កោះ​តៃវ៉ាន់​គ្រោង​នឹង​បើក​ជើងហោះហើរ​ត្រង់​មកកាន់​កម្ពុជាបន្ថែមទៀត​ ដើម្បី​ជំរុញ​វិស័យ​ពាណិជ្ជកម្ម​ទ្វេរ​ភាគី​

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ នៅក្នុង​ពេល​ដ៏​ខ្លី​ឆាប់​ៗខាងមុខនេះ​ ទី​ក្រុង​ហ័​រលៀ​ននៃ​កោះ​តែ​វ៉ាន់​ និង​ក្រុងភ្នំពេញ​ ប្រទេស​កម្ពុជា​ នឹង​មានការ​បង្កើត​ជើងហោះហើរ​ត្រង់​ ក្នុង​គោលបំណង​ជំរុញ​កំណើន​វិស័យ​ពាណិជ្ជកម្ម​ និង​សេវាកម្ម​ទេសចរណ៍​ឱ្យ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​។

បន្ទាប់ពី​បាន​ធ្វើការ​សិក្សា​ និង​ស្វែងយល់​លម្អិត​ពី​កាលានុវត្តន៍​ភាព​ ជាពិសេស​ឱកាស​វិនិយោគ​នៅ​កម្ពុជា​មាន​ភាព​វិជ្ជមាន​ច្រើន​ គណៈប្រតិភូ​វិនិយោគ​មក​ពី​ក្រុង​ហ័​រលៀ​ននៃ​កោះ​តៃវ៉ាន់​ បាន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​ និង​មហិ​ច្ឆិ​តា​ ចង់​បណ្តាក់​ទុន​វិនិយោគ​ជា​ដៃគូ​ជាមួយ​កម្ពុជា​ ពិសេស​មានបំណង​បង្កើត​ឱ្យ​មាន​ជើងហោះហើរ​ត្រង់​ ពី​ក្រុង​ហ័រលៀន កោះ​តៃវ៉ាន់​ មកកាន់​កម្ពុជា​ថែមទៀត​ផង​។

អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ លោក​ឧកញ៉ា​លឹម​ ហេង​ បាន​មានប្រសាសន៍​ប្រាប់​តាម​ប្រព័ន្ធ​សារ​អេ​ឡិច​ត្រូ​និច​ កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​នេះ​ថា​ កម្ពុជា​ និង​តៃវ៉ាន់​ ធ្លាប់​មាន​ទំនាក់ទំនង​ជាមួយគ្នា​យូរ​មក​ហើយ​ ហើយក៏​មាន​ធ្វើ​ពាណិជ្ជកម្ម​រួមគ្នា​ផង​ដែរ​ ជាពិសេស​លើ​វិស័យ​ឧស្សាហកម្ម​ រោងចក្រ​កាត់ដេរ​ និង​វិស័យ​សំណង់​ជាដើម​។

លោក​ឧកញ៉ា​បាន​បន្ត​ទៀត​ថា​ “កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​នេះ​ គណៈប្រតិភូ​វិនិយោគ​មួយ​ក្រុម​ដែល​មាន​ពី​ក្រុង​ហ័​រលៀន​ បាន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​ខ្ពស់​ក្នុង​ការ​វិនិយោគ​នៅ​កម្ពុជា​ ដែល​ក្រៅពី​វិស័យ​ឧស្សាហកម្ម​ដែល​កំពុងតែ​មាន​ក្រុមហ៊ុន​មួយចំនួន​ដំណើរការ​រួច​ទៅ​ហើយ​នោះ​ ក៏​មាន​គម្រោង​ស្នើ​ឱ្យ​មានការ​បង្កើត​ជើងហោះហើរ​ត្រង់ពី​ទីក្រុង​ហ័រលៀន នៃកោះតៃវ៉ាន់មកកាន់​ក្រុង​ភ្នំពេញ  ប្រទេសកម្ពុជា​ផង​ដែរ​”។

លោក​ឧកញ៉ា​បាន​បន្ត​ទៀត​ថា​ “បច្ចុប្បន្ន​នេះ​រវាង​កម្ពុជា​ និង​តៃវ៉ាន់​ មាន​កិច្ច​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយគ្នា​   ហើយក៏មានការហោះហើរត្រង់ជាមួយគ្នាផងដែរ ដូចជា  តៃប៉ិ ជាដើម ប៉ុន្តែ​នៅ​មិនទាន់​មាន​ជើងហោះហើរ​ត្រង់​ពីទីក្រុងហ័រលៀននៅឡើយ​នោះ​ទេ​”។ លោក​បន្ថែម​ថា​ “ដូច្នេះ​ប្រសិនបើ​មានការ​ហោះហើរ​ត្រង់​បន្ថែម​ វា​ជា​វិធីសាស្ត្រ​ថ្មី​មួយ​បន្ថែម​ទៀត​សម្រាប់​ទាក់ទាញ​ការ​វិនិយោគ​ ជំរុញ​វិស័យ​ពាណិជ្ជកម្ម​ ហើយក៏​អាច​បង្កើន​សេវាកម្ម​ផ្នែក​ទេសចរណ៍​ផង​ដែរ​”។

ការ​វិនិយោគ​របស់​តែ​វ៉ាន់​នៅ​កម្ពុជា​ នា​ពេល​បច្ចុប្បន្ន​នេះ​ ក្រៅពី​វិស័យ​ឧស្សាហកម្ម​ ដែល​រួមមាន​រោងចក្រ​កាត់ដេរ​ និង​សហគ្រាស​ផលិត​សម្ភារៈ​ប្រើប្រាស់​មួយចំនួន​ ក៏​មាន​ផ្នែក​សុខាភិបាល​ និង​វិស័យ​ធនាគារ​ផង​ដែរ​ ខណៈ​ដែល​នៅ​ឆ្នាំ​បន្ទាប់​គេ​រំពឹង​ថា​ នឹង​មានការ​វិនិយោគ​លើ​វិស័យ​ទេសចរណ៍​បន្ថែម​ទៀត​៕

កម្ពុជា​ និង​ថៃ​នឹង​បើក​កិច្ចពិភាក្សា​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​អគ្គិសនី​ទំហំ​ធំ​ដែល​អាច​នឹង​ចាប់ផ្តើម​នៅ​ឆ្នាំ២០២៣​

ដោយ​ ប៊ី​

បាង​កកៈ​ អាជ្ញាធរ​អគ្គិសនី​ថៃ​ (Egat​) គ្រោង​នឹង​ពិភាក្សា​ជាមួយ​អាជ្ញាធរ​ថាមពល​នៅ​កម្ពុជា​ និង​មីយ៉ាន់ម៉ា​ ដើម្បី​ធ្វើ​ពាណិជ្ជកម្ម​អគ្គិសនី​ពី​ថៃ​ ដែល​មាន​កម្លាំង​ថាម​ពេល​ ៥០០មេ​ហ្គា​វ៉ាត់​។

លោក ​Patana​ Sangsriroujana​ អភិបាលរង​នៃ​គោលនយោបាយ​ និង​ផែនការ​ បាន​ប្រាប់​កាសែត​បាងកក​ប៉ុស្តិ៍​ថា​ អាជ្ញាធរ​អគ្គិសនី​ថៃ​ត្រូវ​បាន​បញ្ជា​ ដោយ​រដ្ឋមន្រ្តី​ក្រសួង​ថាមពល ​Sontirat​ Sontijirawong​ ដើម្បី​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល​ទាំងពីរ​អំពី​ការ​ធ្វើ​ពាណិជ្ជកម្ម​ថាមពល​នា​ពេល​អនាគត​។

លោក​ Patana​ មានប្រសាសន៍​ថា​ “ការ​លក់​ទៅ​ឱ្យ​កម្ពុជា​ នឹង​ធ្វើឡើង​លឿន​ជាង​ ​មីយ៉ាន់ម៉ា​ ពីព្រោះ​បណ្តាញ​បញ្ជូន​មួយចំនួន​ ត្រូវ​បាន​អភិវឌ្ឍ​រួចហើយ​នៅ​កម្ពុជា​។ ប៉ុន្តែ​មីយ៉ាន់ម៉ា​ ត្រូវការ​ការ​វិនិយោគ​ថ្មី​សម្រាប់​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​”។

