ដោយគង់ សូរិយា
ភ្នំពេញៈ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានពិភាក្សាជាមួយតំណាងទីភ្នាក់ងារអភិវឌ្ឍន៍អង្គការសហប្រជាតិជាតិ(UN) ដើម្បីឈានទៅរៀបចំ គោលនយោបាយជាតិដឹកជញ្ជូនផ្លូវគោក។
ក្នុងជំនួបពិភាក្សាការងារជាមួយលោកNick Beresford តំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ដែលមាននិវេសនដ្ឋានប្រចាំកម្ពុជា លោកទេសរដ្ឋមន្រ្តី បានផ្តោតជា សំខាន់លើដំណើរការរៀបចំ គោលនយោបាយជាតិដឹកជញ្ជូនផ្លូវគោក ការអភិវឌ្ឍវិស័យដឹកជញ្ជូន បញ្ហាប្រឈម និងដំណោះស្រាយចំពោះគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា ការលើកកម្ពស់ប្រព័ន្ធភស្តុភារកម្ម ការអភិវឌ្ឍច្រករបៀងសេដ្ឋកិច្ចសំខាន់ៗ រួមមាន ច្រកទ្វារព្រំដែនអន្តរជាតិបាវិត-ម៉ុកបៃ និងច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន ដើម្បីបង្កើនភាពប្រកួតប្រជែងក្នុងតំបន់ និងពិភពលោកផងដែរ។
លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល បានជម្រាបជូនភ្ញៀវអំពីគម្រោង បំពាក់ជញ្ជីងស្វ័យប្រវត្តិ (Weight in Motion) និងកាមេរ៉ាឆ្លាតវៃ (AI Camera) តាមដានយានយន្តចូល និងមិនចូលស្ថានីយថ្លឹង រថយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដើម្បីជូនដំណឹងទៅសមត្ថកិច្ចពាក់ព័ន្ធដោយស្វ័យប្រវត្តិដើម្បីចាត់វិធានការ។
ជាមួយគ្នានេះផងដែរ លោកទេសរដ្ឋមន្ត្រី បានប្រសាសន៍ថា ក្រសួងនឹងរៀបចំប្រព័ន្ធអនឡាញ ដើម្បីឱ្យក្រុមហ៊ុន រោងចក្រ សហគ្រាស អាចរាយការណ៍ជាប្រចាំមកកាន់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អំពីសកម្មភាពបណ្តុះបណ្តាលអប់រំផ្សព្វផ្សាយដល់បុគ្គលិក កម្មករ និយោជិតរបស់ខ្លួន អំពីច្បាប់ចរាចរណ៍ផ្លូវគោក៕






