ឥណ្ឌា​បដិសេធ​កិច្ច​ព្រមព្រៀង​ RCEP​ ខណៈ​ប្លុក​ពាណិជ្ជកម្ម​នេះ​កំពុង​ឆ្ពោះទៅ​រក​ការសម្រេច​ជោគជ័យ​

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ ឥណ្ឌា​បាន​ដកខ្លួន​ចេញពី​ការចូលរួម​ ក្នុង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​ក្នុង​តំបន់ ​(RCEP​) នេះ​។ បើ​យោង​តាម​សេចក្តី​ថ្លែងការណ៍​រួម​ ពី​កិច្ចប្រជុំ​កំពូល​ RCEP​ ដែល​ធ្វើឡើង​នៅ​ទីក្រុង​បាងកក​កាលពី​ចុង​សប្តាហ៍​។

សេចក្តី​ថ្លែងការណ៍​រួម​បានឱ្យ​ដឹង​ថា​ “ឥណ្ឌា​មាន​បញ្ហា​ជាច្រើន​គួរ​ឱ្យ​កត់សម្គាល់​ដែល​នៅតែ​មិនទាន់​ដោះស្រាយ​”។

សេចក្តី​ថ្លែងការណ៍​បាន​បន្ថែម​ថា​ “ប្រទេស​ដែល​ចូលរួម​ក្នុង​ RCEP ​ទាំងអស់​ នឹង​ធ្វើការ​រួមគ្នា​ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​តាមរបៀប​ដែល​អាច​ទៅរួច​។ ការសម្រេច​ចិត្ត​ចុងក្រោយ​របស់​ឥណ្ឌា​ នឹង​ពឹងផ្អែក​ទៅលើ​ដំណោះស្រាយ​ ដែល​មិន​ពេញចិត្ត​នៃ​បញ្ហា​ទាំងនេះ​”។

មេដឹកនាំ​មក​ពី​អាស៊ាន​ និង​សេដ្ឋកិច្ច​អាស៊ី​ និង​ប៉ាស៊ីហ្វិក​ធំជាង​គេ​កំពុង​នៅតែ​ស្ថិតនៅ​លើ​ផ្លូវ​ ដើម្បី​បង្កើត​ប្លុក​ពាណិជ្ជកម្ម​ធំ​បំផុត​នៅ​លើ​ពិភពលោក​ ដែល​នឹង​រួមបញ្ចូល​អូ​ ស្ត្រា​លី​ចិន​ ជប៉ុន​ កូរ៉េ​ និ​ងនូ​វែ​លសេ​ឡង់​។ កិច្ច​ព្រមព្រៀង​នេះ​ គ្រោង​នឹង​បញ្ចប់​នៅ​ពាក់កណ្តាល​ឆ្នាំ២០២០​។

នាយក​រដ្ឋមន្រ្តី​ឥណ្ឌា​លោក​ Narendra​ Modi​ ជឿជាក់​ថា​ “ការចូលរួម​ក្នុង​ប្លុក​ពាណិជ្ជកម្ម​នេះ​ មិន​សមស្រប​នឹង​ផល ប្រយោជន៍​របស់​ប្រទេស​លោក​ទេ​។ ការ​ព្រួយបារម្ភ​ចម្បង​ផ្តោត​ជុំវិញ​ទំនិញ​ចិន​ ដែល​មាន​តំលៃ​ថោក​កំពុង​ជន់​លិច​ទីផ្សារ​ឥណ្ឌា​”។

ក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍​ NDTV​ លោក​ Modi​ បាន​និយាយ​ថា​ “នៅពេល​ដែល​ខ្ញុំ​វាស់​ស្ទង់​ពី​កិច្ច​ព្រមព្រៀង​RCEP​ ដោយ​គោរព​ផលប្រយោជន៍​របស់​ប្រជាជន​ឥណ្ឌា​ទាំងអស់​ ខ្ញុំ​មិន​ទទួល​បាន​ចម្លើយ​វិជ្ជមាន​ទេ​”៕

ការទិញ​-លក់​ ដីធ្លី​នៅ​តំបន់​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី៣​ នា​ចុងឆ្នាំ២០១៩​ នៅតែ​មាន​សកម្មភាព​មមាញឹក​

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ អ្នកជំនាញ​ និង​អ្នក​អភិវឌ្ឍ​ក្នុង​វិស័យ​អចលនទ្រព្យ​អះអាង​ថា​ នៅ​ដំណាច់​ចុងឆ្នាំ២០១៩នេះ​ ស្ថានភាព​នៃ​ការទិញ​-លក់​ ដីធ្លី​ដែល​ស្ថិតនៅ​តំបន់​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី៣​ នៅតែ​មាន​សកម្មភាព​ដដែល​ ប៉ុន្តែ​ពាក់ព័ន្ធ​ទៅ​នឹង​តម្លៃ​ហាក់​នៅ​ទ្រឹង​បើ​ធៀប​ទៅ​នឹង​កាលពី​អំឡុង​ដើមឆ្នាំ​ដដែល​នេះ​។

នាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ Century21​ Fortuna​ Investment​ លោក​ វ៉ា​ វីរៈ​ បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​ កាលពី​រសៀល​ថ្ងៃទី៥​ ខែវិច្ឆិកា​ ឆ្នាំ២០១៩​ ថា​ នៅ​ដំណាច់​ចុងឆ្នាំ២០១៩នេះ​ សម្រាប់​ការទិញ​-លក់​ដីធ្លី​ គឺ​នៅតែ​មាន​សកម្មភាព​ធម្មតា​មិន​មាន​អ្វី​ដែល​ប្រែប្រួល​នោះ​ទេ​។ លោក​បាន​បន្ត​ទៀត​ថា​ សម្រាប់​អ្នក​វិនិយោគ​នៅក្នុង​វិស័យ​ដីធ្លី​ គឺ​នៅតែ​បន្តសកម្មភាព​របស់​ខ្លួន​ក្នុង​ការទិញ​ និង​លក់​ដដែល​ ជាពិសេស​ដី​ដែល​ស្ថិតនៅ​តាម​តំបន់​ជាយក្រុង​។

