រដ្ឋមន្ត្រី​សាធារណៈ​ការ​៖ រដ្ឋាភិបាល​បាន​នឹង​កំពុង​លើកកម្ពស់​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ធំៗ​នៅ​កម្ពុជា​

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ទេស​រដ្ឋមន្រ្តី​ រដ្ឋមន្ត្រី​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​លោក​ ស៊ុន​ ចាន់​ថុ​លបាន​ឱ្យ​ដឹង​ថា​ ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​ ក្នុងនាម​ជា​សេនាធិការ​របស់​រាជរដ្ឋាភិបាល​ បាន​និង​កំពុង​ពង្រីក​ និង​លើកកម្ពស់​គុណភាព​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ផ្លូវគោក​ ផ្លូវដែក​ និង​ផ្លូវទឹក​ ព្រមទាំង​មាន​គម្រោង​សាងសង់​ផ្លូវ​ និង​ស្ពាន​ជាដើម​។

លោក​រដ្ឋមន្ត្រី​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ បានឱ្យ​ដឹង​នៅក្នុង​កិច្ចប្រជុំ​ក្រុមការងារ​បច្ចេកទេស​ចម្រុះ​ស្ដីពី​ហេដ្ឋារចនាសម្ព័ន្ធ​ និង​សមាហរណកម្ម​ក្នុង​តំបន់​នា​ថ្ងៃទី២៩​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៩នេះ​ថា​ ជាពិសេស​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​បាវិត​ ផ្លូវដែក​ពី​ភ្នំពេញ​ទៅ​បាវិត​ ផ្លូវដែក​ពី​ភ្នំពេញ​ទៅ​សៀមរាប​ និង​ពី​សៀមរាប​ទៅ​ប៉ោយប៉ែត​ និង​ការ​តភ្ជាប់​ជាមួយ​ប្រទេសជិតខាង​ទាំង​ផ្លូវគោក​ ផ្លូវទឹក​ និង​ផ្លូវដែក​ ខណៈ​ផែនការមេ​ជាតិ​ភស្តុភារ​កម្ម​ត្រូវ​បាន​អភិវឌ្ឍ​ផង​ដែរ​។

លោក​ទេស​រដ្ឋមន្ត្រី​ បាន​បង្ហាញ​ពី​ការប្រើ​ប្រាស់​យន្តការ​បច្ចេកវិទ្យា​ព័ត៌មាន​ ដូចជា​ប្រព័ន្ធ​ស្វ័យប្រវត្តិ​កម្ម​ដឹកជញ្ជូន​ផ្លូវគោក​ ប្រព័ន្ធ​ផ្លាស់ប្ដូរ​ទិន្នន័យ​អេឡិចត្រូនិក​ ពេល​កប៉ាល់​ចេញចូល​កំពង់ផែ​ (Port​ EDI​) កម្មវិធី​ថែទាំ​ផ្លូវ​ (ROAD​ CARE​ Mobile​ App​) ជាដើម​ ដើម្បី​ផ្ដល់​សេវា​សាធារណៈ​ឱ្យ​កាន់តែ​លឿន​ និង​ពង្រីក​ការចូលរួម​ថែរក្សា​ផ្លូវ​ពីសំណាក់​បងប្អូន​ប្រជាពលរដ្ឋ​។

ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ បាន​បើក​កិច្ចប្រជុំ​ស្ដីពី​ហេដ្ឋារចនាសម្ព័ន្ធ​ និង​សមាហរណកម្ម​ក្នុង​តំបន់ ​(IRITWG​) នេះ​ គឺ​ដើម្បី​ស្ដាប់ការ​ធ្វើ​បទ​បង្ហាញ​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ ស្ដីពី​ផែនការមេ​របស់​ខ្លួន​ក្រោម​ប្រធានបទ​៖ ហេដ្ឋារចនាសម្ព័ន្ធ​ និង​សមាហរណកម្ម​ក្នុង​តំបន់​ ក៏ដូចជា​បង្កើត​ឱ្យ​មាន​វេទិកា​សំណួរចម្លើយ​ ដើម្បី​ដោះដូរ​គំនិត​យោបល់​សំដៅ​ ឱ្យ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ និង​ការ​ធ្វើស​មា​ហរ​ណកម្ម​ក្នុង​តំបន់​ប្រព្រឹត្តទៅ​មាន​លក្ខណៈ​គ្រប់ជ្រុងជ្រោយ​ មាន​តម្លាភាព​ គណនេយ្យ​ភាព​ និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​៕

ក្រុមហ៊ុន​ចិន​បាន​បញ្ចប់​ការសិក្សា​គម្រោង​រថភ្លើង​លើ​អាកាស​មួយចំនួន​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​ចិន​មួយ​បាន​បញ្ចប់​ការសិក្សា​គម្រោង​ស្ថាបនា​ ខ្សែរថ​ភ្លើង​លើ​អាកាស​មួយចំនួន​នៅក្នុង​ទីក្រុង​ភ្នំពេញ​ បន្ទាប់ពី​ទទួល​បាន​សិទ្ធិ​សិក្សា​ពី​ក្រសួង​សាធារណៈ​ការ​ និង​ដឹក​ជញ្ជូ​កាលពី​កន្លងមក​នេះ​។

លោក​គង់​ វិមាន​ អ្នកនាំពាក្យ​ក្រសួង​សា​ធា​ធា​រណៈ​ការ​ និង​ដឹកជញ្ជូន​ បាន​ប្រាប់​គេហទំព័រ​ propertyarea.asia ​នៅ​ថ្ងៃទី២៩​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៩នេះ​បានឱ្យ​ដឹង​ថា​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ដ៏​ធំ​មួយ​ មក​ពី​ប្រទេស​ចិន​ បាន​ធ្វើការ​សិក្សា​ចប់​សព្វគ្រប់​អស់ហើយ​ នៅ​ខ្សែ​ផ្លូវ​រថភ្លើង​លើ​អាកាស​ មួយចំនួន​ដោយ​រង​ចាំតែ​ក្រុមការងារ​បច្ចេកទេស​របស់ក្រ​សួង​ និង​ក្រុមហ៊ុន​រៀបចំ​កិច្ចប្រជុំ​ពិភាក្សា​លំអិត​លើ​ការសិក្សា​នេះ​។

លោក​បន្ត​ថា​ “មកដល់ពេលនេះ​ ក្រសួង​កំពុង​សិក្សា​លម្អិត​ទៅលើ​របាយការណ៍​សិក្សា​នេះ​ និង​រង់ចាំ​ការ​ធ្វើ​បទ​បង្ហាញ​ពី​ក្រុង​មហ៊ុន​”។ លោក​បន្ថែម​ថា​ “បន្ទាប់ពី​ពិនិត្យ​លើ​របាយការណ៍​រួចហើយ​ ក្រសួង​នឹង​ធ្វើការ​ប្រជុំ​ជាមួយ​អន្តរក្រសួង​ និង​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ ដើម្បី​ពិនិត្យ​លើ​ករណីនេះ​ ដើម្បី​ស្នើសុំ​គោលការណ៍​ពី​ប្រមុខ​រាជរដ្ឋាភិបាល​ ក្នុង​ការ​ដំណើរការ​ តែ​ដំណើរ​ពេលណា​នោះ​មិនទាន់​ដឹង​នៅឡើយ​ទេ​ ដោយ​រង់ចាំ​ការ​បន្តិច​សិន​” ។

អ្នកនាំពាក្យ​រូប​នេះ​ មិនបាន​បញ្ជាក់​លំអិត​ពី​ចំណុច​ខ្សែរថ​ភ្លើង​លើ​អាកាស​ ដែល​ត្រូវ​បាន​ក្រុមហ៊ុន​ចិន​សិក្សា​បញ្ចប់​រួចហើយ​នេះ​ ចាប់ផ្តើម​ពី​ចំណុច​ណា​ទៅ​ចំណុច​ណា​នោះ​ទេ​ ដោយ​លោក​ស្នើសុំ​ឱ្យ​មានការ​រង់​ចំា​បន្តិច​សិន​។

លោក​គង់​ វិមាន​បាន​បន្ថែម​ថា​ “ចឹង​ទេ​សុំ​ថា​ទុក​ការងារ​នេះ​ អោយ​ក្រុមការងារ​បច្ចេកទេស​ ដើម្បី​ធ្វើការ​សិក្សា​ឲ្យបាន​ច្បាស់លាស់​ជាមុន​សិន​ នៅពេល​ដែល​យើង​ទទួល​បាន​របាយការណ៍​ច្បាស់​លាស​ហើយ​ យើង​នឹង​ផ្សព្វផ្សាយ​អោយ​បាន​ទូលំ​ទូលា​ ដើម្បីអោយ​បងប្អូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​ជ្រាប​ពី​រឿង​ហ្នឹង​”។

រដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​បាន​បង្ហាញ​មហិ​ច្ឆិ​តា​របស់​ខ្លួន​សាងសង់​ខ្សែរថ​ភ្លើង​លើ​អាកាស​ នៅក្នុង​រាជធានី​ភ្នំពេញ​ ក្នុង​គោលបំណង​កាត់បន្ថយ​កកស្ទះ​ និង​គ្រោះថ្នាក់​ចរាចរណ៍​នៅក្នុង​ក្រុង​ ខណៈ​នា​ពេល​បច្ចុប្បន្ន​នេះ​ចរាចរណ៍​នៅក្នុង​ទីក្រុង​ដែល​ជា​កន្លែង​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ និង​ វប្បធម៌​មួយ​នេះ​ បាន​នឹង​កំពុង​មមាញឹក​យ៉ាង​ខ្លាំង​៕