លោក​បានឱ្យ​ដឹង​ថា​ ការ​ធ្វើ​ពាណិជ្ជកម្ម​អគ្គិសនី​ដល់​ប្រទេស​ទាំងពីរ​ គួរតែ​ចាប់ផ្តើម​នៅ​ឆ្នាំ២០២៣​។ រដ្ឋមន្រ្តី​ថាមពល​នៃ​ប្រទេស​ទាំង​បី​ចាំបាច់​ ត្រូវ​ព្រមព្រៀង​លើ​កិច្ចសន្យា​មួយ​។

លោក​ Patana​ បាន​និយាយ​ថា​ រដ្ឋាភិបាល​ឡាវ​ក៏​ចាប់អារម្មណ៍​ ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​អគ្គិសនី​ដល់​កម្ពុជា​ និង​មីយ៉ាន់ម៉ា​ក្រោម​ក្រុមហ៊ុន​ Battery​ of​ Asia​ policy​ របស់​ខ្លួន​។

បន្ទាប់ពី​ការពិភាក្សា​បញ្ចប់​ ទាំង​អ្នកទិញ​ និង​អ្នកលក់​ នឹង​សិក្សា​ពី​លទ្ធភាព​លម្អិត​បន្ថែម​ទៀត​ ដូចជា​ សមត្ថភាព​ថាមពល​ ទីតាំង​ខ្សែ​បណ្តាញ​បញ្ជូន​ ពន្ធ​ថាមពល​និង​រយៈពេល​ធ្វើ​ពាណិជ្ជកម្ម​។

ពាណិជ្ជកម្ម​ថ្មីនេះ​ គឺជា​ជំហាន​មួយទៀត​ បន្ទាប់ពី​កិច្ច​ព្រមព្រៀង​ថាមពល​រវាង​ឡាវ​ ម៉ាឡេស៊ី​ និង​ថៃ​។

ប្រទេស​ទាំង​បី​បាន​ព្រមព្រៀង​គ្នា​ ក្នុង​ការទិញ​ថាមពលអគ្គីសនី​លើក​ទី២​ ក្រោម​គម្រោង​ថាមពល​សមាហរណកម្ម​ឡាវ​ ថៃ​ និង​ម៉ាឡេស៊ី​ (LTM​-PIP​) កាលពី​ខែ​ កញ្ញា​ ក្នុង​អំឡុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​អាស៊ាន​ស្តី​ពី​ថាមពល​ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ (AMEM​) នៅ​ទីក្រុង​បាងកក​។

ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​បី​ បាន​កើនឡើង​ដល់៣០០មេ​ហ្កា​វ៉ាត់​ ពី១០០មេ​ហ្គា​វ៉ាត់​ នៅក្នុង​ក្រោម​គម្រោង​ថាមពល​សមាហរណកម្ម​ឡាវ​ ថៃ​ និង​ម៉ាឡេស៊ី​៕

វៀតណាម​នឹង​ទទួល​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី៣៦​ និង​លើក​ទី៣៧​នៅ​ឆ្នាំក្រោយ​នេះ​

ដោយ ​វុត្ថា​

ថៃ​ឡង់​ដិ៍ៈ​ ​ប្រទេស​វៀតណាម​នឹង​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​ រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី៣៦​ និង​លើក​ទី៣៧​ នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ ក្នុង​ឆ្នាំ២០២០ខាងមុខ​ បន្ទាប់ពី​ប្រទេស​ថៃ​ដែល​ត្រូវ​បាន​បិត​បញ្ចប់​កាលពី​ម្សិលមិញ​នេះ​។

លោក​ប្រា​យុទ្ធ​ ចាន់​អូរ​ឆា​ នាយក​រដ្ឋមន្រ្តី​ថៃ​ នៅក្នុង​ពិធី​បិទ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី៣៥​ បន្ទាប់ពី​បាន​ដំណើរការ​របស់​ខ្លួន​ ប្រកបដោយ​លទ្ធផល​ដ៏​ត្រចះត្រចង់​ រយ:ពេល​ពេញ៣ថ្ងៃ​រួចមក​កាលពី​ថ្ងៃទី៤​ ខែវិច្ឆិកា​ ម្សិលមិញ​នេះ​ បាន​ជូន​ញញ្ញួរ​ដល់​លោក​ ​ង្វៀន​ សួន​ហ៊្វុ​ក នាយក​រដ្ឋមន្រ្តី​ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ ដើម្បី​ទទួល​ធ្វើជា​ប្រធាន​បន្តវេន​ដឹកនាំ​ កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ឆ្នាំ២០២០ខាងមុខ​។

លោ​កង្វៀន​ សួន​ហ៊្វុ​ក នាយក​រដ្ឋមន្រ្តី​ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ បាន​ធ្វើការ​ប្តេជ្ញា​ចិត្ត​ចំពោះមុខ​មេដឹកនាំ​អាស៊ាន​ ក្នុង​ការដឹកនាំ​ធ្វើជា​ម្ចាស់ផ្ទះ​ កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ឆ្នាំ២០២០​ ឲ្យ​កាន់តែ​ទទួល​បាន​ជោគជ័យ​ខ្ពង់ខ្ពស់​ថែមទៀត​ ពិសេស​គឺ​ដើម្បី​បម្រើ​ឲ្យផល​ប្រយោជន៍​ នៃ​ប្រជាជន​អាស៊ាន​ទាំង​ជាង៦៥០លាន​នាក់​។

យោង​តាម​មាត្រា៣១នៃ​ធម្មនុញ្ញ​អាស៊ាន​ចែងថា​ «ប្រធាន​អាស៊ាន​ត្រូវ​ប្ដូរ​វេន​ ជា​រៀងរាល់​ឆ្នាំ​ តាមលំដាប់​អក្ខរក្រម​នៃ​ឈ្មោះ​ ជា​ភាសាអង់គ្លេស​របស់​រដ្ឋ​សមាជិក​» ហើយ​រដ្ឋ​សមាជិក​ ដែល​ទទួល​បាន​ឋានៈ​ជា​ប្រធាន​អាស៊ាន​នោះ​ ត្រូវ​ធ្វើជា​ប្រធាន​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ និង​កិច្ចប្រជុំ​មួយចំនួន​ទៀត​។

អាស៊ាន​ ឬសមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ បង្កើត​ឡើង​នៅ​ថ្ងៃទី៨​ ខែសីហា​ ឆ្នាំ១៩៦៧​ ដោយ​ប្រទេស​ចំនួន៥​ រួមមាន​ ម៉ាឡេស៊ី​ ឥណ្ឌូ​នេ​ស៊ី​ ហ្វីលីពីន​ សិង្ហបុរី​ និង​ប្រទេស​ថៃ​ នាទី​ក្រុង​បាងកក​ប្រទេស​ថៃ​។ ប្រទេស​ស្ថាបនិក​ទាំងនោះ​ លើកលែង​ប្រទេស​ថៃ​ ​សុទ្ធសឹងតែ​ជា​ដែនដី​ដែល​ទើប​ទទួល​បាន​អធិបតេយ្យ​ភាព​ថ្មីថ្មោង​ ពី​នឹម​អាណានិគម​ក្នុង​សម័យ​នោះ​។ គួបផ្សំ​នឹង​ការ​ចាប់ផ្ដើម​នៃ​សង្គ្រាម​ត្រជាក់​ផង​ ​ទើប​ជំរុញ​ឲ្យ​ប្រទេស​ទាំង​ប្រាំ​ប្រកៀក​ស្មា​គ្នា​បង្កើត​សមាគម​នេះ​ឡើង​ ដោយមាន​គោលដៅ​រួម​ ជំរុញ​ឲ្យ​មាន​សន្តិភាព​ ស្ថិរភាព​ កំណើន​សេដ្ឋកិច្ច​ រួម​ទាំង​ការ​អភិវឌ្ឍ​សង្គម​ និង​វប្បធម៌​ ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ទាំងមូល​។