លោក​បាន​បន្ត​ទៀត​ថា​ “ដី​ដែល​ស្ថិត​តំបន់​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី៣​ ដែល​ចេញពី​ចំណុច​ផ្លូវជាតិ១​ និង​នៅ​ជាប់​ផ្លូវ​ដែល​ងាយស្រួល​ក្នុង​ការ​ចុះ​មើល​ដី​ និង​វាស់វែង​ ក៏​នៅតែ​មាន​អ្នកជំនួញ​ក្នុង​វិស័យ​នេះ​ចុះ​ធ្វើសកម្មភាព​ទិញ​ លក់​ដដែល​។ លើកលែងតែ​ដី​ស្ថិតនៅ​ខាងក្នុង​ឆ្ងាយ​ពី​ផ្លូវ​ធំ​ ឬផ្លូវ​បេតុង​ដោយសារតែ​វា​ជារ​ដូវ​ធ្លាក់​ភ្លៀង​ ហាក់​មាន​ភាព​ស្ងប់ស្ងាត់​បន្តិច​ ព្រោះ​ពិបាក​ក្នុង​ការ​ចុះ​មើល​ទីតាំង​ និង​វាស់វែង​”។ លោក​បាន​បញ្ជាក់​ថា​ “ភាព​ស្ងប់ស្ងាត់​ទាំងនេះ​ អាច​នឹង​ត្រូវ​កែប្រែ​ឡើងវិញ​ បន្ទាប់​រដូវភ្លៀង​ធ្លាក់​បាន​បញ្ចប់​”។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ Khmer​ Foundation​ Appraisal​ លោក​ឧកញ៉ា​ នួន​ រិទ្ធី​ បាន​ទទួលស្គាល់​នូវ​ការ​លើកឡើង​ខាងលើ​នេះ​ ដោយ​លោក​បាន​មានប្រសាសន៍​ថា​ មិនថា​កាលពីដើម​ឆ្នាំ​ឬចុងឆ្នាំ​នោះ​ទេ​ សកម្មភាព​នៃ​ការទិញ​-លក់​ ដូចជា​នៅ​តាមធម្មតា​មិន​មាន​អ្វី​ប្រែប្រួល​នោះ​ទេ​។ អ្នក​វិនិយោគ​ភាគច្រើន​ គឺ​ពួកគេ​បាន​យល់​ច្បាស់​ពី​ស្ថានភាព​ និង​តម្រូវការ​នៃ​វិស័យ​នេះ​ ដែល​វា​មិនមែន​ជា​ការ​ប្រថុយប្រថាន​នោះ​ទេ​។

ដោយឡែក​ពាក់ព័ន្ធ​ទៅ​នឹង​តម្លៃ​ដី​ នៅក្នុង​តំបន់​ដែល​បាន​លើកឡើង​ខាងនេះ​ ត្រូវ​បាន​លោក​ឧកញ៉ា​ នួន​ រិទ្ធី​ បាន​បញ្ជាក់​ប្រាប់​ថា​ ហាក់​មិន​មានការ​កើនឡើង​នោះ​ទេ​ ដោយហេតុថា​តម្លៃ​ដី​ទាំងនេះ​ បាន​ឡើង​ខ្ពស់​តាំងពី​អំឡុង​ដើមឆ្នាំ២០១៩​ មក​ម៉្លេះ​ ។ លើកលែងតែ​សកម្មភាព​ នៃ​ការ​អភិវឌ្ឍ​ទៅលើ​វិស័យ​ឧស្សាហកម្ម​ និង​ឃ្លាំង​ ដែល​គ្រោង​នឹង​បង្ហាញ​វត្តមាន​នៅ​តាម​តំបន់​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី៣ចាប់ផ្តើម​មាន​ ទើប​តម្លៃ​អាច​នឹង​បន្ត​កើនឡើង​ទៀត​។

លោក​ថា​ “ជា​ធម្មតា​នៅ​តំបន់​ណា​មានការ​អភិវឌ្ឍ​ផ្លូវថ្នល់​ មាន​បណ្តាញ​អគ្គិសនី​ទៅដល់​ ដី​ទីនោះ​នឹង​មាន​តម្រូវការ​ខ្ពស់​”។

អនុប្រធាន​សមាគម​អ្នកជំនាញ​អលន​ទ្រព្យ​កម្ពុជា​ លោក​ ម៉ម​ សិរី​បញ្ញា​ បាន​មានប្រសាសន៍​ផង​ដែរ​ថា​ បច្ចុប្បន្ន​នេះ​ ដី​ដែល​មាន​សកម្មភាព​ទិញ​លក់​ខ្លាំង​នៅក្នុង​តំបន់​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី៣​ គឺជា​ប្រភេទ​ដី​ដែល​មានតម្លៃ​ទាប​ ត្រឹម៥០ដុល្លារ​ក្នុង​មួយ​ការ៉េ​តែប៉ុណ្ណោះ​ ដោយសារតែ​អ្នក​វិនិយោគ​ទិញទុក​លក់​បន្ត​ ព្រោះ​នៅ​មានឱកាស​ទទួល​បាន​ចំណេញ​ ប៉ុន្តែ​បើ​ដី​ដែល​មានតម្លៃ​លើស​ពី១០០ដុល្លារ​ឡើង​ទៅ​ ហាក់​មិនសូវ​មាន​តម្រូវការ​នោះ​ទេ​។

ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី៣នេះ​ ត្រូវ​បាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី១៤​ ខែមករា​ ឆ្នាំ២០១៩​ ក្រោម​អធិបតីភាព​របស់​សម្តេច​ តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ឯកអគ្គ​រដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​។

ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី៣​ ដែល​មាន​ប្រវែង​ជាង ៥០គីឡូម៉ែត្រ​នេះ​ ត្រូវ​បាន​សាងសង់​ឡើង​ក្នុង​គោលបំណង​កាត់បន្ថយ​ការ​កកស្ទះ​ចរាចរ​ក្នុង​ទីក្រុង​ និង​ការ​ធ្វើស​មា​ហរ​ណកម្ម​ផ្ទៃក្នុង​។

គម្រោង​ផ្លូវ​នេះ​ ចំណាយ​ថវិកា​សរុប​ប្រមាណ ២៧៣លាន​ដុល្លារ​អាមេរិក​ ដែល​ជា​ហិរញ្ញប្បទាន​សម្បទាន​ពី​រដ្ឋាភិបាល​ចិន​ ហើយ​រាជរដ្ឋាភិបាល​កម្ពុជា​ ចូលរួម​ថវិកាបដិភាគ​សម្រាប់​ការ​ដោះស្រាយ​ផល​ប៉ះពាល់​ ការបោសសម្អាត​មីន​ និ​ងយុទ្ធភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ ពន្ធ​ និង​សួយសារអាករ​។ ការស្ថាបនា​នឹង​ប្រើ​រយៈពេល៤២ខែ​ ហើយ​គ្រោង​បញ្ចប់​នៅ​ខែធ្នូ​ ឆ្នាំ២០២១​ខាងមុខនេះ​ ខណៈ​ដែល​បច្ចុប្បន្ន​ការស្ថាបនា​សម្រេច​បាន​ប្រមាណ​ជិត​ ៤០ភាគរយ​រួច​ទៅ​ហើយ​នោះ​៕

ឯកអគ្គ​រដ្ឋទូត​បារាំង​សរសើរ​ការ​អភិវឌ្ឍ​នៅក្នុង​ខេត្ត​ព្រះសីហនុ​

ដោយ ​វុត្ថា​

ខេត្ត​ព្រះ​សី​ហនុៈ​ លោកស្រី​ EVA​ NGUYEN​ BINH​ ឯកអគ្គ​រដ្ឋទូត​បារាំង​បានឱ្យ​ដឹង​ថា​ ក្នុងរយៈពេល២ឆ្នាំ​កន្លងមក​ រហូតមកដល់​បច្ចុប្បន្ន​នេះ​ ខេត្ត​ព្រះ​សី​នហនុមាន​ការ​អភិវឌ្ឍ​យ៉ាង​លឿន​គួរ​ឱ្យ​កត់សម្គាល់​។