ការព្យាករណ៍​រក​ឃើញថា​ ទីក្រុង​ហូជីមិញ​នឹង​ត្រូវ​ជន់​លិច​ដោយ​ទឹកសមុទ្រ​ក្នុងរយៈពេល​ ៣០ឆ្នាំខាងមុខ​

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ ការសិក្សា​ថ្មី​មួយ​បាន​រក​ខឃើញថា​ ទី​ក្រុង​ហូ​ជី​ម៉ិញ​នឹង​ត្រូវ​ជន់​លិច​ដោយ​ទឹកសមុទ្រ​ ដែល​បន្ត​កើនឡើង​នៅក្នុង​រយៈពេល ៣០ឆ្នាំខាងមុខ​នេះ​ ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​អង្គភាព​ Nature​ Communication​ and​ Climate​ Central​ ដែល​មាន​មូលដ្ឋាន​នៅ​អាមេរិក​។

របាយការណ៍​បាន​បញ្ជាក់​ថា​ ការប្រែប្រួល​អាកាសធាតុ​ ដែល​ធ្វើឡើង​ដោយ​មនុស្ស​នឹង​រលាយ​ផ្ទាំង​ទឹកកក​នៅ​តំបន់​អាក់​ទិ​ក និង​បង្កើន​កម្រិត​ទឹកសមុទ្រ​ នៅ​តាម​ទីក្រុង​ឆ្នេរសមុទ្រ​ ដែល​មាន​ប្រជាជន​ច្រើន​នៅ​ជុំវិញ​ពិភពលោក​។

របាយការណ៍​បានឱ្យ​ដឹង​ថា​ “នៅពេល​មនុស្សជាតិ​បំពុល​បរិយាកាស​ជាមួយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ ផែនដី​ក៏​ក្តៅ​ដែរ​ ហើយ​ដូច​ដុំទឹកកក​ និង​ផ្ទាំង​ទឹកកករ​លាយ​ និង​ទឹកសមុទ្រ​ក្តៅ​រីក​រាលដាល​បង្កើន​បរិមាណ​ទឹក​ នៅ​មហាសមុទ្រ​នៅ​លើ​ពិភពលោក​។ ផល​ប៉ះពាល់​រាប់​ចាប់ពី​ការ​កើនឡើង​ ក្នុងរយៈពេល​យ៉ាង​ខ្លី​ខាងមុខ​ ដោយមាន​ទឹកជំនន់​តាម​តំបន់ឆ្នេរ​សមុទ្រ​ ដែល​អាច​បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​ និង​ដំណាំ​រហូតដល់​ការ​ផ្លាស់ទី​លំនៅ​សហគមន៍​ឆ្នេរសមុទ្រ​ជា​និរន្ត​”។

ផែនទី​ព្យាករណ៍​កម្ពស់​ទឹកជំនន់​នៅ​ឆ្នាំ២០៥០​ បង្ហាញ​ពី​តំបន់​ភាគ​ខាងត្បូង​វៀតណាម​ទាំងមូល​ស្ថិតនៅ​ក្រោមទឹក​ និង​ភាគច្រើន​នៃ​ទីក្រុង​ហូជីមិញ​ និង​ប៉ះពាល់​ដល់អាយុ​ជីវិត​ប្រជាជន២២លាន​នាក់​ ដែល​កំពុង​រស់នៅ​ក្នុង​តំបន់​នេះ​។

របាយការណ៍​ក៏បាន​បញ្ជាក់​ផង​ដែរ​ថា​ ផ្នែក​ធំៗ​នៃ​ទីក្រុង​ហាណូយ​នឹង​ស្ថិតនៅ​ក្រោមទឹក​ក្នុងរយៈពេល៣០ឆ្នាំខាងមុខ​ផង​ដែរ​។

របាយការណ៍​បាន​បញ្ជាក់​ថា​ “នៅ​វៀតណាម​ ទឹកជំនន់​ពី​ទឹកសមុទ្រ​ប្រចាំឆ្នាំ​ត្រូវ​បាន​ព្យាករ​ថា​ នឹង​ប៉ះពាល់​ជាពិសេស​ ដល់​ដែន​ដីស​ណ្ត​រនៃ​ទន្លេមេគង្គ​ ដែល​មាន​ប្រជាជន​ច្រើន​ និង​ឆ្នេរ​ខាងជើង​ជុំវិញ​រដ្ឋធានី​ហាណូយ​របស់​វៀតណាម​ រួម​ទាំង​ទីក្រុង​កំពង់ផែ​ហៃ​ហ្វុ​ងផង​ដែរ​”៕

គំរោង​សួន​កំសាន្ត​តម្លៃ​ ៦០លាន​ដុល្លារ​ចាប់ផ្តើម​បើកឲ្យ​សាធារណៈ​ជន​ចូល​ទស្សនា​កំ​សាន្ត​បណ្តើរ​ៗ

ដោយ​គង់​ សូ​រិយា​

ភ្នំ​ពេញៈ​ សួន​កំសាន្ត​ EURO​ Park​ តម្លៃ ៦០លាន​ដុល្លារ​អាមេរិក​ ដែល​វិនិយោគ​ដោយក្រុម​ហ៊ុន​បុរី​ប៉េង​ ហួត​ ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ១​ បាន​បើកឲ្យ​សាធារណៈ​ជន​ចូល​ទស្សនា​កំ​សាន្ត​បណ្តើរ​ៗហើយ​ ប៉ុន្តែ​កា​រស​ម្ភោ​ធបើក​ដំណើរការ​ជា​ផ្លូវការ​មិនទាន់​កំណត់ពេល​ជាក់លាក់​ទេ​។

អគ្គនាយក​ក្រុមហ៊ុន​បុរី​ប៉េង​ ហួត​គ្រុប​លោក​ឧកញ៉ា​ ថៃ​ ម៉េ​ងលី​បាន​ឲ្យដឹង​តាម​អ៊ីម៉េល​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ គំរោង​អភិវឌ្ឍន៍​នេះ​សួន​កំសាន្ត​លំដាប់​ អន្តរជាតិ​នេះ​ ត្រូវ​បាន​អភិវឌ្ឍ​នៅ​លើ​ផ្ទៃដី​ជិត៨ហិ​កតា​ ជាមួយ​និង​អគារ​សាល​ប្រជុំ​ ឬសាល​សំរាប់​រៀបចំ​អាពាហ៍​ពិពាហ៍​។

សួន​កំសាន្ត​នេះ​ត្រូវ​បាន​រចនា​ឡើង​តាម​បែប​អឺរ៉ុប​ ដែល​មាន​សំណង់​អគារ​ពិ​សេ​សប្លែ​កៗ​ និង​លំ​អរ​ទៅ​ដោយ​សួន​ដើម​ដើម​ឈើ​ធំៗ​ សងខាង​ទន្លេ​ដែល​អាច​ជិះទូក​បាន​ និង​មាន​ស្ពាន​ស្អា​តៗ​ឆ្លងទន្លេ​ចំ​នូន​បី​ ភ្ជាប់គ្នា​ពី​តំបន់​មួយ​ទៅ​តំបន់​មួយទៀត​។ ចំពោះ​ការរៀបចំ​តំបន់​ទៀតសោត​ យើង​បាន​រៀបចំ​ជា​តំបន់​អឺ​រ៉ុប​ផ្សេង​ៗគ្នា​ចំនួន​ ដូចជា​ តំបន់​ទី១​ មាន​អគារ​រចនាបថ​បែប​ប្រទេស​ស្ក​ត់​ឡែន​ និង​អា​ឡឺម៉​ង់​មជ្ឈិមសម័យ​។

ចំណែក​តំបន់​ទី២​ មាន​អគារ​រចនា​បថ​បែប​ហូ​ឡង់​ និង​បារាំង​សម័យកាល​រស់​ឡើងវិញ​នៃ​អរិយធម៌​រុងរឿង​ តំបន់​ទី៣​ មាន​អគារ​រចនាបថ​បែប​អ៊ីតាលី​នៃ​ទន្លេ​វេ​នីស​ និង​តំបន់​ផ្សេង​ៗទៀត​។ អាគារ​នី​មួយ​ៗ ស្ថិតនៅ​ក្បែរ​មាត់ទន្លេ​នេះ​ នឹង​ត្រូវ​បាន​គេ​ប្រើប្រាស់​ជា​ភោ​ ជនី​យដ្ឋាន​ សម្បូរ​បែប​ មាន​អាហារ​អឺរ៉ុប​ ចិន​ ជប៉ុន​ ខ្មែរ​។ល។ អ្នកទស្សនា​អាច​សម្រាកលំហែ​ និង​ពិសារ​អាហារ​ដ៏​មានឱជា​រស់​គ្រប់​ប្រភេទ​បាន​នៅ​ទីនេះ​។

