ទឹកប្រាក់​វិនិយោគ​ជាង២លាន​ដុល្លារ​អាមេរិក​។

យោង​តាម​សេចក្តី​ជូនដំណឹង​ដដែល​បន្ត​ថា​ នៅក្នុង​ពិធីសម្ពោធ​ និង​ប្រគល់​-ទទួល​ នូវ​ផ្សារ​គំរូ​ព្រំដែន​កម្ពុជា​-វៀតណាម​ ក៏​នឹង​មានការ​រៀបចំ​ពិ​ពរ​ណ៍​ពាណិជ្ជកម្ម​ មិត្តភាព​កម្ពុជា​-វៀតណាម​ ឆ្នាំ២០១៩​ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​ចាប់ពី​ថ្ងៃទី​ ២៤​-២៦​ ខែ​ឆ្នូ​ ឆ្នាំ​ ២០១៩​ និង​ដើម្បី​ជំរុញ​ការ​ផ្សព្វផ្សាយ​ បង្ហាញ​ជូន​ទស្សនា​នូវ​ទំនិញ​ និង​សេវា​កម្ម​សក្តា​នុ​ពល​ដល់​ប្រមុខ​ដឹកនាំ​នៃ​ប្រទេស​ទាំង២​ ក្នុងអំឡុងពេល​នៃ​ការរៀបចំ​ពិធី​ខាងលើ​។

ជាមួយគ្នា​នេះ​ ក្រសួង​ពាណិជ្ជកម្ម​ក៏បាន​អំពាវនាវ​ដល់​ផលិតករ​ ពាណិជ្ជករ​ និង​សេវា​ករ​ ដែល​មានបំណង​ចង់​ចូលរួម​តាំង​បង្ហាញ​ផលិតផល​ និង​សេវាកម្ម​របស់​ខ្លួន​នៅក្នុង​ព្រឹត្តិ​ការណ៍​នេះ​ សូម​ទាក់ទង​ទៅ​ក្រសួង​ ព្រោះ​ក្នុង​ពិធី​ពិព័រណ៍​នេះ​ ក្រសួង​នឹង​ផ្តល់​ស្តង់​ជូន​ដោយ​ឥតគិតថ្លៃ​ដល់​អ្នក​ដែល​បាន​មក​ដាក់ពាក្យ​មុន​។

លោក​ប៉ាន​ សូរ​ស័ក្តិ​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ធ្លាប់​បានឱ្យ​ដឹង​ថា​ ផ្សារ​គំរូ​ព្រំដែន​នេះ​ នឹង​ជួយ​បង្កើន​ទំហំ​ពាណិជ្ជកម្ម​នៅ​តាម​ព្រំដែន​ និង​លើកកម្ពស់​ជីវភាព​ប្រជាជន​កម្ពុជា​-វៀតណាម​។ លើស​ពីនេះ​លោក​រដ្ឋមន្រ្តី​ ក៏បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​វៀតណាម​ ជាពិសេស​ក្រសួង​ឧស្សាហកម្ម​ និង​ពាណិជ្ជកម្ម​ ព្រមទាំង​ភាគី​ពាក់ព័ន្ធ​ ដែល​បាន​ជួយ​សម្របសម្រួល​គម្រោង​សាងសង់​ផ្សារ​នេះ​ ដើម្បី​ទុកជា​និម្មិត​រូប​ និង​ជាស​មិទ្ធ​ផល​នៃ​កិច្ច​សហប្រតិបត្តិ​ការ​ល្អ​រវាង​ប្រទេស​ទាំងពីរ​។

លោក​បន្ត​ថា​ “ការបង្កើត​ផ្សារ​គំរូ​នេះ​ ជា​ការ​ចាប់ផ្តើម​ទំព័រ​សករាជ​ថ្មី​មួយទៀត​ នៃ​ការ​ពង្រឹង​កិច្ចសហការ​ និង​សម្រួល​ពាណិជ្ជកម្ម​នៅ​តាម​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​ ឱ្យ​កាន់តែ​មាន​ភាព​ងាយស្រួល​ និង​ជិត​ប្រជាពលរដ្ឋ​ ជាពិសេស​ឈាន​ទៅ​សម្រេច​ឲ្យបាន​នូវ​ទំហំ​ពាណិជ្ជកម្ម​ចំនួន ៥​,០០០លាន​ដុល្លារ​ តាម​ផែនការមេ​ដែល​បាន​គ្រោងទុក​ក្នុង​ពេល​អនាគត​”។

