ដោយវុត្ថា
ភ្នំពេញ៖ លោក ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី អះអាងថា វិស័យឧស្សាហកម្មគឺជាកម្លាំងចលករមួយដែលមិនអាចខ្វះបាន ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ប្រកបដោយបរិយាប័ន្ន និងភាពធន់ ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥ -២០២៥ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិទី៦នៃរដ្ឋសភា ។

លោក ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី នៅក្នុងបើកសន្និបាត បូកសរុបលទ្ធផលការងាររបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឆ្នាំ២០១៩ និងទិសដៅអនុវត្តការងារឆ្នាំ២០២០កាលពីថ្ងៃទី ១៧ ខែកុម្ភៈ ម្សិលមិញនេះ ឱ្យដឹងថា ការអភិវឌ្ឍវិស័យនេះ គឺជាឧបករណ៍នយោបាយប្រកបដោយប្រសិទ្ធភាព សម្រាប់ការតភ្ជាប់រវាងវិស័យសេដ្ឋកិច្ចសំខាន់ៗ ដែលជា«ឃ្នាស់» ជំរុញកំណើន និងបង្កើតការងារបន្ថែមក្នុងវិស័យកសិកម្ម ទេសចរណ៍ និងសេវាកម្ម ព្រមទាំងរួមចំណែករំដោះអតិរេកពលកម្មពីវិស័យ កសិកម្ម ដែលធ្វើឱ្យផលិតភាពសរុបកើនឡើង និងមានចំណូលខ្ពស់ជាងមុន។
លោកបន្តថា វិស័យឧស្សាហកម្ម បានរួមចំណែកដ៏សំខាន់ក្នុងការបង្កើតការងារ ការបង្កើនប្រាក់ចំណូល និងការលើកកម្ពស់ផលិតភាព, តាមរយៈការវិនិយោគ និងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗរួមទាំងការបង្កើតការងារក្នុងវិស័យគាំទ្រដទៃទៀត នៅក្នុងគ្រប់ខ្សែចង្វាក់តម្លៃ ចាប់តាំងពីការផលិត និងការផ្គត់ផ្គង់វត្ថុធាតុដើម សេវាកម្មដឹកជញ្ជូន និងឡូជីស្ទីក វិស័យហិរញ្ញវត្ថុ និងបណ្តុះបណ្តាលជំនាញជាដើម។
លោកឧបនាយករដ្ឋមន្ត្រីបន្ថែមទៀតថា ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលកម្ពុជា បានលើកទឹកចិត្តដល់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបន្តកិច្ចសហការគ្នាជាកម្លាំងរួម ជាមួយគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ខិតខំជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច ការពង្រឹងភាពប្រកួតប្រជែង ការលើកកម្ពស់ផលិតភាព និងការលើកស្ទួយផលិតកម្មក្នុងស្រុក៕






