អ្នកជំនាញ​៖ ទេសចរ​ជា​ទូត​ពាណិជ្ជកម្ម​ និង​សន្តិភាព​ ដែល​ជំរុញ​កំណើន​សេដ្ឋកិច្ច​ដ៏​សំខាន់​សម្រាប់​ប្រទេស​

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ទេសចរណ៍​ ជា​វិស័យ​មួយ​ដ៏​សំខាន់​សម្រាប់​ពង្រឹ​ក និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​ឱ្យ​មាន​ភាពល្អ​ប្រសើរ​ ខណៈ​ដែល​គ្រប់​បណ្តា​ប្រទេស​នានា​ នៅ​លើ​សាកលលោក​ បាន​និង​កំពុង​ផ្តោត​ការ​យកចិត្ត​ទុកដាក់​ លើកស្ទួយ​វិស័យ​មួយ​នេះ​ ឱ្យ​មាន​ភាព​រស់រវើក​។

ស្ទើរតែ​គ្រប់​បណ្តា​អ្នកទេសចរ​នានា​ ដែល​ធ្វើដំណើរ​កម្សាន្ត​ឆ្លង​ប្រទេស​ ឆ្លង​តំបន់​ គឺ​សុទ្ធតែ​មាន​គោល​បំណង់​សំខាន់​របស់​ខ្លួន​ បន្ថែម​ពីលើ​ដំណើរ​កម្សាន្ត​ ដែល​ក្នុង​នោះ​រួមមាន​ដូចជា​ ស្វែងយល់​ពីក​ត្តា​ភូមិសាស្ត្រ​ និង​សេដ្ឋកិច្ច​ ការសិក្សា​ពី​ស្ថានភាព​អាជីវកម្ម​ ក៏ដូចជា​ស្វែងយល់​ពី​ឱកាស​វិនិយោគ​នានា​ផង​ដែរ​។

ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​-កម្ពុជា​ លោក​ ធួន​ ស៊ី​ណាន​ បាន​មានប្រសាសន៍​កាល​ចុង​សប្ដាហ៍​មុន​ថា​ មិនមែន​សម្រាប់​តែ​ប្រទេស​កម្ពុជា​នោះ​ទេ​ ដែល​ផ្តោត​យ៉ាង​សំខាន់​ និង​យកចិត្ត​ទុកដាក់​ខ្ពស់​ ទៅលើ​ការ​ពង្រឹង​សក្ដានុពល​ នៃ​វិស័យ​ទេសចរណ៍​ ពោល​គឺ​គ្រប់​បណ្តា​ប្រទេស​នានា​ នៅ​លើ​សាកលលោក​ គឺ​សុទ្ធតែ​ចាត់ទុក​វិស័យ​មួយ​នេះ​ ជា​វិស័យ​អាទិភាព​ក្នុង​ការ​ពង្រឹង​កំណើន​សេដ្ឋកិច្ច​ជាតិ​។

លោក​បន្ត​ថា​ “អ្នកទេសចរ​គឺជា​អ្នក​ដែល​មាន​លុយ​ ដូច្នេះ​រាល់​ដំណើរ​កម្សាន្ត​របស់​ពួ​គគេ​ គឺ​សុទ្ធតែ​មាន​គោលបំណង​ និង​គោលដៅ​សំខាន់​ ដែល​អាច​ទាក់ទង​ទៅ​នឹង​មុខ​ជំនួញ​ ឬការងារ​របស់​ពួកគេ​ ដែល​វា​មិន​ត្រឹមតែ​ជា​ដំណើរ​កម្សាន្ត​ សប្បាយ​ភ្នែក​តែមួយមុខ​នោះ​ទេ​”។

លោក​បាន​បន្ត​ទៀត​ថា​ “គេ​ចង់​ដឹងពី​ភាព​រីកចម្រើន​របស់​ប្រទេស​ ឬតំបន់​ដែលគេ​ទៅ​ ដើម្បី​ចង់​រក​ឱកាស​ពី​ការ​វិនិយោគ​ ក្នុង​គោលបំណង​ទទួល​បាន​នូវ​ផលប្រយោជន៍​ខ្ពស់​ មិនថា​ជា​ការសិក្សា​ពីទី​ផ្សារ​ ដើម្បី​យក​ផលិតផល​របស់​ខ្លួន​ចែកចាយ​ទី​លើ​ទីផ្សារ​គោលដៅ​ ឬទៅ​ទិញ​ផលិតផល​មក​ធ្វើការ​ចែកចាយ​បន្ត​ នៅក្នុង​ទីផ្សារ​នៃ​ប្រទេស​របស់​ខ្លួន​”។

ភ្ញៀវ​ទេសចរ​ ត្រូវ​បាន​គេ​ចាត់ទុកថា​ជា​ទូត​ពាណិជ្ជកម្ម​ និង​សន្តិភាព​ ដែល​មាន​សារសំខាន់​បំផុត​ នៅក្នុង​ការ​ជួយ​ពង្រឹង​ និង​ពង្រីក​កំណើន​សេដ្ឋកិច្ច​ជាតិ​យ៉ាង​សំខាន់​ សម្រាប់​ប្រទេស​នី​មួយ​ៗ នៅ​លើ​សាកលលោក​ ហើយ​ថែមទាំង​អាស្រ័យផល​ដល់​បណ្តា​វិ​ស័យ​ផ្សេង​ៗជាច្រើន​ទៀត​។

ប្រធាន​សមាគម​ PATA​ រូប​នេះ​បាន​លើកឡើង​ថា​ “បើ​ទេសចរ​មិន​រីកចម្រើន​ មិន​មាន​កំណើន​កើនឡើង​ តើ​ខេត្តសៀមរាប​ចាំបាច់​ មាន​កំណើន​សណ្ឋាគារ​ដូចសព្វថ្ងៃ​នេះ​ទេ​? តើ​ប្រទេស​ថៃ​ចាប់​សាងសង់​ សណ្ឋាគារ​កម្រិត​អន្តរជាតិ​រាប់ពាន់​អគារ​ រាប់​សែន​បន្ទាប់​ធ្វើអ្វី​? តើ​នៅ​ក្រុង​សៃហ្គន​ប្រទេស​វៀតណាម​ ចាំបាច់​កសាង​អគារ​ពាណិជ្ជកម្ម​ និង​ទេសចរណ៍​រាប់​សិប​កន្លែង​ ដែល​បង្ហាញ​ពី​ភាព​រីកចម្រើន​ និង​អភិវឌ្ឍន៍​នោះ​ធ្វើអ្វី​ ? ជាច​ម្លើយ​ គឺ​សុទ្ធ​តែ​បណ្តាល់​មក​ពី​ទេសចរ​ទាំងអស់​”។

លោក​បាន​បញ្ជាក់​ថា​ គ្រាន់តែ​ភាព​រីកចម្រើន​ នៃ​វិស័យ​បដិសណ្ឋារ​កិច្ច​ ដើម្បី​បំពេញ​តម្រូវការ​ភ្ញៀវ​ទេសចរ​តែមួយមុខ​ គឺ​បាន​បង្ហាញ​ពី​ភាព​រីកចម្រើន​នៃ​វិស័យ​សំណង់​ និង​អចលនទ្រព្យ​រួចជាស្រេច​ ហើយ​នៅ​មាន​វិ​ស័យ​ផ្សេង​ៗជាច្រើន​ទៀត​ ដែល​ទទួល​បានផល​ពី​វិស័យ​ទេសចរណ៍​ ដែល​ក្នុង​នោះ​រួមមាន​ដូចជា​ វិស័យ​កសិកម្ម​ វិស័យ​ពាណិជ្ជកម្ម​ ជាពិសេស​អាច​ជួយ​រឹ​តបណ្តឹង​ចំណងមិត្តភាព​ និង​វិស័យ​ការទូត​លើ​ផ្នែក​នយោបាយ​របស់​ប្រទេស​ផង​ដែរ​។

យោង​តាម​របាយការណ៍​របស់​គ្រឹះស្ថាន​អង្គរ​ នៅ​ថ្ងៃទី១​ ខែធ្នូ​ ឆ្នាំ២០១៩នេះ​ បាន​បញ្ជាក់​ថា​ ក្នុងរយៈពេល១១ខែ​ ឆ្នាំ​ ២០១៩នេះ​ គ្រឹះស្ថាន​អង្គរបាន​លក់​បណ្ណ​ចូល​ទស្សនា​តំបន់​អង្គរបាន​ចំនួន១​,៩៩៧​,២៦៧នាក់​ ធ្លាក់ចុះ១៤.០៣ភាគរយ​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ២០១៨​ ដោយ​ទទួល​បាន​ចំណូល៨៩​,៥៥៥​,៤៧៤​ ដុល្លារ​ អាមេរិក​ ធ្លាក់ចុះ​ ​១៤.៣២​ ភាគរយ​។

ប៉ុន្តែ​បើ​គិតតែ​ក្នុងរយៈពេល១ខែវិច្ឆិកា​ ឆ្នាំ២០១៩​ គ្រឹះស្ថាន​អង្គរបាន​លក់​បណ្ណ​ជូន​ភ្ញៀវ​ចំនួន១៩៣.២៦០​ នាក់​ ធ្លាក់ចុះ​ ១៧.១០ភាគរយ​ បើ​ធៀប​នឹង​ខែ​ដូចគ្នា​ឆ្នាំ២០១៨​ ដោយ​ទទួល​បាន​ចំណូល៨​,៨៥៤​,១៩០​ ដុល្លារ​អាមេរិក​ ធ្លាក់ចុះ១៦.៤៧ភាគរយ​៕

តើ​ខេត្ត​ព្រះសីហនុ​មាន​សក្តា​នុ​ពល​សំ​ខាន់ៗអ្វីខ្លះ​?