លោក​បន្ត​ថា​ “ខ្ញុំ​សង្ឃឹមថា​ផ្សារ​នេះ​ នឹង​បម្រើ​អត្ថ​ប្រយោជន៍​ប្រជាពលរដ្ឋ​កម្ពុជា​ និង​សម្រាប់​ដាក់​លក់ទំនិញ​ របស់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​ ជាពិសេស​រួមចំណែក​ដោះស្រាយ​បញ្ហា​ប្រឈម​ និង​របាំង​ពាណិជ្ជកម្ម​នានា​ ដែល​តែ​តែង​រាំងស្ទះ​ដល់​ធ្វើ​ចរាចរណ៍​ទំនិញ​ និង​ផលិតផល​នៅ​តាម​ព្រំដែន​កម្ពុជា​ និង​វៀតណាម​”។

គម្រោង​សាងសង់​ផ្សារ​នេះ​ ត្រូវ​បាន​អនុម័ត​លើកដំបូង​កាលពី​ឆ្នាំ២០១៣​ ហើយ​ត្រូវ​បាន​បន្ត​អនុវត្តន៍​ឡើងវិញ​នៅ​ឆ្នាំ២០១៦​ នៅ​លើ​ផ្ទែ​ដី​ទំហំ ១៩​,៦២៨ម៉ែត្រការ៉េ​ ស្ថិត​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ថា​រី​ត្បូងឃ្មុំ​ ជាមួយ​ទុន​វិនិយោគ​សរុប​ជាង ៤៤​,៧៦១លាន​ដុង​ ឬប្រមាណ​ជិត២លាន​ដុល្លារ​អាមេរិក​ ដែល​ជា​ជំនួយ​របស់​រដ្ឋាភិបាល​វៀតណាម​៕

សេដ្ឋកិច្ច​កូរ៉េ​ខាងត្បូង​នឹង​ជាប់​គាំង​នៅ​ឆ្នាំ២០២០​ ខណៈ​ក្រុមហ៊ុន​ផ្លាស់​ប្តូរ​ផលិតកម្ម​ទៅ​តំបន់​អាស៊ី​អាគ្នេយ៍​

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ ធនាគារ​កណ្តាល​កូរ៉េ​ខាងត្បូង​ព្យាករណ៍​ថា​ សេដ្ឋកិច្ច​នឹង​ជាប់​គាំង​នៅ​ឆ្នាំ​ ២០២០​ ដោយសារ​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​ក្នុង​តំបន់​ និង​ពិភពលោក​ ខណៈ​ប្រទេស​នេះ​ ជំរុញ​ការ​ផ្លាស់​ប្តូរ​មូលដ្ឋាន​ផលិតកម្ម​ទៅកាន់​តំបន់​អាស៊ី​អាគ្នេយ៍​។

ក្រុមប្រឹក្សា​ភិបាល​របស់​ធនាគារ​កណ្តាល​បាន​បញ្ជាក់​ថា​ ពាណិជ្ជកម្ម​ពិភពលោក​ត្រូវ​បាន​រំពឹង​ថា​នឹង​ធ្លាក់ចុះ​ ដោយសារតែ​ភាព​តានតឹង​ពាណិជ្ជកម្ម​ពិភពលោក​កំពុង​បន្ត​។

