ម្ចាស់ពានស្ថាបនិកឆ្នើម ២០១៩​ បង្ហើបគន្លឹះគ្រប់គ្រងធនធានមនុស្សយ៉ាងមានប្រសិទ្ធភាព

រាជធានីភ្នំពេញ៖ ថ្លែងក្នុងកម្មវិធីបង្វឹកម្ចាស់អាជីវកម្មរបស់ CEO Master Club ស្តីអំពីជំនាញគ្រប់គ្រងធនធានមនុស្សសម្រាប់ម្ចាស់អាជីវកម្ម នៅថ្ងៃទី០២-០៣​ ខែវិច្ឆិកានេះ ដែលមានអ្នកចូលរួមប្រមាណ១៥០នាក់​ លោកគ្រូអោម សេង បូរ៉ា បានបង្ហើបគន្លឹះគ្រប់គ្រងធនធានមនុស្សដើម្បីដោះស្រាយបញ្ហាគ្រប់គ្រង ដឹកនាំ ចាត់ចែងបុគ្គលិកនៅក្នុងស្ថាប័ន​ប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផលខ្ពស់។

គន្លឹះសំខាន់ក្នុងការរៀបចំក្បួនគ្រប់គ្រងធនធានមនុស្សនេះ​ គឺការធ្វើសកម្មភាព២៤ម៉ោង/១ថ្ងៃ ថាតើមេដឹកនាំ និងកូនចៅមានបញ្ហាក្នុងការធ្វើសកម្មភាពអ្វីខ្លះទើបស្ថាប័នមិនរីកចម្រើន?

នៅក្នុងនោះលោកគ្រូ​ អោម​ សេងបូរ៉ា​ បានបង្ហាញយុទ្ទសាស្ត្រ៣ក្នុងការដោះស្រាយរួមមាន៖

១. បញ្ហាអត្តចរិក និងផ្នត់គំនិតរបស់បុគ្គលិក ថាតើមានបែងចែកបក្សពួក អវិជ្ជមាន ខ្ជិល លេសច្រើនឬទេ?
២. បញ្ហាចំណេះដឹង តើបុគ្គលិកដឹងពីរបៀបធ្វើការ និងសារៈសំខាន់នូវអ្វីដែលត្រូវធ្វើឬទេ?
៣. បញ្ហាភាពស្ទាត់ជំនាញ ថាតើបុគ្គិលធ្វើសកម្មភាពត្រូវ បានផលត្រូវ និងមានគុណភាពហើយឬនៅ?

សម្រាប់ក្បួនលម្អិតនឹងមានជម្រាបជូននៅក្នុងកម្មវិធីបង្វឹករបស់ CEO Master Club ស្តីអំពីជំនាញគ្រប់គ្រងធនធានមនុស្សសម្រាប់ម្ចាស់អាជីវកម្ម។

សូមបញ្ជាក់ថា CEO Master Club គឺជាស្ថាប័នប្រមូលផ្ដុំ និងបង្វឹកម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យមនៅកម្ពុជា ដោយក្នុងរយៈពេល១០ឆ្នាំកន្លងទៅនេះ CEO Master Club បានបណ្ដុះបណ្ដាលសហគ្រិនកម្ពុជាបានចំនួនរាប់ម៉ឺននាក់ និងមានសមាជិកម្ចាស់អាជីវកម្មពេញមួយជីវិតប្រមាណជាង ១,០០០នាក់ដែលគ្រប់គ្រងអាជីវកម្មប្រមាណ ២,០០០ក្រុមហ៊ុន ដែលបង្កើតប្រតិបត្តិការអាជីវកម្មជាទឹកប្រាក់ប្រមាណជាង ១,០០០លានដុល្លារ/ឆ្នាំ និងបានជួយបង្កើតការងារជូនប្រជាពលរដ្ឋបានប្រមាណ ១០ម៉ឺននាក់៕

ទីផ្សារ​អចលនទ្រព្យ​នៅ​ក្រុង​ឌូ​បៃ​កំពុង​ជួបប្រទះ​វិបត្តិ​ដោយសារ​ការ​ផ្គត់ផ្គង់​លើស​

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ យោង​តាម​ក្រុមហ៊ុន​គ្រប់គ្រង​ទ្រព្យសម្បត្តិ​ពិភពលោក​ UBS​ បានឱ្យ​ដឹង​ថា​ ទីផ្សារ​អចលនទ្រព្យ​នៅ​ឌូ​បៃ​កំពុង​ជួប​វិបត្តិ​ ដោយសារ​ចំនួន​ផ្គត់ផ្គង់​លើស​តម្រូវការ​បន្ថែម​ទៀត​។

បើ​ទោះបីជា​អាជ្ញាធរ​ទី​ក្រុង​ឌូ​បៃ​ ព្យាយាម​ទប់ស្កាត់​កំណើន​ពពុះ​ផុយ​ស្រួយ​ និង​ការ​ផ្គត់ផ្គង់​លើស​តម្រូវការ​ ក្នុង​ទីផ្សារ​អចលនទ្រព្យ​ខ្លួន​ក៏ដោយ​ ក៏​ទីផ្សារ​នៅតែ​ស្ថិត​ក្នុង​ស្ថានភាព​ការ​ផ្គត់ផ្គង់​លើសកម្រិត​។ នេះ​បើ​យោង​តាម​សន្ទស្សន៍​ UBS​ក្នុង​ឆ្នាំ​ ២០១៩​។

របាយការណ៍​បាន​និយាយ​ថា​ “ទីផ្សារ​អចលនទ្រព្យ​នៅ​ឌូ​បៃ​ បាន​រីក​ដុះដាល​នៅចន្លោះ​ឆ្នាំ២០១០​ និង២០១៤​ ដែល​គាំទ្រ​ដោយ​កំណើន​សេដ្ឋកិច្ច​ខ្លាំង​ ជំរុញ​ដោយ​តម្លៃ​ប្រេង​ឡើង​ខ្ពស់​”។

ដើម្បី​ការពារ​ការ​កើន​ឡើង​កំ​ហុ​គនេះ​ អាជ្ញាធរ​បាន​ដាក់ចេញ​នូវ​តម្លៃ​ជួញដូរ​អចលនទ្រព្យ​ខ្ពស់​ជាង​មុន​ និង​ស្តង់ដារ​ប្រាក់កម្ចី​តឹង​រឹង​។ ហេតុដូច្នេះ​ តម្លៃពិត​ប្រាកដ​បាន​ធ្លាក់ចុះ​ជិត៣៥ភាគរយ​ ចាប់តាំងពី​ពាក់កណ្តាល​ឆ្នាំ២០១៤​ ស្រប​ពេល​ដែល​តម្លៃ​ប្រេង​ចុះ​ខ្សោយ​។