ថ្លែង​នៅក្នុង​ជំនួប​ជាមួយ​ លោក​គួច​ ចំរើន​ អភិបាលខេត្ត​ព្រះសីហនុ​នៅ​ថ្ងៃទី​ ៥ ខែតុលា​ឆ្នាំ​ ២០១៩​ នេះ​ ​លោកស្រី​ EVA​ NGUYEN​ BINH​ ឯកអគ្គ​រដ្ឋទូត​បារាំង​បាន​បន្ត​ថា​ គោលបំណង​នៃ​ដំណើរ​ទស្សនកិច្ច​មក​ខេត្ត​ព្រះសីហនុ​ ទៅ​ពិនិត្យមើល​តំបន់​មួយចំនួន​ មាន​ដូចជា​ តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ​ កោះ​ឫស្សី​ ដែល​ជា​គម្រោង​ វិនិយោគ​របស់​បារាំង​ ព្រលា​នយន្តហោះ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​ អភិវឌ្ឍន៍​ដោយ​សហ​ គ្រាស​បារាំង​ និង​គម្រោង​អភិវឌ្ឍន៍​មួយចំនួន​ទៀត​នៅក្នុង​ខេត្ត​ព្រះសីហនុ​។

លោកស្រី​បន្ថែម​ថា​ ភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង​បាន​សហការ​ជាមួយ​កម្ពុជា​ លើ​គម្រោង​ទឹក​ស្អាត​ នៅ​រាជធានី​ភ្នំពេញ​ និង​ខេត្តសៀមរាប​ ហើយក៏​ចង់​មក​វិនិយោគ​ទឹក​ស្អាត​នៅ​ខេត្ត​ព្រះសីហនុ​ ដោយសារតែ​កំណើន​ប្រជាពលរដ្ឋ​មានការ​កើនឡើង​ និង​ការ​អភិវឌ្ឍ​ យ៉ាង​លឿន​ ហើយ​បញ្ហា​ទឹក​ស្អាត​ក៏​ជា​តម្រូវការ​ចាំបាច់​មួយ​ផង​ដែរ​។

លោក​គួច​ ចំរើន​ អភិបាលខេត្ត​ព្រះសីហនុ​បានឱ្យ​ដឹង​ថា​ កម្ពុជា​ និង​បារាំង​មាន​ទំនាក់ទំនង​ការទូត​ ជា​ប្រវត្តិសាស្ត្រ​មកដល់​បច្ចុប្បន្ន​ កិច្ច​សហប្រតិបត្តិ​ការ​កម្ពុជា​ និង​បារាំង​កាន់តែ​ល្អ​ប្រសើរ​។

លោក​បន្ត​ថា​ សម្រាប់​ខេត្ត​ព្រះសីហនុ​ មាន​សមិទ្ធផល​របស់​បារាំ​ ងមាន​ដូចជា​ទំនប់​ ប៊ុល​ឌែ​ នៅ​ស្រុក​ព្រៃនប់​ មាន​សារៈសំខាន់​ណាស់​សម្រាប់​ ឱ្យ​ប្រជាកសិករ​ធ្វើ​កសិកម្ម​លើ​ផ្ទៃដី​ ១៥.០០០ហិ​កតា​ ដោយសារតែ​រដូវវស្សា​មាន​ជំនន់​ទឹក​ ភ្លៀង​ធ្វើ​ឱ្យ​ទំនប់​នេះ​ មានការ​ខូចខាត​នៅកន្លែង​មួយចំនួន​។ ម្យ៉ាងទៀត​ទំនប់​ប៊ុល​ឌែ​នេះ​ មាន​សភាព​ចាស់​ទ្រុឌទ្រោម​ ដែល​កន្លងមក​ក្រសួង​ធន​ធន​ទឹកបាន​ធ្វើការ​ជួសជុល​ជូន​ ប្រជាពលរដ្ឋ​ប្រើប្រាស់​។

លោក​បន្ថែម​ថា​ បច្ចុប្បន្ន​មាន​ប្រជាពលរដ្ឋ​រស់នៅ​អម​សងខាង​ទំនប់​ ម្យ៉ាងទៀត​ទំ​ទប់​ ប៊ុល​ឌែ​ ខណ្ឌ​ទឹកប្រៃ​ កុំឱ្យ​ហូរ​ចូល​ស្រែ​ប្រជាកសិករ​ និង​ក៏​ជា​ផ្លូវ​ធ្វើ​ចរាចរ​ ដឹកជញ្ជូន​ ផលិតផល​កសិកម្ម​យ៉ាង​សំខាន់​ និង​សំណូមពរ​ឱ្យ​ស្ថានទូត​បារាំង​ ជួយ​គាំទ្រ​ក្នុង​ការ​ជួសជុល​ ទំនប់​នេះ​បន្ត​ទៀត​។

អភិបាលខេត្ត​ខេត្ត​រូប​នេះ​ បញ្ជាក់​ទៀត​ថា​ខេត្ត​ព្រះសីហនុ​ មាន​ឆ្នេរសមុទ្រ១៧៥គីឡូម៉ែត្រ​ និង​កោះ៣២​ ដែល​រាជរដ្ឋាភិបាល​បាន​កំណត់​ខេត្ត​ព្រះសីហនុ​ ជា​តំបន់​សេដ្ឋកិច្ច​គំរូ​ពហុ​បំណង​ ដែល​មាន​បណ្ដាញ​គមនាគមន៍​តភ្ជាប់​មាន​កំពង់ផែ​ទឹកជ្រៅ​ ផ្លូវដែក​ ផ្លូវគោក​ ផ្លូវអាកាស​ កំពុង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​រាជធានី​ភ្នំពេញ​ មកកាន់​ខេត្ត​ព្រះសីហនុ​ និង​អាច​រួចរាល់​នៅ​ចុងឆ្នាំ២០២២​។

រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ធ្វើ​សម្បទា​នព្រ​លាន​យន្តហោះ​អន្តរជាតិ​ ខេត្ត​ព្រះសីហនុ​ ទៅ​ឱ្យ​ក្រុមហ៊ុន​បារាំង​ ក្នុង​កិច្ច​សហប្រតិបត្តិ​ការជំរុញ​អភិបាលកិច្ច​។ បច្ចុប្បន្ន​មាន​ប្រជាពលរដ្ឋ​បារាំង​ មករ​កស៊ី​នៅ​ខេត្ត​ព្រះសីហនុ​ ដោយ​បង្កើត​ជា​ក្លឹប​ ភោជនីយដ្ឋាន​ ហើយ​នៅ​ ៩ខែ​ដើមឆ្នាំ២០១៩នេះ​ ភ្ញៀវ​ទេសចរ​បារាំង​មកកាន់​ខេត្ត​ព្រះសីហនុ​ មាន​ចំនួន​ជាង​ ១ម៉ឺន​នាក់​ បើ​ធៀប​នឹង៩ខែ​ ឆ្នាំ២០១៨​ កើន២​,៥ភាគរយ​។

លោក​បញ្ជាក់​ទៀត​ថា​ ដោយសារ​ការ​អភិវឌ្ឍ​រយៈពេល៣ឆ្នាំ​ចុងក្រោយ​នេះ​ ធ្វើ​ឱ្យ​ ផ្លូវថ្នល់​ក្នុង​ក្រុង​រង​ការខូចខាត​យ៉ាងច្រើន​ ដោយសារ​ការ​ដឹកជញ្ជូន​ ធ្វើ​ឱ្យ​ផ្លូវថ្នល់​មិន​អាច​ធានា​បាន​ ដែល​រាជរដ្ឋាភិបាល​បាន​បញ្ចេញ​ថវិកា​ធ្វើការ​ជួសជុល​កែ​លម្អ​ ពង្រីក​បន្ថែម​ និង​គ្រោង​បើក​ការដ្ឋាន​នៅ​ថ្ងៃទី១៦​ ខែវិច្ឆិកា​ខាងមុខ​ ក្រោម​អធិបតីភាព​សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕

ជប៉ុន​ចាប់ផ្តើម​ប្រកាស​ប្រជែង​ជាមួយ​ចិន​ក្នុង​ការ​បង្ហូរ​ទុន​វិនិយោគ​និង​ផ្តល់​កម្ចី​កាន់តែ​ច្រើន​មកកាន់​តំបន់​អាស៊ាន​

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ ​មុន​ពេល​កិច្ចប្រជុំ​កំពូល​អាស៊ាន​បាន​បញ្ចប់​នៅ​សប្តាហ៍​នេះ​ នាយក​រដ្ឋមន្រ្តី​ជប៉ុន​លោ​កស៊ីន​ហ្សូ​ អាបេ​បាន​សន្យា​បង្កើន​ចំនួន​ប្រាក់កម្ចី​ និង​វិនិយោគ​ទ្វេរ​ដង​នៅក្នុង​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​ ដើម្បី​ប្រកួតប្រជែង​ជាមួយនឹង​កម្មវិធី​ផ្តល់​មូលនិធិ​អន្តរជាតិ​ ដ៏​ធំ​របស់​ចិន​ដែល​ជា​គំនិត​ផ្តួចផ្តើម​ខ្សែ​ក្រ​វ៉ាត់​ និង​ផ្លូវ​។

លោក​អាបេ​បាន​ថ្លែង​ថា​ “យើង​បាន​ត្រៀម​ប្រាក់កម្ចី​ និង​ការ​វិនិយោគ​ទ្វេរ​ដងដោយ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការអន្តរជាតិ​ជប៉ុន​ (JICA​) ដែល​កំពុង​ឆ្ពោះទៅ​មុខ​ក្នុង​គោលបំណង​កៀរគរ​ថវិកា​រួម​ទាំង​ពី​វិស័យ​ឯកជន​”។ លោក​បន្ត​ថា​ “នៅក្នុង​ខែឧសភា​ ឆ្នាំនេះ​ កិច្ច​ព្រមព្រៀង​ជាមួយ​អាស៊ាន​ ត្រូវ​បាន​ពន្លឿន​ ដើម្បី​ធ្វើ​ឱ្យ​កិច្ច​សហប្រតិបត្តិ​ការ​បច្ចេកទេស​ផ្តល់​ផលប្រយោជន៍​ដល់​អាស៊ាន​ទាំងមូល​ ក្នុង​ការ​លើកកម្ពស់​ការ​តភ្ជាប់​គ្នា​ទៅវិញទៅមក​”។

ទីភ្នាក់ងារ​វាយតម្លៃ​ឥណទាន​អន្តរជាតិ​ Fitch​ Solutions​ បានឱ្យ​ដឹង​ថា​ រហូតមកដល់​ពេលនេះ​ ជប៉ុន​មាន​គំរោង​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ច្រើនជាង​ចិន​នៅ​អាស៊ី​អាគ្នេយ៍​។

គម្រោង​ក្នុង​តំបន់​របស់​ជប៉ុន​ នៅ​ទូទាំង​អាស៊ាន​មាន​ចំនួន២៤០គម្រោង​ ខណៈ​ចិន​មាន២១០គម្រោង​។ គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ជប៉ុន​ មានតម្លៃ៣៦៧ពាន់​លាន​ដុល្លារ​ ធៀប​នឹង២៥៥ពាន់​លាន​ដុល្លារ​របស់​ចិន​។

ទោះ​យ៉ាងណា​នៅ​កម្ពុជា​ គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ចិន​ នៅតែ​នាំមុខ​គេ​នៅ​គ្រប់​ប្រទេស​ទាំងអស់​ ដោយមាន​ទឹកប្រាក់
៣​,៨ពាន់​លាន​ដុល្លារ​ ក្នុង​ការ​វិនិយោគ​នៅក្នុង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​កាលពី​ឆ្នាំមុន​។

រដ្ឋាភិបាល​កម្ពុជា​ បាន​អនុម័ត​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ ហើយ៧៥ភាគរយ​មក​ពី​ចិន​។ ចិន​មិន​ត្រឹមតែ​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​កម្ពុជា​ប៉ុណ្ណោះទេ​ ប៉ុន្តែ​ថែមទាំង​ជា​វិនិយោគិន​បរទេស​ធំជាង​គេ​ ម្ចាស់​ជំនួយ​ទ្វេភាគី​ អ្នកនាំ​ចូល​អង្ករ​កម្ពុជា​ និង​ប្រភព​ដើម​នៃ​ភ្ញៀវ​ទេសចរ​បរទេស​ច្រើនជាង​គេ​។

ជប៉ុន​កំពុង​មាន​ស្ថិរភាព​នៅ​កម្ពុជា​ ជាមួយ​ជនជាតិ​ជប៉ុន​ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​កើនឡើង​ពី២០០០នាក់​ក្នុង​ឆ្នាំ២០១៤​ ដល់​ជិត៤០០០​ នាក់​នៅ​ថ្ងៃនេះ​។

យោង​តាម​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC​) ការ​វិនិយោគ​ដោយ​ជប៉ុន​បាន​កើនឡើង​ដល់​ជាង១​,៦៦ពាន់​លាន​ដុល្លារ​ ក្នុងរយៈពេល២៥ឆ្នាំ​ចុងក្រោយ​នេះ​។

យោង​តាម​ CDC​ បាន​ឲ្យដឹង​ទៀត​ថា​ ជប៉ុន​បាន​បង្កើន​ថវិកា​ នៅក្នុង​គម្រោង​វិនិយោគ​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។ ទិន្នន័យ​ពី​ CDC​ បង្ហាញថា​ ការ​បង្កើន​មូលនិធិ​វិនិយោគ​របស់​ជប៉ុន​ មាន​ចំនួន១១៩​,៧លាន​ដុល្លារ​ក្នុង​ឆ្នាំ២០១៦​ ដល់ ១៧១​,៨លាន​ដុល្លារ​កាលពី​ឆ្នាំមុន​នៅ​កម្ពុជា​។

​CDC​ ប៉ាន់ស្មាន​ថា​ ជប៉ុន​នឹង​ផ្តល់​មូលនិធិ​ដល់​គម្រោង​ចំនួន ២៤៩.៤​ លាន​ដុល្លារ​នៅ​ឆ្នាំនេះ​។ នៅក្នុង​ការប្រៀបធៀប​ ការ​គាំទ្រ​ដល់​ការ​វិនិយោគ​ពី​សហភាព​អឺរ៉ុប​ និង​អាមេរិក​នៅតែ​បន្ត​ធ្លាក់ចុះ​។

អង្គការ​ឃ្លាំ​មើល​សិ​ទិ្ធ​មនុស្ស​ ដែល​មាន​មូលដ្ឋាន​នៅ​អាមេរិក​ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​នៅដើម​ឆ្នាំនេះ​ ដោយ​រិះគន់​ជប៉ុន​ចំពោះ​ការ​ព្យាយាម​ បង្កើត​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ ដើម្បី​ប្រកួតប្រជែង​ជាមួយ​ចិន​។