ចាប់ពី​ឆ្នាំ១៩៨៤មក​ ទើប​បណ្ដា​ប្រទេស​ដទៃ​ប្រាំ​ទៀត​ក្នុង​តំបន់​នេះ​ រួមមាន​ ប៊្រុយ​ណេ​ វៀតណាម​ ឡាវ​ មីយ៉ាន់ម៉ា​ និង​កម្ពុជា​ ដែល​ជា​កូនពៅ​ បាន​ក្លាយជា​សមាជិក​នៃ​សមាគម​នេះ​ជាបន្តបន្ទាប់​។

ក្នុងរយៈ​កាល​ជិត​កន្លះ​សតវត្ស​មកនេះ​ សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ដំណើរការ​ដោយ​ផ្ដោត​លើស​សរ​ស្ដម្ភ​ចំនួន​បី​ រួមមាន​ សហគមន៍​សន្តិសុខ​-នយោបាយ​ សហគមន៍​សេដ្ឋកិច្ច​ និង​សហគមន៍​វប្បធម៌​-សង្គម​ ដែល​សហគមន៍​ទាំង​បី​នេះ​ មាន​ទំនាក់ទំនង​គ្នា​ទៅវិញទៅមក​។

យ៉ាងណាក៏ដោយ​ មានតែ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ទេ​ ដែល​ត្រូវ​បាន​មជ្ឈដ្ឋាន​ទូទៅ​ស្គាល់​ច្រើន​ ក្រោយពី​ត្រូវ​បាន​មេដឹកនាំ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ បាន​ឯកភាព​គ្នា​កាលពី​ឆ្នាំ២០០៧​ ​ថា​នឹង​ប្រែក្លាយ​តំបន់​អាស៊ី​អាគ្នេយ៍​ ឲ្យ​ក្លាយជា​សហគមន៍​សេដ្ឋកិច្ច​រួម​មួយ​ឲ្យបាន​ត្រឹម​ឆ្នាំ២០១៥​។

សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​នេះ​ អនុញ្ញាត​ឲ្យ​មាន​លំហូរ​ដោយសេរី​នូវ​ទំនិញ​ សេវាកម្ម​ ការ​វិនិយោគ​ និង​ពលកម្ម​ជំនាញ​។ ឧបមា​ថា​ អាស៊ាន​គឺជា​ប្រទេស​មួយ​នោះ​ អាស៊ាន​គឺជា​មហាអំណាច​សេដ្ឋកិច្ច​ទី៧​ ក្នុង​ពិភពលោក​ដែល​មាន​ប្រជាជន​ជាង៦០០លាន​នាក់​ ហើយ​ត្រូវ​បាន​អ្នកសេដ្ឋកិច្ច​ព្យាករ​ថា​ អាច​នឹង​ក្លាយជា​មហាអំណាច​សេដ្ឋកិច្ច​ទី៤​ ត្រឹម​ឆ្នាំ២០៥០​ ប្រសិនបើ​កំណើន​សេដ្ឋកិច្ច​នៅតែ​បន្ត​។ តំបន់​អាស៊ាន​ក៏​ជា​ប្រភព​នៃ​កម្លាំង​ពលកម្ម​លំដាប់​ទី៣​ បន្ទាប់ពី​ប្រទេស​ចិន​ និង​ឥណ្ឌា​៕

មេដឹកនាំ​នៃ​ប្រទេស​ RCEP​ ប្តេជ្ញា​ចុះហត្ថលេខា​លើ​ភាពជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​ (RCEP​) នៅ​ឆ្នាំក្រោយ​នេះ​

ដោយ​ វុត្ថា​

ថៃ​ឡង់​ដិ៍​៖ មេដឹកនាំ​នៃ​ប្រទេស​ដៃគូ​សេដ្ឋកិច្ច​តំបន់​គ្រប់ជ្រុងជ្រោយ​ (RCEP​) បាន​ប្តេជ្ញា​ចុះ​ហត្ថេ​លេខា​លើ​ភាពជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​ (RCEP​) នៅ​ឆ្នាំ​ ២០២០ខាងមុខនេះ​ ដើម្បី​ដោះស្រាយ​បញ្ហា​លំ​បា​កៗ​ ដូចជា​ពាណិជ្ជកម្ម​ឌីជីថល​ កំណែ​ទំរង់​បទបញ្ញត្តិ​បើក​ចំហរ​ ពាណិជ្ជកម្ម​ និង​ការ​ចល័ត​នៃ​ពលករ​ជំនាញ​ សុទ្ធសឹងតែ​ស្ថិត​ក្នុង​របៀប​វារ:ជួរមុខ​ នៃ​ពាណិជ្ជកម្ម​បែប​ទំនើប​។

ការ​ប្តេជ្ញា​ក្នុង​ការ​ចុះហត្ថលេខា​នេះ​ ត្រូវ​បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​កំពូល​ភាពជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ ​(RCEP​) លើក​ទី៣​ ដែល​ធ្វើឡើង​នៅ​ទីក្រុង​បាងកក​ ព្រះរាជាណាចក្រ​ថៃ​ កាលពី​ថ្ងៃទី ៤វិច្ឆិកា​ ឆ្នាំ​ ២០១៩​ ក្រោម​ការចូលរួម​ពីសំណាក់​មេដឹកនាំ​អាស៊ាន​ និង​ប្រទេស​ជា​ដៃគូ​របស់​អាស៊ាន​ផ្សេងទៀត​ រួមមាន​ចិន​ ជប៉ុន​ សា​ធា​ រណ​រដ្ឋ​កូរ៉េ​ អូស្រ្តាលី​ ញ៉ូហ្សេ​ឡេន​ ឥណ្ឌា​ និង​សហរដ្ឋអាមេរិក​ ។

នៅក្នុង​កិច្ចប្រជុំ​កំពូល​នេះ​ មេដឹកនាំ​នៃ​ប្រទេស​ RCEP​ បាន​សំដែង​នូវ​ការ​កោតសរសើរ​ និង​ វាយតម្លៃ​ខ្ពស់​ ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋមន្រ្តី​ RCEP​ និង​ក្រុមការងារ​ ដែល​បានសម្រេច​នូវ​កិច្ច​ព្រមព្រៀង​ RCEP​ មួយ​ដែល​មាន​លក្ខណ:ទំនើប​ ទូលំទូលាយ​ប្រកបដោយ​គុណភាព​ខ្ពស់​ និង​ជាពិសេស​បាន​ផ្តល់​នូវ​ប្រព្រឹត្ត​កម្ម​ពិសេស​ និង​ដោយឡែក​សម្រាប់​ប្រទេស​អភិវឌ្ឍន៍​តិចតួច​។

មេដឹកនាំ​ ទាំងអស់​ បាន​ចាត់ទុក​ដែរ​ថា​ ការសម្រេច​បាន​នូវ​កិច្ច​ព្រមព្រៀង​ RCEP​ នា​ពេលនេះ​ គឺជា​ព្រឹត្តិ​ការណ៍​ ដ៏​មាន​សារ:សំខាន់​ថ្មី​មួយ​ជា​ប្រវត្តិ​សាស្រ្ត​ សម្រាប់​តំបន់​អាស៊ី​ ប៉ាស៊ី​ហ្វី​កទាំងមូល​ បន្ទាប់ពី​ថ្នាក់ដឹកនាំ​ RCEP​ បាន​ប្រកាស​ឲ្យ​បើក​ការចរចា​ជា​ផ្លូវការ​ នៅ​ទីក្រុង​ភ្នំពេញ​ ក្នុង​ឆ្នាំ២០១២​ ទោះបីជា​នៅ​មាន​បញ្ហា​បច្ចេកទេស​ខ្លះ​ ដែល​ត្រូវ​បញ្ចប់​មុននឹង​ឆ្លង​នីតិវិធី​ផ្ទៃក្នុង​ សម្រាប់​ការ​ចុះហត្ថលេខា​នៅ​ប្រទេស​វៀតណាម​ នៅ​ឆ្នាំ២០២០ខាងមុខ​។

