ដោយៈ រ៉ាណេត
ភ្នំពេញៈ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)បានផ្តល់ហិរញ្ញប្បទានដល់កម្ពុជា សម្រាប់ហិរញ្ញប្បទានគម្រោងអភិវឌ្ឍន៍ចំនួន១៧២ មានទឹកប្រាក់សរុបប្រមាណ៣៤៨៥លានដុល្លារ គិតចាប់ពីឆ្នាំ១៩៩២ រហូតមកដល់ខែមករា ឆ្នាំ២០២០។
ក្នុងចំណោមជំនួយទាំងនោះ មានឥណទានសម្បទានប្រមាណ២៩៨៣លានដុល្លារ និងហិរញ្ញប្បទានឥតសំណងប្រមាណ៥០២លានដុល្លារ។
ក្នុងកិច្ចប្រជុំវិបស្សនាស្តីពី “យុទ្ធសាស្រ្តជាដៃគូ សម្រាប់អភិវឌ្ឍន៍កម្ពុជា២០១៩-២០២៣” ក្រោមប្រធានបទគន្លឺះ “ដំណើរប្រកបដោយបរិយាប័ន្ន ក្នុងការបង្កើនភាពប្រកួតប្រជែង សេដ្ឋកិច្ចរបស់កម្ពុជា”កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០ ជាមួយលោកស្រី Sunniya Durrani-Jamal នាយិកាស្ថានតំណាងADBប្រចាំនៅកម្ពុជា លោកវង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងថា ធនាគារអភិវឌ្ឍន៍អាស៊ី ADB គឺជាដៃគូដ៏ស្មោះត្រង់ និងមានតួនាទីដ៏សំខាន់ នៅកិច្ចអភិវឌ្ឍប្រទេសកម្ពុជា ដើម្បីឈានឆ្ពោះ ទៅគោលដៅឆ្នាំ២០៣០ និងឆ្នាំ២០៥០ ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ ដែលកាន់តែរឹងមាំជាងមុន។
លោកបានគូសបញ្ជាក់ថា “ទោះបីបច្ចុប្បន្នសមត្ថភាពខាងថវិការបស់កម្ពុជា បានកើនឡើងជាលំដាប់ ដែលធ្វើឱ្យចំណែកសមាមាត្រ នៃប្រភពហិរញ្ញប្បទានពីក្រៅប្រទេស នៅក្នុងថវិការដ្ឋសរុបកាន់តែរួមតូច ដោយរួមទាំងហិរញ្ញប្បទានពី ADB ក្តី តែភាពជាដៃគូ និងហិរញ្ញប្បទានពីADB នៅតែមានសារៈសំខាន់ចំពោះកម្ពុជា ព្រោះក្រៅពីហិរញ្ញប្បទាន, ADB ក៏បានផ្ទេរនិងនាំមកដល់កម្ពុជានូវបច្ចេកវិទ្យា ចំណេះដឹង ចំណេះធ្វើ និងនវានុវត្តន៍ផងដែរ។
ការរៀបចំកិច្ចប្រជុំវិប្បស្សនារួមគ្នានេះ គឺជាអភិក្រមថ្មី ដើម្បីអាចធ្វើការពិភាក្សាបានស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ អំពីស្ថានភាព បញ្ហាប្រឈម និងដំណោះស្រាយ ជាលក្ខណៈយុទ្ធសាស្រ្ត ទំាងក្នុងកម្រិតការអភិវឌ្ឍតាមវិស័ និងទាំងកម្រិតការរៀបចំគម្រោង ក្រោមហិរញ្ញប្បទានរបស់ដៃគូអភិវឌ្ឍន៍ ដែលនេះជាខ្លឹមសារដ៏សំខាន់ នៃយុទ្ធសាស្រ្តអភិវឌ្ឍន៍រួមគ្នារវាងកម្ពុជា និងADB ដែលនឹងនាំកម្ពុជា ឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថល។ កិច្ចប្រជុំវិប្បស្សនាថ្ងៃនេះ គឺជាកិច្ចប្រជុំលើកទី២ បន្ទាប់ពីបានរៀបចំជាមួយធនាគារពិភពលោក កាលពីខែធ្នូ ឆ្នាំ២០១៩កន្លងមក។