លោក​ឧកញ៉ា​ ថៃ​ ម៉េ​ងលី​ បាន​បន្ត​ថា​ “ដោយសារ​ភាព​ច្នៃប្រឌិត​ខ្ពស់​ និង​ធ្វើឡើង​ដោយ​វិស្វករ​ និង​ស្ថាបត្យករ​ជាតិ​ និង​អន្តរជាតិ​ បាន​ធ្វើឲ្យ​គំរោង​នេះ​ទទួល​បាន​ពាន​ចំនួន​ពីរ​ គឺ​ពានរង្វាន់​ផ្នែក​ស្ថាបត្យកម្ម​ឌិហ្សាញ​សួន​លំ​ហែរ​ ដែ​លល​ជាងគេ​លំដាប់​ផ្កាយ​ប្រាំ​នៅ​ឆ្នាំ២០១៦​ និង​ពានរង្វាន់​ផ្នែក​អភិវឌ្ឍ​សួន​លំហែ​រដែ​លល្អ​ជាងគេ​នៅ​កម្ពុជា​ ប្រចាំឆ្នាំ២០១៧​ ក្នុង​កម្មវិធី​ពានរង្វាន់​អចលនទ្រព្យ​អន្តរជាតិ​ដែល​មាន​ការិយាល័យ​នៅ​ ប្រទេស​អង់គ្លេស​។

លោក​បន្ត​ថា​ “គំរោង​នេះ​នឹង​បើក​ដំណើរការ​ស្វាគមន៍​ អ្នក​ដែល​រស់នៅ​ក្នុង​បុរី​ប៉េង​ហួត​ និង​សាធារណៈ​ជន​ទូទៅ​ដែល​ស្វែងរក​កន្លែង​សម្រាក​លំ​ហែរ​ និង​ញ៉ាំ​អាហារ​ប្រកបដោយ​ផាសុកភាព​។ លោក​ឧកញ៉ា​បន្ត​ថា​ “ក្រុមហ៊ុន​ចាប់​អា​រម្ម​ណ៏​ក្នុង​ការ​វិនិយោគ​ឡើង​គឺ​ក្នុង​គោលបំណង​ ផ្ដល់​ទីកន្លែង​ស្អាត​សំរាប់​លំហែ​កំសាន្ត​ ញ៉ាំ​អាហារ​ដល់​អ្នក​រស់នៅ​ក្នុង​បុរី​ប៉េង​ហួត​ និង​សាធារណៈ​ជន​ទូទៅ​ និង​ជាពិសេស​គឺ​ដើម្បី​ចូល​រូម​អភិវឌ្ឍ​ទីក្រុង​ភ្នំពេញ​ ដោយ​នាំមក​នូវ​គំរោង​ថ្មីស្អាត​ ដែល​មិនដែល​ធ្លាប់​មាននៅ​ស្រុកខ្មែរ​ពីមុន​ ជូន​ដល់​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​។

ចំពោះ​ការ​ចូល​មក​ទស្សនា​ និង​កំសាន្ត​ ក្នុង​គំរោង​នេះ​នឹង​មិន​តម្រូវឲ្យ​មានការ​ទិញ​សំបុត្រ​ទេ​។

ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​លោកស្រី​ឆាយ​ ស៊ីវ​លី​នបាន​ថ្លែង​ថា​ ការ​វិនិយោគ​សួន​កំសាន្ត​បែបនេះ​ជាការល្អ​ ព្រោះ​យើង​អាច​ចាត់ទុក​វា​ជា​ផលិតផល​ទេសចរណ៍​ថ្មី​មួយ​ សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ​ និង​អន្តរជាតិ​ និង​បង្កើត​ឲ្យ​មាន​ភាព​ទាក់ទាញ​បន្ថែម​សម្រាប់​រាជធានី​ភ្នំពេញ​ ដោយសារ​រាជធានី​ភ្នំពេញ​មិនសូវ​មាន​រមណីយដ្ឋាន​កម្សាន្ត​ឡើយ​។

លោកស្រី​បន្ត​ថា​ “កន្លងមក​វិស័យ​ឯកជន​ផ្នែក​ទេសចរណ៍​ តែងតែ​អំពាវនាវ​ឲ្យ​អ្នក​វិនិយោគ​ជាតិ​ និង​អន្តរជាតិ​វិនិយោគ​រមណីយដ្ឋាន​កែច្នៃ​បន្ថែម​ទៀត​ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​។

អ្នកនាង​ Grace​ Rachny​ Fong​ នាយិកា​គ្រប់គ្រង​ទូទៅ​នៃ​ Century21​ Cambodia​ បាន​ថ្លែង​ថា​ កាលពី​ពេល​ថ្មី​ៗនេះ​ អ្នកនាង​បាន​នាំ​អ្នក​អភិវឌ្ឍន៍​មក​ពី​អូស្ត្រាលី​ ចូល​មក​មើល​បុរី​នេះ​ ហើយ​ពួកគេ​មានការ​ភ្ញាក់ផ្អើល​នឹង​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ ដែល​បាន​រៀបចំ​យ៉ាង​ល្អ​របស់​បុរី​ប៉េង​ ហួត​។ ដូច្នេះ​នៅពេល​ពួកគេ​វិនិយោគ​សួន​កំសាន្ត​បន្ថែម​ក្នុង​បុរី​នេះ​ នឹង​ធ្វើឲ្យ​បុរី​នេះ​កាន់តែ​មាន​ភាព​ទាក់ទាញ​ និង​ផ្តល់​ផាសុ​ខភាព​ក្នុង​ការ​ររស់នៅ​ដល់​អតិថិជន​ ដែល​បាន​ទិញ​លំនៅ​ដ្ឋាន​ក្នុង​គំរោង​នេះ​។

អ្នកនាង​បន្ត​ថា​ “ការ​វិនិយោគ​លើ​សួន​កំសាន្ត​នេះ​ ជាយុ​ទ្ឋ​សាស្ត្រ​របស់​ម្ចាស់​បុរី​នេះ​ ដើម្បី​បង្កើន​ភាព​ទាក់ទាញ​ ហើយ​ពេល​អនាគត​ខ្ញុំ​ជឿ​ថា​ តម្លៃ​លំនៅ​ដ្ឋាន​ក្នុង​បុរី​នេះ​នឹង​បន្ត​កើនឡើង​បន្ថែម​ទៀត​”៕

អ្នកជំនាញ​៖ ច្បាប់​ស្តី​ពី​សំណង់​នឹង​ជះឥទ្ធិពល​វិជ្ជមាន​ដល់​វិស័យ​អចលនទ្រព្យ​

ដោយ​ ម៉ា​ណេត​

ភ្នំពេញ​៖ ច្បាប់​ស្តី​ពី​សំណង់​នឹង​ស្រូប​ទាញ​យក​អ្នក​វិនិយោគ​ក្នុង​ប្រទេស​ និង​បរទេស​ ខណៈ​ អ្នក​អភិវឌ្ឍ​ និង​អ្នក​វិនិយោគ​កាន់តែ​មានទំនុក​ក្នុង​ការ​អភិវឌ្ឍ​នៅ​កម្ពុជា​។ នេះ​បើ​យោង​តាម​អ្នកជំនាញ​ក្នុង​វិស័យ​អចលនទ្រព្យ​។

កាល​ដើមខែ​ វិច្ឆិកា​នេះ​ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ឡាយ​ព្រះ​ហស្ថ​លេខា​អនុញ្ញាត​ដាក់​ឱ្យ​ប្រើ​ច្បាប់​សំណង់​ជា​ផ្លូវការ​ហើយ​ បន្ទាប់ពី​រដ្ឋសភា​បាន​អនុម័ត​កាលពី​ថ្ងៃទី​ ៧ ខែតុលា​ ឆ្នាំ​ ២០១៩​ និង​ព្រឹទ្ធសភា​បាន​ពិនិត្យ​ចប់​សព្វគ្រប់​លើ​ទម្រង់​ និង​គតិ​ច្បាប់​នេះ​ទាំងស្រុង​កាលពី​ថ្ងៃទី​ ១៨​ ខែតុលា​ ឆ្នាំ​ ២០១៩​ កន្លងមក​នេះ​។

ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ លោក​ ច្រឹក​ សុ​ខនីម​ ​បានឱ្យ​ដឹង​ថា​ ច្បាប់​ស្តី​ពី​សំណង់​នឹង​ពង្រឹង​រាល់​ការ​អភិវឌ្ឍ​អាគារ​ និង​ស្រូប​ទាញ​យក​អ្នក​វិនិយោគ​ក្នុង​ប្រទេស​ និង​បរទេស​។

លោក​ បាន​ថ្លែង​ថា​ “ជា​រួម​ នៅពេល​យើង​មានច្បាប់​ទម្លាប់​គ្រប់គ្រង​គ្រាប់​គ្រាន់​ យើង​នឹងអាច​គ្រប់គ្រង​ការ​វិនិយោគ​ និង​គុណភាព​សំណង់​។ ច្បាប់​នេះ​នឹងអាច​ការពារ​ទាំង​អ្នក​វិនិយោគ​ និង​អ្នក​អភិវឌ្ឍ​ដោយ​អាច​ទាញ​យក​ប្រយោជន៍​ និង​ផល​ចំណេញ​ពី​វិស័យ​សំណង់​”។