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ខេត្ត​ព្រះសីហនុ​ ជា​ប៉ូល​អភិវឌ្ឍ​ជាតិ​មួយ​យ៉ាង​សំខាន់​ ហើយ​ជា​ខេត្ត​ដែល​មាន​សក្តា​នុ​ពល​សេដ្ឋកិច្ច​ ទាក់ទាញ​វិនិយោគិន​ និង​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​តាម​ឆ្នេរ​ សមុទ្រ​ មាន​កោះ​ដ៏​ស្រស់​ស្អាត​ មាន​កំពង់ផែ​អន្តរជាតិ​ អាកាសយាន​ដ្ឋាន​អន្តរជាតិ​ ផ្លូវដែក​ ផ្លូវគោក​ និង​ធនធាន​ធម្មជាតិ​ដ៏​សំបូរ​បែប​។

សក្តា​នុ​ពល​ និង​ភូមិសាស្ត្រ​របស់​ខេត្ត​ព្រះសីហនុ​ មាន​កោះ៣២​ ឆ្នេរ​ប្រវែង១៧៥គីឡូម៉ែត្រ​ កំពង់ផែ​អន្តរជាតិ​ទឹកជ្រៅ​ មាន​ទំនិញ​ឆ្លងកាត់​ជាង៧០ភាគរយ​ ក្នុងចំណោម​សេវាកម្ម​ដឹកជញ្ជូន​ទូទាំង​ប្រទេស​។ បច្ចុប្បន្ន​កំពង់ផែ​របស់​ខេត្ត​នេះ​ មាន លទ្ធភាព​អាច​ឱ្យ​នាវា​មាន​ជម្រៅ​ទឹក១០ម៉ែត្រ​ចូល​ចត​ និង​កំពុង​ពង្រីក​បន្ថែម​ ដើម្បី​ឱ្យ​នាវា​មាន​ជម្រៅ​ទឹក​ ១៣.៥០ម៉ែត្រ​ចូល​ចត​នៅពេល​ខាងមុខ​ ដើម្បី​កាត់បន្ថយ​តម្លៃ​ដឹកជញ្ជូន​ ក៏ដូចជា​ការប្រកួត​ប្រជែង​ជាមួយ​ប្រទេស​ក្នុង​តំបន់​ ទន្ទឹម​នោះ​ក៏​នៅ​ខ្វះ​ផែ​ទេសចរណ៍​ផង​ដែរ​។

ខេត្ត​ព្រះសីហនុ​ មា​នព្រ​លាន​យន្តហោះ​ ដែល​បាន​នឹង​កំពុង​ធ្វើ​កិច្ច​សហប្រតិបត្តិ​ការ​ពង្រីក​ព្រលា​នយន្តហោះ​នេះ​ ដោយ ក្រុម​ហ៊ុន​បារាំង​ ដើម្បី​ឱ្យ​យន្តហោះ​ប្រភេទ​ធុន​ធំ​ចុះចត​នៅពេល​ខាងមុខ​ និង​ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើដំណើរ​តាមផ្លូវអាកាស​។

រាជរដ្ឋាភិបាល​ បាន​សាងសង់​ផ្លូវ​ហាយ​វេ​ ល្បឿន​លឿន​ពី​ភ្នំពេញ​មកកាន់​ខេត្ត​ព្រះសីហនុ​ និង​គ្រោង​ដាក់​ឱ្យ​ដំណើរការ​នៅ​ចុងឆ្នាំ២០២២​។ ជាមួយគ្នា​នេះ​ផង​ដែរ​ កាលពី​ថ្ងៃទី១៦​ ខែវិច្ឆិកា​ ឆ្នាំ២០១៩កន្លងមក​ សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​អញ្ជើញ​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ៣៤ខ្សែ​ ក្នុង​ក្រុង​ព្រះសីហនុ​ មាន​ប្រវែង៨៤.៥០៥គីឡូម៉ែត្រ​ ។

រាជរដ្ឋាភិបាល​បាន​កំណត់​ខេត្ត​ព្រះសីហនុ​ ជា​តំបន់​សេដ្ឋកិច្ច​គំរូ​ពហុ​បំណង​ ដែល​មាន​តំបន់​សេដ្ឋកិច្ច៥កំពុង​ដំណើរការ​ ផ្តល់​ការងារ​ជូន​យុវជន​ជាង៨ម៉ឺន​នាក់​ និង​តំបន់​សេដ្ឋកិច្ច៤ទៀត​កំពុង​សាងសង់​ នេះ​ជា​សក្តា​នុ​ពល​ នៃ​ការ​អភិវឌ្ឍ​ក្នុង​ខេត្ត​ព្រះសីហនុ​ នា​ពេល​បច្ចុប្បន្ន​ ពិសេស​វិស័យ​សំណង់​មានការ​អភិ​ឌ្ឍ​យ៉ាង​គំហុក​គួរ​ឱ្យ​កត់សំគាល់​៕

គំរោង​វិនិយោគ​វីឡា​លំ​ហែរ​កាយ​បែប​ទំនើប​ជាលើកដំបូង​នៅ​ខេត្តកំពត​បាន​ប្រកាស​សាងសង់​ជា​ផ្លូវការ​

ដោយ​ស៊ីវ​ ម៉េ​ង

ភ្នំ​ពេញៈ​ គំរោង​ផ្ទះ​វីឡា​លំ​ហែរ​កាយ​លើកដំបូង​ FOREST​ HAMONY​ ដែល​ស្ថិតនៅ​លើ​ផ្ទៃដី​រហូតដល់ ១៣ហិ​កតា​ បាន​ចាប់ផ្តើម​ប្រកាស​សាង​សង់់​ជា​ផ្លូវការ​ហើយ​ ក្រោម​ការ​បោះទុន​វិនិយោគ​ទឹកប្រាក់១៨លាន​ដុល្លារ​អាមេរិក​។

FOREST​ HAMONY​ ស្ថិតនៅ​ក្នុង​ភូមិ​ផា​រី​ ឃុំ​ព្រៃថ្នង​ ស្រុក​ទឹកឈូ​ ខេត្តកំពត​ និង​មាន​ចម្ងាយ​ត្រឹម ១៨គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពីទី​រួម​ខេត្តកំពត​។

គំរោង​ប្រកបដោយ​ប្រណីតភាព​នេះ​ បាន​និង​កំពុង​ជំរុញ​បន្ថែម​ទៀត​លើ​សក្តា​នុ​ពល​ដែល​មានស្រាប់​នៅក្នុង​ខេត្តកំពត​ ដែល​ជា​តំបន់​កំពុង​មានការ​វិនិយោគ​យ៉ាងច្រើន​លើ​លំនៅ​ដ្ឋាន​ និង​រមណីយដ្ឋាន​ទេសចរណ៍​ ប៉ុន្តែ​ទស្សនទាន​នៃ​ការ​អភិវឌ្ឍ​របស់​គំរោង​ Forest​ Hamony​ ជា​ស្ទីល​ថ្មី​មួយ​ ដែល​ផ្តល់​ឲ្យ​អ្នក​វិនិយោគ​ទទួល​បាន​ប្រាក់ចំណេញ​និង​សំរាប់​ការ​លំ​ហែរ​កំសាន្ត​ ប្រកប​ភាព​ស្រស់ស្រាយ​។

យោង​តាម​សេចក្តី​ប្រកា​សព៌​តមាន​របស់​ក្រុមហ៊ុន​ Forest​ Hamony​ បាន​ឲ្យដឹង​ថា​ គំរោង​ Forest​ Hamony​ នឹង​មានផ្ទះ​វីឡា​លំ​ហែរ​ ដែល​សាងសង់​នៅ​ប្រប​នឹង​ជើង​ភ្នំ​តូច​ៗ ដែល​មាន​ទេសភាព​ស្រស់បំព្រង​ ជាមួយនឹង​បឹង​ទំហំ ៤០០០ម៉ែត្រការ៉េ​ ដែល​ផ្តល់​ឲ្យ​នូវ​ខ្យល់អាកាស​បរិសុទ្ធ​ ។

គំរោង​នេះ​មានផ្ទះ​សរុប​ចំនួន៩០​ ដោយ​ផ្ទះ​និ​មួយ​ៗ មាន​អាងហែលទឹក​ជា​លក្ខណៈ​ផ្ទាល់ខ្លួន​ មាន​សួនច្បារ​ផ្ទាល់ខ្លួន​ ជាមួយ​ទំហំដី២៤គុណ​នឹង៣០ម៉ែត្រការ៉េ​។ដោយ​ផ្តោត​លើ​ការសម្រប​ខ្លួន​ ជាមួយនឹង​លក្ខខ័ណ្ឌ​ប្រែប្រួល​អាកាសធាតុ​ គំរោង​នេះ​ត្រូវ​បាន​ស្ថាបត្យករ​គូរ​ និង​សាងសង់​ឡើង​ដោយ​ឈរ​លើ​ភាព​បៃតង​ ដែល​ជួយ​សន្សំសំចៃ​អគ្គិសនី​ ដើម្បី​ធ្វើឲ្យ​អ្នក​រស់នៅ​មាន​ផាសុ​ខភាព​។