ធនាគារ​កណ្តាល​នេះ​ បានឱ្យ​ដឹង​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ បាន​ចេញផ្សាយ​នៅ​ថ្ងៃសុក្រ​ថា​ “ក្រឡេក​មើលទៅ​អនាគត​ ក្រុមប្រឹក្សា​ភិបាល​មើលឃើញ​ថា​ មាន​កំណើន​សេដ្ឋកិច្ច​សកល​ និង​ទីផ្សារ​ហិរញ្ញវត្ថុ​ពិភពលោក​ ខណៈ​ទំនងជា​រង​ផល​ប៉ះពាល់​ដោយ​កត្តា​ជាច្រើន​ ដូចជា​កម្រិត​នៃ​ការ​រីក​រាលដាល​នៃ​ពាណិជ្ជកម្ម​គាំពារ​និយម​ ការ​ផ្លាស់​ប្តូរ​គោលនយោបាយ​រូបិយវត្ថុ​របស់​ប្រទេស​ធំៗ​ និង​ហានិភ័យ​ភូមិសាស្ត្រ​នយោបាយ​”។

លើស​ពីនេះ​ទៀត​ ធនាគារ​កូរ៉េ​បាន​កាត់បន្ថយ​ការព្យាករណ៍​របស់​ខ្លួន​ ក្នុង​ឆ្នាំ​ ២០១៩​ ចំនួន​ ០,២ ភាគរយ​ទៅ២ភាគរយ​ នៃ​កំណើន​ផលិតផល​សរុប​ក្នុង​ស្រុក​ ដែល​ជា​កម្រិត​កំណើន​ ដែល​មិនធ្លាប់​មាន​ចាប់តាំងពី​វិបត្តិ​ហិរញ្ញវត្ថុ​ដ៏​ធំ​កាលពី ១០ ឆ្នាំមុន​។

យោង​តាម​ឯកអគ្គ​រដ្ឋទូត​កូរ៉េ​ខាងត្បូង​ ប្រចាំ​អង្គការ​អភិវឌ្ឍន៍​ និង​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ (OECD​) ទន្ទឹម​នឹង​នេះ​ដែរ​ រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​ បាន​ចាប់ផ្តើម​ផ្តោត​លើ​ការបង្កើត​មូលដ្ឋាន​ផលិតកម្ម​ផលិតកម្ម​នៅ​អាស៊ី​អាគ្នេយ៍​។

សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​បាន​ចាប់ផ្តើម​រៀបចំ​ខ្សែ​សង្វាក់​តម្លៃ​ពិភពលោក​ឡើងវិញ​ នៅ​ជុំវិញ​ពិភពលោក​ ហើយ​កំពុង​ជះឥទ្ធិពល​ដល់​បណ្តា​ប្រទេស​អាស៊ី​ដែល​ពឹងផ្អែក​លើ​ពាណិជ្ជកម្ម​ ដូចជា​កូរ៉េ​ខាងត្បូង​ដែល​ខ្លាំង​បំផុត​។

លោក​ Ko​ Hyoung​-kwon​ ឯកអគ្គ​រដ្ឋទូត​និង​ជា​តំណាង​អចិន្ត្រៃយ៍​របស់​កូរ៉េ​ខាងត្បូង​ប្រចាំ​នៅ​ OECD​ បាន​និយាយ​ថា​ “សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​កំពុង​រៀបចំ​រចនាសម្ព័ន្ធ​ខ្សែ​សង្វាក់​តម្លៃ​ពិភពលោក​ឡើងវិញ​ ហើយ​ជា​លទ្ធផល​បណ្តា​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​ត្រូវ​បាន​ដាក់ជា​មូលដ្ឋាន​ផលិតកម្ម​”។

លោក​ Ko​ បាន​បន្ថែម​ថា​ “ការនាំចេញ​ពី​អាស៊ី​អាគ្នេយ៍​ទៅកាន់​អាមេរិក​ បាន​កើនឡើង​ ហើយ​ការ​វិនិយោគ​បាន​ចាប់ផ្តើម​បង្វែរ​ពី​ចិន​ ទៅកាន់​តំបន់​អាស៊ី​អាគ្នេយ៍​”។

ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កូរ៉េ​ខាងត្បូង​ និង​អាស៊ាន​នឹង​ឈាន​ដល់​ទំហំ​ទឹកប្រាក់​ ២០០ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​ ២០២០​។ កូរ៉េ​ខាងត្បូង​មាន​អតិរេក​ពាណិជ្ជកម្ម​យ៉ាងច្រើន​រហូតដល់​ ៩៣​,៤ ពាន់​លាន​ដុល្លារ​ជាមួយ​អាស៊ាន​កាលពី​ឆ្នាំមុន​។

ជម្លោះ​ពាណិជ្ជកម្ម​កូរ៉េ​ខាងត្បូង​ និង​ជប៉ុន​ក៏បាន​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ធ្លាក់ចុះ​ផង​ដែរ​។ ប្រជាជន​កូរ៉េ​ខាងត្បូង​ បាន​ធ្វើ​ពហិការ​រាល់​ផលិតផល​ជប៉ុន​ ដោយសារ​ជប៉ុន​បាន​ដាក់កម្រិត​លើ​ការនាំចេញ​វត្ថុធាតុដើម​ ដែល​ចាំបាច់​នៅក្នុង​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ ផលិ​តកម្ម​បច្ចេ​កវិទ្យា​របស់​កូរ៉េ​ខាងត្បូង​។

សង្រ្គាម​ពាណិជ្ជកម្ម​កូរ៉េ​ខាងត្បូង​ និង​ជប៉ុន​បាន​ចាប់ផ្តើម​កាលពី​ឆ្នាំមុន​ នៅពេល​ដែល​តុលាការ​កំពូល​កូរ៉េ​ខាងត្បូង​ បាន​បញ្ជា​ឱ្យ​សាជីវកម្ម​ជប៉ុន​បង់ប្រាក់​សំណង​ សម្រាប់​ការចូលរួម​របស់​ពួកគេ​ នៅក្នុង​ពលកម្ម​ទាសករ​នៅ​ឧបទ្វីប​កូរ៉េ​ ក្នុង អំឡុងពេល​កាន់កាប់​របស់​ខ្លួន​ក្នុង​ឆ្នាំ​ ១៩១០​ ដល់​ ១៩៤៥​។

រដ្ឋាភិបាល​ជប៉ុន​បាន​អះអាង​ថា​ សេចក្តី​សម្រេច​របស់​តុលាការ​កូរ៉េ​ គឺ​ផ្ទុយ​សន្ធិសញ្ញា​ឆ្នាំ១៩៦៥​ រវាង​ប្រទេស​ទាំងពីរ​ ដែល​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ រាល់​ការ​ទាមទារ​សំណង​ពេល​សង្គ្រាម​ គឺ​បាន​បញ្ចប់​ទាំងស្រុង​ និង​ចុងក្រោយ​៕

រដ្ឋាភិបាល​គ្រោង​នឹង​ចំណាយ​ប្រាក់​ជាង​ ១០០លាន​ដុល្លារ​ដើម្បី​កាត់បន្ថយ​ពន្ធ​លើ​តម្លៃ​អគ្គិសនី​

រដ្ឋាភិបាល​គ្រោង​នឹង​ចំណាយ​ប្រាក់​ជាង​ ១០០លាន​ដុល្លារ​ដើម្បី​កាត់បន្ថយ​ពន្ធ​លើ​តម្លៃ​អគ្គិសនី​

ដោយ​ ប៊ី​

ភ្នំ​ពេញៈ​ មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​បាន​ថ្លែង​ថា​ កម្ពុជា​គ្រោង​នឹង​ចំណាយ​ប្រាក់​ជាង​ ១០០លាន​ដុល្លារ​ សម្រាប់​ការឧបត្ថម្ភ​ធន​រហូត​ឆ្នាំ២០២១​ ដើម្បី​កាត់បន្ថយ​ពន្ធ​អគ្គិសនី​ក្នុង​គោលបំណង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ និង​បន្ធូរបន្ថយ​បន្ទុក​ហិរញ្ញវត្ថុ​ដល់​អាជីវកម្ម​ និង​គ្រួសារ​។

