កិច្ចប្រជុំ​កំពូល​អាស៊ាន​-សហរដ្ឋអាមេរិក​លើក​ទី៧ផ្តោត​សំខាន់​លើ​ការជំរុញ​កំណើន​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ាន​

ដោយៈ​ រ៉ា​ណេត​

បាង​កកៈ​ បន្ទាប់ពី​កិច្ចប្រជុំ​កំពូល​អាស៊ាន​បូក៣​ លើក​ទី២២ត្រូវ​បាន​បញ្ចប់​ នៅ​ព្រឹក​ថ្ងៃទី៤​ ខែវិច្ឆិកា​ ឆ្នាំ២០១៩នេះ​ នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ​ ប្រមុខរដ្ឋ​ ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​ បាន​អញ្ជើញ​ចូលរួម​បើក​កិច្ចប្រជុំ​កំពូល​អាស៊ាន​-សហរដ្ឋអាមេរិក​ លើក​ទី៧​ ជាមួយនឹង​លោក​ ​; រ៉ូប៊ែ​រ អូ​ប្រៀន​ បេសកជនពិសេស​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ ដូ​ណាល់​ ត្រាំ​។

នៅក្នុង​កិច្ចប្រជុំ​កំពូល​ប្រចាំឆ្នាំ​អាស៊ាន​-សហរដ្ឋអាមេរិក​លើក​ទី៧​ ប្រមុខរដ្ឋ​ ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​ និង​តំណាង​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ បាន​ធ្វើការ​ពិភាក្សា​គ្នា​យ៉ា​ ងយ​កចិត្ត​ទុកដាក់​ ទៅលើ​របៀប​វារ:ដែល​បាន​គ្រោងទុក​ ពិសេស​បាន​ធ្វើការ​ពិនិត្យ​ និង​ពិភាក្សា​គ្នា​យ៉ាង​យកចិត្ត​ទុកដាក់​ ទៅលើ​ការជំរុញ​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិ​ការ​រវាង​អាស៊ាន​ និង​សហរដ្ឋអាមេរិក​ឲ្យ​កាន់តែ​រឹងមាំ​រីកចម្រើន​ទ្វេឡើង​ថែមទៀត​។

នៅក្នុង​កិច្ចប្រជុំ​កំពូល​នោះ​ដែរ​ មេដឹកនាំ​អាស៊ាន​ និង​សហរដ្ឋអាមេរិក​ បាន​ធ្វើការ​វាយតម្លៃ​ខ្ពស់​ចំពោះ​ វឌ្ឍនភាព​នៃ​ទំនាក់ទំនង​រវាង​អាស៊ាន​ និង​សហរដ្ឋអាមេរិក​។ មេដឹកនាំ​អាស៊ាន​ សហរដ្ឋអាមេរិក​ ក៏បាន​សង្កត់ធ្ងន់​នូវ​សារ:សំខាន់​ នៃ​ការជំរុញ​ភាពជា​ដៃគូ​ជាមួយ​ដៃគូ​សន្ទនា​ ដៃគូ​សន្ទនា​តាម​វិស័យ​ ដៃគូ​អភិវឌ្ឍ​ និង​ភាគី​ខាងក្រៅ​ដទៃទៀត​ តាម​រយ:ក្របខណ្ឌ​និ​មួយ​ៗ និង​ការអនុវត្ត​ផែនការ​សកម្មភាព​ទាំងឡាយ​ នៃ​កិច្ច​សហប្រតិបត្តិ​ការ​នានា​។

មេដឹកនាំ​អាស៊ាន​ បាន​លើកទឹកចិត្ត​ឲ្យ​សហរដ្ឋអាមេរិក​ ឱ្យ​បន្ត​គាំទ្រ​ការអនុវត្ត​ផែនការមេ​ស្តី​ពី​ ការ​តភ្ជាប់​អាស៊ាន​ ឆ្នាំ២០២៥​ និង​គំនិត​ផ្តួចផ្តើម​សមាហរណកម្ម​អាស៊ាន​ ដំណាក់កាល​ទី៣​ ដែល​ផ្តោត​សំខាន់​លើ​ការ​តភ្ជាប់​ ដើម្បី​ជួយ​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​រវាង​ប្រទេស​ សមាជិក​អាស៊ាន​ និង​ជំរុញ​ការ​តភ្ជាប់​តំបន់​សំដៅ​សម្រេច​ឲ្យបាន​នូវ​ចក្ខុវិស័យ​សហគមន៍​អាស៊ាន​ ឆ្នាំ២០២៥​។

មេដឹកនាំ​អាស៊ាន​ក៏បាន​វាយតម្លៃ​ខ្ពស់​ ចំពោះ​កម្មវិធី​ជំនួយ​បច្ចេកទេស​ថ្មី​ រវាង​អាស៊ាន​ និង​ ភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​ សហរដ្ឋអាមេរិក​ ស្តី​ពី​កំណើន​សេដ្ឋកិច្ច​ប្រកប​ដោយ​បរិ​យា​ប័ន្ន ក្នុង​តំបន់​អាស៊ាន​ តាម​រយ:នវានុវត្តន៍​ពាណិជ្ជកម្ម​ និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ សម្រាប់​ឆ្នាំ២០១៩​-២០២៣​ ដែល​នឹង​បន្ត​ជួយ​លើកកម្ពស់​ការ​កសាង​សហគមន៍​អាស៊ាន​។

នៅក្នុង​កិច្ចប្រជុំ​កំពូល​នេះ​ដែរ​ មេដឹកនាំ​អាស៊ាន​ សហរដ្ឋអាមេរិក​ បាន​ឈាន​ទៅ​ចេញផ្សាយ​សេចក្តី​ប្រកាស​របស់​ ប្រធាន​កិច្ចប្រជុំ​កំពូល​អាស៊ាន​ សហរដ្ឋអាមេរិក​ លើក​ទី៧​ និង​បាន​អនុម័ត​សេចក្តី​ប្រកាស​របស់​ថ្នាក់ដឹកនាំ​អាស៊ាន​ សហរដ្ឋអាមេរិក​ ស្តី​ពី​សន្តិសុខ​ថាមពល​៕

មន្ត្រី​ជាន់ខ្ពស់​ធនាគារពិភពលោក​អបអរសាទរ​កម្ពុជា​ដែល​មាន​សេដ្ឋកិច្ច​រីកចម្រើន​គួរ​ជា​ទី​មោទ​នៈ​

ដោយ​គង់​ សូ​រិយា​

ភ្នំ​ពេញៈ​ លោកស្រី​ Dina​ Umali​ Deininger​ ប្រធានប្រតិបត្តិ​គម្រោង​នៃ​ការិយាល័យ​ធនាគារពិភពលោក​ ប្រចាំ​ទីក្រុង​វ៉ា​ស៊ិន​តោន​ សហរដ្ឋអាមេរិក​បាន​សម្តែង​ការ​អបអរសាទរ​ចំពោះ​ការ​រីកចម្រើន​សេដ្ឋកិច្ច​កម្ពុជា​គួរ​ជា​ទី​មោទ​នៈ​។