បើ​ទោះបីជា​តម្លៃ​អចលនទ្រព្យ​ ដែល​ផ្គត់ផ្គង់​លើស​តម្រូវការ​ ក៏​តម្លៃ​អចលនទ្រព្យ​នៅតែ​ស្ថិតនៅ​ក្នុង​ស្ថានភាព​សមរម្យ​។ នេះ​បើ​យោង​តាម​ UBS​ ។

របាយការណ៍​នេះ​បាន​បង្ហាញថា​ “លទ្ធភាព​ទទួល​បាន​អចលនទ្រព្យ​ ដែល​មានតម្លៃ​សមរម្យ​មាន​ភាពល្អ​ប្រសើរ​ ទោះបីជា​ប្រាក់ចំណូល​បាន​ធ្លាក់ចុះ​ ចំ​ពេល​មាន​កំណើន​សេដ្ឋកិច្ច​ទាប​ក៏ដោយ​”។

អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ​ធំជាង​គេ​នៅ​ខែ​នេះ​ បាន​ជំរុញ​ឱ្យ​ក្រុមហ៊ុន​អចលនទ្រព្យ​បញ្ឈប់​គម្រោង​ថ្មី​ទាំងអស់​ ដើម្បី​ឱ្យ​ទីផ្សារ​អាច​ងើបឡើង​វិញ​ និង​មករ​កភាព​ដើម​ឡើងវិញ​។

ប្រធាន​ក្រុមហ៊ុន​ DAMAC​ លោក ​Hussain​ Sajwani​ បាន​និយាយ​ថា​ ការ​ផ្គត់ផ្គង់​លើស​តម្រូវការ​ បាន​ធ្វើ​ឱ្យ​តម្លៃ​អចលនទ្រព្យ​ធ្លាក់ចុះ​ជិត២៥ភាគរយ​ ចាប់តាំងពី​ឆ្នាំ​ ២០១៤​។

ការ​ផ្គត់ផ្គង់​លើស​តម្រូវការ​ បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​ចំពោះ​ក្រុមហ៊ុន ​DAMAC​ ខណៈ​ក្រុមហ៊ុន​បាន​បង្ហាញថា​ ផល​ចំណេញ​របស់​ខ្លួន​បាន​ធ្លាក់ចុះ៨៧ភាគរយ​ ក្នុង​ត្រីមាស​ទី​ ២ ហើយ​តម្លៃ​ភាគហ៊ុន​បាន​បាត់បង់៤០ភាគរយ​ នៃ​តម្លៃ​របស់​វា​នៅក្នុង​ឆ្នាំ​ ២០១៩​។

ប្រធាន​ក្រុមហ៊ុន​ DAMAC​ បាន​ស្តី​បន្ទោស​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​គូប្រជែង​ដែល​មានឈ្មោះ​ថា​ Emaar​ ដែល​បណ្តាល​ឱ្យ​មានការ​ផ្គត់ផ្គង់​លើសលុប​ ដោយ​ការ​ចាក់​បញ្ចូល​អចលនទ្រព្យ​យ៉ាង​លើសលុប​ ក្នុង​ទីផ្សារ​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមក​។ នេះ​បើ​យោង​តាម​បទសម្ភាសន៍​ជាមួយ​ Bloomberg​។

ប្រធាន​ក្រុមហ៊ុន​ Emaar​ លោក​ Mohamed​ Alabbar​ បាន​ប្រាប់​ទស្សនាវដ្តី​ពាណិជ្ជកម្ម​អារ៉ាប់​កាលពី​សប្តាហ៍​មុន​ថា​“ប្រហែលជា​! ប្រសិនបើ​ប្រាក់ចំណេញ​ត្រីមាស​ទី២របស់​អ្នក​ធ្លាក់ចុះ​ជិត៩០ភាគរយ​ វា​ពិតជា​នឹកស្មាន​មិនដល់​”។

លោក​បន្ត​ថា​ “ខ្ញុំ​ដឹង​អ្វី​ដែល​ខ្ញុំ​កំពុង​ធ្វើ​ ដែល​នឹង​បង្ហាញ​លទ្ធផល​ម្ចាស់ភាគហ៊ុន​ និង​អតិថិជន​រំពឹង​ទុក​ថា​នឹង​ទទួល​បាន​”៕

លោក​ Donald​ Trump​ ណែនាំ​ឱ្យ​មានការ​ចុះហត្ថលេខា​ព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ចិន​នៅ​អាមេរិក​

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ ប្រធានាធិបតី​អាមេរិក​ Donald​ Trump​ និង​ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​ឲ្យដឹង​ថា​ ភាគី​ទាំងពីរ​បាន​ឯកភាព​គ្នា​លើ​បញ្ហា​ភាគច្រើន​ ទាក់ទង​នឹង​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​នៅ​សប្តាហ៍​នេះ​។

អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​និយាយ​ថា​ អ្នកចរចា​ពាណិជ្ជកម្ម​ទាំងសងខាង​បាន​ទំនាក់ទំនង​គ្នា​កាលពី​ថ្ងៃសុក្រ​ និង​បាន​ពិភាក្សា​ពីទី​តាំង​កិច្ចប្រជុំ​បន្ទាប់​សម្រាប់​ការចរចា​ពាណិជ្ជកម្ម​។

លោក​ Donald​ Trump ​បាន​និយាយ​ថា​ “៦០ភាគរយ​នៃ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ចុងក្រោយ​រវាង​អាមេរិក​ និង​ចិន​បាន​បញ្ចប់​ ហើយ​ត្រៀមខ្លួន​ជាស្រេច​ក្នុង​ការ​ចុះ​កិច្ច​ព្រមព្រៀង​គ្នា​”។

អ្នកចរចា​ពាណិជ្ជកម្ម​អាមេរិក​ និង​ចិន​មានបំណង​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ ដំណាក់កាល​មួយ​បណ្តោះអាសន្ន​ ក្នុង​អំឡុង​កិច្ចប្រជុំ​កំពូល​ APEC​ នៅ​ប្រទេស​ឈីលី​នៅ​ថ្ងៃទី១៦​ ខែវិច្ឆិកា​ ប៉ុន្តែ​ប្រធានាធិបតី​ឈីលី​ បាន​លុបចោល​ព្រឹត្តិ​ការណ៍​នេះ​ ដោយសារតែ​ការ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល​ កំពុង​ធ្វើ​ឱ្យ​ប្រទេស​នេះ​មាន​ភាព​វឹកវរ​។