ផ្អែកលើ​ការអនុវត្ត​ នៃ​ការ​ប្តេជ្ញា​ចិត្ត​ក្រោម​កិច្ច​ព្រមព្រៀង​ ដែល​រួមបញ្ចូល​ទាំង​ឧប​សម្ព័ន្ធ​នានា​ RCEP​ នឹង​ផ្តល់​នូវ​កាលានុវត្ត​ភាព​ថ្មី​ៗ ឆ្ពោះទៅ​រក​ប្រភព​ថ្មី​នៃ​កំណើន​ សេដ្ឋកិច្ច​ខ្ពស់​ និង​រឹងមាំ​ ដើម្បី​ជំរុញ​និង​ផ្តល់​សន្ទុះ​ដល់​ពាណិជ្ជកម្ម​ទំនិញ​ សេវា​ និង​ការ​វិនិយោគ​ បន្ថែម​ពីនេះ​ ការសម្រេច​បាន​នូវ​កិច្ច​ព្រមព្រៀង​ RCEP​ គឺជា​សារ​នយោបាយ​ដ៏​មុត​ស្រួច​ទៅកាន់​ ពិភពលោក​បច្ចុប្បន្ន​ បង្ហាញ​ឲ្យ​ឃើញ​អំពី​ឆន្ទ:របស់​ថ្នាក់ដឹកនាំ​ នៃ​ប្រទេស​ RCEP​ ក្នុង​ការ​គាំពារ​ សកល​ភាវូបនីយកម្ម​ ប្រព័ន្ធ​ពាណិជ្ជកម្ម​សេរី​ពហុភាគី​ និង​សេដ្ឋកិច្ច​ពិភពលោក​ តំបន់​បើក​ចំហរ​ ដែល​ជា​កម្លាំង​ចលករ​ដ៏​សំខាន់​មួយ​ ក្នុង​ការ​ឆ្លើយតប​នឹង​និន្នាការ​គោលនយោបាយ​គាំពារ​និយម​ និង​ ឯកតោភាគី​និយម​។

សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្រ្តី​នៃ​កម្ពុជា​ មានប្រសាសន៍​លើកឡើង​ថា​ ទោះបីជា​កម្ពុជា​ជា​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ អាច​នឹង​មាន​តម្រូវការ​មានការ​ទម្រង់​ផ្នែក​ ច្បាប់​ រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​និង​រដ្ឋបាល​ ជាច្រើន​ បន្ទាប់ពី​កិច្ច​ព្រមព្រៀង​នេះ​ចូលជាធរមាន​ ប៉ុន្តែ​ សម្តេច​នៅតែ​ធ្វើការ​សម្រេចចិត្ត​ដោយ​ក្តី​រីករាយ​បំផុត​ ក្នុង​ការ​ផ្តល់​អាណត្តិ​ឲ្យ​រដ្ឋមន្រ្តី​កម្ពុជា​ ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ RCEP​ នេះ​ នៅក្នុង​ឆ្នាំ២០២០ខាងមុខ​។

នៅក្នុង​កិច្ចប្រជុំ​កំពូល​នោះ​ដែរ​ មេដឹកនាំ​នៃ​ប្រទេស​ RCEP​ បាន​ឈាន​ទៅ​ចេញផ្សាយ​នូវ​សេចក្តី​ប្រកាស​របស់​ប្រធាន​ដឹកនាំ​កិច្ចប្រជុំ​ ស្តី​ពី​កិច្ចចរចា​ភាពជា​ដៃគូ​សេដ្ឋកិច្ច​តំបន់​គ្រប់ជ្រុងជ្រោយ​ RCEP​៕

ចិន​នឹង​ព្យាយាម​សម្រុះសម្រួល​ជប៉ុន​ និង​កូរ៉េ​ ខណៈ​សង្គ្រាម​ពាណិជ្ជកម្ម​និង​ពហិការ​នៅតែ​បន្ត​

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ ចិន​នឹង​ព្យាយាម​សម្រុះសម្រួល​ភាគី​ជប៉ុន​ និង​កូរ៉េ​ លើ​សង្គ្រាម​ពាណិជ្ជកម្ម​ នៅក្នុង​កិច្ចប្រជុំ​ត្រីភាគី​នៅ​ Chengdu​ នៅ​ខែធ្នូ​ ខាងមុខនេះ​។

ក្រុម​មន្ត្រី​ចិន​ បាន​ជូនដំណឹង​អំពី​ផែនការ​របស់​ពួកគេ​ ទៅកាន់​នាយក​រដ្ឋមន្រ្តី​ជប៉ុន​លោក​ស៊ីន​ ហ្សូ​អាបេ​ នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​ ដែល​បាន​ធ្វើឡើង​នៅ​ទីក្រុង​បាងកក​ថ្ងៃនេះ​។

សង្គ្រាម​ពាណិជ្ជកម្ម​កូរ៉េ​ខាងត្បូង​ និង​ជប៉ុន​ បាន​ចាប់ផ្តើម​កាលពី​ឆ្នាំមុន​ នៅពេល​តុលាការ​កំពូល​កូរ៉េ​ខាងត្បូង​ បាន​បញ្ជា​ឱ្យ​សាជីវកម្ម​ជប៉ុន​បង់ប្រាក់​សំណង​ សម្រាប់​ការចូលរួម​របស់​ពួកគេ​ នៅក្នុង​ពលកម្ម​ទាសករ​នៅ​ឧបទ្វីប​កូរ៉េ​ ក្នុងអំឡុងពេល​កាន់កាប់​របស់​ខ្លួន​ក្នុង​ឆ្នាំ១៩១០​ ដល់​ ១៩៤៥​។

រដ្ឋាភិបាល​ជប៉ុន​បាន​អះអាង​ថា​ សេចក្តី​សម្រេច​របស់​តុលាការ​កូរ៉េ​ បាន​ប្រឆាំង​ដោយ​ផ្ទាល់​លើ​សន្ធិសញ្ញា​ឆ្នាំ១៩៦៥​ រវាង​ប្រទេស​ទាំងពីរ​ ដែល​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ រាល់​ការ​ទាមទារ​សំណង​ពេល​សង្គ្រាម​ គឺ​បាន​បញ្ចប់​ទាំងស្រុង​ និង​ចុងក្រោយ​។

នាយក​រដ្ឋមន្រ្តី​ជប៉ុន​ស៊ីន​ហ្សូ​ អាបេ​ និង​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ Moon​ Jae​-in​ បាន​ជួបគ្នា​ ក្នុងរយៈពេល​យ៉ាង​ខ្លី​នៅ​ទីក្រុង​បាងកក​កាលពី​ថ្ងៃ​ ចន្ទ​កន្លងមក​នេះ​៕

ទីក្រុង​ប៉េកាំង​គ្រោង​បង្កើត​តំបន់​សេដ្ឋកិច្ច​នៅ​ឋាន​ព្រះច័ន្ទ​នៅ​ឆ្នាំ២០៥០​

ដោយ​ Donald​ Lee​

ប៉េ​កាំងៈ​ ទីក្រុង​ប៉េកាំង​នឹង​រៀបចំផែនការ​តំបន់​សេដ្ឋកិច្ច​ អវកាស​ភព​ច័ន្ទ​ដែល​អាច​ផ្តល់​ប្រាក់ចំណូល​ប្រចាំឆ្នាំ​ដល់ទៅ១០ ទ្រី​លាន​ដុល្លារ​។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​កាសែត​វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​ចិន​កាលពី​ថ្ងៃសុក្រ​។

តំបន់​សេដ្ឋកិច្ច​ នឹង​គ្រប​ដណ្តប់​តំបន់​រវាង​ផែនដី​ និង​ព្រះច័ន្ទ​។ នេះ​បើ​យោង​តាម​ក្រុមហ៊ុន​សាជីវកម្ម​វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​អវកាស​ចិន​ (CAST​)។

របាយការណ៍​បាន​ដកស្រង់​សម្តី​លោក​ Bao​ Weimin​ ប្រធាន​គណៈកម្មការ​វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​នៅ ​CAST​ ដែល​បាន​និយាយ​ថា​ បច្ចេកវិទ្យា​ដឹកជញ្ជូន​គួរតែ​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​នៅ​ឆ្នាំ២០៣០​ និង​ប្រព័ន្ធ​ដឹកជញ្ជូន​ភ័ស្តុភារ​នៅ​ឆ្នាំ២០៤០​។ តំបន់​សេដ្ឋកិច្ច​ គួរតែ​ដំណើរការ​ពេញលេញ​នៅ​ឆ្នាំ២០៥០​។

ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ចិន​បាន​រៀបចំ​ទីតាំង​របស់​ខ្លួន​នៅ​ឋាន​ព្រះចន្ទ​។ ចិន​បាន​ចុះចត​យាន​ចន្ទគតិ​មួយ​ នៅ​ចំងាយ​ឆ្ងាយ​ពី​ព្រះចន្ទ​កាលពី​ថ្ងៃទី៣​ ខែ​ មករា​ ឆ្នាំមុន​ ដោយ​ប្រើ​យាន​អង្កេត ​Chang’e​ ៤ របស់​ខ្លួន​។

ក្រុម​អ្នកគាំទ្រ​អាកាសចរណ៍​បាន​ព្យាករណ៍​ថា​ ផែនការ​នេះ​ នឹង​ពន្លឿន​គម្រោង​សំ​ខាន់​ៗជាច្រើន​ រួមមាន​ រ៉ុក្កែត​ដឹក​អ្នកដំណើរ​ ដែល​ជា​យាន​បាញ់បង្ហោះ​ធំ​បំផុត​របស់​ចិន​ដែល​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ត្រូវ​ប្រើ​ដើម្បី​បញ្ជូន​យាន​អង្កេត​Chang’e​ ៥ ក្នុង​ឆ្នាំ​ ២០២០​ ដើម្បី​នាំ​យក​គំរូ​ព្រះចន្ទ​ត្រឡប់មកវិញ​។

ផែនដី​ និង​រ៉ុក្កែត​ដឹកទំនិញ​ធុន​ធ្ងន់​របស់​ចិន​ ដែល​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ធ្វើការ​ហោះហើរ​លើកដំបូង​របស់​ខ្លួន​នៅ​ប្រហែល​ឆ្នាំ២០៣០​ ហើយនឹង​គាំទ្រ​ដល់​ការរុករក​តាម​ច័ន្ទ​គតិ​ ដែល​មាន​មនុស្ស​បើក​ការរុករក​ក្នុង​លំហ​ និង​សាងសង់​រោងចក្រ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ ដែល​មាន​មូលដ្ឋាន​នៅ​ទី​អវកាស​៕ (ប្រភព​ Global​ Times​)៕

អ្នក​អភិវឌ្ឍន៍​រិះគន់​ភាពយឺត​យ៉ាវ​ជុំវិញ​ការ​ទទួល​បាន​លិខិតអនុញ្ញាត​សាងសង់​ពី​ស្ថាប័ន​ថ្នាក់ក្រោម​ជាតិ​

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ មានការ​លើកឡើង​ជាច្រើន​ ដោយ​បាន​បង្ហាញ​ពី​ការរិះគន់​ទៅលើ​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ ដែល​ធ្វើឲ្យ​មាន​ការិយាធិបតេយ្យ​ នៅក្នុង​ការ​ផ្តល់​និ​តិ​វិធី​ច្បាប់​ស្នើសុំ​ការ​គ្រប់​គ្រង​កម្ម​សិទ្ឋ​ដី​ និង​គម្រោងការ​សាងសង់​នានា​ មាន​ភាពយឺត​យ៉ាវ​ ដែល​កំពុងតែ​កើតមាន​នៅពេល​បច្ចុប្បន្ន​នេះ​ ។

រហូតមកដល់​ពេលនេះ​ ប្រធានបទ​ពាក់ព័ន្ធ​ទៅ​នឹង​ភាពយឺត​យ៉ាវ​ នៃ​ការ​ផ្តល់​សេវា​ច្បាប់​គ្រប់​គ្រង​កម្ម​សិទ្ឋ​ដី​ ច្បាប់​អភិវឌ្ឍ​ន៏​ដី​ និង​ច្បាប់​សាងសង់​ដល់​ម្ចាស់​គម្រោង​អភិវឌ្ឍន៍​ពីសំណាក់​អជ្ញា​ធរ​មូលដ្ឋាន​ ដែល​បម្រើសេវា​សាធារណៈ​ នៅតែ​ជា​ចំណុច​មួយ​ដ៏​រសើប​ដដែល​ ខណៈ​ដែល​ភាពយឺត​យ៉ាវ​មួយចំនួន​ អាច​ជាប់ពាក់ព័ន្ធ​ទៅ​នឹង​អសមត្ថភាព​ និង​អំពើពុករលួយ​ដល់​ឆ្អឹង​របស់​មន្ត្រី​ផ្តល់​សេវាកម្ម​។

ម្ចាស់​គម្រោង​អភិវឌ្ឍន៍​នានា​បាន​លើកឡើង​ថា​ ករណី​គម្រោង​ពុះ​ដី​ឡូត៍​ និង​គម្រោង​សំណង់​ខុសច្បាប់​នៅ​កម្ពុជា​មួយចំនួន​ អាច​ជាប់ពាក់ព័ន្ធ​អសម្ថ​ភាព​ នៃ​បុគ្គល​មិន​យល់​ពី​ការងារ​ និង​អំពើពុករលួយ​របស់​មន្ត្រី​ផ្តល់​សេវាកម្ម​ ដែល​មិនព្រម​ចេញច្បាប់​សាងសង់​ ឬរកហេតុ​ផល​ផ្សេង​ៗ បង្ក​ជា​ឧបសគ្គ​ក្នុង​ការ​សុំច្បាប់​សាងសង់​ ជាហេតុ​នាំ​ឱ្យ​ម្ចាស់​គម្រោង​បង្ខំចិត្ត​សាងសង់​ទាំង​មិន​មានច្បាប់​អនុញ្ញាត​។

លោក​ ទួស​ សា​ភឿន​ សាស្ត្រា​ចារ្យ​ និង​ជា​ស្ថាបត្យករ​អាស៊ាន​ ផ្នែក​ផ្នែក​ស្ថាបត្យកម្ម​ និង​សំណង់​ដែល​មានបទពិសោធន៍​ជាង២០ឆ្នាំ​ បាន​មានប្រសាសន៍​កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​ថា​ របៀប​ធ្វើការ​របស់​អជ្ញា​ធរ​មូលដ្ឋាន​មួយចំនួន​ អាច​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ការ​អភិវឌ្ឍ​របស់​សង្គម​ និង​សេដ្ឋកិច្ច​ជាតិ​។

លោក​បាន​លើក​ជា​សំណួរ​ថា​ “តើ​ក្រុមហ៊ុន​រកស៊ី​គម្រោង​ដី​ឡូ​តិ៍​ ក៏ដូចជា​ក្រុមហ៊ុន​សាងសង់​សំណង់​មួយចំនួន​ ដែល​អាជ្ញាធរ​បាន​ប្រកាស​ថា​ មិន​មានច្បាប់​ត្រឹមត្រូវ​ តើ​វា​ជា​កំហុស​របស់​ក្រុមហ៊ុន​ ឬជា​កំហុស​របស់​អជ្ញា​ធរ​មូលដ្ឋាន​?”។ លោក​បន្ត​ទៀត​ថា​ “អាជ្ញាធរ​ ត្រូវ​ឈរ​ក្នុងនាម​ជា​អ្នក​ផ្តល់​សេវាកម្ម​ផ្លូវច្បាប់​ និង​សម្របសម្រួល​គ្រប់បែបយ៉ាង​ដែល​ស្ថិតនៅ​ក្នុង​ផ្លូវច្បាប់​ ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​ មិនមែន​យក​តួនាទី​របស់​ខ្លួន​ធ្វើជា​ឧបសគ្គ​ក្នុង​ការ​អភិវឌ្ឍ​ ដើម្បី​ទទួល​បានផល​ប្រយោជន៍​ផ្ទាល់ខ្លួន​នោះ​ទេ​”។