លោកស្រី​បាន​មានប្រសាសន៍​បែបនេះ​ ក្នុង​ជំនួប​ជាមួយ​លោក​ឧបនាយក​រដ្ឋមន្រ្តី​ជា​ សុ​ផា​រ៉ា​រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​នា​ព្រឹក​ថ្ងៃទី៤​ វិច្ឆិកា​នេះ​។លោកស្រី​បន្ត​ថា​ ប្រទេស​កម្ពុជា​មាន​សេដ្ឋកិច្ច​រីកចម្រើន​គួរ​ជា​ទី​មោទន​ និង​បាន​ប្រែក្លាយ​ខ្លួន​ទៅជា​ប្រទេស​ មាន​ប្រាក់ចំណូល​មធ្យម​កាលពី​ឆ្នាំ២០១៥​។

លោកស្រី​ Dina​ Umali​ Deininger​ បាន​មានប្រសាសន៍​ថា​ “កម្ពុជា​បាន​កាត់បន្ថយ​កម្រិត​ភាព​ក្រីក្រ​ ព្រមទាំង​បង្កើន​កម្រិតជីវភាព​រស់នៅ​ល្អ​ប្រសើរ​”។

​លោកស្រី​ក៏បាន​កើត​សរសើរ​ពី​ការអនុវត្ត​គម្រោង​កន្លងមក​ និង​កិច្ច​សហប្រតិបត្តិ​ការ​រួមគ្នា​នា​ពេល​ខាងមុខ​ផង​ដែរ​”។ ជាមួយ​នេះ​ លោកស្រី​បាន​ថ្លែងអំណរគុណ​ចំពោះ​កិច្ចសហការ​ល្អ​រវាង​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ជាមួយ​ធនាគារពិភពលោក​ ដោយ​ធានា​បា​នូវ​ការអនុវត្ត​សកម្មភាព​ការងារ​របស់​គម្រោង​បែងចែក​ដី​ ដើម្បី​សង្គមកិច្ច​ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ទទួល​បាន​ជោគជ័យ​ទាន់ពេល​ ដែល​គម្រោង​នេះ​ គឺជា​ផ្នែក​មួយ​គាំទ្រ​នឹង​កម្មវិធី​សម្បទាន​ដី​ សង្គមកិច្ច​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ។

ក្នុង​ជំនួប​នេះ​ លោកស្រី​ Dina​ Umali​ Deininger​ ប្រធានប្រតិបត្តិ​គម្រោង​នៃ​ការិយាល័យ​ធនាគារពិភពលោក​ ប្រចាំ​ទីក្រុង​វា​ស៊ិន​តោន​ សហរដ្ឋអាមេរិក​បានឱ្យ​ដឹង​ថា​ ការដែល​លោកស្រី​ ដឹកនាំ​គណៈប្រតិភូ​ធនាគារពិភពលោក​ ចូល​ជួប​សម្ដែង​ការគួរសម​ជាមួយ​ ឯកឧត្តម​ឧបនាយក​រដ្ឋមន្រ្តី​ ជា​ សុ​ផា​រ៉ា​ នា​ពេលនេះ​ គឺ​ក្នុង​គោលបំណង​ដើម្បី​សួរសុខទុក្ខ​ និង​ស្វែងយល់​ពី​គម្រោង​វិនិយោគ​ហិរញ្ញប្បទាន​ដោយ​ធនាគារពិភពលោក​ ដែល​កំពុង​ដំណើរការ​អនុវត្ត​ជាទូទៅ​នៅ​កម្ពុជា​ និង​ស្វែងរក​យោបល់​អនុសាសន៍​ជុំវិញ​ការ​ត្រៀម​រៀបចំ​អនុវត្ត​គម្រោង​ LASED​ III​ នា​ពេល​ខាងមុខ​។

ជា​ការ​ឆ្លើយតប​ លោក​ជា​ សុ​ផា​រ៉ា​ ឧបនាយក​រដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ មាន ប្រសាសន៍​ថា​ ក្រសួង​ប្តេជ្ញា​អនុវត្ត​គម្រោង​សម្បទាន​ហិរញ្ញប្បទាន​ របស់​ធនាគារពិភពលោក​ ឱ្យ​មានប្រសិទ្ធភាព​និង​បញ្ចប់​ទៅតាម​ផែនការ​គ្រោងទុក​នៅ​បំណាច់​ឆ្នាំ២០២១​។ បច្ចុប្បន្ន​ក្រសួង​កំពុង​បន្ត​កំណត់​លទ្ធភាព​ដី​ និង​កំណត់​អត្តសញ្ញាណ​ប្រជាពលរដ្ឋ​ក្រីក្រ​ ដើម្បី​អនុវត្ត​កម្មវិធី​សម្បទាន​ដី​សង្គមកិច្ច​ ជាមួយ​នេះ​ ក៏​ត្រូវ​ត្រួតពិនិត្យ​មើល​ ពី​ការចែក​ដី​ហើយ​សម្បទានិក​ មិនបាន​យក​ទៅ​ប្រើប្រាស់​ផង​ដែរ​។

​ម៉្យាងទៀត​ក្រសួង​ក៏​ត្រូវការ​ហិរញ្ញប្បទាន​ លើស​កម្ម​ភាព​អាទិភាព​មួយចំនួន​ដូចជា​ រៀបចំ​កសាង​ផែនការ​ប្រើប្រាស់​ដី​ ឃុំ​ សង្កាត់​ ស្រុក​ ខណ្ឌ​ ដោយ​បច្ចុប្បន្ន​ ធនាគារពិភពលោក​បាន​ជួយ​ ចំនួន៩០ឃុំ​ ប៉ុន្តែ​រាជរដ្ឋាភិបាល​ត្រូវការ​ជំនួយ​យ៉ាងតិច៩០០ឃុំ​ នៅ​ឆ្នាំក្រោយ​។ ផែនការ​ប្រើប្រាស់​ដី​នេះ​ នឺង​ជួយ​ពន្លឿន​កំណើន​សេដ្ឋកិច្ច​ខ្លាំង​នៅ​ជនបទ​និង​កាត់បន្ថយ​ភាព​ក្រីក្រ​ផង​ដែរ​។

លោក​ឧបនាយក​រដ្ឋមន្រ្តី​បាន​បន្ត​ថា​ ​ការចុះបញ្ជី​ដី​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ និង​ចុះបញ្ជី​ដី​រដ្ឋ​ ហិរញ្ញប្បទាន​គាំទ្រ​លំនៅឋាន​សមរម្យ​ ធន់​នឹង​អាកាសធាតុ​សម្រាប់​ជួយ​ប្រជាពលរដ្ឋ​ក្រីក្រ​រងគ្រោះ​ ដោយ​គ្រោះ​ធម្មជាតិ​ ដូចជា​បាក់​ច្រាំង​ លិចទឹក​ ខ្យល់ព្យុះ​ជាដើម​។ ក្រសួង​បាន​រៀបចំ​មន្រ្តី​អនុវត្ត​គម្រោង​ចំនួន២៧រូប​ ដែល​សុទ្ធសឹងតែ​ជា​មន្រ្តី​សកម្ម​ និង​ជួយ​ឱ្យ​គម្រោង​ទទួល​បាន​ជោគជ័យ​ ។ ប្រសិនបើ​មានការ​ខ្វះខាត​បុគ្គលិក​ រឺ​សម្ភារៈ​ផ្សេងទៀត​ ក្រសួង​ត្រៀម​នឹង​គាំទ្រ​បន្ថែម​ទៀត​។