លោក​ Trump​ បាន​និយាយ​កាលពី​ថ្ងៃសុក្រ​ថា​ ទីតាំង​ដែល​អាច​ធ្វើ​ទៅ​បាន​សម្រាប់​ការប្រជុំ​បន្ទាប់​ អាច​ត្រូវ​បាន​ធ្វើឡើង​នៅ​អាមេរិក​ ក្នុង​រដ្ឋ​Iowa​ ដោយសារតែ​កិច្ច​ព្រមព្រៀង​ដ៏​ធំធេង​សម្រាប់​ចិន​ ក្នុង​ការទិញ​ទំនិញ​កសិកម្ម​ ដែល​មានតម្លៃ​ដល់ទៅ៥០ពាន់​លាន​ដុល្លារ​អាមេរិក​។

ទីក្រុង​ប៉េកាំង​មិនបាន​បញ្ជាក់​ថា​ ការទិញ​នេះ​ នឹង​មិន​ក្លាយជា​ផ្នែក​មួយ​នៃ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​នោះ​ទេ​។

លោក​ Trump​ បាន​ប្រាប់​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃសុក្រ​ថា​ “ចិន​ចង់បាន​កិច្ច​ព្រមព្រៀង​នេះ​ខ្លាំង​ណាស់​។យើង​មាន​ទំនាក់ទំនង​ល្អ​ ហើយ​យើង​នឹង​ឃើញ​មាន​អ្វី​កើតឡើង​”។

លោក​ Trump​ បាន​បន្ថែម​ថា​ “យើង​កំពុង​ពិនិត្យមើល​ទី​តាំង​ផ្សេង​ៗគ្នា​ [សម្រាប់​ការ​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​]។ យើង​កំពុង​គិត​អំពី​រដ្ឋ​ Iowa​ ។ អ្នកដឹង​ហេតុអ្វី​? ពីព្រោះ​វា​នឹង​ក្លាយជា​លំដាប់​ធំ​បំផុត​ នៅក្នុង​ប្រវត្តិសាស្ត្រ​សម្រាប់​កសិករ​។ ដូច្នេះ​រដ្ឋ​Iowa​ សម​ហេតុផល​។ ខ្ញុំ​ស្រឡាញ់​រដ្ឋ​ Iowa​”៕

កម្ពុជា​រកចំណូល​បាន​ជាង៨០លាន​ដុល្លារ​ពី​ការ​លក់​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ក្នុងរយៈពេល១០ខែ​គិត​ចាប់ពី​ខែមករា​ ដល់​ខែតុលា​ ឆ្នាំ២០១៩​ ចំណូល​ពី​ការ​លក់​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​ ក្នុង​ខេត្តសៀមរាប​ទទួល​បា​នេះ​ជាង៨០លាន​ដុល្លារ​អាមេរិក​។ ចំនួន​នេះ​បាន​ថយ​ចុះ​ជាង១៤ភាគរយ​ បើ​ធៀប​នឹង​រយៈពេល១០ខែ​ ក្នុង​ឆ្នាំ២០១៨​។

យោង​របាយការណ៍​របស់​គ្រឹះ​ ស្ថាន​អង្គរ​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​ ២ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៩នេះ​បានឱ្យ​ដឹង​ថា​ រី​ឯ អ្នក ទេសចរ​បរទេស​ ដែល​បាន​ទិញ​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​ រយៈពេល១០ខែ​នេះ​ មាន​ចំនួន១​,៨០៤​,០០៧​ នាក់​ ថយ​ចុះ១៣​,៦៩​% ធៀប​នឹង១០ខែ​ ក្នុង​ឆ្នាំ២០១៨​។

របាយការណ៍​ដដែល​បន្ត​ថា​ សម្រាប់​នៅ​ខែតុលា​ ឆ្នាំ២០១៩​ ចំនួន​អ្នកទេសចរ​ទិញ​បណ្ណ​ ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​ មាន​ចំនួន១៤១​,៤៩៤នាក់​ ថយ​ចុះ២៤​,៩៣​% ធៀប​នឹង​ខែតុលា​ ឆ្នាំ២០១៨​។ រី​ឯចំណូល​ក្នុង​ខែតុលា​ទទួល​បាន៦​,៣៦១​,១០៣​ ដុល្លារ​ ថយ​ចុះ២៣​,៨០​% ធៀប​នឹង​ខែតុលា​ ឆ្នាំ២០១៨​។

លោក​ថោង​ ខុន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​ពន្យល់​ កាលពី​កន្លង​ទៅ​ថ្មី​ៗនេះ​ថា​ ការ​ធ្លាក់​ភ្ញៀវ​ទេសចរណ៍​នៅ​តំបន់​សៀមរាប​ – អង្គរ​ដោយសារ​ក្រុមហ៊ុន​ ដែល​លក់​កញ្ចប់ ​Zero​ Cost​ Tour​ ព្រោះថា​ បណ្ដា​ក្រុមហ៊ុន​ទាំងនោះ​យក​ភ្ញៀវ​មក​ក្នុង​តម្លៃ​ទាប​ ឬមិន​ចំណេញ​តែម្ដង​ តែ​ពួកគេ​រកស៊ី​នៅ​តាម​ហាង​វត្ថុ​អនុស្សាវរីយ៍​ អាហារដ្ឋាន​ ឬសណ្ឋា​ គារ​ជាដើម​ដែល​លក់​ក្នុង​តម្លៃ​ខ្ពស់​។

ក្រោយ​មានការ​ធ្លាក់ចុះ​ភ្ញៀវ​ទេសចរ​នៅ​គោលដៅ​សៀមរាប​-អង្គរ​ គណៈកម្មការ​អន្តរក្រសួង​ បាន​ប្រកាស​ដាក់ចេញ​ផែនការ​យុទ្ធសាស្ត្រ​ អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ចំនួន៤​ ជាចម្បង​ ដើម្បី​រួមគ្នា​ដោះស្រាយ​បញ្ហា​ពាក់ព័ន្ធ​នានា​ ដើម្បី​ស្រោចស្រង់​កំណើន​ភ្ញៀវ​ទេសចរ​ឡើងវិញ​ ខណៈ​តំបន់​ដែល​មាន​សក្ដានុពល​សំ​ខាន់​ៗចំនួន៤​ ក៏​ត្រូវ​បាន​កំណត់​ថាត្រូវ​តែ​អភិវឌ្ឍន៍​ទៅ​គោលដៅ​ ទេសចរណ៍​ទាក់ទាញ​ជាចាំបាច់​ផង​ដែរ​។