​;លោក​បាន​បន្ត​ទៀត​ថា​ គ្រប់​ម្ចាស់​គម្រោង​ទាំងអស់​ គ្មាន​អ្នកណា​ចង់​ដំណើរការ​ ការ​អភិវឌ្ឍ​របស់​គេ​ទាំង​ខុសច្បាប់​ ដែល​អាច​បង្ក​ជា​ហានិភ័យ​ដល់​ខ្លួន​នោះ​ទេ​។ គម្រោង​ភាគច្រើន​ សុទ្ធតែ​ត្រូវ​បាន​បង្ខំចិត្ត​ក្នុង​ដំណើរការ​សាងសង់​ និង​លក់​ ដោយសារតែ​ការ​ឆ្លើយតប​ និង​រង​ចាំ​ពីសំណាក់​អជ្ញា​ធរ​ ទៅលើ​លិខិតស្នើ​សុំ​មាន​ភាពយឺត​យ៉ាវ​ជាច្រើន​ខែ​ ឬឈាន​ដល់​ឆ្នាំ​ក៏​មាន​ ដែល​សកម្មភាព​បែបនេះ​ វា​បាន​ជះឥទ្ធិពល​អាក្រក់​ដល់​ក្រុមហ៊ុន​អភិ​វឌ្ឃ​ន៍​។

លោក​សាស្រ្តា​ចារ្យ​ទួស​ សា​ភឿន​បាន​បញ្ជាក់​ថា​ “គ្រប់​ក្រុមហ៊ុន​វិនិយោគ​វិស័យ​អចលនទ្រព្យ​ និង​សំណង់​ទាំងអស់​ គឺ​សុទ្ធតែ​ធ្វើឡើង​ក្នុង​គោលបំណង​ ទទួល​បាន​នូវ​ទុន​បង្វិល​ត្រឡប់មកវិញ​លឿន​ ដែល​ឆ្លើយតបទៅនឹង​ការ​វិនិយោគ​ នៅក្នុង​រយៈពេល​ណាមួយ​ ប៉ុន្តែ​នៅពេល​រង់ចាំ​ច្បាប់​អនុញ្ញាត​ពី​អជ្ញា​ធរ​រាប់​ខែ​ រាប់​ឆ្នាំ​ មិនទាន់​បាន​នោះ​ វា​នឹង​ក្លាយទៅជា​ឧបសគ្គ​ដល់​ការ​វិនិយោគ​ ហើយក៏​ជា​ការ​រាំងស្ទះ​ ក្នុង​កិច្ច​អភិវឌ្ឍ​របស់​សង្គមជាតិ​ផង​ដែរ​”។

​;លោក​បាន​បញ្ជាក់​ថា​ នៅ​ប្រទេសជិតខាង​ ដូចជា​ប្រទេស​ថៃ​ ម៉ាឡេស៊ី​ ​; សឹង្ហ​បុរី​ និង​វៀតណាម​ជាដើម​ ការ​ឆ្លើយតបទៅនឹង​ការអនុញ្ញាត​ច្បាប់​សាងសង់​ គឺ​មិន​លើស​ពី២០ថ្ងៃ​ទៅ៣០ថ្ងៃ​ទេ​ ដើម្បី​គាំទ្រ​និង​ជំរុញ​ការ​អភិវឌ្ឍ​ ប៉ុន្តែ​នៅ​ស្រុកខ្មែរ​ ត្រូវ​ចំណាយពេល​រាប់​ខែ​ឬឈាន​ដល់​ឆ្នាំ​ក៏​មាន​ ដោយសារ​ឯកសារ​ប្លង់ដី​តម្រូវ​ជា​ប្លង់​រឹង​ ដូច្នេះ​ត្រូវ​រត់​ពី​ភូមិ​ ឃុំ​ រហូតដល់​ស្រុក​កន្លែង​ខ្លះ​ មាន​ស្ថាប័ន​ពាក់​ពន្ឋ័​ច្រើន​តង់​ ដូចជា​រដ្ឋបាល​ព្រៃឈើ​ ស្ថាប័ន​ធនធានទឹក​ អាជ្ញាធរ​អប្សរា​ ។ល។ ត្រូវ​ជំរះ​ជាមួយ​ស្ថាប័ន​ទាំងអស់​នេះ​ អោយ​អស់​សិន​ មុន​អោយ​ច្បាប់​ប្លង់​រឹង​បាន​ និង​ត្រូវ​ចំណាយពេល​មួយ​តង់​ទៀត​ ដើម្បី​ស្នើសុំ​ច្បាប់​សាងសង់​ ដូច្នេះតើ​ត្រូវ​ចំណាយពេល​ប៉ុន្មាន​ឆ្នាំ​ដើម្បី​បានច្បាប់​សាងសង់​”?។

សម្តេច​តេជោ​ហ៊ុន​ សែន​ធ្លាប់​បាន​លើកឡើង​ពី​បញ្ហា​នេះ​ ដោយ​សម្តេច​បាន​មានប្រសាសន៍​ឲ្យដឹង​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ បទពិសោធន៍​ចេញពី​ចាប់​មន្ត្រី៣នាក់​នៅ​ពោធិ៍សាត់​ បាន​ចង្អុលបង្ហាញ​ឱ្យ​ឃើញថា​ កន្លែង​ខ្លះ​សាងសង់​អត់ច្បាប់​ បណ្តាល​មក​ពី​មន្ត្រី​មិនព្រម​អនុម័ត​ច្បាប់​ឱ្យ​គេ​។ សម្តេច​បន្ត​ថា​ “អីចឹង​ត្រូវ​ពិនិត្យ​ផង​ដែរ​ នៅពេល​ខាងមុខ​។ ទៅ​ស្រាវជ្រាវ​មើល​កន្លែង​អត់ច្បាប់​ តើ​គេ​មានបាន​សុំច្បាប់​យើង​ឬអត់​? និង​ត្រូវ​ពិនិត្យ​ខ្លួនឯង​ផង​ដែរ​ អា​សំណង់​អត់ច្បាប់​។

សម្តេច​បន្ត​ថា​ ​“បើ​គេ​បាន​សុំច្បាប់​យើង​ យើង​មិនបាន​ឆ្លើយ​ឱ្យ​គេ​ ហើយ​គេ​បែរជា​សាងសង់​ អាហ្នឹង​មាន​ចំណែក​ខុសពី​យើង​ ដែល​យើង​មិនបាន​ឆ្លើយតប​ទៅ​គេ​”៕

រដ្ឋបាល​ខេត្ត​កែប​ដាក់ចេញ​ផែនការ​ដើម្បី​ទទួល​បាន​ភ្ញៀវ​ទេសចរណ៍​ជាង២លាន​នាក់​

ដោយៈ​ រ៉ា​ណេត​

កែ​បៈ​ នៅក្នុង​ផែនការ​អភិវឌ្ឍន៍​ទេសចរណ៍​ឆ្នាំ២០១៩​ ២០២៣​ រដ្ឋបាល​ខេត្ត​កែប​ បាន​កំណត់​គោលដៅ​នៃ​តំបន់​ទេសចរណ៍​ នៅ​ឆ្នាំ២០២៣ខាងមុខ​ នឹង​ទទួលភ្ញៀវ​ទេសចរណ៍​ចំនួន ២​,១លាន​នាក់​ ក្នុង​នោះ​គោលដៅ​ទេសចរណ៍​អន្តរជាតិ១០ម៉ឺន​នាក់​ និង​ទេសចរ​ជាតិ២លាន​នាក់​។

ដើម្បី​អាច​សម្រេច​បាន​គោលដៅ​នេះ​ កាលពី​ថ្ងៃទី៤​ ខែវិច្ឆិកា​ ឆ្នាំ២០១៩ម្សិលមិញ​នេះ​ នៅ​សាល​ប្រជុំ​សាលាខេត្ត​កែប​ អង្គភាព​អនុវត្ត​គម្រោង​នៃ​ក្រសួងទេសចរណ៍​ បាន​សហការ​ជាមួយ​មន្ទីរ​ទេសចរណ៍​ខេត្ត​ ដែល​មានការ​ចូលរួម​ពី​មន្ទីរ​ អង្គភាព​ពាក់ព័ន្ធ​ បាន​រៀបចំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ លើ​សេចក្តី​ព្រាង​ផែនការ​អភិវឌ្ឍន៍​ទេសចរណ៍​នា​ឆ្នាំ​ ២០១៩​-២០២៣​។

