ក្រសួងការងារ អំពាវនាវ ៤ចំណុចសម្រាប់ការព្យួរកិច្ចសន្យាការងារផ្នែកវាយនភ័ណ្ឌកាត់ដេរ សម្លៀកបំពាក់ កាបូប និងស្បែកជើង

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្ដីណែនាំ និងអំពាវដល់បណ្តារោងចក្រនានាផ្នែកវាយនភ័ណ្ឌកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង កាបូប ដែលរងនូវផលប៉ះពាល់ពីបញ្ហានៃការរាតត្បាតជំងឺរលាកផ្លូវដង្ហើម Covid-19 បណ្តាលឱ្យកង្វះខាតការផ្គត់ផ្គង់វត្ថុធាតុដើម ដោយតម្រូវឱ្យអនុវត្តនូវ៤ចំណុច។

តាមរយៈសេចក្តីអំពាវនាវរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកាលពីយប់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០ បានបញ្ជាក់ថា ក្រសួងការងារ សូមរំឭក និងអំពាវនាវដល់ម្ចាស់ នាយកសហគ្រាស គ្រឹះស្ថាន កម្មករ និយោជិតនិងអង្គការវិជ្ជាជីវៈគ្រប់ជាន់ថ្នាក់ ក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប ដែលរងផលប៉ះពាល់ពីកង្វះខាតវត្ថុធាតុដើមដោយសារជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ Covid-19 ត្រូវអនុវត្តនូវគោលការណ៍ ៤ចំណុចរួមមាន ៖

១.អនុវត្តឲ្យបានត្រឹមត្រូវ តាមបទបញ្ញត្តិច្បាប់ស្ដីពីការងារពាក់ព័ន្ធនឹងនីតិវិធីនៃការព្យួរកិច្ចសន្យាការងារ។

២.អនុវត្តបានត្រឹមត្រូវតាមវិធានការនិងអនុសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ត្រីលើការគ្រប់គ្រងផលប៉ះពាល់ជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ Covid-19 ។

៣.អនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងការងារស្ដីពីការព្យួរកិច្ចសន្យាការងារការចុះឈ្មោះចូលរៀនជំនាញទន់នឹងការផ្អាកបង់ភាគទានបសសសម្រាប់វិស័យវាយនភណ្ឌដែលរងផលប៉ះពាល់ពីកង្វះខាតវត្ថុធាតុដើមដោយសារជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ Covid-19។

៤.មិនត្រូវឆ្លៀតឱកាសនេះ ទាមទារ ឬប្រែក្លាយជាការព្យួរកិច្ចសន្យាការងារ ទៅជាការបញ្ចប់កិច្ចសន្យាការងារ ឬធ្វើការផ្លាស់ប្ដូរប្រភេទកិច្ចសន្យាការងារឬការបញ្ចប់កិច្ចសន្យាការងារ និងរើសអើងថ្នាក់ដឹកនាំសហេជីពឡើយ។ទង្វើនេះគឺខុសច្បាប់ ហើយបុគ្គលទាំងឡាយដែលទាមទារ ឬញុះញង់ឱ្យធ្វើទង្វើនេះ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

ក្រសួងការងារសង្ឃឹមយ៉ាងមុតមាំថា គ្រប់ម្ចាស់ នាយកសហគ្រាស គ្រឹះស្ថាន កម្មករ និយោជិតនិងអង្គការវិជ្ជាជីវៈគ្រប់ជាន់ថ្នាក់ ក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប ដែលរងផលប៉ះពាល់ពីកង្វះខាតវត្ថុធាតុដើមដោយសារជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ Covid-19 នឹងចូលរួមអនុវត្តច្បាប់ស្ដីពីការងារប្រកបដោយប្រសិទ្ធភាពខ្ពស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here