លោក​កែវ​ រតនៈ​ អគ្គនាយក​អគ្គិសនី​កម្ពុជា​បាន​ប្រាប់​អ្នកសារព័ត៌មាន​ក្នុង​សន្និសីទ​កាសែត​កាលពី​ពេលថ្មីនេះ​ថា​ រដ្ឋាភិបាល​កម្ពុជា​ បាន​ចំណាយ​ថវិកា​ចំនួន៩៥លាន​ដុល្លារ​រួចហើយ​ដើម្បី​កាត់បន្ថយ​ពន្ធគយ​នៅ​ឆ្នាំនេះ​។

យោង​តាម​លោក​រតនៈ​ អគ្គិសនី​កម្ពុជា​បាន​រកចំណូល​បាន​ប្រហែល ៥០លាន​ដុល្លារ​កាលពី​ឆ្នាំមុន​តាមរយៈ​ការ​លក់​អគ្គិសនី​។

លោក​បាន​មានប្រសាសន៍​ថា​ “ការ​រកចំណូល​ក្នុង​ឆ្នាំនេះ​អាច​ខ្ពស់​ជាង​នេះ​ ដោយសារតែ​ចំនួន​អ្នកប្រើ​ប្រាស់​កើនឡើង​ ដូច្នេះ​រដ្ឋាភិបាល​ក៏​ត្រូវ​បង្កើន​ការឧបត្ថម្ភ​ធន​ផង​ដែរ​”។

ការឧបត្ថម្ភ​ពន្ធ​ នឹង​ត្រូវ​បាន​ណែនាំ​នៅពេល​ចាប់ផ្តើម​នីតិកាល​ បន្ទាប់​របស់​មហាសន្និបាត​។

បច្ចុប្បន្ន​នេះ​ គ្រួសារ​កម្ពុជា​ដែល​ប្រើប្រាស់​ថាមពល​តិច​ជាង៥០គីឡូវ៉ាត់​ម៉ោង​ ក្នុង​មួយ​ខែ​ចំណាយ​ជាមធ្យម ៦១០រៀល​ ក្នុង​មួយ​គីឡូវ៉ាត់​ម៉ោង​ (គីឡូវ៉ាត់​ម៉ោង​) ខណៈ​អ្នកប្រើ​ប្រាស់​ពាណិជ្ជកម្ម​បង់ថ្លៃ​ពី៦០០​ ទៅ៨០០​ រៀល​ក្នុង​មួយ​គីឡូវ៉ាត់​ម៉ោង​៕

FOREST​ HAMONY​ គំរោង​វីឡា​លំ​ហែរ​កាយ​ទំនើប​ក្រោម​ទុន​វិនិយោគ​ ១៨លាន​ដុល្លារ​នឹង​បង្ហាញ​វត្តមាន​ជាលើកដំបូង​នៅ​ខេត្តកំពត​

ដោយ​គង់​ សូ​រិយា​

ភ្នំ​ពេញៈ​ ជាមួយ​ល្បឿន​នៃ​ការ​អភិវឌ្ឍ​ឥត​ឈប់ឈរ​នៅ​តំបន់់​ឆ្នេរ​កម្ពុជា​ ពិសេស​ខេត្តកំពត​ ក្រុមហ៊ុន​ Forest​ Hamony Co​, Ltd​ បានសម្រេច​បោះទុន ១៨លាន​ដុល្លារ​អាមេរិក​ ដើម្បី​សាងសង់​វីឡា​លំ​ ហែរ​កាយ​នៅ​លើ​ផ្ទៃដី​ជាង១៣ហិ​កតា​ ក្បែរ​ទីក្រុង​កំពត​។