លោក​ បាន​បន្ត​ថា​ “នៅពេល​ខាងមុខ​ ការយល់​ដឹងពី​ច្បាប់​នេះ​នឹង​ត្រូវ​បាន​ផ្សព្វផ្សាយ​ទូលំទូលាយ​ ទំាង​អ្នក​អភិវឌ្ឍ​ និង​អ្នក​វិនិយោគ​កាន់តែ​មានទំនុក​ក្នុង​ការ​អភិវឌ្ឍ​ និង​វិនិយោគ​បន្ថែម​។ យើង​នឹង​ទទួល​បានការ​រីកចម្រើន​ក្នុង​វិស័យ​សំណង់​ និង​អចលនទ្រព្យ​”។

នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន​ CBRE​ CAMBODIA​ អ្នកនាង​អាន​ សុធី​តា​ សាទរ​ចំពោះ​ច្បាប់​ដែល​បាន​ដាក់​ប្រើប្រាស់​ជា​ផ្លូវការ​ ដោយ​បាន​ថ្លែង​ថា​ ច្បាប់​ស្តី​ពី​សំណង់​នឹង​នាំមក​នូវ​ទំនុកចិត្ត​ដល់​វិនិយោគិន​ និង​អ្នក​អភិវឌ្ឍន៍​ និង​គុណភាព​សំណង់​នឹង​ត្រូវ​បាន​ពង្រឹង​។

អ្នកនាង​ បានឱ្យ​ដឹង​ថា​ “ច្បាប់​នេះ​ជួយ​ឱ្យ​គុណភាព​សំណង់​កាន់តែ​ល្អ​ប្រសើរ​ជាង​មុន​ ដោយសារ​កន្លងមក​ បើ​អ្នក​វិនិយោគ​អន្តរជាតិ​តែងតែ​យោង​តាមច្បាប់​សំណង់​នៅ​ក្រៅប្រទេស​ នៅពេល​ដែល​ពួកគេ​ចង់​អភិវឌ្ឍ​អចលនទ្រព្យ​នៅ​កម្ពុជា​”។

អ្នកនាង​ បាន​បន្ត​ថា​ “ខ្ញុំ​គិតថា​ អ្នក​អភិវឌ្ឍ​ទាំងអស់​ចូលរួម​អនុវត្តន៍​តាមច្បាប់​ដែល​បាន​ចែង​ ហើយ​ច្បាប់​ស្តី​ពី​សំណង់​មិន​ខុសគ្នា​ប៉ុន្មាន​ពី​ច្បាប់​នៅ​បរទេស​ទេ​ ហើយ​អ្វី​ជា​ការ​លើកទឹកចិត្ត​គឺ​ភាព​ជឿជាក់​លើ​ក្រសួង​ និង​ច្បាប់​ដែល​បាន​ចែង​ ព្រោះ​ពេល​ដែល​មានច្បាប់​ ធ្វើ​ឱ្យ​យើង​មានទំនុក​ចិត្ត​រវាង​អ្នក​អភិវឌ្ឍ​ និង​អ្នក​វិនិយោគ​នៅ​កម្ពុជា​យើង​”។

ច្បាប់​ស្តី​ពី​សំណង់​នេះ​មាន​ ២២​ ជំពូក​ និង​ ១១៣មាត្រា​ ហើយ​ច្បាប់​ស្តី​ពី​សំណង់​នេះ​ មាន​គោលដៅ​កំណត់​គោលការណ៍​ បទបញ្ញត្តិ​បច្ចេកទេស​សំណង់​ វិធាន​ និង​នីតិវិធី​ក្នុង​ការគ្រប់គ្រង​វិស័យ​សំណង់​ក្នុង​ប្រទេស​កម្ពុជា​។

ច្បាប់​ស្ដីពី​សំណង់​ត្រូវ​បាន​រៀបចំឡើង​ក្នុង​គោលបំណង​ និង​សារប្រយោជន៍​ដូច​ខាងក្រោម​៖

* ពង្រឹង​ការគ្រប់គ្រង​គ្រប់​ភាគី​ពាក់ព័ន្ធ​ និង​ការប្រតិបត្តិ​ការងារ​ទាំងឡាយ​ ក្នុង​វិស័យ​សំណង់​ ដើម្បី​ធានា​សន្តិសុខ​ សុវត្ថិភាព​ និង​សណ្ដាប់ធ្នាប់​សាធារណៈ​ ការពារ​ផលប្រយោជន៍​ម្ចាស់​សំណង់​ អ្នកប្រើ​ប្រាស់​ និង​សាធារណជន​។

* ចូលរួម​ពង្រឹង​ការគ្រប់គ្រង​នគរូបនីយកម្ម​ ដោយ​អភិវឌ្ឍ​ទីក្រុង​ឱ្យ​មាន​សោភណភាព​ និង​បរិស្ថាន​ល្អ​សម្រាប់​ការរស់នៅ​ប្រកបដោយ​ចីរភាព​ សំដៅលើ​កកម្ពស់​សុខុមាលភាព​សាធារណៈ​។

* បង្កើន​គណនេយ្យ​ភាព​ និង​ប្រសិទ្ធភាព​ក្នុង​ការ​ប្រកបការងារ​ និង​ការ​ប្រកប​វិជ្ជាជីវៈ​ក្នុង​វិស័យ​សំណង់​។

* បង្កើន​ការ​ជឿ​ទុកចិត្ត​របស់​វិនិយោគិន​នៅក្នុង​វិស័យ​សំណង់​ ជំរុញ​ទីផ្សារ​អចលនទ្រព្យ​ប្រកបដោយ​ប្រសិទ្ធភាព​សេដ្ឋកិច្ច​សង្គម​។

* គុណភាព​ សន្ដិ​សុខ​ សុវត្ថិភាព​សំណង់​ ការងារ​ទ្រព្យសម្បត្តិ​និង​សុខុមាលភាព​របស់​ម្ចាស់​សំណង់​អ្នកប្រើ​ប្រាស់​សំណង់​ និង​សាធារណជន។

​* សោភណភាព​និង​បរិស្ថាន​ល្អ​សម្រាប់​ការរស់នៅ​ប្រកបដោយ​ចីរភាព​ សំដៅលើ​កកម្ពស់​សុខុមាលភាព​សាធារណៈ។

​* គណនេយ្យ​ភាព​និង​ប្រសិទ្ធភាព​ក្នុង​ការ​ប្រកបការងារ​និង​ការ​ប្រកប​វិជ្ជាជីវៈ​ក្នុង​វិស័យ​សំណង់​។

* ការ​បង្កើន​ការ​ជឿ​ទុកចិត្ត​របស់​វិនិយោគ​នៅក្នុង​វិស័យ​សំណង់​ និង​ជំរុញ​ទីផ្សារ​អចលនទ្រព្យ​ប្រកបដោយ​ប្រសិទ្ធភាព​ផ្នែក​សេដ្ឋកិច្ច​និង​សង្គម​៕

រដ្ឋាភិបាល​ប្តេជ្ញា​បញ្ចប់​ការចុះបញ្ជី​ដីធ្លី​ឱ្យ​សម្រេច​ ១០០ភាគរយ​ត្រឹម​ឆ្នាំ​ ២០២១​

ដោយ ​វុត្ថា​

ភ្នំពេញ​៖ រដ្ឋាភិបាល​តាមរយៈ​ក្រសួង​រៀបចំ​ដី​ នគរូបនីយកម្ម​ និង​សំណង់​ បាន​ប្តេជ្ញា​អនុវត្ត​បញ្ចប់​ការចុះបញ្ជី​ដីធ្លី​ឱ្យ​សម្រេច​បាន​ ១០០​ % នៅ​ត្រឹម​ឆ្នាំ​ ២០២១​ ខាងមុខនេះ​ ខណៈ​ក្រុមការងារ​របស់ក្រ​សួង​បាន​នឹង​កំពុង​មមាញឹក​ចុះបញ្ជី​ដីធ្លី​នៅ​ទូទាំង​ប្រទេស​កម្ពុជា​។

លោក​ ប៉ែន​ សុផល​ រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ នៅក្នុង​វេទិកា​ នគរូបនីយកម្ម​កម្ពុជា​ ស្តី​ពី​ «ការ​អភិវឌ្ឍ​ទីក្រុង​ប្រកបដោយ​ភាព​ឆ្លាតវៃ​ ចីរភាព​ និង​បរិ​យា​ប័ន្ន» កាលពី​ថ្ងៃទី២៧​ ខែវិច្ឆិកា​ ម្សិលមិញ​នេះ​ឱ្យ​ដឹង​ថា​ការចុះបញ្ជី​ដីធ្លី​រហូ​តម​ដល់ពេល​នេះ​បាន​ប្រមាណ​ជាង​​ ៧៨ភាគរយ​ នៃ​ក្បាលដី​សរុប​ ដែល​នៅសល់​ប្រមាណ​ ៧លាន​ក្បាលដី​ទៀត​គ្រោង​បញ្ចប់​នៅ​ឆ្នាំ២០២១​។