លោកវង្សី វិស្សុត បានថ្លែងថា ឯកសារយុទ្ធសាស្រ្តភាពជាដៃគូ សម្រាប់អភិវឌ្ឍន៍កម្ពុជា ឆ្នាំ២០១៩-២០២៣ (CPS) ដែលត្រូវបានរៀបចំរួមគ្នារវាងកម្ពុជា និងADB ហើយត្រូវបានអនុម័ត ដោយក្រុមប្រឹក្សានាយកប្រតិបតិ្តADB កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ កន្លងទៅនេះ។
ឯកសារនេះគឺជាក្របខ័ណ្ឌយុទ្ធសាស្រ្តរួមមួយ ដោយគ្រោងហិរញប្បទានប្រមាណ ១៤៥០លានដុល្លារ សម្រាប់រយៈពេល៥ឆ្នាំ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ នៃកិច្ចអភិវ ឌ្ឍរបស់កម្ពុជា ដោយផ្តោតលើ វិស័យអាទិភាពចំនួន៤រួមមាន ទី១ ការបង្កើតភាពប្រកួតប្រជែង និងការធ្វើពិពិធកម្មសេដ្ឋកិច្ច ទី២ ការវិនិយោគលើការអភិវឌ្ឍ ធនធានមនុស្ស ទី៣ ការអភិវឌ្ឍប្រកបដោយបរិស្ថានបៃតង ចីរភាព និងបរិយាបន្ន ទី៤ ការពង្រឹងការគ្រប់គ្រងវិស័យសាធារណៈ។
វិស័យអាទិភាពនៅក្រោមCPS នេះ គឺបានរៀបចំឡើង ស្របទៅនឹងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ និង គោល នយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ២០១៥-២០២៥ របស់រាជរដ្ឋាភិបាល។
លោកបានបន្តថា “បច្ចុប្បន្នសេដ្ឋកិច្ចកម្ពុជា កំពុងតែប្រឈមជាមួយនឹងការថមថយ នៃកំណើនសេដ្ឋកិច្ចពិភពលោក, ការដកដោយផ្នែកនូវប្រព័ន្ធ EBA និងការផ្ទុះឡើង នៃវីរុស Covid-19”។
ទាក់ទងនឹងការដកដោយផ្នែកនូវប្រព័ន្ធ EBA លោកវង្សី វិស្សុតបានបញ្ជាក់ថា រដ្ឋាភិបាលបានត្រៀមខ្លួនរួចជាស្រេច និងបានដាក់ចេញនូវវិធានការ ដើម្បីគ្រប់គ្រងផលប៉ះពាល់រួចហើយ។ ក៏ប៉ុន្តែបញ្ហាការផ្ទុះឡើងនៃវីរុស Covid-19 គឺជាបញ្ហាប្រឈមថ្មី ដែលប្រព័ន្ធសេដ្ឋកិច្ចកម្ពុជា ប្រហែលនៅមិនមានភាពស៊ាំទៅបញ្ហានេះនៅឡើយ ដែលមិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេ តែថែមទាំងអាចធ្វើឱ្យមនុស្សបាត់បង់ការងារធ្វើ កាន់តែច្រើនថែមទៀត ប្រសិនបើការផ្ទុះឡើងនៃវីរុស Covid-19 នេះ ត្រូវអូសបន្លាយយូរ។
ក្នុងបរិការណ៍នេះ លោកក៏បានស្នើADB ធ្វើបច្ចុប្បន្នភាពលើគម្រោងជំនួយបច្ចេកទេស សម្រាប់ប្រទេសជាសមាជិកក្នុងតំបន់ និងសម្រាប់ប្រទេសកម្ពុជា ដើម្បីទប់ទល់ជាមួយការផ្ទុះឡើងវីរុស Covid-19 ហើយក៏បានស្នើឱ្យ ADB ទម្លាក់ថវិកាឱ្យកាន់តែបានឆាប់រហ័ស ដើម្បីជំរុញសកម្មភាព សេដ្ឋកិច្ចក្នុងស្រុក៕






