រដ្ឋាភិបាលចាប់ផ្តើមកាត់បន្ថយការចំណាយនៅតាមស្ថាប័នសាធារណៈ

0

ដោយៈរ៉ាណេត

ភ្នំពេញៈ ស្របទៅនឹងវិធានការបន្ទាន់ ដែលដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីទប់ទល់ទៅនឹងវិបត្តិសេដ្ឋកិច្ច បង្កឡើងយ៉ាងធ្ងន់ធ្ងរនៃមេរោគ Covid-19 ដែលកំពុងរាតត្បាតជាសាកល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសារាចរណែនាំស្ដីពីការកាត់បន្ថយការចំណាយនានា របស់ក្រសួងស្ថាប័នរដ្ឋទាំងអស់សម្រាប់ឆ្នាំ២០២០នេះ។

តាមរយៈសារាចរណែនាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០នេះ បានបង្ហាញពីការកាត់បន្ថយការចំណាយ តាមក្រសួងស្ថាប័ននេះ ដើម្បីសន្សំថវិកា សម្រាប់ប្រយុទ្ធប្រឆាំងនឹងការរីករាលដាល នៃជំងឺរលាកផ្លូវដង្ហើបធ្ងន់ធ្រ (COVID-19) និងទប់ទល់ផលប៉ះពាល់ អវិជ្ជមានលើកសេដ្ឋកិច្ចជាតិ។

នៅក្នុងសារាចរណែនាំនេះបានបញ្ជាក់ថា នៅឆ្នាំ២០២០ តម្រូវឱ្យក្រសួងស្ថាប័នទាំងអស់អនុវត្តដូចជា ទី១- គ្រប់គ្រងចំណាយបន្ទុកបុគ្គលិកឲ្យម៉ឺងម៉ាត់បំផុត ដោយអនុវត្តន៍គោលការណ៍រើសថ្មី ត្រឹមស្មើនឹងចំនួនចូលនិវត្តន៍ ពោលរក្សាចំនួនក្របខណ្ឌមន្ត្រីរាជការស៊ីវិល យោធា និងនគរបាលដូចនៅក្នុងឆ្នាំ ២០១៩។

ទី២- កាត់សន្សំចំណាយ បេសកកម្មក្រៅប្រទេស៥០% ចំពោះក្រសួងស្ថាប័នទាំងអស់ លើកលែងតែទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងការបរទេស និងក្រសួងពាណិជ្ជកម្ម កាត់ត្រឹម២៥% ទី៣- កាត់សន្សំចំណាយលើសម្ភារការិយាល័យ ១៥% គ្រប់ក្រសួងស្ថាប័ន។

ទី៤- កាត់បន្ថយចំណាយសម្ភារ និងបរិក្ខារបច្ចេកវិទ្យាព័ត៌មាន១៥% គ្រប់ក្រសួងស្ថាប័ន។ ទី៥-កាត់សន្សំចំណាយប្រេងឥន្ធនៈ និងប្រេងរំអិល១៣% សម្រាប់គ្រប់ក្រសួងស្ថាប័ន និងទី៦- ព្យួរការអនុវត្តន៍រាល់ការទិញរថយន្ត សម្រាប់បម្រើការងាររដ្ឋបាលរបស់គ្រប់ក្រសួងស្ថាប័ន លើកលែងតែការទិញរថយន្តអគ្គិភ័យ រថយន្តដឹកឱសថជាដើម ដើម្បីបំពេញតម្រូវការជាចាំបាច់ ក្នុងការផ្តល់សេវាសាធារណៈ។

សេចក្ដីលម្អិត មានបង្ហាញជូននៅក្នុងសារាចរណែនាំនៅខាងក្រោមនេះ ៖

LEAVE A REPLY

Please enter your comment!
Please enter your name here