ដោយរ៉ា ណេត
ភ្នំពេញៈ តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានប្រកាស និងអញ្ជើញមន្ត្រីបច្ចេកទេសនៃសមាគមរោងចក្រកាត់ដេរ និងបុគ្គលិក បច្ចេកទេសនៃបណ្តាក្រុមហ៊ុន ដែលជាសមាជិកសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ចូលរួមនៅក្នុងសិក្ខាសាលាស្ដីពី ការអនុវត្តន៍នីតិវិធីស្នើសុំនាំចូលប្រភេទទំនិញយថាប្រភេទ សំរាប់បម្រើឱ្យការអនុវត្តគម្រោងវិនិយោគតាមថ្នាលបច្ចេកវិទ្យាព័ត៌មាននៃប្រព័ន្ធបញ្ជរតែមួយជាតិ។
តាមរយៈលិខិតដែលចេញ ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបញ្ជាក់ថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដាក់ឱ្យដំណើរការនូវការពិនិត្យសំណើរសុំនាំចូល តាមថ្នាលបច្ចេកវិទ្យាព័ត៌មាននៃប្រព័ន្ធបញ្ជរតែមួយជាតិ ដើម្បីសម្រួលដល់ការស្នើសុំពាក់ព័ន្ធនឹងការស្នើសុំនាំចូលយថាប្រភេទទំនិញ សម្រាប់បម្រើឱ្យការអនុវត្តគម្រោងវិនិយោគ។
នៅក្នុងលិខិតដដែលបានបញ្ជាក់ទៀតថា កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយពីនីតិវិធីស្នើសុំនាំចូលយថាប្រភេទទំនិញ បម្រើឱ្យការអនុវត្តគម្រោងវិនិយោគ តាមប្រព័ន្ធបច្ចេកវិទ្យាខាងលើ។
ក្នុងគោលបំណងធានាបាន នូវប្រសិទ្ធភាពនៃការផ្ដល់សេវានេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងរៀបចំសិក្ខាសាលាស្ដីពីការអនុវត្តនីតិវិធីស្នើសុំ នាំចូលយថាប្រភេទទំនិញបម្រើឱ្យការអនុវត្ត គម្រោងវិនិយោគតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន នៃប្រព័ន្ធបញ្ជរតែមួយជាតិនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង៩ព្រឹក នៅសាលប្រជុំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីស្ដាប់នូវរាល់បញ្ហាប្រឈមនានា ដែលអ្នកដាក់ពាក្យជួបប្រទះ និងពិនិត្យរកដំណោះស្រាយឱ្យបានសមស្រប៕