លោក​បន្ត​ថា​ “ការចុះបញ្ជី​ដីធ្លី​នេះ​ ត្រូវ​បាន​ចាត់ទុកជា​របប​កម្មសិទ្ធិ​ដីធ្លី​ មានការ​ចុះបញ្ជី​ដី​ មាន​ប្រព័ន្ធ​សុរិយោដី​ចុះបញ្ជី​ច្បាស់លាស់​តាម​គោលការណ៍​នីតិរដ្ឋ​ ​ដែល​រដ្ឋាភិបាល​បាន​ដាក់ចេញ​កាលពី​កន្លងមក​នេះ​” ។

លោក​រដ្ឋលេខាធិការ​រូប​នេះ​បញ្ជាក់​ទៀត​ថា​ ការ​អភិវឌ្ឍន​គរូប​នី​យក​ម្ម​ អចលនទ្រព្យ​ និង​សំណង់​កំពុង​មាន​កំណើន​ក្នុង​សន្ទុះ​ដ៏​លឿន​បាន​ក្លាយជា​សសរស្ដម្ភ​ស្នូល​នៃ​ការជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​។

រដ្ឋាភិបាល​បញ្ជាក់​ថា​ ការចុះបញ្ជី​ដីធ្លី​នេះ​គឺជា​យុទ្ធ​សាស្រ្ត​ចតុកោណ​របស់​រាជ​ រដ្ឋាភិបាល​ លើ​វិស័យ​ដីធ្លី​ គឺ​ធ្វើ​យ៉ាង​អោយ​ប្រជាពលរដ្ឋ​ គ្រប់គ្នា​ទទួល​បាន​នូវ​ប័ណ្ណ​កម្ម​សិទ្ធ​ដីធ្លី​ និង​ក៏​ជា​យុទ្ធ​សាស្រ្ត​ កាត់បន្ថយ​ភាព​ក្រីក្រ​ផង​ដែរ​៕

កម្ពុជា​ ចិន​ និង​ឡាវ​ ចាប់​អនុវត្ត​កម្មវិធី​ផ្សព្វផ្សាយ​បេតិកភណ្ឌ​ប្រវត្តិសាស្ត្រ

ដោយ​ ៖ រ៉ា​ណេត​

ភ្នំពេញ​ ៖ រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង៣​ តាមរយៈ​ស្ថាប័ន​ និង​ក្រសួងទេសចរណ៍​ បាន​ចាប់ផ្តើម​សហការ​គ្នា​យ៉ាង​ជិតស្និទ្ធ​ក្នុង​កិច្ច​អនុវត្ត​កម្មវិធី​ផ្សព្វផ្សាយ​បេតិកភណ្ឌ​ប្រវត្តិសាស្ត្រ​រួមគ្នា​ ដើម្បី​ជំរុញ​ មិង​លើកកម្ពស់​វិស័យ​ទេសចរណ៍​ និង​វប្បធម៌​រួមគ្នា​នៅក្នុង​តំបន់​ ស្របតាម​យុទ្ធសាស្ត្រ​ “ផ្លូវ​មួយ​ ខ្សែ​ក្រ​វ៉ាត់​មួយ​” ។

ផ្ដើម​ចេញពី​ប្រទេស​ចិន​ បាន​បង្កើត​ឱ្យ​មាន​មហា​ព្រឹត្តិ​ការណ៍​ជា​ប្រវត្តិសាស្ត្រ​នៅក្នុង​វិស័យ​ទេសចរណ៍​ ដែល​កាន់តែ​បង្កើន​ការ​ភ្ជាប់​ទំ​នា​ក់​ទំនង់​ ចូលរួម​ផ្សព្វផ្សាយ​នូវ​វប្បធម៌​ និង​សក្ដានុពល​នៃ​វិស័យ​ទេសចរណ៍​ប្រចាំ​ប្រទេស​នី​មួយ​ៗតាមរយៈ​ក្បួន​រថយន្ត​ទេសចរណ៍​ Caravan​ Tours​ ឬហៅ​ថា​ Self​-Driving​ Tours​ ដែល​ចេញដំណើរ​ពី​ខេត្ត​យូ​ណាន​ ប្រទេស​ចិន​ កាត់តាម​ប្រទេស​ឡាវ​ ឆ្ពោះ​មកកាន់​ប្រទេស​កម្ពុជា​។

នៅក្នុង​កិច្ច​ជំនួប​ស្វាគមន៍​ និង​អបអរសាទរ​ចំពោះ​បណ្តា​អ្នកចូលរួម​នៅក្នុង​មហា​ព្រឹត្តិ​ការណ៍​ជា​ប្រវត្តិសាស្ត្រ​កាលពី​ថ្ងៃទី២៨​ ខែវិច្ឆិកា​ ឆ្នាំ២០១៩​ ម្សិលមិញ​នេះ​ នៅ​មជ្ឈមណ្ឌល​កម្សាន្ត​ Prince​ Manor​ Resort​ ដែល​ស្ថិតនៅ​ក្នុង​ស្រុក​កៀនស្វាយ​ ខេត្តកណ្តាល​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ លោក​បណ្ឌិត​ ថោង​ ខុន​ បាន​លើកទឹកចិត្ត​ដល់​បណ្តា​ភ្ញៀវ​ទេសចរ​ដែល​ចូលរួម​នៅក្នុង​មហា​ព្រឹត្តិ​ការណ៍​ទាំងអស់​ ហើយ​ជំរុញ​ឱ្យ​មាន​សកម្មភាព​ដូច​ភ្លៀងរលឹម​បន្ត​ទៀត​។

លោក​ ថោង​ ខុន​ បាន​មានប្រសាសន៍​ថា​ “ដំណើរ​ក្បួន​រថយន្ត​នេះ​ គឺ​ពិតជា​រួមចំណែក​ជំរុញ​កិច្ច​សហប្រតិបត្តិ​ការ​ ទាំង​ក្នុង​ក្របខណ្ឌ​ទ្វេភាគី​ និង​តំបន់​ ដូចជា​ក្នុង​ក្របខណ្ឌ​សហប្រតិបត្តិ​ការ​ទន្លេមេគង្គ​-ឡាន​ឆាង​ជាដើម​ ពិសេស​ព្រឹត្តិ​ការណ៍​នេះ​ គឺជា​ផ្នែក​មួយ​នៃ​ការ​អបអរសាទរ​ «ឆ្នាំ​ទេសចរណ៍​ និង​វប្បធម៌​ចិន​-កម្ពុជា​លើកដំបូង​» ឈាន​ឆ្ពោះទៅ​សម្រេច​បាន​សមិទ្ធផល​ជា​ទី​មោទ​នៈ​ជាច្រើន​ទៀត​ សម្រាប់​កិច្ច​សហប្រតិបត្តិ​ការ​ក្នុង​វិស័យ​ទេសចរណ៍​។

លោក​បាន​បន្ត​ទៀត​ថា​ តាមរយៈ​ក្បួន​រថយន្ត​ Caravan​ Tours​ យើង​ក៏អាច​មើលឃើញ​ពី​សក្តា​នុ​ពល​ទេសចរណ៍​ដ៏​ទាក់ទាញ​ អំពី​ការ​តភ្ជាប់​តាមផ្លូវគោក​រវាង​ប្រទេស​ចិន​ ឡាវ​ និង​កម្ពុជា​ ដែល​នឹង​ជួយ​ជំរុញ​ទេសចរ​ចិន​មក​កម្ពុជា​កាន់តែ​ច្រើន​ ក៏ដូចជា​ជំរុញ​ទេសចរ​ពី​កម្ពុជា​ទៅ​ប្រទេស​ចិន​ និង​ប្រទេស​ឡាវ​ តាមរយៈ​ការ​ធ្វើដំណើរ​ដែល​បើកបរ​ដោយខ្លួនឯង​ (Self​-Driving​ Tour​) នេះ​ផង​ដែរ​។

អគ្គនាយករង​នៃ​មន្ទីរ​វប្បធម៌​ និង​ទេសចរណ៍​ចិន​ប្រចាំ​ខេត្ត​យូ​ណា​នលោកស្រី​ ស្ស៉ី​ លីន​ បាន​លើកឡើង​ថា​ កម្មវិធី​ផ្សព្វផ្សាយ​បេតិកភណ្ឌ​ប្រវត្តិ​សាស្រ្ត​តាម​ក្បួន​រថយន្ត​ពី​ប្រទេស​ចិន​ ឡាវ​ និង​កម្ពុជា​ គឺជា​សកម្មភាព​ និង​វិធានការ​ជាក់ស្តែង​ ដើម្បី​អនុវត្ត​នូវ​អនុសាសន៍​ដែល​បាន​ព្រមព្រៀង​រវាង​ថ្នាក់ដឹកនាំ​កំពូល​នៃ​ប្រទេស​ទាំងពីរ​ ហើយក៏​ជា​ភាព​ច្នៃប្រឌិត​មួយ​សម្រាប់​ការ​ផ្លាស់​ប្តូរ​វប្បធម៌​ និង​ទេសចរណ៍​ចិន​-កម្ពុជា​។

លោកស្រី​អគ្គនាយករង​បាន​បន្ត​ថា​ ក្បួន​រថយន្ត​ទេសចរណ៍​បើកបរ​ដោយខ្លួនឯង​នេះ​ ពិតជា​ចូលរួម​ចំណែក​ដ៏​សំខាន់​ក្នុង​ការជំរុញ​ការ​ផ្លាស់​ប្តូរ​ និង​កិច្ចសហការ​វប្បធម៌​ និង​ទេសចរណ៍​រវាង​ខេត្ត​យូ​ណាន​ ប្រទេស​ឡាវ​ និង​កម្ពុជា​ ដែល​មាន​សារសំខាន់​ និង​ឥទ្ធិពល​ធំធេង​។

