ដោយវុត្ថា
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលបានអះអាងថា ការស្ថាបនាផ្លូវទាំង ៣៤ ខ្សែនៅក្នុងក្រុងព្រះសីហនុមានសន្ទុះការងារ និងល្បឿនលឿនបំផុតដែលនិកស្មានមិនដល់ និងអាចសម្រេចតាមផែនការនាពេលខាងមុខ។

លោកឧកញ៉ា ម៉ុង ឬទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឬទ្ធីគ្រុប នៅក្នុងពិធីអមដំណើរ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះពិនិត្យការដ្ឋានសាងសង់ផ្លូវទាំង ៣៤ខ្សែ នៅក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុកាលពីចុងសប្តាហ៍កន្លងមកនេះ ឱ្យដឹងថា ដំណើរការនៃការសាងសង់ផ្លូវទាំង ៣៤ ខ្សែ នៅក្នុងក្រុងព្រះសីហនុមានសន្ទុះ ល្បឿនលឿនបំផុង ។
លោកឧកញ៉ា ថ្លែងថា ថ្ងៃសៅរ៍ទី១៥ខែកុម្ភៈឆ្នាំ២០២០រួមដំណើរជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រីជា សុផារ៉ា ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តមអភិបាលខេត្តព្រះសីហនុ និងមន្ត្រីរាជការជាច្រើនរូបទៀតចុះពិនិត្យមើលសកម្មភាព ក្រុមគ្រឿងចក្រវិស្វកម្មស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ នៅក្នុងក្រុងព្រះសីហនុ ខ្ញុំសុំវាយតម្លៃខ្ពស់បំផុតដោយឃើញសន្ទុះការងារ មានល្បឿនលឿនបំផុតដែលនិកស្មានមិនដល់ ។

លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានដឹកនាំមន្ត្រីពាក់ព័ន្ធចុះពិនិត្យការដ្ឋានសាងសង់ផ្លូវទាំង ៣៤ខ្សែ នៅក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដើម្បីពន្លឿនការសាងសងឱ្យចប់តាមផែនការដែលបានកំណត់ក្នុងរយៈពេល ៨ខែ និងស្របតាមស្តង់ដាបច្ចេកទេសដែលអាចធានាបាននូវគុណភាពរឹងមាំសម្រាប់ប្រើប្រាស់បានយូរអង្វែង។
រដ្ឋាភិបាលបានស្ថាបនាផ្លូវទាំង ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ ក្នុងគោលបំណងដើម្បីឆ្លើយតបទៅនឹងសភាពការណ៍នៃការអភិវឌ្ឍយ៉ាងគំហុកនៅក្នុងខេត្តព្រះសីហនុ ជាពិសេសសំដៅប្រែក្លាយក្រុងព្រះសីហនុ ឱ្យទៅជាក្រុងទំនើបមានសោភ័ណ្ឌភាព បរិស្ថានល្អសម្រាប់ការរស់នៅទេសចរណ៍ និងធុរកិច្ចផងដែរ។
លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានឱ្យដឹងថា ផ្លូវទាំង ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ ដែលកំពុងដំណើរការស្ថាបនានេះ គឺមានប្រវែងសរុបជាង ៨៤គីឡូម៉ែត្រ មានរង្វង់មូលចំនួន ៣ និងស្ពានចំនួន ៦ប្រវែង ២៥២ម៉ែត្រ។ ផ្លូវទាំងនេះត្រូវប្រើរយៈពេលក្នុងការស្ថាបនាត្រឹមតែ ៨ខែប៉ុណ្ណោះ ដូច្នេះនៅពេលខាងមុខឆាប់ៗនេះ ក្រុងព្រះសីហនុនឹងប្រែមុខមាត់ថ្មីក្លាយទៅជាទីក្រុងដែលមានសុវត្ថិភាពបំផុត និងទាក់ទាញភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគនានា។
លោកឧបនាយករដ្ឋមន្ត្រីបន្តថា ដោយឡែកក្នុង គោលដៅប្រែក្លាយក្រុងព្រះសីហនុ ទៅជាទីក្រុងទំនើបដែលមានសោភណ្ឌភាព បរិស្ថាន ល្អសម្រាប់ការរស់នៅទេសចរណ៍ និងធុរកិច្ច ជាពិសេសធានាបានគុណភាពខ្ពស់រឹងមាំប្រើប្រាស់ បានយូរអង្វែង ការស្ថាបនាផ្លូវទាំង ៣៤ខ្សែ ក្នុងក្របខណ្ឌនៃថវិកាទទួលបានពីការដោះដូរធនធាននៅខេត្តព្រះសីហនុ និងថវិការបស់រាជរដ្ឋាភិបាលចំនួនប្រមាណជាង ៣០០លានដុល្លារអាមេរិក។
ផ្លូវទាំង ៣៤ខ្សែ ដែលកំពុងតែស្ថាបនាក្នុងក្រុងព្រះសីហនុនេះ គឺទទួលបន្ទុកស្ថាបនាដោយគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ដែលត្រូវបានសម្ពោធបើកការដ្ឋានដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ៕