ផ្ទះ​និ​មួយ​ៗក្នុង​គំរោង​នេះ​ នឹង​សាងសង់​ឡើងលើ​ផ្ទៃដី​ធំ​ទូលាយ​ មា​នរ​បង​ព័ទ្ឋ​ជុំវិញ​ ដោយមាន​ទំហំ​ចាប់ពី​ ៣៦០​ ទៅ​ ៧២០ម៉ែត្រការ៉េ​ កំពស់២ជាន់​ និង​មានការ​រៀបចំ​សួនច្បារ​យ៉ាង​ស្រស់​ស្អាត​សំរាប់​ផ្ទះ​និ​មួយ​ៗ។ ចំណែក​វីឡា​លំហែកាយ​វិញ​ ចាប់ផ្តើម​ពី​តម្លៃ១៧ម៉ឺន​ដុល្លារ​អាមេរិក​ដល់​ជាង២២ម៉ឺន​ដុល្លារ​ ហើយ​តម្លៃ​ផ្ទះ​និ​មួយ​ៗមាន​ភាព​ខុសគ្នា​ អាស្រ័យ​លើ​ទំហំដី​ ទីតាំង​ និង​រចនា​បទ​និ​មួយ​ៗ។បច្ចុប្បន្ន​ក្រុមហ៊ុន​ Forest​ Hamony​ បាន​និង​កំពុង​ទទួលការ​កក់​ប្រាក់​ពីអ​តិថិ​ជនប​ណ្តើរៗ​ហើយ​។

លោក​ SERAJ Sutton​ តួនាទី​ជា​ COO​ of​ Century​ 21​ Cambodia​ បាន​មានប្រសាសន៍​ឲ្យដឹង​ក្នុង​ពិ​ធី​សម្ភោ​ធគំរោង​កាលពី​ព្រឹក​ថ្ងៃទី៣០​ វិ​ចិ្ឆ​កា​កន្លងមក​ថា​ ​ខេត្តកំពត​កំពុង​មានការ​រីកចម្រើន​ខ្លាំង​ និង​មាន​សក្តា​នុ​ពល​ជាច្រើន​ សំរាប់​ការ​អភិវឌ្ឍ​លើ​វិស័យ​សំណង់​ និង​អចលនទ្រព្យ​ ដោយសារ​ខេត្ត​នេះ​មាន​ភាព​អំណោយផល​មួយចំនួន​ដូចជា​ មាន​ចម្ងាយ​ជិតនឹង​រាជធានី​ភ្នំពេញ​ មានការ​កសាង​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ល្អ​ប្រសើរ​ មានការ​សាងសង់​កំពង់ផែ​ទឹកជ្រៅ​ធំ​មួយ​ ដែល​ជា​កំពង់ផែ​ធំ​មួយ​បន្ទាប់ពី​ក្រុង​ព្រះសីហនុ​។

លោក​បន្ត​ថា​ “ជាមួយគ្នា​នេះ​ថ្នាក់ដឹកនាំ​ខេត្តកំពត​ មាន​ឆន្ទៈ​យ៉ាង​មុតមាំ​ក្នុង​ការ​ជួយ​ជំរុញ​និង​សម្រួលការ​វិនិយោគ​នៅក្នុង​ខេត្ត​ឲ្យ​មាន​ភាព​រីក​ចម្រើ​មន​ខ្លាំង​”។លោក​បន្ត​ថា​ “ក្រៅពី​មាន​សក្តា​នុ​ពល​លើ​ទីតាំង​ភូមិ​សាស្រ្ត​ ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ វិស័យ​កសិកម្ម​របស់​ខេត្ត​ក៏​មាន​ភាព​ល្បីល្បាញ​ ដូចជា​ម្រេច​ ធូ​រ៉េ​នជាដើម​ ពិសេស​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​ក៏​មាន​ភាព​រីកចម្រើន​ខ្លាំង​”។

លោក​ច្រឹក​ សុ​ខនីម ​អគ្គនាយក​ក្រុមហ៊ុន ​Century21​ Mekong ​និង​ជា​សហ​ភា​គហ៊ុនិ​កក្នុង​គំរោង ​FOREST​ HAMONY​ បាន​សម្តែង​ភាព​សប្បាយរីករាយ​ ដែល​បាន​ចូលរួម​ចំណែក​វិនិយោគ​គំរោង​នេះ​ ពិសេស​ជា​ការចូលរួម​ចំណែក​ក្នុង​ការជំរុញ​ការ​អភិវឌ្ឍ​វិស័យ​អចលនទ្រព្យ​ក្នុង​ខេត្តកំពត​ ឲ្យ​កាន់់​តែ​មាន​ភាព​រីកចម្រើន​បន្ថែម​ទៀត​។

លោក​បាន​មានប្រសាសន៍​ថា​ “នេះ​ជា​គំរោង​ប្រវត្តិ​សាស្រ្ត​សំរាប់​ខេត្ត​ ដែល​នឹង​ជួយ​លើក​កំពស់​ការ​អភិវឌ្ឍ​ ក៏ដូចជា​ជំរុញ​ឲ្យ​ខេត្ត​កាន់តែ​មាន​ភាព​ទាក់ទាញ​ ដោយសារ​គំរោង​ FOREST​ HAMONY​ សាងសង់​ឡើង​ប្រកបដោយ​បទដ្ឋាន​អន្តរជាតិ​ និង​ផ្តោត​លើ​ការរស់នៅ​ប្រកបដោយ​ភាព​បៃតង​ និង​ការ​លំ​ហែរ​ប្រកបដោយ​ស្តង់​ដា​អន្តរជាតិ​”៕

គម្រោង​បុរី​អង្គ​រលែន​ម៉ា​ក្ស​នឹង​ជំ​រុញ​សក្កា​នុ​ពល​នៃ​ការ​អភិវឌ្ឍ​វិស័យ​អចលនទ្រព្យ​ក្នុង​ខេត្តសៀមរាប​

​ដោយ​ ៖ រ៉ា​ណេត​

សៀមរាប​ ៖ គម្រោង​បុរី​អង្គ​រលែន​ម៉ា​ក្ស​ គឺជា​បុរី​ បែប​ វប្បធម៌​ ទេស​ចរ​ណ៏​ និង​ធម្មជាតិ​ ដែ​លប្រសិទ្ឋ​នាម​ថា​ «ភូមិកំណើត​» ដែល​មាន​លំនៅ​ដ្ឋាន​ដ៏​ទំនើប​ និង​ប្រណីត​ បង្កប់​នូវ​រចនា​បទ​ វប្បធម៌​ អរិយធម៌​ខ្មែរ​ដ៏​អស្ចារ្យ​ ក្រោម​ការរចនា​គំរូ​ប្លង់​មេ​ដោយ​ សាស្ត្រា​ចារ្យ​ ទូស​ សា​ភឿន​ បច្ចុប្បន្ន​លោក​ក៏​ជា​ អគ្គ​លេខាធិ​កា​រង​គណៈ​ស្ថាបត្យករ​កម្ពុជា​ នៅ​ក្រសួង​រៀបចំ​ដែនដី​ នគរោបនីយកម្ម​ និង​សំណង់​ និង​សាកល​វិទ្យា​ធិការ​រង​សាកល​វិទ្យាល័យ​វេ​ស្ទើ​ន និង​ជា​ស្ថាបត្យករ​អាស៊ាន​ លោក​មានបទពិសោធន៍​ជាង២០ឆ្នាំ​ ដែល​កន្លងមក​លោក​បាន​ បញ្ចេញ​ស្នា​ដៃ​ធំៗ​ជាច្រើន​រួចមក​ហើយ​ ស្នាដៃ​លេចធ្លោ​ចុងក្រោយ​របស់​លោក​មួយទៀត​ ដែល​យើង​គ្រប់គ្នា​បានដឹង​ គឺ​គម្រោង​ មជ្ឈមណ្ឌល​ ពាណិជ្ជកម្ម​ ថៃ​ ប៊ុ​នរ៉ុង​ កំពស់១៣៣ជាន់​ ។

លោក​សាស្រ្តា​ចារ្យ​បាន​មានប្រសាសន៍​ប្រាប់​កាលពី​ពេល​កន្លង​ទៅ​ថ្មី​ៗនេះ​ថា​ វត្តមាន​របស់​បុរី​អង្គ​រលែន​ម៉ា​ក្ស​ បន្ទាយស្រី​ នឹង​ក្លាយជា​ទីស្ថាន​ គួរ​ឱ្យ​ចង់​រស់នៅ​ ចាប់អារម្មណ៍​ និង​ទាក់ទាញ​បំផុត​ បើ​យើង​បានដឹង​ពិតប្រាកដ​នៃ​ទស្សនៈ​គម្រោង​ប្លង់​មេ​ ព្រោះ​ប្លង់​មេ​រចនា​ឡើង​តាម​បែប​សាសនា​ ដោយ​គោរព​អោយ​ម្ចាស់​ទឹកដី​ ដែល​ជា​អ្នកបង្កើត​តំបន់​អង្គរ​ ជាពិសេស​ផ្សារភ្ជាប់​ទៅ​និង​វត្តមាន​សំ​ខាន់​នៃ​ប្រ​វត្ត​ប្រាសាទបន្ទាយស្រី​តែម្តង​។