គំរោង​ប្រកបដោយ​ប្រណីតភាព​នេះ​ បាន​និង​កំពុង​ជំរុញ​បន្ថែម​ទៀត​លើ​សក្តា​នុ​ពល​ដែល​មានស្រាប់​នៅក្នុង​ខេត្តកំពត​ ដែល​ជា​តំបន់​កំពុង​មានការ​វិនិយោគ​យ៉ាងច្រើន​លើ​លំនៅ​ដ្ឋាន​ និង​រមណីយដ្ឋាន​ទេសចរណ៍​ ប៉ុន្តែ​ទស្សនទាន​នៃ​ការ​អភិវឌ្ឍ​របស់​គំរោង​ Forest​ Hamony​ ជា​ស្ទីល​ថ្មី​មួយ​ ដែល​ផ្តល់​ឲ្យ​អ្នក​វិនិយោគ​ទទួល​បាន​ប្រាក់ចំណេញ​និង​សំរាប់​ការ​លំ​ហែរ​កំសាន្ត​ ប្រកប​ភាព​ស្រស់ស្រាយ​។

យោង​តាម​សេចក្តី​ប្រកា​សព៌​តមាន​របស់​ក្រុមហ៊ុន​ Forest​ Hamony ​បាន​ឲ្យដឹង​ថា​ គំរោង​ Forest​ Hamony​ នឹង​មានផ្ទះ​វីឡា​លំ​ហែរ​ ដែល​សាងសង់​នៅ​ប្រប​នឹង​ជើង​ភ្នំ​តូច​ៗ ដែល​មាន​ទេសភាព​ស្រស់បំព្រង​ ជាមួយនឹង​បឹង​ទំហំ ៤០០០ម៉ែត្រការ៉េ​ ដែល​ផ្តល់​ឲ្យ​នូវ​ខ្យល់អាកាស​បរិសុទ្ឋ​ ។ គំរោង​នេះ​មានផ្ទះ​សរុប​ចំនួន៩០​ ដោយ​ផ្ទះ​និ​មួយ​ៗមាន​អាងហែលទឹក​ជា​លក្ខណៈ​ផ្ទាល់ខ្លួន​ មាន​សួនច្បារ​ផ្ទាល់ខ្លួន​ ជាមួយ​ទំហំដី២៤គុណ​នឹង៣០ម៉ែត្រការ៉េ​។

ដោយ​ផ្តោត​លើ​ការសម្រប​ខ្លួន​ជាមួយនឹង​លក្ខខ័ណ្ឌ​ប្រែប្រួល​អាកាសធាតុ​ គំរោង​នេះ​ត្រូវ​បាន​ស្ថាបត្យករ​គូរ​ និង​សាងសង់​ឡើង​ដោយ​ឈរ​លើ​ភាព​បៃតង​ ដែល​ជួយ​សន្សំសំចៃ​អគ្គិសនី​ ដើម្បី​ធ្វើឲ្យ​អ្នក​រស់នៅ​មាន​ផាសុ​ខភាព​។

លើស​ពីនេះ​គំរោង​ Forest​ Hamony ​ក៏​រួម​បញ្ជូ​លនូវ​ទីលាន​វាយ​តេ​ន្នី​ស កន្លែង​ទាត់បាល់​ និង​កី​ឡា​ផ្សេង​ៗទៀត​។

លោក ​Saraj​ Shutton​ តួនាទីជា COO of Century 21 Cambodia បាន​មានប្រសាសន៍​ឲ្យដឹង​នា​ព្រឹក​ថ្ងៃទី២៩​ វិច្ឆិកា​នេះ​ថា​ ការ​អភិវឌ្ឍ​លើទឹក​ដី​ខេត្តកំពត​ បាន​និង​កំពុង​បង្ហាញ​ពី​គោលនយោបាយ​ដ៏​ត្រឹមត្រូវ​របស់​រដ្ឋាភិបាល​ ហើយ​ការ​ចាប់ផ្តើម​គំរោង​ដ៏​ប្រណីត​នេះ​ ជា​ការ​ឆ្លើយតប​តាម​ការ​ចង់បាន​របស់​ប្រជាពលរដ្ឋ​ ក៏ដូចជា​ឆ្លើយតប​នឹង​ការ​អភិវឌ្ឍ​ជាក់ស្តែង​របស់​ខេត្ត​ ពិសេស​វិស័យ​ឯកជន​បាន​ និង​កំពុង​គាំទ្រ​គោលនយោបាយ​របស់​ប្រមុខ​រដ្ឋាភិបាល​ ខណៈ​ពេល​វិស័យ​សំណង់​ និង​អចលនទ្រព្យ​កំពុង​មានការ​រីកចម្រើន​ខ្លាំង​នៅ​កម្ពុជា​ ហើយ​និន្នាការ​នៃ​ការ​រីកចម្រើន​នេះ​ នឹង​បន្ត​រយៈពេល​វែង​បន្ត​ទៀត​។