លោក​បន្ត​ថា​ ក្រសួង​មាន​មោទនា​ភាព​ ដែល​បាន​ទទួលការ​គាំទ្រ​ពី​ធនាគារពិភពលោក​ទាំង​បច្ចេកទេស​ និង​ហិរញ្ញប្បទាន​ ប៉ុន្តែ​កន្លងមក​ឃើញថា​ មាន​មន្រ្តី​ធនាគារពិភពលោក​ផ្នែក​សុវត្ថិភាព​សង្គម​ ជួយ​មិនទាន់​បាន​គ្រប់គ្រាន់​ ដោយសារតែ​មាន​ពេលវេលា​មមាញឹក​ពេក​ ដូចនេះ​ការរៀបចំ​ឯកសារ​សុវត្ថិភាព​សង្គម​មានការ​យី​តយ៉ាវ​ មិនទាន់​សភាពការណ៍​វិវត្តន៍​របស់​គម្រោង​ ដែល​ត្រៀម​ទទួល​ហិរញ្ញប្បទាន​បន្ថែម​សម្រាប់​គម្រោង​ LASED​ III​ ដូចនេះ​សូម​ជួយ​ណែនាំ​មន្រ្តី​រដ្ឋាភិបាល​បន្ថែម​ឱ្យ​បាន​គ្រប់គ្រាន់​ ដើម្បី​សម្រេច​បានការ​បង្កើត​ឯកសារ​គម្រោង​ LASED​ III​ ឱ្យ​បាន​ទាន់ពេល​វេលា​៕

អាមេរិក​ប្តេជ្ញា​នឹង​បន្ត​ធ្វើជា​វិនិយោគិន​ធំជាង​គេ​នៅ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​

ដោយ​ Donald​ Lee​

បាង​កកៈ​ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​អាមេរិក​ បាន​និយាយ​នៅក្នុង​សុន្ទរកថា​មួយ​ ក្នុងអំឡុងពេល​កិច្ចប្រជុំ​កំពូល​អាស៊ាន​ ដែល​ត្រូវ​បាន​ធ្វើឡើង​នៅ​ទីក្រុង​បាងកក​នៅ​សប្តាហ៍​នេះ​ថា​ អាមេរិក​ប្តេជ្ញា​ថា​នឹង​នៅតែ​ ជា​ប្រភព​វិនិយោគទុន​ផ្ទាល់​ពី​បរទេស​ (FDI​) កំពូល​នៅក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​។

លោក​ Wilbur​ Ross​ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​អាមេរិក​បាន​ថ្លែង​នៅក្នុង​វេទិកា​ធុរកិច្ច​ឥណ្ឌូ​ ប៉ាស៊ីហ្វិក​ដែល​ឧបត្ថម្ភ​ ដោយ​អាមេរិក​នៅ​ទីក្រុង​បាងកក​នៅ​ថ្ងៃនេះ​ថា​ “អាមេរិក​បាន​ចូលរួម​ និង​ប្តេជ្ញា​ចិត្ត​យ៉ាង​ពេញលេញ​ចំពោះ​តំបន់​នេះ​”។

លោករដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​អាមេរិក​រូប​នេះ​បាន​និយាយ​ថា​ អាមេរិក​កំពុង​ដឹកនាំ​ប្រទេស​ទាំងអស់​ នៅក្នុង​ FDI​ នៅក្នុង​តំបន់​ជាពិសេស​ចិន​។

របាយការណ៍​របស់ក្រ​សួង​ការបរទេស​អាមេរិក​ ចេញផ្សាយ​នៅ​ថ្ងៃអាទិត្យ​នេះ​បានឱ្យ​ដឹង​ថា​ “ការ​វិនិយោគ​របស់​អាមេរិក​នៅ​អាស៊ាន​ បាន​កើនឡើង​ដល់២៧១ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០១៨​ ដែល​ច្រើនជាង​ការដែល​អាមេរិក​ បាន​ដឹកនាំ​ទៅ​ចិន​ និង​ជប៉ុន​។

រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ បាន​មកដល់​កិច្ចប្រជុំ​កំពូល​អាស៊ាន​ ដោយមាន​ប្រតិភូ​ជាមួយនឹង​ក្រុមហ៊ុន​អាមេរិក​ជាច្រើន​ ដែល​ចង់​ភ្ជាប់​បណ្តាញ​អាជីវកម្ម​នៅ​ទូទាំង​តំបន់​។

មន្ត្រី​មក​ពី​ក្រុមហ៊ុន​អាមេរិក​តំណាង​ឱ្យ​ក្រុមហ៊ុន​ ដែល​មាន​ប្រាក់ចំណូល​ប្រចាំឆ្នាំ​សរុប​ជាង២​,៨ទ្រី​លាន​ដុល្លារ​។ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​ របស់ក្រ​សួង​ការបរទេស​អាមេរិក​។

ក្រុមហ៊ុន​អាមេរិក​ រួមមាន​ក្រុមហ៊ុន​ AES​ Corporation​ ក្រុមហ៊ុន ​Baxter​ International​ ក្រុមហ៊ុន​ Bechtel​ ក្រុមហ៊ុន​ Bell​ Textron​ ក្រុមហ៊ុន​ Boeing​ ក្រុមហ៊ុន​ Capstone​ Turbine​ ក្រុមហ៊ុន​ Cheniere​ Energy​ ក្រុមហ៊ុន​ Citi​ ក្រុមហ៊ុន​ Honeywell​ International​ ក្រុមហ៊ុន​ LNG​ Limited​/Magnolia​ LNG​ ក្រុមហ៊ុន​ Lockheed​ Martin​ ក្រុមហ៊ុន​ Qualcomm​ ក្រុមហ៊ុន​ Securiport​ ក្រុមហ៊ុន​ Sierra​ Nevada​ ក្រុមហ៊ុន​ Tellurian​ ក្រុមហ៊ុន​ Tesla​ និង​ក្រុមហ៊ុន​ Varian​ Medical​ Systems​ និង​ក្រុមប្រឹក្សា​វិស្វកម្ម​អាមេរិក​នៃ​ក្រុមហ៊ុន​វិស្វកម្ម​៕

កម្ពុជា​បាន​ទទួលភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន​ ៤,៨១លាន​នាក់​ក្នុងរយៈពេល៩ខែ​ឆ្នាំនេះ​

ដោយ​ ប៊ី​

ភ្នំ​ពេញៈ​ កម្ពុជា​បាន​ទទួលភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន ៤​,៨១លាន​នាក់​ ក្នុងរយៈពេល៩​ ខែ​ឆ្នាំ២០១៩​ កើនឡើង ១០ភាគរយ​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ នេះ​បើ​តាម​ប្រសាសន៍​លោក​លោក​ថោង​ ខុន​ រដ្ឋមន្រ្តី​ក្រសួងទេសចរណ៍​ នៅ​ថ្ងៃ​ចន្ទ​នេះ​។

លោក​បាន​ថ្លែង​ថា​ ប្រហែល ៧០​,៥ ភាគរយ​នៃ​ភ្ញៀវ​ទេសចរ​បាន​មកដល់​កម្ពុជា​តាមផ្លូវអាកាស ២៧​,៤ភាគរយ​តាមផ្លូវ គោក​ និង២​,១ភាគរយ​តាមផ្លូវទឹក​។ លោក​បាន​បន្ថែម​ថា​ ចិន​ វៀតណាម​ និង​ឡាវ​គឺជា​ប្រភព​ធំ​បំផុត​បរទេស​នៅ​កម្ពុជា​។