កាលដើមឡើយ​ប្រាសាទបន្ទាយស្រី​ មានឈ្មោះ​ថា​ “ឥសូរ​បុរៈ​” ប្រែថា​ “បុរី​នៃ​ឥសូរ​” ប៉ុនែ្ត​សម័យ​ក្រោយ​ៗមក​ទៀត​គេ​ហៅថា​ ប្រាសាទបន្ទាយស្រី​ទៅវិញ​ ដោយសា​ តួ​ប្រាសាទ​មាន​ក្បាច់រចនា​យ៉ាង​ខ្ញង់​ឆើតឆាយ​ មាន​សន្ទឹ​កភ្ញីវល្លិ​វិលវង់​ល្អិត​ឆ្មា​ស្រស់​រស់​រវីក​ ឆ្លាក់​លើ​ថ្ម​ព៌​ណផ្កាឈូក​ទៀត​ ដែល​មើលទៅ​នឹកគិត​មាន​ក្តី​សង្ស័យ​ថា​ ” ទេវតា​និមិ្មត​ ” ។ សម័យ​កសាង​ប្រាសាទបន្ទាយស្រី​នេះ​ជាស​ម័យ​នៃ​ការចេះដឹង​ស្ទាត់ជំនាញ​ដល់​កំពូល​ នៃ​បុព្វ​បុរស់​ដូនតា​ខ្មែរ​នាសម័យនោះ​ ។

ប្រាសាទបន្ទាយស្រី​បាន​កសាង​ឡើង​ក្នុង​គ្រិស្តសករាជ​ ៩៦៧​ ក្នុងរជ្ជកាល​ ព្រះបាទ​រា​ជេន្រ្ទ​វរ្មន័​ទី២​ មុន​ការ​កសាង​ប្រាសាទ​អង្គរតូច​ និង​អង្គរធំ​ ស្ថាបត្យករ​ រចនា​ប្លង់​ប្រាសាទ​ដោយ​ព្រហ្ម​ម្នាក់​ឈ្មោះ​ យជ្ញ​វរា​ហៈ​ ដែល​ជា​ព្រះ​គ្រូ​របស់​ព្រះបាទ​ជ័យ​វរ្មន័​ទី៥​។ ហេតុដូច្នេះ​ គម្រោង​ប្លង់​បុរី​អង្គ​រលែន​ម៉ា​ក្ស​ ត្រូវ​គោរព​ទៅតាម​ម្ចាស់ទឹកម្ចាស់ដី​ ដោយ​យក​ការគោរព​សាសនា​ជាគោល​គឺ​ «ព្រហ្មញ្ញ​សាសនា​» តាម​ទស្សនៈ​នៃ​លោកធាតុ​ខ្មែរ​ «មេបា​-ប្រុសស្រី​» តំណាង​អោយ​ «ទឹក​និង​ដី​» ជា​វត្ថុ​សក្ការៈ​ត្រជាក់​ត្រជុំ​ប្រចាំ​គ្រួសារ​ និង​ក៏​ជា​ពិភព​នៃ​ជីវិត​មនុស្ស​ និង​ក៏​ជា​ទ្រឹ​ស្តី​បង្កើត​លោក​ផង​ដែរ​។ ដូច្នេះ​ទម្រង់​ទីក្រុង​ខ្មែរ​សម័យ​

បុរាណ​គឺ​ទាញ​យក​តាម​ រូបធាតុ​ «មេបា​»ទាំងអស់​។

ដោយ​ឈរ​លើ​ទស្សនៈ​លោកធាតុ​ខ្មែរ​ខាងលើ​ គម្រោង​ប្លង់​មេ​របស់​បុរី​អង្គ​រលែន​ម៉ា​ក្ស​បន្ទាយស្រី​ បាន​រចនា​យក​តាម​ ទម្រង់​ «ស្បូន​ស្រ្តី​» ដែល​ជា​ «ជំរក​នៃ​ទី​កំណើត​ដើម៩ខែ២០ថ្ងៃ​» របស់​មនុស្ស​ទាំងអស់​ ហើយ​គម្រោង​ប្លង់​មេ​ក៏​និម្មិត​រូបតំណាង​ដល់​ប្រាង្គ​ប្រាសាទបន្ទាយស្រី​ដែល​មា​នក្បូ​ក្បាច់រចនា​ស្រស់​ស្អាត​ទន់ភ្លន់​ប្រៀបប្រដូច​ទៅ​និង​គុណ​តំលៃ​របស់​ស្រ្តី​ផង​ដែរ​។

អ្វី​ដែល​សំខាន់​ជាង​នេះ​ទៀត​ បុរី​អង្គ​រលែន​ម៉ា​ក្ស​បន្ទាយស្រី​ ក៏​តំណាង​អោយ​ទឹកដី​កំណើត​របស់​ខ្លួន​ ដល់​បងប្អូន​ខ្មែរ​ទាំង​ក្នុង​ប្រទេស​ និង​ក្រៅប្រទេស​ ចង់​មក​រស់នៅ​ផ្ញើជីវិត​លើទឹក​ដី​អច្ជ​រិយៈ​មួយ​នេះ​ ទោះបី​ ជា​កើត​នៅក្នុង​តំបន់​ខុស​ៗគ្នា​ក៏ដោយ​។

គម្រោង​ប្លង់​មេ​បែរ​ទៅ​រក​មុំ​នៃ​វត្តមាន​ភ្នំ​បី​សំ​ខាន់​ៗ ភ្នំ​គូ​លេន​ ភ្នំ​បូក​ និង​ភ្នំដី​ គឺជា​ភ្នំ​របស់​ព្រះ​ ផ្តល់​ភាពត្រជាក់​ត្រជុំ​ និង​កក់ក្តៅ​ដល់​កូនចៅ​ដែល​បាន​ស្នាក់នៅ​ក្នុង​បុរី​ អង្គ​រលែន​ម៉ា​ក្ស​។

លោក​សាស្ត្រា​ចារ្យ​បាន​មានប្រសាសន៍​បន្ត​ទៀត​ថា​ “គម្រោង​សំណង់​លំនៅ​ដ្ឋាន​នៅក្នុង​បុរី​អង្គ​រលែន​ម៉ា​ក្ស​ ត្រូវ​បាន​បែងចែក​ជា​ប្រភេទ​ផ្សេង​ៗគ្នា​ជាច្រើន​ ដោយ​សុទ្ធតែ​មាន​បង្កប់​នូវ​រចនា​បទ​បែប​ខ្មែរ​ទាំងអស់​ ដោយ​ប្លង់ផ្ទះ​នី​មួយ​ៗ វិវត្ត​ន៏​ចេញពីផ្ទះ​បុរាណ​ខ្មែរ​ រៀបចំ​ទៅតាម​ក្បួនច្បាប់​ត្រឹមត្រូវ​ ដែល​ក្នុង​នោះ​រួមមាន​ដូចជា​ ប្រភេទ​ផ្ទះ​វីឡា​ខ្មែរ​ចៅ​សាយ​ ផ្ទះ​វីឡា​ខ្មែរ​អង្គរតូច​ ផ្ទះ​វីឡា​ខ្មែរ​អង្គរធំ​ និង​ប្រភេទ​ផ្ទះ​វីឡា​ខ្មែរ​ក្រ​វ៉ាន់​ ដែល​ផ្ទះ​នី​មួយ​ៗសុទ្ធតែ​មាន​ទីធ្លា​ធំ​ទូលាយ​ រចនា​បែប​ប៊ូ​ទិ​ក ជាពិសេស​មាន​ទីធ្លា​នៅ​ក្រៅ​ផ្ទះ​សម្រាប់​អង្គុយលេង​ មើលឃើញ​ទេសភាព​តំបន់​បៃតង​ជុំវិញ​យ៉ាង​ស្រស់​ស្អាត​។ លោក​សាស្ត្រា​ចារ្យ​បាន​បន្ត​ទៀត​ថា​ “យើង​បាន​យកចិត្ត​ទុកដាក់​ជា​ខ្លាំង​គឺ​ការរចនា​ម៉ូដ​ផ្ទះ​ ដើម្បី​ងាយស្រួល​ក្នុង​ការរស់នៅ​ប្រកបដោយ​ផាសុកភាព​ខ្ពស់​ អោយ​មាន​ចរន្ត​ខ្យល់អាកាស​ចេញចូល​តាម

​ធម្មជាតិ​។ លោក​បាន​បន្ត​ទៀត​ថា​ “ក្រៅពី​មាន​លំនៅ​ដ្ឋាន​ដ៏​ស្រស់​ស្អាត​គួរ​ជាទី​ទាក់ទាញ​បែប​លំនៅ​ដ្ឋាន​ខ្មែរ​ នៅ​មានការ​យកចិត្ត​ទុកដាក់​ទៅលើ​ការរៀបចំ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ដូចជា​ផ្លូវថ្នល់​ធំ​ទូលាយ​ស្តង់ដារ​បំផុត​ មាន​រៀប​សួន​កំសាន្ត​បី​កន្លែង​ធំៗ​ ដោយមាន​រូប​ចំ​លា​ក់​មេទ​ព័​ល្បី​ៗមាន​ឫទ្ធី​អំណាច​សម័យ​អង្គរ​ចំនួន៥អង្គ​ ឈរ​អម​ព្រះបាទ​ជ័យ​វរ្មន័​ទី៧​ ដែល​រុ​បនី​មួយ​ៗមាន​កំពស់១២ម៉ែត្រ​ នៅ​លើ​ផ្ទៃដី​ទំហំ២ហិ​កតា​ ក្រៅពី​សួន​នៅ​មាន​ទីកន្លែង​ហាត់ប្រាណ​ និង​មាន​គម្រោង​សំ​ខាន់​ៗជាច្រើន​ទៀត​ដែល​កំពុង​ដំណើ​ការ​ស្នើសុំ​ច្បាប់​ ដូចជា​ គម្រោង​ទីកម្សាន្ត​លំហែ​រកា​យសួន​សត្វ​សប្ប​និម្មិត​ សួន​ផ្កា​រ២ពាន់​ពូជ​ មា​នប៊ូ​ទិ​កពីរ​កន្លែង​ មាន​សាលា​វេ​ស្ទើ​នអន្តរជាតិ​ វិទ្យា​ស្ថាន​វរ​ន្ម័​ មាន​ផ្សារ​បណ្តែត​ទឹក​លើកដំបូង​ប្រចាំ​នៅក្នុង​ទឹកដី​អង្គរ​ ដែល​បច្ចុប្បន្ន​កំពុងតែ​រៀបចំ​ដំណើរការ​ស្នើសុំ​ច្បាប់​។