អង្គការ​ឃ្លាំ​មើល​សិ​ទិ្ធ​មនុស្ស​ បាន​លើកឡើង​ថា​ “ជប៉ុន​មាន​សារៈសំខាន់​ ចំពោះ​កម្ពុជា​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​ ដែល​ជា​ម្ចាស់​ជំនួយ​ដ៏​ធំ​បំផុត​របស់​ខ្លួន​ និង​ជា​វិនិយោគិន​បរទេស​ធំ​បំផុត​របស់​ខ្លួន​”។

សេចក្តី​ថ្លែងការណ៍​នោះ​បាន​បន្ថែម​ទៀត​ថា​ “ឥឡូវនេះ​ជាមួយ​ចិន​ ដែល​វ៉ា​ដាច់ជប៉ុន​នៅក្នុង​តំបន់​ទាំងពីរ​ រដ្ឋាភិបាល​ជប៉ុន​ហាក់ដូចជា​មាន​ឆន្ទៈ​ បោះចោល​គោលការណ៍​របស់​ខ្លួន​ ដើម្បី​បើក​ការប្រកួត​ប្រជែង​ជាមួយ​ចិន​ សម្រាប់​ទាញ​យក​ការ​ស្រឡាញ់​ពី​កម្ពុជា​”៕

ប្រទេស​ដាណឺម៉ាក​បើក​ស្ថាន​កុងស៊ុល​ដាណឺម៉ាក​លើកដំបូង​នៅ​កម្ពុជា​

ដោយ​ ម៉ា​ណេត​

ភ្នំ​ពេញៈ​ ប្រទេស​ដាណឺម៉ាក​បាន​បើក​ស្ថាន​កុងស៊ុល​ កិត្តិយស​លើកដំបូង​នៅ​ភ្នំពេញ​ ដើម្បី​ពង្រឹង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ និង​សម្រួល​ជនជាតិ​ដាណឺម៉ាក​ដែល​ត្រូវការ​ជំនួយ​កុងស៊ុល​នៅ​កម្ពុជា​។

ដាណឺម៉ាក​បាន​បើក​ការិយាល័យ​ ស្ថាន​កុងស៊ុល​កិត្តិយស​លើកដំបូង​នៅ​ទីក្រុង​ភ្នំពេញ​ នៅ​ថ្ងៃទី​ ១ ខែវិច្ឆិកា​ឆ្នាំ​ ២០១៩​ ខណៈ​ស្ថាន​កុងស៊ុល​កិត្តិយស​ដឹកនាំ​ដោយ​ លោក​ Kjeld​ M. Olsen​ ជា​អ្នកជំនួញ​ដាណឺម៉ាក​ និង​ជា​អ្នក​រស់នៅ​កម្ពុជា​តាំងពី​យូរ​មក​ហើយ​។

ការតែងតាំង​លោក​ Kjeld​ M. Olsen​ ធ្វើឡើង​ដោយ​ព្រះ​មហាក្សត្រី​យា​នី​ Margrethe​ II​ នៃ​ប្រទេស​ដាណឺម៉ាក​។

នៅ​ស្ថាន​កុងស៊ុល​ ដាណឺម៉ាក​អាច​ដាក់ពាក្យសុំ​លិខិតឆ្លងដែន​បន្ទាន់​ ពង្រីក​សុពលភាព​នៃ​លិខិតឆ្លងដែន​ លិខិតឆ្លងដែន​ថែទាំ​កុមារ​ (ក្មេង​អាយុ​ក្រោម​ ១២​ ឆ្នាំ​) បញ្ជាទិញ​ប័ណ្ណបើកបរ​ (សំរាប់​តែ​ពលរដ្ឋ​ដែល​មាន​អាស័យ​ដ្ឋាន​នៅ​ដាណឺម៉ាក​) ប័ណ្ណបើកបរ​អន្តរជាតិ​ និង​ការបកប្រែ​ប័ណ្ណបើកបរ​។

អគ្គ​កុងស៊ុល​កិត្តិយស​ ដែល​ទើបត្រូវ​បាន​តែងតាំង​ថ្មី​លោក​ Kjeld​ M. Olsen​ ត្រូវ​បាន​ដកស្រង់​សម្តី​ នៅ​លើ​គេហទំព័រ​របស់​ស្ថានទូត​ដាណឺម៉ាក​ នៅ​ទីក្រុង​បាងកក​ថា​ “ខ្ញុំ​មាន​មោទនភាព​ ដែល​ទទួល​បាន​តួនាទី​ និង​ភារកិច្ច​នេះ​”។លោក​បាន​បន្ត​ថា​ “ខ្ញុំ​ទន្ទឹងរង់ចាំ​ការ​ចាប់ផ្តើម​ និង​ជួយ​ជនជាតិ​ដាណឺម៉ាក​ ដែល​ត្រូវការ​ជំនួយ​កុងស៊ុល​នៅ​កម្ពុជា​។ ក្នុងនាម​ជា​អ្នកជំនួញ​ ខ្ញុំ​ក៏​ទន្ទឹងរង់ចាំ​ការចូលរួម​ចំណែក​ ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​ពាណិជ្ជកម្ម​រវាង​ដាណឺម៉ាក​ និង​កម្ពុជា​”។

លោក​ Kjeld​ M. Olsen​ មាន​អាជីព​យូរអង្វែង​ ដោយមាន​បទពិសោធន៍​ច្រើនជាង​ ២៥​ ឆ្នាំ​ក្នុងនាម​ជា​សហគ្រិន​ម្នាក់​ក្នុង​ឧស្សាហកម្ម​រថយន្ត​ ហើយ​ពេញ​មួយ​អាជីព​របស់​លោក​គឺ​ឈ្មោះ​ Kjeld​ Olsen​ ដែល​បាន​ធ្វើការ​នៅ​ប្រទេស​ជាច្រើន​ក្នុង​តំបន់​។ សព្វថ្ងៃ​ លោក​រស់នៅ​ភ្នំពេញ​ ខណៈ​លោក​ជា​ម្ចាស់​ក្រុមហ៊ុន​ Car4you​ និង​ Danfilcarz​។

នៅ​ឆ្នាំ២០១៧​ លោក​Kjeld​ Olsen​ គឺជា​កម្លាំង​ដ៏​សំខាន់​មួយ​នៅ​ពីក្រោយ​គ្រឹះ​ NordCham​ ជាផ្នែក​មួយ​របស់​EuroCham​ ដែល​មាន​គោលបំណង​លើកកម្ពស់​ក្រុមហ៊ុន​អឺរ៉ុប​ខាងជើង​នៅ​កម្ពុជា​។

គេហទំព័រ​របស់​ស្ថានទូត​បាន​ដកស្រង់​សំដី​ របស់​ឯកអគ្គ​រដ្ឋទូត​ Uffe​ Wolffhechel​ ដោយ​រីករាយ​ ដែល​ស្ថាន​កុងស៊ុល​អាច​ជួយ​ជា​ភាសា​ជាច្រើន​។