លោកស្រី​ថា​ ក្រោម​បរិបទ​ប្រវត្តិសាស្ត្រ​ថ្មី​ មាន​ឆន្ទៈ​និង​ខិតខំ​បន្ត​នូវ​មិត្តភាព​ប្រពៃណី​ចិន​ និង​កម្ពុជា​ អនុវត្ត​ឱ្យ​បាន​ល្អ​នូវ​ទស្សនទាន​រួម​រវាង​ថ្នាក់ដឹកនាំ​កំពូល​នៃ​ប្រទេស​ទាំងពីរ​ចូលរួម​យ៉ាងសកម្ម​ ក្នុង​ការជំរុញ​សហប្រតិបត្តិ​ការ​ «ខ្សែក្រវាត់​ និង​វិថី​»។

ក្បួន​រថយន្ត​ទេសចរណ៍​ Caravan​ Tours​ ខាងលើ​នេះ​ មាន​រយៈពេល២៧ថ្ងៃ​ ដោយ​បាន​ចេញដំណើរ​ពីទី​ក្រុង​គុន​មីង​ ខេត្ត​យូ​ណាន​ ប្រទេស​ចិន​ តាំងពី​ថ្ងៃទី២៥​ ខែវិច្ឆិកា​ និង​បាន​មកដល់​រាជធានី​ភ្នំពេញ​ នា​ល្ងាច​ថ្ងៃទី២៦​ ខែវិច្ឆិកា​ ដោយ​ឆ្លងកាត់​ខេត្ត​ស្ទឹងត្រែង​ ខេត្តព្រះវិហារ​ ខេត្តកំពង់ធំ​ រាជធានី​ភ្នំពេញ​ ខេត្តកណ្តាល​ និង​ខេត្តសៀមរាប​ មុន​ពេល​ត្រឡប់ទៅ​កាន់​ទីក្រុង​គុន​មីង​វិញ​ ក្នុង​ចម្ងាយ​ទាំង​ទៅ​ទាំង​មក​ប្រមាណ​ ៥,៧២០គីឡូម៉ែត្រ​៕

ដី​នៅក្នុង​តំបន់​ណាខ្លះ​មានតម្លៃ​ខ្ពស់​ជាងគេ​នៅ​រាជធានី​ភ្នំពេញ​?

ដី​នៅក្នុង​តំបន់​ណាខ្លះ​មានតម្លៃ​ខ្ពស់​ជាងគេ​នៅ​រាជធានី​ភ្នំពេញ​?
ដី​នៅក្នុង​តំបន់​ណាខ្លះ​មានតម្លៃ​ខ្ពស់​ជាងគេ​នៅ​រាជធានី​ភ្នំពេញ​?

ដោយៈ​រ៉ា​ណេត​

ភ្នំ​ពេញៈ​ នៅក្នុងចំណោម​ខណ្ឌ​ទាំង១៤​ នៃ​រាជធានី​ភ្នំពេញ​ ខណ្ឌ​ចំនួន៣​ រួមមាន​ ខណ្ឌចំការមន​ ខណ្ឌ​បឹងកេងកង​ និង​ខណ្ឌដូនពេញ​ ត្រូវ​បាន​អ្នកជំនាញ​ផ្នែក​វាយតម្លៃ​អចលនទ្រព្យ​លើកឡើង​ថា​ មានតម្លៃ​ថ្លៃ​ខ្ពស់​ជាង​តាម​បណ្តា​ខណ្ឌ​នានា​ ហើយនឹង​បន្ត​កើនឡើង​នៅពេល​ខាងមុខនេះ​ទៀត​ ខណៈ​ដែល​តម្រូវការ​ប្រើប្រាស់​នៅក្នុង​តំបន់​ទាំងនេះ​នៅតែ​មាន​។

នាយក​ក្រុមហ៊ុន​ Key​ Real​ Estate​ Co​,.Ltd​ លោក​ សន​ សៀ​បបាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​ កាលពី​ពេល​កន្លង​ទៅ​ថ្មី​ៗនេះ​ថា​ ​បច្ចុប្បន្ន​តម្លៃ​នៃ​អចលនវត្ថុ​នៅក្នុង​ខណ្ឌ​ចំនួន៣​ កំពុងតែ​បន្ត​មាន​សក្តា​នុ​ពល​របស់​ខ្លួន​ ដែល​ក្នុង​នោះ​រួមមាន​ដូចជា​ ខណ្ឌចំការមន​ ខណ្ឌដូនពេញ​ និង​ខណ្ឌ​បឹងកេងកង​ ដែល​រដ្ឋាភិបាល​ទើបតែ​បង្កើត​ឡើង​កាលពី​ពេល​ថ្មី​ៗនេះ​។ ទោះជាយ៉ាងណា​លោក​បញ្ជាក់​បញ្ជាក់​ថា​ ខណ្ឌ​ទាំង៣ដែល​បាន​លើកឡើង​ខាងលើ​នេះ​ មិនមែន​មានន័យថា​ តម្លៃ​ដី​ ឬតម្លៃ​អចលនវត្ថុ​ មានកម្រិត​ស្មើគ្នា​នោះ​ទេ​ ប៉ុន្តែ​វា​មាន​តំបន់​ខ្លះ​ឡើងថ្លៃ​ ហើយ​តម្លៃ​ខ្លះ​នៅ​រក្សា​តម្លៃ​ធម្មតា​ដូច​ឆ្នាំ​កន្លងទៅ​។

លោក​បន្ត​ថា​ ខណ្ឌចំការមន​ តំបន់​ដែល​មានការ​ចាប់អារម្មណ៍​ពីសំណាក់​អ្នក​វិនិយោគ​ជាតិ​ អន្តរជាតិ​ គឺ​តំបន់​កោះ​ពេជ្រ​ ដែល​កំពុងតែ​មានការ​រីកចម្រើន​ខ្លាំង​ លើ​ការ​សា​សង់​សំណង់​អាគារ​ពាណិជ្ជកម្ម​នានា​កម្រិត​អន្តរជាតិ​ ហើយក៏​ជា​តំបន់​ដែល​មហាជន​ទូទៅ​ទទួលស្គាល់​ថា​ ជា​តំបន់​ដែល​មាន​សក្ដានុពល​ផង​ដែរ​។ នៅ​តំបន់​កោះ​ពេជ្រ​បច្ចុប្បន្ន​មានតម្លៃ​ក្នុង​ចន្លោះ​ចាប់ពី​ជាង​ ៤០០០​-៥០០០​ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ ហើយ​នៅ​ប៉ែក​ម្ខាងទៀត​ចាប់ពី​គល់​ស្ពាន​នាគ​កោះ​ពេជ្រ​ មក​ខាង​តំបន់​មណ្ឌល​កម្សាន្ត​ NAGA​ 1 NAGA​2 ក៏​មាន​តម្លៃ​ប្រហាក់​ប្ហែល​គ្នា​នឹង​តំបន់​កោះ​ពេជ្រ​ផង​ដែរ​។

ចំពោះ​ខណ្ឌ​បឹងកេងកង​ ក៏​មាន​តំបន់​ខ្លះ​នៅ​រក្សា​តម្លៃ​ប្រហាក់​ប្រហែល​ឆ្នាំ​កន្លងទៅ​ដែរ​ ប៉ុន្តែ​នៅក្នុង​តំបន់​សង្កាត់​បឹងកេងកង១​ អាច​មាន​អត្រា​ខ្ពស់​ជាងគេ​បន្តិច​ ដោយសារតែ​សង្កាត់​មួយ​នេះ​ ត្រូវ​បាន​ហ៊ុ​ព័ទ្ធ​ទៅ​ដោយ​ផ្លូវ​សំ​ខាន់​ៗចំនួន​ រួមមាន​ផ្លូវ​ ម៉ៅ​សេង​ទុង​ ផ្លូវ​ព្រះមុនីវង្ស​ ផ្លូវ​ព្រះសីហនុ​ និង​ផ្លូវ​ព្រះ​នរោត្តម​។ អាស្រ័យ​ដោយ​តំបន់​នេះ​ ជា​តំបន់​សក្ដានុពល​អចលនទ្រព្យ​ ធ្វើ​ឱ្យ​តម្លៃ​ដី​ស្ថិតនៅ​ក្នុង​ចន្លោះ​ចាប់ពី៤៥០០​ ទៅ​ ៥៥០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ ឬទីតាំង​ខ្លះ​អាច​ខ្ពស់​ជាង​នេះ​អាស្រ័យ​ដោយ​ទីតាំង​មាន​តម្រូវការ​ និង​តាម​ទំហំ​ផង​ដែរ​។