ទេសចរណ៍​គឺជា​វិស័យ​ធំ​មួយ​នៃ​វិស័យ​ទាំងបួន​ ដែល​គាំទ្រ​សេដ្ឋកិច្ច​កម្ពុជា​។

កាលពី​ឆ្នាំមុន​ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​បរទេស​ចំនួន៦​,២លាន​នាក់​ ក្នុង​នោះ​មាន​ជនជាតិ​ចិន២លាន​នាក់​ និង​ទទួល​បាន​ប្រាក់ចំណូល​សរុប​ចំនួន៤​,៣៥​ ពាន់​លាន​ដុល្លារ​អាមេរិក​។ នេះ​បើ​យោង​តាម​ក្រសួងទេសចរណ៍​។

វិស័យ​នេះ​បាន​ចូលរួម​ចំណែក១២​,៧ភាគរយ​ ដល់​ផលិតផល​ក្នុង​ស្រុក​សរុប​កម្ពុជា​។

កម្ពុជា​មាន​ភាព​ល្បីល្បាញ​ ដោយមាន​តំបន់​បេតិកភណ្ឌ​ពិភពលោក​ចំនួន៣​ គឺ​អង្គរវត្ត​ ព្រះវិហារ​ និង​តំបន់​សំបូរ​ព្រៃគុហ៍​។

ក្រៅពី​នេះ​ កម្ពុជា​មាន​ឆ្នេរសមុទ្រ​លាតសន្ធឹង​លាតសន្ធឹង​ ចម្ងាយ៤៥០គីឡូម៉ែត្រ​ក្នុង​ខេត្ត​ចំនួន៤នៅ​ប៉ែក​និរតី​ ដែល​មាន​ខេត្តកោះកុង​ ព្រះសីហនុ​ កំពត​ និង​កែប​៕ (ប្រភព​ Xinhua​)៕

សម្តេច​តេជោ​នឹង​សម្ពោធ​ដាក់ឲ្យ​ដំណើរការ​ជា​ផ្លូវការ​រោងចក្រ​ស៊ី​ម៉ង​តិ៍​ ថៃ​ ប៊ុ​នរ៉ុង​នៅ​ខេត្តកំពត​នៅ​ថ្ងៃទី១៤​ ខែវិច្ឆិកា​

ដោយ ​វុត្ថា​

ខេ​ត្ត​កំពតៈ​ សម្ដេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​នរ៉ា​នី​ ហ៊ុន​សែន​ អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ដំណើរការ​ជា​ផ្លូវការ​រោងចក្រ​ស៊ី​ម៉ង​តិ៍​ ថៃ​ ប៊ុ​នរ៉ុង​ ស្ថិតនៅ​ក្នុង​ឃុំ​ល្អាង​ ស្រុក​ដងទង់​ ខេត្តកំពត​នៅ​ថ្ងៃទី​ ១៤​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៩​ ខាងមុខនេះ​។

លោក​ ជាវ​ តាយ​ អភិបាលខេត្ត​កំពត​ នៅ​ថ្ងៃទី៤​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៩​ នេះ​ បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​សេចក្ដីសម្រេច​ស្ដីពី​ ការបង្កើត​គណៈកម្មការ​ និង​អនុគណៈ​កម្មការ​ ដើម្បី​រៀបចំ​បដិសណ្ឋារ​កិច្ច​ សម្ដេច​អគ្គ​មតេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​នរ៉ា​នី​ ហ៊ុន​សែន​ អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធីសម្ពោធ​ដាក់ឲ្យ​ដំណើរការ​ជា​ផ្លូវការ​រោងចក្រ​ស៊ី​ម៉ង​តិ៍​ ថៃ​ ប៊ុ​នរ៉ុង​ និង​បញ្ជាក់​អំពី​ការ​អញ្ជើញ​សមាសភាព​ចូលរួម​ និង​ការទទួលខុសត្រូវ​។

ក្រុមហ៊ុន​ ថៃ​ប៊ុ​នរ៉ុង​ បាន​ចំណាយ​ដើមទុន​វិនិយោគ​ ទឹកប្រាក់​សរុប១២០លាន​ដុល្លារ​អាមេរិក​ សម្រាប់​ការ​កសាង​រោងចក្រ​ស៊ី​ម៉ង​តិ៍​នេះ​ និង​គម្រោង​កំណែទម្រង់​បច្ចេកវិទ្យា​ផលិតកម្ម​ ។ ខ្សែ​សង្វាក់​ផលិ​កម្ម​ថ្មីនេះ​ បំពាក់​ទៅ​ដោយ​បច្ចេកវិទ្យា​ទំនើប​ ដែល​មាន​សមត្ថភាព​ផលិត​ស៊ី​ម៉ង​តិ៍​ បាន​ប្រមាណ២លាន​តោន​ក្នុង១ឆ្នាំ​ និង​ផ្តល់​ឪកាស​ការងារ​ដល់​ពលរដ្ឋ​កម្ពុជា​បាន​ចំនួន៣០០នាក់​។

សម្តេច​តេជោ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ ធ្លាប់​មានប្រសាសន៍​កន្លងមក​នេះ​ថា​ រោងចក្រ​ស៊ី​ម៉ង់​តិ៍​នៅ​កម្ពុជា​ នឹង​ចូលរួម​ចំណែក​ច្រើន​ ក្នុង​ការ​ផ្គត់ផ្គង់​សភា​រៈសំ​ណង់​ នៅ​កម្ពុជា​ និង​កាត់បន្ថយ​ការនាំចូល​ស៊ី​ម៉ង​តិ៍​មក​ពី​បរទេស​។ ជាមួយគ្នា​នេះ​ សម្តេច​តេជោ​ ក៏បាន​លើកទឹកចិត្ត​ឱ្យធ្វើ​លំនៅឋាន​ និង​សំ​ណង់​ផ្សេង​ៗដោយ​ប្រើ​ដែក​ និង​ស៊ី​ម៉ង​តិ៍​ ព្រោះ​វា​បាន​រួមចំណែក​ទប់ស្កាត់​ការ​កាប់​ឈើ​ដើម្បី​ធ្វើលំ​នៅ​ឋាន​។

រោងចក្រ​ផលិត​ស៊ី​ម៉ង់​ត៍​ថៃ​ប៊ុ​នរ៉ុ​ងនេះ​គឺ​ស្ថិតនៅ​ក្នុង​ភូមិ​ល្អាង​ ឃុំ​ល្អាង​ ស្រុក​ដងទង់​ ខេត្តកំពត​ អាច​មាន​សមត្ថភាព​ផលិត​បាន​ ប្រមាណ៣០០០តោន​ក្នុង​មួយថ្ងៃ​ ខណៈ​ដែល​រោងចក្រ​ផលិត​ស៊ី​ម៉ង់​ត៍​ផ្សេងទៀត​ក្នុង​ខេត្តកំពត​ អាច​ផលិត​បាន​ក្នុងរង្វង់​លើសខ្វះ​គ្នា​បន្តិចបន្តួច​។