លោក​ឯកអគ្គ​រដ្ឋទូត​ Wolffhechel​ មានប្រសាសន៍​ថា​ “ដោយមាន​ស្ថាន​កុងស៊ុល​ដាណឺម៉ាក​នៅ​ភ្នំពេញ​ ឥឡូវនេះ​យើង​មិន​ត្រឹមតែ​អាច​ផ្តល់​ជំនួយ​កុងស៊ុល​ និយាយ​ភាសា​ដាណឺម៉ាក​ប៉ុណ្ណោះទេ​ យើង​ក៏អាច​ផ្តល់​ជំនួយ​ជាច្រើន​ ដល់​ជនជាតិ​ដាណឺម៉ាក​នៅ​កម្ពុជា​ផង​ដែរ​”។

លោក​បាន​បន្ត​ថា​ “ខ្ញុំ​ជឿជាក់​ថា​លោក​Kjeld​ មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​សម្រាប់​តួនាទី​ជា​កុងស៊ុល​ មិនមែន​ដោយសារតែ​ចំណេះដឹង​ជ្រៅជ្រះ​ និង​យូរអង្វែង​របស់​លោក​នៅក្នុង​ប្រទេស​នោះ​ទេ​ ប៉ុន្តែ​ក៏ដោយសារតែ​ភាព​វាងវៃ​នៃ​អាជីវកម្ម​ និង​បណ្តាញ​ទូលំទូលាយ​របស់​លោក​”។

លោក​បានឱ្យ​ដឹង​ទៀត​ថា​ “ខ្ញុំ​ជឿជាក់​ថា​ លោក​ Kjeld​ នឹង​មាន​សមត្ថភាព​ជួយ​ដល់​ដាណឺម៉ាក​ក្នុង​ស្ថានភាព​បន្ទាន់​ និង​ជាមួយ​បញ្ហា​កុងស៊ុល​ទូទៅ​ថែមទៀត​ ទន្ទឹម​នឹង​ការ​ផ្តល់​ការ​គាំទ្រ​ ដល់​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​ ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​ពាណិជ្ជកម្ម​រវាង​ដាណឺម៉ាក​និង​កម្ពុជា​។ ខ្ញុំ​ និង​ស្ថានទូត​នៅ​ទីក្រុង​បាងកក​ ពិតជា​ទន្ទឹង​រង​ចាំ​ធ្វើការ​ជាមួយ​លោក​ Kjeld​ “។

ដាណឺម៉ាក​មាន​ប្រជាជន​ចំនួន​ ៥,៧៧​ លាន​នាក់​។ រដ្ឋធានី​របស់​ដាណឺម៉ាក​មាន​ Copenhagen​ និង​មាន​ចំណូល​សរុប​ក្នុង​មនុស្សម្នាក់​ ៦០​, ៨៩៧​ ដុល្លារ​ក្នុង​ឆ្នាំ​ ២០១៨​ និង​មានផ្ទៃ​ដី​សរុប​ ៤២,៩៣៣​ ម៉ែត្រការ៉េ​។ (ប្រភព​ Scandasia​)៕

រដ្ឋសភា​ជំរុញ​ប្រធាន​ក្រុមហ៊ុន​ Yunnan​ ពន្លឿន​ការ​សាង​សង់​ព្រលា​នយន្តហោះ​ថ្មី​នៅ​ខេត្តសៀមរាប​

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ រដ្ឋសភា​កម្ពុជា​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ក្រុមហ៊ុន​ Yunnan​ Investment​ Holding​ Group​ Co​. Ltd​ ពន្លឿន​ការ​សាង​សង់​ព្រលា​នយន្តហោះ​ថ្មី​នៅ​ខេត្តសៀមរាប​ឱ្យ​បាន​ឆាប់​ ដើម្បី​បម្រើ​ដល់​វិស័យ​ដឹកជញ្ជូន​ទៅមក​ តាមផ្លូវអាកាស​ពី​បណ្ដា​ប្រទេស​ផ្សេង​ៗ មកកាន់​ខេត្តសៀមរាប​ ដែល​ជា​ខេត្ត​ទេសចរណ៍​ដ៏​សំខាន់​នេះ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​។

លោក​ ជា​ វ៉ាន់​ដេ​ត ប្រធាន​គណៈកម្មការ​ផែនការ​ វិនិយោគ​ កសិកម្ម​ អភិវឌ្ឍន៍​ជនបទ​ បរិស្ថាន​ និង​ធនធានទឹក​នៃ​រដ្ឋសភា​លោក​ Qiu​ Lujun​ ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ក្រុមហ៊ុន​ Yunnan​ Investment​ Holding​ Group​ Co​. Ltd​ កាលពី​ថ្ងៃទី៤​ ខែវិច្ឆិកា​ ឆ្នាំ២០១៩​ ម្សិលមិញ​នេះ​ បាន​មានប្រសាសន៍​អរគុណ​ និង​សម្តែង​នូវ​ការ​គាំទ្រ​ចំពោះ​ការ​វិនិយោគ​សាង​សង់​ព្រលា​នយន្តហោះ​អន្តរជាតិ​ សៀមរាប​ថ្មីនេះ​។

លោក​ Qiu​ Lujun​ ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ក្រុមហ៊ុន​ Yunnan​ Investment​ Holding​ Group​ Co​. Ltd​ បាន​មានប្រសាសន៍​ថា​ គោលបំណង​ដែល​លោក​អញ្ជើញ​មក​ជួប​ជាមួយ​គណៈកម្មការ​ផែនការ​ វិនិយោគ​ កសិកម្ម​ អភិវឌ្ឍន៍​ជនបទ​ បរិស្ថាន​ និង​ធនធានទឹក​នៃ​រដ្ឋសភា​ នា​ពេលនេះ​ គឺ​ដើម្បី​សម្តែង​ការគួរសម​ និង​រាយការណ៍​ជូន​ពី​វឌ្ឍនភាព​នៃ​ដំណើរការ​ កសាង​ព្រលា​នយន្តហោះ​អន្តរជាតិ​ថ្មី​ នៅ​ខេត្តសៀមរាប​ ជូន​គណៈកម្មការ​បាន​ជ្រាប​។

គម្រោង​សាងសង់​អាកាសយាន​ដ្ឋាន​ អន្តរជាតិ​សៀមរាប​ថ្មី​ ត្រូវ​សាងសង់​នៅក្នុង​ភូមិ​សាស្រ្ត​ ស្រុក​សូទ្រនិគម​ខេត្ត​ សៀមរាប​ ដែល​មាន​ចម្ងាយ​ប្រមាណ​ជាង៥០គីឡូម៉ែត្រ​ ពីទី​រួម​ខេត្តសៀមរាប​ លើ​ផ្ទៃដី​សរុប៧០០ហិតា​។

​គម្រោង​សាងសង់​អាកាសយាន​ដ្ឋាន​ថ្មីនេះ​ គ្រោង​ចំណាយ​ទឹកប្រាក់​វិនិយោគ​ជិត ៩០០លាន​ដុល្លារ​អាមេរិក​ នឹង​ឆ្លើយតប​បាន​ទៅ​នឹង​ការ​រីកចម្រើន​របស់​ប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​។