ការប្រកាស​ដាក់ចេញ​ផែនការ​យុទ្ធសាស្ត្រ​ជាចាំបាច់​នេះ​ ត្រូវ​បាន​ធ្វើឡើង​នា​ឱកា​សកិ​ច្ច​ប្រជុំ​លើក​ទី៣​ របស់​គណៈកម្មការ​អន្តរក្រសួង​ ដើម្បី​រៀបចំផែនការ​មេ​អភិវឌ្ឍន៍​ទេសចរណ៍​នៅ​ខេត្តសៀមរាប​។

អង្គរ​ប្រជុំ​បាន​ប្រកាស​ដាក់ចេញ​គម្រោង​ផែនការមេ​ សម្រាប់​អភិវឌ្ឍន៍​វិស័យ​ទេស​ ចរណ៍​ខេត្តសៀមរាប​ និង​ផែនការ​សកម្មភាព​ការងារ​អនុវត្តន៍​ ចំពោះមុខ​រយៈពេល​ខ្លី​ឆ្នាំ២០១៩​-២០២០​ ក្រោម​ទិសស្លោក​ «ប្រែក្លាយ​បញ្ហា​ប្រឈម​ទៅជា​ឱកាស​»៕

សម្តេច​តេ​ជោៈ​ កិច្ចប្រជុំ​កំពូល​អាស៊ាន​ជា​ឱកាស​របស់​កម្ពុជា​ក្នុង​ការចូលរួម​ដោះស្រាយ​បញ្ហា​ដែល​ជា​កង្វល់​រួម​របស់​អាស៊ាន​

ដោយ​គង់​ សូ​រិយា​

ភ្នំ​ពេញៈ​ សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នា​ព្រឹក​ថ្ងៃទី២​ តុលា​នេះ​ បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ទៅ​ចូលរួម​កិច្ចប្រជុំ​ កំពូល​អាស៊ាន​លើក​ទី៣៥​ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​មួយចំនួន​ នៅ​ទីក្រុង​បាងកក​ ប្រទេស​ថៃ​ ក្រោម​មូលបទ​ «ជំរុញ​ភាពជា​ដៃគូ​សម្រាប់​ចីរភាព​»។

យោង​តាម​ទំព័រ​ហ្វេ​សប៊ុ​កផ្លូវការ​ នៅមុន​ចាកចេញ​ពី​ព្រលា​នយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី​បាន​សរសេរ​ថា​ “កិច្ចប្រជុំ​កំពូល​អាស៊ាន​ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​មួយចំនួន​ទៀត​ គឺ​មាន​សារសំខាន់​ខ្លាំង​ណាស់​សម្រាប់​កម្ពុជា​ ក៏ដូចជា​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ ឬហៅ​ថា​អាស៊ាន​។ នេះ​ជា​ឱកាស​របស់​កម្ពុជា​ ក្នុង​ការចូលរួម​ពិភាក្សា​ដោះស្រាយ​បញ្ហា​ ដែល​ជា​កង្វល់​រួម​របស់​អាស៊ាន​ និង​ពិភពលោក​”។

សម្តេច​បញ្ជាក់​ថា​ “ស្រប​ពេល​នៃ​ការចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី៣៥នេះ​ ខ្ញុំ​នឹង​មាន​ជំនួប​ទ្វេភាគី​ជាមួយ​ថ្នាក់ដឹកនាំ​ និង​ឥស្សរជន​សំ​ខាន់​ៗមក​ពី​ប្រទេស​ជាស​មា​ជិ​កអាស៊ាន​ និង​ប្រទេស​ដៃគូ​សន្ទនា​អាស៊ាន​មួយចំនួន​ទៀតផង​”។

ស្របគ្នា​នេះ​ដែរ​ សម្តេច​តេជោ​ហ៊ុន​សែន​ បាន​អញ្ជើញ​បងប្អូន​ជនរួមជាតិ​ និង​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ មក​ចូលរួម​កំសាន្ត​សប្បាយ​ នៅក្នុង​ថ្ងៃបុណ្យ​ឯករាជ្យជាតិ៩​ វិច្ឆិកា​ និង​ ក្នុង​ថ្ងៃបុណ្យ​អុំទូក​ អកអំបុក​ សំពះព្រះខែ​ ចាប់ពី​ថ្ងៃទី​ ១០​ -១២​ វិច្ឆិកា​ ២០១៩​ ខាងមុខនេះ​ និង​បាន​ជូនពរ​បងប្អូន​ជនរួមជាតិ​ ជួប​តែ​សេចក្តី​សុខ​ សេចក្តី​ចម្រើន​ និង​សំណាង​ល្អ​គ្រប់​ៗគ្នា​។

តប​តាម​ការ​អញ្ជើញ​របស់​ លោក​ប្រា​យុទ្ធ​ ចាន់​អូ​ចា​ (Prayut​ Chan​–o-cha​) នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​ថៃ​ សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្រ្តី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី៣៥​ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​ ដែល​នឹង​ប្រព្រឹត្តទៅ​ក្រោម​ មូលបទ​ «ជំរុញ​ភាពជា​ដៃគូ​សម្រាប់​ចីរភាព​» នៅ​ទីក្រុង​បាងកក​ ពី​ថ្ងៃទី២​ ដល់​ថ្ងៃទី៥​ ខែវិច្ឆិកា​ ឆ្នាំ២០១៩​។

សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​ នឹង​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ ដូច​ខាងក្រោម​៖- កិច្ចប្រជុំ​កំពូល​អាស៊ាន​ លើក​ទី៣៥​- កិច្ចប្រជុំ​កំពូល​អាស៊ាន​-ចិន​ លើក​ទី២២​ -កិច្ចប្រជុំ​កំពូល​អាស៊ាន​-ឥណ្ឌា​ លើក​ទី១៦​- កិច្ចប្រជុំ​កំពូល​អាស៊ាន​-អង្គការសហប្រជាជាតិ​ លើក​ទី១០​- កិច្ចប្រជុំ​កំពូល​អាស៊ាន​បូក​បី​ លើក​ទី២២​- កិច្ចប្រជុំ​កំពូល​អាស៊ាន​-សហរដ្ឋអាមេរិក​ លើក​ទី៧​- កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​ លើក​ទី១៤​- កិច្ចប្រជុំ​កំពូល​អាស៊ាន​-ជប៉ុន​ លើក​ទី២២​ និង​- កិច្ចប្រជុំ​កំពូល​ភាពជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​ក្នុង​តំបន់​លើក​ទី៣​។