ខេត្តកំពត​គឺជា​ខេត្ត​មាន​សក​ត្តា​នុ​ពល​ ក្នុង​វិស័យ​ឧស្សាហកម្ម​ ក្នុង​នោះ​មាន​រោងចក្រ​ផលិត​ស៊ី​ម៉ង់​ត៍​ចំនួន៣កន្លែង​ រួមមាន​រោងចក្រ​ជីព​ម៉ុង​ រោងចក្រ​ចក្រី​ទីង​ និង​រោងចក្រ​ខេ​ស៊ី​ម៉ិន​ ដែល​អាច​ផ្គត់ផ្គង់​ស៊ី​ម៉ង់​ត៍​តម្រូវការ​ប្រើប្រាស់​ ក្នុង​ប្រទេស​បាន​ជាង៧០​% នៅក្នុង​ឆ្នាំ២០១៨កន្លងមក​នេះ​៕

អ្នកជំនាញ​៖ ការ​ផ្សព្វផ្សាយ​តាម​បច្ចេកវិទ្យា​មានប្រសិទ្ធភាព​ខ្ពស់​សម្រាប់​មុខ​ជំនួញ​

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ការ​ផ្សព្វផ្សាយ​តាម​បែប​បច្ចេកវិទ្យា ​(Digital​ Marketing​) គឺ​សំដៅ​ទៅលើ​ការ​ធ្វើ​ទីផ្សារ​ទាំងឡាយ​ណា​ ដែល​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​និង​ អ៊ី​នធើ​ណេត​។

Digital​ Marketing​ បាន​ចាប់ផ្តើម​មាន​ភាព​សុះសាយ​ ចាប់តាំងពី​អំឡុង​ឆ្នាំ២០០៩​ ខណៈ​ពេល​ដែល​វត្តមាន​ នៃ​បណ្តាញ​ទំនាក់ទំនង​សង្គម​ Facebook​ ចូល​មកកាន់​ទីផ្សារ​កម្ពុជា​ ជាពិសេស​នៅ​ត្រឹម​ឆ្នាំ២០១២​ ដែល​ប្រជាជន​ខ្មែរ​មួយចំនួន​បាន​ស្គាល់​ និង​យល់​កាន់តែ​ច្បាស់​ពី​ការ​ធ្វើ​ទីផ្សារ​ ដោយ​បច្ចេកវិទ្យា​ដើម្បី​ទាញ​យក​ផលប្រយោជន៍​។

លោក​ ទ្បេង​ ឃេ​រី​ នាយក​ប្រតិបត្តិ​ផ្នែក​ទីផ្សារ​ឌីជីថល​របស់​ក្រុមហ៊ុន​ រ៉ិច​ មី​ (Riich​ Me​ Co​., Ltd​) ដែល​ទទួល​បាន​សិទ្ធិ​ក្នុង​ការគ្រប់គ្រង​ទីផ្សារ​ នៃ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ និង​ពិព័រណ៍ ​B2B​ Park​ បាន​មានប្រសាសន៍​ថា​ ការ​ធ្វើ​ទីផ្សារ​លើ​ប្រព័ន្ធ​ Digital​ វា​មិនមែន​មានត្រឹមតែ​នៅ​លើ​បណ្តាញ​ ទំនាក់ទំនង​សង្គម​ Facebook ​ប៉ុណ្ណោះទេ​ ប៉ុន្តែ​នៅ​មា​នប​ ណ្តាញ​ផ្សេង​ៗជាច្រើន​ទៀត​ ដូចជា​ ការ​ធ្វើ​ទីផ្សារ​តាមរយៈ​បណ្តាញ​ SMS​, Email​ Marketing​, Website​, Google​, YouTube​, Twitter​, LinkedIn​, Telegram​, Instagram​ ដែល​ជា​ប្រព័ន្ធ​ Social​ Media​ ដែល​សុទ្ធតែ​ជាផ្នែក​មួយ​យ៉ាង​សំខាន់​របស់​ Digital​ Marketing​ ​ដែល​ត្រូវ​បាន​កំណត់​ប្រើប្រាស់​ និង​គ្រប់គ្រង​ដោយក្រុម​ហ៊ុន​ជំនាញ​។

លោក​បាន​បន្ត​ទៀត​ថា​ “ការ​ធ្វើ​ទីផ្សារ​ដោយ​ប្រព័ន្ធ​ Digital​ Marketing​ គឺ​មាន​អត្រា​ជោគជ័យ​ខ្ពស់​សម្រាប់​បណ្តា​អាជីវកម្ម​ និង​មុខ​ជំនួញ​ផ្សេង​ៗ និង​ការជំរុញ​ប្រភេទ​ផលិតផល​ សេវាកម្ម​របស់​ក្រុមហ៊ុន​ទៅកាន់​ទីផ្សារ​តាមរយៈ​ការ​ផ្សព្វផ្សាយ​”។ លោក​បញ្ជាក់​ថា​ “បច្ចុប្បន្ន​នេះ​ ការ​ផ្សព្វផ្សាយ​ពី​ព័ត៌មាន​របស់​ក្រុមហ៊ុន​ ក៏ដូចជា​ផ្សព្វផ្សាយ​ពី​ប្រភេទ​សេវាកម្ម​ ឬផលិតផល​នានា​ គេ​មិន​ប្រើ​វិធីសាស្ត្រ​បែប​ប្រពៃណី​ ដូចជា​ ការ​បោះពុម្ព​ខិត​ប័ណ្ណ​ដើរ​ចែក​តាម​ទីប្រជុំជន​ ឬតាម​តំបន់​ភ្លើងស្តុប​នោះ​ទៀតហើយ​ គឺ​គេ​បាន​ងាក​មក​ប្រើ​ប្រព័ន្ធ​ Digital​ Marketing​ ដែល​ចំណាយ​លុយ​តិច​ ងាយស្រួល​ក្នុង​ការប្រើ​ប្រាស់​សម្រាប់​ផ្សព្វផ្សាយ​ ហើយ​ទទួល​បាន​លទ្ធផល​ល្អ​ មានប្រសិទ្ធភាព​ខ្ពស់​ ចំ​គោលដៅ​ដែល​ចង់បាន​”។

លោក​ ឡេង​ ឃេ​រី​ បាន​មានប្រសាសន៍​បន្ត​ទៀត​ថា​ ជា​ការ​ជួយ​ជំរុញ​ និង​គាំទ្រ​ដល់​បណ្តា​ក្រុមហ៊ុន​ខ្នាត​តូច​ និង​មធ្យម​ (SME​) នៅ​កម្ពុជា​ ជាមួយនឹង​កិច្ច​ដំណើរការ​ទៅលើ​ប្រព័ន្ធ​ Digital​ Marketing​ នេះ​ ក្រុមហ៊ុន ​Riich​ Me​ Cambodia​ បាន​បង្កើត​ជា​ E-commerce​ Platform​ ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ និង​លទ្ធភាព​ដល់​ក្រុមហ៊ុន​នានា​សម្រាប់​ដំណើរការ​អាជីវកម្ម​ ក៏ដូចជា​ជំរុញ​ផលិតផល​ទី​កាន់​ទីផ្សារ​ឱ្យ​បាន​ទូលាយ​ ជាពិសេស​មានឱកាស​ក្នុង​ការ​អភិវឌ្ឍ​ក្រុមហ៊ុន​ឱ្យ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​”។