វត្តមាន​នៃ​បុរី​អង្គ​រលែន​ម៉ា​ក្ស​ និង​ក្លាយជា​បុរី​គំរូ​គេ​ក្នុង​ការ​រក្សា​របា​នរ​ចនា​បទ​លំនៅ​ដ្ឋាន​បែប​ខ្មែរ​ មក​ឆ្នៃ​ប្រឌិត​ជា​ទំនើប​ទាន់សម័យ​ ជាពិសេស​បាន​ចូលរួម​ជាមួយ​គោលនយោបាយ​អភិវឌ្ឍ​ មូលដ្ឋាន​ និង​ជាតិ​ តាម​រយះ​ការ​លើ​កស្ទូយ​លើ​វិស័យ​វប្បធម៌​ ទេសចរណ៍​ និង​ធម្មជាតិ៕

ម្ចាស់​ពាន​ស្ថាបនិក​ឆ្នើម​ បង្ហើប​ក្បួន​ធ្វើ​ផែនការអាជីវកម្ម​ទទួល​បាន​ប្រាក់ចំណូល​ខ្ពស់​

អត្ថបទ​៖ សាន់​ ថា​វិន​

រាជធានី​ភ្នំពេញ​៖ ម្ចាស់​ពាន​ស្ថាបនិក​ឆ្នើម​ បង្ហើប​ក្បូន​ធ្វើ​ផែនការអាជីវកម្ម​ទទួល​បាន​ប្រាក់ចំណូល​ខ្ពស់​ ជូន​ដល់​សមាជិក​និង​មិនមែន​សមាជិក​ប្រមាណ១៥០នាក់​ នៅក្នុង​កម្មវិធី​បង្វឹក​ម្ចាស់​អាជីវកម្ម​របស់​ CEO​ Master​ Club​ ដែល​បាន​រៀបចំឡើង​រយៈពេល៤ថ្ងៃ​ ដោយ​ផ្តើម​ពី​ថ្ងៃទី​ ៣០​ វិច្ឆិកា​-៣ ធ្នូ​ ២០១៩នេះ​ នៅ​សណ្ឋាគារ​ DYVITH​ ស្ថិត​ក្នុង​ខណ្ឌ​សែនសុខ​។

នៅ​ថ្ងៃទី​មួយ​នៃ​កម្មវិធី​បង្វឹក​នេះ​ លោកគ្រូ​ អោម​ សេង​បូរ៉ា​ ស្ថាបនិក​ CEO​ Master​ Club​ នៃ​ វិទ្យាស្ថាន​ស៊ី​អ៊ី​អូ​ រូប​នេះ​ បាន​បង្ហាញ​ជូន​ដល់​ម្ចាស់​អាជីវកម្ម​បាន​ស្គាល់​ឱ្យ​កាន់តែ​ស៊ីជម្រៅ​នូវ​ការរៀបចំ​ផែនការអាជីវកម្ម​ ព្រមទាំង​ផ្សារភ្ជាប់​ជាមួយនឹង​ច្បាប់​ដ៏​ពិសេស​ចំនួន៧​។

ច្បាប់​ទាំង៧​ រួមមាន​៖ ច្បាប់​ជោគជ័យ​កម្រិត​កំពូល​ ច្បាប់២០​/៨០​ ច្បាប់​កាំ​ប្រ​ម៉ា​ និង​ច្បាប់​ចំណេញ​….និង​យុទ្ធសាស្ត្រ​ផ្តោត​ទាំង៧ដើម្បី​ធ្វើ​ឱ្យ​អាជីវកម្ម​ជោគជ័យ​ ជាដើម​ ដែល​ច្បាប់​ទាំងអស់​ បាន​ធ្វើ​ឱ្យ​សមាជិក​និង​មិនមែន​សមាជិក​ទាំងអស់​មានការ​ចាប់អារម្មណ៍​និង​ជក់ចិត្ត​យ៉ាង​ខ្លាំង​ និង​ជឿជាក់​ថា​អាច​ផ្លាស់ប្ដូរ​របៀបរបប​ក្នុង​រៀបចំផែនការ​ និង​ក្បួន​ដឹកនាំ​អាជីវកម្ម​ដោយមាន​ប្រសិទ្ធភាព​ ព្រមទាំង​អាច​បង្កើន​ប្រាក់ចំណេញ​បាន​ខ្ពស់​នៅក្នុង​ស្ថាប័ន​ និង​ចំណេញពេលវេលា​។

លោកគ្រូ​បង្វឹក​រូប​នេះ​ ក៏បាន​លើកឡើង​នូវ​ពាក្យ​មួយ​ឃ្លា​ដែល​ចាក់ដោត​ដល់​បេះដូង​ម្ចាស់​អាជីវកម្ម​ទាំងអស់​ថា​ “ ត្រូវ​យក​ពិភពលោក​ធ្វើជា​ទីផ្សារ​របស់​អ្នក​” ហើយ​នេះ​ជាគ​តិ​បណ្ឌិត​ដែល​ធ្វើ​ម្ចាស់​អាជីវកម្ម​ចាប់​ផ្តើម​ផ្តាស់​ប្តូរ​ការ​គិត​បាន​កាន់តែ​ធំ​និង​មើលឃើញ​អនាគត​បាន​វែងឆ្ងាយ​ ដោយ​អាច​បង្កើន​ប្រាក់ចំណេញ​បាន​ច្រើន​ ប្រែក្លាយ​អាជីវកម្ម​ឱ្យ​ស្ដ​ង់​ដារ​ ព្រមទាំង​មាន​ផែនទី​ច្បាស់លាស់​សម្រាប់​អាជីវកម្ម​ផ្ទាល់ខ្លួន​ និង​ស្ថាប័ន​ ឆ្ពោះទៅ​រក​ពិភពលោក​បាន​លឿន​ឆាប់​រហ័យ​។

មានតែ​មេដឹកនាំ​ខ្លាំង​ប៉ុណ្ណោះ​ទើប​ធ្វើ​ឱ្យ​បុគ្គលិក​ខ្លាំង​ ហើយ​អាច​ដឹកនាំ​ឱ្យ​អាជីវកម្ម​រីកចម្រើន​បាន​ឆាប់រហ័ស​។ ដើម្បី​ចុះឈ្មោះ​ចូ​លព​ង្រឹ​កសមត្ថភាព​ឱ្យ​កាន់តែ​ខ្លាំង​និង​ឆាប់​បាន​រំដោះខ្លួន​ចេញពី​អ្នកទោស​អាជីវកម្ម​ និង​ប្រែក្លាយ​អាជីវកម្ម​ពី​លក្ខណៈ​គ្រួសារ​ទៅ​ស្តង់ដារ​ សូម​ទំនាក់ទំនង​លេខទូរស័ព្ទ​ 085​ 311​ 183​ / 023​ 6666​ 999​។

កម្ពុជា​ និង​ចិន​សហការ​គ្នា​អភិវឌ្ឍ​ភូមិ​គំរូ​មិត្តភាព​កម្ពុជា​ និង​ចិន​នៅ​ខេត្តតាកែវ​

ដោយ​ ប៊ី

​ភ្នំពេញ​៖ មូលនិធិ​ចិន​សម្រាប់​សន្តិភាព​ និង​ការ​អភិវឌ្ឍ​ (CFPD​) និង​វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល​នៅ​កម្ពុជា​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ (MoA​) កាលពី​ថ្ងៃ​ សុក្រ​ កន្លងមក​នេះ​ដើម្បី​ធ្វើការ​រួមគ្នា​ដើម្បី​អភិវឌ្ឍ​ភូមិ​គំរូ​មិត្តភាព​កម្ពុជា​ និង​ចិន​សម្រាប់​ការកាត់បន្ថយ​ភាព​ក្រីក្រ​។

អនុស្សារ​ណៈ​នេះ​ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​អគ្គលេខាធិការ​របស់​ CFPD​ លោក​ X Jiang​ Jianguo​ និង​ប្រធាន​វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល​លោក​ Kemreat​ Viseth​។ នេះ​បើ​យោង​តាម​កាសែត​ Xinhua​។ក្រោម​កិច្ច​ព្រមព្រៀង​នេះ​ ភាគី​ទាំងពីរ​បានសម្រេច​ចិត្ត​ជ្រើសរើស​ភូមិ​ក្រីក្រ​មួយ​ឈ្មោះ​តា​ណនសម្រាប់​គម្រោង​រយៈពេល​ ៣ ឆ្នាំ​។