លោក​សន​ សៀ​បបាន​បន្ត​ទៀត​ថា​ ដោយឡែក​ខណ្ឌដូនពេញ​ ដែល​ស្ថិតនៅ​តាម​ រុក្ខ​វិថិ​ក្រមួនស​ ដែល​ជា​តំបន់​ប្រមូល​ផ្តុំ​ដោយ​ស្ថាប័ន​ធនាគារ​ឯកទេស​ ធនាគារពាណិជ្ជ​ ក៏ដូចជា​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ ជាដើម​នោះ​ បច្ចុប្បន្ន​ដី​នៅ​តំបន់​នេះ​ហាក់​មានតម្លៃ​ខ្ពស់​ជាងគេ​បន្តិច​ ពោល​គឺ​គិតជា​មធ្យម​មានតម្លៃ​ ក្នុង​ចន្លោះ​ចាប់ពី៦០០០​ ទៅ ៧០០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​៕

ឥណ្ឌូណេស៊ី​ដាក់ចេញ​នូវ​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​ AI​ ដើម្បី​លុបបំបាត់​ការិយាធិបតេយ្យ​

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ ប្រធានាធិបតី​ឥណ្ឌូ​នេ​ស៊ី​លោក​ចូ​កូ​ វី​ដូ​ដូ​ (Joko​ Widodo​) បាន​ថ្លែង​ថា​ រដ្ឋាភិបាល​របស់​លោក​ នឹង​ដាក់ចេញ​នូវ​បច្ចេកវិទ្យា​សិប្បនិម្មិត​ (AI​) ដើម្បី​បង្កើន​ល្បឿន​នៃ​ការ​វិនិយោគ​ និង​លុបបំបាត់​នូវ​ការិយាធិបតេយ្យ​កម្រិតខ្ពស់​របស់​រដ្ឋាភិបាល​ចំនួន​ពីរ​។

លោក​ប្រធានាធិបតី​ បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ “ខ្ញុំ​បាន​បញ្ជា​ឱ្យ​រដ្ឋមន្រ្តី​ជំនួស​មន្រ្តី​ទី៣​ និង៤ជាមួយ​បច្ចេកវិទ្យា​ AI​ ដោយសារតែ​ការិយាធិបតេយ្យ​របស់​យើង​នឹង​លឿន​ជាមួយ​បច្ចេកវិទ្យា​ ប៉ុន្តែ​វា​អាស្រ័យ​លើច្បាប់​អូ​នី​មូស​រដ្ឋាភិបាល​ ចង់​ដាក់ចេញ​នូវ​បច្ចេកវិទ្យា​ AI​ ដើម្បី​ដំណើរការ​ការចុះបញ្ជី​អាជីវកម្ម​ និង​អាជ្ញាប័ណ្ណ​។

រដ្ឋមន្រ្តី​ក្រសួងសេដ្ឋកិច្ច​សម្របសម្រួល​ លោក​ Airlangga​ Hartarto​ បាន​និយាយ​នៅក្នុង​របាយការណ៍​មួយ​ថា​ “វិធី​មួយ​ក្នុងចំណោម​វិធី​ដែល​យើង​ នឹង​ប្រើ​ប្រាស់​ប្រព័ន្ធ​បច្ចេ​កវិទ្យា​AI​ នឹង​ស្ថិតនៅ​ក្នុងអំឡុងពេល​ដំណើរការ​ចុះឈ្មោះ​។

ឧទាហរណ៍​ យើង​នឹង​ធ្វើ​ ឱ្យ​សាមញ្ញ​នូវ​ការអនុញ្ញាត​សាងសង់​។ ការ​ផ្តល់​អាជ្ញាប័ណ្ណ​ នឹង​ផ្អែកលើ​វិធី​សាស្រ្ត​ដែល​ផ្តោត​លើ​ហានិភ័យ​ដែល​អាច​កើតមាន​”។

ក្រុម​អ្នកវិភាគ​ជឿជាក់​ថា​ បច្ចេកវិទ្យា​ AI​ នឹង​ធ្វើ​បដិវត្ត​អាជីវកម្ម​ ក្នុងរយៈពេល​ពីរ​ បី​ឆ្នាំខាងមុខ​។

មហាសេដ្ឋី​ចិន​ Jack​ Ma​ ជឿជាក់​ថា​ សប្តាហ៍​ធ្វើការ ១២ម៉ោង​ នឹង​ក្លាយជា​បទដ្ឋាន​មួយ​ បន្ទាប់ពី​បច្ចេកវិទ្យា​ AI​ ជឿនលឿន​​គ្រប់គ្រាន់​ ក្នុង​ការ​កាន់កាប់​ភារកិច្ច​ ដែល​ផ្តោត​លើ​មនុស្ស​ភាគច្រើន​។

ទោះ​យ៉ាងណាក៏ដោយ​ មនុស្សជា​ច្រើន​ភ័យខ្លាច​ថា​ បច្ចេកវិទ្យា​ AI​ នឹង​លុបបំបាត់​កម្លាំង​ពលកម្ម​ពាក់កណ្តាល​នៃ​ពិភពលោក​ ហើយ​ធ្វើ​ឱ្យ​មនុស្ស​គ្មាន​ការងារ​ធ្វើជា​ច្រើន​។

លោក​ Kai​-Fu​ Lee​ អ្នកជំនាញ​ខាង​បច្ចេកវិទ្យា​ AI​ បាន​ប្រាប់​ទូរទស្សន៍​អាមេរិក​ថា​ បច្ចេកវិទ្យា​អាច​លុបបំបាត់​ និង​កាន់កាប់​ការងារ​បាន៤០ភាគរយ​ ក្នុងរយៈពេល ១៥ឆ្នាំខាងមុខ​។

លោក​ Lee​ បាន​និយាយ​នៅដើម​ឆ្នាំនេះ​ថា​ “បច្ចេកវិទ្យា​នឹង​ឈាន​ទៅ​រក​ការ​ផ្លាស់​ប្តូរ​ពិភពលោក​ច្រើន​ជាង​អ្វី​ៗទាំងអស់​ នៅក្នុង​ប្រវត្តិសាស្ត្រ​មនុស្សជាតិ​។ វា​ក៏​នឹង​កាន់កាប់​ការិយាល័យ​បែប​ប្រពៃណី​ ការងារ​នៅក្នុង​គណនេយ្យ​ បដិសណ្ឋារ​កិច្ច​ ច្បាប់​ ទីផ្សារ​ និង​ការថែទាំ​សុខភាព​ផង​ដែរ​”។

ធនាគារ​យក្ស ​Deutsche​ Bank​ ដែល​ជា​ក្រុមហ៊ុន​ផ្តល់​សេវា​ហិរញ្ញវត្ថុ​អន្ដរ​ជាតិ​បាន​ចាប់ផ្តើម​ដំណើរការ​ជំនួស​ការងារ​ចំនួន ១៨​,០០០​ កន្លែង​ ជាមួយនឹង​បច្ចេកវិទ្យា ​AI​ ហើយនឹង​ជួយ​សន្សំប្រាក់​ដល់ទៅ៨ពាន់​លាន​ដុល្លារ​ ក្នុង​ប្រតិបត្តិ​ការ​ចំណាយ​នៅ​ឆ្នាំ២០២២​។

លោក​ Mark​ Matthews​ ប្រធាន​ផ្នែក​ប្រតិបត្តិ​ការ​សម្រាប់​ក្រុមហ៊ុន​សាជីវកម្ម​ និង​ធនាគារ​វិនិយោគ​របស់​ Deutsche​ មានប្រសាសន៍​ថា​ “ចំនួន​បុគ្គលិក​នឹង​បន្ត​ថយ​ចុះ​ ដែល​វា​មិនមែន​ជា​ចម្ងល់​ឡើយ​។ គំរូ​របស់​យើង​គឺ​កាត់បន្ថយ​ថ្លៃដើម​ ហើយ​ក្នុង​ពេល​តែមួយ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​បរិយាកាស​គ្រប់គ្រង​ និង​បទពិសោធន៍​របស់​អតិថិជន​”។

ក្រុមហ៊ុន​នេះ​ បាន​ប្រើ​រូបយន្ត​ AI​ ដើម្បី​ដំណើរការ​ប្រតិបត្តិ​ការ​ធនាគារ​ សាជីវកម្ម​ចំនួន៥លាន​ ការ​ត្រួតពិនិត្យ​ធនាគារ​វិនិយោគ ៣៤លាន​ និង​រក្សាទុក​កម្លាំង​ពលកម្ម​ដោយ​មនុស្ស៦៨០​,០០០​ ម៉ោង​ដោយ​ប្រើ​បច្ចេកវិទ្យា​នេះ​៕

តើ​ស្ថានភាព​ទីផ្សារ​ខុន​ដូ​វិវត្តន៍​ដូចម្តេច​នៅ​ប្រទេស​កម្ពុជា​?

តើ​ស្ថានភាព​ទីផ្សារ​ខុន​ដូ​វិវត្តន៍​ដូចម្តេច​នៅ​ប្រទេស​កម្ពុជា​?
តើ​ស្ថានភាព​ទីផ្សារ​ខុន​ដូ​វិវត្តន៍​ដូចម្តេច​នៅ​ប្រទេស​កម្ពុជា​?