លោកស្រី​ឆាយ​ ស៊ីវ​លី​នប្រ​ធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ធ្លាប់​បាន​មានប្រសាសន៍​ថា​ ព្រលា​នយន្តហោះ​ថ្មីនេះ​ នឹង​ដើរតួ​នាទី​កាន់តែ​មាន​សារៈសំខាន់​ក្នុង​ការ​លើក​កំពស់​ពាណិជ្ជកម្ម​ និង​លំហូរ​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​មក​ទស្សនា​កម្ពុជា​កាន់តែ​ច្រើន​ ដោយ​ព្រលា​នយន្តហោះ​ថ្មីនេះ​នឹង​ទាក់ទាញ​ជើង​ហោះ​ហើរ​ធំៗ​ អាច​ចុះចត​បាន​នៅ​កម្ពុជា​។

លោកស្រី​បន្ត​ថា​ “កាលណា​មា​នព្រ​លាន​ថ្មី​ នឹង​មាន​ជម្រើស​កាន់តែ​ច្រើន​សំរាប់​សេវា​អាកាសចរណ៍​ ហើយ​ក្រុមហ៊ុន​វិ​និ​យោ​គព្រលា​នថ្មីនេះ​ នឹង​ព្យាយាម​ទាក់ទាញ​ក្រុមហ៊ុន​អាកាស​ចរ​ណ៍​ថ្មី​ៗកាន់តែ​ច្រើន​ មក​ចុះចត​នៅ​ព្រលា​នយន្តហោះ​របស់​ខ្លួន​”៕

ក្រុមប្រឹក្សា​អភិវឌ្ឍ​កម្ពុជា​អនុម័ត​គម្រោង​វិនិយោគ​ចំនួន២មាន​ទំហំ​ទឹកប្រាក់​ជាង១២លាន​ដុល្លារ​សហរដ្ឋអាមេរិក​

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ ចុះបញ្ជី​ជាស្ថាពរ​ជូន​ដល់​ក្រុមហ៊ុន​ទាំង២​ ដែល​មាន​ទំហំ​ទឹកប្រាក់​សរុប​ចំនួន១២​,៦លាន​ដុល្លារ​ ដែល​ផ្តល់​ឱកាស​ការងារ​បាន​ចំនួន៥៤១៦នាក់​។

ក្រុមហ៊ុន​ដែល​ទទួល​បាន​សិទ្ធិ​អនុញ្ញាត​ ដំណើរ​ប្រតិបត្តិ​ការ​លើ​ការ​វិនិយោគ​នៅក្នុង​ខេត្តកណ្តាល​ចំនួន២​ រួមមាន​ ទី១​. “EHM​ EASYHOME​ MANUFACTURING​ CO​., LTD​.” គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ​ និង​ប្រអប់​ដាក់​ឥវ៉ាន់​ (ពី​ក្រណាត់​) ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ជើង​អក​ ឃុំ​លំហាច​ ស្រុក​អង្គស្នួល​ ខេត្តកណ្តាល​ មាន​ទុន​វិនិយោគ​ប្រមាណ៦​,៩លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ៣.៤៩៧នាក់​។

២. “YNTEX​ CO​., LTD​.” គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ផ្សារដែក​លើ​ ឃុំ​ផ្សារដែក​ ស្រុក​ពញាឮ​ ខេត្តកណ្តាល​ មាន​ទុន​វិនិយោគ​ប្រមាណ៥​,៧លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ១.៩១៩នាក់​៕

រដ្ឋបាល​ខេត្តកំពត​ពន្លឿន​ការស្ថាបនា​ផ្លូវវាង​ក្រុង​ឱ្យ​រួចរាល់​មុន​បុណ្យ​សមុទ្រ​នា​ចុងឆ្នាំ​នេះ​

ដោយៈ​ រ៉ា​ណេត​

កំពតៈ​ រដ្ឋបាល​ខេត្តកំពត​ ក្រោម​ការដឹកនាំ​ដោយ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត​ លោក​ជាវ​ តាយ​ បាន​ធ្វើការ​ចុះ​ត្រួតពិនិត្យ​ផ្លូវវាង​ក្រុង​ ដែល​កំពុងតែ​សាងសង់​ និង​ពន្លឿន​ឱ្យ​ចប់​រួចរាល់​មុន​ កា​រប្រារ​ព្វ​ពិធីបុណ្យ​សមុទ្រ​ចូល​មកដល់​នៅ​ចុងឆ្នាំ​នេះ​។

ផ្លូវវាង​ក្រុង​ ដែល​កំពុងតែ​សម្រុក​សាងសង់​នៅពេល​បច្ចុប្បន្ន​នេះ​ ស្ថិតនៅ​សង្កាត់​កំពង់បាយ​ តាម​បណ្តោយ​ផ្លូវ​រថភ្លើង​ ក្នុង​ក្រុង​កំពត​ មា​នប​ណ្តាយ​ប្រវែង១៣៨០ម៉ែត្រ​ និង​ទទឹង១៥ម៉ែត្រ​ ដែល​ជា​ថវិកា​ចំណាយ​របស់​រដ្ឋបាល​ខេត្ត​ ត្រូវ​បាន​កំណត់​ឱ្យ​រួចរាល់​នៅមុន​ពិធីបុណ្យ​សមុទ្រ​ចាប់ផ្តើម​ ពិសេស​ដើម្បី​សម្រួល​ចរាចរណ៍​ ជូន​ភ្ញៀវ​ទេសចរ​ដែល​មក​កម្សាន្ត​។

នៅក្នុង​ដំណើរ​ចុះ​ត្រួតពិនិត្យ​ការដ្ឋាន​សាងសង់​ផ្លូវវាង​ក្រុង​ កាលពី​ល្ងាច​ថ្ងៃទី៤​ ខែវិច្ឆិកា​ ឆ្នាំ២០១៩ម្សិលមិញ​នេះ​ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត​ លោក​ ជាវ​ តាយ​ បាន​ស្នើ​ឱ្យ​ប្រធាន​អង្គភាព​អគ្គិសនី​ខេត្ត​ ដោះស្រាយ​ទម្លាក់​ខ្សែភ្លើង​ ដែល​នៅ​ទទឹង​ផ្លូវ​ទម្លាក់​ចុះ​មក​ក្រោម​ និង​ស្នើ​ឱ្យ​ប្រធានមន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​ខេត្ត​ និង​ប្រធានមន្ទីរ​ធនធានទឹក​ និងឧតុនិយម​ខេត្ត​ ជួយ​សហការ​ពិនិត្យ​លើ​បច្ចេកទេស​ និង​ប្រព័ន្ធ​បង្ហូរទឹក​ឱ្យ​បាន​រួចរាល់​។

ខេត្តកំពត​ ត្រូវ​បាន​រាជរដ្ឋាភិបាល​កំណត់​ជាទី​តាំង​ ដើម្បី​រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី៨​ ជុំ​ទី២​ ក្រោម​អធិបតីភាព​ សម្ដេច​ តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន រ៉ា​នី​ ហ៊ុន​ សែន​។