ភូមិ​តា​ណនមាន​ទីតាំង​ស្ថិតនៅ​តំបន់​ដាច់ស្រយាល​មួយ​ក្នុង​ស្រុក​បាទី​ខេត្ត​ តាកែវ​ដែល​មាន​ចំងាយ​ ៦០​ គីឡូម៉ែត្រ​ខាងត្បូង​រាជធានី​ភ្នំពេញ​។

ថ្លែង​ក្នុង​កំឡុង​ពេល​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ភូមិ​រយៈពេល​មួយថ្ងៃ​មុន​ការ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ លោក​ Xu​ បាន​ថ្លែង​ថា​ គម្រោង​នេះ​ត្រូវ​បាន​រៀបចំឡើង​ដើម្បី​ជួយ​កាត់បន្ថយ​ភាព​ក្រីក្រ​នៅក្នុង​ភូមិ​ជនបទ​មួយ​នេះ​។

លោក​បាន​មានប្រសាសន៍​ថា​ “យើង​បាន​ជ្រើសរើស​ភូមិ​នេះ​សម្រាប់​គម្រោង​កាត់បន្ថយ​ភាព​ក្រីក្រ​របស់​យើង​ ហើយ​យើង​នឹង​ប្រែក្លាយ​វា​ទៅជា​ភូមិ​គំរូ​មិត្តភាព​កម្ពុជា​ និង​ចិន​នា​ពេល​ខាងមុខនេះ​” ។

លោក​ Xu​ មាន​ជំនឿ​ថា​ គម្រោង​នេះ​នឹង​រួមចំណែក​បន្ថែម​ទៀត​ដើម្បី​លើកកម្ពស់​មិត្តភាព​ទៅវិញទៅមក​និង​លើកកម្ពស់​ការ​ផ្លាស់​ប្តូរ​ប្រជាជន​ និង​ប្រជាជន​ និង​កិច្ច​សហប្រតិបត្តិ​ការ​រវាង​ប្រទេស​ទាំងពីរ​។

លោក​ជា​ មុ​នី​រិទ្ធ​ ប្រធាន​ផ្នែក​ផែនការ​ និង​ជា​ប្រធាន​គម្រោង​នៃ​វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល​នៅ​កម្ពុជា​ បាន​ថ្លែង​ថា​ គម្រោង​នេះ​នឹង​ចាប់ផ្តើម​នៅ​ខែក្រោយ​ ហើយ​រំពឹង​ថា​នឹង​បញ្ចប់​នៅ​ឆ្នាំ​ ២០២២​។

លោក​បាន​ប្រាប់​កាសែត​ Xinhua​ ថា​ “គម្រោង​នឹង​ផ្តោត​ជាចម្បង​លើ​ការរចនា​ និង​កែ​លម្អ​ផ្លូវ​ក្នុង​ភូមិ​ការ​ផ្តល់​ទឹក​ស្អាត​ដល់​គ្រួសារ​ ការ​គាំទ្រ​សុខភាព​ ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​រួមមាន​ការ​ចិញ្ចឹម​ ធ្វើ​ឱ្យ​សិប្បកម្ម​ប្រពៃណី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​បរិស្ថាន​សាធារណៈ​ ក៏ដូចជា​ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​”៕

រដ្ឋាភិបាល​នឹង​អភិវឌ្ឍ​ក្រុង​ព្រះសីហនុ​ក្លាយជា​មជ្ឈមណ្ឌល​ភស្តុភារ​កម្ម​ដ៏​ធំ

​ដោយ ​វុត្ថា

​ភ្នំពេញ​៖ រដ្ឋាភិបាល​កម្ពុជា​កម្ពុជា​នឹង​អភិវឌ្ឍ​ក្រុង​ព្រះសីហនុ​ក្លាយជា​មជ្ឈមណ្ឌល​ភស្តុភារ​កម្ម​ដ៏​ធំ​នៅ​កម្ពុជា​ ខណៈ​ក្រុម​ទីប្រឹក្សា​ស្ថាប័ន​អាជីវ​កម្ម​ហរិ​ញ្ញ​វត្ថុ​ IFC​ របស់​ធនាគារពិភពលោក​ កំពុង​សិក្សា​បុរេ​សមិទ្ធិ​លទ្ធភាព​លើ​គម្រោង​អភិវឌ្ឍន៍​មជ្ឈមណ្ឌល​ភស្តុភារ​កម្ម​ក្រុង​ព្រះសីហនុ​នេះ​ ។

យោង​តាម​កិច្ចប្រជុំ​រវាម​ន្ត្រី​ជាន់ខ្ពស់​នៃ​ក្រ​សយ​ងសាធារណៈ​ និង​ដឹកជញ្ជូន​ និង​ ក្រុម​ទីប្រឹក្សា​របស់​ស្ថាប័ន​សាជីវកម្ម​ហិរញ្ញវត្ថុ​របស់​ធនាគារពិភពលោក​ កាលពី​ថ្ងៃទី​ ២៩​ ខែវិច្ឆិកា​ ម្សិលមិញ​នេះ​ បានឱ្យ​ដឹង​ថា​គម្រោង​នេះ​មាន​គោលបំណង​ក្នុង​ការ​អភិវឌ្ឍ​ក្រុង​ព្រះសីហនុ​ក្លាយជា​មជ្ឈមណ្ឌល​ភស្តុភារ​កម្ម​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ ធានា​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ ប្រកបដោយ​ចីរភាព​ ធានា​ឱ្យ​មានការ​គាំទ្រ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់​ដើម្បី​ជំរុញ​ការប្រកួត​ប្រជែង​ក្នុង​ការ​ដឹកជញ្ជូន​។

ក្រុម​ទីប្រឹក្សា​របស់​ស្ថាប័ន​សាជីវកម្ម​ហិរញ្ញវត្ថុ​ (IFC​) របស់​ធនាគារពិភពលោក​ បាន​ធ្វើ​បទ​បង្ហាញ​អំពី​បច្ចុប្បន្នភាព​គម្រោង​អភិវឌ្ឍន៍​មជ្ឈមណ្ឌល​ភស្តុភារ​កម្ម​ក្រុង​ព្រះសីហនុ​ ដោយ​ផ្តោត​ជា​សំខាន់​លើ​ការវិភាគ​ស្ថានភាព​ច្បាប់​ និង​ស្ថាប័ន​ដែល​គាំទ្រ​ដល់​រចនាសម្ព័ន្ធ​ភាពជា​ដៃគូ​រដ្ឋ​ និង​ឯកជន​ (Public​-Private​ Partnership​) និង​ស្ថានភាព​ទីតាំង​សមស្រប​មួយ​ ដែល​ជាទី​តាំង​សម្រាប់​មជ្ឈមណ្ឌល​ភស្តុភារ​កម្ម​ក្រុង​ព្រះសីហនុ​។

លោក​ ឈៀង​ ពេជ្រ​ អគ្គនាយក​ នៃ​អគ្គនាយក​ដ្ឋាន​ភស្តុភារ​កម្ម​ ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ បាន​ជំរុញ​ឱ្យ​សមាជិក​សមាជិកា​នៃ​គណៈកម្មាធិការ​ជាតិ​ភស្តុភារ​កម្ម​ និង​ភាគី​ពាក់ព័ន្ធ​ ធ្វើការ​សិក្សា​ និង​អនុវត្ត​គម្រោង​នេះ​ក្នុង​ពេល​ឆាប់​ៗឱ្យ​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​ និង​ដាក់​ជូន​ថ្នាក់ដឹកនាំ​ក្រសួង​ធ្វើការ​ពិនិត្យ​ ឈាន​ទៅ​បង្កើត​មជ្ឈមណ្ឌល​ភស្តុភារ​កម្ម​ក្រុង​ព្រះសីហនុ​ប្រកបដោយ​ជោគជ័យ​៕

ចិន​កំពុង​មាន​សម្ពាធ​ក្នុង​ការ​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ ខណៈ​ពេលកំណត់​ជិត​មកដល់

​ដោយ​ Donald​ Lee

​ភ្នំពេញ​៖ ទីក្រុង​ប៉េកាំង​កំពុង​រង​សម្ពាធ​ក្នុង​ការ​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ មុន​ថ្ងៃ​ផុតកំណត់​នៃ​ពន្ធគយ​រដ្ឋ​អាមេរិក​នៅ​ថ្ងៃទី​ ១៥​ ខែ​ ធ្នូ​ ចូលជាធរមាន​ដែល​នឹង​ជះឥទ្ធិពល​ដល់​ការនាំចូល​ចិន​ដែល​មានតម្លៃ​ ១៥៦​ ពាន់​លាន​ដុល្លារ​។ ពន្ធគយ​កំណត់​គោលដៅ​លើ​ទូរស័ព្ទចល័ត​ កុំព្យូទ័រ​យួរដៃ​ និង​ទំនិញ​ប្រើប្រាស់​ដែល​មានតម្លៃ​ខ្ពស់​។

ទោះ​យ៉ាងណា​ការ​ចុះហត្ថលេខា​ច្បាប់​ចំនួន​ពីរ​ដែល​ត្រូវ​បាន​សរសេរ​ដើម្បី​គាំទ្រ​ដល់​ស្វ័យភាព​របស់​ហុងកុង​និង​ក្រុម​បាតុករ​ដែល​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​របស់​ប្រធានាធិបតី​អាមេរិក​លោក​ Donald​ Trump​ បាន​ធ្វើ​ឱ្យ​ទីក្រុង​ប៉េកាំង​ថា​តើ​ត្រូវ​សងសឹក​ ឬធ្វើ​ប្រងើ​យចំពោះ​សកម្មភាព​របស់​វ៉ាស៊ីនតោន​។