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ សម្រាប់​ទីផ្សារ​ខុន​ដូរ​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ​ កំពុងតែ​បង្ហាញ​ពី​សក្ដានុពល​ និង​មាន​តម្រូវការ​ខ្ពស់​ពីសំណាក់​ជនជាតិ​ខ្មែរ​ ផ្ទុយ​ស្រឡះ​កាលពី​ឆ្នាំ​កន្លងទៅ​ដែល​មាន​ភាព​ស្ងប់ស្ងាត់​ ហើយ​អតិថិជន​ភាគច្រើន​ជា​ជនជាតិ​បរទេស​។ នេះ​បើ​តាម​ការ​អះអាង​របស់​អ្នកជំនាញ​នៅក្នុង​វិស័យ​មួយ​នេះ​។

ស្រប​ទៅ​នឹង​កំណើន​នៃ​ការ​អភិវឌ្ឍ​វិស័យ​អចលនទ្រព្យ​ ជា​ពិ​សេសំ​ណង់​អគារ​ពាណិជ្ជ​កម្ម​ធំៗ​ ដែល​មានតម្លៃ​រាប់​រយ​លាន​ដុល្លារ​នា​ពេល​បច្ចុប្បន្ន​នេះ​ ងាក​ទៅ​ចាប់អារម្មណ៍​ទីផ្សារ​ខុន​ដូ​នៅ​កម្ពុជា​ ហាក់​មាន​ភាព​ពុះកញ្ជ្រោល​យ៉ាង​ខ្លាំង​ ខណៈ​ដែល​អតិថិជន​ភាគច្រើន​ជា​ជនជាតិ​ខ្មែរ​ ដែល​កំពុង​ចាប់អារម្មណ៍​ទៅ​នឹង​ខុន​ដូ​ ដែល​មានតម្លៃ​មធ្យម​។

នាយិកា​ប្រចាំ​ប្រទេស​ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ​ CBRE​ Cambodia​ លោកស្រី​អាន​ សុធី​តា​ បាន​មានប្រសាសន៍​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃទី២៨​ ខែវិច្ឆិកា​ ឆ្នាំ២០១៩​ នេះ​ថា​ ទាំង​អ្នក​អភិវឌ្ឍន៍​ ការ​វិនិយោគ​បន្ថែម​ ឬការទិញ​លក់​នៅក្នុង​វិស័យ​មួយ​នេះ​នៅតែ​មាន​សកម្ម​ភា​ពប្រ​ទាប់​ត្រសង​គ្នា​ គិត​ត្រឹម​ត្រីមាស​ទី៣ឆ្នាំនេះ​ ជាពិសេស​ការទិញ​-លក់​ ប្រភេទ​ខុន​ដូ​តម្លៃ​មធ្យម​។ ដោយឡែក​សម្រាប់ត្រី​មាស​ទី៤​ ដែល​មាន​រយៈពេល៣ខែ​ចុងក្រោយ​នេះ​ ហាក់​មាន​ភាព​ស្ងប់ស្ងាត់​បន្តិច​។

លោកស្រី​បន្ត​ទៀត​ថា​“អ្វី​ដែល​យើង​មើលឃើញ​ នៅក្នុង​រយៈពេល៣ខែ​ចុងក្រោយ​នេះ​ ហាក់​មាន​ភាព​ស្ងប់ស្ងាត់​បន្តិច​ បើ​ធ្វើការ​ប្រៀបធៀប​ទៅ​នឹង​ត្រី​ទី២​ និង​ត្រីមាស​ទី៣​”។ លោកស្រី​បាន​បញ្ជាក់​ថា​ ការ​ធ្លាក់ចុះ​ ឬភាព​ស្ងប់ស្ងាត់​ទាំងនេះ​ ហាក់​មិន​មាន​អ្វី​ចម្លែក​ខ្លាំង​នោះ​ទេ​ ដោយសារតែ​ជាទូទៅ​នៅ​រៀងរាល់​ចុងឆ្នាំ​ វា​គឺជា​វេលា​សម្រាក​ និង​ត្រៀម​ផែនការ​ថ្មី​ ដើម្បី​អនុវត្ត​ ឬវិនិយោគ​សម្រាប់​ឆ្នាំក្រោយ​។ ដូច្នេះ​យើង​គិតថា​ បើ​ទោះជា​វា​មាន​ចំណុច​អវិជ្ជមាន​តិចតួច​ ប៉ុន្តែ​វា​មិនមែន​បញ្ហា​ធំដុំ​ ដែល​អាច​ជះឥទ្ធិពល​អាក្រក់​ដល់​វិស័យ​នេះ​ឡើយ​”។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ TOWN​ CITY​ Real​ Estate​ Co​,.Ltd​ ​លោក​ វ៉ន​ ចាន់​ថន​ បាន​មាន​ប្រសា​សន៍ឲម្យ​ដឹងផង​ដែរ​ថា​ ផ្អែក​តាម​ភាព​ជាក់ស្ដែង​ ទីផ្សារ​ខុន​ដូ​នៅ​ចុងឆ្នាំ​នេះ​ គឺ​មាន​ភាពល្អ​ប្រសើរ​ជា​ឆ្នាំ​កន្លងទៅ​ ដែល​មាន​សភាព​ស្ងប់ស្ងាត់​។ ចាប់តាំងពី​ដើមឆ្នាំ២០១៩រហូតមកដល់​ចុងឆ្នាំ​នេះ​ ការ​លក់​ខុន​ដូ​គឺ​មាន​ភាពល្អ​ប្រសើរ​ និង​កើនឡើង​ជាង​ឆ្នាំ​កន្លងទៅ​គួរ​ឱ្យ​កត់សម្គាល់​ ហើយ​ភាគច្រើន​ខុន​ដូ​ដែល​មាន​តម្រូវការ​ខ្ពស់​ ជា​ប្រភេទ​ខុន​ដូ​ដែល​មានតម្លៃ​មធ្យម​ ហើយ​អតិថិជន​ជា​ជនជាតិ​ខ្មែរ​ ច្រើនជាង​បរទេស​។

លោក​បន្ត​ទៀត​ថា​ “តាម​ការ​កត់សម្គាល់​របស់ខ្ញុំ​ ខុន​ដូ​ដែល​មាន​តម្រូវការ​ និង​ងាយស្រួល​លក់​ គឺ​មាន​ទីតាំងនៅ​ប៉ែក​ខាងត្បូង​ក្រុង​ ដោយសារតែ​តំបន់​នេះ​តម្លៃ​ដី​នៅ​មានកម្រិត​ ហើយ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ​ ជាពិសេស​មាន​មហាវិថី ៦០ម៉ែត្រ​ ៥០ម៉ែត្រ​ និង៣០ម៉ែត្រ​ ហើយ​នៅ​ជិត​ក្រុង​ ដែល​ជា​តំបន់​ពួកគាត់​បម្រើការ​ងារ​ ក៏ដូចជា​សាលារៀន​របស់​កូន​ៗរបស់​គាត់​”។

ក្រៅពី​ការទិញ​សម្រាប់​ស្នាក់នៅ​ ក៏​មាន​អតិថិជន​មួយចំនួន​ទិញទុក​ ដើម្បី​វិនិយោគ​បន្ត​ ឬជួល​យក​ចំណូល​ប្រចាំខែ​ផង​ដែរ​ ហើយ​ភាគច្រើន​មាន​តម្រូវការ​ទៅលើ​ខុន​ដូ​ដែល​មានតម្លៃ​ចាប់៧​-១២ម៉ឺន​ដុល្លារ​ក្នុង​មួយ​យូនី​ត។ តម្រូវការ​នេះ​ នឹង​នៅ​បន្ត​រហូតដល់​ឆ្នាំ២០២០ខាងមុខនេះ​។ ដោយឡែក​សម្រាប់​ខុន​ដូ​ ដែល​មានតម្លៃ​ថ្លៃ​ចាប់ពី១២ម៉ឺន​ដុល្លារ​ឡើង​ទៅ​ ភាគច្រើន​មាន​តម្រូវការ​ទៅលើ​អតិថិជន​បរទេស​ ប៉ុន្តែ​ខុន​ដូ​ប្រភេទ​នេះ​មិនសូវ​មាន​តម្រូវការ​ខ្ពស់​នោះ​ទេ​។

គិត​ត្រឹម​ដើម​ឆមាស​ទី២​ ឆ្នាំ២០១៩​ គម្រោង​ខុន​ដូ​ទាំងអស់​មាន​ចំនួន១៤៥​ ក្នុង​នោះ​គម្រោង​ចំនួន៧០​ បាន​បញ្ចប់​ការសាងសង់​ជាស្ថាពរ​ ហើយ៧៥គម្រោង​កំពុងតែ​បន្តដំណើរ​ការ​សា​សង់​យ៉ាងសកម្ម​នា​ពេល​បច្ចុប្បន្ន​នេះ​។

​នៅក្នុងចំណោម​ទាំង​ ៧៥គម្រោង​មាន​ខុន​ដូ​ចំនួន៦២គម្រោង​ ជា​គំរោង​សាងសង់​បន្ត​ដែល​នៅសល់​តាំងពី​ឆ្នាំ​ចាស់​ ហើយ​គម្រោង​ខុន​ដូច​ចំនួន១៣ថ្មី​បន្ថែម​ទៀត​ ទើបតែ​បាន​ដំណើរការ​កាលពី​ពាក់កណ្តាល​ឆ្នាំ២០១៩​៕

អានអត្ថបទ៖ រឿងសំខាន់ៗដែលត្រូវស្វែងយល់មុនសម្រេចចិត្តទិញខុនដូ