លោក​បញ្ជាក់​ថា​ “តាមរយៈ​ ​E-commerce​ Platform​ មួយ​នេះ​ ក្រៅពី​អាច​ជួយ​ចូលរួម​អភិវឌ្ឍន៍​ ក្រុមហ៊ុន​ឱ្យ​មាន​ភាព​រីកចម្រើន​ ថែមទាំង​អាច​ជំរុញ​ផលិត​ និង​សេវាកម្ម​របស់​ក្រុមហ៊ុន​ ចេញទៅ​កាន់​ទីផ្សារ​អន្តរជាតិ​បាន​ទៀតផង​”៕

អាមេរិក​ប្តេជ្ញា​បន្ត​លើកកម្ពស់​ទំនាក់ទំនង​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា​បន្ថែម​ទៀត​

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ឯកអគ្គ​រដ្ឋទូត​សហរដ្ឋអាមេរិក​ លោក​ Patrick​ Murphy​ ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហ​កិច្ច​សហប្រតិបត្តិ​ការ​ រវាង​ភាគី​កម្ពុជា​-អាមេរិក​ និង​បាន​ប្តេជ្ញា​បន្ត​លើកកម្ពស់​ទំនាក់ទំនង​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​បន្ថែម​ទៀត​។

លោក​ឯកអគ្គ​រដ្ឋទូត​រូប​នេះ​ បាន​មានប្រសាសន៍​បែបនេះ​ នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​ លោក​ប៉ាន​ សូរ​ស័ក្តិ​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​នៅ​ព្រឹក​ថ្ងៃទី៤​ ខែវិច្ឆិកា​ ឆ្នាំ២០១៩នេះ​ នៅមុន​កិច្ចប្រជុំ​កំពូល​អាស៊ាន​-អាមេរិក​លើក​ទី៧​ (7th​ ASEAN​-US​ Summit​) ដែល​រៀបចំឡើង​នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​ និង​សន្និសីទ ​IMPACT​ Muang​ Thong​ Thani​ ប្រទេស​ថៃ​។

លោក​ប៉ាន​ សូរ​ស័ក្តិ​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ បាន​សម្តែង​ការ​អបអរសាទរ​ជូន​ លោក​ W. Patrick​ Murphy​ ក្នុង​ឱកាស​ដែល​ត្រូវ​បាន​តែងតាំង​ ជាឯក​អគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​។ ​ជាមួយគ្នា​នេះ​លោក​រដ្ឋមន្រ្តី​ ប៉ាន​ សូរ​ស័ក្តិ​បាន​ជំរុញ​ឱ្យ​វិស័យ​ធុរកិច្ច​អាមេរិក​មក​វិនិយោគ​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ច្រើន​ ក៏ដូចជា​ចូលរួម​ក្នុង​ពិព័រណ៍​ពាណិជ្ជកម្ម​ និង​ការផ្គូផ្គង​ធុរកិច្ច​ ដើម្បី​ជំរុញ​វិស័យ​ពាណិជ្ជកម្ម​ឱ្យ​កាន់តែ​រីកចម្រើន​។

ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ និង​សហរដ្ឋអាមេរិក​ បាន​ឈាន​ដល់៣៤៣៨លាន​ដុល្លារ​អាមេរិក​ ក្នុង​ឆ្នាំ២០១៨​ ដែល​ក្នុង​នោះ​កម្ពុជា​នាំចេញ​ទៅកាន់​សហរដ្ឋអាមេរិក​ មាន​ចំនួន៣​,០៥១​ លាន​ដុល្លារ​ ខណៈ​កម្ពុជា​ចូល​មកវិញ​មាន​ចំនួន៣៨៧​ លាន​ដុល្លារ​អាមេរិក​៕

ឯកអគ្គរាជទូតជប៉ុននឹងផ្សព្វផ្សាយពីសក្តានុពលខេត្តព្រះសីហនុដល់ប្រជាជនរបស់ខ្លួន

ដោយវុត្ថា

ភ្នំពេញៈ ឯកអគ្គរដ្ឋទូតជាប៉ុនប្រចាំនៅកម្ពុជា លោក MIKAMI MASAHIRO បានសន្យាជួយផ្សព្វផ្សាយពីសក្តានុពលខេត្តព្រះសីហនុ ដល់ប្រជាជនជប៉ុនមកកាន់ខេត្តព្រះសីហនុកន្លងមកប្រជាជនជប៉ុនស្គាល់តែអង្គរ ខេត្តសៀមរាប។

មានប្រសាសន៍នៅក្នុងជំនួបជាមួយលោក គួច ចំរើនអភិបាលខេត្តព្រះសីហនុនៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះឯកអគ្គរាជទូចជាប៉ុនប្រចាំនៅកម្ពុជា លោក MIKAMI MASAHIRO បានឱ្យដឹងថា នេះជាលើកទីមួយដែលលោកមកទស្សនកិច្ច នៅខេត្តព្រះសីហនុ បន្ទាប់ពីមកធ្វើការនៅរាជធានីភ្នំពេញ។

លោកបន្តថា កាលពីឆ្នាំមុន លោកក៏បានមកភ្នំពេញចូលរួមកិច្ចប្រជុំអាស៊ាន ហើយមកដល់បច្ចុប្បន្នកម្ពុជាមានការអភិវឌ្ឍខ្លាំង។ កម្ពុជាឆ្លងកាត់សង្គ្រាមជាច្រើនឆ្នាំ កម្ពុជាសម្រេចបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ ខេត្តព្រះសីហនុមានអគារខ្ពស់ៗជាច្រើនកំពុងមានការអភិវឌ្ឍខ្លាំងគួរឱ្យចាប់អារម្មណ៍។

ឯកអគ្គរាជទូតរូបនេះបន្ថែមថា រាជរដ្ឋាភិបាលជប៉ុន មានកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជា ពិសេសជនជាតិជប៉ុន ដែលមករកស៊ីនៅខេត្តព្រះសីហនុ រងគ្រោះដោយសារការរលំបាក់អគារកាលពីកន្លងមក ហើយរដ្ឋបាលខេត្ត ក៏ដូចជារាជរដ្ឋាភិបាលបាន យកចិត្តទុកដាក់ដោះស្រាយបានទាន់ពេលវេលា

ជាមួយគ្នានេះ លោកឯកអគ្គរាជទូតជប៉ុន ចង់ដឹងពីការអភិវឌ្ឍខេត្ត លើបញ្ហាផ្លូវ លូរទឹកស្អុយ មានបញ្ហាប្រឈមអ្វីខ្លះនិងមានគម្រោងអភិវឌ្ឍខេត្តបែបណា និងថ្លែងអំណរគុណរដ្ឋបាលខេត្ត បានសហការ នៃកាចូលចតនាវាកងកងទ័ពជើងទឹកជប៉ុននៅខេត្តព្រះសីហនុ នៅពេលខាងមុខនឹងមាននាវាជាច្រើនទៀត ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ។

លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណរាជរដ្ឋា ភិបាលជប៉ុន គាំទ្រការអភិវឌ្ឍន៏នៅកម្ពុជា ការអភិវឌ្ឍនាពេលបច្ចុប្បន្នធ្វើឱ្យផ្លូវក្នុងក្រុងមានការខូចខាតយ៉ាងធ្ងន់ធ្ងរ ឈានទៅខូចខាតទាំងស្រុង បើយើងមិនបានស្ថាបនាជួសជុលនោះទេ