លោក​ Geng​ Shuang​ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​បាន​និយាយ​កាលពី​ថ្ងៃសុក្រ​ថា​ “ចិន​ប្រឆាំង​ដាច់ខាត​នឹង​ច្បាប់​ហុងកុង​។ យើង​បាន​ធ្វើការ​តំណាង​ដ៏​ម៉ឺងម៉ាត់​ និង​ការ​តវ៉ា​យ៉ាង​ខ្លាំង​ចំពោះ​អាមេរិក​។

លោក​ បាន​បន្ត​ថា​ “វា​ជា​ការអនុវត្ត​ជាក់ស្តែង​ដ៏​ចម្លែក​មួយ​ដែល​មានការ​ជ្រៀតជ្រែក​យ៉ាង​ខ្លាំង​ក្នុង​កិច្ចការ​ហុងកុង​ដែល​ជា​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន​។ ចិន​នឹង​ចាត់វិធានការ​ទប់ស្កាត់​ខ្លាំង​”។ ច្បាប់​ចែងថា​ រដ្ឋាភិបាល​អាមេរិក​ត្រូវតែ​ផ្ទៀងផ្ទាត់​ស្វ័យភាព​របស់​ហុងកុង​ជា​រៀងរាល់​ឆ្នាំ​សម្រាប់​ខ្លួន​ក្នុង​ការ​រក្សា​ការពិចារណា​ពាណិជ្ជកម្ម​ពិសេស​របស់​អាមេរិក​។

ច្បាប់​ទី​ ២ បាន​ហាមឃាត់​កា​រល​ក់ហ្គា​សប​ង្ហូរ​ទឹកភ្នែក​ និង​គ្រាប់​កាំភ្លើង​កៅស៊ូ​ទៅ​ឱ្យ​អាជ្ញា​ធរប៉ូ​លី​សនៅ​ហុងកុង​។ពាណិជ្ជកម្ម​សម្រាប់​ទាំង​អាមេរិក​ និង​ចិន​បាន​ធ្លាក់ចុះ​នៅ​ឆ្នាំនេះ​ ដោយសារតែ​សង្រ្គាម​ពាណិជ្ជកម្ម​ដែល​កំពុង​កើតមាន​។

ការនាំចេញ​ចិន​ទៅកាន់​អាមេរិក​បាន​ធ្លាក់ចុះ​ ៥៣​ ពាន់​លាន​ដុល្លារ​ ហើយ​ការនាំចេញ​អាមេរិក​ទៅកាន់​ចិន​បាន​ធ្លាក់ចុះ​ ១៤,៥​ ពាន់​លាន​ដុល្លារ​ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំមុន​។ នេះ​បើ​យោង​តាម​របាយការណ៍​សេដ្ឋកិច្ច​របស់​អង្គការ សហប្រជាជាតិ​ចេញផ្សាយ​ក្នុង​ខែ​នេះ​។

អង្គការ​សហប្រតិបត្តិ​ការ​និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ (OECD​) បាន​បញ្ជាក់​ថា​ ផល​ប៉ះពាល់​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក​ និង​ចិន​បាន​បណ្តាល​ឱ្យ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ធ្លាក់ចុះ​ដូច​កម្រិត​វិបត្តិ​ហិរញ្ញវត្ថុ​ដ៏​អស្ចារ្យ​កាលពី​ ១០​ ឆ្នាំមុន​។

របាយការណ៍​បាន​កែប្រែ​ការព្យាករណ៍​កំណើន​ផលិតផល​សរុប​ក្នុង​ស្រុក​ឆ្នាំ​ ២០១៩​ របស់​ខ្លួន​ដល់​ ២,៩​ ភាគរយ​និង​ ៣ ភាគរយ​សម្រាប់​ឆ្នាំក្រោយ​។ ការព្យាករណ៍​ពី​កំណើន​សម្រាប់​ឆ្នាំ​ ២០២០​ និង២០២១​ បាន​បង្ហាញ​កំណើន​ខ្សោយ​បំផុត​មួយ​ចាប់តាំងពី​វិបត្តិ​ហិរញ្ញវត្ថុ​ដ៏​ធំ​ក្នុង​ឆ្នាំ​ ២០០៩​។

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ថ្កោលទោស​យ៉ាង​ខ្លាំង​ចំពោះ​សកម្មភាព​របស់​អាមេរិក​ដែល​ឈាន​ដល់​ការ​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​។ ក្រុម​អ្នកវិភាគ​បាន​បារម្ភ​ថា​ ភាព​តានតឹង​បច្ចុប្បន្ន​នឹង​នាំទៅរក​ការ​ឈាន​ទៅ​រក​ការ​ធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច​ធំ​បំផុត​ទាំងពីរ​របស់​ពិភពលោក​។

ការ​អត្ថា​ធិប្បាយ​មួយ​នៅក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​គ្រប់គ្រង​ដោយ​ចិន​ បានឱ្យ​ដឹង​ថា​ “នេះ​មិនមែន​ជា​ពិភពលោក​ដូច​ពី​កាលពីមុន​ទេ​ បន្ទាប់ពី​បញ្ចប់​នៃ​សង្គ្រាម​ត្រជាក់​។ អាមេរិក​មិន​អាច​កាត់​ផ្តាច់​ទំនាក់ទំនង​របស់​ចិន​ជាមួយ​ពិភពលោក​បានទេ​”។

ការ​អត្ថា​ធិប្បាយ​ បាន​បន្ថែម​ថា​ “បើ​ទោះបី​អាមេរិក​ផ្តាច់​ទំនាក់ទំនង​ជាមួយ​ចិន​ សម្ព័ន្ធ​មិត្ត​របស់​អាមេរិក​នឹង​មិន​ធ្វើតាម​អាមេរិក​ ហើយ​ប្រទេស​ភាគច្រើន​នឹង​នៅតែ​បន្ត​អភិវឌ្ឍ​ទំនាក់ទំនង​ជាមួយ​ចិន​ដដែល​។ ប្រសិនបើ​អាមេរិក​ទទូច​ដោយ​ឯកតោភាគី​និយម​ អាមេរិក​កំពុង​ជ្រើសរើស​ការ​ធ្លាក់ចុះ​ដែល​មិន​អាច​ត្រឡប់​វិញ​បាន​សម្រាប់​ខ្លួនឯង​”៕

ក្រុមហ៊ុន​អចលនទ្រព្យ​ចិន​ធំៗ​ចំនួន២​ បោះទុន​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ និង​សំណង់​នៅក្នុង​ខេត្ត​កំពង់ស្ពឺ​

ដោយ​ ៖ រ៉ា​ណេត​

កំពង់ស្ពឺ​ ៖ ក្រុមហ៊ុន​អចលនទ្រព្យ​មក​ពី​ប្រទេស​ចិន​ធំៗ​ចំនួន២​ បាន​មក​ធ្វើការ​សិក្សា​ និង​ស្វែងយល់​បន្ថែម​ពី​សក្ដានុពល​នៅក្នុង​ខេត្ត​កំពង់ស្ពឺ​ រួម​ជាមួយនឹង​គោលបំណង​បណ្តាក់​ទុន​វិនិយោគ​នៅក្នុង​វិស័យ​អចលនទ្រព្យ​ និង​វិស័យ​សំណង់​នៅក្នុង​ខេត្ត​មួយ​នេះ​។

ជាមួយនឹង​ភាពល្អ​ប្រសើរ​នៃ​កត្តា​ភូមិសាស្ត្រ​ រួម​ជាមួយ​សេដ្ឋកិច្ច​នៅក្នុង​តំបន់​ ខេត្ត​កំពង់ស្ពឺ​បាន​ក្លាយជា​ចំណុច​គោលដៅ​វិនិយោគ​ពីសំណាក់​បណ្តា​អ្នកជំនួញ​ជាតិ​ និង​អន្តរជាតិ​នានា​ជាច្រើន​ដែល​មក​ពី​ប្រទេស​កូរ៉េ​ ជប៉ុន​ អាមេរិក​ ជាពិសេស​ ប្រទេស​ចិន​តែម្ដង​ ។

អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ​ លោក​ វ៉ី​ សំណាង​ បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃទី៣០​ ខែវិច្ឆិកា​ ឆ្នាំ២០១៩នេះ​ថា​ ជា​មោទនភាព​ចំពោះ​ខេត្ត​កំពង់ស្ពឺ​ទទួល​បាន​ចំណាប់​អារម្មណ៍​វិនិយោគ​ជាច្រើន​ ខណៈ​ដែល​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​នៅ​ទូទាំង​ខេត្ត​ ត្រូវ​បាន​យកចិត្ត​ទុកដាក់​ស្ថាបនា​សាងសង់​ពីសំណាក់​រាជរដ្ឋាភិបាល​កម្ពុជា​ ។

លោក​បាន​មានប្រសាសន៍​បញ្ជាក់​ថា​ “ខេត្ត​កំពង់​មាន​ភាព​អំណោយផល​ជាច្រើន​ ជាពិសេស​កត្តា​ភូមិសាស្ត្រ​តែម្ដង​ដែល​មានផ្លូវ​ជាតិ​សំ​ខាន់​ៗក្នុង​ការ​ដឹកជញ្ជូន​ ដូចជា​ផ្លូច​ជាតិ​លេខ៣​ ផ្លូវជាតិ​លេខ៤​ និង​ផ្លូវជាតិ​លេខ៥​”។