​ពិធីបុណ្យ​សមុទ្រ​លើក​ទី៨នេះ​ នឹង​រៀបចំឡើង​ក្នុង​រយ:ពេល៣ថ្ងៃ​ ពោល​គឺ​ចាប់ពី​ថ្ងៃទី២០​-២១​ និង​ ២២​ ខែធ្នូ​ ឆ្នាំ២០១៩​។ អ្វី​កាន់តែ​ពិសេស​ជាង​នេះ​ទៅទៀត​ សម្រាប់​បុណ្យ​សមុទ្រ​ឆ្នាំនេះ​ នៅក្នុង​ខេត្តកំពត​ នឹង​យក​ធ្វើជា​ខេត្ត​គំរូ​ ក្នុង​ការរៀបចំ​ឱ្យ​មាន​វិថី​ម្ហូបអាហារ​ ឬហៅ​ថា​ Street​ Food​ ឱ្យ​បាន​លេចធ្លោ​ជាង​បណ្តា​ខេត្ត​នានា​ ដែល​ធ្លាប់​ប្រា​រព្វ​កាលពី​ពេល​មុន​ៗ៕

រដ្ឋបាល​រាជធានី​ភ្នំពេញ​ប្រកាស​ផ្អាក​ដំណើរការ​សេវា​ដឹកជញ្ជូន​តាម​កាណូត​ (Taxi​ Boat​) រយៈពេល៥ថ្ងៃ​

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​ប្រកាស​ឲ្យ​ផ្អាក​ដំណើរការ​សេវា​ដឹកជញ្ជូន​តាម​កាណូត​ (Taxi​ Boat​) រយៈពេល ៥ថ្ងៃ​ ដោយ​គិត​ចាប់ពី​ថ្ងៃទី៨​ ដល់​ថ្ងៃទី១២​ ខែវិច្ឆិកា​ ឆ្នាំ២០១៩​ ហើយ​នៅ​ថ្ងៃទី១៣​ ខែវិច្ឆិកា​ ឆ្នាំ២០១៩​ នឹង​ដំណើរការ​បម្រើសេវា​នេះ​ ជា​ធម្មតា​វិញ​។

យោង​តាម​សេចក្ដីជូនដំណឹង​ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ដែល​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​ ៥ ខែ​វច្ឆិ​កា​ ឆ្នាំ​ ២០១៩​ នេះ​ បាន​ឲ្យដឹង​ថា​ ដើម្បី​អបអរសាទរ​ក្នុង​ឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ បណ្តែត​ប្រទីប​ អកអំបុក​ និង​សំពះព្រះខែ​ខាងមុខនេះ​ ក្រុមកីឡា​ករ​-កីឡាការិនី​ទូក​ «ង» ដែល​អញ្ជើញ​មក​ពី​តាម​បណ្តា​ខេត្ត​នានា​ នឹង​ចូលរួម​ការប្រកួត​ទូក​ «ង»។

រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ថា​ ការ​ផ្អាក​ដំណើរការ​សេវា​ដឹកជញ្ជូន​តាម​កាណូត​នេះ​ គឺ​ដើម្បី​រក្សា​សណ្ដាប់ធ្នាប់​ សន្ដិ​សុខ​ សុវត្ថិភាព​ និង​ការ​ចរាចរណ៍​តាមផ្លូវទឹក​ តាម​ដងទន្លេ​សាប​ ទន្លេមេគង្គ​ និង​ទន្លេបាសាក់​៕

លោក​ Donald​ Trump​ អញ្ជើញ​មេដឹកនាំ​អាស៊ាន​ចូលរួម​កិច្ចប្រជុំ​កំពូល​នៅ​សេតវិមាន​នៅ​ឆ្នាំ២០២០​

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ ប្រធានាធិបតី​អាមេរិក​ Donald​ Trump​ បាន​អញ្ជើញ​មេដឹកនាំ​ទាំងអស់​នៃ​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​ ចូលរួម​កិច្ចប្រជុំ​ពិសេស​មួយ​នៅ​សេតវិមាន​ (White​ House​) នៅ​ឆ្នាំ​ ២០២០​។

លោក​ Trump​ បាន​សរសេរ​លិខិត​ទៅកាន់​មេដឹកនាំ​អាស៊ាន​ នៅ​ឯកិច្ចប្រជុំ​កំពូល​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ “ខ្ញុំ​ក៏​ចង់​យក​ឱកាស​នេះ​ ដើម្បី​ផ្តល់​ការ​អញ្ជើញ​ដល់​មេដឹកនាំ​អាស៊ាន​ឱ្យ​ចូលរួម​ជាមួយ​ខ្ញុំ​នៅ​អាមេរិក​ សម្រាប់​កិច្ចប្រជុំ​កំពូល​ពិសេស​មួយ​នៅពេល​សមរម្យ​មួយ​ក្នុង​ត្រីមាស​ទី១​ ឆ្នាំ២០២០​”។

លិខិត​នោះ​ ត្រូវ​បាន​អាន​ដោយ​លោក​ Robert​ O’Brien​ ទីប្រឹក្សា​សន្តិសុខជាតិ​នៃ​សេតវិមាន​កាលពី​ថ្ងៃ​ចន្ទ​ នៅ​ទីក្រុង​បាងកក​។

ប្រធានាធិបតី​រុស្ស៊ី​វ្លា​ឌីមៀ​ពូ​ទីន​ បាន​បើក​កិច្ចប្រជុំ​កំពូល​នេះ​កាលពី​ឆ្នាំមុន​ ហើយ​រំពឹង​ថា​ប្រធានាធិបតី​អាមេរិក​ Donald​ Trump​ នឹង​ចូលរួម​នៅ​ឆ្នាំនេះ​។ ផ្ទុយទៅវិញ​ រដ្ឋាភិបាល​អាមេរិក​ បែ​ជា​បញ្ជូន​លោក​ O’Brien​ និង​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​លោក​ Wilbur​ Ross​ ។

លោក​ Trump​ បាន​ត្អូញត្អែរ​ជា​សាធារណៈ​អំពី​ឱនភាព​ពាណិជ្ជកម្ម​ រវាង​អាមេរិក​ និង​បណ្តា​ប្រទេស​នៅ​អាស៊ី​។

សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​ត្រូវ​បាន​បញ្ឈប់​ជា​បណ្តោះអាសន្ន​ ខណៈ​អ្នកចរចា​ពាណិជ្ជកម្ម​ ព្យាយាម​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ដំណាក់កាល​ទី១​ នៃ​កិច្ច​ព្រមព្រៀង​នេះ​នៅ​ចុងឆ្នាំ​នេះ​។

លើស​ពីនេះ​ទៀត​ លោក​ Trump​ បា​នព្យូ​រកា​រអនុគ្រោះ​ពាណិជ្ជកម្ម​ចំនួន១​,៣ ពាន់​លាន​ដុល្លារ​លើ​ទំនិញ​ថៃ​ បន្ទាប់ពី​រដ្ឋាភិបាល​ថៃ​ បាន​ហាមឃាត់​សារធាតុគីមី​គ្រោះថ្នាក់​ដែល​ជា​រឿយ​ៗត្រូវ​បាន​រក​ឃើញ​ នៅក្នុង​ផលិតផល​កសិកម្ម​អាមេរិក​កាលពី​សប្តាហ៍​មុន​។

ការ​ហាមឃាត់​របស់​រដ្ឋាភិបាល​ថៃ​ អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការនាំចេញ​សណ្តែក​ និង​ស្រូវសាលី​អាមេរិក​ដែល​មានតម្លៃ៧៧៣លាន​ដុល្លារ​៕