ដោយៈ រ៉ាណេត
ព្រះសីហនុៈ អាជ្ញាធរអគ្គិសនីកម្ពុជា បានដាក់ឱ្យដំណើរការខ្សែបញ្ជូនថាមពលអគ្គិសនីកម្លាំង២៣០ និង៥០០គីឡូវ៉ាត់ ដែលបញ្ចូនពីខេត្តព្រះសីហនុ មកកាន់រាជធានីភ្នំពេញ និងអនុស្ថានីយចម្ការហ្លួង ដែលមានកម្លាំង២៣០គីឡូវ៉ាត់ នៅស្រុកស្រែអំបិល ខេត្តព្រះសីហនុ។
ហេដ្ឋារចនាសម្ព័ន្ធថ្មី ដែលមានសារៈសំខាន់ ក្នុងការបញ្ជូនថាមពលអគ្គិសនីពីបណ្តារោងចក្រធ្យូងថ្ម ខេត្តព្រះសីហនុ មកប្រើប្រាស់នៅភ្នំពេញ និងបន្តទៅបណ្តាខេត្តផ្សេងៗទៀត ដែលមានកម្លាំងរហូតដល់៥០០គីឡូវ៉ាត់ ត្រូវបានអជ្ញាធរអគ្គិសនីកម្ពុជា ដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។
តាមរយៈអជ្ញាធរអគ្គិសនីកម្ពុជាបានបញ្ជាក់ឱ្យដឹងថា បច្ចុប្បន្ននេះ ខ្សែបញ្ជូនថាមពលអគ្គិសនីពីបណ្តាខេត្ត ដែលឆ្លងកាត់តាមខេត្តកំពត តាកែវ បានលើសបន្ទុក និងមិនអាចបញ្ជូនបានទាំងស្រុងនូវបរិមាណ ដែលផលិតដោយរោងចក្រធ្យូងថ្មទាំងនោះបាននោះទេ ជាពិសេសរោងចក្រធ្យូងថ្មថ្មី១៥០មេហ្គាវ៉ាត់ ដែលទើបចាប់ផ្តើមដំណើរការកាលពីដើមឆ្នាំ២០២០ កន្លងទៅនេះ។
ខ្សែបញ្ជូនថាមពលអគ្គិសនី ដែលទើបដាក់ឱ្យដំណើរការថ្មីនេះ មានសមត្ថភាពអាចបញ្ជូនថាមពល បានរហូតដល់ប្រមាណ១០០០គីឡូវ៉ាត់បន្ថែម ដែលនឹងចេញជាបន្តបន្ទាប់ ពីខេត្តព្រះសីហនុនៅពេលខាងមុខ។ ដោយឡែកអនុស្ថានីយចម្ការហ្លួង២៣០ មេហ្គាវ៉ាត់ ជាអនុស្ថានីយមួយស្ថិតក្នុងចំណោមអនុស្ថានីយចំនួន៦ ដែលដាក់ឱ្យដំណើរការមុនគេ ក្នុងក្របខណ្ឌឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋបារាំង តាមរយៈទីភ្នាក់ងារបារាំងដើម្បីអភិវឌ្ឍន៍ ដែលសាងសង់មានការត្រួតពិនិត្យរួមគ្នា រវាងអគ្គិសនីកម្ពុជា និងទីប្រឹក្សាមកពីអគ្គិសនីបារាំង (EDF)។
អនុស្ថានីយនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការបែងចែក និងទទួលថាមពលទៅភាគខាងត្បូង និងខាងលិចរវាងបណ្តារោងចក្រធ្យូងថ្ម នៅខេត្តព្រះសីហនុ តំបន់ភ្នំពេញ និងខេត្តកោះកុង ដែលសម្បូរទៅដោយប្រភពវារីអគ្គិសនី។ ខ្សែបញ្ជូនថាមពលអគ្គិសនី និងអនុស្ថានីយថ្មីនេះ គឺជាសមទ្ធិផលថ្មីមួយបន្ថែមទៀត ក្នុងវិស័យអគ្គិសនី ដែលនឹងជួយជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ដោយបង្កើនលទ្ធភាពការផ្គត់ផ្គង់ ឱ្យបានគ្រប់គ្រាន់ ប្រកបដោយស្ថិរភាព និងនិរន្តរភាព៕