លោក​បាន​បន្ត​ទៀត​ថា​ “ភាព​រីកចម្រើន​ និង​អភិវឌ្ឍន៍​ទាំងនេះ​ គឺ​កើត​ចេញពី​ការ​ខិតខំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​បាន​កៀងគរ​ និង​សម្របសម្រួល​គ្រប់​វិធីសាស្ត្រ​ដើម្បី​កៀងគរ​ប្រមូល​បណ្តា​អ្នក​វិនិយោគ​អន្តរជាតិ​ឱ្យមក​កាន់​កម្ពុជា​ ជា​ក់​ស្ដែ​កាលពី​សប្ដាហ៍​មុន​មាន​គណៈប្រតិភូ​វិនិយោគ​ចិន​ចំនួន៣៥ចូល​មក​សិក្សា​ពី​ឱកាស​វិនិយោគ​នៅក្នុង​ខេត្ត​កំពង់ស្ពឺ​ ហើយ​ល្ងាច​ម្សិលមិញ​នេះ​ មាន​ក្រុមហ៊ុន​អចលនទ្រព្យ​ចិន​ធំៗ​ចំនួន២បន្ថែម​ទៀត​ក៏​បង្ហាញ​ពី​ចំ​នាប់​អារម្មណ៍​ចូល​មក​វិនិយោគ​នៅក្នុង​ខេត្ត​ដែរ​”។

ក្រុមហ៊ុន​អចលនទ្រព្យ​ចិន​ ដែល​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​វិនិយោគ​នៅក្នុង​ខេត្ត​កំពង់ស្ពឺ​ទាំង២ខាងលើ​នេះ​រួមមាន​ក្រុមហ៊ុន​ China​ Realm​ Investment​ និង​ Qianxun​ SL​។ ជាមួយនឹង​គោលបំណង​ខាងលើ​នេះ​ ក្រុមហ៊ុន​ទាំង២នឹង​នាំមក​នូវ​ផលិតផល​ដែល​ជា​បច្ចេកវិទ្យា​ចុងក្រោយ​របស់​ប្រទេស​ចិន​ ដោយ​ប្រើប្រាស់​ប្រព័ន្ធ​ 5G​ ( ALIBABA​ RESOURCES​ ) ដែល​ជា​ឧបករណ៍​បំពាក់​លើ​សំណង់​អគារ​។

បច្ចុប្បន្ន​ នៅក្នុង​ខេត្ត​កំពង់ស្ពឺ​មាន​ក្រុមហ៊ុន​ជាច្រើន​កំពុង​ដំណើរការ​ ហើយ​ក្រុមហ៊ុន​មួយចំនួន​ទៀត​រត់ការ​ឯកសារ​ស្នើសុំ​ដើម្បី​បាន​ចាប់​ប្រតិបត្តិ​ការ​ ជាក់ស្ដែង​សម្រាប់​តែ​វិស័យ​រោងចក្រ​មាន​កំណើន​យ៉ាង​គំហុក​រហូតដល់​ចំនួន ២៦១រោងចក្រ​ដែល​ផ្តល់​ឱកាស​ការងារ​បាន​ចំនួន​ជាង១៣ម៉ឺន​កន្លែង​ ជាមួយនឹង​ចំណូល​ផលិតផល​ក្នុង​ស្រុក​សរុប​ជាង​ ១៧០០ដុល្លារ​ក្នុង​ម្នាក់​៕

របក​កំ​ហើញ​ថ្មី​៖ តើ​សំណង់​សម័យ​អណា​និគម​បារាំង​នៅ​កម្ពុជា​ជា​កម្មសិទ្ធិ​របស់​នរណា​?

ដោយ​ វុត្ថា​

ភ្នំពេញ​៖ នៅក្នុង​សម័យ​អាណានិគម​បារាំង​ ប្លង់​អគារ​រាជធានី​ភ្នំពេញ​ និង​ទីក្រុង​នៅ​តាម​ខេត្ត​នានា​ មាន​រាង​ជា​ក្រឡាចត្រង្គ​ ហើយ​សំណង់​ទាំងនោះ​ ច្រើន​ជា​អគារ​រដ្ឋបាល​ ឬជា​លំនៅឋាន​របស់​មន្ត្រី​ជាន់ខ្ពស់​ និង​មន្ត្រី​ជា​ជនជាតិ​បារាំង​ដែល​ធ្វើការ​នៅ​ស្រុកខ្មែរ​ ។

នៅក្នុង​សិក្ខាសាលា​ជាតិ​ ស្ដីពី​ «ការ​វិវត្ត​នៃ​រចនាបថ​ និង​សំណង់​ស្ថាបត្យកម្ម​ប្រាសាទខ្មែរ​ ពី​សម័យ​ឧដុង្គ​ដល់​សម័យ​បច្ចុប្បន្ន​» កាលពី​ថ្ងៃទី២៩​ ខែវិច្ឆិកា​ ឆ្នាំ២០១៩នេះ​ លោក​ សេង​ សុវណ្ណ​ដារ៉ា​ អ្នក​សិក្សា​ស្រាវជ្រាវ​អក្សរសិល្ប៍​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ បានឱ្យ​ដឹង​ថា​ សំណង់​អគារ​ទាំងនោះ​ មាន​ទម្រង់​ជា​អគារ​ ឬសំណង់​យក​តាម​លំនាំ​វប្បធម៌​អឺរ៉ុប​នៅ​សម័យ​ក្លា​ស៊ីក​ ឬណេ​អូ​ក្លា​ស៊ីក​ ដូចជា​នៅ​តាម​តំបន់​រដ្ឋ​បាល​ផ្សេង​ៗជាដើម​។

លោក​បន្ត​ថា​ សំណង់​ដែល​ត្រូវ​បាន​កសាង​ថ្មី​ៗនៅក្នុង​សម័យ​អាណាព្យាបាល​បារាំង​ គឺ​មាន​ទាំង​សំណង់​បែប​ទំនើប​ និង​សំណង់​ដែល​មាន​តាម​បែប​ប្រពៃណី​ខ្មែរ​។

តួយ៉ាងដូចជា​សំណង់​នៅក្នុង​ព្រះបរមរាជវាំង​ គឺ​នៅតែ​រក្សា​តាម​បែប​ប្រពៃណី​ ដោយ​គ្រាន់តែ​ក្រោយមក​មាន​សំណង់​មួយចំនួន​ដែល​មាន​ឥទ្ធិពល​ស្ថាបត្យកម្ម​ប្រទេស​លោកខាងលិច​ ពិសេស​គឺ​សំណង់​ប្រាសាទ​ណា​ប៉ូ​ឡេ​អុង​ជាដើម​ ដែល​ជា​ព្រះរាជ​អំណោយ​របស់​ព្រះចៅអធិរាជ​បារាំង​ថ្វាយ​សម្ដេចព្រះ​នរោត្ដម​នៅក្នុង​ឆ្នាំ១៩៧៦​។

លោក​បន្ថែម​ថា​ សំណង់​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​មួយទៀត​នោះ​គឺ​ សំណង់​សារមន្ទីរ​ជាតិ​ ដែល​បាន​កសាង​នៅ​ឆ្នាំ១៩១៧​ តាម​រចនាបថ​ខ្មែរ​។ ក្រៅពីនោះ​មាន​សំណង់​អគារ​មួយចំនួន​ ដែល​បាន​សាងសង់​ទៅតាម​រចនាបថ​សិល្បៈ​ទំនើប​ ដូចជា​ រាជាយស្ម័យ​យាន​ ផ្សារ​ធំ​ថ្មី​ និង​ព្រះវិហារ​ សាំង​ ចូ​សែ​ហ្វ​ ជាដើម​។

ទោះជាយ៉ាងណា​ លោក​ សេង​ សុវណ្ណ​ដារ៉ា​ ក៏បាន​គូសបញ្ជាក់​បន្ថែម​ផង​ដែរ​ថា​ សំណង់​អគារ​តាម​បែប​បារាំង​ គឺជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ​សម័យ​ទំនើប​របស់​កម្ពុជា​ ដែល​ទាមទារ​ឱ្យ​មានការ​ថែរក្សា​និង​អភិរក្ស​ឱ្យ​បាន​ល្អ​ប្រសើរ​។

បើ​តាម​ការ​លើកឡើង​របស់​លោក​ សេង​ សុវណ្ណ​ដារ៉ា​ ដដែល​ ក្រោយ​សម័យ​អាណានិគម​បារាំង​ លោក​ វណ្ណ​ មូលី​វណ្ណ​ បាន​រួម​ចំ​ណែ​កក្នុងុ​ការ​ធ្វើ​ទំនើបកម្ម​រាជធានី​ភ្នំពេញ​ក្នុង​សម័យ​សង្គម​រាស្ត្រនិយម​ ដែល​ចលនា​ស្ថាបត្យកម្ម​របស់​លោក​ ត្រូវ​បាន​គេ​ទទួលស្គាល់​ថា​ជា​ «ស្ថាបត្យកម្ម​ខ្មែរ​សម័យ​ទំនើប​» ដែល​ក្នុង​នោះ​រួមមាន​សំណង់​ពហុ​កីឡដ្ឋាន​អូឡាំពិក​ មហោស្រព​ចតុមុខ​ វិមានរដ្ឋ​ចំការមន​ និង​វិទ្យាស្ថាន​ភាសាបរទេស​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ជាដើម​៕