ស្រប​ពេល​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី៣៥នេះ​ សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​ក៏​នឹង​អញ្ជើញ​ចូលរួម​ ក្នុង​កិច្ចប្រជុំ​ និង​កម្មវិធី​មួយចំនួន​ផ្សេងទៀត​ដូច​ខាងក្រោម​- ជំនួប​រវាង​ប្រមុខរដ្ឋ​/រដ្ឋាភិបាល​អាស៊ាន​បូក​បី​ និង​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​អាស៊ី​បូព៌ា​ – អាហារ​ថ្ងៃត្រង់​ពិសេស​ ស្តី​ពី​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ និង​- កិច្ចប្រជុំ​កំពូល​មេគង្គ​-ជប៉ុន​ លើក​ទី១១​ (អាហារ​ការងារ​ពេលល្ងាច​)។

ក្នុងអំឡុងពេល​ស្នាក់នៅ​ទីក្រុង​បាងកក​ ប្រទេស​ថៃ​ សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​ គ្រោង​នឹង​មាន​ជំនួប​ទ្វេភាគី​ ជាមួយ​ថ្នាក់ដឹកនាំ​ និង​ឥស្សរជន​មក​ពី​ប្រទេស​ជាស​មា​ជិ​កអាស៊ាន​ និង​ប្រទេស​ ដៃគូ​សន្ទនា​អាស៊ាន​ផង​ដែរ​។ សម្តេច​តេជោ​ នឹង​អញ្ជើញ​ចូលរួម​កម្មវិធី​អាហារ​ការងារ​ ពេលព្រឹក​ ជាមួយ​ឯកឧត្តម​ ង្វៀន​ សួន​ហ៊ុ​ក នាយក​រដ្ឋមន្រ្តី​ វៀតណាម​ និង​ឯកឧត្តម​ ថង​លូន​ ស៊ី​ស៊ូ​លី​ត នាយក​រដ្ឋមន្រ្តី​ឡាវ​៕

ចំណូល​ពី​ការនាំចេញ​ចេក​កម្ពុជា​ទៅកាន់​ទីផ្សារ​ចិន​ រំពឹង​ថា​អាច​នឹង​ខ្ពស់​ជាង​ការនាំចេញ​អង្ករ​

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ការនាំចេញ​ផ្លែ​ចេក​កម្ពុជា​ នៅ​ត្រឹម​រយៈពេល៩ខែ​ ឆ្នាំ២០១៩កន្លងទៅ​នេះ​ មាន​ចំនួន​សរុប​ជាង ១១​,០៥​ ម៉ឺន​តោន​ ក្នុង​នោះ​ទីផ្សារ​ដែល​នាំចេញ​ដ៏​សំខាន់​ជាងគេ​នោះ​គឺ​ប្រទេស​ចិន​។

អ្នកទទួល​ខុសត្រូវ​ក្នុង​ក្រុមហ៊ុន​ Longmate​ ដែល​ទទួល​បានការ​អនុញ្ញាត​លើ​ការ​នាំ​ផ្លែ​ចេក​កម្ពុជា​ ចេញទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន​ដំបូង​គេ​បាន​មានប្រសាសន៍​ឲ្យដឹង​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ ដោយ​ទទួល​បាន​អត្ថ​ប្រយោជន៍​ នៃ​សក្តា​នុ​ពល​ទីផ្សារ​ដ៏​ធំ​របស់​ប្រទេស​ចិន​ ការនាំចេញ​ផ្លែ​ចេក​កម្ពុជា​នឹង​មានការ​កើនឡើង​កាន់តែ​ខ្ពស់​ ហើយ​សង្ឃឹមថា​អាច​ក្លាយជា​ផលិតផល​ដ៏​ចាំបាច់​ ក្នុង​ការនាំចេញ​របស់​ប្រទេស​កម្ពុជា​ ហើយ​អាច​បង្កើន​បាន​ប្រាក់ចំណូល​ខ្ពស់​ជាង​ផលិតផល​អង្ករ​ថែមទៀត​ផង​។

ជាមួយនឹង​ការ​ទទួល​បាន​ភាព​ជោគជ័យ​ទៅលើ​ការនាំចេញ​នេះ​ បច្ចុប្បន្ន​ ក្រុមហ៊ុន​កំពុង​មាន​គម្រោង​ ពង្រីក​ផ្ទៃដី​ដាំដុះ​ដំណាំ​ចេក​កាន់តែ​ធំ​ ដើម្បី​សម្រេច​ទទួល​បានការ​នាំចេញ​ផ្លែ​ចេក​ទៅកាន់​ប្រទេស​ចិន​ ចំនួន២២ម៉ឺន​តោន​ក្នុង​ឆ្នាំ២០១៩នេះ​ និង​សម្រេច​បាន៣៣ម៉ឺន​តោន​នា​ឆ្នាំ២០២០ខាងមុខនេះ​។ ក្នុងរយៈ​ពេល​ថ្មី​ៗកន្លងមក​នេះ​ ចិន​បាន​អនុ​ញ្ញា​តសហគ្រាស​ថ្មី​ចំនួន៤​ ក្នុង​ការនាំចេញ​ផ្លែ​ចេក​ទៅកាន់​ប្រទេស​ចិន​ ហើយ​បច្ចុប្បន្ន​នេះ​សហគ្រាស​ ដែល​នាំចេញ​ផ្លែ​ចេក​ទៅកាន់​ប្រទេស​ចិន​មាន​ចំនួន៩ក្រុមហ៊ុន​។

​ក្រៅពី​នេះ​ ក្រុមហ៊ុន​ Beijing​ Capital​ Agribusiness​ Group​ (CAG​) ក៏បាន​ប្រកាស​ថា​នឹង​វិនិយោគ​តម្លៃ​ជាង៣០ លាន​ដុល្លារ​អាមេរិក​ ដើម្បី​ធ្វើការ​បង្កើត​ចម្ការ​ដាំដុះ​ដំណាំ​ចេក​ក្នុង​ប្រទេស​កម្ពុជា​លើ​ផ្ទៃដី​ជាង ១៥០០ហិ​កតា​។