លោកបន្តថា ខេត្តព្រះសីហនុ ជាខេត្តមានសក្តានុពលលើវិស័យទេសចរណ៍ ហើយការអភិវឌ្ឍក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ធ្វើឱ្យខេត្តព្រះសីហនុ ក្លាយជាតំបន់សេដ្ឋកិច្ចពហុបំណង មានវិស័សំខាន់ៗដូចជា វិស័យសំណង់ឧស្សាហកម្ម ពាណិជ្ជកម្ម ដឹកជញ្ជូន និងទេសចរណ៍ ខេត្តមានកំពង់ផែអន្តរជាតិទឹកជ្រៅ ព្រលានយន្តហោះ ផ្លូវដែក ផ្លូវគោកដោយសារកំណើន នៃការដឹកជញ្ជូនមានការកើនឡើង ក្នុងមួយថ្ងៃមានកុងតឺន័រប្រមាណ៧០០ ដឹកចេញទៅកាន់រាជធានីភ្នំពេញ និងបណ្តាខេត្តផ្សេងទៀត

លោកអភិបានលខេត្តរូបនេះបន្តថា កាលពីថ្ងៃទី៣០ខែសីហា ២០១៩កន្លងមក ក្នុងកិច្ចប្រជុំគណ:រដ្ឋមន្ត្រី សម្តេចតេជោ បានបញ្ចេញកញ្ចប់ថវិកាសាងសង់ផ្លូវក្នុងក្រុងព្រះសីហនុ៣៤ខ្សែ គ្រោងនឹងបើកការដ្ឋាននៅថ្ងៃទី១៦ វិច្ឆិកាខាងមុខនេះ។

លោកបានបញ្ជាក់ទៀតថា ខេត្តមានសក្តានុពលលើគ្រប់វិស័យ ក្នុងនោះរាជរដ្ឋាភិបាលបាន និងកំពុងសាងសង់ផ្លូវល្បឿនលឿន ពីរាជធានីភ្នំពេញ មកខេត្តព្រះសីហនុ ផ្តល់ភាពអនុគ្រោះដល់វិស័យទេសចរណ៍ និងវិនិយោគនៅពេលខាងមុខ៕

ក្រសួងបរិស្ថាន​លក់​ឥណទាន​កាបូន​ក្នុង​ខេត្ត​ស្ទឹងត្រែង​បាន១១លាន​ដុល្លារ​

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ក្រសួងបរិស្ថាន​បាន​លក់​ឥណទាន​កាបូន​ ក្នុង​ដែនជម្រកសត្វព្រៃ​ ព្រៃ​ឡង់​ ស្រុក​កែវសីមា​ ខេត្ត​ស្ទឹងត្រែង​ បាន​ចំនួន១១លាន​ដុល្លារ​ ​សម្រាប់​ទ្រទ្រង់​ដល់​ការ​ការពារ​ និង​អភិរក្ស​ ក៏ដូចជា​ជួយ​លើកកម្ពស់​ជីវភាព​របស់​ប្រជា​សហគមន៍​មូលដ្ឋាន​ ដែល​ឆ្លើយតបទៅនឹង​គោលការណ៍​ហិរញ្ញប្បទាន​និរន្តរភាព​ ( Sustainable​ Financing​ )។

រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ លោក​សាយ​ សំ​អាល់​ បាន​មានប្រសាសន៍​នៅក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​បរិស្ថាន​ ឆ្នាំ២០១៩​ និង​ទិសដៅ​ការងារ​ ឆ្នាំ២០២០​» នៅ​ទី​ស្តី​ការក្រ​សួង​បរិស្ថាន​ នា​ព្រឹក​ថ្ងៃទី៤​ ខែវិច្ឆិកា​ ឆ្នាំ២០១៩នេះ​ថា​ ចំពោះ​ចំណូល​បាន​មក​ពី​ឥណទាន​កាបូន​ ប្រមាណ១១លាន​ដុល្លារ​អាមេរិក​នេះ​ គឺជា​អត្ថ​ប្រយោជន៍​ជាក់ស្តែង​ កើត​ចេញពី​កិច្ច​ខិតខំ​ប្រឹងប្រែង​ ក្នុង​ការគ្រប់គ្រង​តំបន់ការពារធម្មជាតិ​បាន​ល្អ​ប្រសើរ​។

លោក​បាន​លើកឡើង​ថា​ ដោយមាន​កិច្ច​សហប្រតិបត្តិ​ការ​ល្អ​ ជាមួយ​អង្គការ​ WCS​ អង្គការ​CI​ និង​អង្គការ​ Wildlife​ Alliance​ ក្រសួងបរិស្ថាន​ បាន​លក់​ឥណទាន​កាបូន​នៅក្នុង​ដែនជម្រកសត្វព្រៃ​កែវសីមា​ ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​ (ក្នុង​ភូមិសាស្ត្រ​ខេត្ត​ស្ទឹងត្រែង​) ដែនជម្រកសត្វព្រៃ​ក្រ​វ៉ា​ញខាងត្បូង​ និង​ដែនជម្រកសត្វព្រៃ​តា​តៃ​ ក្រោម​ក្របខណ្ឌ​ទីផ្សារ​ស្ម័គ្រចិត្ត​ ដោយ​ទទួល​បាន​ថវិកា​សរុប​ប្រមាណ១១លាន​ដុល្លារ​អាមេរិក​ សម្រាប់​ទ្រទ្រង់​ដល់​ការ​ការពារ​ និង​អភិរក្ស​ ក៏ដូចជា​ជួយ​លើកកម្ពស់​ជីវភាព​របស់​ប្រជា​សហគមន៍​មូលដ្ឋាន​ ដែល​ឆ្លើយតបទៅនឹង​គោលការណ៍​ហិរញ្ញប្បទាន​និរន្តរភាព​ ( Sustainable​ Financing​ )។

ផ្អែក​តាម​ឯកសារ​បាន​បង្ហាញថា​ កាលពី​ឆ្នាំ២០០៩​ អង្គការ​ Pact​ Cambodia​ បាន​វិនិយោគ​ នៅក្នុង​កម្មវិធី​កាត់បន្ថយ​កា​របំ​ភាយ​ឧស្ម័ន​ គាំទ្រ​ដោយ​អង្គការសហប្រជាជាតិ​ មិន​ឲ្យ​មានការ​កាប់ព្រៃ​ឈើ​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​កម្មវិធី​ REDD​+។ កម្មវិធី​ REDD​+ ដែល​ទទួល​បាន​ចំណាត់ថ្នាក់​ «មាស​ ៣» ពី​សហគមន៍​សម្ព័ន្ធ​បរិយាកាស​ និង​ជីវៈ​ចម្រុះ​ មាន​គោលបំណង​ដើម្បី​លក់​ឥណទាន​កាបូន​ ជា​ថ្នូរ​នឹង​ការកាត់បន្ថយ​ការ​កាប់ព្រៃ​ឈើ​ នៅក្នុង​ខេត្ត​ឧត្តរមានជ័យ​។

​ប៉ុន្តែ​អង្គការ​ Pact​ បាន​ចាកចេញ​ពី​គម្រោង​នេះ​ កាលពី​ខែកក្កដា​ ឆ្នាំ២០១៣​ នៅពេល​ការ​លក់​មានតម្លៃ​រហូតដល់
១​,២លាន​ដុល្លារ​ ពី​ការ​លក់​ឥណទាន​កាបូន​កកើត​ឡើងវិញ​។