អភិបាលរងខេត្ត​កែប​ លោក​ស្រី​អ៊ុល​ ភិរុណ​ បាន​បង្ហាញ​នូវ​សុទិដ្ឋិនិយម​ថា​ តាមរយៈ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​នេះ​ នឹង​កំណត់​បាន​នូវ​ផែនការ​អភិវឌ្ឍន៍​ទេសចរណ៍​ ច្បាស់លាស់​មួយ​ សម្រាប់​អភិវឌ្ឍន៍​ប្រកបដោយ​និរន្ត​ភាព​ ប្រសិទ្ធភាព​ និង​ការទទួលខុសត្រូវ​ ស្របតាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ ដែល​បាន​កំណត់ទុក​ថា​ ការអភិវឌ្ឍន៍​ទេសចរណ៍​ខេត្ត​នេះ​ ជា​តំបន់​ទេសចរណ៍​សម្រាកលំហែ​រក​ម្រិ​តខ្ពស់​ ប្រកបដោយ​ភាព​ទាក់ទាញ​កម្រិត​តំបន់​ និង​ពិភពលោក​។

នៅក្នុង​កិច្ចពិភាក្សា​នេះ​ បាន​ផ្តោត​សំខាន់​លើ​ការ​អភិវឌ្ឍ​ផលិតផល​ និង​សេវាកម្ម​ទេសចរណ៍​, ការឃោសនា​ និង​ផ្សព្វផ្សាយ​ទេសចរណ៍​ ហេដ្ឋារចនាសម្ព័ន្ធ​ ការ​តភ្ជាប់​ ការសម្រួល​ការ​ធ្វើដំណើរ​ទេសចរណ៍​ សុវត្ថិភាព​ទេសចរណ៍​ ការអភិវឌ្ឍន៍​ធនធានមនុស្ស​ច្បាប់​ និង​ការគ្រប់គ្រង​ជាដើម​ និង​បាន​កំណត់​រយៈពេល​អនុវត្ត​ ប្រភព​ថវិកា​ទ្រទ្រង់​គម្រោង​ និង​អ្នកទទួល​ខុសត្រូវ​ត្រឹមត្រូវ​។

គោលដៅ​សំ​ខាន់​ៗសម្រាប់​អនុវត្ត​រយៈ៥ឆ្នាំខាងមុខ​ ក្នុង​ការរៀបចំ​ផែនការ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្ត​កែប​ ២០១៩​-២០២៣​ គឺ​ធ្វើ​យ៉ាងណា​ឱ្យ​មាន​ភាព​ស៊ីសង្វាក់​គ្នា​ ជាមួយ​ផែនការ​អភិវឌ្ឍន៍​ទេសចរណ៍២០១៩​-២០២០​ ប្លង់​គោល​ប្រើប្រាស់​ដី​ក្រុងកែប​ ចក្ខុវិស័យ​ឆ្នាំ២០៣០​ ពិសេស​ផ្តោត​ទៅលើ​ការអភិវឌ្ឍន៍​ទេសចរ​ប្រកបដោយ​គុណភាព​ និង​ទេសចរណ៍​ស្ងប់ស្ងាត់​៕

ទំនាក់ទំនង​ចិន​-អាស៊ាន​កាន់តែ​មាន​ភាព​ស្និត​ស្នាល​ជាង​មុន​ក្រោម​គោល​យោ​បាយ​ BRI​ និង​ MPAC​

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ អ្នកជំនាញ​បានឱ្យ​ដឹង​ថា​ ទំនាក់ទំនង​រវាង​ចិន​ និង​អាស៊ាន​នឹង​កាន់តែ​មាន​ភាព​ជិតស្និទ្ធ​ជាង​មុន​ ក្រោម​គោលនយោបាយ​គំនិត​ផ្តួចផ្តើម​ខ្សែ​ក្រ​វ៉ាត់​ និង​ផ្លូវ​របស់​ចិន​ (BRI​) និង​ផែនការមេ​ស្តី​ពី​ការ​តភ្ជាប់​អាស៊ាន​ (MPAC​)។

លោក​បណ្ឌិត​ម៉ី​ កល្យាណ​ ប្រធាន​វិទ្យាស្ថាន​ធនធាន​អភិវឌ្ឍន៍​កម្ពុជា​បាន​ប្រាប់​សារព័ត៌មាន​ស៊ីន​ហ៊ួ​រកា​លពី​ពេល​មក​ថ្មី​ៗនេះ​ថា​ ការ​តភ្ជាប់​ខ្សោយ​ត្រូវ​បាន​កំណត់​ថា​ ជា​ឧបសគ្គ​ចម្បង​មួយ​ ដែល​រារាំង​ដល់​ការ​អភិវឌ្ឍ​នៅក្នុង​តំបន់​អាស៊ាន​។ ប៉ុន្តែ​ការ​ច្របាច់​ចូលគ្នា​រវាង​ផែនការមេ​ស្តី​ពី​ ការ​តភ្ជាប់​អាស៊ាន​ និង​គោ​នយោបាយ​របស់​ចិន​ BRI​ ដែល​មាន​ហិរញ្ញវត្ថុ​ និង​បច្ចេកទេស​គ្រប់គ្រាន់​ គឺជា​កត្តា​វិជ្ជមាន​ដែល​នឹង​ពន្លឿន​ការអនុវត្ត​ ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ និង​ប្រែក្លាយ​ផែនការ​ឱ្យ​ក្លាយជា​ការ​ពិ​តឆាប់​ៗនេះ​។

លោក​បន្ត​ទៀត​ថា​ “ទាំងអស់​នេះ​ នឹង​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​បញ្ចូល​គ្នា​ នៅក្នុង​តំបន់​ ហើយ​ជា​លទ្ធផល​វា​ពិតជា​ នឹង​ធ្វើ​ឱ្យ​ប្រជាជន​កាន់តែ​រីកចម្រើន​”។ លោក​បន្ថែម​ទៀត​ថា​ “តួនាទី​របស់​ចិន​ ក្នុង​ការ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​អាស៊ាន​ ជាពិសេស​សម្រាប់​ប្រទេស​ដែល​មានការ​អភិវឌ្ឍ​តិចតួច​ដូចជា​ប្រទេស​កម្ពុជា​”។

លោក​បន្ថែម​ថា​ បន្ថែម​លើ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ និង​ការជំរុញ​ពាណិជ្ជកម្ម​ ការអប់រំ​ និង​វិទ្យាសាស្ត្រ​ក៏ដូចជា​បច្ចេកវិទ្យា​ ក៏​ជា​វិស័យ​ដែល​ចិន​អាច​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ផង​ដែរ​។

លោក​ ឈាង​ វណ្ណា​រិទ្ធ​ ប្រធាន​វិទ្យាស្ថាន​ទស្សនៈ​អាស៊ី​ឱ្យ​ដឹង​ដែរ​ថា​ ការ​ផ្លាស់​ប្តូរ​នេះ​ នឹង​រួមចំណែក​ដល់​ការ​តភ្ជាប់​និង​ទំនាក់ទំនង​រវាង​ចិន​ និង​អាស៊ាន​។ លោក​បន្ត​ថា​ វា​ចាំបាច់​ណាស់​ ដែល​ត្រូវ​ភ្ជាប់​គោលនយោបាយ​ BRI​ ជាមួយ​ផែនការមេ​ស្តី​ពី​ ការ​តភ្ជាប់​អាស៊ាន​ ខណៈ​គំនិត​ផ្តួចផ្តើម​ទាំងពីរ​នេះ​ គឺជា​ការ​បំពេញបន្ថែម​គ្នា​ទៅវិញទៅមក​។ ការបែងចែក​ធនធាន​នឹង​កាន់តែ​ល្អ​ប្រសើរ​ ហើយ​ផល​វិជ្ជមាន​កាន់តែ​ច្រើន​ នឹង​ត្រូវ​បាន​បង្កើត​ឡើង​។

លោក​ Joseph​ Matthews​ សាស្រ្តា​ចារ្យ​ជាន់ខ្ពស់​នៅ​សាកល​វិទ្យាល័យ​ប៊ែល​ធី​អន្តរជាតិ​នៅ​ភ្នំពេញ​ បានឱ្យ​ដឹង​ដែរ​ថា​ប្រទេស​ចិន​ គឺជា​ដៃគូ​ដ៏​សំខាន់​សម្រាប់​អាស៊ាន​ក្នុង​ការ​ថែរក្សា​សន្តិភាព​ និង​ស្ថេរ​ភាព​ និង​ជំរុញ​ការ​អភិវឌ្ឍ​និង​វិបុលភាព​នៅក្នុង​តំបន់​។