លោក​ឧកញ៉ា​លឹម​ ហេង​ អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ ដែល​វិនិយោគ​លើ​ចំការ​ចេកអំបូង​លឿន​ប្រមាណ១០០០ហិ​កតា​ ដើម្បី​នាំចេញ​ផង​ដែរ​នោះ​បាន​មានប្រសាសន៍​ថា​ ទីផ្សារ​ចេកអំបូង​លឿង​នៅ​កម្ពុជា​មាន​ភាព​ទូលំទូលាយ​ ដោយ​យើង​អាច​នាំចេញ​ទៅកាន់​បណ្តា​ប្រទេស​ធំៗ​ជាច្រើន​ ដែល​នេះ​ជា​សក្តា​នុ​ពល​មួយ​សំរាប់​កម្ពុជា​ ដែល​អាច​ពង្រីក​ទីផ្សារ​នាំចេញ​បាន​កាន់តែ​ច្រើន​នា​ពេល​អនាគត​៕

ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី៣​ ស្ថាបនា​សម្រេច​បាន​ប្រមាណ​ ៤០ភាគរយ​ហើយ

ដោយ វុត្ថា

ភ្នំពេញ​៖ មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ បានឱ្យ​ដឹង​ថា​ មកដល់ពេលនេះ​ ការស្ថាបនា​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី​ ៣ ពីសំណាក់​ក្រុមហ៊ុន​ចិន​ សម្រេច​បាន​ប្រមាណ៣០​ ទៅ​ ៤០​ ភាគរយ​ហើយ​។

អ្នកនាំពាក្យ​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ លោក​ គង់​ វិមាន​ បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​ថ្ងៃទី​ ២ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៩​ នេះ​ ថា​ ក្រុមហ៊ុន​ចិន​ដែល​ទទួល​បាន​កសាង​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី​ ៣ នេះ​ មានការ​សាងសង់​លឿន​ជា​ការ​ផែនការ​ ។លោក​បន្ត​ថា​ “យើង​កត់សម្គាល់​ឃើញថា​ក្រុមហ៊ុន​ចិន​តែង​តែង​លឿន​ជា​ផែនការ​ ។

ដូច្នេះ​សម្រាប់​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី​ ៣ នេះ​ ត្រូវ​បាន​រំពឹង​ថា​ នឹង​បញ្ចប់​មុន​ផែនការ​ដែល​បាន​គ្រោងទុក​ ស្របតាម​ការជំរុញ​ពីសំណាក់​របស់​រដ្ឋាភិបាល​ ​និង​ពី​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ ដោយធ្វើ​យ៉ាង​មិច​ធ្វើ​ឱ្យ​បាន​លឿន​ តាម​ផែនការ​ ឬមុន​ផែនការ​” ។

លោក​បន្ថែម​ទៀត​ថា​ “យើង​ឃើញថា​ ខាង​ក្រុមហ៊ុន​កំពុង​ដុតដៃដុតជើង​សម្បើម​ណាស់​សម្រាប់​កសាង​ផ្លូវ​ដ៏​ខាន់​មួយ​នេះ​”។ ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី៣នេះ​ ត្រូវ​បាន​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃទី​ ១៤​ ខែមករា​ ឆ្នាំ២០១៩​ ក្រោម​អធិបតីភាព​សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ ឯកអគ្គ​រដ្ឋ​ ទូត​ចិន​ ប្រចាំ​នៅ​កម្ពុជា​ ។

ផ្លូវ​ក្រ​វ៉ាត់​ ក្រុង​ទី៣​ ដែល​មាន​ប្រវែង​ជាង​ ៥០គីឡូម៉ែត្រ​នេះ​ ត្រូវ​បាន​សាងសង់​ឡើង​ក្នុង​គោលបំណង​កាត់បន្ថយ​ការ​កកស្ទះ​ចរាចរ​ក្នុង​ ទីក្រុង​ និង​ការ​ធ្វើស​មា​ហរ​ណកម្ម​ផ្ទៃក្នុង​ ។

គម្រោង​ផ្លូវ​នេះ​ ចំណាយ​ថវិកា​សរុប​ប្រមាណ​ ២៧៣លាន​ដុល្លារ​អាមេរិក​ ដែល​ជា​ហិរញ្ញប្បទាន​សម្បទាន​ពី​រដ្ឋាភិបាល​ចិន​ ហើយ​រាជរដ្ឋាភិបាល​កម្ពុជា​ ចូលរួម​ថវិកាបដិភាគ​សម្រាប់​ការ​ដោះស្រាយ​ផល​ប៉ះពាល់​ ការបោសសម្អាត​មីន​និ​ងយុទ្ធភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ ពន្ធ​ និង​សួយសារអាករ​ ។ ការស្ថាបនា​ នឹង​ប្រើ​រយៈពេល៤២ខែ​ ដែល​គ្រោង​បញ្ចប់​នៅ​ខែធ្នូ​ ឆ្នាំ២០២១​៕

អ្នកជំនាញ​អចលនទ្រព្យ​ជាតិ​ និង​អន្តរជាតិ​ ជាង៦០០នាក់​ នឹង​មក​ជួបជុំគ្នា​នៅ​ក្រុងភ្នំពេញ​ នា​ខែធ្នូ​ខាងមុខនេះ

ដោយ​ ៖ រ៉ា​ណេត​

ភ្នំពេញ​ ៖ នៅដើម​ខែធ្នូ​ ឆ្នាំ២០១៩​ ខាងមុខនេះ​ អ្នកជំនាញ​អចលនទ្រព្យ​ ក៏ដូចជា​ក្រុន​ហ៊ុន​ភ្នាក់ងារ​ និង​អភិវឌ្ឍន៍​ នឹង​មក​ជួបជុំគ្នា​ដើម្បី​ភ្ជាប់​ទំនាក់ទំនង​មុខ​ជំនួញ​ និង​ផ្លាស់ប្ដូរ​បទពិសោធន៍​តាមរយៈ​កម្មវិធី​ «2nd​ Yearly​ National​ Convention​ ដែល​រៀបចំឡើង​ដោយក្រុម​ហ៊ុន​អចលនទ្រព្យ​អន្តរជាតិ​ Century21​ Cambodia​ ។