កាលពី​ថ្ងៃទី១១​ ខែសីហា​ ឆ្នាំ២០១៦​ ក្រុមហ៊ុន​ ឌី​សនី​ (Disney​) របស់​សហរដ្ឋអាមេរិក​ បានសម្រេច​ចុះហត្ថលេខា​ទិញ​កាបូន​ រេ​ដបូ​ក (Carbon​ Redd​+) នៅ​ដែនជម្រកសត្វព្រៃ​កែវសីមា​ចំនួន ២​,៦លាន​ដុល្លារ​។ កិច្ចសន្យា​នេះ​ ត្រូវ​បាន​ធ្វើឡើង​ នៅ​ក្រសួងបរិស្ថាន​ ក្នុង​កិច្ចសន្យា​រយៈពេល២ឆ្នាំ​៕

សម្តេច​តេជោ​ស្នើ​នាយក​រដ្ឋមន្ត្រី​រុស្ស៊ី​ជួយ​ជំរុញ​វិនិយោគិន​រុស្ស៊ី​ឲ្យ​មក​វិនិយោគ​លើ​វិស័យ​មួយចំនួន​ទៀត​នៅ​ប្រទេស​កម្ពុជា​

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ សម្តេច​តេជោ​ ហ៊ុន​ សែន​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ បាន​ស្នើសុំ​ឱ្យ​លោក​ នាយក​រដ្ឋមន្ត្រី​រុស្ស៊ី​ ជួយ​ជំរុញ​វិនិយោគិន​រុស្ស៊ី​ ឲ្យ​មក​វិនិយោគ​បន្ថែម​ទៀត​នៅ​ប្រទេស​កម្ពុជា​ ក្នុង​វិស័យ​មួយចំនួន​ដូចជា​ វិស័យ​កែច្នៃ​ម្ហូបអាហារ​ កសិ​ឧស្សាហកម្ម​ ឧស្សាហកម្ម​ Electronic​, ឧស្សាហកម្ម​បង្គំ​ និង​ឧស្សាហកម្ម​ផលិត​គ្រឿងម៉ាស៊ីន​ជាដើម​។

សម្ដេច​តេជោ​ នៅក្នុង​ជំនួប​ជាមួយ​លោក​ Dmitry​ Medvedev ​នាយក​រដ្ឋមន្រ្តី​នៃ​ប្រទេស​រុស្ស៊ី​ កាលពី​ថ្ងៃទី៣​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៩​ ម្សិលមិញ​នេះ​ បានឱ្យ​ដឹង​ថា​ សម្ដេច​ពិតជា​រីករាយ​អំពី​ទំហំ​ពាណិជ្ជកម្ម​ រវាង​ប្រទេស​ទាំងពីរ​ ដែល​មានការ​កើនឡើង​កន្លងមក​នេះ​ ហើយ​ក្នុង​ន័យ​នេះ​ គឺ​ដើម្បី​ពង្រឹង​ទំហំ​ពាណិជ្ជកម្ម​បន្ថែម​ទៀត​រវាង​ប្រទេស​ទាំងពីរ​។

ជាមួយគ្នា​នេះ​ សម្ដេច​ក៏បាន​ស្នើ​ភាគី​រុស្ស៊ី​ពិនិត្យ​លទ្ធភាព​ ចាប់ផ្ដើម​អនុវត្តន៍​គម្រោង​ទំនើបកម្ម​ មន្ទី​ពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត​នៅក្នុង​ពេល​ឆាប់​ៗខាងមុខនេះ​ ព្រោះ​មន្ទីរពេទ្យ​នេះ​ជា​និមិត្តរូប​នៃ​មិត្តភាព​ រយៈពេល​យូរអង្វែង​រវាង​ប្រទេស​យើង​ទាំងពីរ​។

ដោយឡែក​ ពាក់ព័ន្ធ​នឹង​ការចរចា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា​ និង​សហភាព​សេដ្ឋកិច្ច​អឺ​រ៉ា​ស៊ី​ កម្ពុជា​អរគុណ​ចំពោះ​ការ​គាំទ្រ​ជាគោល​ការណ៍​របស់​រុស្ស៊ី​ចំពោះ​កិច្ចប្រឹងប្រែង​ ឲ្យ​មានការ​ចរចា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា​ និង​សហភាព​សេដ្ឋកិច្ច​អឺ​រ៉ា​ស៊ី​នេះ​។

លោក​ Dmitry​ Medvedev​ នាយក​រដ្ឋមន្ត្រី​រុស្ស៊ី​បានឱ្យ​ដឹង​ដែរ​ថា​ ប្រទេស​រុស្សី​ចង់​សហការ​ជាមួយ​កម្ពុជា​ លើ​វិស័យ​ជាច្រើន​រួម​ទាំង​វិស័យ​ឧស្សាហកម្ម​ ហើយ​ចង់​បន្ត​ផ្ដល់​ការ​គាំទ្រ​ទៅដល់​កម្ពុជា​នៅក្នុង​ កិច្ចសហការ​លើ​វិស័យ​ថាមពល​ ដូចជា​វិស័យ​ប្រេង​ វិស័យ​ទូរគមនាគមន៍​ ខាង​ជលផល​ និង​ការបង្កើត​កិច្ច​សហប្រតិបត្តិ​ការ​ផ្សេង​ៗទៀត​ នៅ​កម្ពុជា​។

លោក​បន្ត​ថា​ ចំពោះ​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា​ និង​សហភាព​សេដ្ឋកិច្ច​អឺ​រ៉ា​ស៊ី​ ​នេះ​ជា​កិច្ចការ​មាន​សារៈសំខាន់​ណាស់​ ហើយ​ជា​គំនិត​ផ្ដួចផ្ដើម​ដ៏​ល្អ​ ដែល​យើង​អាច​ចុះ​កិច្ច​ព្រមព្រៀង​នៅពេល​ខាងមុខនេះ​ក្រោយពី​ការចរចា​រួចហើយ​នោះ​។

លោកនាយក​រដ្ឋមន្ត្រី​រុស្ស៊ី​បាន​បញ្ជាក់​ទៀត​ថា​ យើង​អាច​មាន​កិច្ច​សហ​សកាយ៉ា​ងល្អ​លើ​វិស័យ​ឧស្សាហកម្ម​ វិទ្យាសាស្រ្ត​ និង​វិ​ស័យ​ផ្សេង​ៗទៀត​ជាពិសេស​នៅក្នុង​ការ​ដោះ​មីន​នៅក្នុង​វិស័យ​ការពារ​ជាតិ​ ដែល​ប្រទេស​រុស្ស៊ី​ចង់​បន្ត​ក្នុង​ការ​បណ្ដុះបណ្ដាល​មន្ត្រី​យោធា​កម្ពុជា​។

លោក​បន្ថែម​ថា​ ក្រៅពី​នេះ​ទៀត​ ពាក់ព័ន្ធ​នឹង​មន្ទីរពេទ្យ​ជា​គម្រោង​ដ៏​សំខាន់​ ហើយ​យើង​នឹង​ខិតខំ​ប្រឹងប្រែង​ នៅក្នុង​ការ​ធ្វើការងារ​នេះ​ឲ្យបាន​ឆាប់​កាន់តែ​ល្អ​៕