លោក​បន្ត​ថា​ “ភាគី​ទាំងពីរ​មាន​កិច្ច​សហប្រតិបត្តិ​ការ​ល្អ​ នៅក្នុង​វិ​ស័យ​ផ្សេង​ៗគ្នា​ដែល​បាន​ជួយ​ជំរុញ​ការ​អភិវឌ្ឍ​ ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​អាស៊ាន​ ចិន​ និង​ការចូលរួម​ចំណែក​កាន់តែ​ច្រើន​ ក្នុង​ការ​លើកកម្ពស់​សន្តិភាព​ស្ថិរភាព​និង​វិបុលភាព​នៅក្នុង​តំបន់​”។

លោក​បន្ថែម​ថា​ “ការ​បោះជំហាន​ទៅមុខ​ដ៏​អស្ចារ្យ​ ត្រូវ​បាន​ធ្វើឡើង​នៅពេល​និយាយ​អំពី​កិច្ច​សហប្រតិបត្តិ​ការ​រវាង​ចិន​ និង​អាស៊ាន​”។ លោក​បន្ថែម​ថា​“ ភាគី​ទាំងពីរ​បាន​រួមគ្នា​លើកកម្ពស់​គំនិត​ផ្តួចផ្តើម​ខ្សែ​ក្រ​វ៉ាត់​ និង​ផ្លូវ​ ដែល​ស្នើ​ឡើង​ដោយ​ប្រទេស​ចិន​ និង​ការបង្កើត​វិធាន​សម្រាប់​តំបន់​។

លោក​ Matthews​ បាន​និយាយ​ថា​ BRI​ បាន​ពន្លឿន​ល្បឿន​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​នៅក្នុង​តំបន់​ ហើយ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ និង​ការ​តភ្ជាប់​បាន​បើក​ទំព័រ​ថ្មី​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ និង​ធនធានមនុស្ស​នៅក្នុង​តំបន់​។

លោក​បន្ថែម​ទៀត​ថា​“ តាម​ទស្សនៈ​របស់ខ្ញុំ​ វា​នៅតែ​មានឱកាស​សម្រាប់​កិច្ច​សហប្រតិបត្តិ​ការ​ និង​ការរុករក​បន្ថែម​ទៀត​រវាង​ចិន​ អាស៊ាន​នៅក្នុង​វិស័យ​អប់រំ​ ការអភិវឌ្ឍន៍​ធនធានមនុស្ស​ ការផ្ទេរ​បច្ចេកវិទ្យា​វិទ្យាសាស្ត្រ​ វេជ្ជ​សាស្រ្ត​ និង​កសិកម្ម​។ ល។ទាំងនេះ​គឺជា​វិស័យ​ ដែល​ភាគី​ទាំងពីរ​អាច​ធ្វើការ​កាន់តែ​ជិតស្និទ្ធ​ និង​ជា​យុទ្ធសាស្ត្រ​ដើម្បី​ផលប្រយោជន៍​ទៅវិញទៅមក​របស់​ប្រជាជន​នៃ​ភាគី​ទាំងពីរ​”៕

ចំណេះដឹង​! ស្វែងយល់​ពី​ការ​គិត​តម្លៃ​ពន្ធគយ​នៃ​ការនាំចូល​

ដោយ ​វុត្ថា

ភ្នំ​ពេញៈ​ តម្លៃ​គិត​ពន្ធគយ​លើ​ទំនិញ​នាំចូល​ គឺជា​តម្លៃ​ចម្លងការ​ មានន័យថា​ជា​ថ្លៃ​ដែល​បាន​ទូទាត់​ ឬនឹង​ត្រូវ​ទូទាត់​ពិតប្រាកដ​ លើ​ទំនិញ​ដែល​បាន​លក់​សម្រាប់​នាំចេញ​មក​កម្ពុជា​។

ការប្រកាស​តម្លៃ​គិត​ពន្ធគយ​នៃ​ទំនិញ​ នាំចូល​ ត្រូវ​អនុលោម​តាម​បញ្ញត្តិ​មាត្រា១៨​ ចំនុច​ “ខ” នៃ​ច្បាប់​ស្តី​ពី​គយ​និង​បញ្ញត្តិ​ប្រកាស​លេខ៣៨៧​ សហវ.គរ​ ចុះ​ថ្ងៃទី២២​ ខែឧសភា​ ឆ្នាំ២០០៨​ របស់ក្រ​សួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ស្តី​ពី​ ការកំណត់​តម្លៃ​គិត​ ពន្ធគយ​លើ​ទំនិញ​នាំចូល​។ តម្លៃ​គិត​ពន្ធគយ​នៃ​ទំនិញ​នាំចូល​ ត្រូវ​ប្រកាស​ជា​ប្រាក់​រៀល​ (មាត្រា២៣​ នៃ​ច្បាប់​ស្តី​ពី​គយ​)។

ការ​ធ្វើ​វិមជ្ឈការ​ការងារ​តម្លៃ​គិត​ពន្ធគយ​

ការ​ធ្វើ​វិមជ្ឈការ​តម្លៃ​គិត​ពន្ធគយ​ មាន​គោលបំណង​បង្ក​ភាព​ងាយស្រួល​បន្ថែម​ទៀត​ដល់​ការនាំចេញ​ នាំចូល​តាមរយៈ​ការកាត់បន្ថយ​ពេលវេលា​ និង​ការ​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​បំពេញបែបបទ​បញ្ចេញ​ទំនិញ​ពី​គយ​។

គិត​ត្រឹម​ខែកក្កដា​ ឆ្នាំ២០១៥​ ការងារ​ផ្ទៀងផ្ទាត់​តម្លៃ​គិត​ពន្ធគយ​ ត្រូវ​បាន​ធ្វើ​វិមជ្ឈការ​ទៅ​បណ្តា​អង្គភាព​គយ​ និង​រដ្ឋាករ​មូលដ្ឋាន​នានា​ នៅ​តាម​មាត់ច្រក​ព្រំដែន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ លើកលែងតែ​សាខា​គយ​ និង​រដ្ឋាករ​កំពង់ផែ​ក្រុង​ព្រះសីហនុ​ និង​កំពង់ផែ​ភ្នំពេញ​។

មានន័យថា​ រាល់​ការនាំចូល​តាម​មាត់ច្រក​នានា​ ក្រៅពី​កំពង់ផែ​អន្តរជាតិ​ទាំងពីរ​ខាងលើ​ ធុរជន​អាច​ទៅ​ផ្ទៀងផ្ទាត់​តម្លៃ​គិត​ពន្ធគយ​ នៅ​តាម​អង្គភាព​គយ​ និង​រដ្ឋាករ​មូល​ដ្ឋាន​តែម្តង​ លើកលែងតែ​ការនាំចូល​មុខទំនិញ​ មាន​ហានិភ័យ​ខ្ពស់​មួយចំនួន​ ដូចជា​ មុខទំនិញ​ប្រើ​រួច​ យានយន្ត​គ្រប់​ប្រភេទ​ សម្ភារ​បរិក្ខារ​ទូរគមនាគមន៍​ ផលិតផល​តេល​សិសា​ និង​បរិក្ខារ​ល្បែង​ជាដើម​ ដែល​ជា​កម្មវត្ថុ​នៃ​ការ​ផ្ទៀងផ្ទាត់​ តម្លៃ​គិត​ពន្ធគយ​នៅ​ទីចាត់ការ​កណ្តាល​ (នាយកដ្ឋាន​ផែនការ​ បច្ចេកទេស​ និង​កិច្ចការ​អន្តរជាតិ​)។

អគ្គនាយក​ដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​(អគរ​) បាន​និង​កំពុង​ពិនិត្យ​លទ្ធភាព​នៃ​ការ​ធ្វើ​វិមជ្ឈការ​នេះ​ ឲ្យ​មាន​ភាព​គ្រប​ដណ្តប់​ពេញលេញ​ នៅ​គ្រប់​អង្គភាព​គយ​និង​រដ្ឋាករ​មូលដ្ឋាន​ទូទាំង​ប្រទេស​៕