យ៉ាងហោចណាស់​មាន​មនុស្ស​ប្រមាណ​ជាង៦៥០នាក់​ ដែល​សុទ្ធតែ​ជា​អ្នកជំនាញ​ និង​មានបទពិសោធន៍​នៅក្នុង​វិស័យ​អចលនទ្រព្យ​អន្តរជាតិ​ចម្រុះ​ជាតិសាសន៍​ និង​មក​ពី​ច្រើន​ប្រទេស​នៅ​លើ​សាកលលោក​ នឹង​មក​ជួបជុំគ្នា​ ដើម្បី​បង្កើត​ទំនាក់ទំនង​បណ្តាញ​លើ​មុខ​ជំនួញ​អចលនទ្រព្យ​ ដែល​នឹង​ប្រា​រព្វ​ឡើង​នៅ​សណ្ឋាគារ​ សូ​ហ្វី​តែល​ នៅ​ត្រឹម​ល្ងាច​ថ្ងៃទី៩​ ខែធ្នូ​ ឆ្នាំ២០១៩ខាងមុខនេះ​ ។

នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ​ Century21​ Cambodia​ លោកស្រី​ Grace​ Rachny​ Fong​ បាន​មាន​ប្រសាសន៍​ប្រាប់​ឱ្យ​ដឹង​ថា​ តាមរយៈ​កម្មវិធី​ប្រចាំឆ្នាំ​មួយ​នេះ​ នឹង​ផ្តល់​ជា​ប្រយោជន៍​យ៉ាងច្រើន​ដល់​អ្នក​ដែល​បាន​ចូលរួម​ ជាពិសេស​បាន​ស្វែងយល់​ពី​បរិបថ​នៃ​វិស័យ​អចលនទ្រព្យ​នៅ​លើ​ទីផ្សារ​អន្តរជាតិ​។

លោកស្រី​បាន​បន្ត​ទៀត​ថា​ “នៅក្នុង​ព្រឹត្តិ​ការណ៍​មួយ​នេះ​ គឺ​មានការ​ជួបជុំ​នូវ​សមាសភាព​ក្រុមហ៊ុន​នានា​ដែល​ស្ថិតនៅ​ក្នុង​គ្រួសារ​ Century21​ ទូទាំង​សាកលលោក​ ហើយក៏​មាន​បណ្តា​ក្រុមហ៊ុន​ដទៃទៀត​ ដែល​មក​ពី​សហរដ្ឋអាមេរិក​ ជប៉ុន​ ហុងកុង​ អូស្ត្រាលី​ កូរ៉េ​ វៀតណាម​ ថៃ​ សិង្ហបុរី​ តៃវ៉ាន់​ ចិន​ ជាដើម​ ក្នុងនាម​ជា​ដៃគូ​សហការ​ផង​ដែរ​”។ ​

លោកស្រី​បាន​បន្ត​ទៀត​ថា​ “ព្រឹត្តិ​ការណ៍​មួយ​នេះ​ គឺ​ពិតជា​មាន​សារសំខាន់​សម្រាប់​ក្រុមហ៊ុន​ដែល​ស្ថិតនៅ​ក្នុង​វិស័យ​អចលនទ្រព្យ​ ដោយសារ​ក្រុមហ៊ុន​ Century21​ Cambodia​ នឹង​ធ្វើការ​បង្ហាញ​ពី​បរិបថ​ទូទៅ​នៃ​ការ​អភិវឌ្ឍ​វិស័យ​អចលនទ្រព្យ​ ក៏ដូចជា​សក្ដានុពល​ទីផ្សារ​នៅ​កម្ពុជា​ ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​ពី​បណ្តា​ក្រុមហ៊ុន​អន្តរជាតិ​នានា​បន្ថែម​ទៀត​”។

លោកស្រី​បាន​បន្ត​ទៀត​ថា​ “គោលដៅ​សំខាន់​នៃ​ការរៀបចំ​កម្មវិធី​ប្រចាំ​មួយ​នេះ​ គឺ​ការ​ប្រមូល​ផ្តុំ​បណ្តា​ក្រុមហ៊ុន​ដែល​ស្ថិតនៅ​ក្នុង​វិស័យ​អចលនទ្រព្យ​អាចប​ង្កើត​កិច្ច​ទំនាក់ទំនង​ ធ្វ​លការ​ជា​ដៃគូ​ ជាពិសេស​គឺ​ការផ្លាស់ប្ដូរ​បទពិសោធន៍​ពីគ្នា​ទៅវិញទៅមក​”៕

ជប៉ុន​សន្យា​ផ្តល់​ហិរញ្ញប្បទាន​បន្ថែម​ទៀត​ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​កម្ពុជា​

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ឯកអគ្គ​រាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​ បាន​សន្យា​បន្ត​ផ្តល់​ហិរញ្ញប្បទាន​សម្រាប់​កិច្ច​សហប្រតិបត្តិ​ការ​អភិ​វឌ្ឍ៍​ផ្លូវការ​ (ODA​) ទាំង​ក្នុង​ក្របខណ្ឌ​ហិរញ្ញប្បទាន​ឥត​សំណង​ ឥណទាន​សម្បទាន​ និង​ជំនួស​បច្ចេកទេស​ ជាពិសេស​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​នានា​ឱ្យ​កាន់តែ​រីក​ចំរើន​បន្ថែម​ទៀត​។

លោក​ Masaharo​ MIKAMI​ ​ឯកអគ្គ​រាជទូត​ថ្មី​របស់​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​បាន​មានប្រសាសន៍​ឲ្យដឹង​ នៅក្នុង​ជំនួប​ជាមួយ​លោក​ អូន​ ព័ន្ធ​មុនី​រ័ត្ន​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ និង​ហិ​រញ្ញ​វត្ថុ​ប នៅ​ថ្ងៃទី​ ១ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៩ កន្លងមក​ បាន​ថ្លែងអំណរគុណ​ចំពោះ​មន្រ្តី​កម្ពុជា​ មក​ពី​គ្រប់​ស្ថាន​ប័ន​ពាក់ព័ន្ធ​ ដែល​តែងតែបាន​ផ្តល់​នូវ​កិច្ច​សហប្រតិបត្តិ​កដ៏​ល្អ​ប្រសើរ​រវាង​កម្ពុជា​-ជប៉ុន​នា​ពេល​កន្លងមក​នេះ​។

លោក​បណ្ឌិត​អូន​ ព័ន្ធ​មុនី​រ័ត្ន​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បានឱ្យ​ដឹង​ដែរ​ថា​ កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ជប៉ុន​ ដែល​បាន​ជួយ​កម្ពុជា​រហូត​មក​ បាន​ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ថា​ ប្រទេស​ជប៉ុន​គឺជា​ដៃគូ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ដ៏​សំខាន់​ ក្នុង​ការចូលរួម​ចំណែក​ជួយ​គាំ​ទ្រ​ដល់​ម្ពុ​ជា​។

