ដោយវុត្ថា
បាត់ដំបងៈ លោក Aoki Tabashz តំណាងឱ្យក្រុមហ៊ុនជប៉ុនផលិតអំពូលភ្លើងក្នុងប្រទេសកម្ពុជា បានស្នើសុំរដ្ឋបាលខេត្តបាត់ដំបង ចូលរួមវិនិយោគឱ្យមានការប្រើប្រាស់ប្រព័ន្ធLED នៅក្នុងខេត្ត ដើម្បីទាក់ទាញការវិនិយោគ និងទេសចរណ៍។

លោក Aoki Tabashz នៅក្នុងជំនួបជាមួយ លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបងកាលពីពេលថ្មីៗនេះឱ្យដឹងថា ទក្រុមហ៊ុនជប៉ុនផលិតអំពូលភ្លើងក្នុងស្រុក ដែលផលិត និងជាស្នាដៃរបស់កូនខ្មែរសម្រាប់បំរើ ដល់ប្រជាពលរដ្ឋ និងនៅតាមបណ្តាខេត្តនានារបស់កម្ពុជា។
លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបងបានសម្តែងការស្វាគមន៍ ចំពោះក្រុមហ៊ុនផលិតអំពូលភ្លើងក្នុងស្រុករបសជប៉ុន ដែលជាស្នាដៃកូនខ្មែរ ក្នុងការផលិតផល និងមានបច្ចេកទេសខ្ពស់ជួយសន្សុំសំចៃថវិកា ដោយប្រើប្រាស់ប្រព័ន្ធ LED និងមានបច្ចេកវិទ្យាខ្ពស់ផង ហើយម៉្យាងវិញទៀតជាផលិតផលក្នុងស្រុកផងដែរ។

លោកបានបន្តទៀតថា “រដ្ឋបាលខេត្តបាត់ដំបង បានជាប់កុងត្រាជាមួយក្រុមហ៊ុនមួយទៀតដែលជួយរៀបចំបំភ្លឺផ្លូវសាធារណៈ ដូច្នេះលោកនឹងធ្វើការរាយការណ៍ជូនអភិបាលខេត្ត ដើម្បីស្នើសុំគោលការណ៍ និងលើកជាយោបល់ជូនឯកឧត្តម ដើម្បីធ្វើការពិនិត្យ និងគ្រោងថវិកាសម្រាប់អនុវត្តក្នុងឆ្នាំណាមួយផងដែរ”។
ខេត្តបាត់ដំបង គឺជាខេត្តដែលមានសក្តានុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ វិនិយោគ កសិកម្មរបស់កម្ពុជា និងជាខេត្តគោលដៅរបស់រាជរដ្ឋាភិបាល ដាក់ចូលជាទីក្រុងវៃឆ្លាត (Smart City) ក្នុងចំណោមក្រុងផ្សេងទៀត៕