ផ្ទះ​និ​មួយ​ៗក្នុង​គំរោង​នេះ​ នឹង​សាងសង់​ឡើងលើ​ផ្ទៃដី​ធំ​ទូលាយ​ មា​នរ​បង​ព័ទ្ឋ​ជុំវិញ​ ​ដោយមាន​ទំហំ​ចាប់ពី ៣៦០​ ទៅ ៧២០ម៉ែត្រការ៉េ​ កំពស់២ជាន់​ និង​មានការ​រៀបចំ​សួនច្បារ​យ៉ាង​ស្រស់​ស្អាត​សំរាប់​ផ្ទះ​និ​មួយ​ៗ។ ចំណែក​វីឡា​លំហែកាយ​វិញ​ ចាប់ផ្តើម​ពី​តម្លៃ១៧ម៉ឺន​ដុល្លារ​អាមេរិក​ឡើង​ទៅ​ ហើយ​តម្លៃ​ផ្ទះ​និ​មួយ​ៗមាន​ភាព​ខុសគ្នា​ អាស្រ័យ​លើ​ទំហំដី​ ទីតាំង​ និង​រចនា​បទ​និ​មួយ​ៗ។

លោក​ Saraj​ Shutton ​បាន​មានប្រសាសន៍​ឲ្យដឹង​ទៀត​ថា​ គំរោង ​Forest​ Hamony​ បាន​ និង​កំពុង​ប្រែក្លាយ​តំបន់​ស្ថិតនៅ​ក្បែរ​ទីរួមខេត្ត​កំពត​ កាន់តែ​មាន​ភាព​រីកចម្រើន​ ខណៈ​កំនើន​សេដ្ឋកិច្ច​ និង​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ​កើនឡើង​ បាន​ក្លាយជា​កំលាំង​ចលករ​ដ៏​សំខាន់​ ក្នុង​ការ​ធ្វើឲ្យ​ទីរួមខេត្ត​កំពត​ កាន់តែ​ពង្រីក​វិសាលភាព​របស់​ខ្លួន​មួយ​កម្រិត​ទៀត​។

បច្ចុប្បន្ន​ក្រុមហ៊ុន​ Forest​ Hamony​ បាន​និង​កំពុង​ទទួលការ​កក់​ប្រាក់​ពីអ​តិថិ​ជនប​ណ្តើរៗ​ហើយ​។

គំរោង​នេះ​ នឹង​ចាប់ផ្តើម​បើក​ការដ្ឋាន​សាងសង់​ និង​ប្រកា​សស​ម្ភោ​ធជា​ផ្លូវការ​នៅ​ថ្ងៃទី៣០​ វិច្ឆិកា​នេះ​ ដោយ​គ្រោង​ចំណាយពេល​សាង​សង់់​រយៈពេល២៤ខែ​។

ខេត្តកំពត​មាន​ចម្ងាយ១៤៨គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ​ ស្ថិតនៅ​ភាគ​នារ​តី​នៃ​ប្រទេស​ ជា​ខេត្ត​ដែល​កំពុង​មានការ​អភិវឌ្ឍ​យ៉ាង​លឿន​លើ​គ្រប់​វិស័យ​ ដោយ​បច្ចុប្បន្ន​រដ្ឋាភិបាល​កម្ពុជា​បាន​ និង​កំពុង​ពង្រីក​ផ្លូវជាតិ​លេខ៣ជា​បួន​គន្លង​រថយន្ត​ ​និង​ជា​ខេត្ត​ដែល​នឹង​ទទួល​រៀបចំ​ពិធីបុណ្យ​សមុទ្រ​នៅ​ចុងឆ្នាំ​នេះ​៕