លោក​ឧបនាយក​រដ្ឋមន្ត្រី​ បាន​កោតសរសើរ​ចំពោះ​លំហូរ​ទុន​ និង​ទំហំ​វិនិយោគឯកជន​ពី​ប្រទេស​ជប៉ុន​ ដែល​មាន​ចំនួន​កើតឡើង​ជាបន្តបន្ទាប់​ ដែល​បាន​ជួយ​ជំរុញ​អភិវឌ្ឍន៍​សង្គម​សេដ្ឋកិច្ច​កម្ពុជា​។

លោក​បន្ថែម​ថា​ ជាមួយគ្នា​នេះ​ ដើម្បី​លើកកម្ពស់​ការ​វិនិយោគ​ពី​វិស័យ​ឯកជន​ ទាក់ទាញ​អ្នក​វិនិយោគិន​ ភាព​ប្រកួតប្រជែង​ដើម្បី​ជំរុញ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ រាជរដ្ឋាភិបាល​កម្ពុជា​ បន្ត​ពង្រឹង​ច្បាប់​ ​កំណែទម្រង់​អភិបាលកិច្ច​ រួមមាន​ ការ​កែ​លម្អ​ប្រព័ន្ធ​ឡូ​ជី​ស្ទិ​ក និង​ការ​លើកកម្ពស់​ការ​តភ្ជាប់​ផ្នែក​ដឹកជញ្ជូន​ ប្រពន្ធ​គ្រប់គ្រង់​ និង​មធ្យោបាយ​ដឹកជញ្ជូន​ សម្រួល​ដល់​បរិយាកាស​អំណោយផល​សម្រាប់​ធុរកិច្ច​ និង​ការ​វិនិយោគ​ឱ្យ​ស្រប​ទៅ​នឹង​ការ​រីកចម្រើន​នូវ​វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​នា​ពេល​បច្ចុប្បន្ន​។

លោក​ឧបនាយក​រដ្ឋមន្ត្រី​ ក៏បាន​ស្នើរ​ដល់​ឯកអគ្គ​រាជទូត​ជប៉ុន​ ជួយ​សម្របសម្រួល​ដើម្បី​ទាក់ទាញ​អ្នក​វិនិយោគ​ជប៉ុន​មកកាន់​កម្ពុជា​ឱ្យ​បាន​កាន់តែ​ច្រើន​។

ហិរញ្ញប្បទាន​កិច្ច​សហប្រតិបត្តិ​ការអភិវឌ្ឍន៍​ផ្លូវការ​ (Japan​ ODA​) ពី​ប្រទេស​ជប៉ុន​ និង​ប្រជាជន​ជប៉ុន​ផ្តល់​ដល់​កម្ពុជា​ ចាប់ពី​ដំណើរការ​កសាង​សន្តិភាព​ និង​ការ​បង្រួបបង្រួម​ជាតិ​នៅ​កម្ពុជា​រហូតមកដល់​បច្ចុប្បន្ន​ មាន​ចំនួន​សរុប​ប្រមាណ​ជាង៥០០០លាន​ដុល្លារ​អាមេរិក​ ក្នុង​នោះ​ហិរញ្ញប្បទាន​ឥត​សំណង​ប្រមាណ៣៥០០​ លាន​ដុល្លារ​អាមេរិក​៕

អត្រា​អត់​ការងារ​ធ្វើ​នៅ​ជប៉ុន​កើនឡើង​ ប៉ុន្តែ​នៅតែ​ប្រឈម​នឹង​កង្វះ​កម្លាំង​ពលកម្ម​

ដោយ​ Donald​ Lee​

ប្រទេស​ជប៉ុ​នៈ​ ក្រសួង​កិច្ចការ​ផ្ទៃ​កិច្ចការ​ក្នុង​ និង​គមនាគមន៍​ជប៉ុន​បាន​ចេញផ្សាយ​ទិន្នន័យ​ថ្មី​ ដែល​បង្ហាញ​ពី​ការ​កើនឡើង​នៃ​ភាព​អត់​ការងារ​ធ្វើ​ ខណៈ​ប្រទេស​នេះ​នៅតែ​ប្រឈម​នឹង​កង្វះ​កម្លាំង​ពលកម្ម​ធ្ងន់ធ្ងរ​។

ចំនួន​អ្នក​អត់​ការងារ​ធ្វើ​បាន​កើនឡើង​ដល់១​,៦៧លាន​នាក់​ ក្នុង​ខែកញ្ញា​ កើនឡើង​ ៨,៤ ភាគរយ​ បើ​ប្រៀបធៀប​ទៅ​នឹង​ខែសីហា​។

អត្រា​គ្មាន​ការងារ​ធ្វើ​បាន​ឈាន​ដល់២​,៤ភាគរយ​ ដែល​ជា​អត្រា​ទាប​មើល​មិនឃើញ​ចាប់តាំងពី​ទសវត្ស​ឆ្នាំ១៩៩០​។

លើស​ពីនេះ​ទៀត​ ប្រទេស​នេះ​ប្រឈម​នឹង​កង្វះ​កម្លាំង​ពលកម្ម​ធ្ងន់ធ្ងរ​ ខណៈ​ប្រជាជន​ជប៉ុន​កាន់តែ​ចាស់​។

លោក​ Yusuke​ Shimoda​ សេដ្ឋវិទូ​ជាន់ខ្ពស់​ប្រចាំ​វិទ្យាស្ថាន​ស្រាវជ្រាវ​ជប៉ុន​ បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័​រថា​ “បរិយាកាស​ការងារ​នៅតែ​ល្អ​ ដោយសារ​តម្រូវការ​ក្នុង​ស្រុក​រឹងមាំ​ ហើយក៏​មាន​កង្វះ​កម្លាំង​ពលកម្ម​ផង​ដែរ​។

លោក​បាន​បន្ត​ថា​ “ប៉ុន្តែ​មានការ​ព្រួយបារម្ភ​អំពី​ប្រាក់ចំណេញ​សាជីវកម្ម​ ដោយសារតែ​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​។ ដូច្នេះ​ល្បឿន​នៃ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នៅក្នុង​ទីផ្សារ​ការងារ​អាច​នឹង​ថយ​ចុះ​”៕